បណ្ណាល័យ
ព្រះវិហារ​បរិសុទ្ធ


« ព្រះវិហារ​បរិសុទ្ធ » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

គ្រួសារ​នៅលើ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

ព្រះវិហារ​បរិសុទ្ធ

យើង​ទទួល​បាន​ពរ​នៅពេល​យើង​ថ្វាយបង្គំ​នៅក្នុងដំណាក់​របស់​ព្រះអម្ចាស់

សូម​គិត​អំពី​កន្លែង​ដ៏ស្រស់ស្អាត និង​សុខសាន្ដ​បំផុត​ដែល​អ្នក​ធ្លាប់​បាន​ទៅ ។ តើ​អ្នក​ចូលចិត្ត​អ្វី​ខ្លះ​អំពី​កន្លែង​ទាំងនោះ ? តើ​កន្លែង​ទាំងនោះ​បាន​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​បែបណា ? នៅពេល​ដែល​យើង​អាច​ទៅ​ទស្សនា ឬ​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ យើង​ក៏អាច​មាន​អារម្មណ៍​សុខសាន្ត​ផងដែរ ។ ប៉ុន្តែ​នោះ​មិនមែន​ជាហេតុផល​ចម្បង​ដែល​ព្រះវិហារ​បរិសុទ្ធ​ទាំងនោះ​មាន​សារៈសំខាន់​ចំពោះ​យើង​នោះទេ ។ ព្រះវិហារ​បរិសុទ្ធ​គឺ​មិន​ដូច​កន្លែង​ផ្សេងទៀត​នៅលើ​ផែនដី​ទេ ព្រោះ​ព្រះវិហារ​បរិសុទ្ធ​ទាំងនោះ​គឺជា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ នៅខាងក្នុង​ព្រះវិហារ​បរិសុទ្ធ​យើង​អាច​ធ្វើ​សេចក្តីសញ្ញា​ដើម្បី​ឲ្យ​កាន់តែ​ខិតជិត​ទៅនឹង​ទ្រង់ និង​រៀបចំខ្លួន​សម្រាប់​ជីវិត​ដ៏អស់កល្ប​ជានិច្ច ។

ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិស​របស់​យើង និង​ពិធីបរិសុទ្ធ​នៃ​ការតម្កើងឡើង​សំខាន់ៗ ដែល​ត្រូវបាន​អនុវត្ត​នៅទីនោះ​ជាទីបំផុត ។ យើង​សូម​អរគុណ​ដល់​សា្ថនសួគ៌​ដែល​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ច្រើន​ត្រូវបាន​សាងសង់ ដោយ​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ​អាច​ចូល​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​បាន​កាន់តែ​ច្រើនឡើង ។ ។ ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​គឺ​ពិតជា​បរិសុទ្ធ​បំផុត ជា​រចនាសម្ព័ន្ធ​ដ៏ពិសិដ្ឋ​បំផុត​នៅក្នុង​នគរ​របស់​ព្រះ » ។

តើ​ព្រះវិហារ​បរិសុទ្ធ​ជា​អ្វី ?

ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​ន័យ​ថា​គឺជាដំណាក់​នៃ​ព្រះអម្ចាស់ ។ នៅក្នុង​អគារ​បរិសុទ្ធ​ទាំងនេះ សមាជិក​សាសនាចក្រ​ដែលមាន​ភាពស័ក្ដិសម​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ។ ឧទាហរណ៍ ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​អនុញ្ញាត​ឲ្យ​យើង​នៅ​ជាមួយ​គ្រួសារ​របស់យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ប្រសិនបើ​យើង​រក្សា​សេចក្តីសញ្ញា​របស់យើង ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ក៏អាច​ទទួល​ពិធីបរិសុទ្ធ​នានា​ជំនួសឲ្យ​បុព្វការីជន​ដែល​បាន​ទទួល​មរណភាព​ផងដែរ ។ ព្រះអម្ចាស់​យាងមក​ព្រះវិហារ​បរិសុទ្ធ​របស់ទ្រង់ ហើយ​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ​គឺ​ស្ថិត​នៅក្នុង​ចំណោម​កន្លែង​ដ៏បរិសុទ្ធ​បំផុត​នៅលើ​ផែនដី ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះវិហារ​បរិសុទ្ធ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ, ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ពិធីផ្សារភ្ជាប់, ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ, ពិធីបរិសុទ្ធ តំណាង​សម្រាប់​មរណជន

ផ្នែកទី ១

ព្រះអម្ចាស់​បញ្ជា​រាស្រ្ត​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ

ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ទីក្រុង​ធូសាន រដ្ឋ​អារីហ្សូណា

ព្រះ​តែងតែ​បញ្ជា​ឲ្យ​រា្រស្ត​របស់ទ្រង់​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​សព្វថ្ងៃនេះ​មាន​ភាពស្រដៀងគ្នា​ជាច្រើន​ទៅនឹង​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ព្រះគម្ពីរ​ពីបុរាណ ហើយ​មាន​នៅក្នុង​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ។ ព្រះវិហារ​បរិសុទ្ធ​ខុសពី​សាលាប្រជុំ​របស់​សាសនាចក្រ ដែល​វាជា​កន្លែង​ដែល​យើង​ធ្វើ​សេចក្តីសញ្ញា​ពិសេស និង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នានា ។ នៅខាងក្នុង​ព្រះវិហារ​បរិសុទ្ធ សមាជិក​សាសនាចក្រ​ក៏អាច​ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​បុព្វការីជន​ដែល​បាន​ស្លាប់​របស់​ពួកគេ និង​បុគ្គល​ផ្សេងទៀត​ដែល​មិនមាន​ឱកាស​ទទួលបាន​ពិធីបរិសុទ្ធ​ទាំងនោះ​នៅក្នុង​ជីវិត​នេះ​ផងដែរ ។ បន្ទាប់មក​អ្នក​ដែល​បាន​ទទួល​មរណភាព​អាច​ជ្រើសរើស​ទទួលយក​ពិធីបរិសុទ្ធ​ទាំងនេះ និង​ទទួលបាន​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។

អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ ព្រះអង្គសង្រ្គោះ​របស់យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ ។ ព្រះវិហារ​បរិសុទ្ធ គឺជា​កន្លែង​ដែល​យើង​អាច​ខិតកាន់តែ​ជិត​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ដ៏ពិសិដ្ឋ​ដែល​បាន​ញែកចេញ​សម្រាប់​ការថ្វាយបង្គំ និង​ការបង្រៀន ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ ដែល​បាន​សាងសង់​ឡើង​ដោយ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ វា​ទាមទារ​ឲ្យមាន​ការលះបង់​ជាច្រើន ប៉ុន្តែ​ពួកបរិសុទ្ធ​ក៏ទទួល​បាន​ការសន្យាថា​មាន​ពរជ័យ​ជាច្រើន​សម្រាប់​ការលះបង់​ទាំងនោះ​ផងដែរ ។ សូម​អាន​អំពី​ការសន្យា​ទាំងនេះ​នៅក្នុង គោលលិទ្ធិ និង​សេចក្ដីសញ្ញា ៩៧:៨–១៦ ។ បន្ទាប់មក​អ្នក​អាច​អាន​អំពី​បទពិសោធន៍​ខាងវិញ្ញាណ​មួយ​ចំនួន​ដែល​ពួកបរិសុទ្ធ​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ នៅក្នុង គោលលិទ្ធិ និង​សេចក្ដីសញ្ញា ១១០ និង​នៅក្នុង ជំពូកទី ២១ នៃ Saints: The Story of the Church of Jesus Christ in the Latter Days vol. 1 Standard of Truth 1815–1846 ( ឆ្នាំ​២០១៨ ) ទំព័រ ២៣២–២៤៣ ។ តើ​អ្នក​ទទួល​បាន​អារម្មណ៍​នៃ​​វត្តមាន​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះដំណាក់​ដ៏បរិសុទ្ធ​របស់ទ្រង់​ដោយ​របៀបណា ? តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វីខ្លះ​ទៀត​ដោយសារ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​សាងសង់​ឡើង​នៅក្នុង​សម័យ​របស់យើង ? អ្នក​ក៏​អាច​ជញ្ជឹងគិត​ផងដែរ​អំពី​ការលះបង់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​មកពី​ព្រះអម្ចាស់​នៅក្នុងដំណាក់​របស់​ទ្រង់ ។

  • ខណៈពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​មាន​លក្ខណៈពិសេស​ខុសៗគ្នា ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​សុទ្ធតែ​មាន​បន្ទប់​សំខាន់ៗ​ដូចគ្នា​សម្រាប់​ការទទួល​ការណែនាំ ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ និង​ការធ្វើ​សេចក្តីសញ្ញា​នានា ។ អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គោលបំណង​នៃ​បន្ទប់​ទាំងនេះ​ដោយ​ការអាន​អត្ថបទ​ខ្លី « Inside Temples » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ តើ​អ្នក​រៀន​អ្វីខ្លះ​ពី​អត្ថបទ​ដែល​បំផុសគំនិត​អ្នក​ឲ្យ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ធ្វើ​ដូច្នេះ​កាន់តែ​ញឹកញាប់ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រសិនបើ​អ្នក​អាច សូមទៅកាន់​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្បែរនោះ​ជាមួយគ្នា ។ ប្រហែលជា​អ្នក​អាច​ដើរ​ដោយ​ស្ងៀមស្ងាត់​នៅ​ជុំវិញ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។ ឬ​អ្នក​អាច​មើល​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ពេល​អ្នក​ធ្វើ​ដូច្នោះ សូម​អាន ឬ​ច្រៀង​ដោយ​ស្រទន់​នូវ​ពាក្យ​នៅក្នុង​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ។ បន្ទាប់មក​ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​នូវ​គំនិត ឬ​អារម្មណ៍​ណាមួយ​ដែល​អ្នក​មាន​អំពី​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​ពិភាក្សា​ជាក្រុម​ពី​មូលហេតុ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​សម័យ​របស់​យើង ។ តើ​បុគ្គល គ្រួសារ និង​សហគមន៍​ទទួល​បានពរ​ដោយ​មកពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​បន្ថែមទៀត​តាម​វិធី​ណាខ្លះ ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

យើង​មាន​សិទ្ធិ​ទទួលបាន​ព្រះចេស្តា និង​ការណែនាំ​ខាងវិញ្ញាណ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់

បុរស​កំពុង​អធិស្ឋាន

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​នៃ​វិវរណៈ ។ នៅទីនោះ​មាន​បង្ហាញ​បងប្អូន​ពី​របៀប​ដើម្បី​ឈាន​ទៅរក​ជីវិត​សេឡេស្ទាល ។ នៅ​ទីនោះ បងប្អូន​នៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ត្រូវបាន​ផ្ដល់​សិទ្ធិ​ឲ្យ​ទទួល​បាន​ព្រះចេស្ដា​ទ្រង់​កាន់តែ​មហិមា ។ នៅ​ទីនោះ​បងប្អូន​ទទួល​បាន​ណែនាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវិត​របស់​បងប្អូន សូម្បីតែ​បញ្ហា​ដែល​ស្មុគស្មាញ​បំផុត​ក្តី ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ស្វែងរក​ជំនួយ និង​ព្រះចេស្តា​ខាងវិញ្ញាណ​បាន ។ អ្នក​អាច​ស្វែងរក​ការលួងលោម និង​កម្លាំង​ដើម្បី​ឆ្ពោះ​ទៅមុខ​ក្នុង​អំឡុងពេល​មាន​បញ្ហា​ប្រឈមមុខ និង​ការសាកល្បង ។

អ្នក​អាច​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជំនួយ និង​ការណែនាំ​ខាងវិញ្ញាណ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ពេល​អ្នក​រៀបចំខ្លួនឯង និង​ស្វែងរក​ដើម្បី​មាន « ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » ( ទំនុកដំកើង ២៤:៤ ) ។ ក្នុង​កន្លែង​ដែល​សុខសាន្ត ពិសិដ្ឋ ដែល​បាន​ឧទ្ទិស​នេះ ជាញឹកញាប់​វា​កាន់តែ​ងាយស្រួល​ក្នុង​ការមាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ទ្រង់ និង​ស្តាប់ឮ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​របស់ទ្រង់ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រហែលជា​អ្នក​មាន​សំណួរ​សំខាន់ ឬ​បញ្ហា​ប្រឈម​ដ៏លំបាក​មួយ ។ តើ​អ្នក​បាន​ពិចារណា​ចំណាយពេល​នៅឯ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ស្វែងរក​ការណែនាំ​របស់​ព្រះអម្ចាស់​ដែរឬទេ ? សូម​ពិចារណា​ពីរបៀប​ដែល​ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ភាពច្បាស់លាស់​អំពី​សំណួរ ឬ​បញ្ហា​ប្រឈមមុខ​របស់អ្នក​បាន ។ ប្រសិនបើ​អ្នក​មិនមាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ ប្រហែលជា​អ្នក​អាច​ដើរ​ជុំវិញ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចំណាយពេល​ខ្លះ​ក្នុង​ការអធិស្ឋាន និង​ពិចារណា​នៅទីនោះ ។ សូម​ពិចារណា​ធ្វើការ​កត់ត្រា​ការបំផុស​គំនិត​ទាំងឡាយណា​ដែល​អ្នក​ទទួល​បាន ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន ណិលសុន បាន​បង្រៀន ៖​« បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ សូម​បងប្អូន​ផ្តោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ តាម​របៀប​ដែល​បងប្អូន​មិន​ធ្លាប់​បាន​ធ្វើ​ពីមុន​មក ។ ខ្ញុំ​សូម​ផ្តល់​ពរជ័យ​ឲ្យ​បងប្អូន​ខិត​កាន់តែ​ជិត​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ » ។ ដើម្បី​យល់​ពីអត្ថន័យ​នៃ​ការផ្តោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​និយាយ​អំពី​ឧបករណ៍​ដែល​ជួយ​យើង​ផ្តោតលើ​ចក្ខុវិស័យ​របស់យើង ។ អ្នក​អាច​ប្ដូរវេន​មើល​តាមរយៈ​វ៉ែនតា កែវយឺត ឬ​តេឡេស្កុប ( ឬ​មើល​រូបភាព​នៃ​វត្ថុ​មួយ​ក្នុង​ចំណោម​វត្ថុ​ទាំងនេះ ) ។ បន្ទាប់មក​និយាយ​អំពី​របៀប​ដែល​អ្នក​អាច​បង្កើន​ការផ្តោត​អារម្មណ៍​របស់អ្នក​លើ​ព្រះវិហារ​បរិសុទ្ធ​តាម​វិធី​ដែល​អ្នក​មិន​ធ្លាប់​មាន​ពីមុនមក ។ អ្នក​ក៏​អាច​ពិចារណា និង​កត់ត្រា​ពរជ័យ​ដែល​អ្នក​ទទួលបាន​នៅពេល​អ្នក​ផ្តោតទៅលើ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះអម្ចាស់​អញ្ជើញ​អ្នករាល់គ្នា​ឲ្យ​មក​ព្រះវិហារ​បរិសុទ្ធ

ព្រះអម្ចាស់​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​មកកាន់​ព្រះដំណាក់​ដ៏បរិសុទ្ធ​របស់ទ្រង់ និង​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ ។ ប៉ុន្តែ​ទ្រង់​ក៏​ចង់​ឲ្យ​យើង​រៀបចំខ្លួន​ជាមុនសិន​ផងដែរ ។ ទ្រង់​ដឹងថា​ការធ្វើ​សេចក្តីសញ្ញា​ទាំងនោះ​ពី​មុនពេល​យើង​ត្រៀមខ្លួន​ជាស្រេច​អាចនឹង​ដាក់​កម្រិត​លើ​លទ្ធភាព​របស់យើង​ក្នុង​ការរីករាយ​ជាមួយនឹង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ នោះជា​មូលហេតុ​ដែល​ទ្រង់​កំណត់​បទដ្ឋាន​នៃ​ការត្រៀម​រៀបចំខ្លួន​ខាងវិញ្ញាណ​សម្រាប់​ការចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ—បទដ្ឋាន​ដែល​ទ្រង់​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​រស់នៅតាម ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​ទទួល​បាន​ពរជ័យ​របស់ទ្រង់ ។

ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​ត្រូវការ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដែល​អ្នក​អាច​ទទួល​បាន​ប័ណ្ណ​នោះ​បន្ទាប់ពី​សម្ភាសន៍​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់អ្នក ។ ការណែនាំ​ដ៏​បំផុសគំនិត​របស់​ពួកលោក​ជួយ​អ្នក​ឲ្យ​ដឹង​ពីរបៀប​រៀបចំខ្លួន​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​គឺជា​និមិត្ត​សញ្ញា​មួយ​នៃ​ការរៀបចំខ្លួន​របស់​អ្នក​ដើម្បី​ចូលក្នុ​ងព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ វា​គឺជា​និមិត្ត​សញ្ញា​ដែល​អ្នក​ព្យាយាម​ដើម្បី​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ វា​មាន​ន័យថា​អ្នក ព្រះអម្ចាស់ និង​អ្នកតំណាង​របស់ទ្រង់ « ផ្តល់​អនុសាសន៍ » សម្រាប់​ការចូល​ទៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។

បន្ទាប់មក​នៅពេល​ដែល​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​ផ្សេងទៀត​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​កុំ​ឈប់​នៅត្រឹម​នោះឡើយ ! រៀបចំខ្លួន​ដើម្បី​ត្រឡប់​ទៅ​កាន់ដំណាក់​របស់​ព្រះអម្ចាស់ ហើយ​រៀនសូត្រ​បន្ថែម ។ ស៊ីស្ទើរ ស៊ីលវ៉ា អេច អាល់រែត បាន​បង្រៀនថា « យើង​ទាំងអស់​គ្នា​ទទួល​ការណែនាំ​ដូចគ្នា ប៉ុន្តែ​ការយល់​ដឹង​របស់​យើង​អំពី​អត្ថន័យ​នៃ​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងនោះ​នឹង​កើន​ឡើង ពេល​យើង​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាញឹកញាប់​ជាមួយ​នឹង​ឥរិយាបថ​នៃ​ការរៀនសូត្រ និង​ការពិចារណា​អំពី​សេចក្តីពិត​ដ៏អស់កល្ប​ដែល​បាន​បង្រៀន » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​គិត​អំពីកិច្ចការ​សំខាន់​ដែល​អ្នក​ត្រូវ​រៀបចំខ្លួន​សម្រាប់ ដូចជា ការប្រឡង​នៅ​សាលារៀន ការសម្ភាសន៍​ការងារ ឬ​មេរៀន​នៅឯ​ព្រះវិហារ ។ តើ​អ្នក​បាន​រៀបចំខ្លួន​ដោយ​របៀបណា ? តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​មិន​បាន​រៀបចំខ្លួន​ទេនោះ ? បន្ទាប់មក​ពិចារណា​ថា​ហេតុអ្វី​បានជា​យើង​ត្រូវ​រៀបចំខ្លួន​ដើម្បី​ចូល​ទៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​អាន និក្ខមនំ ៤០:៧–១៥ ហើយ​ពិចារណា​ពីអ្វី​ដែល​អើរ៉ុន និង​កូនប្រុស​របស់​គាត់​បាន​ធ្វើ​ដើម្បី​រៀបចំខ្លួន​ចូល​ទៅក្នុង​រោងឧបោសថ ។ អ្នក​ក៏​អាច​អាន​ផងដែរ​នៅ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៧:១៥–១៦ ហើយ​ពិចារណា​ថា​​ការមាន​ចិត្តបរិសុទ្ធ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ។ ពិចារណា​ប្រសិនបើ​មាន​វិធី​ដែល​អ្នក​អាច​ខិតខំ​ប្រឹងប្រែង ដើម្បី​កាន់តែ​មាន​ចិត្ត​បរិសុទ្ធ និង​រៀបចំខ្លួន​ខាង​វិញ្ញាណ​កាន់តែ​ច្រើន ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • បន្ទាប់ពី​ការសុគត និង​ការរស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ទ្រង់​បាន​យាងទៅ​ជួប​ប្រជាជន​នៅ​ទ្វីប​អាមេរិក ។ កន្លែង​ដំបូង​ដែល​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​គឺនៅ​ព្រះវិហារ​បរិសុទ្ធ​នៅលើ​ដែនដី​បរិបូរណ៍ ។ សូម​អាន នីហ្វៃ​ទី៣ ១១:១–១០ ហើយ​និយាយ​អំពី​មូលហេតុ​ដែល​អ្នក​គិតថា ព្រះអម្ចាស់​បាន​ជ្រើសរើស​បង្ហាញ​ព្រះកាយ​ដល់​ប្រជាជន​ដូចដែល​ទ្រង់​បានធ្វើ ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​ថា ៖ « វា​សំខាន់​ណាស់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ទ្រង់ ។ … ខ្ញុំ​សូម​សន្យា​ថា ការចំណាយ​ពេល​កាន់តែ​ច្រើន​នៅ​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ដែល​គ្មាន​របៀប​ណា​ផ្សេងទៀត​អាច​ផ្តល់​ឲ្យ​បាន​នោះ​ទេ » ។ និយាយ​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ក៏​សព្វព្រះទ័យ​ឲ្យ​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ ប្រសិនបើ​អ្នក​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​គិត​អំពី​ពរជ័យ​ដែល​អ្នក​បាន​ទទួល​សម្រាប់​ការទៅ​នោះ ។ ប្រសិនបើ​អ្នក​មិនមាន​ព្រះវិហារ​បរិសុទ្ធ​នៅក្បែរ​នោះទេ ឬ​បច្ចុប្បន្ន​មិន​អាច​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយសារ​ហេតុផល​ផ្សេងទៀត អ្នក​អាច​និយាយ​អំពី​វិធី​ដែល​ព្រះវិហារ​បរិសុទ្ធ​នៅតែ​អាច​ជាផ្នែក​មួយ​ដ៏សំខាន់​នៃ​ជីវិត​របស់អ្នក ដូចជា​តាមរយៈ​ការពិចារណា​ជាប្រចាំ​នូវ​ពរជ័យ​ដែល​យើង​ទទួលបាន​មកពី​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ការចងចាំ​សេចក្តីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់អ្នក ។

  • អ្នក​អាច​ស្វែងរក​សំណួរ​សម្រាប់​សម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បីធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ​២០២២ ) ទំព័រ ៣៦–៣៧ ។ ដើម្បី​ជួយ​គ្នាទៅវិញ​ទៅមក​ឲ្យ​យល់ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​សម្រាប់​ការចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​អ្នករាល់គ្នា​ម្នាក់ៗ​អាច​ជ្រើសរើស​សំណួរ​មួយ​ដើម្បី​សិក្សា ។ អ្នក​អាច​ប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង​សម្ភារ​សាសនាចក្រ​ផ្សេងទៀត ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ប្រធានបទ​នៃ​សំណួរ ។ សូម​សួរ​ខ្លួនឯង​ថា ហេតុអ្វី​បានជា​ការណ៍នេះ​ជាផ្នែក​មួយ​ដ៏សំខាន់​នៃ​ការរៀបចំខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ? បន្ទាប់មក​ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​នូវអ្វី​ដែល​អ្នក​រៀន ។

ស្វែង​យល់​បន្ថែម​ទៀត