ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១៦–២២ ខែវិច្ឆិកា  « យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត » ៖ ហូសេ ១–៦; ១០–១៤; យ៉ូអែល


« ថ្ងៃទី១៦–២២ ខែវិច្ឆិកា ‹ យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត › ៖ ហូសេ ១–៦; ១០–១៤; យ៉ូអែល » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១៦–២២ ខែវិច្ឆិកា ‹ យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

គូស្វាមី​ភរិយា​ថ្មីថ្មោង​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី១៦–២២ ខែវិច្ឆិកា ៖ « យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត »

ហូសេ ១–៦; ១០–១៤; យ៉ូអែល

សេចក្ដី​សញ្ញា​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ព្រះអម្ចាស់​មានអត្ថន័យ​យ៉ាង​ជ្រាលជ្រៅ រហូត​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ប្រៀបធៀប​វា​នឹង​អាពាហ៍ពិពាហ៍​មួយ ។ សេចក្ដីសញ្ញានោះ​ប្រៀប​បាន​នឹង​អាពាហ៍ពិពាហ៍​មួយ​ដែរ វា​រួម​បញ្ចូល​ទាំង​ការតាំងចិត្ត​ដ៏​នៅ​អស់​កល្បជានិច្ច ការចែកចាយ​បទពិសោធន៍ ការស្ថាបនាជីវិត​រួម​គ្នា ភក្ដីភាព​ដ៏​ពិត​ទាំងស្រុង ហើយ​សំខាន់​បំផុត​គឺ​សេចក្ដីស្រឡាញ់​ស្មោះអស់ពី​ចិត្ត ។ គួរ​ឲ្យ​សោកស្ដាយ ពួក​សាសន៍​អ៊ីស្រាអែល​មិន​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​ពួកគេ​ទេ ។ ហើយ​ប៉ុន្តែ​សារលិខិត​របស់​ព្រះអម្ចាស់​ទៅកាន់​ពួកគេ​មិនមែន​ថា « យើង​នឹង​បដិសេធ​អ្នក​រាល់​គ្នា​ជា​រៀងរហូត » ទេ ។ ផ្ទុយទៅវិញ​គឺ​ថា « យើង​នឹង​អញ្ជើញ​អ្នករាល់គ្នា​ឲ្យ​ត្រឡប់មកវិញ » ( សូមមើល ហូសេ ២:១៤–១៥ ) ។ ទ្រង់​បានប្រកាស​តាមរយៈ​ព្យាការី​ហូសេ ថា « យើង​នឹង​ដណ្តឹង​នាង​សម្រាប់​យើង​ដោយ​សេចក្តី​សុចរិត » ( ហូសេ ២:១៩ ) ។ « យើង​នឹង​កែ​ការរាថយ​របស់​គេ​ឲ្យ​ជា ហើយ​យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត » ( ហូសេ ១៤:៤ ) ។ នេះគឺជា​សារលិខិត​ដូច​គ្នា​ដែល​ទ្រង់​ប្រទាន​ដល់​យើង​នៅ​សព្វថ្ងៃនេះ នៅពេល​យើង​ខិតខំ​រស់នៅ​តាម​សេចក្ដីសញ្ញា​របស់​យើង​ដោយ​សេចក្ដីស្រឡាញ់ និង​ភក្ដីភាព ។

យ៉ូអែល​បាន​ចែកចាយ​សារលិខិត​ស្រដៀង​គ្នា​ថា « វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរណ៍ » ( យ៉ូអែល ២:១៣ ) ។ ការអាន​ពាក្យសម្តី​របស់​ព្យាការី​ទាំងនេះ​អាច​ជំរុញ​បងប្អូន​ឲ្យ​ពិចារណា​អំពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​បងប្អូន​ជាមួយ​ព្រះអម្ចាស់—ដើម្បី​គិត​អំពី​របៀប​ដែល​ភាពស្មោះត្រង់​របស់​ទ្រង់​ចំពោះ​បងប្អូន​បំផុស​គំនិត​បងប្អូន​ឲ្យ​ស្មោះត្រង់​ចំពោះ​ទ្រង់ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ហូសេ និង​គម្ពីរ​យ៉ូអែល សូម​មើល « ហូសេ » និង « យ៉ូអែល » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ហូសេ ១–៣១៤

ព្រះអម្ចាស់​តែងតែ​អញ្ជើញ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

នាង​កូមើរ ជាភរិយា​របស់​ហូសេ ពុំមាន​ភក្តីភាព​ចំពោះ​លោក​ឡើយ ហើយ​ព្រះ​បាន​ចង្អុល​បង្ហាញ​ព្រឹត្តិការណ៍​សោកសៅ​នេះ ដើម្បី​បង្រៀន​ដល់​សាសន៍​អ៊ីស្រាអែល​ពី​ទឹក​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​ពួកគេ និង​សេចក្ដី​សញ្ញា​របស់​ពួកគេ​ជាមួយ​ទ្រង់ ។ កាល​បងប្អូន​អាន ហូសេ ១–៣ សូម​ពិចារណា​អំពី​ព្រះ​តម្រិះ​របស់​ព្រះអម្ចាស់​ចំពោះ​ទំនាក់​ទំនង​របស់​ទ្រង់​ជាមួយ​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ តើ​ការចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ប្រៀប​ដូចជា​ការចូល​ទៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​ដោយ​របៀប​ណា ? តើ​ការមិន​គោរពតាម​សេចក្ដីសញ្ញា​នោះ ប្រៀប​ដូចជា​ការមិន​ស្មោះត្រង់​នឹង​ស្វាមី ឬ​ភរិយា​យ៉ាង​ដូចម្ដេច ? ( សូមមើល ហូសេ ២:៥–៧, ១៣ ) ។ តើ ហូសេ ២:១៤–២៣ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​សេចក្ដីស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ភក្តីភាព​របស់​បងប្អូន​ចំពោះ​ទ្រង់​យ៉ាង​ដូចម្តេច ?

នៅក្នុង ហូសេ ១៤ សូម​រកមើល​ការសន្យា​ដ៏​ស្រស់ស្អាត​ជាច្រើន​ដែល​ព្រះអម្ចាស់​បានធ្វើ​ចំពោះ​អស់​អ្នក​ដែល​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ តើ​ឃ្លា « ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត » មាន​អត្ថន័យ​ដូចម្តេច​ចំពោះ​បងប្អូន ? ( ខទី ៤ ) ។ តើ​ការប្រៀបធៀប​ដើម​នៅក្នុង ខទី ៥–៨ បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​ពរជ័យ​របស់​ព្រះអម្ចាស់​ចំពោះ​បងប្អូន រួមទាំង​ពរជ័យ​នៃ​ការប្រែចិត្ត​ផងដែរ ? ដោយ​ជា​ផ្នែក​នៃ​ការសិក្សា​របស់​បងប្អូន សូម​ពិចារណា​ច្រៀង ឬ​ស្តាប់​ទំនុកតម្កើង​អំពី​សេចក្តីមេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា « មក​ឯ​ព្រះយេស៊ូវ » ( ទំនុកតម្កើង ល.រ. ៦៤ ) ។

ស្រ្តី​ម្នាក់​កំពុង​បាក់ទឹកចិត្ត

នាង​កូមើរ ដែល​តំណាង​ឲ្យ​វង្ស​អ៊ីស្រាអែល និង​សេចក្ដីសញ្ញា​ដែល​បានបំពាន​របស់​ពួកគេ ត្រូវ​បាន​ព្រះអម្ចាស់​ប្រទាន​ការប្រោសលោះ​ឲ្យ ។ រចនា​រូប​ភាព​ដោយ ឌីប មីនណាឌ បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី​គេហទំព័រ goodsalt.com

ហូសេ ៦:៤–៧; យ៉ូអែល ២:១២–១៣

ការមាន​ភក្ដីភាព​ចំពោះ​ព្រះ ត្រូវ​តែ​ចេញ​ពី​ចិត្ត មិនមែន​គ្រាន់តែ​បង្ហាញ​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ។

ប្រជាជន​នៅ​ជំនាន់​របស់​ហូសេ​បានថ្វាយ​យញ្ញបូជា​សត្វ ប៉ុន្តែ​ពួកគេ​បានបំពាន​លើ​បញ្ញត្តិ​សំខាន់ៗ ។ តើ​បងប្អូន​គិតថា វា​មាន​អត្ថន័យ​យ៉ាងណា​ដែល​ព្រះអម្ចាស់ « ពេញ​ចិត្ត​ចំពោះ​សេចក្តី​សប្បុរស​មិន​មែន​ចំពោះ​យញ្ញបូជា​ទេ ហើយ​ពេញ​ចិត្ត​ចំពោះ​ការស្គាល់​ព្រះ​ជា​ជាង​ការ​ថ្វាយ​ដង្វាយ​ដុត​ទៅ​ទៀត » ? ( ហូសេ ៦:៦ ) ។ តើ​បងប្អូន​គិត​ថា សេចក្ដី​សុចរិត​គឺ​ដូចជា​ពពក ឬ​ទឹក​សន្សើម​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ ? ( សូមមើល ហូសេ ៦:៤ ) ។ តើ​សេចក្ដី​សុចរិត​របស់​យើង​គួរ​មាន​លក្ខណៈ​បែបណា ? ( សូមមើល អេសាយ ៤៨:១៨; នីហ្វៃទី១ ២:៩–១០ ) ។

បងប្អូន​ក៏​អាច​អាន​ផងដែរ ម៉ាថាយ ៩:១០–១៣; ១២:១–៨ ដើម្បី​ឃើញ​ពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​បានប្រើ ហូសេ ៦:៦ នៅអំឡុង​ការងារ​បម្រើ​របស់​ទ្រង់ ។ តើ​វគ្គ​បទគម្ពីរ​ទាំង​នេះ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ពាក្យ​សម្តី​របស់​ហូសេ យ៉ាង​ដូច​ម្តេចខ្លះ ?

នៅពេល​អាន យ៉ូអែល ២:១២–១៣ វា​អាច​ជួយ​ឲ្យ​ដឹង​ថា ការហែក​សម្លៀកបំពាក់​របស់​មនុស្ស​គឺជា​សញ្ញា​ខាងក្រៅ​នៃ​ការកាន់ទុក្ខ ឬ​ការសោកស្តាយ ។ តើ​ការហែកចិត្ត​យើង​ខុស​ពី​ការហែក​អាវ​របស់​យើង​យ៉ាង​ដូចម្តេច ?

យ៉ូអែល ២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« យើង​នឹង​ចាត់​វិញ្ញាណ​របស់​យើង​ទៅលើ​គ្រប់​ទាំង​មនុស្ស » ។

តើ​បងប្អូន​ឃើញ​ភាពស្រដៀង​គ្នា​អ្វីខ្លះ​រវាង​សម័យ​របស់​យើង និង​សម័យ​ដែល​យ៉ូអែល​បានឃើញ ? ( សូមមើល​ជា​ពិសេស យ៉ូអែល ២:១–២, ១១, ១៨–៣២ ) ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បានសន្យា​នៅក្នុង យ៉ូអែល ១៨–៣២ ? ហេតុអ្វី​បាន​ជា​ពរជ័យ​ទាំងនេះ​អាច​មាន​តម្លៃ​ជាពិសេស​នៅ​សព្វថ្ងៃ​នេះ ?

វា​អាច​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​អាន​អ្វី​ដែល​មរ៉ូណៃ​បាននិយាយ​អំពី យ៉ូអែល ២ នៅពេល​លោក​ទៅ​ជួប​នឹង យ៉ូសែប ស្ម៊ីធ នៅឆ្នាំ១៨២៣ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤១ ) ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា​ការព្យាករ​នៅក្នុង យ៉ូអែល ២:២៨–៣២ ត្រូវ​បាន​បំពេញ​នៅក្នុង​សម័យ​របស់​យើង​ដោយ​របៀបណា ? ( សូមមើល​ផងដែរ កិច្ចការ ២:១–២១ ) ។ តើ​បងប្អូន​គិត​ថា វាមានន័យ​យ៉ាង​ណា ដែល​ថា ព្រះអម្ចាស់​នឹង « ចាត់​វិញ្ញាណ [ របស់ទ្រង់ ] ទៅ​លើ​គ្រប់​ទាំង​មនុស្ស » ? ( យ៉ូអែល ២:២៨ ) ។

បងប្អូន​អាច​ជញ្ជឹងគិត​ប្រសាសន៍​ទាំងនេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន « នៅ​ពេល​ខាង​មុខ យើងនឹង​មិន​អាច​រស់​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ លួងលោម​ចិត្ត និង​មានឥទ្ធិពល​ដ៏ខ្ជាប់ខ្ជួន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៦) ។ ហេតុអ្វី​បាន​ជា​វិវរណៈ​មានសារៈ​សំខាន់​ចំពោះ​ការរស់​រាន​ខាង​វិញ្ញាណ​របស់​បងប្អូន ?

តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​មិន​បាន​ទទួល​ការចាក់​មក​នោះ ? នេះ​គឺជា​ឧទាហរណ៍​មួយចំនួន​ដែល​អាច​ជួយបាន ។ តើ​ប្រជាជន​នៅក្នុង​បទគម្ពីរ​ទាំងនេះ​បានធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​ការចាក់ស្រោច​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ?

នៅពេល​បងប្អូន​អាន​ពាក្យ​សម្ដី​ទាំងនេះ​មកពី​អែលឌើរ ដេវីឌ អេ បែដណា សូម​ជញ្ជឹងគិត​ថា តើ​ការទទួល​អារម្មណ៍​នៃ​ការចាក់ស្រោច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​បងប្អូន​មានន័យ​យ៉ាងណា​ចំពោះ​បងប្អូន ៖

« ជាញឹកញាប់ យើង​ធ្វើឲ្យ​ខ្លួនឯង​ពិបាក​នឹង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ ខ្ញុំ​និយាយ​ដូច្នេះ​មាន​ន័យ​ថា ការសន្យា​សេចក្ដី​សញ្ញា​មួយ​គឺ​ថា នៅពេល​យើង​គោរព​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​អាច​នឹង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជា​ដៃគូ​ជាប់លាប់​របស់​យើង​ជានិច្ច ។ ប៉ុន្ដែ​យើង​និយាយ​អំពី​វា ហើយ​យើង​ប្រព្រឹត្ត​ហាក់​ដូចជា​ការស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ ។ … [ ព្រះវិញ្ញាណ ] គួរតែ​គង់នៅ​ជាមួយ​យើង​គ្រប់​ពេល ។ មិនមែន​គ្រប់​វិនាទី​នោះ​ទេ ប៉ុន្ដែ​បើ​បុគ្គល​ម្នាក់​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​ខ្លួន—បងប្អូន​មិន​ចាំបាច់​ឥតខ្ចោះ​នោះ​ទេ—ប៉ុន្ដែ​បើ​បងប្អូន និង​ខ្ញុំ​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​យើង ហើយ​យើង​មិន​ប្រព្រឹត្ត​ការរំលង​ធ្ងន់ធ្ងរ នោះ​យើង​អាច​ពឹងពាក់​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹកនាំ​យើង​បាន ។ …

« … យើង​ហាក់​ជឿ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សេចក្ដី​រំជើប​រំជួល និង​ធំដុំ ហើយ​ភា្លមៗ ខណៈ​វា​គឺជា​រឿង​តូចតាច និង​ស្ងប់ស្ងាត់ ហើយ​កើនឡើង​បន្ដិច​ម្ដងៗ​តាម​ពេលវេលា »​( « Elder David A. Bednar Discussion” [ evening with a General Authority ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ], broadcasts.ChurchofJesusChrist.org ) ។

សូមមើល​ផង​ដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤២–៤៥; « Enemy Territory » ( វីដេអូ ), បណ្ណាល័យ​ដំណឹង​ល្អ ។

3:38

Enemy Territory

បង្កើត​បរិយាកាស​ខាង​វិញ្ញាណ​មួយ ។ « តើ​បងប្អូន​បាន​អង្កេត​មើល​ឃើញ​អ្វី​ខ្លះ​ដែល​រួម​ចំណែក​ដល់​បរិយាកាស​ខាង​វិញ្ញាណ​សម្រាប់​ការរៀន​សូត្រ​ដំណឹងល្អ ? តើ​មាន​អ្វី​ខ្លះ​ដែល​ជា​ផល​រំខាន ? » … សូម​គិត​អំពី​បរិយាកាស​នៃទីកន្លែង​ដែល​បងប្អូន​ជារឿយៗ​បង្រៀន[ ឬ​រៀន ]​ច្រើន​បំផុត ។ តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​បងប្អូន​បាន​នៅ​ទី​នោះ ? តើ​បងប្អូន​អាច​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​មាន​វត្តមាន​នៅកន្លែង​នោះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្តេច ? » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ) ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ហូសេ ២:១៩–២០

ខ្ញុំ​អាច​រក្សា​សេចក្តីសញ្ញា​របស់​ខ្ញុំ​បាន​ដោយ​ស្មោះត្រង់ ។

  • នៅក្នុង​គម្ពីរ​ហូសេ ព្រះអម្ចាស់​បាន​ប្រៀបធៀប​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​រាស្ត្រ​របស់ទ្រង់ នឹង​អាពាហ៍ពិពាហ៍ ។ ដើម្បី​រៀន​ពី​ការប្រៀប​ធៀបនេះ បងប្អូន និង​កូនៗ​បងប្អូន​អាចមើល​រូបភាព​កូនក្រមុំ និង​កូនកំលោះ ហើយ​និយាយ​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ចង់ឲ្យ​ស្វាមី និង​ភរិយា​ប្រព្រឹត្ត​ចំពោះគ្នា​ទៅវិញទៅមក ។ សូម​ជួយ​កូនៗ បងប្អូន​ឲ្យ​រកឃើញ​ពាក្យ​នៅក្នុង ហូសេ ២:១៩–២០ ដែល​ពិពណ៌នា​អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់​ចំពោះ​យើង ។ តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា យើង​ស្រឡាញ់​ទ្រង់ ហើយ​នឹង​ស្មោះត្រង់​ចំពោះ​ទ្រង់​ដោយ​របៀប​ណា ?

ហូសេ ១០:១២

« ត្បិត​ដល់​ពេល​ដែល​គួរ​ស្វែង​រក​ព្រះយេហូវ៉ា » ។

  • ហូសេ ១០:១២ សំដៅទៅលើ​ការសាបព្រោះ ការច្រូត​កាត់ ដល់ពេល និង​ភ្លៀង ដើម្បី​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​ព្រះអម្ចាស់ ។ នៅ​ពេល​បងប្អូន​អាន​ខគម្ពីរ​នេះ តើ​បងប្អូន​អាច​មាន​គំនិត​ដ៏​ច្នៃ​ប្រឌិត​អ្វី​ខ្លះ ដែល​អាច​បំផុស​ដល់​កុមារ​ឲ្យ​ស្វែងរក​ទ្រង់ ? ឧទាហរណ៍ ប្រហែលជា​កូនៗ​បងប្អូន​អាច​គូររូប​នាឡិកា​មួយ ហើយ​សរសេរ​ពី​របៀប​ដែល​ពួកគេ​ស្វែងរក​ព្រះអម្ចាស់​នៅ​ពេល​ផ្សេងៗ​គ្នា​នៅពេញ​មួយ​ថ្ងៃ ។ ចម្រៀង​មួយបទ​ដូចជា « Anytime, Anywhere » ( បណ្ណាល័យ​ដំណឹងល្អ ) អាចជួយ​បងប្អូន​បង្រៀន​ថា វា​តែងតែ​ជាពេលវេលា​ដ៏ល្អ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។

  • ឬ​កូនៗ​បងប្អូន​អាច​ធ្វើ​សកម្មភាព​ដ៏​សាមញ្ញៗ​ដែល​ត្រូវនឹង​ខគម្ពីរ​នោះ ដូចជា​ការធ្វើ​ជា​ដាំ​គ្រាប់ពូជ ប្រមូល​ផល​បន្លែ ឬ​ឈរ​នៅ​ក្រោម​ភ្លៀង ។ សូម​ជួយ​កូនៗ​បងប្អូន​ឲ្យ​ប្រៀបធៀប​ការដាំ​គ្រាប់ពូជ និង​ការច្រូតកាត់​អាហារ​សុខភាព ទៅ​នឹង​ការរស់នៅ​ដោយ​សុចរិត និង​ការទទួល​ពរជ័យ​ពី​ព្រះអម្ចាស់ ។ បន្ទាប់មក បងប្អូន​អាច​ប្រាប់​គ្នាទៅវិញ​ទៅមក​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​បង្អុរ​មកលើ​បងប្អូន កាលដែល​បងប្អូន​ព្យាយាម​ស្វែងរក​ទ្រង់ ។

ហូសេ ១៣:៤, ១៤

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

  • ដើម្បី​គូសបញ្ជាក់​អំពី​សេចក្ដីពិត​នៅក្នុង ហូសេ ១៣:៤ ថា គ្មាន​ព្រះអង្គ​សង្គ្រោះ​ទេ លើកលែងតែ​ព្រះយេស៊ូវគ្រីស្ទ បងប្អូន​អាច​បង្ហាញ​ដល់​កូនៗ​បងប្អូន​នូវ​រូបភាព​របស់​មនុស្ស​ជាច្រើន រួមទាំង​រូបភាព​របស់​ព្រះយេស៊ូវ​ផងដែរ ។ កូនៗ​បងប្អូន​អាច​ប្ដូរវេន​គ្នា​ចង្អុល​ទៅបុគ្គល​ដែល​មាន​អំណាច​សង្គ្រោះ​យើង​ចេញពី​អំពើ​បាប និង​សេចក្ដី​ស្លាប់ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។

  • កូនៗ​បងប្អូន​អាចស្វែងរក​ពាក្យ​នៅក្នុង ហូសេ ១៣:៤, ១៤ ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ពាក្យ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ទ្រង់ ? សូម​ពិចារណា​ជួយ​កូនៗ​បងប្អូន​ឲ្យ​ប្រើ ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ស្វែងរក​បទគម្ពីរ​ផ្សេងទៀត​ដែល​បង្រៀន​ថា ព្រះយេស៊ូវ​គឺជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ។ សូម​ចែកចាយ​ជាមួយ​គ្នា​នូវ​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ក្មេងប្រុស​ម្នាក់​កំពុង​អធិស្ឋាន

យ៉ូអែល ២:២៨–២៩

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ខ្ញុំបាន ។

  • ប្រហែល​ជា​បងប្អូន​អាច​ជួយកូនៗ​បងប្អូន​ឲ្យ​យល់​ពី យ៉ូអែល ២:២៨–២៩ ដោយ​ទុក​ឲ្យ​ពួកគេ​ចាក់​អង្គធាតុ​រាវ​មួយ រួច​យក​វា​ទៅ​ប្រសព្វ​ជាមួយ​នឹង​តំណក់​ទឹក ឬ​ទឹកហូរតិចៗ ។ តើ​វា​អាច​មាន​អត្ថន័យ​យ៉ាង​ណា ដែល​ព្រះវិញ្ញាណ​ដែល​ត្រូវបាន « ចាត់ » ឲ្យ​មក​លើ​យើង ?

  • នៅពេល​បងប្អូន​អាន យ៉ូអែល ២:២៨–២៩ ជាមួយ​គ្នា បងប្អូន​អាច​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​បញ្ចូល​ឈ្មោះ​គ្នា​ទៅ​វិញ​ទៅ​មក​ជំនួស​ឃ្លា « កូនប្រុស​របស់​ឯង » និង « កូនស្រី​របស់ឯង » ។ បន្ទាប់មក សូម​ជួយ​ពួកគេ​ស្រាវជ្រាវ​បទគម្ពីរ​ដូចជា យ៉ូហាន ១៤:១៦; មរ៉ូណៃ ១០:៥; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:១៧ ដើម្បី​ស្វែងរក​របៀប​ដែល​ព្រះវិញ្ញាណ​អាច​ជួយ​ពួកគេ​បាន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវ​កំពុង​ដង្ហោយហៅ​នៅច្រកទ្វារ

Savior [ ព្រះអង្គ​សង្គ្រោះ ] ដោយ ខេល្លី ភូ

ទំព័រ​សកម្មភាព​សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ខ្ញុំបាន