« ព្រះគម្ពីរប៊ីប » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ព្រះគម្ពីរប៊ីប
ការបង្រៀនអំពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទទៅកាន់មនុស្សរាប់លាននាក់
ដំណើររឿងនៅក្នុងព្រះគម្ពីរប៊ីបមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ។ ដំណើររឿងទាំងនោះពិពណ៌នាអំពីមនុស្ស វប្បធម៌ និងស្ថានភាពដែលជារឿយៗខុសគ្នាពីជំនាន់របស់យើង។ ប៉ុន្ដែនៅពេលយើងសិក្សាព្រះគម្ពីរប៊ីប នោះយើងនឹងឃើញថាយើងហាក់ដូចជាធ្លាប់ដឹងអំពីដំណើររឿងនៅក្នុងព្រះគម្ពីរប៊ីបនោះ ។ យើងបានអានអំពីក្រុមគ្រួសារដែលដកពិសោធន៍អំណរ និងការទាស់ទែងគ្នា បុគ្គលទាំងឡាយដែលបន្ដមានសេចក្ដីជំនឿនៅក្នុងការប្រឈមមុខនឹងការខកចិត្ត និងប្រទេសនានាដែលជួបប្រទះនឹងសង្គ្រាម និងគ្រោះធម្មជាតិ ។ ភាគច្រើន យើងបានអានអំពីមនុស្សដែលស្វែងរកការតភ្ជាប់ទៅនឹងព្រះ—និងមនុស្សដែលរកឃើញការតភ្ជាប់នោះតាមរយៈសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
តើអ្វីជាព្រះគម្ពីរប៊ីប ?
ព្រះគម្ពីរប៊ីបគឺជាព្រះបន្ទូលនៃព្រះ ។ គម្ពីរនេះមាននូវការសរសេរដោយព្យាការី និងអ្នកនិពន្ធដ៏បំផុសគំនិតដទៃទៀតចាប់តាំងពីសម័យរបស់លោកអ័ដាម និងនាងអេវ៉ា រហូតដល់សម័យនៃពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ។ ការសរសេរទាំងនេះរួមមានបទបញ្ញត្ដិរបស់ព្រះ សេចក្តីសញ្ញារបស់ទ្រង់ វិវរណៈរបស់ទ្រង់ និងការទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះគម្ពីរប៊ីបមានពីរផ្នែក ៖ គឺព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកព្យាការីថ្លែងទីបន្ទាល់អំពីការយាងមកនៃព្រះអង្គសង្គ្រោះ ។ ព្រះគម្ពីរសញ្ញាថ្មីគឺជាកំណត់ត្រានៃព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ព្រះគម្ពីរ ព្រះគម្ពីរមរមន ព្យាការី វិវរណៈ យ៉ូសែប ស៊្មីធ
ផ្នែកទី ១
ព្រះគម្ពីរប៊ីបគឺជាព្រះបន្ទូលនៃព្រះ និងជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងឲ្យតម្លៃ និងគោរពព្រះគម្ពីរប៊ីបថាជាព្រះបន្ទូលរបស់ព្រះ ។ នៅក្នុងព្រះគម្ពីរប៊ីប យើងរៀនគោលការណ៍នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលរួមមានបទបញ្ញត្តិ និងការបង្រៀនរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:១២ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៃព្រះគម្ពីរប៊ីប ។ ទ្រង់ត្រូវបានគេស្គាល់ដោយព្រះនាមជាច្រើននៅក្នុងទំព័រនៃគម្ពីរនេះ មានដូចជា ព្រះយេហូវ៉ា ព្រះអម្ចាស់ ព្រះប្រោសលោះ ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល អេម៉ាញូអែល និងកូនចៀមនៃព្រះ ។ បេសកកម្មនៅលើផែនដីរបស់ទ្រង់ ត្រូវបានព្យាករដោយពួកព្យាការីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយព្រះគម្ពីរសញ្ញាថ្មីផ្ដល់នូវសាក្សីផ្ទាល់អំពីដំណើរនៃបេសកកម្មនោះ ( សូមមើលអេសាយ ៩:៦ យ៉ូហាន ២០:៣១ ) ។ ព្រះគម្ពីរប៊ីបថ្លែងទីបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង ដែលបើកបង្ហាញតាមរយៈព្រះយេស៊ូវគ្រីស្ទ ជាអង្គដែលអនុញ្ញាតឲ្យយើងទទួលនូវការអភ័យទោសពីអំពើបាបរបស់យើង និងអាចត្រឡប់ទៅរស់នៅក្នុងទីវត្ដមានរបស់ព្រះវិញ ។ យើងអាចរកឃើញនូវការលួងលោម និងការដឹកនាំក្នុងពេលសិក្សាព្រះគម្ពីរប៊ីប កាលយើងព្យាយាមធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍អំពីព្រះគម្ពីរប៊ីបថា « អ្នកណាដែលអានព្រះគម្ពីរនេះជាញឹកញាប់នឹងដឹងច្បាស់អំពីព្រះគម្ពីរនេះ ហើយអ្នកណាដែលជាមិត្ដសម្លាញ់នឹងព្រះគម្ពីរនេះនឹងដឹងថា ព្រះហស្ដ [ របស់ព្រះ ] គឺនៅគ្រប់ទីកន្លែងដែលពួកគេអាចមើលឃើញ » ។ តើព្រះគម្ពីរប៊ីបបានពង្រឹងសេចក្តីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ ពេលអ្នកអានព្រះគម្ពីរនេះ ? សូមពិចារណាកត់ត្រាពីរបៀបដែលអ្នកមើលឃើញព្រះហស្ដរបស់ទ្រង់នៅក្នុងជីវិតនៃអស់អ្នកដែលបានរស់នៅសម័យបុរាណ និងរបៀបដែលអ្នកបានមើលឃើញព្រះហស្ដរបស់ទ្រង់ក្នុងជីវិតអ្នកសព្វថ្ងៃនេះ ។
-
នៅពេលអ្នកស្វែងរកប្រាជ្ញា ឬការដឹកនាំ អ្នកអាចទទួលការណែនាំតាមរយៈព្រះបន្ទូលនៃព្រះបាន ។ អ្នកអាចអាន សុភាសិត ៣:៥–៦; យេរេមា ២៩:១២–១៣; យ៉ូហាន ១៤:២៣; កូល៉ុស ៣:១៦; និង យ៉ាកុប ១:៥ សម្រាប់គំរូនៃរបៀបដែលព្រះអម្ចាស់ប្រទានដល់យើងនូវការដឹកនាំតាមរយៈព្រះគម្ពីរប៊ីប ។ បន្ទាប់មកសូមសរសេរខគម្ពីរពីរបីនៃព្រះគម្ពីរប៊ីបដែលបានប្រទានពរដល់អ្នកនូវសេចក្តីសង្ឃឹម និងការណែនាំ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
យើងអាចស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាព្រះគម្ពីប៊ីប ដែលជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអានជាមួយគ្នានៅក្នុង និក្ខមនំ ៣:៦–១៤; ម៉ាថាយ ៣:១៣–១៧; និង លូកា ២:២៥–៣៨ សម្រាប់គំរូនៃរបៀបដែលព្រះគម្ពីរប៊ីបធ្វើជាសាក្សីអំពីព្រះអង្គសង្គ្រោះ ។ អ្នកក៏អាច មើលវីដេអូអំពីព្រះគម្ពីរប៊ីប ស្ដីអំពីការងារបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះផងដែរ ។ សូមពិភាក្សាពីអ្វីដែលអ្នករៀនចេញមកពីដំណើររឿងទាំងនេះ អំពីបេសកកម្មដ៏ទេវភាពរបស់ព្រះគ្រីស្ទ ។ តើទាំងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីថ្លែងទីបន្ទាល់ថាព្រះយស៊ូវគឺជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើងដោយរបៀបណា ?
-
ព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយចំនួន និងវិវរណៈនៅក្នុងថ្ងៃចុងក្រោយត្រូវបានប្រទានមកពេលពួកព្យាការីបានសិក្សាព្រះគម្ពីរប៊ីប ។ សូមអាន និងពិភាក្សាអំពីព្រឹតិ្ដការណ៍មួយចំនួននោះនៅក្នុងប្រវត្តិសាស្រ្តសាសនាចក្រដូចដែលបានកត់ត្រានៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:១០–២០;គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១–២០; និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១–១១ ។ បន្ទាប់មក អ្នកអាចច្រៀងទំនុកតម្កើងខ្លះៗអំពីការស្ដារឡើងវិញជាក្រុម ដូចជាបទ « ការអធិស្ឋានដំបូងរបស់យ៉ូសែប ស្ម៊ីធ » ឬ « ព្រះវិញ្ញាណនៃព្រះ » ។
ស្វែងយល់បន្ថែមទៀត
-
រ័សុល អិម ណិលសុន « Scriptural Witnesses » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៤៣–៤៥
-
ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ ៣២–៣៥
-
« Scriptures Legacy » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org
ផ្នែកទី ២
ព្រះបានរក្សាទុកព្រះគម្ពីរប៊ីបដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់
ការពិតដែលថាយើងមានព្រះគម្ពីរប៊ីបដើម្បីសិក្សា និងរៀនសូត្រតាមនៅក្នុងសម័យនេះគឺពិតជាអព្ភូតហេតុមួយ ។ សូមថ្លែងអំណរគុណដល់ព្រះអម្ចាស់ និងបុគ្គលដ៏ក្លាហានក្នុងប្រវត្តិសាស្រ្ត ដែលយើងអាចរៀនសូត្រមកពីកំណត់ត្រាដ៏អស្ចារ្យនេះ ជាកំណត់ត្រា « ដែលបានបង្វែរដួងចិត្តរបស់មនុស្សអស់ជាច្រើនសតវត្សរ៍មកហើយ ដោយដឹកនាំពួកគេឲ្យអធិស្ឋាន ជ្រើសរើសមាគ៌ាដ៏ត្រឹមត្រូវ និងឲ្យស្រាវជ្រាវស្វែងរកព្រះអង្គសង្គ្រោះរបស់ពួកគេ ។ » ។ ព្រះគម្ពីរដ៏បរិសុទ្ធនេះជួយយើងទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះ ។
ដើមឡើយ ព្រះគម្ពីរប៊ីបត្រូវបានសរសេរជាភាសាហេព្រើរ ក្រិក និងអារ៉ាម ។ ប៉ុន្តែអស់រយៈពេលជាច្រើនសតវត្សរ៍ ហើយនឹងការធ្វើកំណែព្រះគម្ពីរនេះជាច្រើនដង នោះសេចក្ដីពិតដ៏ច្បាស់ និងពិសេសៗត្រូវបានដកយកចេញ ( សូមមើល នីហ្វៃទី១ ១៣:២៦–២៩; មាត្រានៃសេចក្តីជំនឿ ១:៨ ) ។ ដោយសារតែការណ៍នេះ នោះព្រះបានណែនាំព្យាការី យ៉ូសែប ស្ម៊ីធ ឲ្យស្តារឡើងវិញនូវសេចក្ដីពិតមួយចំនួន ដែលឥឡូវត្រូវបានហៅថា ការបកប្រែដោយយ៉ូសែប ស្ម៊ីធពីព្រះគម្ពីរប៊ីប ។ ការបកប្រែដ៏បំផុសគំនិតរបស់ព្យាការីបង្ហាញថាវាមានសារៈសំខាន់ប៉ុនណាចំពោះព្រះម្ចាស់ ដែលបុត្រាបុត្រីរបស់ទ្រង់ត្រូវតែយល់ពីព្រះគម្ពីរប៊ីប និងការបង្រៀនក្នុងគម្ពីរនេះឲ្យបានត្រឹមត្រូវ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្រះបន្ទូលរបស់ព្រះបានឆ្លងកាត់គ្រប់យុគសម័យដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់គឺនៅអស់កល្បអស់កាលជានិច្ច ។ អ្នកអាចអាន អេសាយ ៤០:៨; យ៉ូហាន ១:១; និង ពេត្រុស ទី១ ១:២៥ ដើម្បីរៀនអំពីនិស្ស័យដ៏អស់កល្បជានិច្ចរបស់ព្រះបន្ទូលរបស់ទ្រង់ ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ? តើខទាំងនេះបំផុសគំនិតអ្នកឲ្យបង្កើនការប្ដេជ្ញាចិត្ដរបស់អ្នកក្នុងការសិក្សាព្រះគម្ពីរប៊ីបយ៉ាងដូចម្ដេច ?
-
យ៉ូសែប ស្ម៊ីធ បានមានអារម្មណ៍ថា ការធ្វើកំណែដ៏បំផុសគំនិតទៅលើព្រះគម្ពីរប៊ីប គឺជាផ្នែកមួយនៃការហៅរបស់លោកក្នុងនាមជាព្យាការី ។ ខណៈដែលលោកបានបញ្ចប់ផ្នែកជាច្រើននៃការបកប្រែព្រះគម្ពីរប៊ីបរបស់លោកនៅឆ្នាំ១៨៣៣ លោកបានកែសម្រួលការបកប្រែនេះសម្រាប់ការបោះពុម្ពរហូតដល់ពេលដែលលោកបានទទួលមរណភាពនៅឆ្នាំ១៨៤៤ ។ សូមពិចារណាអានការបកប្រែយ៉ូសែប ស៊្មីធសម្រាប់ ម៉ាថាយ ៤:១–១១; ម៉ាថាយ ១៨:១១; និង ម៉ាកុស ១៦:៣–៦ ។ តើកំណែទាំងនេះផ្លាស់ប្ដូរការយល់ដឹងរបស់អ្នកចំពោះវគ្គបទគម្ពីរនីមួយៗយ៉ាងដូចម្ដេច ? ហេតុអ្វីបានការស្ដារឡើងវិញនៃសេចក្ដិពិតទាំងនេះសំខាន់់ចំពោះអ្នក ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ដោយសារតែព្រះគម្ពីរប៊ីប « មនុស្សរាប់លាននាក់បានមានសេចក្ដីជំនឿលើព្រះ និងលើព្រះយេស៊ូវគ្រីស្ទ » ។ តើអ្វីដែលបាននាំយកព្រះគម្ពីរប៊ីបមកកាន់មនុស្សជាច្រើនយ៉ាងនេះ ? នៅក្នុងសុន្ទរកថារបស់ប្រធាន អិម រ័សុល បាឡឺដ « The Miracle of the Holy Bible » អ្នកអាចស្វែងយល់អំពីការលះបង់របស់អ្នកដែលបូជាជីវិតរបស់ពួកគេដើម្បីនាំមកឲ្យយើងនូវព្រះគម្ពីរដ៏ពិសិដ្ឋនេះ ។ ឬអ្នកអាចជ្រើសរើសមើលវីដេអូអំពីព្រះគម្ពីរប៊ីប ដែលមានជាភាសាដូចខាងក្រោមនេះ ៖
-
ភាសាអង់គ្លេស ៖ « King James Bible Anniversary »
-
ភាសាអេស្ប៉ាញ ៖ « Latter-day Saint Edition of the Holy Bible in Spanish »
-
ភាសាព័រទុយហ្គាល់ ៖ « History of the Translation of Biblia Sagrada »
-
បន្ទាប់ពីមើលវីដេអូរួចហើយ អ្នកអាចចែកចាយអារម្មណ៍របស់អ្នកអំពីអស់អ្នកទាំងឡាយណាដែលបានជួយឲ្យមានព្រះគម្ពីរប៊ីបនៅក្នុងជំនាន់របស់យើងនេះ ។ តើដំណើររឿងរបស់ពួកគេជះឥទ្ធិពលដល់របៀបដែលអ្នកគិត និងសិក្សាព្រះគម្ពីរប៊ីប ដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
ធីម៉ូថេ ទី២ ៣:១៥–១៧; អាលម៉ា ៣៧:៦–១០
-
រ៉ូបឺត ឌី ហែល « Preparations for the Restoration and the Second Coming: ‘My Hand Shall Be over Thee ’ » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ៨៩–៩០
-
សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ការបកប្រែដោយយ៉ូសែប ស៊្មីធ (ក.យ.ស.) » នៅលើបណ្ណាល័យដំណឹងល្អ
-
ប្រធានបទប្រវត្ដិសាសនាចក្រ « Joseph Smith Translation of the Bible » នៅលើបណ្ណាល័យដំណឹងល្អ