« ថ្ងៃទី៣–៩ ខែសីហា ‹ ព្រះនាងបានតាំងឡើង … សម្រាប់ពេលនេះឯង ៖ នាងអេសធើរ › ៖ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី៣–៩ ខែសីហា ‹ ព្រះនាង បានតាំងឡើង … សម្រាប់ពេលនេះឯង › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
Queen Esther Saves Jehovah’s Peopl [ ម្ចាស់ក្សត្រីអេសធើរ ជួយសង្គ្រោះប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ] ដោយ ស៊ែម ឡឡឺរ៍
ថ្ងៃទី៣–៩ ខែសីហា ៖ « ព្រះនាង បានតាំងឡើង … សម្រាប់ពេលនេះឯង »
នាងអេសធើរ
ព្រឹត្តិការណ៍ជាច្រើននៅក្នុងគម្ពីរនាងអេសធើរ ហាក់ដូចជារឿងសំណាង ឬចៃដន្យ ។ តើបងប្អូនពន្យល់ពីរបៀបដែលក្មេងស្រីកំព្រាសាសន៍យូដាម្នាក់បានក្លាយជាម្ចាស់ក្សត្រីរបស់ពើស៊ី ក្នុងពេលដ៏ត្រឹមត្រូវដើម្បីសង្គ្រោះប្រជារាស្រ្តរបស់ព្រះនាងឲ្យរួចពីការសម្លាប់យ៉ាងដូចម្តេច ? តើឱកាសអ្វីខ្លះទៅដែលម៉ាដេកាយ ជាជីដូនមួយរបស់ព្រះនាងអេសធើរនឹងឮពីគម្រោងការធ្វើឃាតស្តេចដោយចៃដន្យនោះ ? តើអ្វីៗទាំងនេះជារឿងចៃដន្យ ឬក៏ជាចំណែកនៅក្នុងផែនការដ៏ទេវភាពមួយ ? អែលឌើរ រ៉ូណល អេ រ៉ាសបាន បានថ្លែង ៖ « អ្វីដែលមើលទៅដូចជាឱកាសចៃដន្យគឺតាមពិតត្រូវបានត្រួតពិនិត្យដោយព្រះវរបិតាពេញដោយសេចក្ដីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ ។ … ព្រះអម្ចាស់ស្ថិតក្នុងភាពលម្អិតនៅក្នុងជីវិតរបស់យើង » ( « By Divine Design » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៥៦ ) ។ យើងអាចមិនស្គាល់ព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុង « ភាពលម្អិត » ទាំងនេះទេ ។ ប៉ុន្តែយើងបានរៀនពីបទពិសោធន៍របស់ព្រះនាងអេសធើរ ថាទ្រង់អាចដឹកនាំយើងនៅលើផ្លូវរបស់យើង និងរៀបចំយើង « សម្រាប់ពេលនេះឯង » ( នាងអេសធើរ ៤:១៤ ) នៅពេលយើងអាចធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់ដើម្បីបំពេញព្រះរាជបំណងរបស់ទ្រង់ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរនាងអេសធើរ សូមមើល « នាងអេសធើរ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
នាងអេសធើរ
ព្រះអម្ចាស់បានដាក់ខ្ញុំនៅក្នុងស្ថានភាពដែលខ្ញុំអាចផ្តល់ពរជ័យដល់អ្នកដទៃ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀនថាយើងម្នាក់ « ឈរនៅកន្លែងដែលពិសេសមួយ និងមានការងារសំខាន់មួយដែលមានតែ[ យើង ]ប៉ុណ្ណោះដែលអាចធ្វើបាន ។… ព្រះអម្ចាស់បានប្រទានដល់អ្នកនូវការទទួលខុសត្រូវរបស់អ្នកសម្រាប់ហេតុផលមួយ ។ ប្រហែលជាមានមនុស្ស និងដួងចិត្តជាច្រើនដែលមានតែអ្នកប៉ុណ្ណោះដែលអាចឈោងទៅជួយបាន ។ ប្រហែលជាគ្មាននរណាម្នាក់អាចធ្វើវាដូចជាអ្នកបានទេ » ( « Lift Where You Stand » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៥៦ ) ។
ខណៈដែលបងប្អូនអានដំណើររឿងរបស់ព្រះនាងអេសធើរ សូមជញ្ជឹងគិតពីរបៀបដែលសេចក្តីថ្លែងការណ៍នេះអនុវត្តចំពោះព្រះនាង ។ សូមស្វែងរកមធ្យោបាយដែលព្រះអម្ចាស់បានធ្វើឲ្យព្រះនាងអាចសង្គ្រោះសាសន៍យូដារបស់ព្រះនាងបាន ( សូមមើល ឧទាហរណ៍ នាងអេសធើរ ២:២១–២៣; ៣:១០–១៤; ៤:១៤–១៦ ) ។ បន្ទាប់មកពិចារណាពីរបៀបដែលទ្រង់បានប្រទានឱកាសឲ្យបងប្អូនដើម្បីផ្ដល់ពរដល់អ្នកដទៃ ។ តើកាលៈទេសៈ ឬទំនាក់ទំនងអ្វីខ្លះ ដែលទ្រង់បានដឹកនាំបងប្អូន « សម្រាប់ពេលនេះឯង » ? ( នាងអេសធើរ ៤:១៤ ) ។ ប្រសិនបើបងប្អូនមានពររបស់លោកអយ្យកោ សូមពិចារណាអានវាដើម្បីរៀនបន្ថែមទៀតអំពីកិច្ចការដែលព្រះអម្ចាស់មានឲ្យបងប្អូនធ្វើ ។ តើបងប្អូនអាចធ្វើអ្វីដើម្បីសម្រេចបានកិច្ចការនេះ ?
សូមមើលផងដែរ « For Such a Time as This » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
For Such a Time as This
យើងរៀនច្រើនថែមទៀតតាមរយៈការប្រព្រឹត្ត ជាជាងការស្ដាប់ ។ អែលឌើរ ដេវីឌ អេ បែដណា បានទូន្មានដល់គ្រូបង្រៀនទាំងឡាយ ៖ « បំណងរបស់យើងពុំគួរថា ‹ តើខ្ញុំត្រូវប្រាប់ពួកគេអ្វីខ្លះនោះទេ ? › ផ្ទុយទៅវិញ សំណួរដើម្បីសួរខ្លួនយើងគឺ ‹ តើខ្ញុំអាចអញ្ជើញពួកគេឲ្យធ្វើអ្វីខ្លះ ? តើខ្ញុំអាចសួរសំណួរបំផុសគំនិតអ្វីខ្លះ ដែលនឹងចាប់ផ្ដើមយាងព្រះវិញ្ញាណបរិសុទ្ធឲ្យមកក្នុងជីវិតរបស់ពួកគេ ? › » ( នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។ ប្រសិនបើបងប្អូនបង្រៀនគ្រួសាររបស់បងប្អូន ឬថ្នាក់អំពីនាងអេសធើរ តើបងប្អូននឹងសុំឲ្យពួកគេធ្វើអ្វីខ្លះដែលនឹងជួយពួកគេរៀន ?
« កាលហាម៉ានឃើញថា ម៉ាដេកាយមិនឱនគោរព … នោះលោកមានចិត្តពេញដោយសេចក្តីក្រោធ » ( នាងអេសធើរ ៣:៥ ) ។
នាងអេសធើរ ៣; ៥:៩–១៤; ៧
អំនួត និងកំហឹងអាចដឹកនាំទៅរកការធ្លាក់ចុះ ។
នៅក្នុងគម្ពីរនាងអេសធើរ យើងបានរៀនពីនាងអេសធើរ និងម៉ាដេកាយដ៏ស្មោះត្រង់ ប៉ុន្តែយើងក៏រៀនមកពីសេចក្តីឆ្លើងឆ្មៃ និងកំហឹងរបស់ហាម៉ានផងដែរ ។ កាលបងប្អូនអាន នាងអេសធើរ ៣; ៥:៩–១៤ សូមពិចារណាកត់ចំណាំអារម្មណ៍ ពាក្យសម្ដី និងទង្វើរបស់ហាម៉ាន ។ តើវាបានបង្ហាញអ្វីខ្លះអំពីគាត់ និងការជំរុញចិត្តរបស់គាត់ ? តើគាត់បានប្រឈមមុខនឹងផលវិបាកអ្វីខ្លះ ? ( សូមមើល នាងអេសធើរ ៧ ) ។ ការអានអំពីហាម៉ាន អាចលើកទឹកចិត្តបងប្អូនឲ្យវាយតម្លៃអ្វីដែលជំរុញអារម្មណ៍ និងទង្វើរបស់បងប្អូន ។ តើបងប្អូនបានបំផុសគំនិតឲ្យធ្វើការផ្លាស់ប្តូរដែរឬទេ ? តើបងប្អូនអាចងាកទៅរកជំនួយរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
សូមមើលផងដែរ សុភាសិត ១៦:៣២; អាលម៉ា ៥:២៨ ។
នាងអេសធើរ ៣–៤; ៥:២–៣; ៨:១១–១២
ការតមអាហារបង្ហាញថា ខ្ញុំទុកចិត្ត និងពឹងផ្អែកលើព្រះអម្ចាស់ ។
សូមកត់សម្គាល់ពីមូលហេតុដែលនាងអេសធើរ និងពួកសាសន៍យូដាដទៃទៀតបានសម្រេចចិត្តធ្វើការតមអាហារ ( សូមមើល នាងអេសធើរ ៣:១៣; ៤:១–៣, ១០–១៧ ) ។ តើការតមអាហារផ្ដល់ពរជ័យដល់ពួកគេយ៉ាងដូចម្តេច ? ( សូមមើល នាងអេសធើរ ៥:២–៣; ៨:១១–១២ ) ។ ហេតុអ្វីបានជាព្រះអម្ចាស់បានបង្គាប់យើងឲ្យតមអាហារ ? ( សូមមើល Topics and Questions « Fasting and Fast Offerings » នៅលើបណ្ណាល័យដំណឹងល្អ ) ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចធ្វើឲ្យការតមអាហារក្លាយជាពរជ័យដ៏មហិមានៅក្នុងជីវិតរបស់បងប្អូន ។
សូមមើលផងដែរ អេសាយ ៥៨:៦–១២; « Fasting: Young Single Adult Ward, Amanda » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
Fasting: Young Single Adult Ward, Amanda
នាងអេធើរ ៣:១–១១; ៤:១០–១៧; ៥:១–៤; ៩:១៧–១៩
ការធ្វើរឿងដែលត្រឹមត្រូវ ជាញឹកញាប់តម្រូវឲ្យមានភាពក្លាហានខ្ពស់ ។
នៅពេលម៉ាដេកាយ និងព្រះនាងអេសធើរ ក្រោកឈរការពារជំនឿរបស់ខ្លួន នោះព្រះនាង និងពួកគាត់បានដាក់ជីវិតក្នុងហានិភ័យ ។ ការជ្រើសរើសរបស់យើងអាចនឹងមានផលវិបាកតិចជាងមុន ប៉ុន្តែការធ្វើរឿងត្រឹមត្រូវនៅតែទាមទារភាពក្លាហាន ។ តើបងប្អូនបានរៀនអ្វីខ្លះមកពី នាងអេសធើរ ៣:១–៤; ៤:១០–១៧ អំពីការមានសេចក្តីក្លាហានធ្វើរឿងដែលត្រឹមត្រូវ ? សូមកត់ចំណាំផលវិបាកខុសគ្នាដែលម៉ាដេកាយ និងព្រះនាងអេសធើរ បានឆ្លងកាត់ បន្ទាប់ពីបង្ហាញសេចក្តីក្លាហាន ( សូមមើល នាងអេសធើរ ៣:៥–១១; ៥:១–៤ ) ។ តើព្រះនាងអេសធើរ និងម៉ាដេកាយត្រូវដឹងអ្វីខ្លះអំពីព្រះដើម្បីធ្វើការជ្រើសរើសដែលព្រះនាង និងគាត់បានធ្វើ ?
គិតពីស្ថានភាពដែលបងប្អូនត្រូវការភាពក្លាហានដើម្បីឈរការពារអ្វីដែលត្រឹមត្រូវ ។ តើបងប្អូនរៀនអ្វីខ្លះមកពីព្រះនាងអេសធើរ និងម៉ាដេកាយ ដែលអាចជួយបងប្អូនរកបានសេចក្តីក្លាហានក្នុងព្រះអម្ចាស់ ?
ភាពក្លាហានរបស់ព្រះនាងអេសធើរបាននាំឲ្យមាន « ថ្ងៃសម្រាប់រីករាយសាទរ » ( សូមមើល នាងអេសធើរ ៩:១៧–១៩ ) ។ តើភាពក្លាហានដូចជាព្រះគ្រីស្ទបានផ្តល់ឲ្យបងប្អូន « ថ្ងៃសម្រាប់រីករាយសាទរ » យ៉ាងដូចម្តេច ?
សូមមើលផងដែរ « Courage », « Dare to Stand Alone » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ « ស្មោះនឹងជំនឿ » ទំនុកតម្កើង ល.រ. ១៦០ ។
Courage
Dare to Stand Alone
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
នាងអេសធើរ ២:៥–៧
ខ្ញុំអាចបម្រើដល់ក្រុមគ្រួសាររបស់ខ្ញុំ ។
-
បងប្អូនអាចទទួលអារម្មណ៍បំផុសគំនិតដើម្បីប្រើ នាងអេសធើរ ២:៧ ដើម្បីបង្រៀនកូនៗបងប្អូនអំពីការជួយសមាជិកគ្រួសារដែលខ្វះខាត ដូចជាម៉ាដេកាយបានធ្វើសម្រាប់ព្រះនាងអេសធើរ ។ បងប្អូនអាចអានខគម្ពីរនេះជាមួយគ្នា ឬសង្ខេបវាតាមពាក្យពេចន៍របស់បងប្អូនផ្ទាល់ ។ បន្ទាប់មក បងប្អូន និងកូនៗបងប្អូនអាចគិតពីសមាជិកគ្រួសារដែលអាចត្រូវការជំនួយពីបងប្អូន ។ សូមដាក់ផែនការដើម្បីជួយពួកគេ ?
នាងអេសធើរ ៣:១–១១; ៤:១០–១៧
ព្រះអម្ចាស់អាចជួយខ្ញុំឲ្យក្លាហាន ។
-
គំរូរបស់ព្រះនាងអេសធើរ និងម៉ាដេកាយអាចជួយកូនៗបងប្អូនឲ្យយល់ថា ភាពក្លាហានមានន័យថា ធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាបងប្អូនភ័យខ្លាចក៏ដោយ ។ សូមពិចារណាសរសេរឃ្លា ម៉ាដេកាយក្លាហាននៅពេលដែលគាត់ … និង ព្រះនាងអេសធើរក្លាហាន នៅពេលព្រះនាង … ។ នៅពេលដែលបងប្អូនរៀនដំណើររឿងរបស់ព្រះនាងអេសធើរជាមួយគ្នា កូនៗបងប្អូនអាចផ្ដល់យោបល់ពីរបៀបដើម្បីបញ្ចប់ប្រយោគទាំងឡាយ ។ បងប្អូនអាចអាន នាងអេសធើរ ៣:១–១១; ៤:១០–១៧ ឬ « ម្ចាស់ក្សត្រីអេសធើរ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១៦៦–១៧០ ) ឬមើលរូបភាពនៅក្នុងគម្រោងនេះ ។ បន្ទាប់មក សូមសរសេរ ខ្ញុំនឹងមានភាពក្លាហានដោយ … ហើយអញ្ជើញក្មេងៗឲ្យធ្វើបញ្ជីនូវអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យពួកគេធ្វើ ដែលតម្រូវឲ្យមានភាពក្លាហាន ។ បទចម្រៀងអំពីភាពក្លាហាន ដូចជាបទ « ហ៊ាននឹងធ្វើត្រូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨០ ) អាចជួយបាន ។
2:45Queen Esther
-
បងប្អូនក៏អាចរៀនអំពីគ្រាដែលព្រះយេស៊ូវគ្រីស្ទបានមានភាពក្លាហាន ជាឧទាហរណ៍ នៅពេលដែលទ្រង់ត្រូវបានរងទុក្ខជំនួសឲ្យអំពើបាបរបស់យើងនៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ( សូមមើល ម៉ាថាយ ២៦:៣៦–៣៩; ២៧:៣៣–៣៥ ) ។ សូមសុំឲ្យកូនៗបងប្អូនចែកចាយពីគ្រានៅពេលដែលពួកគេមានភាពក្លាហាន ហើយចែកចាយបទពិសោធន៍របស់បងប្អូនផ្ទាល់ផងដែរ ។
នាងអេសធើរ ៤:១–៣, ១០–១៧
ការតមអាហារនាំមកនូវពរជ័យរបស់ព្រះអម្ចាស់ ។
-
ការអាន នាងអេសធើរ ៤:១–៣, ១០–១៧ អាចជួយបងប្អូនបង្រៀនកូនៗបងប្អូនអំពីការតមអាហារ ។ ហេតុអ្វីបានជានាងអេសធើរ និងពួកសាសន៍យូដាតមអាហារ ? ប្រាប់កូនៗបងប្អូនពីមូលហេតុដែលបងប្អូនតមអាហារ ។ បងប្អូនក៏អាចសួរពួកគេថាតើពួកគេនឹងពន្យល់ពីការតមអាហារដល់មិត្តភក្តិដែលមិនធ្លាប់ធ្វើវាពីមុនមកដោយរបៀបណា ។ តើយើងអាចជួយមិត្តភក្តិរបស់យើងឲ្យយល់ពីពរជ័យដែលមកពីការតមអាហារដោយរបៀបណា ?
-
លើកទឹកចិត្តកូនៗបងប្អូនឲ្យគិតពីអ្វីដែលពួកគេអាចត្រូវការជំនួយរបស់ព្រះអម្ចាស់ ។ សូមផ្ដល់យោបល់ឲ្យពួកគេធ្វើរឿងនេះជាផ្នែកនៃការតមអាហាររបស់ពួកគេអំឡុងសប្ដាហ៍តមអាហារលើកក្រោយ ។
ដោយសារតែនាងអេសធើរមានភាពក្លាហាន នោះព្រះនាងអាចសង្រ្គោះដល់ប្រជារាស្រ្តរបស់ព្រះអម្ចាស់បាន ។
នាងអេសធើរ ៤:១៤
យើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។
-
សូមជួយកូនៗបងប្អូនឲ្យយល់ថា នៅពេលនាងអេសធើរមានភាពភ័យខ្លាច នោះម៉ាដេកាយបានលើកទឹកចិត្តព្រះនាងដោយការពន្យល់ថា ព្រះអម្ចាស់បានជួយនាងដើម្បីធ្វើជាម្ចាស់ក្សត្រី « សម្រាប់ពេលនេះឯង » ( នាងអេសធើរ ៤:១៤ ) ។ តើដោយការនិយាយបែបនេះ ម៉ាដេកាយចង់មានន័យដូចម្តេច ? សូមនិយាយជាមួយគ្នាអំពីរបៀបដែលនាងអេសធើរគឺជាឧបករណ៍សម្រាប់ព្រះអម្ចាស់ ។ តើយើងអាចជាឧបករណ៍សម្រាប់ព្រះអម្ចាស់បានដោយរបៀបណា ?
-
តើបងប្អូនអាចជួយកូនៗបងប្អូនយល់ដោយរបៀបណាថា តើឧបករណ៍គឺជាអ្វី ? ប្រហែលជាបងប្អូនអាចអញ្ជើញនរណាម្នាក់ឲ្យចាក់បទចម្រៀងនៅលើឧបករណ៍តន្ត្រី ឬបង្ហាញរូបភាពរបស់នរណាម្នាក់ដោយប្រើឧបករណ៍មួយ ។ បន្ទាប់មក និយាយអំពីថាតើវាមានន័យយ៉ាងដូចម្តេច ក្នុងការធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។