បណ្ណាល័យ
យ៉ូសែប ស៊្មីធ


« យ៉ូសែប ស៊្មីធ » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

យ៉ូសែប ស៊្មីធ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

យ៉ូសែប ស៊្មីធ

ជាព្យាការី​ដែល​ព្រះបាន​ជ្រើសរើស ដើម្បី​ស្តារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សម្រេច​នូវរឿងដែល​មិន​គួរឲ្យ​ជឿ​ក្នុង​ជីវិត​ដ៏ខ្លី​របស់​លោក ។ ក្នុង​នាមជា​ព្យាការី​ដែល​បាន​ជ្រើសរើស​របស់ព្រះ លោក​បាន​បកប្រែ​ព្រះគម្ពីរ​មរមន « ដោយ​អំណោយទាន និង​ព្រះចេស្តា​នៃ​ព្រះ » ( បុព្វកថា​អំពី​ព្រះគម្ពីរ​មរមន ) បាន​ទទួល​ការនិមិត្ដ និង​វិវរណៈ និង​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី​ឡើង ។ វា​អាច​ស្តាប់​ទៅ​ហាក់ដូចជា​មិន​អាច​ទៅរួចទេ ដែល​មាន​មនុស្ស​ម្នាក់​អាច​ធ្វើការ​បានច្រើន​ដូចនេះ ។ ប៉ុន្តែ យ៉ូសែប​មាន​បេសកកម្ម​ដ៏ទេវភាព​ដើម្បី​ស្តារឡើងវិញ​នូវ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្រះអម្ចាស់​បាន​រៀបចំ​វិធី​មួយ​សម្រាប់​លោក ដើម្បី​បំពេញ​កិច្ចការ​របស់​ទ្រង់ ។

ដោយសារ​ព្យាការី យ៉ូសែប ស្ម៊ីធ យើង​ដឹងថា ព្រះ​ស្រឡាញ់​យើង ហើយ​នៅតែ​មាន​បន្ទូល​មកកាន់​យើង​សព្វថ្ងៃនេះ ។ យើង​ដឹងថា​ទ្រង់​មាន​ផែនការ​មួយ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​បាន​រៀបចំ​ផ្លួវ​សម្រាប់​ពួកគេ​ដើម្បី​ទៅ​រស់នៅ​ជាមួយ​ទ្រង់​ម្តងទៀត ។ ហើយ​យើង​ដឹងថា​នេះគឺជា « កិច្ចការ [ របស់​ទ្រង់ ] និង​សិរី​ល្អ [ របស់​ទ្រង់ ]—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

តើ យ៉ូសែប ស្ម៊ីធ ជានរណា ?

យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បាន​កើត​នៅឆ្នាំ​១៨០៥ នៅ​រដ្ឋ វើរម៉ុន ស.រ.អា. ។ ព្រះ​បាន​ហៅ យ៉ូសែប ដើម្បី​ធ្វើជា​ព្យាការី និង​ដើម្បី​ស្តារឡើងវិញ​នូវ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​សម័យ​របស់យើង ។ លោក​គឺជា​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​ការនិមិត្ដ និង​វិវរណៈដ៏​ពិសិដ្ឋ ។ ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស្ម៉ីធ ។ លោក​បាន​ទទួល​សិទ្ធិអំណាច​បុព្វជិតភាព​ពី​សារទូត​ស្ថានសួគ៌ ហើយ​បាន​បកប្រែ​ព្រះគម្ពីរ​មរមន និង​បទគម្ពីរ​បុរាណ​ផ្សេងទៀត​ដោយ​អំណោយទាន និង​ព្រះចេស្តា​នៃ​ព្រះ ។ យ៉ូសែបត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ជាញឹកញាប់​សម្រាប់​ទីបន្ទាល់​របស់​លោក ប៉ុន្តែ​លោក​នៅតែ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​នោះ​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់លោក នៅពេល​ដែល​លោក និង​បងប្រុស​របស់​លោក ហៃរុម ត្រូវបាន​សម្លាប់​ដោយ​ពួក​មនុស្ស​កំណាច​នៅឆ្នាំ​១៨៤៤ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ យ៉ូសែប ស្ម៊ីធ

មគ្គទេសក៍សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖, ព្យាការី, ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ, ការនិមិត្ត​ដំបូង, ព្រះគម្ពីរ​មរមន, ការស្តារ​ឡើងវិញ​នៃ​បព្វជិតភាព

ផ្នែកទី ១

យ៉ូសែប ស្ម៊ីធ គឺជា​សាក្សី​ដ៏ស្មោះស្ម័គ្រ​ម្នាក់​របស់​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ

យ៉ូសែប ស៊្មីធ​នៅក្នុង​គុក​លិបើទី

នៅពេល​ដែល យ៉ូសែប ស្ម៊ីធ មាន​អាយុ​ត្រឹមតែ ១៤ ឆ្នាំ លោក​បាន​ឃើញ​ព្រះ​ជា​ព្រះបិតា និង​ព្រះរាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ ) ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ស្គាល់​ថាជា​ការនិមិត្ត​ដំបូង និង​បាន​សម្គាល់​ពី​ការចាប់ផ្តើម​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ ខណៈ​ដែល​ការស្តារ​ឡើងវិញ​បាន​បន្ត​លាតត្រដាង យ៉ូសែប​បាន​ធ្វើជា​សាក្សី​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការនិមិត្ត​ផ្សេងទៀត និង​បាន​ធ្វើ​ទីបន្ទាល់​អំពី​ទ្រង់​ទាំងទ្វេ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:១៩–២៤; ១៣៧:១–៣ ) ។

យ៉ូសែប​បាន​ប្រឈមមុខ​នឹង​ការសាកល្បង​ជាច្រើន និង​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​សម្រាប់​អ្វី​ដែល​លោក​ដឹងថា​ជាការពិត ។ ប៉ុន្តែ​មិនថា​ការរងទុក្ខ​របស់​លោក​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏លោក​នឹង​មិន​បដិសេធ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ឬ​ថាលោក​ត្រូវបាន​ហៅឲ្យ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ដែរ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៥ ) ។ នៅ​ចុងបញ្ចប់​នៃ​ជីវិត​របស់​លោក ព្យាការី​បាន​បិទ​ទីបន្ទាល់​របស់​លោក​ជាមួយនឹង​លោហិត​របស់​លោក​នៅពេល​ដែល​លោក​ត្រូវបាន​គេធ្វើទុក្ករកម្ម​នៅក្នុង​ពន្ធនាគារ កាតធេច ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:១–៣; សូមមើល​ផងដែរ ពួកបរិសុទ្ធ, ១:៥៤២–៥៥២ ) ។ ភាពស្មោះត្រង់​របស់​លោក​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​បាន​ជួយ​នាំ​ដំណឹងល្អ​ទៅដល់​បុត្រាបុត្រី​របស់​ព្រះ​នៅលើ​ផែនដី​ម្តងទៀត ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៦:៣៧–៣៨ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ទីបន្ទាល់​ដ៏មាន​ឥទ្ធិពល​របស់​យ៉ូសែប ស្ម៊ីធ អំពី​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។ សូម​អាន​ទីបន្ទាល់​របស់​លោក​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:២២–២៤ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០:១–៤ ។ សូម​ជញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញមកពី​ខគម្ពីរ​ទាំងនេះ ។ បន្ទាប់មក​ពិចារណា​ពីទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ( សូមមើល នីហ្វៃ​ទី២ ៣១:១៨ ) ។ តើ​ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​ព្រះយេស៊ូវគ្រីស្ទ​មាន​ឥទ្ធិពល​លើ​ទីបន្ទាល់​របស់​អ្នកផ្ទាល់​យ៉ាង​ដូចម្ដេច​ខ្លះ ? អ្នក​ក៏​អាច​នឹង​កត់ត្រា​ទីបន្ទាល់​របស់​អ្នក ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​ផ្សេងទៀត​ដែល​បាន​នាំ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់​ផងដែរ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅ​អាយុ ១៤ ឆ្នាំ យ៉ូសែប ស្មីធ បាន​ធ្វើ​ទីបន្ទាល់​ជា​លើកដំបូង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ស្វែងយល់​អំពី​ទីបន្ទាល់​នេះ​ដោយ​ការអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–២០ ជាមួយគ្នា ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញពី​ដំណើរ​រឿង​នេះ អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ ? តើ​ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាងដូចម្តេច​ខ្លះ​ដោយសារ​តែ​ទីបន្ទាល់​របស់ យ៉ូសែប ? ចែកចាយ​គំនិត​របស់​អ្នក ហើយ​បន្ទាប់មក​មើល​វីដេអូ « #HearHim: Listen to the Voice of Jesus Christ » ( នាទីទី ១:៤៧ ) ជាក្រុម ។ តើ​អ្នក​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ? ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:២២–២៤; ៨:២–៣; ៩:៨–៩;; ១១:១២–១៣ ) ។ សូម​ពិភាក្សា​អំពី​គំនិត​របស់​អ្នក ហើយ​បន្ទាប់មក​និយាយ​អំពី​ឥទ្ធិពល​ដែល​ទីបន្ទាល់​របស់​អ្នក​អាច​មាន​លើ​អ្នកដទៃ នៅពេល​អ្នក​បាន​ស្តាប់​ឮ​ព្រះអង្គ​សង្គ្រោះ​ដូច យ៉ូសែប ដែរ ។

  • ទីបន្ទាល់​របស់​សយ៉ូសែប អំពី​ព្រះអង្គសង្គ្រោះ​ត្រូវបាន​រួមបញ្ចូល​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ។ សូម​អាន​ទីបន្ទាល់​របស់​ព្យាការី​នៅក្នុង​សេចក្តី​ប្រកាស​ជាមួយគ្នា និង​ពិភាក្សា​អំពី​សាវតារ​ប្រវត្តិសាស្រ្ត​សម្រាប់​ការនិមិត្ដ​ដែល​លោក​បាន​ទទួល ។ អ្នក​ក៏អាច​ធ្វើការ​ទន្ទេញ​ទីបន្ទាល់​របស់​ព្យាការី​ជា​ក្រុម​បាន​ផងដែរ ។ ប្រហែល​អ្នក​អាច​សូត្រ​ពាក្យ​ទាំងនោះ​ឲ្យ​ឮៗ ហើយ​ប្រើ​រូបភាព​មកពី បណ្ណាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​សាសនាចក្រ ឬ​បង្កើត​រូបភាព​ផ្សេងទៀត​ដើម្បី​ជួយ​អ្នក ។ សូម​និយាយ​អំពី​របៀប​ដែល​ការ​ទន្ទេញ​ទីបន្ទាល់​របស់​ព្យាការី​អាច​បង្កើន​សេចក្តី​ជំនឿ​ផ្ទាល់ខ្លួន​របស់​អ្នក​នៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ជា​ប្រភព​នៃ​ព្រះចេស្តា ការលើកទឹកចិត្ត ការបំផុស​គំនិត និង​ការលួងលោម ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

យ៉ូសែប ស៊្មីធ ត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះ​ដើម្បី​ស្ដារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឡើងវិញ

យ៉ូសែប ស្ម៊ីធ​លុត​ជង្គង់​ចុះ​នៅក្នុង​ព្រៃ​ពិសិដ្ឋ

ព្រះ​បាន​ជ្រើសរើស​ព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បី​ស្តារ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:១៧; ២៧:១៣ « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ » បណ្ណាល័យ​ដំណឹងល្អ ) ។ តាមរយៈ​ព្រះចេស្តា​របស់​ព្រះ យ៉ូសែប​បាន​បកប្រែ​ព្រះគម្ពីរ​មរមន និង​បាន​នាំមក​នូវ​បទគម្ពីរ​បន្ថែម ( សូមមើល បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:៣ ) ។ លោក​បាន​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ឡើង ទទួល​បាន​សិទ្ធិអំណាច​បព្វជិតភាព និង​រៀបចំ​ពួកបរិសុទ្ធ​ដើម្បី​បង្កើត​ស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:១; ពួកបរិសុទ្ធ, ១:១០៨–១០៩ ) ។

ដោយសារ​តែ​បេសកកម្ម​របស់ យ៉ូសែប ស្ម៊ីធ យើង​ដឹងថា​ព្រះ​មាន​ផែនការ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​យើង​អាច​ទទួល​បាន​ពិធីបរិសុទ្ធ និង​ធ្វើ​​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ កិច្ចការ​របស់​យ៉ូសែប បានចាក់​គ្រឹះ​សម្រាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅថ្ងៃ​ចុងក្រោយ ដែល​អនុញ្ញាត​ឲ្យ​សាសនាចក្រ​ឆ្ពោះទៅមុខ​ក្រោម​ការដឹកនាំ​ដែលបាន​បំផុសគំនិត​របស់​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ( សូមមើល ពួកបរិសុទ្ធ, ១:៥១៩–៥២០ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​ធ្វើ​ទីបន្ទាល់​ថា « ខ្ញុំ​ដឹងថា យ៉ូសែប ស្ម៊ីធ បាន​ទទួល​ស្គាល់ថា លោក​មិនល្អ​ឥតខ្ចោះ​នោះ ជា​ឧបករណ៍​ដ៏​ជម្រើស​នៅក្នុង​ព្រះហស្ត​របស់​ព្រះ ដើម្បី​ស្តារឡើងវិញ​នូវ​ដំណឹងល្អ​ដ៏​អស់កល្ប​ដល់​ផែនដី ។ ខ្ញុំ​ក៏ដឹង​ថា ការណ៍​ដូច្នោះ—មួយផ្នែក​គឺ​តាមរយៈ​ការបកប្រែ​ព្រះគម្ពីរ​មរមន—លោក​បាន​បង្រៀន​ខ្ញុំ​ថែម​ទៀត​អំពី​ក្ដី​ស្រឡាញ់​របស់​ព្រះ ទេវភាព​របស់​ព្រះគ្រីស្ទ និង​អំណាច​បព្វជិតភាព​ច្រើន ជាង​ព្យាការី​ផ្សេងទៀត​ដែល​ខ្ញុំ​ធ្លាប់​បាន​អាន ស្គាល់ ឬ​ឮ​ពេញមួយ​ជីវិត​នៃ​ការស្វែងរក​របស់​ខ្ញុំ » ។ តើ​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​អ្វីខ្លះ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ទេវភាព​របស់​ព្រះគ្រីស្ទ និង​អំណាច​បព្វជិតភាព តាមរយៈ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ? តើ​ការបង្រៀន​ទាំងនោះ​ធ្វើជា​ទីបន្ទាល់​ដល់​អ្នក​យ៉ាងដូចម្តេច​ថា យ៉ូសែប ស្មីធ ត្រូវបាន​ជ្រើសរើសដោយ​ព្រះ ? សូម​កត់ត្រា​ការបំផុស​គំនិត​ណាមួយ​ដែល​អ្នក​ទទួល​បាន ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • យើង​រីករាយ​ជាមួយ​ពរជ័យ​ជាច្រើន ព្រោះ​ព្រះ​បាន​ស្តារ​ដំណឹងល្អ​តាមរយៈ យ៉ូសែប ស្មីធ ។ ជាក្រុម សូម​ព្យាយាម​បង្កើត​បញ្ជី​នៃ​ពរជ័យ​ទាំងនោះ ។ អ្នក​អាច​ចាប់ផ្តើម​ជាមួយនឹង​ពរជ័យ​ទាំងនោះ​ដែល​បាន​រៀបរាប់​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:៣ ។ ប្រសាសន៍​ទាំងនេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន ក៏អាច​ផ្តល់ឲ្យ​អ្នក​នូវ​គំនិត​មួយចំនួន​ផងដែរ ៖ « [ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ ] មាន​ន័យថា បងប្អូន និង​គ្រួសារ​បងប្អូន​អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយគ្នា​ជានិរន្ដរ៍ ! វា​មានន័យ​ថា ដោយសារ​តែ​បងប្អូន​បាន​ទទួលបុណ្យ​ជ្រមុជទឹក​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិអំណាច​មក​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ នោះ​បងប្អូន​អាច​រីករាយ​នឹង​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​ខ្ជាប់​ខ្ជួន ។ ទ្រង់​នឹង​ដឹកនាំ ហើយ​ការពារ​បងប្អូន ។ វា​មានន័យ​ថា​បងប្អូន​នឹង​មិន​​ទុក​ឲ្យ​នៅឯកោ ឬ​ពុំ​អាច​ទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ជួយ​បងប្អូន​នោះទេ ។ វា​មាន​ន័យ​ថា​អំណាច​បព្វជិតភាព​អាច​ប្រទានពរ​ដល់​បងប្អូន នៅពេល​បងប្អូន​ទទួល​ពិធី​បរិសុទ្ធ​ដ៏​សំខាន់ ហើយ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ ។ បន្ទាប់មក​សូម​និយាយ​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញពី​ការដឹងគុណ​របស់អ្នក​ចំពោះអ្វី ដែល​ព្រះអម្ចាស់​បាន​ប្រទានឲ្យ​អ្នក​តាមរយៈ​ព្យាការី​របស់​ទ្រង់ យ៉ូសែប ស្ម៊ីធ ។

  • តើ​អ្នក​ដឹងទេ​ថា​ព្យាការី​ម្នាក់ទៀត​ឈ្មោះ យ៉ូសែប ដែល​បាន​រស់នៅ​ក្នុង​សម័យ​បុរាណ បាន​មើលឃើញ​បេសកកម្ម​របស់ យ៉ូសែប ស្ម៊ីធ ? សូមអាន នីហ្វៃ​ទី២ ៣:៦–១៥ ដើម្បី​ស្វែងយល់​ពីអ្វី​ដែល​យ៉ូសែប​នៃ​អេស៊ីព្ទ​បាន​ព្យាករ​អំពី យ៉ូសែប ស្ម៊ីធ និង​កិច្ចការ​ដ៏សំខាន់​របស់​លោក ។ តើ​ពាក្យ​អ្វីខ្លះ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី យ៉ូសែប ស្ម៊ីធ នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​ព្រះ​បាន​រៀបចំ​លោក​ឲ្យ​ធ្វើ​អ្វីខ្លះ ? និយាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​អំពី​អ្វី​ដែល​អ្នក​បាន​រកឃើញ ។ អ្នកក៏​អាច​ពិភាក្សា​អំពី​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង​ការព្យាករ​នេះ និង​របៀប​ដែល​ពរជ័យ​ទាំងនោះ​បាន​កើតឡើង​តាមរយៈ​ការស្តារ​ឡើងវិញ​ផងដែរ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

អ្នក​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នកថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់​ព្រះ

ក្មេងប្រុស​ម្នាក់​កំពុង​លុត​ជង្គង់​អធិស្ឋាន

វាជា​ការណ៍​មួយ​ដ៍​បំផុស​គំនិត​ក្នុង​ការគិតថា ក្នុង​នាមជា​ក្មេងប្រុស​អាយុ ១៤ ឆ្នាំ យ៉ូសែប បាន​ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​មុនពេល យ៉ូសែប ទទួល​បាន​ការនិមិត្ត​ដំបូង​នោះ ? លោក​បាន​ពិចារណា​បទគម្ពីរ ចង់​បាន​ប្រាជ្ញា​មកពី​ព្រះ និង​បាន​អធិស្ឋាន​ទូលសុំ​ការណែនាំ​របស់​ទ្រង់ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៩ ) ។ ដំណើររឿង​របស់ យ៉ូសែប រំឭក​យើងថា យើង​ក៏អាច​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់—រួមទាំង​ថា យ៉ូសែប ស្ម៊ីធ ត្រូវបាន​ហៅឲ្យ​ស្តារ​ដំណឹងល្អ​ឡើងវិញ​ផងដែរ ។ ខណៈពេល​ដែល​ទីបន្ទាល់​នេះ​អាច​កើតឡើង​ទៅតាម​ពេលវេលា​ជាជាង​នៅក្នុង​ព្រឹត្តិការណ៍​គួរឲ្យ​កត់សម្គាល់​មួយ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​យើង​អាច​ដឹង​ដោយ​ភាពច្បាស់លាស់​ដូចគ្នា​នូវ​ការពិត​នៃ​អ្វីៗ​ទាំងអស់ ( សូមមើល មរ៉ូណៃ ១០:៥ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • មាន​វិធី​ជាច្រើន​ដែល​យើង​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​ថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី ។ អែលឌើរ នែល អិល អាន់ឌើរសិន បាន​មានប្រសាសន៍ថា « វា​អាច​កើត​មក​ពេល​អ្នក​លុតជង្គង់​ចុះ​អធិស្ឋាន​ទូលសូម​ព្រះ​ឲ្យ​បញ្ជាក់​ថា​លោក​គឺ​ជា​ព្យាការី​ពិត ។ វា​អាច​កើតមក​ពេល​អ្នក​អាន​ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង​របស់​ព្យាការី ។ ទីបន្ទាល់​មួយ​អាច​នឹង​ដក់ជាប់​ទៅលើ​ព្រលឹង​របស់​អ្នក​ពេល​អ្នក​អាន​ព្រះគម្ពីរ​មរមន​ម្ដង​ហើយ​ម្ដង​ទៀត ។ វា​អាច​កើតឡើង​ពេល​អ្នក​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្យាការី ឬ​នៅពេល​អ្នក​ឈរ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ដឹង​ថា​តាមរយៈ យ៉ូសែប ស្ម៊ីធ នោះ​អំណាច​នៃ​ការផ្សារភ្ជាប់​ដ៏បរិសុទ្ធ​ត្រូវ​បាន​ស្ដារឡើងវិញ​នៅលើ​ផែនដី » ។ សូម​គិត​អំពី​ទីបន្ទាល់​របស់អ្នក​អំពី​តួនាទី​របស់ យ៉ូសែប ស្ម៊ីធ ក្នុង​នាមជា​ព្យាការី​របស់ព្រះ ។ តើ​អ្វីខ្លះ​បាន​ជួយ​អ្នក​ជឿលើ​ការហៅដ៏​ទេវភាព​របស់​លោក ? តើ​អ្នក​អាច​ធ្វើអ្វី​បន្ថែមទៀត​ដើម្បី​ទទួល​បាន ឬ​ពង្រឹង​ទីបន្ទាល់​របស់អ្នក​ថា​លោក​គឺជា​ព្យាការី ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ទីបន្ទាល់​ផ្ទាល់ខ្លួន​ដែលថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់ព្រះ ពុំកើតឡើង​ចំពោះយើង​ដោយ​ឯកឯងទេ— វាជា​អ្វី​ដែល​យើង​ខិតខំប្រែង​​ដើម្បីទទួលបានទីបន្ទាល់​នោះ ។ អ្នក​អាច​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​ការហៅ​របស់ យ៉ូសែប ដោយ​ការចែកចាយ​បទគម្ពីរ​មួយ​មកពី​ព្រះគម្ពីរ​មរមន​ជាមួយ​ក្រុម​របស់អ្នក ហើយ​និយាយ​អំពីរបៀប​ដែល យ៉ូសែប គឺជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ត​របស់​ព្រះ ដើម្បី​ធ្វើឲ្យ​បទគម្ពីរ​នោះ​អាច​មាន​សម្រាប់​យើង ។ ប្រហែល​អ្នក​ក៏អាច​ប្ដូរវេន​កត់ត្រា​ទីបន្ទាល់​របស់​ព្យាការី​ចេញមកពី មុក្តា​ដ៏​មាន​តម្លៃ​មហិមា ជាមួយគ្នា ហើយ​បន្ទាប់មក​ស្តាប់​ទីបន្ទាល់​នោះ ឬ​ចែកចាយ​វា​ជាមួយ​អ្នកដទៃ ។ តើ​ព្រះគម្ពីរ​មរមន និង​ទីបន្ទាល់​របស់ យ៉ូសែប ពង្រឹង​សេចក្តី​ជំនឿ​របស់អ្នក​ដែលថា យ៉ូសែប​ត្រូវបាន​ហៅ​ដោយ​ព្រះ ដោយ​របៀបណា ?

  • យើង​អាច​ពង្រីក​ទីបន្ទាល់​របស់​យើង​អំពី​ការហៅដ៏​ទេវភាព​របស់ យ៉ូសែប ស្ម៊ីធ ពេញមួយ​ជីវិត​របស់យើង​បាន ។ ប្រហែល​ទីបន្ទាល់​របស់​អ្នក​អំពី​តួនាទី​របស់​លោក មាន​អារម្មណ៍​ថា​រឹងមាំ​នៅពេល​ជាក់លាក់​ណា​មួយ​ជាង​ពេលខ្លះទៀត ។ អ្នក​អាច​អាន​ជាមួយគ្នា​នូវ​ដំបូន្មាន​នេះ​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ​ថា « ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ថយក្រោយ​បន្ដិច ក្រឡេកមើល​ជីវិត​របស់​អ្នក​ពីទីខ្ពស់ ​រួច​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​មាន​ភាពសាមញ្ញ​ចំពោះ​ភាព​ជា​សិស្ស » ។ ពិចារណា​ស្វែងយល់​ពីរបៀប​ដែល​ដំបូន្មាន​របស់​ប្រធាន អុជដូហ្វ អនុវត្ត​ចំពោះ​ទីបន្ទាល់​របស់អ្នក​ថា យ៉ូសែប គឺជា​ព្យាការី​របស់ព្រះ ដោយ​មើល​រូបភាព​មួយ​ដែល​ត្រូវបាន​ពង្រីក​លើ​ព័ត៌មាន​លម្អិត​មួយ ។ និយាយ​ជាមួយគ្នា​ថា​តើ​រូបភាព​នោះ​មើល​ទៅ​ដូចជា​អ្វី ។ បន្ទាប់មក​មើល​រូបភាព​ដូចគ្នា​នោះ​ដែលបាន​បង្រួម​ដើម្បី​វា​បង្ហាញ​រូបភាព​ទាំងមូល ។ តើ​រូបភាព​នេះ​មើល​ទៅ​ខុស​ពីមុន​យ៉ាង​ដូចម្តេច ? តើ​ឧទាហរណ៍​នេះ​បង្រៀន​អ្នក​អ្វីខ្លះ អំពីរបៀប​ដើម្បី​ទទួល​បាន​ទីបន្ទាល់​អំពី​ការហៅដ៏​ទេវភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ?

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. សូមមើល Saints: The Story of the Church of Jesus Christ in the Latter Days, vol. 1, The Standard of Truth, 1815–1846 (2018) ទំព័រ ៣៨៤–៣៩០ ។

  2. សូមមើល រ័សុល អិម ណិលសុន « Hear Him » Liahona ខែ​ឧសភា ឆ្នាំ​២០២០ ទំព័រ ៨៨ ។

  3. ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe » Liahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ ៩៥ ។

  4. រ័សុល អិម ណិលសុន « Hear Him ទំព័រ ៨៨ ។

  5. នែល អិល អាន់ឌើរសិន « Joseph Smith » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ⁠ទំព័រ ៣០ ។

  6. សូមមើល អិល វិតនី ក្លេតុន « “Choose to Believe » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ៣៨ ។

  7. សូមមើល នែល អិល អាន់ឌើរសិន « Joseph Smith » ទំព័រ ៣០ ។

  8. ឌៀថើរ អេហ្វ អុជដូហ្វ « It Works Wonderfully! » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ២២ ។