« ថ្ងៃទី១៧–២៣ ខែសីហា ‹ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ › ៖ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី១៧–២៣ ខែសីហា ‹ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ › » ចូរមកតាមខ្ញុំ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
The Lord Is My Shepherd [ ព្រះអម្ចាស់ជាអ្នកគង្វាលខ្ញុំ ] ដោយ យ៉ុងស៊ុង គីម ។ រូបភាពទទួលសិទ្ធិអនុញ្ញាតពី havenlight.com
ថ្ងៃទី១៧–២៣ ខែសីហា ៖ « ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ »
ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦
យើងពុំដឹងច្បាស់ថា នរណាជាអ្នកសរសេរទំនុកដំកើងឡើយ ។ ផ្នែកខ្លះត្រូវបានសរសេរដោយស្តេចដាវីឌ ប៉ុន្តែភាគច្រើននៃគម្ពីរនេះ អ្នកនិពន្ធនៅតែជាអនាមិក ។ ប៉ុន្តែក្រោយពីអានទំនុកដំកើង យើងអាចមានអារម្មណ៍ដូចជាយើងស្គាល់បេះដូងនៃអ្នកតែងទំនុកដំកើងនេះ ទោះបីជាយើងពុំស្គាល់ឈ្មោះរបស់ពួកគេក្តី ។ យើងពិតជាដឹងថា ទំនុកដំកើង គឺជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំក្នុងចំណោមសាសន៍អ៊ីស្រាអែល ហើយយើងដឹងថា ព្រះអង្គសង្រ្គោះបានដកស្រង់ចេញពីគម្ពីរនេះជាញឹកញាប់ ។ នៅក្នុងទំនុកដំកើង យើងមានឱកាសដើម្បីចូលទៅក្នុងព្រលឹងនៃប្រជាជនរបស់ព្រះពីបុរាណ ។ យើងមើលឃើញពីអារម្មណ៍របស់ពួកគេចំពោះព្រះ អ្វីដែលពួកគេព្រួយបារម្ភ និងរបៀបដែលពួកគេរកឃើញសេចក្តីសុខសាន្ត ។ ក្នុងនាមជាអ្នកជឿនៅសព្វថ្ងៃនេះ នៅទូទាំងពិភពលោក យើងនៅតែប្រើពាក្យសម្ដីទាំងនេះនៅក្នុងការថ្វាយបង្គំរបស់យើង ។ វាស្ទើរតែដូចជាអ្នកនិពន្ធទំនុកដំកើងមានបង្អួចចូលទៅក្នុងព្រលឹង របស់យើង ដោយសារពួកគេបានបង្ហាញពីរបៀបដែលយើងមានអារម្មណ៍អំពីព្រះ អ្វីដែលយើងព្រួយបារម្ភអំពី និងរបៀបដែលយើងរកឃើញសេចក្តីសុខសាន្ត ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរទំនុកដំកើង សូមមើល« ទំនុកដំកើង » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
ទំនុកដំកើង ១; ២៣; ២៦–២៨; ៤៦
« ទូលបង្គំ … បានទុកចិត្តនឹងព្រះយេហូវ៉ា » ។
នៅពេលបងប្អូនអានទំនុកដំកើង បងប្អូនអាចសង្កេតឃើញពីរបៀបដែលអ្នកនិពន្ធបង្ហាញសេចក្តីភ័យខ្លាច ទុក្ខសោក ឬការថប់បារម្ភ ។ អារម្មណ៍បែបនោះគឺធម្មតាទេ ទោះបីជាមនុស្សមានជំនឿក្តី ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទំនុកដំកើងបំផុសគំនិតគឺថា វាក៏ផ្ដល់ដំណោះស្រាយដ៏បំផុសគំនិត រួមទាំងការទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ផងដែរ ។ នៅពេលបងប្អូនអាន ទំនុកដំកើង ១; ២៣; ២៦–២៨; ៤៦ សូមសរសេរ ៖
-
ការអញ្ជើញឲ្យទុកចិត្តលើព្រះអម្ចាស់ ។
-
ពាក្យសម្តីដែលពិពណ៌នាអំពីទ្រង់ ។
-
ពាក្យពេចន៍ដែលពិពណ៌នាសេចក្តីសុខសាន្ត កម្លាំង និងពរជ័យផ្សេងទៀតដែលទ្រង់ប្រទានឲ្យ ។
-
ពាក្យពេចន៍ដែលពិពណ៌នាអំពីអស់អ្នកដែលទុកចិត្តលើទ្រង់ ។
សូមមើលផងដែរនូវរូបភាព និងនិមិត្តរូបរស់រវើកដែលទំនុកដំកើងប្រើដើម្បីបង្រៀនអំពីព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ នៅក្នុង ទំនុកដំកើង ២៣ តើឃ្លាដូចជា « ដេកសម្រាកនៅទីមានស្មៅខៀវខ្ចី » ឬ « ទឹកដែលហូរគ្រឿនៗ » ( ខទី ២ ) នាំឲ្យយើងនឹកគិតដល់អ្វីខ្លះ ? តើ« ព្រនង់ » និង « ដំបង » នៃការលួងលោម ( ខទី ៤ ) អាចជានិមិត្តរូបឲ្យអ្វីខ្លះ ? តើវាអាចមានន័យដូចម្ដេចសម្រាប់ « ពែង » របស់យើង ( ខទី ៥ ) អស់ទឹក ?
ទំនុកដំកើង ២; ២២
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលបានសន្យា ។
ទំនុកដំកើងជាច្រើនបង្ហាញពីជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគ្រីស្ទាននៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មីបានមើលឃើញទំនាក់ទំនងទាំងនេះផងដែរ ។ សូមពិចារណាអានសេចក្ដីយោងបទគម្ពីរខាងក្រោមនេះ ។ សូមរកមើលទំនាក់ទំនងរវាងពាក្យពេចន៍នៅក្នុងទំនុកដំកើងទាំងនេះ និងព្រះជន្មរបស់ព្រះអង្គសង្រ្គោះ ៖
-
ទំនុកដំកើង ២:១–៣ និង កិច្ចការ ៤:២៤–២៨
-
ទំនុកដំកើង ២:៧ និង កិច្ចការ ១៣:៣០–៣៣
-
ទំនុកដំកើង ២២:១ និង ម៉ាថាយ ២៧:៤៥–៤៦
-
ទំនុកដំកើង ២២:៧–៨ និង ម៉ាថាយ ២៧:៣៩–៤៣
-
ទំនុកដំកើង ២២:១៦ និង លូកា ២៣:៣២–៣៣
-
ទំនុកដំកើង ២២:១៨ និង ម៉ាថាយ ២៧:៣៥
-
ទំនុកដំកើង ៣១:៥ និង លូកា ២៣:៤៦
តើបងប្អូនរៀនអ្វីខ្លះចេញពីទំនាក់ទំនងទាំងនេះ ? តើការព្យាករ និងសេចក្តីសន្យាខាងបទគម្ពីរអ្វីខ្លះដែលមិនទាន់បានបំពេញនៅឡើយ ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងសេចក្តីសន្យាទាំងនេះដែលផ្ដល់ឲ្យបងប្អូននូវសេចក្តីសង្ឃឹមនៅពេលអនាគត ?
ទំនុកដំកើង ៨; ១៩; ៣៣
« ផែនដីមានពេញដោយសេចក្តីសប្បុរសនៃព្រះយេហូវ៉ា » ។
ការអាន ទំនុកដំកើង ៨; ១៩; ៣៣ អាចបំផុសបងប្អូនឲ្យពិចារណាពីការបង្កបង្កើតដ៏អស្ចារ្យជាច្រើនរបស់ព្រះអម្ចាស់ ។ សូមផ្ដោតយកចិត្តទុកដាក់លើអារម្មណ៍របស់បងប្អូន នៅពេលបងប្អូនអាន ។ បងប្អូនក៏អាចច្រៀង ឬជញ្ជឹងគិតនូវទំនុកនៃបទចម្រៀងដែលទាក់ទងនឹងទំនុកដំកើងទាំងនេះ ដូចជាបទ « How Great Thou Art » ( Hymns ទំព័រ ៨៦ ) ។ តើការបង្កបង្កើតរបស់ព្រះអម្ចាស់ « សម្តែងពីសិរីល្អនៃព្រះ » ចំពោះបងប្អូនយ៉ាងដូចម្តេច ? ( ទំនុកដំកើង ១៩:១ ) ។
នេះគឺជាទំនុកតម្កើងមួយចំនួនផ្សេងទៀតដែលបានបំផុសគំនិតដោយទំនុកដំកើង ៖
-
ទំនុកដំកើង ២៣ ៖ « ឱ ! ព្រះទ្រង់ឃ្វាលខ្ញុំពិត » ( ទំនុកតម្កើង ល.រ. ៥៥ )
-
ទំនុកដំកើង ២៣:៦; ១៥០ ៖ « ថ្វាយពរព្រះអម្ចាស់ដ៏អស្ចារ្យ » ( ទំនុកតម្កើង ល.រ. ៣០ )
-
ទំនុកដំកើង ២៦:៨ ៖ « យើងស្រឡាញ់ដំណាក់ទ្រង់ » ( ទំនុកតម្កើង ល.រ. ១៤៥ )
-
ទំនុកដំកើង ២៧:១ ៖ « ទ្រង់ជាពន្លឺខ្ញុំ » ( ទំនុកតម្កើង ល.រ. ៣៩ )
-
ទំនុកដំកើង ៣៣:១–៦; ៩៥:១–៦ ៖ « ចំពោះសម្រស់នៃផែនដី » ( ទំនុកតម្កើង ល.រ. ៤១ )
-
ទំនុកដំកើង ៣៧:៣–៩ ៖ « សូមទុកចិត្តទ្រង់ » ( ទំនុកតម្កើង ល.រ. ៦៧ )
-
ទំនុកដំកើង ១៤៨ ៖ « ឱ! អស់ធម្មជាតិនៃព្រះយើងអើយ » ( ទំនុកតម្កើង ល.រ. ២៤ )
ប្រើប្រាស់តន្ដ្រី ។ ប្រធាន ដាល្លិន អេក អូក បានមានប្រសាសន៍ ៖ « ការច្រៀងទំនុកតម្កើងគឺជារបៀបដ៏ល្អបំផុតមួយដើម្បីដាក់ខ្លួនយើងឲ្យស្របតាមព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ … តន្ត្រីពិសិដ្ឋមានសមត្ថភាពដ៏ពិសេសដើម្បីទំនាក់ទំនងអារម្មណ៍នៃសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ ។ ទំនាក់ទំនងបែបនេះគឺជាជំនួយដ៏អស្ចារ្យចំពោះការថ្វាយបង្គំរបស់យើង ។ … ទំនុកតម្កើងរបស់យើងមានទេសនកថាខាងគោលលទ្ធិដែលមិនអាចប្រៀបផ្ទឹមបាន មានតែសេចក្តីពិតក្នុងព្រះគម្ពីរ និងឥទ្ធិពលនៃកំណាព្យប៉ុណ្ណោះដែលល្អ លើស » ( « Worship through Music » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៤ ទំព័រ ១០, ១១ ) ។ តើទំនុកតម្កើងអ្វីដែលទាក់ទងនឹងទំនុកដំកើងដែលបងប្អូនអាចស្ដាប់ ឬច្រៀងដើម្បីលើកកម្ពស់ការថ្វាយបង្គំរបស់បងប្អូននៅសប្តាហ៍នេះ ?
ទំនុកដំកើង ១៩:៧–១១; ២៩
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច « ឲ្យចិត្តរីករាយសប្បាយ » ។
នៅក្នុងទំនុកដំកើង ពាក្យដូចជា សេចក្តីបន្ទាល់ ក្រឹត្យក្រម, សេចក្តីបញ្ញត្តិ និង ខច្បាប់ អាចសំដៅទៅលើព្រះពន្ទូលនៃព្រះអម្ចាស់ផងដែរ ។ សូមគិតពីការណ៍នេះកាលបងប្អូនអាន ទំនុកដំកើង ១៩:៧–១១ ។ តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ? តើ ទំនុកដំកើង ២៩ បង្រៀនបងប្អូនអំពីព្រះសូរសៀងរបស់ទ្រង់អ្វីខ្លះ ? តាមបទពិសោធន៍របស់បងប្អូន តើព្រះបន្ទូល ឬព្រះសូរសៀងនៃព្រះអម្ចាស់ត្រូវនឹងការពិពណ៌នាទាំងនេះយ៉ាងដូចម្តេច ?
ទំនុកដំកើង ២៤; ២៦–២៧
ព្រះអង្គសង្រ្គោះអាចជួយខ្ញុំឲ្យបរិសុទ្ធដើម្បីខ្ញុំអាចចូលទៅក្នុងទីវត្តមានរបស់ព្រះ ។
ដោយសារព្រះវិហារបរិសុទ្ធនៅយេរូសាឡិមបានសង់នៅលើភ្នំ នោះឃ្លា « ភ្នំនៃព្រះយេហូវ៉ា » ( ទំនុកដំកើង ២៤:៣ ) អាចសំដៅទៅលើព្រះវិហារបរិសុទ្ធ ឬពីទីវត្តមានរបស់ព្រះ ។ តើការណ៍នេះ បន្ថែមលើការយល់ដឹងរបស់បងប្អូនពី ទំនុកដំកើង ២៤ យ៉ាងដូចម្ដេច ? តើការមាន « ដៃស្អាត និងចិត្តបរិសុទ្ធ » មានន័យយ៉ាងដូចម្តេចចំពោះបងប្អូន ? ( ខទី ៤ ) ។ នៅពេលបងប្អូនអាន ទំនុកដំកើង ២៦–២៧ តើបងប្អូនបានរៀនអ្វីទៀតអំពីដំណាក់នៃព្រះអម្ចាស់ ?
នៅពេលខ្លះ យើងអាចបាក់ទឹកចិត្តដើម្បីស្ដាប់ថា យើងត្រូវតែបរិសុទ្ធដើម្បីចូលទៅក្នុងទីវត្តមានរបស់ព្រះ ។ បន្ទាប់ពីអ្វីៗទាំងអស់ យើងទាំងអស់គ្នាពុះពារ និងគ្មាននរណាម្នាក់ឥតខ្ចោះនោះទេ ។ តើបងប្អូនរកឃើញសេចក្តីសង្ឃឹមអ្វីខ្លះនៅក្នុងសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « Clean Hands and a Pure Heart » ? ( Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៨០–៨៣ ) ។ តើបងប្អូនអាចប្រើសារលិខិតរបស់លោកដោយរបៀបណា ដើម្បីជួយនរណាម្នាក់ដែលមានអារម្មណ៍លើសលប់ចង់ធ្វើជាមនុស្សឥតខ្ចោះ ? សូមពិចារណាពីរបៀបដែលបងប្អូនអាចទទួលបានជំនួយពីព្រះអង្គសង្គ្រោះនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនដើម្បីមាន « ដៃស្អាត និងចិត្តបរិសុទ្ធ » ។
សូមមើលផងដែរ ប្រាតលី អ័រ វីលខក់ « Worthiness Is Not Flawlessness » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៦១–៦៧ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ទំនុកដំកើង ២៣; ២៧–២៨; ៣២; ៤៦
ព្រះអម្ចាស់ផ្ដល់ឲ្យខ្ញុំនូវសេចក្តីសុខសាន្ត កម្លាំង និងការណែនាំ ។
-
សូមពិចារណាសរសេរ ព្រះយេហូវ៉ាទ្រង់ជា … សូមអញ្ជើញកូនៗបងប្អូនឲ្យរកមើលរបៀបដើម្បីបំពេញឃ្លានោះ ដោយប្រើបទគម្ពីរដូចខាងក្រោមនេះ ៖ ទំនុកដំកើង ២៣:១; ២៧:១; ២៨:១; ២៨:៧; ៣២:៧; ៤៦:១ ។ តើបទគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់អាចជួយយើង ?
-
បងប្អូនអាចពិភាក្សាជាមួយកូនៗបងប្អូននូវអ្វីដែលសត្វចៀមត្រូវការ ដើម្បីមានសុវត្ថិភាព និងសុខភាពល្អ ។ បន្ទាប់មក នៅពេលបងប្អូនអានជាមួយគ្នានូវ ទំនុកដំកើង ២៣ ជួយកូនៗបងប្អូនប្រៀបធៀបអ្វីដែលអ្នកគង្វាលចៀមធ្វើសម្រាប់ចៀម ជាមួយនឹងអ្វីដែលព្រះយេស៊ូវធ្វើសម្រាប់យើង ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីមានសុវត្ថិភាព និងរឹងមាំខាងព្រលឹងវិញ្ញាណ ? សូមច្រៀងជាមួយគ្នានូវចម្រៀងមួយបទដែលអាចផ្តល់ជាគំនិតដល់ពួកគេ ដូចជាបទ « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្គ្រោះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣ ) ។
ព្រះវិហារបរិសុទ្ធ ខនសិបសិន ស៊ីលី
ទំនុកដំកើង ២៤:៣–៤
ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធយើងត្រូវមាន « ដៃស្អាត និងចិត្តបរិសុទ្ធ » ។
-
នៅពេលបងប្អូនអាន ទំនុកដំកើង ២៤:៣ ជាមួយគ្នា នោះកូនៗបងប្អូនអាចរកមើលពាក្យពេចន៍ដែលរំឭកពួកគេពីព្រះវិហារបរិសុទ្ធ ។ ពួកគេក៏អាចមើលរូបភាពព្រះវិហារបរិសុទ្ធផងដែរ ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នានូវ ខទី ៤ ដើម្បីរៀនថាតើនរណាអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ បងប្អូនអាចនិយាយអំពីរបៀបដែលដៃកខ្វក់ និងរបៀបដែលយើងសម្អាតដៃ ។ តើយើងអាចកខ្វក់ខាងវិញ្ញាណដោយរបៀបណា ? តើព្រះអង្គសង្រ្គោះជួយសម្អាតយើងខាងវិញ្ញាណដោយរបៀបណា ?
ទំនុកដំកើង ៣០:៥
ព្រះយេស៊ូវគ្រីស្ទអាចបង្វែរភាពទុក្ខព្រួយទៅជាសេចក្តីអំណរ ។
-
ប្រសិនបើបងប្អូនមានកូនតូចៗ នោះបងប្អូនអាចអញ្ជើញពួកគេឲ្យសម្តែងជាយំនៅពេលបងប្អូនអានមកពី ទំនុកដំកើង ៣០:៥ « ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន » ។ បន្ទាប់មកសុំឲ្យពួកគេបង្ហាញពីភាពរីករាយ នៅពេលបងប្អូនអាន « តែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ » ។ អានឃ្លានេះឡើងវិញពីរបីដង ។
-
សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្រ្គោះ ហើយប្រាប់កូនៗបងប្អូននូវអ្វីដែលទ្រង់បានធ្វើសម្រាប់បងប្អូន ដែលនាំឲ្យបងប្អូនមានអំណរ ។ បងប្អូនក៏អាចផ្ដល់ឲ្យកូនម្នាក់ៗឲ្យកាន់រូបភាព ហើយចែកចាយនូវអ្វីដែលព្រះយេស៊ូវបានធ្វើដែលនាំឲ្យពួកគេមានអំណរ ។
ទំនុកដំកើង ៤៦:១០
« ចូរបង្អង់សិន ហើយឲ្យបានដឹងថា អញជាព្រះ » ។
-
សូមជួយកូនៗបងប្អូនឲ្យទន្ទេញបន្ទាត់ទីមួយចេញពី ទំនុកដំកើង ៤៦:១០ ៖ « ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ » ។ តើ« បង្អង់សិន »មានន័យយ៉ាងណា ? ប្រហែលជាបងប្អូនអាចចំណាយពេលខ្លះដើម្បីអនុវត្តបង្អង់សិន ។ បងប្អូនក៏អាចចែកចាយជាមួយគ្នានូវបទពិសោធន៍ នៅពេល « បង្អង់សិន » បានពង្រឹងទំនាក់ទំនងរបស់បងប្អូនជាមួយព្រះ ។ សូមជួយកូនៗបងប្អូនគិតពីគ្រានៅអំឡុងពេលថ្ងៃ នៅពេលពួកគេអាច « បង្អង់សិន » ដើម្បីមានអារម្មណ៍ជិតស្និទ្ធចំពោះព្រះវរបិតាសួគ៌ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។