« ថ្ងៃទី២៧ ខែកក្កដា–ថ្ងៃទី២ ខែសីហា ‹ ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ › ៖ អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២៧ ខែកក្កដា–ថ្ងៃទី២ ខែសីហា ‹ ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
I Have a Great Work to Do [ ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ] ដោយ ធីសុន ស្នូ
ថ្ងៃទី២៧ ខែកក្កដា–ថ្ងៃទី២ ខែសីហា ៖ « ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ »
អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨
ប្រជាជនយូដាបានជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូនប្រមាណជា ៧០ ឆ្នាំ ។ ពួកគេបានបាត់បង់ក្រុងយេរូសាឡិម និងព្រះវិហារបរិសុទ្ធ ហើយមានពួកគេជាច្រើនបានភ្លេចការតាំងចិត្តរបស់ខ្លួនចំពោះក្រឹត្យវិន័យរបស់ព្រះ ។ ប៉ុន្តែព្រះមិនបានភ្លេចពួកគេទេ ។ ពិតណាស់ ទ្រង់បានប្រកាសតាមរយៈព្យាការីរបស់ទ្រង់ថា « យើងនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសម្រេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់យើង ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ » ( យេរេមា ២៩:១០ ) ។ ពិតចំពោះការព្យាករនេះ ព្រះអម្ចាស់រៀបមធ្យោបាយសម្រាប់រាស្ដ្រទ្រង់ត្រឡប់—ទាំងទៅក្រុងយេរូសាឡិម និងសំខាន់ជាងនេះទៅទៀតចំពោះសេចក្ដីសញ្ញាទាំងឡាយរបស់ពួកគេ ។ ហើយទ្រង់បានតាំងពួកអ្នកបម្រើដែលបានសម្រេចបាននូវ « កិច្ចការមួយយ៉ាងធំ » ( នេហេមា ៦:៣ ) ៖ ចៅហ្វាយម្នាក់ឈ្មោះសូរ៉ូបាបិលមើលការខុសត្រូវលើការសាងសង់ដំណាក់នៃព្រះអម្ចាស់ ។ អែសរ៉ា ជាសង្ឃ និងជាអាចារ្យ បានជួយប្រជាជនឲ្យបែរដួងចិត្ដរបស់ពួកគេទៅរកក្រឹត្យវិន័យរបស់ព្រះអម្ចាស់វិញ ។ ហើយនេហេមាបានដឹកនាំការសាងសង់កំពែងការពារឡើងវិញនៅជុំវិញក្រុងយេរូសាឡិម ។ ពួកគេបានជួបក្រុមជំទាស់ ប៉ុន្តែពួកគេក៏ទទួលបានជំនួយពីប្រភពដែលមិននឹកស្មានដល់ផងដែរ ។ បទពិសោធន៍របស់ពួកលោកអាចប្រាប់ និងបំផុសដល់យើង ពីព្រោះយើងក៏កំពុងធ្វើកិច្ចការមួយយ៉ាងធំផងដែរ ។ ដូចជាពួកលោកផងដែរ កិច្ចការរបស់យើងដែលត្រូវធ្វើជាច្រើនមានជាប់ទាក់ទងជាមួយនឹងដំណាក់នៃព្រះអម្ចាស់ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ និងការការពារខាងវិញ្ញាណដែលយើងឃើញមាននៅក្នុងទ្រង់ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរអែសរ៉ា និងគម្ពីរនេហេមា សូមមើល « អែសរ៉ា » និង « នេហេមា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
អែសរ៉ា ១
ព្រះអម្ចាស់បានបំផុសគំនិតដល់ប្រជាជនឲ្យសម្រេចនូវគោលបំណងរបស់ទ្រង់ ។
បន្ទាប់ពីពួកពើស៊ីបានច្បាំងដណ្តើមយកបាប៊ីឡូន ព្រះអម្ចាស់បានបំផុសគំនិតស្តេចពើស៊ី ស្តេចស៊ីរូស ដើម្បីបញ្ជូនក្រុមសាសន៍យូដាទៅកាន់ក្រុងយេរូសាឡិមដើម្បីសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ ។ នៅពេលបងប្អូនអាន អែសរ៉ា ១ សូមកត់ចំណាំនូវអ្វីដែលស្តេចស៊ីរូសបានធ្វើដើម្បីគាំទ្រដល់ពួកសាសន៍យូដានៅក្នុងកិច្ចការដ៏សំខាន់នេះ ។ តើបងប្អូនមើលឃើញព្រះអម្ចាស់កំពុងធ្វើការតាមរយៈបុរស និងស្ត្រីជុំវិញបងប្អូន រួមទាំងប្រជាជនដែលមិនមែនជាសមាជិកសាសនាចក្ររបស់ទ្រង់យ៉ាងដូចម្ដេច ? តើការណ៍នេះប្រាប់អ្វីខ្លះដល់បងប្អូនអំពីព្រះអម្ចាស់ និងកិច្ចការរបស់ទ្រង់ ?
សូមមើលផងដែរ អេសាយ ៤៤:២៤–២៨ ។
អេសរ៉ា ៣:៨–១៣; ៦:១៦–២២
ដំណាក់នៃព្រះអម្ចាស់គឺជាដំណាក់នៃអំណរ ។
នៅពេលសាសន៍បាប៊ីឡូនដណ្ដើមបានក្រុងយេរូសាឡិម ពួកគេបានយកព្រះវិហារបរិសុទ្ធ ហើយបានដុតបំផ្លាញចោលគ្មានសល់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៥:១–១០; របាក្សត្រ ទី២ ៣៦:១៧–១៩ ) ។ តើបងប្អូនគិតថា បងប្អូនអាចមានអារម្មណ៍បែបណា ប្រសិនបើបងប្អូនជាមនុស្សម្នាក់នៃពួកយូដាដែលបានឃើញហេតុការណ៍នេះ ? ( សូមមើល ទំនុកដំកើង ១៣៧ ) ។ សូមកត់សម្គាល់ពីអារម្មណ៍របស់ពួកយូដា ច្រើនទសវត្សរ៍ក្រោយមក ពេលពួកគេត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញ ហើយសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ ( សូមមើល អែសរ៉ា ៣:៨–១៣; ៦:១៦–២២ ) ។ ការណ៍នោះអាចនឹងជំរុញបងប្អូនឲ្យជញ្ជឹងគិតពីអារម្មណ៍របស់បងប្អូនផ្ទាល់អំពីព្រះអម្ចាស់ និងដំណាក់របស់ទ្រង់ ។ ហេតុអ្វីការសាងសង់ព្រះវិហារបរិសុទ្ធគឺជាបុព្វហេតុដើម្បីអបអរសាទរទៅវិញ ?
ព្រះវិហារបរិសុទ្ធសូរ៉ូបាបិល រូបភាពរចនាដោយ សែម ឡយឡ័រ
អែសរ៉ា ៤–៦; នេហេមា ២; ៤; ៦
ព្រះមានកិច្ចការដ៏សំខាន់មួយឲ្យខ្ញុំធ្វើ ។
កិច្ចការរបស់ព្រះអម្ចាស់កម្រនឹងគ្មានការប្រឆាំងណាស់ ។ នេះជាការពិតនៃកិច្ចខិតខំប្រឹងប្រែងដែលសូរ៉ូបាបិល និងនេហេមាបានដឹកនាំ ។ នេះជាវិធីសាស្ត្រសាមញ្ញមួយដែលអាចជួយបងប្អូនរៀនពីដំណើររឿងទាំងនេះ ហើយពិចារណាពីរបៀបដែលបងប្អូនអាចធ្វើកិច្ចការរបស់ព្រះអម្ចាស់ បើទោះបីជាមានការប្រឆាំងក្តី ៖
កិច្ចការរបស់ព្រះសម្រាប់សូរ៉ូបាបិល ( អែសរ៉ា ៤:៣ ) ៖
កិច្ចការរបស់ព្រះសម្រាប់នេហេមា ( នេហេមា ២:១៧–១៨ ) ៖
កិច្ចការរបស់ព្រះសម្រាប់ខ្ញុំ ៖
ការប្រឆាំងដែលសូរ៉ូបាបិលបានប្រឈមមុខ ( អែសរ៉ា ៤:៤–២៤ ) ៖
ការប្រឆាំងដែលនេហេមាបានប្រឈមមុខ ( នេហេមា ២:១៩; ៤:១–៣, ៧–៨; ៦:១–១៣ ) ៖
ការប្រឆាំងដែលខ្ញុំប្រឈមមុខ ៖
របៀបដែលសូរ៉ូបាបិលឆ្លើយតប ( អែសរ៉ា ៥:១–២ ) ៖
របៀបដែលនេហេមាបានឆ្លើយតប ( នេហេមា ២:២០; ៤:៦, ៩; ៦:៣–១៥ ) ៖
របៀបដែលខ្ញុំអាចឆ្លើយតប ៖
សម្រាប់ជំនួយក្នុងការប្រៀបធៀបបទពិសោធន៍របស់នេហេមាទៅនឹងជីវិតរបស់បងប្អូន នោះបងប្អូនអាចសិក្សាសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « We Are Doing a Great Work and Cannot Come Down » ( Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៥៩–៦២ ) ជាពិសេសនៅ ផ្នែកពីរចុងក្រោយ ។ នៅពេលបងប្អូនគិតអំពីកិច្ចការដែលព្រះបានប្រទានមកបងប្អូន នោះបងប្អូនអាចនឹងសិក្សាពី « បាវចនាយុវនារី » ឬ « បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន » ( បណ្ណាល័យដំណឹងល្អ ) ឬបងប្អូនអាចមើលនៅក្នុងទំនុកតម្កើងដូចជាបទ « ជាបងប្អូនស្រីស៊ីយ៉ូន » ( ទំនុកតម្កើង ល.រ. ១៩៦ ) ឬ « ពួកអ៊ែលឌើរនៃអ៊ីស្រាអែល » ( ទំនុកតម្កើង ១៩៧ ) ។
តើបងប្អូនគិតថាវាមានអត្ថន័យដូម្តេចដើម្បីមាន « មានចិត្តឧស្សាហ៍ » នៅក្នុងការបម្រើនៃព្រះអង្គសង្គ្រោះ ? ( នេហេមា ៤:៦ ) ។ តើវាអាចមានអត្ថន័យដូចម្តេចដើម្បីមាន « ព្រះហស្តល្អរបស់ព្រះ … បានសណ្ឋិតលើ[ បងប្អូន]នៅពេលបងប្អូនធ្វើកិច្ចការរបស់ទ្រង់ ? ( នេហេមា ២:៨; សូមមើលផងដែរ នេហេមា ២:១៨; អែសរ៉ា ៧:៦, ៩, ២៧–២៨ ) ។ តើបងប្អូនបានឃើញព្រះហស្ដរបស់ទ្រង់ក្នុងការខិតខំរបស់បងប្អូនដើម្បីបម្រើទ្រង់ដោយរបៀបណា ?
នេហេមា ៨
ខ្ញុំមានពរ ពេលខ្ញុំសិក្សាព្រះគម្ពីរ ។
អស់ជាច្រើនជំនាន់នៅក្នុងការជាប់ឃុំឃាំង ពួកសាសន៍យូដាមានសិទ្ធិចូលប្រើប្រាស់មានកម្រិតនូវ « គម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ » ( នេហេមា ៨:១ ) ។ នៅក្នុង នេហេមា ៨ អែសរ៉ាអានក្រឹត្យវិន័យនេះទៅកាន់ប្រជាជន ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងជំពូកនេះ ដែលបង្ហាញពីអារម្មណ៍របស់អែសរ៉ា និងប្រជាជនរបស់លោកអំពីព្រះ និងព្រះបន្ទូលរបស់ទ្រង់ ? ( សូមមើលជាពិសេស ខទី ១–១២ ) ។ តើអ្វីក្នុងជីវិតរបស់បងប្អូនបង្ហាញពីអារម្មណ៍របស់បងប្អូនចំពោះព្រះ និងព្រះបន្ទូលរបស់ទ្រង់ ?
សូមមើលផងដែរ Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ២០១៤ ) ទំព័រ ១១៥–១២៤ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
អេសរ៉ា ៣:៨–១៣; ៦:១៦–២២
ដំណាក់នៃព្រះអម្ចាស់គឺជាដំណាក់នៃអំណរ ។
-
ដើម្បីបង្រៀនកូនៗបងប្អូនអំពីអារម្មណ៍នៃអំណរដែលពួកសាសន៍យូដាមាន នៅពេលព្រះវិហារបរិសុទ្ធរបស់ពួកគេសាងសង់ឡើងវិញ នោះបងប្អូនអាចបង្ហាញពួកគេនូវរូបភាពដូចរូបភាពខាងក្រោមនេះ ។ សូមនិយាយអំពីមូលហេតុដែលមនុស្សទាំងនេះអាចនឹងរីករាយនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។ បងប្អូនក៏អាចប្រាប់កូនៗថា ហេតុអ្វីបានជាព្រះវិហារបរិសុទ្ធជាកន្លែងដ៏អំណរសម្រាប់បងប្អូនផងដែរ ។ តើព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យមានអារម្មណ៍កាន់តែខិតជិតព្រះវរបិតាសួគ៍ និងព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ?
-
នៅពេលបងប្អូនអាន អែសរ៉ា ៣:១០–១៣ ជាមួយនឹងកូនៗបងប្អូន សូមជួយពួកគេរកពាក្យដែលបង្ហាញពីអារម្មណ៍របស់ពួកសាសន៍យូដា ពេលព្រះវិហារបរិសុទ្ធកំពុងសាងសង់ឡើងវិញ ។ នៅពេលបងប្អូនអានដល់ចុងបញ្ចប់នៃ ខទី ១៣ ប្រហែលជាបងប្អូនអាចស្រែកដោយអំណរជាមួយគ្នា ។ សូមជួយកូនៗបងប្អូនគិតអំពីហេតុផលដើម្បីពេញដោយអំណរដែលព្រះអម្ចាស់បានប្រទានព្រះវិហារបរិសុទ្ធដល់យើង ។ តើយើងអាចបង្ហាញអំណរនោះដោយរបៀបណា ?
-
សូមពិចារណាច្រៀងចម្រៀងអំពីព្រះវិហារបរិសុទ្ធជាមួយកូនៗបងប្អូន ដូចជាឃ្លាទីពីរនៃបទ « Welcome Home » ( បណ្ណាល័យដំណឹងល្អ ) ។ បនា្ទប់ពីឃ្លានីមួយៗ បងប្អូនអាចផ្អាកដើម្បីសុំឲ្យកុមារចែកចាយអ្វីមួយដែលគាត់ចូលចិត្តអំពីព្រះវិហារបរិសុទ្ធ ។ បងប្អូនក៏អាចមើល រូបភាពនៃព្រះវិហារបរិសុទ្ធ ខណៈពេលបងប្អូនច្រៀងផងដែរ ។
នេហេមា ២:១៧–២០; ៦:១–៩
ព្រះអម្ចាស់នឹងជួយខ្ញុំបំពេញ « កិច្ចការមួយយ៉ាងធំ » របស់ទ្រង់ ។
-
ចែកចាយជាមួយកូនៗបងប្អូននូវដំណើររឿងរបស់នេហេមា ( សូមមើល នេហេមា ២:១៧–២០; ៦:១–៩ ឬ « នេហេមា » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១៧៣–១៧៤ ) ។ នៅពេលបងប្អូនអាន នេហេមា ២:២០ បងប្អូន និងកូនៗបងប្អូនអាច « លើកគ្នាឡើង » និងសម្តែងដើម្បីជួយសាងសង់កំពែងក្រុងយេរូសាឡិម ឬកូនៗបងប្អូនអាចរីករាយនឹងការសាងសង់កំពែងដោយដុំឈើឬថ្ម ឬរបស់របរផ្សេងៗទៀត ។ នៅពេលពួកគេធ្វើ នោះបងប្អូនអាចជួយពួកគេគិតអំពីកិច្ចការសំខាន់ៗដែលព្រះវរបិតាសួគ៌ចង់ឲ្យយើងធ្វើ ។
1:38Nehemiah
-
នៅពេលបងប្អូនអាន នេហេមា ៦:៩ សូមអញ្ជើញកូនៗបងប្អូនឲ្យលើកដៃពួកគេឡើង នៅពេលពួកគេឮបងប្អូននិយាយថា « ចម្រើនកម្លាំងដៃទូលបង្គំ » ។ សូមប្រាប់កុមារអំពីគ្រាមួយដែលបងប្អូនមានអារម្មណ៍ថា ព្រះពង្រឹងដៃរបស់បងប្អូនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។
នេហេមា ៨:១–១២
ព្រះគម្ពីរទាំងឡាយគឺជាពរជ័យ ។
-
សូមអានឲ្យឮៗនូវឃ្លាមួយចំនួនចេញពី នេហេមា ៨:២–៣, ៥–៦, ៨–៩, ១២ ដែលពិពណ៌នាអំពីអ្វីដែលប្រជាជនបានធ្វើ នៅពេលពួកគេបានឮអែសរ៉ាអានព្រះគម្ពីរ ។ នៅពេលបងប្អូនអាន នោះកូនៗបងប្អូនអាចអនុវត្តឃ្លាទាំងនេះបាន ។ បន្ទាប់មក បងប្អូនអាចចែកចាយជាមួយគ្នាទៅវិញទៅមកពីអារម្មណ៍របស់បងប្អូន នៅពេលបងប្អូនអាន ឬឮពីព្រះគម្ពីរ ។
-
នៅពេលបងប្អូនអានជាមួយគ្នានូវ នេហេមា ៨:៨ បងប្អូនអាចសួរកូនៗបងប្អូននូវអ្វីដែលជួយពួកគេឲ្យយល់បទគម្ពីរទាំងឡាយ ។ សូមបង្ហាញពួកគេពីរបៀបប្រើជំនួយការសិក្សាព្រះគម្ពីរដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និង ប្រធានបទ និង សំណួរ ( បណ្ណាល័យដំណឹងល្អ ) ។ សូមអញ្ជើញកូនៗបងប្អូនឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះចេញមកពីព្រះគម្ពីរ ។
រកមើលសេចក្តីពិតដ៏នៅអស់កល្បជានិច្ចនៅក្នុងព្រះគម្ពីរ ។ « ព្រះគម្ពីរ … មានពេញដោយសេចក្តីពិតនៃដំណឹងល្អ ប៉ុន្តែជួនកាលវាតម្រូវឲ្យមានការខិតខំប្រកបដោយស្មារតីស្វែងរកសេចក្តីពិតនោះ ។ នៅពេលអ្នកកំពុងរៀនជាមួយគ្នាពីបទគម្ពីរ សូមឈប់ ហើយសួរអស់អ្នកដែលអ្នកបង្រៀនអំពីសេចក្តីពិតនៃដំណឹងល្អអ្វីខ្លះដែលពួកគេកត់សម្គាល់ឃើញ ។ សូមជួយពួកគេឲ្យឃើញពីរបៀបដែលសេចក្តីពិតទាំងនេះជាប់ទាក់ទងនឹងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ ជួនកាលសេចក្តីពិតដ៏អស់កល្បជានិច្ចបានចែងនៅក្នុងបទគម្ពីរ ហើយជួនកាលវាបានបង្ហាញនៅក្នុងរឿង និងជីវិតមនុស្សដែលយើងបានអាន ។ វាអាចមានប្រយោជន៍ ដើម្បីឈ្វេងយល់ជាមួយគ្នាអំពីប្រវត្តិសាស្ត្រនៃខគម្ពីរដែលបងប្អូនកំពុងអាន ព្រមទាំងអត្ថន័យនៃខគម្ពីរទាំងនោះ និងរបៀបដែលវាអនុវត្តចំពោះពួកយើងនៅសព្វថ្ងៃនេះ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះទំព័រ ២២ ) ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។