បណ្ណាល័យ
អាពាហ៍ពិពាហ៍


« អាពាហ៍ពិពាហ៍ » ប្រធានបទ និង សំណួរ ( ឆ្នាំ​២០២៣ )

គូស្វាមី​ភរិយា​វ័យ​ក្មេង​កំពុង​ដើរ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

អាពាហ៍ពិពាហ៍

សក្តានុពល​សម្រាប់​ស្វាមី និង​ភរិយា​ដើម្បី​រួបរួមគ្នា​សម្រាប់​ភាព​អស់កល្ប​ជានិច្ច

មនុស្ស​ជាច្រើន​ទន្ទឹង​រង់ចាំ​អាពាហ៍ពិពាហ៍​ដោយ​សេចក្តីអំណរ និង​ការរំពឹងទុក​យ៉ាងខ្លាំង ។ មាន​អ្វី​មួយ​ដែល​ស្រស់ស្អាត និង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​យ៉ាង​ពិសេស​អំពី​អាពាហ៍ពិពាហ៍ ។ អស់អ្នក​ដែល​បាន​ភ្ជាប់ពាក្យ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​មាន​ក្តីរំភើប​ក្នុងការ​ចាប់ផ្តើម​ជីវិត​ថ្មី​ជាមួយ​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់​ច្រើនជាង​អ្នកណាៗ​ទាំងអស់ ។

បន្ទាប់ពី​យើង​រៀបអាពាហ៍ពិពាហ៍ យើង​ត្រូវ​ខិតខំ​ដើម្បី​រក្សា​អាពាហ៍ពិពាហ៍​នោះ​ឲ្យ​មានភាព​ពេញលេញ និង​រឹងមាំ ។ វា​ត្រូវការ​ការខិតខំ ភាពអត់ធ្មត់ ការបន្ទាបខ្លួន ការអភ័យទោស និង​ការលះបង់​ក្នុងរយៈ​ពេលយូរ​បន្ទាប់ពី​ថ្ងៃ​នៃ​អាពាហ៍ពិពាហ៍ ដើម្បី​កសាង​អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល និង​យូរអង្វែង ។ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​គឺ​សម​នឹង​ទទួលបាន​រង្វាន់ ។ តាមរយៈ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​សេចក្ដីសញ្ញា​ដែលបាន​ធ្វើ​ឡើង​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ទំនាក់ទំនង​អាពាហ៍ពិពាហ៍​អាច​បន្ត​រហូត​ដល់​អស់កល្ប​ជានិច្ច ។ អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏​ត្រូវ​បាន​ហៅថា អាពាហ៍ពិពាហ៍​សេឡេស្ទាល​ផង​ដែរ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អាពាហ៍ពិពាហ៍​សេឡេស្ទាល នាំមកនូវ​លទ្ធភាព​ដ៏​មហិមា​សម្រាប់​សុភមង្គល​លើសជាង​ទំនាក់ទំនង​ណាៗ​ទាំងអស់ » ។

តើ​អាពាហ៍ពិពាហ៍​គឺជា​អ្វី ?

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បង្រៀន​ថា អាពាហ៍ពិពាហ៍​រវាង​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥; « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ ស្វាមី​ភរិយា​ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹងព្រះ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ ប្រសិនបើ​ពួកគេ​ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​របស់​ពួកគេ អាពាហ៍ពិពាហ៍​របស់​ពួកគេ​អាច​បន្ត​រហូត​ដល់​អស់​កល្បជានិច្ច ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ អាពាហ៍ពិពាហ៍

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សេចក្ដី​សញ្ញា​ដ៏​អស់កាល​អស់កល្ប​ជានិច្ច គ្រួសារ ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ពិធីផ្សារភ្ជាប់

ផ្នែកទី ១

អាពាហ៍ពិពាហ៍​គឺជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះ ។

គូស្វាមីភរិយា​កំពុង​សើច​ជា​មួយគ្នា

យើង​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ ហើយ​មុនពេល​មក​ផែនដី យើង​បាន​រស់នៅ​ស្ថានសួគ៌​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះមាតាសួគ៌​របស់យើង ។ នៅទីនោះ យើង​ត្រូវ​បាន​បង្រៀន​អំពី​ផែនការ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​រៀន និង រីកចម្រើន ។ ជាផ្នែក​មួយ​នៃ​ផែនការ​នោះ យើង​បាន​មក​ផែនដី​ជា​ក្រុមគ្រួសារ ក្រុមគ្រួសារ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​រីកចម្រើន និង​ប្រែកា្លយ​កាន់តែ​ដូចជា​ព្រះ ។

ក្រុមគ្រួសារ​គឺ​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា អាពាហ៍ពិពាហ៍​គឺជា « ស្ថាប័ន​នៃ​ស្ថានសួគ៌ ដែល​ត្រូវ​បានប្រារព្ធ​ឡើង​ជាលើក​ដំបូង​នៅក្នុង​សួនច្បារ​អេដែន ដោយ​ព្រះ​ផ្ទាល់ ដោយ​អំណាច​នៃ​បព្វជិតភាព​ដ៏​អស់កល្ប​អស់កាល​ជានិច្ច » ។ នៅពេល​ដែល​ក្រុមគ្រួសារ​របស់​យើង​បាន​ផ្សារភ្ជាប់​សម្រាប់​ភាពអស់កល្ប​ជានិច្ច តាមរយៈ​អំណាច​បព្វជិតភាព​ដូចគ្នា​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ យើង​ធ្វើតាម​លំនាំ​ដ៏​អស់កល្ប​ជានិច្ច​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី ។

ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ដែល​ព្រះ​បាន​បង្កើត​អាពាហ៍ពិពាហ៍ គឺ​ដើម្បី​យើង​អាច​រៀនសូត្រ​ពីគ្នា និង​ថែទាំ​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ អាពាហ៍ពិពាហ៍​ដែល​រឹងមាំ​នាំឲ្យ​ក្រុម​គ្រួសារ​កាន់តែ​រឹងមាំ ដែល​ជួយ​យើង​បំពេញ​គោលបំណង​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ ក្រុមគ្រួសារ​ដែល​កាន់តែ​រឹងមាំ​ក៏អាច​នាំឲ្យ​មាន​សហគមន៍​កាន់តែ​រឹងមាំ​នៅលើ​ផែនដី​ផងដែរ ។ អាពាហ៍ពិពាហ៍​ដែល​បង្កើតឡើង​នៅលើ​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​យើង​រីកចម្រើន និង​ទទួលបាន​បទពិសោធន៍​នៃ​សេចក្ដី​អំណរ​ដ៏​មហិមា​មួយ​ចំនួន​នៅក្នុង​ជីវិត​នេះ ។ អាពាហ៍ពិពាហ៍​ក៏​អាច​ជួយ​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • អែលឌើរ អូលីសេស សូរ៉េស បាន​មានប្រសាសន៍ ៖« ពុំ​មាន​នរណា​ធំ​ជាង ឬ​អន់​ជាង​នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​នោះ​ទេ ហើយ​ក៏​ពុំមាន [ ស្វាមី ឬ​ភរិយា ] ដើរមុន ឬ​ដើរក្រោយ​គ្នា​នោះ​ដែរ ។ ពួកគេ​ដើរ​ទន្ទឹម​គ្នា ស្មើ​ភាពគ្នា ជា​បុត្រា​បុត្រី​ដ៏ទេវភាព​របស់​ព្រះ ។ ពួកគេ​ប្រែជា​មាន​គំនិត បំណង​ប្រាថ្នា និង​គោលបំណង​តែមួយ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។… [ គូ​ស្វាមី​ភរិយា​បែបនេះ ] ដើរ​ជាមួយគ្នា​ដោយ​ការគោរព ការដឹងគុណ និង​សេចក្ដី​ស្រឡាញ់​ដោយ​មិនគិត​អំពី​ខ្លួនឯង តែ​ស្វែងរក​សុខុមាលភាព​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ដំណើរ​ទៅកាន់​ភាពអស់កល្ប​ជានិច្ច​របស់​ពួកគេ » ។ សូម​គិត​អំពី « ដំណើរ​ទៅកាន់​ភាព​អស់កល្ប​ជានិច្ច » ផ្ទាល់ខ្លួន​របស់​អ្នក​ក្នុងនាម​ជា​ផ្នែកមួយ​នៃ​ផែនការ​របស់​ព្រះ ។ តើ​ការដើរ « ទន្ទឹម​គ្នា ស្មើ​ភាពគ្នា » ជា​មួយ​ស្វាមី ឬ​ភរិយា​ជួយ​អ្នក​នៅលើ​ការធ្វើ​ដំណើរ​នោះ​ដោយ​របៀបណា ? ប្រសិនបើ​អ្នក​បាន​រៀបការ​ហើយ តើ​អ្នក​អាច​ធ្វើអ្វី​បានខ្លះ​ដើម្បី​បង្ហាញ​ការគោរព ការដឹងគុណ និង​សេចក្តី​ស្រឡាញ់​កាន់តែ​ខ្លាំង ពេល​អ្នក​ធ្វើដំណើរ​នេះ​ជាមួយ​គូស្វាមី ឬ​ភរិយា​របស់អ្នក ? អ្នក​ក៏​អាច​ដាក់​ផែនការ​សម្រាប់​អ្វី​មួយ​ជាក់លាក់​ដែល​អ្នក​នឹង​ធ្វើ​សម្រាប់​ស្វាមី ឬ​ភរិយា​របស់​អ្នក​បាន​ផងដែរ ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក ហើយ​ធ្វើ​តាម​ចំណាប់​អារម្មណ៍​ទាំងនោះ ។

  • អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន បាន​មាន​ប្រសាសន៍​អំពី​អស់អ្នក​ដែល​មិនទាន់​រៀបអាពាហ៍ពិពាហ៍ និង​មិនទាន់​ទទួល​បាន​ពរជ័យ​ដែល​ពាក់ព័ន្ធ​នឹង​អាពាហ៍ពិពាហ៍​នា​ពេលបច្ចុប្បន្ន​នេះ​ថា ៖

    « បងប្អូន​មួយ​ចំនួន​បាន​បដិសេធ​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដោយ​មូលហេតុ​ជាច្រើន រួមទាំង​ការ​ខ្វះ​ការរំពឹងទុក​សក្ដិសម ការ​ស្រឡាញ់​ភេទ​ដូចគ្នា ​ពិការភាព​ខាង​រូបកាយ និង​ខាង​សតិ​អារម្មណ៍ ឬ​ការ​ខ្លាច​នឹង​ភាព​បរាជ័យ ដែល​គ្រប​បាំង​សេចក្ដី​ជំនឿ​មួយ​រយៈពេល ។ ឬ​អ្នក​បាន​រៀបការ​ហើយ ប៉ុន្តែ​អាពាហ៍ពិពាហ៍​នោះ​ត្រូវ​បាន​បញ្ចប់ ហើយ​អ្នក​ត្រូវ​ទុក​ឲ្យ​នៅ​គ្រប់គ្រង​តែ​ម្នាក់ឯង ​ដែល​មនុស្ស​ពីរ​នាក់​រួមគ្នា​អាច​ទ្រាំទ្រ​ទាំង​លំបាក ។ បងប្អូន​​មួយ​ចំនួន​បាន​រៀបការ​ហើយ​តែពុំ​អាច​មាន​កូនចៅ​ទោះ​ជា​មាន​បំណង​ និង​ការអធិស្ឋាន​ទូលអង្វរ​ដ៏​លើសលប់​ក្ដី។

    « … ដោយ​ទំនុកចិត្ត យើង​ថ្លែងទីបន្ទាល់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រំពឹង​រង់ចាំ​ជាមុន ហើយ​នៅ​ទីបំផុត​នឹងបង់​សង​រាល់​ការ​ខូចខាត និង​ការខ្វះខាត និងការ​បាត់បង់​ទាំងអស់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ងាក​ទៅរក​ទ្រង់ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​តាំង​ជាមុន​ដើម្បី​ទទួល​តិចជាង​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះបិតា​មាន​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ឡើយ » ។

    តើ​អ្នក​រកឃើញ​អ្វី​ខ្លះ​នៅក្នុង​ប្រសាសន៍​របស់​អែលឌើរ គ្រីស្ដូហ្វឺសិន ដែល​អាច​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នកស្គាល់​ដែល​មិនបាន​ទទួល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ ឬ​អ្នក​ដែល​មិនបាន​ដកពិសោធន៍​ពរជ័យ​ទាំងនោះ​ក្នុងពេល​ឥឡូវនេះ ? តើ​ព្រះ​ប្រទានពរ​ដល់ « អ្នក​ដែល​បែរ​ទៅរក​ទ្រង់ » នៅក្នុង​គ្រា​នៃ « ការខ្វះខាត និង​ការបាត់បង់ » របស់​ពួកគេ​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៣៦–៤២ ជាមួយ​ស្វាមី ឬ​ភរិយា​របស់​អ្នក ឬ​អ្នកដទៃ​ទៀត ហើយ​ពិភាក្សា​អំពី​របៀប​ដែល​វគ្គបទគម្ពីរ​នេះ​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ ។ ប្រធាន ហ្គរដុន ប៊ី​ហ៊ិងគ្លី បាន​ទូន្មាន ៖ « ខ្ញុំ​ពេញចិត្ត​ដែល​ថា ប្រសិនបើ​យើង​នឹង​ស្វែងរក​គុណធម៌​រវាងគ្នា​នឹងគ្នា ហើយ​ពុំមែន​ការណ៍​អាក្រក់ នោះនឹង​មាន​សុភមង្គល​កាន់តែ​ច្រើនឡើង​នៅក្នុង​គេហដ្ឋាន​របស់​ប្រជាជន​របស់​យើង ។ នឹង​មាន​ការលែងលះ​តិច​ជាង ការមិន​ស្មោះត្រង់​តិច​ជាង កំហឹង និង​ការខឹង​សម្បារ និង​ការឈ្លោះ​ទាស់ទែង​គ្នា​តិច​ជាង ។ នឹង​មាន​ការអភ័យទោស​កាន់តែ​ច្រើន សេចក្តី​ស្រឡាញ់​កាន់តែ​ច្រើន សេចក្ដីសុខសាន្ដ​កាន់តែ​ច្រើន និង​សុភមង្គល​កាន់តែ​ច្រើន ។ ការណ៍នេះ​គឺ​ដូច​អ្វីដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​មាន » ។ ពិភាក្សា​អំពី​របៀប​ដែល​ការចងចាំ​ថា​អាពាហ៍ពិពាហ៍​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​នៃ​សុភមង្គល អាច​ជួយ​យើង​ធ្វើតាម​ការទូន្មាន​របស់​ប្រធាន ហ៊ិងគ្លី ។ បន្ទាប់មក​អ្នក​អាច​ចែកចាយ​គំនិត​សម្រាប់​ការស្វែងរក​សុភមង្គល​បន្ថែមទៀត​នៅក្នុង​អាពាហ៍ពិពាហ៍ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ដោយសារ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ អាពាហ៍ពិពាហ៍​អាច​បន្តរហូត​ដល់​អស់កល្ប​ជានិច្ច

គូស្វាមីភរិយា​នៅ​ឯ​ព្រះវិហារបរិសុទ្ធ

នៅ​ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​កត់ត្រា​វិវរណៈ​ដែល​ឥឡូវ​នេះ​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣២ ដែល​រួមមាន​នូវ​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ គោលលទ្ធិ​នេះ​គឺ​ថា​អាពាហ៍ពិពាហ៍ ប្រសិនបើ​ផ្សារភ្ជាប់​ដោយ​សិទ្ធិអំណាច​បព្វជិតភាព និង​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ការសន្យា គឺ​មាន​សុពលភាព​ទាំងនៅ​លើ​ផែនដី និង​ដល់​ភាព​អស់កល្ប​ជានិច្ច ។ អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​ត្រូវបាន​គេហៅ​ផងដែរ​ថា អាពាហ៍ពិពាហ៍​សេឡេស្ទាល ឬ « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:២ ) ។ វា​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដែលហៅថា ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពិធី​ដ៏​ពិសិដ្ឋ​នេះ​កើតឡើង​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។

អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​បង្កើត​ទំនាក់ទំនង​សេចក្ដីសញ្ញា​រវាង​ស្វាមី និង​ភរិយា និង​ព្រះអម្ចាស់ ។ សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​គឺ​ចាំបាច់​សម្រាប់​ភាពតម្កើង​ឡើង ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៤ ) ។ ប្រសិនបើ​យើង​ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​នេះ ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​ទំនាក់ទំនង​គ្រួសារ​របស់​យើង​អាច​នៅយូរ​អង្វែង​ជារៀងរហូត ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:១៩–២០ ហើយ​ពិចារណា​ពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​អាពាហ៍ពិពាហ៍​នៃ​សេចក្ដីសញ្ញា ។ ស៊ីស្ទើរ ជូលី ប៊ី ប៊េក បានបង្រៀន ៖ « បុរស និង​ស្រ្ដី​ដែល​ចូល​ទៅក្នុង​ភាព​ជាដៃគូ​ពេញលេញ​នៃ​សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ទទួល​បាន​ពរជ័យ​ស្មើគ្នា​ពី​សេចក្ដីសញ្ញា​នោះ ប្រសិនបើ​ពួកគេ​ស្មោះត្រង់ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–២ ] ។ ព្រះអម្ចាស់​បាន​មានព្រះបន្ទូល​ថា សេចក្តីសញ្ញា​របស់​ពួកគេ​នឹង​មាន​សុពលភាព​បន្ទាប់​ពី​ជីវិត​នេះ ហើយ​ជាមួយ​គ្នា​ពួកគេ​ទទួល​បាន​ការសន្យា​នូវ​ព្រះចេស្ដា និង​ភាពតម្កើងឡើង [ សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១៩–២០ ] » ។ តើ​ពរជ័យ​ដែល​បាន​សន្យា​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា ជួយ​គូស្វាមី​ភរិយា​ដែល​រៀបការ​រួច​ឲ្យ​នៅ​បន្ដ​ស្មោះត្រង់​នឹង​គ្នា​ទៅវិញ​ទៅមក នៅពេល​មាន​បញ្ហា​លំបាក​ដោយ​របៀបណា ?

ផ្ទះ​ធ្វើពី​ឥដ្ឋ​នៅ​ប្រទេស​អាល្លឺម៉ង់
  • ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​មិនត្រឹមតែ​អាពាហ៍ពិពាហ៍​បែបណា​ក៏​បាន​នោះទេ ប៉ុន្តែ​ជា​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា​រហូត​ដល់​អស់កល្ប​ជានិច្ច ។ អែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន បានបង្រៀន ៖ « នៅពេល​មាន​បញ្ហា​កើតឡើង​ចំពោះ​អាពាហ៍ពិពាហ៍​ក្នុង សេចក្ដីសញ្ញា ស្វាមី និង​ភរិយា​ខិតខំ​ដើម្បី​ឆ្លងកាត់​ការណ៍​ទាំងនេះ ។ ពួកគេ​រៀបអាពាហ៍ពិពាហ៍​ដើម្បី​ផ្តល់​ឲ្យ និង​រីកចម្រើន ចងភ្ជាប់​នឹង​គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដីសញ្ញា សហគមន៍ និង​ព្រះ » ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ខណៈ​បម្រើ​ក្នុង​គណៈ​ប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « អាពាហ៍ពិពាហ៍​ដ៏​រុងរឿង​កើតឡើង​បន្ដិច​ម្ដងៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពេញមួយ​ជីវិត » ។ សូម​មើល​រូបភាព​ភ្ជាប់មក​ជាមួយ​ដែល​ជា​ផ្ទះ​សង់​ឡើង​ពី​ឥដ្ឋ ហើយ​គិត​អំពី « ឥដ្ឋ » ដែល​នឹង​បង្កើត​ឲ្យមាន​អាពាហ៍ពិពាហ៍​ដ៏​រឹងមាំ ។ អ្នក​អាច​អាន​សារលិខិត​សន្និសីទ​របស់​ប្រធាន អុជដូហ្វ « ពោល​ពាក្យ​សរសើរ​ដល់​អ្នក​ទាំងឡាយ​ដែល​ការពារ » និង​ជញ្ជឹងគិត​អំពី​ដំបូន្មាន​ដែល​លោក​ផ្តល់​ទៅ​ដល់​ស្វាមី និង​ភរិយា​ទាំងឡាយ ។ តើ « ឥដ្ឋ » អ្វីខ្លះ​ដែល​អ្នក​អាច​ដាក់​រៀប​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ ដើម្បី​ពង្រឹង​អាពាហ៍ពិពាហ៍​របស់​អ្នក ឬ​ដើម្បី​រៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​រឹងមាំ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ពង្រឹង​អាពាហ៍ពិពាហ៍​របស់​យើង​មាន​ឥទ្ធិពល​យ៉ាង​ទូលំទូលាយ ។ អាពាហ៍ពិពាហ៍​របស់​យើង​ជះ​ឥទ្ធិពល​មិនត្រឹម​តែ​លើ​យើង និង​ស្វាមី ឬ​ភរិយា​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​កូនៗ​របស់​យើង និង​កូនៗ​របស់​ពួកគេ​ផងដែរ រហូត​ដល់​អស់កល្ប​ជានិច្ច ។ នៅក្នុង​សារលិខិត​របស់លោក « ផល​ដែល​បាន​នៅជាប់ » អែលឌើរ ម៉ាធ្យូ អិល ខាភិនធើរ បាន​មានប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការថែរក្សា « ផល » នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា​របស់​យើង ហើយ​ប្រៀបធៀប​វា​ទៅនឹង​ការរក្សាទុក​ផ្លែឈើ​នៅក្នុង​កែវ​ដោយ​ប្រុងប្រយ័ត្ន ។ លោក​បាន​បង្រៀន « បើ​យើងធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​នឹង​ព្រះ នោះ​ពរជ័យ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​របស់​យើង អាច​មាន​ហួស​ពី​ជីវិត​នេះ ហើយ​ត្រូវ​បានផ្សារ​ភ្ជាប់​មកលើ​យើង ឬ​បាន​រក្សា​ទុក​ជា​រៀង​រហូត ក្លាយជាផល​ផ្លែ​ដែល​បន្ដ​មាន​ដ៏​អស់កល្ប​ជានិច្ច » ។ អ្នក​អាច​ពិចារណា​អាន ឬ​ស្តាប់​សារលិខិត​នេះ​ខណៈ​ពេល​កំពុង​រីករាយ​នឹង​ការញ៉ាំ​ផ្លែឈើ​ត្រាំ​ជាមួយ​គ្នា ។ និយាយ​អំពី​របៀប​បីបាច់​អាពាហ៍ពិពាហ៍​ដើម្បី​ផលិត « ផល​ដែល​នៅជាប់ » ហួសពី​ជីវិត​នេះ និង​រហូត​ដល់​អស់កល្ប​ជានិច្ច ។

  • គូ​ស្វាមី​ភរិយា​ភាគច្រើន​មានការ​លំបាក​ពី​មួយ​ពេល​ទៅ​មួយពេល ហើយ​ពេលខ្លះ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មើល​ទៅ​ហាក់ដូចជា​នៅឆ្ងាយ ។ ប៉ុន្ដែ ប្រធាន ហ៊ិងគ្លី បាន​ទូន្មាន ៖ « ថ្នាំ​បន្សាប​សម្រាប់​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍​មិនស្ថិត​នៅលើ​ការលែងលះ​គ្នា​នោះឡើយ ។ វា​ស្ថិតនៅ​លើ​ការប្រែចិត្ដ និង​ការអភ័យទោស នៅលើ​ការបង្ហាញ​សេចក្តីសប្បុរស និង​ការព្រួយបារម្ភ ។ វា​មាន​នៅក្នុង​ការអនុវត្ដ​នៃ​ច្បាប់​មាស » ។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហាប្រឈម​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក សូម​និយាយ​ជាមួយគ្នា​អំពី​របៀប​ដែល​ការចងចាំ​នូវ​សេចក្តីសញ្ញា​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នក​ធ្វើការ​ផ្លាស់ប្តូរ​ដែល​អ្នក​ចង់​ឃើញ ។ ជ្រើសរើស​អ្វី​មួយ​ដែល​ជា​ការលំបាក​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក ហើយ​ខិតខំ​រួមគ្នា​ដើម្បី​ដោះស្រាយ​វា ( មគ្គុទេសក៍ Strengthening Marriage របស់​សាសនាចក្រ មាននូវ​គំនិត​ជាច្រើន​ដែល​អាច​ជួយ​បាន ) ។ ស្វែងរក​ជំនួយ​ពី​បុគ្គល​ដែល​អាច​ទុកចិត្ត​បាន ( ដូចជា​ថ្នាក់ដឹកនាំ​សាសនាចក្រ អ្នកព្យាបាល ឬ​ទីប្រឹក្សា​អាពាហ៍ពិពាហ៍ ) ប្រសិន​បើ​ចាំបាច់ ។

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Celestial Marriage » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ទំព័រ ៩៣ ។

  2. នៅក្នុង History 1834–1836 ទំព័រ ១៣៦ នៅលើ​គេហទំព័រ josephsmithpapers.org ។

  3. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  4. អូលីសេស សូរ៉េស​« ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​ព្រះអម្ចាស់ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ៤២–៤៣ ។

  5. ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ៥២ ។

  6. ហ្គរដុន ប៊ី ហ៊ិងគ្លី « Living Worthy of the Girl You Will Someday Marry » Ensign ខែ​ឧសភា ឆ្នាំ​១៩៩៨ ទំព័រ ៥១ ។

  7. ជូលី ប៊ី ប៊េក « An Outpouring of Blessings » Liahona ខែ​ឧសភា ឆ្នាំ​២០០៦ ទំព័រ ១២ ។

  8. ប្រ៊ូស ស៊ី ហាហ្វិន « Covenant Marriage » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ ២៦ ។

  9. ឌៀថើរ អេហ្វ អុជដូហ្វ « In Praise of Those Who Save » Liahona ខែ​ឧសភា ឆ្នាំ​២០១៦ ទំព័រ ៧៨ ។

  10. ម៉ាធ្យូ អិល ខាភិនធើរ « ផល​ដែល​នៅ​ជាប់ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៤ ទំព័រ ៦២ ។

  11. ហ្គរដុន ប៊ី ហ៊ិងគ្លី « The Women in Our Lives » Liahno ខែ​វិច្ឆិកា ឆ្នាំ​២០០៤ ទំព័រ ៨៤ ។