« ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្តងទៀតដោយព្រះចេស្តា និងសិរីល្អដ៏មហិមា
តើអ្នកអាចគិតពីពេលមួយដែលអ្នកទន្ទឹងរង់ចាំដោយការអន្ទះសារនៃការមកលេងរបស់សាច់ញាតិ ឬមិត្ដភក្ដិដែលរស់នៅឆ្ងាយបានដែរឬទេ ? តើអ្នកបានធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនសម្រាប់ការមកលេងនោះ ? សូមគិតអំពីពេលវេលា និងការខិតខំប្រឹងប្រែងដែលអ្នកបានមានក្នុងការត្រៀមខ្លួន និងសុភមង្គលដែលអ្នកបានទទួលកាលអ្នកបានរង់ចាំយ៉ាងអន្ទះសារនៃការមកដល់របស់បុគ្គលនោះ ។
មនុស្សជាច្រើនទន្ទឹងរង់ចាំការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះរបស់យើង ដោយមានការំពឹងទុកយ៉ាងខ្លាំងផងដែរ ។ ការយាងត្រឡប់មកវិញរបស់ទ្រង់នឹងបង្ហាញពីការបញ្ចប់នៃសង្គ្រាម និងជម្លោះនៅលើផែនដីនេះ ហើយនឹងសម្គាល់ពីការចាប់ផ្តើមនៃ ១០០០ ឆ្នាំនៃសន្តិភាព និងភាពសុចរិត ។ ដោយសារយើងទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ នោះយើងអាចមានសេចក្តីសង្ឃឹម និងអំណរ ។ យើងដឹងថានៅពេលដែលទ្រង់យាងមក ព្រះយេស៊ូវគ្រីស្ទនឹងកែតម្រូវរាល់កំហុសទាំងអស់ និង « ជូតអស់ទាំងទឹកភ្នែក » ( វិវរណៈ ២១:៤ ) ។
នៅពេលដែលអ្នកសិក្សាព្រឹត្តិការណ៍នៃការយាងមកជាលើកទីពីរ អ្នកអាចពិចារណាពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីច្រើនទៀតដែលអ្នកអាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ព្រឹត្ដិការណ៍ដ៏អស្ចារ្យនោះ ។
តើការយាងមកជាលើកទីពីរគឺជាអ្វី ?
ការយាងមកជាលើកទីពីរគឺជាពេលដែលព្រះយេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកកាន់ផែនដីវិញ ដើម្បីកាន់កាប់ និងសោយរាជ្យ ។ ព្រះយេស៊ូវ និងព្យាការីជាច្រើន ទាំងបុរាណ និងសម័យទំនើប បានបង្រៀនថាព្រះយេស៊ូវនឹងយាងមកផែនដីជាលើកទីពីរ ( សូមមើល អេសាយ ៦៦:១៤–១៥; ម៉ាថាយ ២៤:៤២–៤៤ ៥០; កិច្ចការ ១:១១ ) ។ នៅពេលដែលទ្រង់យាងត្រឡប់មកវិញក្នុងនាមជាអង្គដែលមានព្រះជន្មរស់ឡើងវិញ ដោយមាននូវព្រះចេស្ដា និងសិរីល្អដ៏មហិមា វានឹងផ្លាស់ប្ដូរពិភពលោកនេះ ជារៀងរហូត ។ នៅពេលនោះព្រះអង្គសង្គ្រោះនឹងទាមទារយកផែនដីជានគររបស់ទ្រង់ និងបង្កើតឲ្យមានសេចក្ដីសុខសាន្ដទូទាំងសកលលោក ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ការយាងមកជាលើកទីពីរ
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ ព្រះយេស៊ូវគ្រីស្ទ, ការរស់ឡើងវិញ, ការប្រែចិត្ដ
ផ្នែកទី ១
ព្រះយេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកផែនដីដោយនូវសិរីល្អ និងព្រះចេស្ដា
នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ផែនដីជាលើកដំបូង មនុស្សភាគច្រើនមិនដឹងថាហេតុការណ៍នោះបានកើតឡើងទេ ។ ទ្រង់បានប្រសូត្រពីស្រ្ដីដ៏រាបទាបម្នាក់ នៅឆ្ងាយពីស្រុកកំណើត ហើយបានផ្ទំក្នុងស្នូក ។ នៅពេលដែលទ្រង់យាងមកជាលើកទីពីរ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ « កូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក » ( ម៉ាថាយ ១៦:២៧ ) ។
ជាញឹកញាប់ ពួកព្យាការីក៏បាននិយាយអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ ប្រធាន រ័សុល អិម ណិលសុន បានហៅការណ៍នេះថា « គ្រាអស្ចារ្យបំផុតនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ » ។ អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិនបានមានប្រសាសន៍ « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានផ្ដល់អំណាច និងការបង្គាប់ដើម្បីសម្រេចនូវការរៀបចំដែលចាំបាច់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ជាការពិតណាស់ វាត្រូវបានស្ដារឡើងវិញសម្រាប់គោលបំណងនោះ » ។
នៅពេលដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ មនុស្សទាំងអស់នឹងដឹងអំពីការណ៍នេះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:២៣ ) ។ ព្យាការីអេសាយបានប្រកាសថា « នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា » ( អេសាយ ៤០:៥ ) ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងសម្គាល់ការចាប់ផ្តើមនៃរយៈពេល ១០០០ឆ្នាំដ៏រុងរឿង ដែលគេស្គាល់ថាជា សហស្សវត្សរ៍ នៅពេលដែលព្រះយេស៊ូវនឹងសោយរាជ្យដោយផ្ទាល់នៅលើផែនដី សាតាំងនឹងមិនមានអំណាចទេ ( សូមមើល វិវរណៈ ២០:១–៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៥៥ ) ហើយមនុស្សទាំងអស់នឹងរស់នៅក្នុងសេចក្ដីសុខសាន្ដ និងអំណរ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
នៅពេលដែលព្រះយេស៊ូវគ្រីស្ទយាងត្រឡប់មកវិញ រាល់គ្រប់អំពើទុច្ចរិតលើផែនដីនឹងបញ្ចប់ទៅ ។ ហេតុអ្វីបានជាពេលវេលានោះនឹងគួរឲ្យភ័យខ្លាចសម្រាប់មនុស្សមួយចំនួន ? ( អ្នកអាចអាន ហើយពិចារណា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១៧ ) ។ ហេតុអ្វីបានជាការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងមិនក្លាយជាពេលវេលាដ៏គួរឲ្យភ័យខ្លាចសម្រាប់ពួកសុចរិត ? ( អ្នកអាចអាន ហើយពិចារណា នីហ្វៃទី១ ២២:១៧ ២២ ) ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
នៅពេលដែលព្រះយេស៊ូវយាងមកម្តងទៀតក្នុងនាមជាព្រះអម្ចាស់នៃព្រះអម្ចាស់ ព្រឹត្តិការណ៍សំខាន់ៗជាច្រើននឹងកើតមានឡើង ។ អ្នកអាចសិក្សាវគ្គបទគម្ពីរមួយ ឬច្រើនខាងក្រោមនេះរៀងខ្លួនៗ ហើយចែកចាយអ្វីដែលអ្នករៀនអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងទាំងនេះ ៖ ម៉ាថាយ ២៥:៣១–៤៦; គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៩–១១; ៦៣:៥៣–៥៤; ៧៦:៥០–៥៤ ៦៣; ៨៨:៩៦–៩៨; ១០១:២៤–២៥; ១៣៣:១៩ ២៥ និងមាត្រានៃសេចក្តីជំនឿ ១:១០ ។ តើព្រឹត្ដិការណ៍ទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
សូមមើលរូបភាពរបស់ព្រះឱរសយេស៊ូវ ហើយប្រៀបធៀបវាទៅនឹងរូបភាពនៃការយាងមកជាលើកទីពីររបស់ទ្រង់ ។ អ្នកអាចអាន ឬច្រៀង « គ្រាមួយព្រះយេស៊ូវកំសត់ » ដើម្បីជួយអ្នកនិយាយអំពីភាពខុសគ្នាមួយចំនួនរវាងរូបភាពទាំងពីរនេះ ។ តើរូបភាពទាំងនេះ និងបទចម្រៀងនេះជួយយើងឲ្យយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
សូមទស្សនា « The Second Coming of Jesus Christ » (នាទី ៣:០២ ) ហើយនិយាយអំពីអ្វីដែលបានរៀបរាប់នៅក្នុងវីដេអូដែលនឹងសម្គាល់ពីការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ តើពាក្យអ្វីខ្លះដែលត្រូវបានប្រើនៅក្នុងវីដេអូនេះដើម្បីពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទនៅពេលទ្រង់យាងមកម្តងទៀត ? តើពាក្យទាំងនេះបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ? អ្នកក៏អាចច្រៀង ឬអានពាក្យទាំងនោះនៃបទចម្រៀង ឬទំនុកតម្កើងអំពីការយាងមកជាលើកទីពីរជាមួយគ្នា ដូចជាបទ « ព្រះនៃអ៊ីស្រាអែល » ឬ «ពេលទ្រង់យាងមកម្ដងទៀត » ហើយនិយាយអំពីអ្វីដែលវាបង្រៀនអំពីព្រះអង្គសង្គ្រោះ និងការយាងត្រឡប់មកវិញរបស់ទ្រង់មកកាន់ផែនដី ។
ស្វែងយល់បន្ថែមទៀត
-
ម៉ាឡាគី ៣:១; លូកា ២១:២៥–២៨; កិច្ចការ ១:៩–១១; គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៦:៨
-
នែល អិល អាន់ឌើរសិន « Thy Kingdom Come » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ១១៩–១២២
ផ្នែកទី ២
យើងគប្បីរៀបចំខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ
ព្រះយេស៊ូវបានមានបន្ទូលថា « ឯត្រង់ថ្ងៃនឹងពេលកំណត់ [ នៃការត្រឡប់មកវិញរបស់យើង ] នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ » ( ម៉ាថាយ ២៤:៣៦ សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:៧ ) ។ ពេលវេលានៃការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទនឹងក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សជាច្រើន ( សូមមើល ពេត្រុស ទី២ ៣:១០; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៦:៤ ) ។ ប៉ុន្តែសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទនឹងមិនភ្ញាក់ផ្អើលឡើយ ។ ព្រះអម្ចាស់បានមានបន្ទូលថាអ្នកដើរតាមរបស់ទ្រង់នឹង « បានទៅជាកូនចៅនៃពន្លឺ ហើយដើម្បីកុំឲ្យថ្ងៃនោះមកដល់អ្នកដូចជាចោរឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៦:៥ ) ។
ព្រះអង្គសង្គ្រោះបានមានបន្ទូលប្រាប់ពួកបរិសុទ្ធដំបូងនៃសម័យនេះ « ចូររៀបចំចុះ ចូររៀបចំសម្រាប់អ្វីដែលនឹងមកដល់ចុះ ត្បិតព្រះអម្ចាស់នៅជិតបង្កើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១២ ) ។ ពួកព្យាការីក៏បានមានប្រសាសន៍ម្តងហើយម្តងទៀតអំពីភាពចាំបាច់ក្នុងការរៀបចំសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ ប្រធាន ដាល្លិន អេក អូក បានទូន្មាន « ខណៈដែលយើងគ្មានអំណាចដើម្បីផ្លាស់ប្ដូរការពិតនៃការយាងមកលើកទីពីរ និងមិនអាចដឹងពីពេលពិតប្រាកដរបស់វាបាន យើងអាចពន្លឿនការរៀបចំខ្លួនរបស់យើងផ្ទាល់ និងព្យាយាមជួយដល់ការរៀបចំខ្លួនរបស់អស់អ្នកទាំងឡាយដែលនៅជុំវិញខ្លួនយើងប៉ុណ្ណោះ » ។ ព្រះអម្ចាស់បានផ្តល់សញ្ញាដែលនឹងបង្ហាញថាទ្រង់នឹងយាងមកដល់ពេលឆាប់ៗនេះ ហើយយើងអាចស្វែងរក និងសិក្សាសញ្ញាទាំងនេះបាន ( សូមមើលឧទាហរណ៍ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
របៀបមួយដែលយើងអាចរៀបចំខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះបាន គឺត្រូវខិតខំស្ថិតនៅក្នុងកន្លែង ដែលព្រះវិញ្ញាណរបស់ទ្រង់អាចគង់នៅជាមួយនឹងយើង ។ ព្រះអម្ចាស់បានបង្រៀនទៅកាន់ពួកបរិសុទ្ធជំនាន់ដើម « ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយរហូតដល់ថ្ងៃនៃព្រះអម្ចាស់មកដល់ ។ ត្បិតមើលចុះ ថ្ងៃនោះនឹងមកដល់យ៉ាងឆាប់រហ័ស ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នេះមែន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៧:៨ ) ។ ហេតុអ្វីបានជាអ្នកគិតថាការស្ថិតនៅក្នុងទីបរិសុទ្ធគឺជាវិធីដ៏ល្អមួយដើម្បីរៀបចំខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ? ប្រធាន អូក បានពន្យល់ ៖ « តើ ‹ ទីបរិសុទ្ធ ›ទាំងនោះគឺជាទីកន្លែងណាខ្លះ ? ពិតហើយ ទីកន្លែងទាំងនោះ រួមមានដូចជា ព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញា ដែលត្រូវរក្សាទុកដោយស្មោះត្រង់នៅក្នុងទីនោះ ។ ពិតហើយ ទីកន្លែងទាំងនោះ រួមមានដូចជា គេហដ្ឋាន ដែលកូនៗ ត្រូវបានចិញ្ចឹមបីបាច់ ហើយឪពុកម្តាយត្រូវបានគោរព ។ ពិតណាស់ ទីកន្លែងបរិសុទ្ធរួមមានទីតាំងនៃកាតព្វកិច្ចរបស់យើង ដែលបានចាត់តាំងដោយអ្នកមានសិទ្ធិអំណាចរួមមាន បេសកកម្ម និងការបំពេញការហៅដោយស្មោះនៅក្នុងសាខា វួដ និងស្ដេកទាំងឡាយ » ។ សូមគិតអំពីរបៀបដែលអ្នកត្រូវបានប្រទានពរនៅពេលដែលអ្នកចំណាយពេលរបស់អ្នកធ្វើសកម្មភាព ដែលផ្តោតលើព្រះគ្រីស្ទនៅក្នុងទីកន្លែងបរិសុទ្ធ ។ តើសកម្មភាពទាំងនេះរៀបចំអ្នកសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យ៉ាងដូចម្តេច ?
-
សូមអាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១ ដោយស្វែងរកការព្យាករដែលនឹងកើតឡើង ពីមុនការយាងមកជាលើកទីពីរ ។ តើការដឹងអំពីព្រឹត្តិការណ៍ទាំងនេះអាចជួយអ្នករៀបចំខ្លួនសម្រាប់ព្រឹត្ដិការណ៍ទាំងនោះបានយ៉ាងដូចម្តេច ? តើអ្នកអាចជួយគ្រួសារ ឬមិត្ដភក្ដិឲ្យត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ និងព្រឹត្ដិការណ៍ដែលលំបាកៗដែលនឹងនឹងកើតឡើងមុនការយាងមកនោះដោយរបៀបណា ? តើអ្នកអាចរៀបចំដួងចិត្ដសម្រាប់ជីវិតបន្ទាប់ពីការយាងមកជាលើកទីពីរ ដែលជាពេលគ្មានការទាស់ទែង គ្មានភាពក្រីក្រ និងគ្មានអំណាចអាក្រក់ដោយរបៀបណា ? តើលក្ខណៈសម្បត្ដិអ្វីខ្លះដែលអ្នកមានអារម្មណ៍ថាសំខាន់សម្រាប់អ្នកដើម្បីមាននៅពេលដែលព្រះអង្គសង្រ្គោះយាងត្រឡប់មកវិញ ? តើអ្នកនឹងអភិវឌ្ឍលក្ខណៈសម្បត្តិទាំងនោះដោយរបៀបណា ? សូមសរសេរ និងធ្វើសកម្មភាពលើចំណាប់អារម្មណ៍ដែលអ្នកទទួលបាន ។
-
សូមគិតអំពីឈ្មោះនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះអម្ចាស់ ។ តើវាមានន័យយ៉ាងណាក្នុងការធ្វើជា « ពួកបរិសុទ្ធថ្ងៃចុងក្រោយ » ? តើអ្នកអាចប្រើឈ្មោះសាសនាចក្រឲ្យកាន់តែច្រើននៅក្នុងការសន្ទនាប្រចាំថ្ងៃរបស់អ្នកដោយរបៀបណា ដើម្បីឲ្យអ្នកដទៃដឹងអំពីជំនឿរបស់អ្នកចំពោះព្រះអង្គសង្គ្រោះ និងសេចក្ដីជំនឿ និងសេចក្តីសង្ឃឹមរបស់អ្នកអំពីការយាងត្រឡប់មកវិញរបស់ទ្រង់ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ព្រះអង្គសង្គ្រោះបានចែកចាយនូវដំណើររឿងប្រៀបប្រដូចនៃស្ដ្រីព្រហ្មចារី១០នាក់ដើម្បីបង្រៀនយើងអំពីសារៈសំខាន់នៃការត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់ ( សូមមើល ម៉ាថាយ ២៥:១–១៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៥៦–៥៧ ) ។ មានប្រសាសន៍អំពីប្រេងដែលបានរៀបរាប់នៅក្នុងដំណើររឿងប្រៀបប្រដូចនេះ អែលឌើរ ដេវីដ អេ បែដណា បានបង្រៀនថា « ប្រេងដ៏មានតម្លៃនេះបានមកមួយដំណក់ម្ដងៗ—‹ មួយបន្ទាត់ម្ដងៗ [ និង ] មួយសិក្ខាបទម្ដងៗ › ( នីហ្វៃទី២ ២៨:៣០ ) ដោយអត់ធ្មត់ និងខ្ជាប់ខ្ជួន ។ គ្មានផ្លូវកាត់ទេ គ្មានការរៀបចំភ្លាមៗនោះទេ » ។ សូមពិចារណាការចាក់ដំណក់ប្រេងបំពេញធុងមួយមួយដំណក់ម្ដងៗនៅពេលអ្នកនិយាយអំពីអ្វីដែលយើងអាចធ្វើជាលក្ខណៈបុគ្គល នៅក្នុងក្រុមគ្រួសារយើង និងនៅក្នុងវួដរបស់យើងដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមានតួនាទីដ៏សំខាន់ និងដែលបានប្រទានដល់យើងដោយទេវភាពដើម្បីជួយប្រមូល « មនុស្សដែលបានរៀបចំខ្លួនដើម្បីទទួលទ្រង់នៅឯការយាងមករបស់ទ្រង់ » ។ សូមពិនិត្យមើលអត្ថបទរបស់ប្រធាន ណិលសុន « អនាគតរបស់សាសនាចក្រ ៖ ការរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ » ។ បន្ទាប់មកសូមពិភាក្សាអំពីអត្ថន័យនៃការរៀបចំពិភពលោកដើម្បីទទួលព្រះអង្គសង្គ្រោះរបស់យើង ។ ហេតុអ្វីបានជាព្រះអង្គសង្គ្រោះចាត់តាំងពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យរៀបចំពិភពលោកសម្រាប់ការយាងមករបស់ទ្រង់ ? តើយើងធ្វើវាដោយរបៀបណា ?
-
មនុស្សមួយចំនួនអាចមានអារម្មណ៍ថប់បារម្ភ ឬភ័យខ្លាចនៅពេលដែលពួកគេគិតអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងមុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចអានសេចក្តីថ្លែងការណ៍ខាងក្រោមរួមគ្នា៖ « របៀបដ៏ល្អបំផុតដែលយើងអាចរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ គឺត្រូវទទួលយកការបង្រៀននៃដំណឹងល្អ ហើយធ្វើឲ្យវាជាផ្នែកមួយនៃជីវិតរបស់យើង ។ យើងគប្បីរស់នៅឲ្យបានល្អបំផុតជារៀងរាល់ថ្ងៃតាមដែលយើងអាចធ្វើបាន ដូចដែលព្រះយេស៊ូវបានបង្រៀននៅពេលដែលទ្រង់នៅលើផែនដី ។ យើងអាចសម្លឹងទៅព្យាការីសម្រាប់ការណែនាំ និងធ្វើតាមការណែនាំរបស់ទ្រង់ ។ យើងអាចរស់នៅដោយសក្ដិសមដើម្បីមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង ។ បន្ទាប់មកយើងនឹងទន្ទឹងរង់ចាំការយាងមកដល់របស់ព្រះអង្គសង្គ្រោះដោយសុភមង្គល ហើយមិនមែនដោយការភ័យខ្លាចឡើយ » ។ បន្ទាប់មកសូមនិយាយអំពីរបៀបដែលការណែនាំនីមួយៗទាំងនេះ អាចជួយយើងឲ្យរស់នៅតាមដំណឹងល្អកាន់តែប្រសើរឡើង ដើម្បីយើងអាចទទួលអារម្មណ៍នៃសេចក្ដីសុខសាន្ដ និងការស្ងប់ចិត្ដនៅពេលដែលយើងគិតអំពីព្រឹត្តិការណ៍ជុំវិញការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។
ស្វែងយល់បន្ថែមទៀត
-
រ័សុល អិម ណិលសុន « The Book of Mormon, the Gathering of Israel, and the Second Coming » Ensign ខែកក្កដា ឆ្នាំ២០១៤ ទំព័រ ២៦–៣១
-
ឌី ថត គ្រីស្តូហ្វឺសិន « Preparing for the Lord’s Return » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៨១–៨៤
-
អេមមី អេ រ៉ាយ « ចូរធន់នៅថ្ងៃនោះនៅក្នុងព្រះគ្រីស្ទ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៩–១២