« គ្រួសារ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
គ្រួសារ
ការបង្កបង្កើតរបស់ព្រះសម្រាប់សុភមង្គលដ៏ធំបំផុតរបស់យើង
ពីមុនយើងកើតមក យើងបានរស់នៅជាមួយនឹងព្រះមាតាបិតាសួគ៌ ។ គ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌របស់យើង សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ច និងសុភមង្គលរបស់យើង ។ គ្រួសារជាកន្លែងដែលយើងអាចរកឃើញនូវសេចក្តីអំណរដ៏ធំបំផុតរបស់យើងក្នុងជីវិតនេះ និងក្នុងភាពអស់កល្បជានិច្ច ។ ហើយការស្ថិតនៅក្នុងគ្រួសារអាចជួយយើងរៀនមេរៀនជីវិតសំខាន់បំផុតមួយចំនួន—មេរៀនដូចជាការបម្រើព្រះ និងអ្នកដទៃទៀត ។
យើងមានពរនៅពេលដែលយើងលះបង់ពេលវេលារបស់យើង ដើម្បីស្ថាបនាទំនាក់ទំនងរឹងមាំជាមួយគ្រួសាររបស់យើង ។ ទ្រព្យសម្បត្តិ និងតំណែងការងាររបស់យើងនឹងមិនដើរតាមយើងទៅជីវិតបន្ទាប់នោះទេ ប៉ុន្តែប្រសិនបើយើងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដើរតាមព្រះ ហើយរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ នោះយើងមានសក្តានុពលក្នុងការរស់នៅជាមួយក្រុមគ្រួសាររបស់យើងសម្រាប់ភាពអស់កល្បជានិច្ច ។ អែលឌើរ អិល ថម ភែរី បានបង្រៀនថា « នៅក្នុងពិភពលោកនៃភាពចលាចល និងភាពមិនច្បាស់លាស់ វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើឲ្យគ្រួសាររបស់យើងក្លាយជាចំណុចសំខាន់នៃជីវិតរបស់យើង និងជាអាទិភាពកំពូលរបស់យើង » ។ ទោះបីជាគ្មានគ្រួសារណាល្អឥតខ្ចោះក៏ដោយ យើងអាចរៀនសូត្រ និងកែលម្អពេលដែលយើងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីស្រឡាញ់គ្រួសាររបស់យើង និងរីកចម្រើនជាមួយគ្នាដើម្បីកាន់តែក្លាយដូចជាព្រះ ។
តើគ្រួសារគឺជាអ្វី ?
នៅទីនេះនៅលើផែនដីមានក្រុមគ្រួសារជាច្រើនប្រភេទ ។ គ្រួសារមួយអាចមានឪពុកម្តាយ និងកូន ឬកូនៗរបស់ពួកគេ ។ ប៉ុន្តែគ្រួសារមួយក៏អាចមានស្វាមីភរិយា ឪពុក ឬម្តាយម្នាក់ដែលមានកូន ឬក្រុមបងប្អូនបង្កើតផងដែរ ។ គ្រួសារសាច់ឆ្ងាយរួមមានជីដូនជីតា ចៅ មីង ពូ បងប្អូនជីដូនមួយ ក្មួយស្រី និងក្មួយប្រុស និងច្រើនទៀត ។ ពេលខ្លះយើងអាចចាត់ទុកមិត្តជិតស្និទ្ធរបស់យើងដូចជាគ្រួសារ ទោះបីជាយើងមិនជាប់សាច់ឈាមជាមួយពួកគេក៏ដោយ ។ នៅក្នុងន័យដ៏ទូលំទូលាយ យើងទាំងអស់គ្នាគឺជាគ្រួសាររបស់ព្រះ ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ គ្រួសារ
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ សេចក្ដីសញ្ញាអស់កល្បអស់កាលជានិច្ច, ជីវិតអស់កល្បជានិច្ច, អាពាហ៍ពិពាហ៍, ការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ, អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
ផ្នែកទី ១
គ្រួសារគឺចាំបាច់ណាស់នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះ
គ្រួសារគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌យើង សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ យើងបានរស់នៅជាមួយព្រះមាតាបិតាសួគ៌របស់យើងពីមុនពេលយើងមកដល់ផែនដីនេះ ហើយក្រុមគ្រួសាររបស់យើងនៅទៅនេះធ្វើតាមគំរូដែលព្រះបានប្រទានឲ្យ ។
ហេតុផលមួយដែលយើងមកដល់ផែនដីនេះក្នុងទម្រង់ជាក្រុមគ្រួសារគឺដើម្បីឪពុកម្តាយអាចបង្រៀនកូនៗរបស់ពួកគេអំពីដំណឹងល្អ និងជួយពួកគេឲ្យមានជីវិតដែលមានសុភមង្គល និងមានអត្ថន័យ ។ ការណ៍នេះជួយសម្រេចនូវផែនការរបស់ព្រះវរបិតាសួគ៌ក្នុងការផ្តល់ឱកាសដល់យើងដើម្បីរៀន និងរីកចម្រើន ហើយក្លាយកាន់តែដូចជាទ្រង់ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សូមអាន និងពិចារណា ម៉ូសេ ៥:១២ ។ សូមពិចារណានូវសេចក្តីពិត និងមេរៀនសំខាន់ៗដែលឪពុកម្តាយទាំងនេះអាចបង្រៀនដល់កូនៗរបស់ពួកគេ ។ ស៊ីស្ទើរ ថាម៉ារ៉ា ដបុលយូ រូនៀ បានបង្រៀនថា « ក្រុមគ្រួសារគឺជាមន្ទីរពិសោធន៍ដែលព្រះប្រទានឲ្យ ជាកន្លែងដែលយើងរៀននូវរឿងគ្រប់យ៉ាង ដូច្នេះការដើរខុស និងការគិតខុសពុំមែនជាអ្វីដែលគ្រាន់តែអាចកើតឡើងទេ គឺវានឹងកើតឡើង ។ ហើយតើវាមិនគួរឲ្យចាប់អារម្មណ៍ទេឬ បើនៅចុងបញ្ចប់នៃជីវិតយើង យើងអាចឃើញថាទំនាក់ទំនងទាំងនោះ ទោះជាក្នុងគ្រាដ៏ពិបាកក្ដី គឺជាអ្វីៗដែលបានជួយយើងឲ្យក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះរបស់យើងនោះ ? … ទំនាក់ទំនងគ្រួសារ [ គឺជា ] មធ្យោបាយដ៏មានអានុភាពមួយ ដើម្បីបង្រៀនយើងនូវមេរៀនដែលយើងមកទីនេះដើម្បីរៀន » ។ ហេតុអ្វីបានជាអ្នកគិតថាគ្រួសារមានសារៈសំខាន់ចំពោះផែនការរបស់ព្រះ ? តើបទពិសោធន៍របស់អ្នកនៅក្នុងគ្រួសាររបស់អ្នកបានជួយអ្នកឲ្យរីកចម្រើន និងប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើការគិតអំពីជីវិតគ្រួសាររបស់អ្នកប្រៀបដូចជា « មន្ទីរពិសោធន៍ » អាចប៉ះពាល់ដល់របៀបដែលអ្នកមើលភាពមិនល្អឥតខ្ចោះរបស់គ្រួសាររបស់អ្នកដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី បានផ្តល់ដំបូន្មាននេះ ៖ « ព្រះអម្ចាស់បានតែងតាំងថា យើងគួរតែរៀបការ ថាយើងនឹងរស់នៅជាមួយគ្នាក្នុងសេចក្តីស្រឡាញ់ និងភាពសុខសាន្ត និងភាពសុខដុមរមនា ថាយើងនឹងមានកូនៗ និងចិញ្ចឹមពួកគេតាមវិធីដ៏បរិសុទ្ធរបស់ទ្រង់ ។ … ហើយបន្ទាប់ពីការណ៍ទាំងអស់បាននិយាយ និងធ្វើរួចហើយ ទាំងនោះគឺជាខ្លឹមសារនៃដំណឹងល្អ ។ គ្រួសារគឺជាការបង្កបង្កើតដោយព្រះ ។ វាគឺជាការបង្កបង្កើតជាមូលដ្ឋានមួយ ។ របៀបដើម្បីពង្រឹងប្រទេសជាតិគឺត្រូវពង្រឹងគេហដ្ឋានរបស់ប្រជាជន » ។ សូមពិភាក្សាអំពីមូលហេតុដែលព្រះបានបញ្ជូនយើងមកកាន់ ផែនដីក្នុងក្រុមគ្រួសារ និងរបៀបដែលការណ៍នេះជួយបំពេញផែនការរបស់ទ្រង់ ។ តើការពង្រឹងគេហដ្ឋានរបស់យើងអាចជួយពង្រឹងសហគមន៍របស់យើងដោយរបៀបណា ? ដើម្បីបង្ហាញពីគំនិតនេះ អ្នកអាចលេងហ្គេមមួយដែលតម្រូវឲ្យធ្វើការជាមួយគ្នា ។ ឧទាហរណ៍ អ្នកអាចបង្កើតជាចំណងមនុស្ស ( បង្កើតជារង្វង់មួយ ហើយឲ្យអ្នករាល់គ្នាចាប់ដៃមនុស្សពីរផ្សេងគ្នា ) ហើយធ្វើការរួមគ្នាដើម្បីដោះស្រាយចំណងនោះដោយមិនឲ្យលែងដៃចេញឡើយ ។ ឬអ្នកអាចរៀបខ្លួនអ្នកទាំងអស់គ្នាជាជួរមួយដោយផ្អែកលើលក្ខណៈមួយចំនួនដោយមិនចាំបាច់និយាយឡើយ ( ដូចជា លំដាប់នៃខែកំណើតរបស់អ្នក ពណ៌ភ្នែក ឬកម្ពស់ ) ។ បន្ទាប់មកនិយាយអំពីរបៀបដែលការធ្វើការរួមគ្នាជាគ្រួសារជួយសម្រេចគោលបំណងរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
ស្វែងយល់បន្ថែមទៀត
-
ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ៥០–៥៣
ផ្នែកទី ២
ព្រះបានប្រទានឲ្យឪពុកម្តាយនូវទំនួលខុសត្រូវដ៏សំខាន់
ព្រះវរបិតាសួគ៌បានប្រទានដល់ឪពុកម្តាយនូវការទទួលខុសត្រូវចំពោះបុត្រាបត្រីខាងវិញ្ញាណជាទីស្រឡាញ់របស់ទ្រង់ ខណៈដែលពួកគេនៅទីនេះនៅលើផែនដី ។ ឪពុកម្តាយត្រូវបានបញ្ជាឲ្យចិញ្ចឹមបីបាច់កូនចៅរបស់ពួកគេ « នៅក្នុងពន្លឺ និងសេចក្ដីពិត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:៤០ ) ។ ព្យាការីក៏បានមានប្រសាសន៍ថា « ឪពុកម្តាយមានកាតព្វកិច្ចដ៏ពិសិដ្ឋដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្តីស្រឡាញ់ និងសេចក្ដីសុចរិត ផ្គត់ផ្គង់សេចក្តីត្រូវការទាំងខាងរូបកាយ និងខាងវិញ្ញាណរបស់ពួកគេ » ។ នៅពេលដែលក្រុមគ្រួសារមិនអាចផ្តល់អ្វីទាំងអស់ដែលត្រូវការ នោះសាសនាចក្រអាចចូលខ្លួន ហើយជួយបាន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥២:៤០; ៨៣:១–៦; ១៣៦:៨ ) ។
ក្នុងនាមជាឪពុកម្តាយដែលមានសេចក្តីស្រឡាញ់ចិញ្ចឹមកូនរបស់ពួកគេជាមួយគ្នា ពួកគេមានឱកាសល្អបំផុតដើម្បីផ្តល់ និងចិញ្ចឹមបីបាច់កូនៗទាំងនោះទាំងខាងសាច់ឈាម ខាងវិញ្ញាណ និងខាងសតិអារម្មណ៍ ។ ឪពុកម្តាយ និងកូនៗទទួលបានពរពេលដែលឪពុកម្តាយបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងគេហដ្ឋាន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–២៨ ) ។ ពេលខ្លះឪពុកម្តាយមិនអាចចិញ្ចឹមបីបាច់កូនៗជាមួយគ្នាបានទេ ក្នុងករណីបែបនេះ នោះព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេពេលដែលពួកគេធ្វើឲ្យអស់ពីសមត្ថភាពរបស់ពួកគេដើម្បីរក្សាសេចក្តីសញ្ញារបស់ពួកគេ និងធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សូមអានកំណត់ត្រាខាងក្រោមរបស់ឪពុកម្តាយទាំងឡាយដែលបានបង្រៀនកូនៗរបស់ពួកគេ ៖ ម៉ូសាយ ១:២–៨; ហេលេមិន ៥:៤–១២ ។ ( អ្នកក៏អាចអាន ចោទិយកថា ៦:៤–៧; ១១:១៩–២១; អេសាយ ៥៤:១៣; នីហ្វៃទី២ ២៥:២៦ សម្រាប់ការយល់ដឹងបន្ថែមអំពីការធ្វើជាឪពុកម្ដាយ ) ។ តើគោលការណ៍ដំណឹងល្អអ្វីខ្លះដែលឪពុកម្តាយទាំងនេះបង្រៀន ? ហេតុអ្វីបានជាគោលការណ៍ទាំងនេះមានសារៈសំខាន់សម្រាប់កុមារដើម្បីរៀនសព្វថ្ងៃនេះ ? តើអ្នកអាចជួយកូនៗរបស់អ្នក ឬមនុស្សជាទីស្រឡាញ់ផ្សេងទៀតរៀន និងរស់នៅតាមសេចក្តីពិតទាំងនោះដោយរបៀបណា ? អ្នកក៏អាចគិតអំពីឪពុកម្តាយគំរូផ្សេងទៀតដែលអ្នកស្គាល់បានផងដែរ ។ តើអ្នករៀនអ្វីខ្លះពីពួកគេអំពីរបៀបដែលឪពុកម្តាយសុចរិតបង្រៀនបុត្រាបុត្រីរបស់ព្រះ ?
-
ប្រធាន រ័សុល អិម ណិលសុន បានណែនាំថា « សូមកុំព្យាយាមគ្រប់គ្រងកូនៗរបស់បងប្អូន ។ ផ្ទុយទៅវិញ ចូរស្ដាប់ពួកគេ ជួយពួកគេឲ្យរៀនដំណឹងល្អ បំផុសគំនិតពួកគេ ហើយដឹកនាំពួកគេឆ្ពោះទៅរកជីវិតដ៏អស់កល្បជានិច្ច ។ បងប្អូនគឺជាភ្នាក់ងាររបស់ព្រះក្នុងការថែរក្សាបុត្រាបុត្រីដែលទ្រង់បានប្រគល់ឲ្យបងប្អូនមើលថែ ។ សូមអនុញ្ញាតឲ្យព្រះចេស្តាដ៏ទេវភាពរបស់ទ្រង់នៅតែស្ថិតនៅក្នុងចិត្តរបស់បងប្អូន នៅពេលបងប្អូនបង្រៀន និងការខិតខំអធិប្បាយ » ។ តើអ្នកអាចគោរពការជឿទុកចិត្តរបស់ព្រះមកលើអ្នក ដោយការបង្រៀនកូនៗរបស់អ្នកអំពីដំណឹងល្អដោយឧស្សាហ៍ព្យាយាមដោយរបៀបណា ? តើអ្នកអាចគោរពសិទ្ធិជ្រើសរើសរបស់កូនៗរបស់អ្នកដោយរបៀបណា ពេលដែលអ្នកដឹកនាំពួកគេឆ្ពោះទៅរកជីវិតអស់កល្បជានិច្ច ? ពិចារណាពីរបៀបដែលអ្នកអាចអនុញ្ញាតឲ្យឥទ្ធិពលរបស់ទ្រង់ដឹកនាំអ្នកជារៀងរាល់ថ្ងៃនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមអានរួមគ្នា ម៉ូសេ ៣:២១–២៤ ។ បន្ទាប់មកអានគំនិតនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន ៖ « នៅក្នុងការចាប់ផ្តើមដំបូង ព្រះបានផ្តួចផ្តើមអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី—លោកអ័ដាម និងនាងអេវ៉ា ។ ទ្រង់បានកំណត់គោលបំណងនៃអាពាហ៍ពិពាហ៍ដើម្បីឲ្យលើសពីភាពរីករាយ និងការបំពេញបំណងផ្ទាល់ខ្លួនរបស់មនុស្សពេញវ័យទៅទៀត ហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីបង្កើតបរិយាកាសដ៏ល្អមួយ សម្រាប់កុមារមកចាប់កំណើត ហើយទទួលការចិញ្ចឹម និងបីបាច់ ។ ក្រុមគ្រួសារគឺជាកំណប់ទ្រព្យនៃស្ថានសួគ៌ » ។ អ្នកអាចប្រើប្រអប់កំណប់ទ្រព្យ ឬមើលរូបភាពដែលភ្ជាប់មកជាមួយ ពេលអ្នកនិយាយអំពីវគ្គបទគម្ពីរ និងសេចក្តីថ្លែងការណ៍ដោយអែលឌើរ អាន់ឌើរសិន ។ បន្ទាប់មកអ្នកអាចសរសេរដំណើររឿងមួយដែលអាចជួយបង្កើតបរិយាកាសដ៏ល្អសម្រាប់កុមារ ដើម្បីរៀន និងរីកចម្រើននៅក្នុងដំណឹងល្អ ។
-
មើលរូបភាពភ្ជាប់មកជាមួយ និងនិយាយអំពីមូលហេតុដែលមូលដ្ឋានគ្រឹះនៃគេហដ្ឋានមានសារៈសំខាន់ខ្លាំង ។ អែលឌើរ ថាត អរ ខាលីស្ទើ បានបង្រៀនថា « ក្នុងនាមជាមាតាបិតា យើងគឺជាគ្រូបង្រៀនដំណឹងល្អ និងជាគំរូសំខាន់បំផុតចំពោះកូនៗរបស់យើង—ពុំមែនជាប៊ីស្សព សាលាថ្ងៃអាទិត្យ ក្រុមយុវនារី ឬក្រុមយុវជនទេ ប៉ុន្តែគឺជាមាតាបិតា ។ ក្នុងនាមជាគ្រូបង្រៀនដំណឹងល្អដ៏សំខាន់បំផុតរបស់ពួកគេ យើងអាចបង្រៀនពួកគេអំពីអំណាច និងភាពពិតនៃដង្វាយធួន—អំពីអត្តសញ្ញាណ និងជោគវាសនាដ៏ទេវភាពរបស់ពួកគេ—ធ្វើបែបនេះ ដើម្បីជួយពួកគេឲ្យស្ថាបនានៅលើគ្រឹះសិលាយ៉ាងរឹងមាំ ។ និយាយឲ្យអស់ទៅ គេហដ្ឋានគឺជាទីដ៏ឥតខ្ចោះដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។ អ្នកអាចនិយាយអំពីសារៈសំខាន់នៃឱកាសដើម្បីបង្រៀនដំណឹងល្អដែលមានរចនាសម្ព័ន្ធ ប៉ុន្តែក៏ពិភាក្សាអំពីរបៀបដែលការបង្រៀនកូនៗរបស់យើងជាញឹកញាប់ដែលកើតឡើងពីធម្មជាតិនៅពេលដែលយើងធ្វើសកម្មភាពប្រចាំថ្ងៃរបស់យើង ។ ចែកចាយបទពិសោធន៍ដែលអ្នកធ្លាប់មានជាមួយនឹងពេលវេលាបង្រៀនក្រៅផ្លូវការ និងអ្វីដែលអ្នកបានរៀនមកពីបទពិសោធន៍ទាំងនេះ ។ តើការសន្ទនាជាទៀងទាត់ និងធម្មតាទាំងនេះអាចជួយធានាថា កុមារ និងយុវវ័យមានមូលដ្ឋានគ្រឹះនៃដំណឹងល្អដ៏រឹងមាំដើម្បីស្ថាបនាទីបន្ទាល់របស់ពួកគេដោយរបៀបណា ? សូមកត់ត្រាគំនិតរបស់អ្នក និងធ្វើសកម្មភាពលើចំណាប់អារម្មណ៍ណាមួយដែលអ្នកទទួលបាន ។
ស្វែងយល់បន្ថែមទៀត
-
សុភាសិត ២២:៦; អេភេសូ ៦:១–៤; ម៉ូសាយ ៤:១៤–១៥; នីហ្វៃទី៣ ១៨:២១; គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៩–១២០
-
អិម រ័សុល បាឡឺដ « ចូរចងចាំអ្វីដែលសំខាន់បំផុត » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១០៥–១០៧
-
ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់ឪពុកម្ដាយ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៥៥–៥៩
-
ដេវីឌ អេ បែដណា « More Diligent and Concerned at Home » Ensign ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ១៧–២០
-
« គេហដ្ឋាន និងគ្រួសារ » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) ទំព័រ ៣០–៣១
ផ្នែកទី ៣
ព្រះប្រទានឲ្យយើងនូវវិធីមួយដើម្បីបង្រួបបង្រួមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
ពរជ័យមួយក្នុងចំណោមពរជ័យដ៏អស្ចារ្យបំផុតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺថា ប្រសិនបើយើងនៅតែស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលយើងធ្វើ នោះទំនាក់ទំនងគ្រួសាររបស់យើងអាចបន្តបន្ទាប់ពីជីវិតនេះ—សូម្បីតែសម្រាប់ភាពអស់កល្បជានិច្ច ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « ដំណឹងល្អដែលបានស្ដារឡើងវិញអះអាងនឹងយើងថា ការរស់ឡើងវិញអាចរួមមានទាំងឱកាសដើម្បីនៅជាមួយសមាជិកក្រុមគ្រួសារយើង— ស្វាមី ភរិយា កូនៗ និងឪពុកម្ដាយ ។ នេះគឺជាការលើកទឹកចិត្តប្រកបដោយអានុភាពមួយដើម្បីយើងបំពេញការទទួលខុសត្រូវក្រុមគ្រួសារយើងក្នុងជីវិតរមែងស្លាប់ ។ វាជួយយើងរស់នៅជាមួយគ្នានៅក្នុងសេចក្ដីស្រឡាញ់នៅក្នុងជីវិតនេះដើម្បីចូលរួមក្នុងការរួបរួម និងទំនាក់ទំនងនៅជីវិតក្រោយដោយអំណរ » ។
ប្រសិនបើយើងរក្សាបទបញ្ញាត្តិរបស់ព្រះអម្ចាស់ ហើយ ក្រុមគ្រួសាររបស់យើងត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ទ្រង់សន្យាថា យើងអាចមានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយគ្រួសាររបស់យើង ។ យើងអាចទទួលបានពរជ័យដ៏អស្ចារ្យនេះ ទោះបីជាបច្ចុប្បន្នយើងមិនទាន់រៀបការ ឬមិនមានកូន ឬសមាជិកគ្រួសាររបស់យើងមិនមានឱកាសទទួលយកដំណឹងល្អក្នុងជីវិតរបស់ពួកគេក្តី ។ គ្មានពរជ័យណាមួយរបស់ព្រះនឹងត្រូវរក្សាទុកពីអ្នកដែលស័ក្តិសមនឹងទទួលបានពរជ័យទាំងនោះឡើយ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា ៖ « ដោយសារផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះ ក្រុមគ្រួសារអាចបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ហើយរៀបចំដើម្បីត្រឡប់ទៅរស់នៅក្នុងវត្តមានដ៏បរិសុទ្ធរបស់ទ្រង់ជារៀងរហូត ។ នោះហើយជាជីវិតដ៏នៅអស់កល្បជានិច្ច ! វាបំពេញបំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតនៃព្រលឹងមនុស្ស—បំណងប្រាថ្នាពីធម្មជាតិសម្រាប់ទំនាក់ទំនងដ៏គ្មានទីបញ្ចប់ជាមួយសមាជិកគ្រួសារដ៏ជាទីស្រឡាញ់របស់ខ្លួន » ។ ពិចារណាពីសេចក្តីអំណរដែលអ្នកអាចមានជាមួយ « ទំនាក់ទំនងដ៏ គ្មានទីបញ្ចប់ » ជាមួយគ្រួសាររបស់អ្នក ។ តើអ្នកនៅត្រង់ណានៅលើផ្លូវនេះដើម្បីអាចសម្រេចបាននូវគោលដៅនេះ ? តើជំហានបន្ទាប់របស់គ្រួសាររបស់អ្នកនៅលើផ្លូវនេះគឺជាអ្វី ? ប្រសិនបើអ្នកមានស្ថានភាពគ្រួសារដ៏លំបាកដែល « ទំនាក់ទំនងដ៏គ្មានទីបញ្ចប់ » ជាមួយនរណាម្នាក់អាចមានអារម្មណ៍ថាមិនសូវល្អនៅពេលនេះ តើអ្នកអាចអញ្ជើញព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដើម្បីជួយព្យាបាលទំនាក់ទំនងគ្រួសាររបស់អ្នកដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
អ្នកអាចមើលវីដេអូជាមួយគ្នា « Families Can Be Together Forever » ( នាទីទី ៣:១០ ) ។ សូមនិយាយអំពីដំបូន្មានរបស់ប្រធាន ហែនរី ប៊ី អាវរិង អំពីសេចក្តីស្រឡាញ់នៅក្នុងគ្រួសារ ។ តើពាក្យសម្តីចុងក្រោយរបស់ប្រធាន អាវរីង នៅក្នុងវីដេអូនេះរំឭកយើងអំពីអ្វីខ្លះ ? បន្ទាប់មកអានការបង្រៀននេះដោយប្រធាន ណិលសុន ថា « ជីវិតនេះគឺជាពេលវេលាដើម្បីរៀបចំខ្លួនសម្រាប់សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ នៅក្នុងផែនការដ៏អស់កល្បរបស់ព្រះ សេចក្តីសង្រ្គោះគឺជាបញ្ហារបស់បុគ្គលម្នាក់ៗ ប៉ុន្តែភាពតម្កើងឡើងគឺជាបញ្ហារបស់គ្រួសារទាំងមូល » ។ អ្នកអាចមានភាពសប្បាយរីករាយដោយការរៀបចំអ្វីមួយជាមួយគ្នា ដូចជាការធ្វើនំដែលចូលចិត្ត ឬរៀបចំអាហារដែលចូលចិត្ត ។ បន្ទាប់មកអ្នកអាចនិយាយអំពីមូលហេតុដែលការរៀបចំខាងវិញ្ញាណមានសារៈសំខាន់ក្នុងការទទួលបានភាពតម្កើងឡើង និងការនៅជាមួយគ្នាជារៀងរហូតជាគ្រួសារ ។
ស្វែងយល់បន្ថែមទៀត
-
ហែនរី ប៊ី អាវរិង « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ២៨–៣១
-
ឌី ថត គ្រីស្តូហ្វឺសិន « អំណាចនៃការផ្សារភ្ជាប់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ១៩–២២