« ថ្ងៃទី១៤–២០ ខែកញ្ញា ‹ ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ › ៖ អេសាយ ១–១២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី១៤–២០ ខែកញ្ញា ‹ ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
The Prophet Isaiah Foretells Christ’s Birth [ ព្យាការីអេសាយប្រាប់ទុកជាមុនពីការប្រសូតរបស់ព្រះគ្រីស្ទ ] ដោយ ហារី អាន់ឌើរសុន
ថ្ងៃទី១៤–២០ ខែកញ្ញា ៖ « ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ »
អេសាយ ១–១២
ទោះបីជាបងប្អូនអានគម្ពីរអេសាយជាលើកដំបូងក្តី ក៏បងប្អូនអាចរកឃើញវគ្គបទគម្ពីរដែលស្ដាប់ទៅដូចជាធ្លាប់ឮពីមុនមកដែរ ។ នោះក៏ព្រោះតែក្នុងចំណោមពួកព្យាការីព្រះគម្ពីរសញ្ញាចាស់ទាំងអស់ គម្ពីរអេសាយ គឺជាគម្ពីរដែលត្រូវបានគេដកស្រង់ពាក្យសម្ដីទៅក្នុងគម្ពីរផ្សេងៗជាញឹកញាប់ ដោយរួមទាំងព្រះអង្គសង្រ្គោះទ្រង់ផ្ទាល់ផងដែរ ។ ពាក្យសម្តីរបស់អេសាយក៏ឃើញមាននៅក្នុងទំនុកតម្កើង និងតន្រ្តីពិសិដ្ឋផ្សេងៗទៀតជារឿយៗផងដែរ ។
ហេតុអ្វីអេសាយត្រូវបានគេដកស្រង់ញឹកញាប់ខ្លាំងដូច្នេះ ? ពិតប្រាកដណាស់ មូលហេតុមួយគឺថា អេសាយមានអំណោយទានសម្រាប់ការថ្លែងព្រះបន្ទូលរបស់ព្រះ ជាភាសាដែលរស់រវើក និងគួរឲ្យចងចាំ ។ ប៉ុន្តែវាមានច្រើនលើសពីនោះទៅទៀត ។ អេសាយបានបំផុសគំនិតដល់ពួកព្យាការីអស់ជាច្រើនជំនាន់ ពីព្រោះតែសេចក្តីពិតដែលលោកបានបង្រៀន បានបន្តមានហួសពីជំនាន់លោកផ្ទាល់ទៅទៀត ( ចន្លោះឆ្នាំ៧៤០ និង ឆ្នាំ៧០១ មុន.គ.ស. ) ។ លោកបានសរសេរពីកិច្ចការដ៏អស្ចារ្យនៃសេចក្តីប្រោសលោះរបស់ព្រះ ដែលធំជាងប្រទេសមួយ ឬអំឡុងពេលមួយទៅទៀត ។ តាមរយៈអេសាយ នោះនីហ្វៃបានរៀនថា លោក និងប្រជាជនរបស់លោក ទោះជាបានបំបែកចេញពីសាសន៍អ៊ីស្រាអែលផ្សេងទៀតក្តី ក៏នៅតែជារាស្រ្តនៃសេចក្តីសញ្ញារបស់ព្រះដដែល ។ នៅក្នុងគម្ពីរអេសាយ ពួកអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីបានរកឃើញការព្យាករអំពីព្រះមែស៊ី ដែលត្រូវបានបំពេញនៅចំពោះមុខរបស់ពួកគេ ។ ហើយនៅក្នុងគម្ពីរអេសាយ យ៉ូសែប ស៊្មីធ បានរកឃើញការបំផុសគំនិតសម្រាប់កិច្ចការនៃការប្រមូលផ្តុំអ៊ីស្រាអែល និងការស្ថាបនាស៊ីយ៉ូននៅថ្ងៃចុងក្រោយ ។ នៅពេលបងប្អូនអានអេសាយ តើបងប្អូននឹងរកឃើញអ្វីខ្លះ ?
សម្រាប់សាច់រឿងបន្ថែមទៀតអំពីអេសាយ និងសំណេររបស់លោក សូមមើល « អេសាយ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។ ចំពោះព័ត៌មានអំពីគ្រាដែលអេសាយបានរស់នៅ សូមមើល ពង្សាវតារក្សត្រ ទី២ ១៥–២០ និង របាក្សត្រ ទី២ ២៦–៣២ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
អេសាយ ១–១២
ពាក្យពេចន៍របស់អេសាយនឹងត្រូវបានបំពេញទាំងអស់ ។
ព្រះអង្គសង្គ្រោះបានបង្រៀនថា « ហើយគ្រប់ទាំងការណ៍ដែល[ អេសាយ ]មានប្រសាសន៍នោះបានកើតឡើង ហើយនឹងកើតឡើង គឺស្របតាមពាក្យពេចន៍ដែលលោកបានប្រាប់ » ( នីហ្វៃទី៣ ២៣:៣ ) ។ នៅពេលដែលបងប្អូនសិក្សាគម្ពីរអេសាយ សូមពិចារណាធ្វើតារាងការព្យាករដែលមានចំណងជើង ដូចជាចំណងជើងទាំងនេះ ៖ សម័យរបស់អេសាយ ការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្រ្គោះ និង សម័យចុងក្រោយ ។ សូមចំណាំថា ការព្យាករជាច្រើនរបស់អេសាយត្រូវបានបំពេញតាមរបៀបច្រើនជាងមួយ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អេសាយ » ) ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀន ៖ « គម្ពីរអេសាយមាននូវការព្យាករជាច្រើន ដែលហាក់ដូចជាមានការបំពេញជាច្រើនដង ។ អត្ថន័យមួយហាក់ទាក់ទងនឹងប្រជាជននៃជំនាន់របស់អេសាយ ឬស្ថានភាពនៃមនុស្សជំនាន់ក្រោយ ។ អត្ថន័យមួយទៀត ជាញឹកញាប់ជានិមិត្តសញ្ញាដែលហាក់សំដៅលើព្រឹត្តិការណ៍នៅក្នុងវណ្ឌនៃពេលវេលា កាលទីក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោល ហើយប្រជាជនត្រូវខ្ចាត់ខ្ចាយបន្ទាប់ពីការឆ្កាងព្រះរាជបុត្រានៃព្រះ ។ ប៉ុន្តែនៅតែមានអត្ថន័យ ឬការបំពេញមួយទៀតចំពោះការព្យាករដដែលនេះ ដែលហាក់ដូចជាពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ការពិតដែលថា ការព្យាករទាំងនេះជាច្រើនអាចមានអត្ថន័យច្រើនខុសៗគ្នា បញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិវរណៈរបស់យើងពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើងឲ្យបកស្រាយអត្ថន័យទាំងនោះ » ( « Scripture Reading and Revelation » Ensign ខែមករា ឆ្នាំ១៩៩៥ ទំព័រ ៨ ) ។
ការយល់ពីអេសាយ ។ ព្រះអង្គសង្គ្រោះមានបន្ទូល ៖ « ចូរអ្នករាល់គ្នាពិចារណាមើលការណ៍ទាំងនេះដោយព្យាយាម ដ្បិតពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា » ( នីហ្វៃទី៣ ២៣:១; សូមមើលផងដែរ ខទី ២–៣ ) ។ ប៉ុន្តែ គម្ពីរអេសាយអាចពិបាកយល់ណាស់ចំពោះមនុស្សជាច្រើន ។ យោបល់ខាងក្រោមនេះអាចជាជំនួយ ៖
-
សូមពិចារណាពីនិមិត្តរូប និងការប្រៀបធៀបដែលអេសាយបានប្រើ ។
-
សូមសួរខ្លួនឯងថា « តើខ្ញុំកំពុងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? » ( សូមមើលផងដែរ នីហ្វៃទី១ ១៩:២៣ ) ។
-
សូមរកមើលប្រធានបទដែលគិតថាទាក់ទងនឹងសម័យរបស់យើង ។
-
សូមប្រើជំនួយសិក្សាដូចជា វចនានុក្រម លេខយោង ក្បាលកណ្ឌ និង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
អេសាយ ១; ៣–៥
ពួកព្យាការីព្រមានអំពីអំពើបាប និងសន្យានូវសេចក្តីសង្ឃឹមតាមរយៈការប្រែចិត្ត ។
ដូចជាពួកព្យាការីនៅគ្រប់សម័យកាលដែរ អេសាយបានបន្តព្រមានប្រជាជនអំពីស្ថានភាពខាងវិញ្ញាណរបស់ពួកគេ ។ នៅពេលបងប្អូនអាន អេសាយ ១; ៣; ៥ សូមរកមើលឃ្លាដែលពិពណ៌នាពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជន ( សូមមើលឧទាហរណ៍ អេសាយ ១:២–៤, ២១–២៣; ៣:៩, ១៦–១៧; ៥:១១–១២, ២០–២៣ ) ។ តើបងប្អូនមើលឃើញបញ្ហាស្រដៀងគ្នាអ្វីខ្លះនៅក្នុងសម័យរបស់យើង ? បងប្អូនអាចរកមើលឃ្លាសម្រាប់ខគម្ពីរដែលព្រមានអំពីលទ្ធផលនៃស្ថានភាពខាងវិញ្ញាណរបស់ពួកសាសន៍អ៊ីស្រាអែល ( ដូចជា អេសាយ ១:៧; ៣:១៧–២៦; ៥:៥–៧, ១៣–១៥ ) ។
បន្ថែមពីលើការព្រមានទាំងឡាយ អេសាយបានផ្តល់សារលិខិតនៃសេចក្តីសង្ឃឹមសម្រាប់ការប្រោសលោះតាមរយៈព្រះអង្គសង្គ្រោះ ( សូមមើល ឧទាហរណ៍ អេសាយ ១:១៦–១៩, ២៥–២៧; ៣:១០; ៤ ) ។ តើបងប្អូនរៀនអ្វីខ្លះ អំពីព្រះអម្ចាស់ចេញពីសារលិខិតទាំងនេះ ? តើសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះខុសពីអ្វីដែលសាតាំងចង់ឲ្យយើងជឿយ៉ាងដូចម្តេច ?
ដូចអេសាយផងដែរ ពួកព្យាការីផ្សេងទៀតបានព្រមានអំពីអំពើបាប និងផលវិបាករបស់អំពើបាប ហើយពួកលោកបានផ្ដល់នូវសារលិខិតនៃសេចក្តីសង្ឃឹមតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ តើមានគំរូអ្វីខ្លះទៀតដែលបងប្អូនអាចនឹកឃើញ ? បងប្អូនអាចមើលសារលិខិតពីសន្និសីទទូទៅកន្លងមក ដោយស្វែងរកការព្រមាន និងការសន្យាបែបនេះ ។
អេសាយ ២; ៤; ១១–១២
ព្រះនឹងធ្វើកិច្ចការដ៏ធំនៅក្នុងថ្ងៃចុងក្រោយ ។
ការព្យាកររបស់អេសាយជាច្រើនមានអត្ថន័យជាក់លាក់សម្រាប់ជំនាន់របស់យើង ។ ដើម្បីស្វែងរកការព្យាករទាំងនោះ សូមរកមើលកិរិយាសព្ទអនាគតកាល ( ដូចជា « នឹងបាន/នឹងត្រូវ » ឬ « នឹងទៅ/នឹងចេញ/នឹងត្រូវ » ) ។ ឧទាហរណ៍ សូមរកមើលកិរិយាសព្ទទាំងនេះនៅពេលដែលបងប្អូនអាន អេសាយ ២; ៤; ១១–១២ ។ បងប្អូនក៏អាចព្យាយាមជំនួសវាជាមួយនឹងកិរិយាសព្ទបច្ចុប្បន្នកាល ( ដូចជា គឺជា ឬ នឹង ) ។ តើការព្យាករទាំងនេះណាមួយដែលបំផុសគំនិតបងប្អូនជាពិសេស ? តើបងប្អូនរៀនអ្វីខ្លះចេញពីការព្យាករទាំងនេះអំពីស៊ីយ៉ូន ការសាងសង់ព្រះវិហារបរិសុទ្ធ និងការប្រមូលផ្ដុំអ៊ីស្រាអែល ?
អេសាយ ២:២–៣ គឺទាក់ទងយ៉ាងពិសេសទៅនឹងពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ ។ តើការព្យាកររបស់ទាំងនេះត្រូវបានបំពេញដោយរបៀបណា ? តើបងប្អូនរៀនអ្វីខ្លះអំពី « ផ្លូវ » របស់ព្រះអម្ចាស់នៅក្នុងដំណាក់របស់ទ្រង់ ? ( ខទី ៣ ) ។
សូមមើលផងដែរ អេសាយ ៥:២៦; « នៅលើកំពូលភ្នំខ្ពស់ » ទំនុកតម្កើង ល.រ. ៥ ។
អេសាយ ៦
ពួកព្យាការីគឺត្រូវបានហៅដោយព្រះ ។
នៅក្នុង ជំពូក ៦ អេសាយបានរៀបរាប់ឡើងវិញពីការហៅរបស់លោកឲ្យធ្វើជាព្យាការី ។ នៅពេលបងប្អូនអានជំពូកនេះ ចេញពីបទពិសោធន៍របស់អេសាយ តើអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍នោះ ? តើជំពូកនេះជះឥទ្ធិពលលើរបៀបដែលបងប្អូនគិតអំពីព្រះអម្ចាស់ ពួកព្យាការីរបស់ទ្រង់ និងកិច្ចការដែលពួកលោកត្រូវបានហៅឲ្យធ្វើយ៉ាងដូចម្តេច ?
« ដ្បិតមានបុត្រ ១ កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា ១ មកយើងហើយ » ( អេសាយ ៩:៦ ) ។
អេសាយ ៧–៩
ព្រះបានសន្យាថានឹងបញ្ជូនព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
ក្នុងអំឡុងពេលការងារបម្រើរបស់អេសាយ អ៊ីស្រាអែលបានចងសម្ព័ន្ធភាពជាមួយស៊ីរី ដើម្បីការពារខ្លួនប្រឆាំងនឹងស្រុកអាសស៊ើរ ។ អ៊ីស្រាអែល និង ស៊ីរី ចង់បង្ខិតបង្ខំឲ្យ អេហាស ដែលជាស្តេចយូដា ឲ្យចូលរួមនឹងពួកគេ ។ ប៉ុន្តែអេសាយបានព្យាករថា ការចងសម្ព័ន្ធនេះនឹងបរាជ័យ និងបានទូន្មានដល់អេហាសឲ្យទុកព្រះទ័យលើព្រះអម្ចាស់ ( អេសាយ ៧:៧–៩; ៨:១២–១៣ ) ។
ខណៈដែលអេសាយបានទូន្មានដល់អេហាស លោកបានធ្វើការព្យាករដ៏ល្បីល្បាញជាច្រើន ដូចជា ការព្យាករដែលមាននៅក្នុង អេសាយ ៧:១៤; ៨:១៣–១៤; ៩:២, ៦–៧ ។ មិនថាការព្យាករទាំងនេះមានអត្ថន័យបែបណាចំពោះអេហាសនោះទេ ក៏ការព្យាករទាំងនេះជាប់ទាក់ទងយ៉ាងខ្លាំងនឹងព្រះយេស៊ូវគ្រីស្ទ ( សូមមើលផងដែរ ម៉ាថាយ ១:២១–២៣; ៤:១៦; ២១:៤៤; លូកា ១:៣១–៣៣ ) ។ ហេតុអ្វី « អេម៉ាញូអែល » គឺជាព្រះបរមងារដ៏ល្អមួយសម្រាប់ព្រះអង្គសង្គ្រោះ ? ( សូមមើល ម៉ាថាយ ១:២៣ ) ។ តើទ្រង់ជា « ព្រះដ៏ជួយគំនិត » ឬ « ម្ចាស់នៃមេត្រីភាព » ដល់បងប្អូនដោយរបៀបណា ? ( អេសាយ ៩:៧ ) ។ តើបងប្អូនរៀនអ្វីខ្លះទៀតអំពីព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ?
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
អេសាយ ១:២–៤, ១៦–១៩
ដោយសារព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចប្រែចិត្ត ហើយបានស្អាត ។
-
នៅក្នុង អេសាយ ១:២–៤ បងប្អូន និងកូនៗបងប្អូនអាចស្វែងរកមូលហេតុដែលព្រះអម្ចាស់មិនសព្វព្រះទ័យនឹងប្រជាជនទាំងនោះ ។ សូមកត់ចំណាំការបៀបធៀបជាមួយសត្វពាហៈនៈនៅក្នុង ខទី ៣—តើនរណាជា « លោកចៅហ្វាយ » របស់យើង ? តើយើងបង្ហាញថាយើងស្គាល់ទ្រង់ដោយរបៀបណា ?
-
ដើម្បីមើលឃើញ អេសាយ ១:១៦–១៨ បងប្អូន និងកូនៗបងប្អូនអាចមើលអ្វីមួយដែលមានពណ៌ក្រហមឆ្អៅ និងពណ៌សសុទ្ធ ។ ឬប្រហែលជាបងប្អូនអាចធ្វើការជាមួយគ្នាដើម្បីលាងអ្វីមួយ ។ តើយើងក្លាយទៅជាបុគ្គលមិនស្អាតខាងវិញ្ញាណយ៉ាងដូចម្ដេច ? តើព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យបានស្អាតខាងវិញ្ញាណដោយរបៀបណា ? តើយើងរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ? ចែកចាយជាមួយកូនៗបងប្អូនពីរបៀបដែលបងប្អូនមានអារម្មណ៍អំពីទ្រង់ និងអ្វីដែលទ្រង់បានធ្វើសម្រាប់បងប្អូន ។
អេសាយ ២:២–៤
នៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
អេសាយបានឃើញជាមុននូវគ្រាមួយ ពេលដែល « ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា » នឹងទាក់ទាញមនុស្សមកពី « ប្រជាជាតិជាច្រើន »( អេសាយ ២:២ ) ។ តើបងប្អូនអាចជួយកូនៗបងប្អូនឲ្យទទួលអារម្មណ៍រំភើបអំពីការទៅដំណាក់របស់ព្រះអម្ចាស់ដោយរបៀបណា ? បងប្អូនអាចអញ្ជើញពួកគេឲ្យគូររូបភាពផ្ទះរបស់ពួកគេ ។ បន្ទាប់មក សូមអាន អេសាយ ២:២ ជាមួយគ្នា ហើយអញ្ជើញឲ្យពួកគេគូររូបភាពមួយនៃ « ទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា » ដែលជាព្រះវិហារបរិសុទ្ធ ។ សូមអាន អេសាយ ២:៣ ជាមួយគ្នា ។ សូមអញ្ជើញពួកគេឲ្យគូរបន្ថែមទៅលើរូបភាពរបស់ពួកគេ នូវមនុស្សជាច្រើនដែលមកកាន់ព្រះវិហារបរិសុទ្ធ រួមទាំងគ្រួសាររបស់ពួកគេផងដែរ ។
-
បងប្អូនក៏អាចអានអេសាយ អេសាយ ២:២–៣ ជាមួយគ្នា ហើយស្វែងរកអ្វីមួយដែលបំផុសគំនិតបងប្អូន និងកូនៗបងប្អូនឲ្យទៅព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក សូមអាន អេសាយ ២:៤ ជាមួយគ្នា បងប្អូនក៏អាចពិភាក្សាពីរបៀបដែលព្រះវិហារបរិសុទ្ធនាំមកដល់ពួកគេនូវសេចក្តីសុខសាន្ត ។ សូមពិចារណាច្រៀងចម្រៀងមួយបទអំពីព្រះវិហារបរិសុទ្ធ ដូចជា « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) ។ សូមជួយកូនៗបងប្អូនឲ្យស្វែងរកឃ្លានៅក្នុងបទចម្រៀងនេះ ដែលបង្រៀនអំពីព្រះវិហារបរិសុទ្ធ និងអ្វីដែលយើងធ្វើនៅទីនោះ ។
ព្រះវិហារបរិសុទ្ធ សលត៍ លេក
អេសាយ ៧:១៤; ៩:៦–៧
ព្រះយេស៊ូវគ្រីស្ទយាងមកផែនដីដើម្បីធ្វើជាព្រះអង្គសង្គ្រោះ ។
-
ដើម្បីណែនាំពីការព្យាកររបស់អេសាយពីព្រះគ្រីស្ទ នោះបងប្អូន និងកូនៗបងប្អូនអាចនិយាយអំពីងាររបស់មនុស្ស ដូចជា ប្រធាន ប៊ីស្សព ឬគ្រូបង្រៀន ។ តើងារទាំងនេះប្រាប់យើងអ្វីខ្លះអំពីមនុស្សទាំងនេះ ? ជួយកូនៗបងប្អូនស្វែងរកព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង អេសាយ ៧:១៤ និង ៩:៦–៧ ( សូមមើលផងដែរទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ ) ។ តើព្រះបរមងារនីមួយៗទាំងនេះបង្រៀនអ្វីខ្លះដល់យើងអំពីទ្រង់ ? តើយើងរៀនអ្វីខ្លះទៀត អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈខគម្ពីរទាំងនេះ ?
-
បងប្អូនក៏អាចចែកចាយជាមួយកូនៗបងប្អូន « អេសាយជាព្យាការី » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១៥០–១៥១ ) ។ សូមផ្អាកអានម្តងម្កាលៗ ដើម្បីសួរពីអ្វីដែលអេសាយបានដឹងអំពីព្រះយេស៊ូវគ្រីស្ទជាច្រើនឆ្នាំ មុនពេលដែលទ្រង់បានប្រសូតមក ។ បន្ទាប់មក បងប្អូនអាចប្រើ ម៉ាថាយ ១:២១–២៣; លូកា ១:៣១–៣៣ ដើម្បីនិយាយអំពីរបៀបដែលការព្យាកររបស់អេសាយនៅក្នុង អេសាយ ៧:១៤; ៩:៦–៧ ត្រូវបានបំពេញ ។
1:18Isaiah the Prophet
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។