« ព្រះយេស៊ូវគ្រីស្ទ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ព្រះយេស៊ូវគ្រីស្ទ
ព្រះអង្គសង្គ្រោះ និងព្រះប្រោសសោះនៃពិភពលោក
មនុស្សជាច្រើននៅក្នុងពិភពលោកនេះបានឮអំពីព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែមិនដឹងអំពីអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេនោះទេ ។ សារលិខិតនៃដំណឺងល្អដែលបានស្ដារឡើងវិញជួយយើងយល់ថាព្រះយេស៊ូវគ្រីស្ទគឺមិនគ្រាន់តែជាអង្គដែលគេនិយាយក្នុងប្រវត្ដិសាស្ដ្រទេ ។ ទ្រង់គឺព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះ ដែលបានធ្វើគ្រប់ការណ៍ទាំងអស់ដើម្បីឲ្យសេចក្ដីសង្គ្រោះ និងជីវិតដ៏អស់កល្បជានិច្ចអាចមានដល់មនុស្សទាំងអស់ ។ នៅពេលអ្នករៀនអំពីតួនាទីរបស់ទ្រង់ក្នុងនាមជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់អ្នក អ្នករកឃើញថា ទ្រង់អាចសម្រាលបន្ទុករបស់អ្នក និងផ្លាស់ប្តូរជីវិតរបស់អ្នកបានជារៀងរហូត ។ នៅពេលអ្នកជ្រើសរើសជឿលើព្រះយេស៊ូវគ្រីស្ទ និងទុកចិត្តលើព្រះចេស្តាដ៏គ្មានទីបំផុតរបស់ទ្រង់ នោះអ្នកអាចទទួលបានការដឹកនាំ និងជំនួយចំពោះរាល់បញ្ហាប្រឈមដែលអ្នកអាចជួបប្រទះក្នុងជីវិតនេះ ។
តើព្រះយេស៊ូវគ្រីស្ទជានរណា ?
ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រច្បង និងជាបុត្រាបង្កើតតែមួយរបស់ព្រះវរបិតាសួគ៌ ។ នៅក្នុងពិភពមុនផែនដី ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសឲ្យក្លាយជាព្រះអង្គសង្គ្រោះរបស់បុត្រាបុត្រីរបស់ព្រះ ( សូមមើល អ័ប្រាហាំ ៣:២៧ ) ។ ព្រះវរបិតាសួគ៌បានបញ្ជូនទ្រង់មកផែនដីនេះដើម្បីរងទុក្ខ និងសុគតសម្រាប់អំពើបាបរបស់យើង ( សូមមើល យ៉ូហាន ៣:១៦–១៧ ) ។ ជាមួយនឹងអំណាចដ៏ទេវភាព ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្ដីស្លាប់ ហើយបានរស់ឡើងវិញ ។ ទ្រង់មានព្រះជន្មរស់នៅសព្វថ្ងៃនេះ ។ ទ្រងបានសន្យាថានឹងយាងត្រឡប់មកផែនដីនៅថ្ងៃណាមួយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៣:១០–១១, ២៥ ) ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ព្រះយេស៊ូវគ្រីស្ទ
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ ក្រុមព្រះ, ជីវិតមុនផែនដី, ការបង្កបង្កើត, ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ, ការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ, ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ, ការរស់ឡើងវិញ, ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ, សេចក្ដីសង្គ្រោះ
ផ្នែកទី ១
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសសោះនៃពិភពលោក
គ្មានអ្វីដែលសំខាន់សម្រាប់យើងជាងការរៀនអំពីព្រះយេស៊ូវគ្រីស្ទនោះឡើយ—ទ្រង់ជានរណា អ្វីដែលទ្រង់បានធ្វើសម្រាប់យើង និងអ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងដឹង និងធ្វើ ។ បទគម្ពីរ និងការបង្រៀនរបស់ព្យាការី និងសាវកសម័យទំនើប ជួយយើងស្គាល់តួនាទីសំខាន់របស់ទ្រង់ក្នុងនាមជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។
យើងរៀននៅក្នុងបទគម្ពីរថានៅក្នុងពិភពមុនផែនដី ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសឲ្យធ្វើព្រះអង្គសង្គ្រោះសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ( សូមមើល ពេត្រុសទី ១ ១:១៩–២០ អ័ប្រាហាំ ៣:២៧ ) ។ តាំងពីដំបូងមក ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏សំខាន់ក្នុងការបំពេញផែនការរបស់ព្រះសម្រាប់សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់បុត្រាបុត្រីរបស់ទ្រង់ ។ នៅក្រោមការដឹកនាំរបស់ព្រះបិតា ព្រះយេស៊ូវគ្រីស្ទបានបង្កើតស្ថានសួគ៌ និងផែនដី ( សូមមើល ម៉ូសេ ១:៣២–៣៣ ) ។ ក្នុងអំឡុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវគ្រីស្ទត្រូវបានស្គាល់ថាជាព្រះយេហូវ៉ាដ៏មហិមា ។ ទ្រង់បានណែនាំ និងដឹកនាំពួកព្យាការី និងពួកអ្នកជឿកាលពីសម័យបុរាណ ។ សេចក្តីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់បានពង្រឹងពួកគេអំឡុងពេលការសាកល្បងរបស់ពួកគេ ។
អស់ជាង ២០០០ ឆ្នាំមុន ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីតាមរយៈការប្រសូតដ៏អព្ភូតហេតុ ។ ទ្រង់បានរស់នៅ និងបម្រើក្នុងចំណោមប្រជាជននៅក្នុងទឹកដីអ៊ីស្រាអែល ។ ទ្រង់បានសម្តែងអព្ភូតហេតុដ៏អស្ចារ្យ ដូចជាការព្យាបាលអ្នកឈឺ និងប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ ( សូមមើល ម៉ាថាយ ១១:៤–៥ ) ។ ទ្រង់បានបង្កើតសាសនាចក្ររបស់ទ្រង់ និងបង្រៀនគោលលទ្ធិនៃការប្រែចិត្ត ការអភ័យទោសអំពើបាប និងជីវិតដ៏អស់កល្បជានិច្ចដល់អ្នកទាំងឡាយណាដែលនឹងធ្វើតាមទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទបានរស់នៅជីវិតដ៏ល្អឥតខ្ចោះ ដោយការគោរពប្រតិបត្ដិដល់ព្រះបិតារបស់ទ្រង់ជានិច្ច ( សូមមើល នីហ្វៃទី២ ៣១:៧ ) ។
ដោយសារតែព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីដើម្បីសង្គ្រោះបុត្រាបុត្រីរបស់ព្រះបិតា ទ្រង់ទទួលទុក្ខទោសចំពោះអំពើបាបរបស់ពួកគេដោយស្ម័គ្រព្រះទ័យ ។ ប៉ុន្មានសតវត្សមុន អេសាយបានព្យាករ ៖ « ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ។… ទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើង ទ្រង់ត្រូវវាយដំដោយព្រោះអំពើទុច្ចរិតរបស់យើង ( អេសាយ ៥៣:៤–៥ ) ។ ព្រះយេស៊ូវបានដកពិសោធន៍ការឈឺចាប់យ៉ាងខ្លាំង ដែលបណ្ដាលឲ្យទ្រង់ហូរព្រះលោហិតពីគ្រប់រន្ធញើស ( សូមមើល លូកា ២២:៤៤ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៥–២០ ) ។ ទ្រង់ត្រូវបានគេចាប់ខ្លួន និងថ្កោលទោសពីរឿងមិនពិត ហើយត្រូវបានកាត់ទោសឲ្យសុគត ។ ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ជាកន្លែងដែលទ្រង់រងទុក្ខ និងប្រទានជីវិតរបស់ទ្រង់សម្រាប់យើង( សូមមើល ម៉ាថាយ ២៧:៥០ ) ប៉ុន្ដែការសុគតរបស់ទ្រង់មិនមែនជាទីបញ្ចប់នោះទេ ។ ព្រះយេស៊ូវគ្រីស្ទបានក្រោកឡើងពីផ្នូរ ហើយបានបម្រើដល់អ្នកដើរតាមរបស់ទ្រង់ ក្នុងនាមជាអង្គដែលរស់ឡើងវិញ ( សូមមើល លូកា ២៤:៣៦–៤០ នីហ្វៃទី៣ ១១:៨–១៥ ) ។
សព្វថ្ងៃនេះ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទទន្ទឹងរង់ចាំការយាងត្រឡប់មកផែនដីដែលទ្រង់បានសន្យា ។ គ្មាននរណាម្នាក់ដឹងថាការណ៍នេះនឹងកើតឡើងនៅពេលណាឡើយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:៧ ) ប៉ុន្តែបទគម្ពីរនិយាយអំពីទីសម្គាល់ និងព្រឹត្តិការណ៍ដែលនឹងមានពេលការយាងមកជាលើកទីពីររបស់ទ្រង់ ។ ផែនដីនឹងត្រូវបានផ្លាស់ប្តូរនៅពេលដែលព្រះអម្ចាស់យាងត្រឡប់មកវិញ ហើយទ្រង់នឹងបើកបង្ហាញអ្វីៗទាំងអស់ដល់អស់អ្នកដែលសុចរិត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:២៣–៣៤ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសដោយព្រះវរបិតាសួគ៌ដើម្បីអនុវត្តផែនការរបស់ទ្រង់សម្រាប់សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើង ។ សូមអាន គោលលទ្ធិ និង សេចក្ដី សញ្ញា ៣៨:១–៣ ហើយពិចារណាពីចំណេះដឹង និងព្រះចេស្តាដែលព្រះយេស៊ូវគ្រីស្ទមានមុនពេលទ្រង់ប្រសូត្រនៅលើផែនដី ។ តើការដឹងពីវិសាលភាពដ៏គ្មានទីបំផុតនៃចំណេះដឹង និងព្រះចេស្តារបស់ព្រះអម្ចាស់អាចបង្កើនសេចក្កីជំនឿ និងការជឿទុកចិត្តរបស់អ្នកលើទ្រង់នាសព្វថ្ងៃនេះដោយរបៀបណា ?
-
ព្រះយេស៊ូវគ្រីស្ទត្រូវបានស្គាល់តាមរយៈព្រះនាម និងព្រះគោរមងារជាច្រើន ។ សូមអានវគ្គបទគម្ពីរខាងក្រោមដើម្បីយល់កាន់តែច្បាស់ថា ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទត្រូវបានគេហៅថាព្រះអង្គសង្គ្រោះ ( កិច្ចការ ៤:១០–១២; ហេលេមិន ១៤:១៥–១៦ ) និង ព្រះ ប្រោសលោះ ( ទីតុស ២:១៣–១៤; នីហ្វៃទី២ ២:៦–៧, ២៦ ) ។ ហេតុអ្វីបានជាវាសំខាន់ក្នុងការដឹងដោយខ្លួនឯងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់អ្នក ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ជាមួយសមាជិកក្រុមរបស់អ្នក សូមមើលវីដេអូ « Excerpts from ‘The Living Christ: The Testimony of the Apostles’ » ( នាទី ២:៤៥ ) ដោយស្តាប់រកវិធីដែលវីដេអូនេះរំឭកអ្នកឲ្យបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចអញ្ជើញសមាជិកក្រុមឲ្យរំឭកនូវព័ត៌មានសង្ខេបដែលមាននៅខាងលើនៃចំណងជើង « ព្រះយេស៊ូវគ្រីស្ទ » ក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( បណ្ណាល័យដំណឹងល្អ )ផងដែរ ។ តើព័ត៌មាននេះអាចជួយអ្នកគិតអំពីព្រះយេស៊ូវគ្រីស្ទ ថាជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់អ្នកដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
យ៉ូហាន ១១:២៥–១៦; ម៉ូសាយ ៣:៥–១៣; អ័ប្រាហាំ ២:៧–៨
-
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » នៅលើបណ្ណាល័យដំណឹងល្អ
-
« Christ Appears in the Ancient Americas » ( វីដេអូ ) youtube.com
ផ្នែកទី ២
ចូរមករកព្រះយេស៊ូវគ្រីស្ទ
ព្រះវរបិតាសួគ៌បានរៀបចំពរជ័យដ៏សន្ធឹកសន្ធាប់សម្រាប់អស់អ្នកដែលទទួលព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៧–៣៨ ) ។ ព្រះយេស៊ូវគ្រីស្ទបានប្រកាសថា ៖ « បើសិនជាអ្នករាល់គ្នាមករកយើង នោះអ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។ មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមកនោះយើងនឹងទទួល » ( នីហ្វៃទី៣ ៩:១៤ ) ។ យើងបង្ហាញពីបំណងប្រាថ្នារបស់យើងដើម្បីទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ដើម្បីមករកទ្រង់ នៅពេលយើងដាក់សេចក្ដីជំនឿរបស់យើងលើទ្រង់ ប្រែចិត្ដពីអំពើបាបរបស់យើង បានទទួលបុណ្យជ្រមុជទឹក រក្សាបទបញ្ញត្ដិរបស់ព្រះ និងទទួលពិធិបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅពេលយើងបែរទៅរកព្រះយេស៊ូវគ្រីស្ទដោយរាបទាបក្នុងសេចក្តីជំនឿ ហើយប្រែចិត្ដ នោះយើងអាចទទួលបានការអភ័យទោសចំពោះអំពើបាបរបស់យើង ( សូមមើល ម៉ូសាយ ៤:២–៣ ) ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទក៏អាចធ្វើឲ្យយើង « មានព្រះចេស្ដានៃព្រះ—ជាព្រះចេស្ដាល្មមគ្រប់គ្រាន់ដើម្បីប្រឈមនឹងបន្ទុក ឧបសគ្គ និងការល្បួងនានានៃជំនាន់យើង » ផងដែរ ។ សេចក្តីស្រឡាញ់ សេចក្ដីមេត្តាករុណា និងការអភ័យទោសដែលយើងទទួលបានពីព្រះយេស៊ូវគ្រីស្ទអាចនាំមកនូវការផ្លាស់ប្តូរយូរអង្វែងនៅក្នុងជីវិតរបស់យើង និងផ្តល់ឲ្យយើងនូវកម្លាំងដើម្បីឆ្ពោះទៅមុខដោយធ្វើតាមព្រះរាជបំណងរបស់ព្រះ ( សូមមើល ម៉ូសាយ ៥:២ ហេលេមិន ១៥:៧–៨ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់លើអង្គទ្រង់នូវការឈឺចាប់ និងជំងឺរបស់យើង ដើម្បីទ្រង់អាចដឹងពីរបៀបដើម្បីគាំទ្រ និងជួយយើងនៅក្នុងភាពទន់ខ្សោយរបស់យើង ។ សូមអាន អាលម៉ា ៧:១១–១៣ និងជញ្ជឹងគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទយល់ពីការឈឺចាប់ និងបញ្ហាប្រឈមរបស់អ្នកយ៉ាងឥតខ្ចោះ ហើយដឹងពីរបៀបប្រទានពរ និងលួងលោមអ្នក សូម្បីតែនៅពេលដែលគ្មាននរណាធ្វើបែបនេះចំពោះយើងក៏ដោយ ។ តើនៅពេលណាដែលព្រះអង្គសង្គ្រោះបានជួយអ្នកក្នុងពេលនៃការសាកល្បង ឬការល្បួង ? តើអ្នកអាចពឹងផ្អែកលើទ្រង់ដោយរបៀបណានៅពេលដែលអ្នកត្រូវការភាពធូរស្បើយ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ព្រះយេស៊ូវគ្រីស្ទមាននូវព្រះចេស្ដារដ៏ទេវភាពគ្មានទីបំផុតដើម្បីអភ័យទោស លើកយើងលើកឡើង និងពង្រឹងយើង ។ ការដឹងអំពីការណ៍នេះអាចជួយយើងប្រឈមមុខនឹងការលំបាកដោយមានសេចក្ដីសង្ឃឹមកាន់តែខ្លាំង ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ចូររៀនបន្ថែមទៀតអំពីដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា គោលលទ្ធិរបស់ទ្រង់ និងដំណឹងល្អនៃការព្យាបាលដែលបានស្តារឡើងវិញ និងការរីកចម្រើន ។ ចូរងាកទៅរកទ្រង់ ! ចូរដើរតាមទ្រង់ ! »
សូមពិភាក្សាអំពីសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ។ សូមអញ្ជើញសមាជិកក្រុមឲ្យកំណត់សំណួរ ឬបញ្ហាប្រឈមមួយចំនួនដែលយើងជួបប្រទះនាពេលបច្ចុប្បន្ននេះ ។ សូមពិភាក្សាអំពីវិធីដែលយើងអាចស្វែងរកដំណោះស្រាយតាមរយៈព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។
ស្វែងយល់បន្ថែមទៀត
-
ម៉ាថាយ ១១:២៨–៣០; អេភេសូរ ៥:១–២; នីហ្វៃទី២ ៣១:១៦; នីហ្វៃទី៣ ២៧:២១; មរ៉ូណៃ ១០:៣២–៣៣
-
នែល អិល អាន់ឌើរសិន « ចិត្តខ្ញុំនឹកគិតទៅលើរឿងនេះអំពីព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៩១-៩៤
-
ហ្សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៧៣–៧៦