« ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ
ផ្នែកដ៏ចាំបាច់មួយនៃផែនការរបស់ព្រះ
ស្រមៃមើលដើមឈើដ៏ស្រស់ស្អាតមួយដែលមានឫសចាក់ជ្រៅចូលទៅក្នុងដី និងមែកលាតសន្ធឹងគ្រប់ទិស ។ ឫស និងមែកទាំងនេះធ្វើការរួមគ្នាដើម្បីជួយឲ្យដើមឈើលូតលាស់ និងនៅតែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ។
ដូចជាដើមឈើដែរ គ្រួសាររបស់យើងត្រូវបានរួបរួមគ្នាតាមរយៈឫស និងមែកធាង—ឬដោយបុព្វការីជន និងកូនចៅទាំងឡាយ ។ ចំណុចទាំងពីរនោះមានសារៈសំខាន់ក្នុងការជួយគ្រួសាររបស់យើងឲ្យរីកលូតលាស់ ។ ពេលដែលយើងរៀនអំពីបុព្វការីជនរបស់យើង នោះយើងអាចទទួលបានកម្លាំង និងការគាំទ្រ ។ ហើយពេលដែលយើងធ្វើកិច្ចការព្រះវិហារបរិសុទ្ធរបស់បុព្វការីជនរបស់យើង នោះពួកលោកអាចទទួលបានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាសំខាន់ៗនៃសេចក្តីសង្គ្រោះ ។ យើងជួយគ្នាទៅវិញទៅមក ហើយរីកចម្រើនរួមគ្នា—មិនត្រឹមតែក្នុងគ្រួសាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាសមាជិកនៃគ្រួសារដ៏អស់កល្បរបស់ព្រះផងដែរ ។
តើអ្វីទៅជាកិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ ?
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិគឺជា « ផ្នែកមួយដ៏សំខាន់នៃកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើង » ។ សមាជិកសាសនាចក្រមានឯកសិទ្ធិ និងទំនួលខុសត្រូវក្នុងការចូលរួមក្នុងកិច្ចការដ៏សំខាន់នៃការស្វែងរកឈ្មោះបុព្វការីជនរបស់ពួកគេ ហើយបន្ទាប់មកធ្វើពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះសម្រាប់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកទាំងឡាយដែលបានស្លាប់ទៅហើយអាចជ្រើសរើសទទួលយកពិធីបរិសុទ្ធទាំងនេះនៅក្នុងពិភពវិញ្ញាណ ។ តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ គ្រួសារត្រូវបានរួបរួមគ្នា និងផ្សារភ្ជាប់សម្រាប់ភាពអស់កល្បជានិច្ច ។ ព្រះអញ្ជើញបុត្រាបុត្រីទាំងអស់របស់ទ្រង់ឲ្យទទួលពរជ័យទាំងនេះ ហើយត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់វិញ ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ពង្សប្រវត្តិ
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាំក់ទង ៖ គ្រួសារ, ព្រះវិហារបរិសុទ្ធ, ពិធីបរិសុទ្ធជំនួសសម្រាប់អ្នកស្លាប់, សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ
ផ្នែកទី ១
កិច្ចការពង្សប្រវត្តិភ្ជាប់យើងទៅនឹងបុព្វការីជន និងមនុស្សជាទីស្រឡាញ់របស់យើង
នៅពេលដែលយើងរៀន ប្រមូលផ្តុំ និងរក្សាព័ត៌មានអំពីបុព្វការីជនរបស់យើង នោះយើងអាចមានអារម្មណ៍ថាមានទំនាក់ទំនងកាន់តែច្រើនជាមួយអ្នកដែលបានចែកឋានទៅមុនយើង ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « នៅពេលដែលដួងចិត្តរបស់យើងងាកទៅរកបុព្វការីជនរបស់យើង មានអ្វីមួយផ្លាស់ប្តូរនៅខាងក្នុងខ្លួនរបស់យើង ។ យើងមានអារម្មណ៍ថាមានចំណែកនឹងអ្វីមួយដែលអស្ចារ្យជាងខ្លួនរបស់យើង » ។ កិច្ចការពង្សប្រវត្តិក៏អាចពង្រឹងទំនាក់ទំនងគ្រួសារបច្ចុប្បន្នរបស់យើងបានផងដែរ ។ ការចែកចាយដំណើររឿងជាមួយសមាជិកគ្រួសារអំពីបុព្វការីជនរបស់យើង អាចជួយឲ្យយើងកាន់តែជិតស្និទ្ធជាមួយគ្នា និងមានការយល់ដឹងកាន់តែច្បាស់ថាយើងជានរណា និងមកពីណា ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
នៅក្នុងសុន្ទរកថាសន្និសីទទូទៅរបស់លោក « Roots and Branches » អែលឌើរ ឃ្វីនថិន អិល ឃុក បាន លើកទឹកចិត្តគ្រួសារឲ្យប្រមូលផ្តុំគ្នា ដើម្បីស្វែងយល់អំពីជីវិតរបស់សមាជិកគ្រួសាររបស់ពួកគេ ។ ការជួបជុំគ្នាទាំងនេះអាចរួមបញ្ចូលទាំងការចែកចាយប្រវត្តិគ្រួសារ ដំណើររឿង រូបថតទាំងឡាយ ឬទ្រព្យសម្បត្តិដ៏ជាទីស្រឡាញ់របស់ឪពុកម្តាយ ឬជីដូនជីតា ។ សមាជិកគ្រួសារដែលមានភាពងាយស្រួលជាមួយបច្ចេកវិទ្យា រួមទាំងយុវវ័យ អាចបង្ហោះព័ត៌មាន និងរូបថតទាំងឡាយទៅដាក់ក្នុង មែកធាងគ្រួសារ របស់ពួកគេបាន ។ ពិចារណារៀបចំការជួបជុំប្រភេទនេះជាមួយគ្រួសាររបស់អ្នក ។ តើមនុស្សម្នាក់ៗមានជំនាញអ្វីខ្លះដែលអាចជួយអ្នក ស្វែងយល់អំពីពង្សប្រវត្តិដែលអ្នកបានចែកចាយ ? ពិចារណាពីរបៀបដែលការធ្វើពង្សប្រវត្តិរបស់អ្នកជាមួយគ្នាអាចជួយភ្ជាប់ជំនាន់ទាំងឡាយ និងពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកបាន ។ បន្ទាប់មកចាប់ផ្តើមធ្វើជំហានសាមញ្ញដើម្បីរៀបចំផែនការជួបជុំគ្រួសារផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកក៏អាចអញ្ជើញសមាជិកគ្រួសាររបស់អ្នកឲ្យជួយអ្នកក្នុងដំណើរការនេះផងដែរ ។
-
បទគម្ពីរសម្បូរទៅដោយឧទាហរណ៍នៃពង្សប្រវត្តិ ។ សូមអាន អេធើរ ១ សម្រាប់ឧទាហរណ៍មកពីព្រះគម្ពីរមរមន ។ តើការសង្ខេបរបស់ព្យាការីមរ៉ូណៃអំពីការសរសេររបស់អេធើរប្រៀបដូចជាការធ្វើពង្សប្រវត្តិយ៉ាងដូចម្ដេច ? តើសេចក្ដីពិតអ្វីខ្លះដែលយើងរៀនចេញពីជំពូកនេះដោយសារវាត្រូវបានសរសេរ និងរក្សាទុក ? ( សូមមើល អេធើរ ១:៣៥–៣៧, ៤០–៤៣ ) ។ ពិចារណាពីរបៀបដែលអ្នកបានទទួលពរដោយសារ « ពង្សប្រវត្តិ » ដែលត្រូវបានកត់ត្រានៅក្នុងបទគម្ពីរ ។ តើមនុស្សជំនាន់ក្រោយអាចទទួលបានអត្ថប្រយោជន៍មកពីដំណើររឿងរបស់អ្នក និងបុព្វការីជនរបស់អ្នកដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
នៅពេលអ្នកគិតអំពីពង្សប្រវត្តិ ប្រហែលជាការគិតដំបូងរបស់អ្នកគឺអំពីការស្រាវជ្រាវ និងកំណត់ត្រាប្រវត្តិសាស្រ្ត ។ ប៉ុន្តែពង្សប្រវត្តិក៏រួមបញ្ចូលទាំងការរៀនអំពីសមាជិកគ្រួសារដែលកំពុងនៅរស់របស់អ្នក និងការរកឃើញទំនាក់ទំនងជាមួយបុព្វការីជនរបស់អ្នកផងដែរ ។ សូមពិនិត្យមើលឡើងវិញជាមួយគ្នានូវសុន្ទរកថារបស់អែលឌើរ ហ្គើរីត ដបុលយូ ហ្គង « យើងមានប្រវត្តិរៀងៗខ្លួន » ហើយបន្ទាប់មក ធ្វើគម្រោងមួយដែលពាក់ព័ន្ធនឹងការស្វែងយល់បន្ថែមអំពីខ្លួនឯង សមាជិកគ្រួសារ ឬបុព្វការីជនរបស់អ្នក ។ អ្នកអាចគូរគំនូរ ឬផាត់ពណ៌ដើមឈើមួយដែលមានឫស និងមែកធាងដែលរួមបញ្ចូលទាំងឈ្មោះរបស់បុព្វការីជនរបស់អ្នក ឬបង្កើតសៀវភៅមួយដែលមានដំណើររឿងមួយចំនួនរបស់ពួកគេ ។ បន្ទាប់មកពិភាក្សាអំពីរបៀបដែលការធ្វើពង្សប្រវត្តិភ្ជាប់អ្នកជាមួយគ្រួសាររបស់អ្នក រួមទាំងអ្នកដែលបានចែកឋានទៅហើយដែរ ។
-
អែលឌើរ ឃ្វីនថិន អិល ឃុក បានបង្រៀន « នៅពេលយើងរៀនពីការសាកល្បង និងការលំបាកទាំងឡាយដែលបុព្វការីជនរបស់យើងបានជួបប្រទះ នោះសេចក្ដីស្រឡាញ់ និងអំណរគុណរបស់យើងចំពោះពួកគាត់នឹងរីកធំឡើង ។ អ្នកអាចរៀនអំពីបុព្វការីជនម្នាក់ក្នុងចំណោមបុព្វការីជនទាំងឡាយរបស់អ្នក និងការសាកល្បងដែលគាត់បានជួប ហើយបន្ទាប់មកចែកចាយដំណើររឿងនោះជាមួយក្រុម ។ អ្នកក៏អាចបង្ហាញរូបភាព ឬនាំយកវត្ថុដែលតំណាងឲ្យបុព្វការីជនរបស់អ្នកផងដែរ ។ ពិភាក្សាអំពីរបៀបដែលដំណើររឿងទាំងនេះបានធ្វើឲ្យអ្នកមានការចាប់អារម្មណ៍ និងជួយអ្នកឲ្យមានអំណរគុណចំពោះដើមកំណើតរបស់អ្នក ។
ស្វែងយល់បន្ថែមទៀត
-
លូកា ៣:២៣–៣៨; នីហ្វៃទី១ ៥:១៤–១៧; ១៩:២–៥
-
ដានីស ប៊ី ណយអិនស្វានឌើរ « Bridges and Eternal Keepsakes » Ensign ខែឧសភា ឆ្នាំ១៩៩៩ ទំព័រ ៨៣–៨៥
ផ្នែកទី ២
យើងមានទំនួលខុសត្រូវក្នុងការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ ដើម្បីជួយបុត្រាបុត្រីរបស់ព្រះឲ្យទទួលបានជីវិតដ៏អស់កល្បជានិច្ច
ព្រះសព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ទទួលបានជីវិតដ៏អស់កល្បជានិច្ច ហើយបានប្រទានដល់ពួកគេនូវពិធីបរិសុទ្ធ និងសេចក្តីសញ្ញានៃការសង្រ្គោះដើម្បីជួយពួកគេឲ្យត្រឡប់ទៅរកទ្រង់វិញ ។ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងនេះមាននៅក្នុងព្រះវិហារបរិសុទ្ធ ឬនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។
មនុស្សជាច្រើនដែលបានស្លាប់ទៅហើយមិនមានឱកាសដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទ ឬដើម្បីទទួលបានពិធីបរិសុទ្ធនៃការសង្គ្រោះនៃដំណឹងល្អរបស់ទ្រង់ក្នុងអំឡុងពេលជីវិតរមែងស្លាប់របស់ពួកគេឡើយ ។ ពួកគេកំពុងរង់ចាំអ្នកដែលរស់នៅលើផែនដីធ្វើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់ពួកគេនៅក្នុងពិភពវិញ្ញាណ ។ អ្នកដែលកំពុងរង់ចាំកិច្ចការនេះអាចរួមមានសមាជិកគ្រួសារដែលបានចែកឋានទៅហើយរបស់យើង ។ តាមរយៈការរកឃើញឈ្មោះរបស់បុព្វការីជនទាំងនេះ នោះយើងអាចអនុវត្តពិធីបរិសុទ្ធជំនួសឲ្យពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅក្នុងពិភពវិញ្ញាណ អ្នកដែលបានចែកឋានទៅហើយ អាចជ្រើសរើសទទួលយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ក៏ដូចជាពិធីបរិសុទ្ធទាំងនេះ ហើយទទួលបានសេចក្តីសង្គ្រោះ និងភាពតម្កើងឡើង និងបានរួបរួមគ្នាជាមួយគ្រួសាររបស់ពួកគេសម្រាប់ភាពអស់កល្បជានិច្ច ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ពិចារណាពីរបៀបដែលការទទួលពិធីបរិសុទ្ធសម្រាប់អ្នកដែលបានចែកឋានទៅហើយ អាចជួយអ្នកមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថានសួគ៌ ។ បន្ទាប់មកអានដំណើររឿងទាំងពីរនៅក្នុងសុន្ទរកថារបស់អែលឌើរ ហ្គើរីត ដបុលយូ ហ្គង « រីករាយជារៀងរហូត » អំពីសមាជិកសាសនាចក្រដែលមានបទពិសោធន៍ខាងវិញ្ញាណដោយផ្ទាល់ខុសពីគេ តាមរយៈការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ពិចារណាអំពីរបៀបដែលការចូលរួមរបស់អ្នកនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចនាំមកនូវភាពសុខសាន្ត សេចក្តីសង្ឃឹម ឬការព្យាបាលនៅក្នុងជីវិតរបស់អ្នក ហើយជួយអ្នកស្វែងយល់បន្ថែមទៀតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
នៅក្នុងសុន្ទរកថារបស់លោក « Gathering the Family of God » ប្រធាន ហែនរី ប៊ី អាវរិង បានថ្លែងទីបន្ទាល់ថា ព្រះនឹងបង្វែរចិត្តរបស់បុត្រាបុត្រីរបស់ព្រះ ឲ្យមកឯឪពុករបស់ពួកគេវិញ ( សូមមើល ម៉ាឡាគី ៤:៥–៦; នីហ្វៃទី៣ ២៥:៥–៦; យ៉ូសែប ស្មីធ—ប្រវត្តិ ១:៣៩ ) ។ លោកបានមានប្រសាសន៍ ៖ « បុព្វការីជនរបស់បងប្អូនជាច្រើននាក់ ពុំបានទទួលពិធីបរិសុទ្ធ [ នៃការសង្រ្គោះ ] ទាំងនោះឡើយ ។ ប៉ុន្តែព្រះបានប្រទានមធ្យោបាយដើម្បីឲ្យបងប្អូនអាចធ្វើបាន ។ ហើយព្រះជ្រាបថាបងប្អូននឹងមានអារម្មណ៍ខិតទៅជិតបុព្វការីជនរបស់ខ្លួនក្នុងក្ដីស្រឡាញ់ ហើយថាបងប្អូនមានបច្ចេកវិទ្យាចាំបាច់ដើម្បីស្វែងរកពួកលោក ។ ទ្រង់ក៏ជ្រាបដែរថាបងប្អូននឹងរស់នៅក្នុងគ្រាមួយដែលអាចទៅព្រះវិហារបរិសុទ្ធបាន ជាទីដែលពិធីបរិសុទ្ធទាំងឡាយត្រូវបានធ្វើឡើង ដែលនឹងអស្ចារ្យជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ ។ ហើយទ្រង់បានជ្រាបដឹងថា ទ្រង់អាចទុកចិត្តលើបងប្អូនឲ្យសម្រេចកិច្ចការនេះ [ ជំនួស ] ឲ្យបុព្វការីជនរបស់បងប្អូនបាន » ។
តើការជឿទុកចិត្តរបស់ព្រះបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីជួយបុព្វការីជនរបស់អ្នក ឲ្យទទួលបានពរជ័យមកពីទ្រង់យ៉ាងដូចម្តេច ? តើចក្ខុវិស័យរបស់ទ្រង់ពង្រឹងទីបន្ទាល់របស់អ្នក ថាទ្រង់មានផែនការសម្រាប់គ្រួសារដ៏អស់កល្បជានិច្ចរបស់ទ្រង់ដោយរបៀបណា ? សូមជញ្ជឹងគិតពីរបៀបដែលអ្នកអាចមានចេតនាក្នុងការជួយកាន់តែខ្លាំងនៅក្នុងកិច្ចការរបស់ព្រះ ហើយបន្ទាប់មកធ្វើសកម្មភាពលើចំណាប់អារម្មណ៍ដែលអ្នកទទួលបាន ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
នៅក្នុងពិធីបុណ្យសពនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៨៤០ យ៉ូសែប ស្ម៊ីធ បានបង្រៀនថា បុរស និងស្ត្រីអាចទទួលបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់បាន ។ ដំណឹងនេះពិតជាគួរឲ្យរំភើបខ្លាំងណាសចំពោះពួកបរិសុទ្ធ ហើយពួកគេ « បានចាប់ផ្តើមភ្លាមៗដើម្បីទទួលបុណ្យជ្រមុជទឹកសម្រាប់មនុស្សជាទីស្រឡាញ់ដែលបានចែកឋាននៅក្នុងទន្លេ និងស្ទឹងក្បែរទីក្រុងណៅវូ » ។ សូមពិចារណាអាន « Letters on Baptism for the Dead » រួមគ្នាដើម្បីស្វែងយល់បន្ថែមអំពីពេលដែលគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ត្រូវបានប្រទានឲ្យ ។ បន្ទាប់មកពិភាក្សាអំពីមូលហេតុដែលទាំងអ្នកនៅរស់ និងអ្នកស្លាប់ត្រូវការគ្នាទៅវិញទៅមក ។ តើវាមានន័យយ៉ាងណាដែលថា « យើងរាល់គ្នា មិនអាចបានល្អឥតខ្ចោះ ក្រៅពីពួកគេឡើយ រីឯពួកគេក៏មិនអាចបានល្អឥតខ្ចោះក្រៅពីយើងដែរ » ? ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៨ ) ។ តើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិរៀបចំអ្នកនៅរស់ និងអ្នកស្លាប់សម្រាប់ជីវិតដ៏អស់កល្បជានិច្ចដោយរបៀបណា ? អ្នកក៏អាចមើលវីដេអូ « What Are Baptisms for the Dead? » ហើយនិយាយអំពីរបៀបដែលការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចនាំមកនូវសេចក្តីអំណរដូចគ្នាសម្រាប់អ្នកដូចដែលវាបានមានសម្រាប់ពួកបរិសុទ្ធពីសម័យដើមដែរ ។
-
អែលឌើរ ឌែល ជី រិនឡាន់បានបង្រៀន ៖ « ក្នុងនាមជាសមាជិកសាសនាចក្រ យើងមានការទទួលខុសត្រូវដែលព្រះបានចាត់តាំងដ៏ទេវភាព ឲ្យស្វែងរកជីដូនជីតារបស់យើង ហើយចងក្រងពង្សប្រវត្តិឡើង ។ វាគឺជាកិច្ចការដ៏អស្ចារ្យណាស់ ព្រោះតាមរយៈកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ នោះយើងអាចជួយប្រោសលោះដល់មរណជន » ។ សូមពិនិត្យមើលសុន្ទរកថានេះជាមួយគ្នា ហើយបន្ទាប់មកជាក្រុម បង្កើតគោលដៅដែលទាក់ទងនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។ ឧទាហរណ៍ ម្នាក់ៗអាចសម្រេចចិត្តនាំយកឈ្មោះគ្រួសារមួយទៅកាន់ព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីបរិសុទ្ធសម្រាប់បុព្វការីជននោះ។ ឬអ្នកអាចចូលរួមក្នុងការធ្វើលិបិក្រមនៅលើ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីជួយអ្នកដទៃស្វែងរកឈ្មោះបុព្វការីជនរបស់ពួកគេ ។ តើការដឹងថាការប្រោសលោះអ្នកស្លាប់គឺជាការទទួលខុសត្រូវដែលបានតែងតាំងដ៏ទេវភាព ធ្វើឲ្យបំណងប្រាថ្នារបស់អ្នកកាន់តែស៊ីជម្រៅដើម្បីធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិដោយរបៀបណា ? តើអ្នកមានអារម្មណ៍ថាត្រូវបានដឹកនាំដោយព្រះវិញ្ញាណនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដោយរបៀបណា ? ពិភាក្សាអំពីបទពិសោធន៍របស់អ្នកជាមួយគ្នាទៅវិញទៅមក និងចែកចាយពរជ័យដែលអ្នកបានទទួលដោយការបំពេញទំនួលខុសត្រូវដ៏សំខាន់នេះ ។
ស្វែងយល់បន្ថែមទៀត
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១៣–១៦; ១២៨:១៥–១៩; ១៣៧:៧–១០; ១៣៨:២៩–៣៥, ៥៣–៥៤
-
រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Open the Heavens through Temple and Family History Work » Ensign ខែតុលា ឆ្នាំ២០១៧ ទំព័រ ៣៤–៣៩
-
ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ២៤–២៧
-
ការចងក្រង « ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ » បណ្ណាល័យដំណឹងល្អ
-
« ព្រះវិហារបរិសុទ្ធ » នៅលើគេហទំព័រ ChurchofJesusChrist.org