ចូរ​មក​តាម​ខ្ញុំ
គំនិត​ដែល​ត្រូវ​ចងចាំ ៖ ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់


« គំនិត​ដែល​ត្រូវ​ចងចាំ ៖ ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

រូបតំណាង​គំនិត

គំនិត​ដែល​ត្រូវ​ចងចាំ

ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

នៅក្នុង​គម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​កើតឡើង​ចាប់​តាំង​ពី​គម្ពីរ លោកុប្បត្តិ រហូត​ដល់​នាង​អេសធើរ ភាគច្រើន​យើង​ឃើញ​ថា​ជា​ដំណើររឿង—ដំណើរ​និទានកថា​ដែល​ពិពណ៌នា​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាសន៍​ចេញពី​ទស្សនៈ​ខាងវិញ្ញាណ ។ ណូអេ​បាន​ធ្វើ​ទូក ម៉ូសេ​បាន​រំដោះ​អ៊ីស្រាអែល ហាណា​បាន​អធិស្ឋាន​ឲ្យ​បាន​កូនប្រុស​ជា​ដើម ។ ល ។ ចាប់ផ្តើម​ជាមួយ​យ៉ូប យើង​រកឃើញ​នូវ​របៀប​សរសេរ​ដែល​មាន​លក្ខណៈ​ខុស​គ្នា ។ នៅក្នុង​គម្ពីរ​ទាំងនេះ អ្នក​និពន្ធ​ព្រះគម្ពីរ​សញ្ញាចាស់​បានងាក​ទៅ​ប្រើ​ភាសា​កំណាព្យ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ ឬ​ការព្យាករ​ដ៏​អស្ចារ្យ​នៅក្នុង​របៀប​ដែល​មិន​អាច​បំភ្លេចបាន ។

យើង​បានឃើញ​ឧទារណ៍​ពីរបី​នៃ​កំណាព្យ​ដែល​លេចឡើង​នៅ​ពាសពេញ​ប្រវត្តិសាស្រ្ត​គម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ។ ចេញពី​គម្ពីរ​យ៉ូប​តទៅមុខ យើង​នឹង​ឃើញ​ថា​កាន់តែ​មានច្រើន ។ គម្ពីរ​យ៉ូប ទំនុកដំកើង និង​សុភាសិត គឺ​ស្ទើរតែ​ជា​កំណាព្យ​ទាំងស្រុង ដែល​ផ្នែក​ខ្លះ​នៃ​សំណេរ​របស់​ព្យាការី មានដូចជា អេសាយ យេរេមា និង​អេម៉ុស ។ ពីព្រោះ​ការអាន​កំណាព្យ​គឺ​ខុសគ្នា​ពី​ការអាន​ដំណើររឿង​មួយ នោះ​ការយល់ដឹង​អំពី​វា ជាញឹកញាប់ តម្រូវ​ឲ្យ​មាន​ការខិតខំ​ផ្សេងទៀត ។ ទាំងនេះ​គឺជា​គំនិត​មួយ​ចំនួន​ដែល​អាច​ជួយ​បងប្អូន​ស្វែងរក​អត្ថន័យ​បន្ថែម​ទៀត​នៅក្នុង​កំណាព្យ​ព្រះគម្ពីរ​សញ្ញាចាស់ ។

រៀន​ស្គាល់​កំណាព្យ​ហេព្រើរ

ដំបូង វា​អាច​ជួយ​បងប្អូន​ដឹង​ថា កំណាព្យ​ហេព្រើរ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ គឺ​មិន​ផ្អែក​ទៅលើ​ពាក្យ​ចុងចួន​ដូចជា​កំណាព្យ​ប្រភេទ​ផ្សេង​នោះទេ ។ ហើយ​ទោះបីជា​ពាក្យចុងចួន ការលេងពាក្យ និង​ពាក្យ​សំឡេង​ដដែលៗ​គឺជា​លក្ខណៈទូទៅ​នៃ​កំណាព្យ​ហេព្រើរ​ពីបុរាណ​ក្ដី ក៏​ជាធម្មតា​អ្វីៗ​ទាំងនេះ​ត្រូវ​បាត់បង់​នៅក្នុង​ការបកប្រែ​ដែរ ។ ទោះជា​យ៉ាងណាក្តី លក្ខណៈពិសេស​មួយ​ដែល​បងប្អូន​នឹង​ឃើញ គឺ​ពាក្យ​ដដែលៗ​នៃ​ការពិចារណា ឬ​គំនិត ដែល​នៅពេល​ខ្លះ​ត្រូវបាន​ហៅថា « ភាពស្របគ្នា » ។ នេះ​គឺជា​ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ​ពី​អេសាយ ៖

ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង

ឱ​យេរូសាឡិម​អើយ ចូរ​ពាក់​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​របស់​អ្នក ។ ( អេសាយ ៥២:១ )

ទំនុកដំកើង ២៩ មាន​បន្ទាត់​ស្រប​គ្នា​ជាច្រើន—ឧទាហរណ៍ ៖

ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​អំណាច

ព្រះសូរសៀង​នៃ​ព្រះយេហូវ៉ា​មាន​ឫទ្ធានុភាព ។ ( ទំនុកដំកើង ២៩:៤ )

ហើយនេះ​ជា​ឧទាហរណ៍​មួយ​ដែល​ការដឹងថា បន្ទាត់​ទីពីរ​ស្រប​គ្នា​នឹង​បន្ទាត់​ទីមួយ​ដែល​ធ្វើ​ឲ្យ​វគ្គបទគម្ពីរ​កាន់តែ​ងាយស្រួល​យល់ ៖

យើង​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង

ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ។ ( អេម៉ុស ៤:៦ )

នៅក្នុង​ឧទាហរណ៍​ទាំងនេះ កវី​បានលើក​ឡើង​នូវ​គំនិត​មួយ​ឡើងវិញ​ជាមួយនឹង​ភាពខុសគ្នា​បន្តិចបន្តួច ។ វិធីសាស្ត្រ​នេះ​អាច​សង្កត់ធ្ងន់​ទៅលើ​គំនិត​ដដែលៗ ហើយ​ប្រើប្រាស់​ភាពខុសគ្នា ដើម្បី​ពិពណ៌នា ឬ​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​ពេញលេញ ។

នៅក្នុង​ករណី​ផ្សេងទៀត ប្រយោគ​ស្របគ្នា​ទាំង​ពីរ​ដែល​ប្រើ​ភាសា​ស្រដៀងគ្នា​ដើម្បី​បង្ហាញ​គំនិត​ផ្ទុយគ្នា ដូច​ក្នុង​ឧទាហរណ៍​ខាង​ក្រោម ៖

ពាក្យ​តបឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ ៖

តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ ។ ( សុភាសិត ១៥:១ )

ភាពស្របគ្នា​ប្រភេទ​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ។ អ្នក​និពន្ធ​បាន​ធ្វើ​វា​ឡើង​ដោយ​ចេតនា ។ វា​បាន​ជួយ​ពួកគេ​បង្ហាញ​ពី​អារម្មណ៍​ខាងវិញ្ញាណ ឬ​សេចក្ដីពិត​ដោយ​ទាំង​អំណាច និង​ភាពស្រស់ស្អាត ។ ដូច្នេះ​នៅពេល​បងប្អូន​ឃើញ​ភាព​ស្របគ្នា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ សូម​សួរខ្លួន​បងប្អូនថា តើវា​ជួយ​បងប្អូន​ឲ្យ​យល់​ពី​សារ​របស់​អ្នក​និពន្ធ​យ៉ាង​ដូចម្តេច ។ ឧទាហរណ៍ តើ​អេសាយ​បានព្យាយាម​ចង់​និយាយ​អ្វីខ្លះ​ទាក់ទង​នឹង « កម្លាំង » ជាមួយ « ប្រដាប់​ដោយ​សម្លៀកបំពាក់​ដ៏​រុងរឿង » និង « ស៊ីយ៉ូន » ជាមួយ « យេរូសាឡិម » ? ( អេសាយ ៥២:១ ) ។ តើ​អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​បាន​អំពី​ឃ្លា « តបឆ្លើយ​ដោយស្រទន់ » ប្រសិនបើ​យើង​ដឹងថា « ពាក្យ​គំរោះគំរើយ » គឺ​ផ្ទុយពី​វា​នោះ ? ( សុភាសិត ១៥:១ ) ។

អ្នកនិពន្ធ​ព្រះគម្ពីរ​សញ្ញាចាស់​ជាមួយ​ប៊ិច និង​ក្រដាស​រមូរ

He Restoreth My Soul [ ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ] ដោយ វ៉លធើរ រ៉េន

កំណាព្យ​របស់​ហេព្រើរ​ជា​មិត្តភក្តិ​ថ្មី

មនុស្ស​ខ្លះ​ប្រៀបធៀប​ការអាន​កំណាព្យ​ទៅនឹង​ការជួប​មនុស្ស​ថ្មី ។ ដូច្នេះ ការអាន​កំណាព្យ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ប្រហែលដូចជា​ការជួប​នរណា​ម្នាក់​មកពី​ប្រទេស​ឆ្ងាយ និង​វប្បធម៌​បរទេស​ដែល​និយាយ​ភាសា​ផ្សេង​ពី​យើង—ហើយ​អ្នក​ដែល​មាន​អាយុ​លើស​ពី​ពីរពាន់​ឆ្នាំ ។ ដំបូង​ឡើយ បុគ្គល​រូបនេះ​ប្រហែល​ជា​និយាយ​អ្វី​ដែល​យើង​មិនយល់ ប៉ុន្តែ​នោះ​ពុំមាន​ន័យថា ពួកគេ​គ្មាន​អ្វី​ដែល​មានតម្លៃ​ដើម្បី​ប្រាប់​យើង​នោះទេ ។ យើង​គ្រាន់តែ​ត្រូវការ​ចំណាយពេល​ខ្លះៗ​ជាមួយ​ពួកគេ ដោយការ​ព្យាយាម​យល់ពី​ទស្សនៈ​របស់​ពួកគេ ។ យើង​អាច​នឹង​រកឃើញថា នៅក្នុង​ដួងចិត្ត​របស់​យើង តាមពិតទៅ យើង​យល់គ្នា​បាន​យ៉ាងល្អ ។ ហើយ​បើ​យើង​បង្ហាញ​ការអត់ធ្មត់ និង​ចិត្តអាណិត​អាសូរ នោះ​បងប្អូន​ស្គាល់​គ្នា​ថ្មី​របស់​យើង​អាច​ក្លាយជា​មិត្ត​សម្លាញ់​នៅ​ទីបំផុត ។

ដូច្នេះ​នៅពេល​បងប្អូន​អាន​វគ្គ​បទគម្ពីរ​ចេញពី​អេសាយ ជាឧទាហរណ៍ ពិចារណា​វា​ជា​ការណែនាំ​ខ្លួន​ដំបូង​របស់​បងប្អូន​ចំពោះ​អ្នក​ស្គាល់​គ្នាថ្មី ។ សូមសួរ​ខ្លួន​បងប្អូន​ថា « តើ​អ្វី​ទៅ​ជា​ចំណាប់​អារម្មណ៍​ខ្ញុំ ? » តើ​វគ្គ​បទគម្ពីរ​នេះ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​យ៉ាងដូចម្តេច—សូម្បីតែ​បងប្អូន​មិន​យល់​គ្រប់​ពាក្យ​ក្តី ? បន្ទាប់មក​សូម​អាន​ម្តងទៀត អាន​ឲ្យ​បាន​ច្រើន​ដង បើអាច​ធ្វើបាន ។ សូម​ពិចារណា​អាន​វា​ឲ្យ​ខ្លាំងៗ មនុស្ស​មួយ​ចំនួន​បានរកឃើញ​អត្ថន័យ​បន្ថែម​តាម​របៀប​នោះ ។ សូម​កត់សម្គាល់​ពាក្យ​ជាក់លាក់​ដែល​អេសាយ​បានជ្រើសរើស ជាពិសេស​ពាក្យ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ស្រមៃឃើញ​ជា​រូបភាព​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន ។ តើ​រូបភាព​ទាំងនេះ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា ? តើ​វា​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​អារម្មណ៍​របស់​អេសាយ ? ពេល​ដែល​បងប្អូន​សិក្សា​ពាក្យពេចន៍​អ្នកនិពន្ធ​របស់​ព្រះគម្ពីរ​សញ្ញាចាស់​កាន់​តែច្រើន នោះ​បងប្អូន​នឹង​ឃើញ​ថា​ពួកគាត់​ជ្រើសរើស​ពាក្យ និង​បច្ចេកទេស​របស់​ពួកគាត់​ដោយ​ចេតនា​ដើម្បី​បង្ហាញ​សារ​ខាងវិញ្ញាណ​ដ៏​ជ្រាលជ្រៅ ។

ស្រ្តី​ពីរ​នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

កំណាព្យ​អាច​ជា​មិត្តភក្តិ​ដ៏​ល្អ​អស្ចារ្យ ពីព្រោះ​វា​ជួយ​យើង​យល់​ពី​អារម្មណ៍ និង​បទពិសោធន៍​របស់​យើង ។ កំណាព្យ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​គឺ​មានតម្លៃ​ជា​ពិសេស ពីព្រោះ​វា​ជួយ​យើង​ឲ្យ​យល់​ពី​អារម្មណ៍ និង​បទពិសោធន៍​ដ៏​សំខាន់​បំផុត​របស់​យើង—ដែល​ភ្ជាប់​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ។

កាល​ដែល​បងប្អូន​សិក្សា​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ សូមចងចាំថា ការសិក្សា​ព្រះគម្ពីរ​គឺ​មានតម្លៃ​បំផុត នៅពេល​វា​ដឹកនាំ​យើង​ទៅរក​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ស្វែងរក​ទីសម្គាល់ រូបភាព និង​សេចក្តីពិត​ដែល​ស្ថាបនា​សេចក្តីជំនឿ​របស់​បងប្អូន​នៅលើ​ទ្រង់ ។ សូម​ស្ដាប់​រក​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​បងប្អូន​សិក្សា ។

អក្សរសិល្ប៍​ប្រាជ្ញា

នៅក្នុង​ផ្នែកមួយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ កំណាព្យ​គឺជា​អ្វី​ដែល​ពួក​អ្នកប្រាជ្ញ​ហៅថា « អក្សរសិល្ប៍​ប្រាជ្ញា » ។ យ៉ូប សុភាសិត និង សាស្តា ចូលក្នុង​ប្រភេទ​នេះ ។ ខណៈដែល​ទំនុកដំកើង​បង្ហាញ​អារម្មណ៍​នៃ​ការសរសើរ ការទួញយំ និង​ការថ្វាយបង្គំ អក្សរសិល្ប៍​ប្រាជ្ញា​ផ្តោតទៅលើ​ការទូន្មាន​ដែល​មិនចេះ​រីងស្ងួត ឬ​ជ្រាលជ្រៅ ជា​សំណួរ​បែប​ទស្សនវិជ្ជា​វិញ ។ ឧទាហរណ៍ គម្ពីរ​យ៉ូប ស្វែងយល់​ពី​យុត្តិធម៌​របស់​ព្រះ និង​មូលហេតុ​នៅពីក្រោយ​ការរង​ទុក្ខវេទនា​របស់​មនុស្ស ។ សុភាសិត ផ្តល់ឲ្យ​នូវ​ឱវាទ​អំពី​របៀប​រស់នៅ​ឲ្យ​បាន​ល្អ រួមទាំង​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ប្រមូល​បាន ហើយ​ចែក​ពី​ជំនាន់​មុនៗ ។ ហើយ​សាស្តា ក៏ចាប់ផ្តើម​ឆ្ងល់​អំពី​គោលបំណង​នៃ​ជីវិត​នេះ—នៅ​ពេល​អ្វីៗ​ហាក់​ដូចជា​ឆ្លងកាត់​តែមួយ​ភ្លែត ហើយ​ដោយ​ព្រាវ តើ​យើង​រកឃើញ​អត្ថន័យ​ពិត​នៅឯណា ? បងប្អូន​ប្រហែលជា​គិត​អំពី​អក្សរសិល្ប៍​ប្រាជ្ញា​ជា​ការសន្ទនា​ប្រកប​ដោយ​ការគិត​គូរ​ជាមួយ​អ្នកប្រឹក្សា​ដែល​បំផុសគំនិត ដែល​ចង់ចែកចាយ​ការសង្កេតឃើញ​អំពី​ព្រះ និង​ពិភពលោក​ដែល​ទ្រង់​បាន​បង្កើត—ហើយ​ប្រហែលជា​ជួយ​បងប្អូន​ឲ្យ​យល់អំពី​រឿង​ទាំងនេះ​ប្រសើរ​ជាង​មុន​បន្តិច ។