« ថ្ងៃទី៩–១៥ ខែវិច្ឆិកា ‹ គ្មានព្រះឯណាទៀត ដែលអាចនឹងជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី៩–១៥ ខែវិច្ឆិកា ‹ គ្មានព្រះឯណាទៀត ដែលអាចនឹងជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
Daniel Interprets Nebuchadnezzar’s Dream [ ដានីយ៉ែលបកស្រាយសុបិនរបស់នេប៊ូក្នេសា ] ដោយ ហ្រ្គេន រ៉មនី ខ្លសិន
ថ្ងៃទី៩–១៥ ខែវិច្ឆិកា ៖ « គ្មានព្រះឯណាទៀត ដែលអាចនឹងជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ »
ដានីយ៉ែល ១–៧
ប្រហែលគ្មាននរណាម្នាក់គំរាមនឹងបោះបងប្អូនចូលទៅក្នុងគុកភ្លើង ឬរូងសិង្ហដោយសារតែសេចក្ដីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទនោះទេ ។ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមយើងឆ្លងផុតជីវិតនេះ ដោយគ្មានការសាកល្បងនៃសេចក្តីជំនឿឡើយ ។ ដូច្នេះយើងទាំងអស់គ្នាអាចទទួលបានអត្ថប្រយោជន៍ពីគំរូរបស់បុគ្គលដូចជា ដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ដែលបានជាប់ក្នុងសេវកភាពតាំងពីនៅក្មេង ដោយអាណាចក្របាប៊ីឡូនដ៏ខ្លាំងក្លាឡើយ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៤:១០–១៦ ) ។ ត្រូវបានហ៊ុមព័ទ្ធដោយវប្បធម៌ដែលមិនធ្លាប់ស្គាល់ ដែលមានគុណតម្លៃខុសៗគ្នា ហើយពួកគាត់បានប្រឈមមុខនឹងការល្បួងដ៏ខ្លាំងក្លាឲ្យបោះបង់ជំនឿ និងប្រពៃណីសុចរិតរបស់ពួកគាត់ ។ ពួកគាត់នៅពិតចំពោះសេចក្តីសញ្ញារបស់ពួកគាត់ ។ តើពួកគេធ្វើបានតាមរបៀបណា ? តាមរយៈការធ្វើកិច្ចការតូចតាច និងងាយដែលព្រះបានបង្គាប់ឲ្យយើងទាំងអស់គ្នាធ្វើ—ការអធិស្ឋាន ការតមអាហារ ការជ្រើសរើសមិត្តល្អ ការទុកចិត្តលើទ្រង់ និងការធ្វើជាពន្លឺដល់អ្នកដទៃ ។ ដូចយ៉ូសែបស្រុកអេស៊ីព្ទ និងនាងអេសធើរនៅពើស៊ីដែរ ដានីយ៉ែល និងមិត្តរបស់គាត់នៅបាប៊ីឡូនបានរក្សាសេចក្តីជំនឿរបស់ពួកគាត់លើព្រះ ហើយព្រះបានធ្វើអព្ភូតហេតុដែលនៅតែបំផុសគំនិតដល់ក្រុមអ្នកជឿរហូតមកដល់សព្វថ្ងៃនេះ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរដានីយ៉ែល សូមមើល « ដានីយ៉ែល » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
ដានីយ៉ែល ១; ៣; ៦
ខ្ញុំអាចទុកចិត្តលើព្រះអម្ចាស់ នៅពេលសេចក្តីជំនឿរបស់ខ្ញុំត្រូវបានសាកល្បង ។
វាក៏ត្រូវម្យ៉ាងដែរ យើងទាំងអស់គ្នារស់នៅក្នុងក្រុងបាប៊ីឡូន ។ ជាញឹកញយ យើងប្រឈមមុខនឹងការល្បួងឲ្យបន្ទាបបទដ្ឋានរបស់យើង ហើយងាកចេញពីការមានជំនឿលើព្រះគ្រីស្ទ ។ នៅពេលបងប្អូនអាន ដានីយ៉ែល ១, ៣ និង ៦ សូមកត់ត្រារបៀបដែល ដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បានរងសម្ពាធឲ្យធ្វើរឿងដែលពួកគាត់ដឹងថាខុស ។ តើពួកគេឆ្លើយតបនឹងស្ថានភាពទាំងនេះដោយរបៀបណា ? ( សូមមើល ដានីយ៉ែល ១:១០–១៣; ៣:១៥–១៨; ៦:១០ ) ។ តើអ្វីជាលទ្ធផលនៃសេចក្ដីជំនឿទាំងនេះ ? តើបងប្អូនរៀនអ្វីខ្លះពីបទពិសោធន៍ទាំងនេះ ដែលអាចជួយបងប្អូនឲ្យទុកចិត្តលើព្រះអម្ចាស់ ពេលបងប្អូនប្រឈមនឹងការជំទាស់ ? ផងដែរ សូមពិចារណាពីសំណួរដូចខាងក្រោមនេះ ៖
-
តើនៅពេលណាដែលបងប្អូនបានទទួលអារម្មណ៍មានសម្ពាធឲ្យធ្វើអ្វីមួយ ដែលបងប្អូនដឹងថាខុស ? តើព្រះអម្ចាស់បានប្រទានពរដល់បងប្អូនចំពោះការរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ដោយរបៀបណា ?
-
ប៉ុន្តែ ចុះបើសេចក្តីជំនឿរបស់បងប្អូនពុំបាននាំឲ្យមានអព្ភូតហេតុដែលបងប្អូនចង់បានវិញនោះ ? ( សូមមើល ឧទាហរណ៍ អាលម៉ា ១៤:៨–១៣ ) ។ ដោយផ្អែកលើអ្វីដែលបងប្អូនអាននៅក្នុង ដានីយ៉ែល ៣:១៣–១៨ តើបងប្អូនគិតថា សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ នឹងឆ្លើយសំណួរនេះយ៉ាងដូចម្តេច ? តើគំរូរបស់ពួកគាត់អាចមានឥទ្ធិពលលើរបៀបដែលបងប្អូនដោះស្រាយនឹងការសាកល្បងនៃឧបសគ្គរបស់បងប្អូនយ៉ាងដូចម្តេច ?
-
តើជម្រើសដ៏សុចរិតរបស់បងប្អូនអាចនាំអ្នកដទៃឲ្យមានសេចក្តីជំនឿកាន់តែខ្លាំងទៅលើព្រះអម្ចាស់យ៉ាងដូចម្ដេច ? ( សូមមើល ដានីយ៉ែល ២:៤៧; ៣:២៨–២៩ ) ។ សូមពិចារណាពីឥទ្ធិពលដែលការជ្រើសរើសរបស់បងប្អូនអាចមានចំពោះអ្នកដទៃ ។
សូមមើលផងដែរ ឌៀថើរ អេហ្វ អុជដូហ្វ « Be Not Afraid, Only Believe » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៧៦–៧៩ ។
សូមព្យាយាមឲ្យមនុស្សគ្រប់គ្នាចូលរួមចំណែក ។ ព្រះអង្គសង្រ្គោះ « អញ្ជើញ … ទាំងអស់គ្នាឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ » ( នីហ្វៃទី២ ២៦:៣៣ ) ។ ប្រសិនបើបងប្អូនបង្រៀនគ្រួសារ ឬថ្នាក់រៀនបងប្អូន សូមជញ្ជឹងគិតអំពីរបៀបដែលបងប្អូនអាចផ្តល់ឲ្យមនុស្សគ្រប់គ្នានូវឱកាសដើម្បីចូលរួមតាមរបៀបណាមួយ ។ ឧទាហរណ៍ បងប្អូនអាចផ្តល់ឲ្យមនុស្សម្នាក់ៗនូវវគ្គបទគម្ពីរ ផ្នែកមួយនៃសារលិខិតពីសន្និសីទ ឬខគម្ពីរវគ្គមួយមកពីទំនុកតម្កើងដើម្បីជញ្ជឹងគិត និងផ្តល់យោបល់ ។ កុំដាក់សម្ពាធនរណាម្នាក់ឲ្យចូលរួម ប៉ុន្តែសូមផ្តល់ឱកាសឲ្យពួកគេវិញ ។
Shadrach, Meshach, and Abednego in the Fiery Furnace [ សាដ្រាក់, មែសាក់ និង អ័បេឌ-នែកោនៅក្នុងគុកភ្លើង ] ដោយ វិល្លាម ម័រហ្គិន
ដានីយ៉ែល ២
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជានគរព្រះនៅលើផែនដី ។
តាមរយៈវិវរណៈ នោះដានីយ៉ែលបានឃើញថា សុបិនរបស់នេប៊ូក្នេសា បានទាយអំពីនគរខាងលោកិយនាពេលអនាគត ក៏ដូចជានគររបស់ព្រះនាពេលអនាគតដែល « មិនត្រូវបំផ្លាញ » ផងដែរ ( ដានីយ៉ែល ២:៤៤ ) ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « សាសនាចក្រនេះដែលជានគរនៅថ្ងៃចុងក្រោយ ដែលបានព្យាករទុកនោះពុំបានបង្កើតឡើងដោយមនុស្សទេ ប៉ុន្តែបានតាំងឡើងដោយព្រះនៃស្ថានសួគ៌ ហើយនឹងរមៀលចេញទៅដូចជាថ្ម ‹ ដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ › ដើម្បីមានពាសពេញផែនដី » ( « Why the Church » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ១១១ ) ។ សូមគិតអំពីនគររបស់ព្រះនៅថ្ងៃចុងក្រោយ កាលដែលបងប្អូនអានការពិពណ៌នាអំពីថ្មនេះ ដានីយ៉ែល ២:៣៤–៣៥, ៤៤–៤៥ ។ តើបងប្អូនមានតួនាទីអ្វីខ្លះនៅក្នុងការជួយឲ្យការព្យាករនេះសម្រេចបាន ?
សូមមើលផងដែរ « ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ ! » ទំនុកតម្កើង ល.រ. ១៦៤ « God Gave Them Knowledge » ( វីដេអូ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
God Gave Them Knowledge
ដានីយ៉ែល ២:១–៣០
ការទទួលវិវរណៈតម្រូវឲ្យមានការរៀបចំខ្លួនខាងវិញ្ញាណ ។
នៅពេលបងប្អូនអាន ដានីយ៉ែល ២:១–១៥ ដោយពិចារណារបៀបដែលបងប្អូនគិត ប្រសិនបើបងប្អូនឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពរបស់ដានីយ៉ែល ។ តើដានីយ៉ែលបានធ្វើអ្វី ? ( សូមមើល ដានីយ៉ែល ២:១៦–១៨ ) ។ តើបងប្អូនអាចរៀនអ្វីខ្លះមកពី ដានីយ៉ែល ១:១៧ អំពីរបៀបដែលព្រះបានរៀបចំដានីយ៉ែល ? តើបងប្អូនអាចរៀនអ្វីខ្លះមកពីពាក្យសម្ដី និងសកម្មភាពរបស់ដានីយ៉ែល ក្រោយពីលោកបានទទួលជំនួយរបស់ព្រះអម្ចាស់ហើយ ? ( សូមមើល ដានីយ៉ែល ២:១៩–៣០ ) ។
ដានីយ៉ែល ៧:១៣–១៤
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រារបស់ព្រះវរបិតាដ៏អស់កល្បជានិច្ច ។
ក្នុងអំឡុងពេលនៃការងារបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះ ពួកសាសន៍យូដាជាច្រើនបានចាត់ទុកព្រះបរមងារនេះ « អង្គដូចជាមនុស្សជាតិ » មកពី ដានីយ៉ែល ៧:១៣ ដើម្បីសំដៅទៅលើការយាងមកនៃព្រះមែស៊ី ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះមែស៊ីមកពី ដានីយ៉ែល ៧:១៣–១៤ ? ( សូមមើលផងដែរ ម៉ូសាយ ៦:៥៧ ) ។
ព្រះអង្គសង្រ្គោះតែងតែហៅទ្រង់ផ្ទាល់ថាជា « អង្គដូចជាមនុស្សជាតិ » ។ សូមពិចារណាមើលគំរូមួយចំនួន ៖ ម៉ាថាយ ២៥:៣១; ម៉ាកុស ៩:៣១; ១០:៤៥ ។ តើទ្រង់បង្រៀនអំពីអង្គទ្រង់អ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ? នៅក្នុង ម៉ាកុស ១៤:៦១–៦៤ ព្រះយេស៊ូវបានប្រើព្រះបរមងារនេះនៅថ្ងៃចុងក្រោយក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ។ សូមកត់ចំណាំប្រតិកម្មពីមនុស្សដែលបានឮការប្រកាសរបស់ទ្រង់ ។ តើការព្យាកររបស់ដានីយ៉ែលអំពីអង្គដូចជាមនុស្សជាតិមានឥទ្ធិពលយ៉ាងណាចំពោះអារម្មណ៍របស់បងប្អូនអំពីអ្វីដែលបានកើតឡើងចំពោះទ្រង់ ម៉ាកុស ១៥ ?
ដូចជាព្រះយេស៊ូវត្រូវបានគេស្អប់ដោយការប្រកាសថាទ្រង់ជា« អង្គដូចជាមនុស្សជាតិ » នោះបងប្អូនក៏អាចប្រឈមនឹងការបៀតបៀនដោយសារការប្រកាសសេចក្ដីពិតដែរ ។ សូមប្រៀបធៀបការព្យាករនៅក្នុង ដានីយ៉ែល ៧:១៣–១៤ ជាមួយនឹងការសន្យានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:២៩, ៤៦ ។
សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:៦; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កូនមនុស្ស » បណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ដានីយ៉ែល ១; ៣; ៦
ព្រះយេស៊ូវនឹងជួយខ្ញុំឲ្យធ្វើអ្វីដែលត្រឹមត្រូវ សូម្បីតែនៅពេលវាពិបាកក្ដី ។
-
ដើម្បីជួយកូនៗបងប្អូនរៀនពីរឿងដែលការបំផុសគំនិតនៅក្នុងគម្ពីរដានីយ៉ែល បងប្អូនអាចស្វែងរករូបភាពនៃព្រឹត្តិការណ៍នៅក្នុង ដានីយ៉ែល ១, ៣ និង ៦ ( សូមមើលទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ ឬ សៀវភៅរូបភាពដំណឹងល្អ ល.រ. ២៣, ២៥, ២៦ ) ។ បន្ទាប់មក បងប្អូនអាចផ្គាប់មុខរូបភាពចុះក្រោម ហើយអញ្ជើញកូនម្នាក់ឲ្យផ្ងារមកវិញ ហើយនិយាយអំពីដំណើររឿងដែលរូបនោះតំណាងឲ្យ ។ ( ដើម្បីទទួលបានជំនួយ សូមមើល « ដានីយ៉ែល និងមិត្តរបស់លោក » « សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ » និង « ដានីយ៉ែល និងរូងសិង្ហ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១៥៤–១៥៦, ១៦០–១៦២, ១៦៣–១៦៥ ) ។
1:39Daniel and His Friends
1:39Shadrach, Meshach, and Abed-nego
1:45Daniel and the Lions’ Den
-
សូមជួយកូនៗបងប្អូនគិតអំពីស្ថានភាពនៅពេលដែលពួកគេអាចត្រូវបានដាក់សម្ពាធឲ្យធ្វើការជ្រើសរើសខុសដូចជា ដានីយ៉ែល និងមិត្តភក្តិរបស់លោកធ្លាប់មាន ដានីយ៉ែល ១, ៣ និង ៦ ។ ចែកចាយជាមួយគ្នាទៅវិញទៅមកពីរបៀបដែលបងប្អូនបានទទួលពរជ័យសម្រាប់ការធ្វើជម្រើសត្រឹមត្រូវទោះបីជាវាលំបាកក៏ដោយ ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយបទដែលទាក់ទងនឹងប្រធានបទនេះ ដូចជា « ជ្រើសរើសផ្លូវត្រូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨២ ) ។
ការទុកចិត្តលើប្រាជ្ញាវាងវៃនៃពាក្យសម្តី
ដានីយ៉ែល ១:១–៧
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យខ្ញុំមើលថែដល់រាងកាយរបស់ខ្ញុំ ។
-
ការអានដំណើររឿងអំពីដានីយ៉ែល និងមិត្តភក្តិរបស់លោកបដិសេធមិនបរិភោគសាច់ និងស្រារបស់ស្តេចអាចជំរុញឲ្យមានការសន្ទនាអំពីច្បាប់សុខភាពដែលព្រះវរបិតាសួគ៌បានប្រទានដល់យើងនៅសព្វថ្ងៃនេះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ ) ។ ប្រហែលជាបងប្អូនអាចរកមើលពរជ័យដែលដានីយ៉ែល និងមិត្តភក្តិរបស់លោកបានទទួល ហើយប្រៀបធៀបវាទៅនឹងពរជ័យដែលបានសន្យានៅក្នុងពាក្យសម្តីនៃប្រាជ្ញាវាងវៃ ( សូមមើល ដានីយ៉ែល ១:១៥–១៧ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១ ) ។
ដានីយ៉ែល ២
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជានគរព្រះនៅលើផែនដី ។
-
នៅពេលបងប្អូនអាន ដានីយ៉ែល ២:៣១–៣៥, ៤៤–៤៥ ជាមួយកូនៗបងប្អូន បងប្អូនអាចអញ្ជើញពួកគេឲ្យគូររូបនៃសុបិនរបស់នេប៊ូក្នេសា ។ សូមជួយពួកគេឲ្យយល់ថា ថ្មនៅក្នុងសុបិនតំណាងឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ តើយើងរៀនអ្វីខ្លះអំពីសាសនាចក្រមកពីសុបិននេះ ? កូនៗបងប្អូនអាចរៀបរាប់អ្វីមួយដែលព្រះវរបិតាសួគ៌បានធ្វើ ដើម្បីរៀបចំសាសនាចក្ររបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយនេះ ។ ប្រសិនបើពួកគេត្រូវការជំនួយ នោះបងប្អូនអាចបង្ហាញរូបភាពនៃព្រឹត្តិការណ៍នានានៅក្នុងការស្ដារឡើងវិញរបស់សាសនាចក្រ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៩០–៩៥ ) ។
ដានីយ៉ែល ៦
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំអធិស្ឋានជាញឹកញាប់ ។
-
ហេតុអ្វីបានជាការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌មានសារៈសំខាន់ចំពោះដានីយ៉ែល ? ប្រហែលជាបងប្អូន និងកូនៗបងប្អូនអាចនិយាយអំពីសំណួរនោះនៅពេលបងប្អូនអាន ដានីយ៉ែល ៦ ជាមួយគ្នា ។ បន្ទាប់មក បងប្អូនអាចប្រាប់គ្នាទៅវិញទៅមកថាហេតុអ្វីបានជាការអធិស្ឋានមានសារៈសំខាន់សម្រាប់បងប្អូន ។ កូនៗបងប្អូនអាចរីករាយនឹងការគូររូបខ្លួនឯងអធិស្ឋានក្នុងស្ថានភាពផ្សេងៗ ។ ពួកគេអាចប្រើគំនូររបស់ពួកគេដើម្បីបង្រៀនគ្នាទៅវិញទៅមកថាយើងអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌មិនថាយើងនៅទីណា ឬយើងត្រូវការអ្វីឡើយ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។