ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២៤–៣០ ខែសីហា  « ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ » ៖ ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦


« ថ្ងៃទី២៤–៣០ ខែសីហា ‹ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ › ៖ ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២៤–៣០ ខែសីហា ‹ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

ព្រះយេស៊ូវ​កំពុង​កាន់​ចង្កៀង​នៅពេល​យប់

Saving That Which Was Lost [ ការសង្គ្រោះ​អ្វី​ដែល​បាត់បង់ ] ដោយ ម៉ៃឃើល ម៉ម

ថ្ងៃទី២៤–៣០ ខែសីហា ៖ « ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ »

ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦

អ្នក​និពន្ធ​ទំនុកដំកើង​បានចែកចាយ​អារម្មណ៍​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ​នៅក្នុង​កំណាព្យ​របស់​ពួកគាត់ ។ ពួកគាត់​បាន​សរសេរ​អារម្មណ៍​បាក់​ទឹកចិត្ត ខ្លាច និង​វិប្បដិសារី ។ នៅពេលខ្លះ ពួកគាត់​បាន​មានអារម្មណ៍​ត្រូវបាន​ព្រះ​បោះបង់ចោល ហើយ​ទំនុកដំកើង​មួយចំនួន​បង្ហាញ​នូវ​អារម្មណ៍​ខកចិត្ត និង​អស់សង្ឃឹម ។ ប្រសិនបើ​បងប្អូន​ធ្លាប់​មានអារម្មណ៍​នោះ ការអាន​ទំនុកដំកើង​អាច​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា​មិនមែន​បងប្អូន​តែ​ម្នាក់ឯង​ទេ​ដែល​មានអារម្មណ៍​បែបនេះ ។ ប៉ុន្តែ​បងប្អូនក៏​នឹង​រកឃើញ​ទំនុកដំកើង​ដែល​លើកទឹកចិត្ត​បងប្អូន​ផងដែរ នៅពេល​បងប្អូន​មានអារម្មណ៍​បែបនោះ ពីព្រោះ​អ្នកនិពន្ធ​ទំនុកដំកើង​ក៏​មាន​ការសរសើរ​ដល់​ព្រះអម្ចាស់​ពី​សេចក្តី​ល្អ​របស់ទ្រង់ ស្ញប់ស្ញែង​ដល់​ព្រះចេស្តាទ្រង់ និង​រីករាយ​នៅក្នុង​សេចក្តី​មេត្តា​ករុណា​របស់ទ្រង់​ផងដែរ ។ ពួកគាត់​បានដឹងថា យើង​ត្រូវបាន​ផ្ទុកដោយ​អំពើ​អាក្រក់ និង​អំពើបាប ប៉ុន្តែ​ថា​ព្រះអម្ចាស់​គឺ « ល្អ ទ្រង់​បម្រុង​តែ​នឹង​អត់​ទោស » ( ទំនុកដំកើង ៨៦:៥ ) ។ ពួកគាត់​បានយល់ថា ការមានជំនឿ​លើ​ព្រះអម្ចាស់​ពុំមែន​មានន័យថា បងប្អូន​នឹង​មិនជួបរឿង​ស្មុគស្មាញ​ថប់បារម្ភ អំពើបាប ឬ​ភ័យខ្លាច​នោះទេ ។ វា​មានន័យថា​បងប្អូន​ដឹងថា​តើ​ត្រូវ​ទៅរក​នរណា ពេល​បងប្អូន​ជួបរឿង​បែបនោះ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ទំនុកដំកើង ៤៩; ៦២:៥–១២

សេចក្តី​ប្រោសលោះ​មកតែ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។

ទំនុកដំកើង ៤៩ មាន​សារ​មួយ​សម្រាប់ « ទាំង​ធំ​ទាំង​តូច ទាំង​មាន​ទាំង​ក្រ​គ្រប់​គ្នា » ( ខទី ២ ) ។ តើ​បងប្អូន​នឹង​និយាយ​ថា​សារ​នេះ​ជាអ្វី ? តើ​បងប្អូន​មានអារម្មណ៍​ថា ទំនុកដំកើង ៦២:៥–១២ បន្ថែម​អ្វីខ្លះ​ដល់​សារ​នោះ ?

ការអាន​ទំនុកដំកើង​ទាំងនេះ​អាច​បំផុស​គំនិត​បងប្អូន​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​យើង​ត្រូវបាន​ល្បួងឲ្យ​ទុកចិត្ត​លើអ្វី​មួយ​ក្រៅ​ពី​ព្រះ​សម្រាប់​ការប្រោសលោះ ( សូមមើល ទំនុកដំកើង ៤៩:៦–៧ ) ។ តើ​ជីវិត​របស់​បងប្អូន​ទទួល​ឥទ្ធិពល​តាមរយៈ​ទីបន្ទាល់​របស់​បងប្អូន​ដែល​ថា « ព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​[ របស់​បងប្អូន ]​ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ » យ៉ាងដូចម្តេច ? ( ទំនុកដំកើង ៤៩:១៥ ) ។

ទំនុកដំកើង ៥១; ៨៥–៨៦

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ដោយសារ​តែ​សេចក្តីមេត្តាកុរណា​របស់​ព្រះអង្គ​សង្រ្គោះ ខ្ញុំ​អាច​ត្រូវបាន​អត់ទោសឲ្យ ។

ស្ដេច​ដាវីឌ​បានសរសេរ ទំនុកដំកើង ៥១ បន្ទាប់ពី​ទ្រង់​បាន​ដឹងពី​សេចក្ដី​ត្រូវការ​ដ៏ធំ​របស់​ទ្រង់​សម្រាប់​ការអត់ទោស—ជាអ្វីមួយ​ដែលយើង​គ្រប់គ្នា​ត្រូវការ ។ តើ​ខ​ណាមួយ​ដែល​រៀបរាប់​ពី​អារម្មណ៍​ដែល​បងប្អូន​ធ្លាប់មាន ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ទំនុកដំកើង​នេះ​ដែល​ផ្ដល់​ឲ្យ​បងប្អូន​នូវ​សេចក្តី​សង្ឃឹម​សម្រាប់​ការភ័យទោស ?

បងប្អូន​ក៏អាច​ស្រាវជ្រាវ ទំនុកដំកើង ៥១ រកមើល​តម្រុយ​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត​ផងដែរ ។ សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​បងប្អូន​រកឃើញ ។⁠ សូម​មើល​ថា​តើ​បងប្អូន​អាចបន្ថែម​នៅក្នុង​បញ្ជី​របស់​បងប្អូន​ដោយការ​ស្រាវជ្រាវ​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « We Can Do Better and Be Better » ( Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៦៧–៦៩ ) ។

តើ​បងប្អូន​ពិពណ៌នា​យ៉ាង​ដូចម្ដេច​អំពី​អារម្មណ៍​ដែលទទួល​បាន​ការអត់ទោស​តាម​រយៈ​ព្រះគ្រីស្ទ ? ប្រសិនបើ​បងប្អូន​ត្រូវការ​ជំនួយ​ដើម្បី​ពិពណ៌នា​អំពី​អារម្មណ៍​របស់​បងប្អូន បងប្អូន​អាចមើល​នៅក្នុង ទំនុកដំកើង ៥១:១–២, ៧–១២; ៨៥:២–៩ ។ មនុស្ស​មួយចំនួន​ចូលចិត្ត​គូរ ឬ​ស្វែងរក​រូបភាព​ដើម្បី​បង្ហាញ​អារម្មណ៍​របស់​ពួកគេ បងប្អូន​អាច​សាកល្បង​ធ្វើបែប​ហ្នឹង​បាន ។ បងប្អូន​ក៏​អាច​ច្រៀង ឬ​ស្ដាប់​ទំនុកតម្កើង​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ ដូចជាបទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ទំនុក​តម្កើង ល.រ. ១១៥ ) ។

ដើម្បី​ប្រែចិត្ត យើង​ត្រូវការ​សេចក្តី​ជំនឿ​មិន​ត្រឹមតែ​ថា ព្រះយេស៊ូវ​គ្រីស្ទ អាច លាង​សម្អាត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថា​ទ្រង់ នឹង​លាង​សម្អាត​យើង​ផងដែរ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង ទំនុក​ដំកើង ៨៦:៥, ១៣, ១៥ ដែល​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​មាន​ទាំងលទ្ធភាព និង​មាន​ព្រះឆន្ទៈ​ដើម្បី​អត់ទោសឲ្យ ?

សូមមើល​ផងដែរ អាលម៉ា ៣៦; ភីទើរ អែហ្វ មើរស្ស « ទ្រង់​អាច​ព្យាបាល ខ្ញុំ បាន ! » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៣៩–៤១ ។

ទំនុកដំកើង ៥១:១៣–១៥; ៦៦:៥–២០; ៧១:១៥–២៤

ទីបន្ទាល់​របស់ខ្ញុំ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ អាច​ជួយ​អ្នកដទៃ​ឲ្យមក​រកទ្រង់ ។

សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវគ្រីស្ទ និង​ព្រះចេស្តា​ដ៏ធួន​របស់ទ្រង់ ។ បន្ទាប់មក កាល​បងប្អូន​សិក្សា ទំនុកដំកើង ៥១:១៣–១៥; ៦៦:៥–២០; ៧១:១៥–២៤ សូមគិត​ពី​របៀប​ដែល​បងប្អូន​អាច​អញ្ជើញ​អ្នកដទៃ​ឲ្យ « មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ » ( ទំនុកដំកើង ៦៦:៥ ) ។ ប្រសិនបើ​បងប្អូន​ត្រូវ « ថ្លែង​ប្រាប់​ពី​ការ​ដែល​[ព្រះអម្ចាស់]​បាន​ប្រោស​ដល់​ព្រលឹង​[បងប្អូន] » ( ទំនុកដំកើង ៦៦:១៦ ) តើ​បងប្អូន​នឹង​ថ្លែង​អំពី​អ្វីខ្លះ ?

តើការ « និទាន​ពី​សេចក្តី​សុចរិត​[ របស់​ទ្រង់ ] ជា​ដរាប​រាល់​ថ្ងៃ » មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( ទំនុកដំកើង ៧១:២៤ ) ។

សូម​មើល​ផង​ដែរ អាលម៉ា ២៦ ។

យុវជន​ម្នាក់​កំពុង​ចែកចាយ​បទគម្ពីរ​ជាមួយ​អ្នកដទៃ

« មក​នេះ ចូរ​ស្តាប់​ចុះ … ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​[ ព្រះ ]​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ » ( ទំនុកដំកើង ៦៦:១៦ ) ។

ទំនុកដំកើង ៦៣; ៦៩; ៧៧–៧៨

ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​នៅពេល​ខ្ញុំ​មាន​សេចក្ដីត្រូវការ ។

ទំនុកដំកើង​ជាច្រើន​ពិពណ៌នា​អំពី​អារម្មណ៍​ដែល​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ហើយ​ត្រូវការ​ជំនួយ​ពី​ទ្រង់​យ៉ាងខ្លាំង ( សូមមើល ទំនុកដំកើង ៦៣:១, ៨; ៦៩:១–៨, ១៨–២១; ៧៧:១–៩ ) ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង ទំនុកដំកើង ៦៣៦៩; ៧៧–៧៨ ដែល​ផ្តល់​ការធានា​ដល់​អ្នក​និពន្ធ​ទំនុកដំកើង ?

នៅពេល​បងប្អូន​ថប់​អារម្មណ៍ តើ​វា​ជួយ​បងប្អូន​ឲ្យ « រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា » និង « ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម » យ៉ាងដូចម្តេច ? ( ទំនុកដំកើង ៧៧:១១ ) ។ ការអស្ចារ្យ​ទាំងនេះ​មួយចំនួន​ត្រូវបាន​ពិពណ៌នា​នៅក្នុង ទំនុកដំកើង ៧៨ ។ នៅពេល​បងប្អូន​អាន​អំពី​វា សូម​ពិចារណា​នូវ​អ្វី​ដែល​ជួយ​បងប្អូន « បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ [ របស់​បងប្អូន ] » ( ខទី ៧ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ពីព្រោះ​ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃអាទិត្យ​សប្ដាហ៍​ទី ៥ នៃ​ខែនេះ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យប្រើប្រាស់​សកម្មភាព​រៀន​នៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

ទំនុកដំកើង ៥១; ៨៦:៥, ១៣, ១៥

នៅពេល​ខ្ញុំ​ធ្វើ​ការជ្រើសរើស​ខុស ព្រះយេស៊ូវ​អាច​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្តូរ ។

  • ដើម្បី​ជួយ​កុមារ​រកឃើញ​សេចក្ដីពិត​អំពី​ការប្រែចិត្ត​នៅក្នុង ទំនុកដំកើង ៥១ បងប្អូន​អាច​គូររូប​បេះដូង​ធំមួយ ។ បន្ទាប់ពី​បងប្អូន​អាចជួយ​កូនៗ​បងប្អូន​ឲ្យសរសេរ​នៅក្នុង​បេះដូងនោះ​នូវ​រឿង​អាក្រក់ៗ​ដែល​សាតាំង​ល្បួង​យើង​ឲ្យធ្វើ ។ តើយើង​អាច​ដក​យក​រឿងទាំងនេះ​ចេញពី​ដួងចិត្ត​របស់​យើង​ដោយ​របៀបណា ? សូម​ឲ្យ​កូនៗ​បងប្អូន​ស្វែងរក​ពាក្យ « ចិត្ត » នៅក្នុង ទំនុកដំកើង ៥១:១០, ១៧ ។ សូម​និយាយ​នូវ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ការប្រែចិត្ត ។ ចូរ​ឲ្យ​កូនៗ​បងប្អូន​លុប​ពាក្យ​នៅក្នុង​រូបបេះដូង​ចេញ ហើយ​សរសេរ​ពាក្យថ្មីៗ​ដែល​ពិពណ៌នា​នូវ​របៀប​ដែល​ព្រះយេស៊ូវ​អាច​ផ្លាស់ប្ដូរ​យើង​នៅពេល​យើង​ប្រែចិត្ត ។

  • បងប្អូន​គួរតែ​ជួយ​កូនៗ​បងប្អូន​ឲ្យរៀនសូត្រ​ពី​អត្ថន័យ​នៃ​ការមាន « ចិត្ត​ខ្ទេចខ្ទាំ ហើយ​ទន់ទាប » ( ទំនុកដំកើង ៥១:១៧ ) ។ ពួកគេ​អាច​ប្តូរ​វេន​គ្នា​បំបែក​បើក​អ្វីមួយ​ដែល​មាន​សំបក​រឹង ដូចជា​ស៊ុត ឬ​គ្រាប់​ធញ្ញជាតិ ។ បងប្អូន​អាចជួយ​ពួកគេ​ប្រៀបធៀប​សំបក​នោះ​ទៅនឹង​រឿង​ទាំងឡាយ​ដែល​រារាំង​យើង​ពី​ការទទួល​អារម្មណ៍​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។ តើ​យើង​អាច​បើកដួងចិត្ត​របស់យើង​ចំពោះ​ទ្រង់​ដោយ​របៀបណា ?

  • បងប្អូន​ក៏អាច​រកមើល​រូបភាព​មួយ​របស់​ព្រះអង្គសង្គ្រោះ​រួមគ្នា ហើយសួរ​ដល់​កូនៗ​បងប្អូន​ថា តើ​ពួកគេ​នឹង​ប្រើពាក្យ​អ្វីខ្លះ​ដើម្បី​ពិពណ៌នា​អំពី​ទ្រង់ ។ សូម​អញ្ជើញ​ពួកគេ​ស្វែងរក​ពាក្យ​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​ទ្រង់ នៅក្នុង ទំនុកដំកើង ៨៦:៥, ១៣, ១៥ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹងរឿង​ទាំងនេះ​អំពី​ទ្រង់ ?

ទំនុកដំកើង ៦១:២–៣

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ថ្មដា​របស់​ខ្ញុំ ។

  • កុមារ​អាច​រីករាយ​នឹង​ការគូររូប​សញ្ញា​នៅក្នុង ទំនុកដំកើង ៦១:២–៣ ។ តើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​« ថ្មដា »​ដែល​ខ្ពស់ជាង ( ខទី ២ ) ជា​« ទីជម្រក » និង​« ប៉ម​យ៉ាងមាំមួន » ដោយ​របៀប​ណា ? ( ខទី ៣ ) ។

ប៉ម​ចាំយាម​ដែល​សង់​ឡើង​ពី​ថ្ម

« ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ​គឺជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ »​( ទំនុកដំកើង ៦១:៣ ) ។

ទំនុកដំកើង ៦៦:១៦; ៧៧:១១; ៧៨:៦–៧

« ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា » ។

  • ចូរសុំ​ឲ្យ​កូនៗ​បងប្អូន​ចែកចាយ​ដំណើររឿង​បទគម្ពីរ​មួយ​ចំនួន​ដែល​ពួកគេ​ចូលចិត្ត ( រូបភាព​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ អាចជួយបាន ) ។ តើ​រឿងទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? បងប្អូន​អាច​អាន ទំនុកដំកើង ៦៦:១៦ រួមគ្នា ហើយប្ដូរវេន​គ្នា​ឆ្លើយ​សំណួរ​« តើ​ព្រះអម្ចាស់​បានធ្វើ​អ្វីខ្លះ​ដើម្បី​ប្រោសលោះ​ព្រលឹងខ្ញុំ » ?

  • កាលដែល​បងប្អូន​អាន ទំនុកដំកើង ៧៧:១១; ៧៨:៦–៧ រួមគ្នា បងប្អូន​អាចចែកចាយ​ជាមួយគ្នា​នូវ​របៀបដែល​បងប្អូន​ព្យាយាម​« រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា » ( ទំនុកដំកើង ៧៧:១១ ) រួមបញ្ចូលទាំង​កិច្ចការ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​បងប្អូន ។ តើ​ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ « ចងចាំ​ជានិច្ច » ដោយរបៀបណា ? ( មរ៉ូណៃ ៤:៣; ៥:២ ) ។

ទំនុកដំកើង ៧១:៨

ខ្ញុំ​អាច​ប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • បន្ទាប់ពី​អាន ទំនុកដំកើង ៧១:៨ ជាមួយ​កូនៗ​បងប្អូន សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូប​មាត់​ធំ​មួយ ។ សូម​ឲ្យ​ពួកគេ​ជួយ​បងប្អូន « បំពេញ » មាត់​នោះ ជាមួយ​នឹងរូបភាព ឬ​ពាក្យ​តំណាងឲ្យ​រឿងនានា​ដែល​យើង​អាច​ប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • បងប្អូន​អាច​ហុច​រូបភាព​របស់​ព្រះយេស៊ូវ​មួយ​តៗ​គ្នា​នៅក្នុង​ថ្នាក់ ។ កុមារ​ដែល​កាន់​រូបភាព​នោះ​អាច​និយាយ​អំពី​រឿងមួយ​ដែល​ពួកគេ​ដឹង​អំពី​ទ្រង់ ។ តើ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ដឹង​ការណ៍​ទាំង​នេះ​បាន​យ៉ាង​ដូចម្តេច ?

កុមារ​មាន​អ្វី​ជា​ច្រើន​ដើម្បី​ចែកចាយ ។ « នៅពេល​កុមារ​រៀន​អ្វីមួយ​ថ្មី នោះ​ពួកគេ​ចង់​ចែកចាយវា​ជាមួយ​នឹង​អ្នក​ដទៃ​ដោយ​ឯកឯង ។ សូម​លើក​ទឹកចិត្ត​ដល់​បំណង​ប្រាថ្នា​នេះ​ដោយ​ការផ្ដល់​ឱកាស​ដល់កុមារ​តូចៗ​ឲ្យ​បង្រៀន​គោលការណ៍​ដំណឹងល្អ​ដល់គ្នា​ទៅវិញទៅមក ដល់​សមាជិក​គ្រួសារ​ពួកគេ និង​ដល់​មិត្ត​របស់​ពួកគេ ។ សូម​សុំ​ឲ្យពួកគេ​ចែកចាយ​ជាមួយ​អ្នក​អំពី​គំនិត​អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ ទាក់ទង​នឹង​គោលការណ៍​ដែល​អ្នក​កំពុង​បង្រៀន​ផងដែរ ។ បងប្អូន​នឹងឃើញ​ថា ពួកគេ​មានគំនិត​យោបល់​សាមញ្ញៗ បរិសុទ្ធ និង​មាន​អានុភាព » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣២ ) ។

ទំនុកដំកើង ៨៦:៧

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ឮ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

  • ទំនុក​ដំកើង​ជាច្រើន គឺប្រៀបបាន​នឹងការអធិស្ឋាន​ទៅកាន់​ព្រះ ។ នៅពេល​បងប្អូន​អាន​ទំនុកដំកើង​ជាមួយ​កូនៗ បងប្អូន​អាច​បង្ហាញ​ពួកគេ​នូវ​វត្ថុ​ដែលយើង​អាចប្រើ​ដើម្បី​ប្រាស្រ័យទាក់ទង​នឹង​មនុស្ស​ដែល​នៅឆ្ងាយ ដូចជា​ទូរសព្ទ ឬ​សំបុត្រ ។ បន្ទាប់មក សូមអាន ទំនុកដំកើង ៨៦:៧ ។ តើ​យើង​អាច « អំពាវនាវ » ដល់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្តេច ? តើ​ទ្រង់​ឆ្លើយ​តប​ដល់​យើង​យ៉ាង​ដូចម្ដេច ?

  • បងប្អូន​អាចច្រៀង​រួមគ្នា​នូវ​ចម្រៀង​មួយបទ​អំពី​ការអធិស្ឋាន ដូចជា​បទ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២–១៣ សូមមើល​ផងដែរ ស៊ូសាន អេច ផតធ័រ « ចូរ​អធិស្ឋាន ទ្រង់​គង់​នៅ​ក្បែរ » លីអាហូណា ខែឧសភា ឆ្នាំ​២០២៤ ទំព័រ ៧៧–៧៩ ) ។ សូម​ប្រាប់​គ្នា​អំពី​ពេល​មួយដែល​ព្រះ​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​បងប្អូន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព​របស់​ព្រះយេស៊ូវ

ចូរមក​រក​ព្រះគ្រីស្ទ ដោយ ខេស៊ី ឆាល

ទំព័រ​សកម្មភាព​សម្រាប់​អង្គការ​បឋមសិក្សា ៖ នៅពេល​ខ្ញុំ​ធ្វើ​ការជ្រើសរើស​ខុស ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្តូរ