« ថ្ងៃទី៣១ ខែសីហា–ថ្ងៃទី៦ ខែកញ្ញា ‹ គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា › » ៖ ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី៣១ ខែសីហា–ថ្ងៃទី៦ ខែកញ្ញា ‹ គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
ការយាងត្រលប់មកវិញដោយការគោរព ដោយ ខេលស៊ី និង ចេស៊ី ឡៃវៀវ
ថ្ងៃទី៣១ ខែសីហា–ថ្ងៃទី៦ ខែកញ្ញា ៖ « គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា »
ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០
ឈ្មោះជាទំនៀមទម្លាប់របស់សាសន៍យូដាសម្រាប់គម្ពីរទំនុកដំកើងគឺជាពាក្យ Tehillim ( តេហិលឡិម ) ជាភាសាហេព្រើរដែលមានន័យថា « សរសើរ » ។ វាទាក់ទងនឹងពាក្យ ហាលេលូយ៉ា ( មានន័យថា « សរសើរតម្កើងព្រះយេហូវ៉ា » ឬ « សរសើរតម្កើងព្រះអម្ចាស់ » ) ។ ប្រសិនបើបងប្អូនត្រូវរើសពាក្យមួយដើម្បីសង្ខេបសារសំខាន់ៗនៃទំនុកដំកើង នោះពាក្យ សរសើរ អាចជាជម្រើសដ៏ល្អមួយ ។ ទំនុកដំកើងមួយចំនួនមាននូវការអញ្ជើញដោយផ្ទាល់ឲ្យ « សរសើរដល់ព្រះយេហូវ៉ា » ( ជាពិសេស សូមមើល ទំនុកដំកើង ១៤៦–១៥០ ) ហើយទាំងអស់នេះអាចបំផុសឲ្យមានការថ្វាយបង្គំ និងការសរសើរ ។ ទំនុកដំកើងអញ្ជើញយើងឲ្យទទួលស្គាល់ពីព្រះចេស្តារបស់ព្រះអម្ចាស់ ពីសេចក្តីមេត្តាករុណារបស់ទ្រង់ និងពីរឿងដ៏អស្ចារ្យទាំងឡាយដែលទ្រង់បានធ្វើ ។ យើងមិនអាចតបស្នងសងព្រះគុណទ្រង់សម្រាប់អ្វីៗទាំងអស់នេះបានឡើយ ប៉ុន្តែយើងអាចសរសើរទ្រង់ ។ ការសរសើរនោះអាចធ្វើឡើងក្នុងទម្រង់ខុសៗគ្នាសម្រាប់មនុស្សខុសៗគ្នា—វាអាចទាក់ទងនឹងការច្រៀង ការអធិស្ឋាន ឬការថ្លែងទីបន្ទាល់ ។ ជាញឹកញាប់ វានាំឲ្យមានការតាំងចិត្តកាន់តែខ្លាំងចំពោះព្រះអម្ចាស់ និងដើម្បីធ្វើតាមការបង្រៀនរបស់ទ្រង់ ។ មិនថា « សរសើរដល់ព្រះយេហូវ៉ា » មានអត្ថន័យបែបណានៅក្នុងជីវិតរបស់បងប្អូនទេ បងប្អូនអាចរកឃើញការបំផុសគំនិតឲ្យធ្វើវាបន្ថែមទៀត កាលបងប្អូនអាន និងជញ្ជឹងគិតពីទំនុកដំកើង ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
ទំនុកដំកើង ១០២–៣; ១១៦
ព្រះអម្ចាស់អាចលួងលោមខ្ញុំពេលខ្ញុំរងទុក្ខ ។
សូមកត់សម្គាល់របៀបដែល ទំនុកដំកើង ១០២:១–១១ ពិពណ៌នាពីអារម្មណ៍នៃការថប់បារម្ភ និងភាពឯកោដែលជាញឹកញាប់កើតឡើងអំឡុងពេលមានទុក្ខព្រួយ ។ ប្រហែលជាបងប្អូន ឬអ្នកដទៃទៀតដែលបងប្អូនស្គាល់ធ្លាប់មានអារម្មណ៍បែបនេះ ។ នៅពេលបងប្អូនអាន ទំនុកដំកើង ១០២:១២–២៨; ១០៣; ១១៦ សូមស្វែងរកឃ្លាដែលផ្តល់ទំនុកចិត្តដល់បងប្អូនឲ្យ « អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា » ក្នុងការសាកល្បងរបស់បងប្អូន ( ទំនុកដំកើង ១១៦:១៣ ) ។ បងប្អូនគួរធ្វើការគូសចំណាំ ទន្ទេញ ឬចែកចាយជាមួយអ្នកដទៃនូវឃ្លាផ្សេងទៀតដែលផ្តល់សេចក្តីសង្ឃឹមដល់បងប្អូនលើទ្រង់ ។
សូមមើលផងដែរ អេសាយ ២៥:៨; ហេព្រើរ ២:១៧–១៨; អាលម៉ា ៧:១១–១៣; ខាំមៀល អិន ចនសុន « ព្រះយេស៊ូវគ្រីស្ទជាសេចក្ដីសង្គ្រោះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៨១–៨៣ « ខ្ញុំរកក្តីសុខឯណា ? » ( ទំនុកតម្កើង ល.រ.៦៩ ) ។
ដោយ ខាល ហែនរិច ប្លុច ( ឆ្នាំ១៨៣៤–១៨៩០ ) ព្រះគ្រីស្ទព្យាបាលអ្នកឈឺនៅបេថែសដា ឆ្នាំ១៨៨៣ ប្រេងនៅលើផ្ទាំងក្រណាត់ ទំហំ២៥៦ x ៣១៩ សង់ទីម៉ែត្រ ។ សារៈមន្ទីរសិល្បៈរបស់សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បានទិញដោយមូលនិធិដែលបានផ្តល់ឲ្យដោយ ចាក អ័រ និងម៉ារី ឡូអ៊ីស វីតលី ឆ្នាំ២០០១ ។
ទំនុកដំកើង ១១០; ១១៨
ព្រះយេស៊ូវគ្រីស្ទបានបំពេញការព្យាករនៅក្នុងទំនុកដំកើង ។
ទំនុកដំកើងមានសារដែលបង្ហាញពីព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជាឧទាហរណ៍មួយចំនួន ៖
-
ទំនុកដំកើង ១១០:១–៤ ( សូមមើល ម៉ាថាយ ២២:៤១–៤៥; ហេព្រើរ ៥:៤–១០; ៦:២០ )
-
ទំនុកដំកើង ១១៨:២២ ( សូមមើល ម៉ាថាយ ២១:៤២; កិច្ចការ ៤:១០–១១; ពេត្រុស ទី១ ២:៧ ) ។
-
ទំនុកដំកើង ១១៨:២៥–២៦ ( សូមមើល ម៉ាថាយ ២១:៩ )
តើខគម្ពីរទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពី ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងរឿងនេះអំពីទ្រង់ ?
ទំនុកដំកើង ១១៩
ព្រះបន្ទូលរបស់ព្រះនឹងរក្សាខ្ញុំនៅលើមាគ៌ារបស់ទ្រង់ ។
ទំនុកដំកើង ១១៩ មានឃ្លាជាច្រើនដែលប្រៀបធៀបជីវិតរបស់យើងទៅនឹងការធ្វើដំណើរត្រឡប់ទៅព្រះវរបិតាសួគ៌វិញ ។ នៅពេលបងប្អូនអាន សូមរកមើលពាក្យដូចជា « ដើរ », « ផ្លូវច្រក », « ផ្លូវ », « ជើង » និង « វង្វេង » ។ សូមជញ្ជឹងគិតពីដំណើរនៃជីវិតរបស់បងប្អូនផ្ទាល់—កន្លែងដែលបងប្អូនបានទៅ កន្លែងដែលបងប្អូនកំពុងនៅ និងកន្លែងដែលបងប្អូនកំពុងឆ្ពោះទៅ ។ តើបងប្អូនរៀនអ្វីខ្លះមកពីទំនុកដំកើងនេះអំពីការធ្វើដំណើររបស់បងប្អូនត្រឡប់ទៅផ្ទះវិញ ? តើបងប្អូនបានរៀនអ្វីខ្លះតាមរយៈការមើលផ្លូវរបស់អ្នកដទៃ ? ផ្អែកលើទំនុកដំកើងនេះ តើព្រះបានប្រទានអ្វីខ្លះដើម្បីជួយបងប្អូនឲ្យស្ថិតនៅលើមាគ៌ារបស់ទ្រង់ ?
សូមគិតអំពីពេលមួយដែលការដើរតាមផ្លូវ ឬផែនទីមួយដែលបានជួយបងប្អូនធ្វើដំណើរទៅដល់កន្លែងណាមួយដោយជោគជ័យ ។ តើបទពិសោធន៍នោះបង្រៀនបងប្អូនអ្វីខ្លះអំពីការដើរតាមមាគ៌ារបស់ព្រះ ?
នៅក្នុងព្រះគម្ពីរជាច្រើនទៀត ព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់មានបន្ទូលអំពីផ្លូវមួយ ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួន ។ សូមពិចារណាស្វែងរកខគម្ពីរទាំងនេះ ហើយកត់ត្រា ឬចែកចាយជាមួយអ្នកដទៃនូវអ្វីដែលបងប្អូនបានរៀន ។
|
បទគម្ពីរ |
អ្វីដែលខ្ញុំរៀនអំពីផ្លូវទៅកាន់ព្រះ |
|---|---|
បទគម្ពីរ សុភាសិត ៤:១១–១៩ | |
បទគម្ពីរ ម៉ាថាយ ៧:១៣–១៤ | |
បទគម្ពីរ | |
បទគម្ពីរ | |
បទគម្ពីរ | |
បទគម្ពីរ |
តើសេចក្ដីពិតទាំងនេះអាចជួយបងប្អូនឲ្យស្ថិតនៅលើមាគ៌ារបស់ព្រះយ៉ាងដូចម្ដេច ?
តើការយល់ដឹងបន្ថែមអ្វីខ្លះដែលបងប្អូនអាចរៀនពីការប្រឹក្សាខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ?
« ប្រសិនបើដំណើរនៅក្នុងជីវិតរបស់យើងគឺដើម្បីទទួលបានជោគជ័យ យើងត្រូវធ្វើតាមការណែនាំដ៏ទេវភាព ។ ព្រះអម្ចាស់បានមានបន្ទូលថា ‹ ចូរមើលមកឯយើង ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ › [ គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ] ។ ហើយអ្នកនិពន្ធទំនុកដំកើងបានសរសេរថា ‹ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង › [ ទំនុកដំកើង ១១៩:១០៥ ] ។ …
« នៅក្នុងដំណើរជីវិតរបស់បងប្អូន នោះបងប្អូនជួបឧបសគ្គច្រើន និងធ្វើកំហុសមួយចំនួន ។ ការដឹកនាំពីព្រះគម្ពីរជួយបងប្អូនទទួលស្គាល់កំហុស ហើយធ្វើការកែតម្រូវដែលចាំបាច់ ។ បងប្អូនឈប់ដើរឆ្ពោះទៅកាន់ទិសដៅដែលខុស ។ បងប្អូនអាចសិក្សាដោយយកចិត្តទុកដាក់នូវផែនទីបង្ហាញផ្លូវពីព្រះគម្ពី រ។ បន្ទាប់មក បងប្អូនឈានទៅប្រែចិត្ត និងការធ្វើឲ្យដូចដើមវិញដែលតម្រូវឲ្យដើរនៅលើ ‹ ផ្លូវតូចហើយចង្អៀតនោះដែលនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ច › [ នីហ្វៃទី២ ៣១:១៨ ] » ( « Living by Scriptural Guidance » Ensign ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ ១៧ ) ។
សូមមើលផងដែរឌៀថើរ អេហ្វ អុជដូហ្វ « មនុស្សខ្ជះខ្ជាយ និងផ្លូវដែលដឹកនាំទៅផ្ទះ » លីហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៨៦–៨៨ ។
ទំនុកដំកើង ១៣៤–៣៦
ព្រះអម្ចាស់មានព្រះចេស្តាជាងរូបសំណាកណាទាំងអស់ ។
យោងតាម ទំនុកដំកើង ១៣៥:១៥–១៨ សូមកត់សម្គាល់មូលហេតុដែលវាជាការឆ្កួតលីលាដើម្បីទុកចិត្តនៅលើព្រះក្លែងក្លាយ ។ តើអ្វីទៅដែលបងប្អូនអាចនឹងត្រូវល្បួងឲ្យជឿទុកចិត្ត ដែលស្រដៀងនឹងរូបព្រះ ? បងប្អូនអាចធ្វើបញ្ជីមួយនៃរឿងដ៏មានអានុភាពទាំងឡាយដែលព្រះអម្ចាស់អាចធ្វើ ដូចដែលអ្នកតែងទំនុកកើងបានតែងនៅក្នុង ទំនុកដំកើង ១៣៤–៣៦ ។ តើរឿងដ៏មានអានុភាពអ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់បងប្អូន ?
ទំនុកដំកើង ១៣៩
ព្រះអម្ចាស់ស្គាល់ដួងចិត្តរបស់ខ្ញុំ ។
តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង ទំនុកដំកើង ១៣៩ ដែលជួយបងប្អូនឲ្យយល់ថា ព្រះអម្ចាស់ជ្រាបអំពីបងប្អូន—គំនិត និងសកម្មភាព ភាពខ្លាំង និងភាពទន់ខ្សោយរបស់បងប្អូន ? តើចំណេះដឹងនេះជះឥទ្ធិពលដល់ជីវិតរបស់បងប្អូន និងការជ្រើសរើសរបស់បងប្អូនយ៉ាងដូចម្ដេច ?
ទំនុកដំកើង ១៤៦–១៥០
« សរសើរដល់ព្រះយេហូវ៉ា » ។
កាលដែលបងប្អូនអានទំនុកដំកើងចុងក្រោយនៃការសរសើរនេះ សូមគិតអំពីមូលហេតុដែលបងប្អូនបានសរសើរដល់ព្រះអម្ចាស់ ។ ហេតុអ្វីវាសំខាន់ដើម្បីសរសើរដល់ទ្រង់ ? តើមានវិធីមួយចំនួនអ្វីខ្លះដែលបងប្អូនអាចសរសើរដល់ទ្រង់ ?
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ទំនុកដំកើង ១០២:១–២
ព្រះអម្ចាស់លួងលោមខ្ញុំ ហើយប្រទានសេចក្ដីសង្ឃឹមដល់ខ្ញុំ ។
-
បងប្អូន ឬកូនម្នាក់បងប្អូនអាចអាន ទំនុកដំកើង ១០២:១–២ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ជួយយើងក្នុងគ្រាលំបាករបស់យើង ។ តើយើងអាចស្វែងរកជំនួយរបស់ទ្រង់យ៉ាងដូចម្ដេច ? បងប្អូនក៏អាចចែកចាយនឹងគ្នាទៅវិញទៅមក ពេលដែលបងប្អូនត្រូវការជំនួយ ហើយមានអារម្មណ៍ថា ព្រះបានព្រះសណ្ដាប់ឮការអធិស្ឋានរបស់បងប្អូន ។
ទំនុកដំកើង ១១៩:១០៥
ព្រះបន្ទូលរបស់ព្រះ គឺដូចជាពន្លឺ ។
-
កូនៗបងប្អូនប្រហែលជារីករាយក្នុងការនិយាយអំពីថាតើវាមានអារម្មណ៍បែបណានៅក្នុងទីងងឹត ។ ឬពួកគេអាចពិភាក្សាពីរឿងដែលពិបាកធ្វើនៅក្នុងទីងងឹត ។ បងប្អូនអាចអញ្ជើញពួកគេឲ្យធ្វើអ្វីមួយដោយបិទភ្នែករបស់ពួកគេ ដូចជាគូររូបភាពជាដើម ។ តើយើងរៀនអ្វីខ្លះពី ទំនុកដំកើង ១១៩:១០៥ អំពីពន្លឺ និងព្រះបន្ទូលរបស់ព្រះ ?
-
សូមរកមើលអ្វីមួយដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង ដើម្បីជួយយើងបន្តនៅលើមាគ៌ារបស់ទ្រង់នៅក្នុងខគម្ពីរដូចតទៅ ៖ ទំនុកដំកើង ១១៩:៤៧–៤៨; ១១៩:១០៥; នីហ្វៃទី១ ១១:២៥; នីហ្វៃទី២ ៣១:២០ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបន្តនៅលើមាគ៌ារបស់ព្រះ ?
-
កូនៗបងប្អូនប្រហែលជារីករាយក្នុងការមើលរូបភាពនៃអ្វីដែលបានរៀបរាប់នៅក្នុង ទំនុកដំកើង ១១៩:១០៥ ។ ពួកគេអាចដាក់រូបភាពតាមលំដាប់លំដោយ នៅពេលពួកគេអានខគម្ពីរនោះ ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយបទដែលទាក់ទងគ្នាផងដែរ ដូចជា « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៧៧ ) ឬ « ខ្ញុំនឹងដើរតាមព្រះគ្រីស្ទ » ( បណ្ណាល័យដំណឹងល្អ ) ។
ទំនុកដំកើង ១៣៩:១–៣, ២៣–២៤
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ និងស្រឡាញ់ខ្ញុំ ។
-
សូមពិចារណាបង្កើតបញ្ជីខ្លីៗអំពីអ្វីដែលបងប្អូនដឹងអំពីកូនបងប្អូនម្នាក់ៗ ។ ពេលបងប្អូនអានបញ្ជីទាំងនោះម្ដងមួយៗ សូមសួរដល់កូនៗឲ្យទាយថា បងប្អូនកំពុងពិពណ៌នាអំពីនរណា ។ បន្ទាប់មក ក្រោយពីអាន ទំនុកដំកើង ១៣៩:១–៣ ជាមួយគ្នា បងប្អូនអាចសរសេរបញ្ជីអំពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវដឹងអំពីយើង ។
-
សូមសរសេរពាក្យនៃ ទំនុកតម្កើង ១៣៩:២៣–២៤ នៅលើក្រដាស ឬក្ដារខៀន ។ អញ្ជើញកូនៗបងប្អូនឲ្យគូសបន្ទាត់ពីក្រោមពាក្យដែលពិពណ៌នាអំពីអ្វីដែលព្រះអាចធ្វើសម្រាប់យើង ។ ហេតុអ្វីយើងចង់ឲ្យព្រះធ្វើរឿងទាំងនេះ ?
ទំនុកដំកើង ១៤៦:១, ៥–៩
ខ្ញុំអាចសរសើរតម្កើងព្រះអម្ចាស់ ។
-
ប្រហែលជាកូនៗបងប្អូនអាចចែកចាយនូវបទពិសោធន៍នានា កាលនរណាម្នាក់បានសរសើរពួកគេ ឬបានប្រាប់ពួកគេថា ពួកគេធ្វើបានល្អណាស់ ។ សូមចែកចាយរឿងល្អមួយចំនួនចេញពី ទំនុកដំកើង ១៤៦:៦–៩ ដែលព្រះអម្ចាស់បានធ្វើ ( ជួយកូនៗបងប្អូនឲ្យយល់ពាក្យដែលពួកគេមិនស្គាល់ ) ។ សូមអញ្ជើញកូនៗបងប្អូនឲ្យនិយាយអំពីរឿងផ្សេងទៀតដែលទ្រង់ធ្វើសម្រាប់យើង ។ តើយើងអាចសរសើរដល់ទ្រង់ចំពោះរឿងទាំងនោះដោយរបៀបណា ?
រៀននៅផ្ទះ ចែកចាយជាមួយអ្នកដទៃ ។ ប្រធាន រ័សុលអិម ណិលសុន បានបង្រៀនថា គេហដ្ឋានគប្បីជា « មជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ » ( « Becoming Exemplary Latter-day Saints » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១៣ ) ។ តើបងប្អូនអាចធ្វើអ្វីខ្លះក្នុងសប្តាហ៍នេះដើម្បីធ្វើឲ្យការសិក្សាទំនុកដំកើងផ្ទាល់ខ្លួន ឬជាក្រុមគ្រួសារកាន់តែស៊ីជម្រៅ ? បន្ទាប់ពីការសិក្សារបស់បងប្អូន សូមពិចារណាចែកចាយជាមួយអ្នកដទៃនូវអ្វីដែលបងប្អូនបានរៀន និងមានអារម្មណ៍ ។ បងប្អូនអាចធ្វើដូចនេះនៅក្នុងការសន្ទនា តាមរយៈសារ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ឬនៅព្រះវិហារ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។