ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២១–២៧ ខែកញ្ញា  « ការណ៍​អស្ចារ្យ ហើយ​ចម្លែក » ៖ អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥


« ថ្ងៃទី២១–២៧ ខែកញ្ញា ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › ៖ អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២១–២៧ ខែកញ្ញា ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

ព្រះ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​យុវជន យ៉ូសែប ស្ម៊ីធ

Sacred Grove [ ព្រៃ​ពិសិដ្ឋ ] ដោយ ប្រេនថ៍ បូរ៉ាប់

ថ្ងៃទី២១–២៧ ខែកញ្ញា ៖ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »

អេសាយ ១៣–១៤; ២២; ២៤–៣០៣៥

រឿង​មួយ​ដែល​ព្រះ​អម្ចាស់​បង្គាប់​ឲ្យ​ពួក​ព្យាការី​ធ្វើ គឺ​ត្រូវ​ព្រមាន​អំពី​លទ្ធផល​នៃ​អំពើ​បាប ។ សម្រាប់​ពួក​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ កិច្ចការ​នេះ​ជា​ញឹកញាប់​មាន​ន័យ​ថា ប្រាប់​ពួកអ្នក​គ្រប់គ្រង​នគរ​ដ៏​ខ្លាំងក្លា​ថា ពួកគេ​ត្រូវការ​ប្រែចិត្ត ។ នោះគឺ​ជា​ការងារ​ដ៏មាន​គ្រោះថ្នាក់ ប៉ុន្តែ​អេសាយ​មិន​ខ្លាច​ឡើយ ហើយ​ការព្រមាន​របស់​លោក​ចំពោះ​នគរ​នៅ​សម័យ​របស់​លោក រួមមាន​អ៊ីស្រាអែល យូដា និង​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ—ដោយ​អង់អាច​ណាស់ ( សូមមើល អេសាយ ១៣–២៣ ) ។

ទោះ​យ៉ាងណា អេសាយ​ក៏​មាន​សារលិខិត​នៃ​ក្តីសង្ឃឹម​ដែរ ។ ទោះបីជា​ការបំផ្លិច​បំផ្លាញ​ដែល​បាន​ព្យាករ​បានកើត​ឡើង​ចំពោះ​នគរ​ទាំងនេះ​ក្តី ក៏​អេសាយ​បានមើល​ឃើញ​នូវ​ឱកាស​សម្រាប់​ការស្តារ​ឡើងវិញ និង​កែប្រែ​ឡើង​វិញ​នេះ​ដែរ ។ ព្រះអម្ចាស់​បង្គាប់​រាស្រ្ត​របស់ទ្រង់​ឲ្យ​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ទ្រង់​នឹង​ធ្វើឲ្យ « ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួតហែង​នឹង​មាន​ក្បាលទឹក​ហូរ » ( អេសាយ ៣៥:៧ ) ។ ទ្រង់​នឹង​សម្តែង « ការណ៍​អស្ចារ្យ ហើយ​ចម្លែក » ( អេសាយ ២៩:១៤ ) ដោយ​ស្តារឡើងវិញ​នូវ​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​ដល់​ពួកគេ ។ ទាំង​អេសាយ និង​អ្នក​ឯទៀត​ដែល​នៅរស់​ពេល​នោះ ពុំ​បាន​ឃើញ​កិច្ចការ​ដ៏អស្ចារ្យ​នេះ​កើតឡើង​ទេ ។ ប៉ុន្តែ​យើង​កំពុង​មើលឃើញ​វា​នៅ​ថ្ងៃ​នេះ ។ តាមពិតទៅ យើង​មាន​ចំណែក​នៅក្នុង​កិច្ចការ​នេះ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

អេសាយ ១៣:១–១១, ១៩–២២; ១៤:១–២០

សេចក្តីឆ្មើងឆ្មៃ និង​រឿង​ខាងលោកិយ​នឹង​បរាជ័យ ។

នៅ​សម័យ​របស់​អេសាយ បាប៊ីឡូន​គឺជា​នគរ​ដែល​មាន​អំណាច​គ្រប់គ្រង​ដ៏​ខ្លាំងក្លា ។ ឥឡូវនេះ បាប៊ីឡូន​គឺជា​ប្រវត្តិសាស្រ្ត​បុរាណ ។ ហេតុដូច្នេះហើយ ហេតុអ្វី​បានជា​សារលិខិត​របស់​អេសាយ​ទៅកាន់​បាប៊ីឡូន​នៅក្នុង អេសាយ ១៣–១៤ មាន​សារៈសំខាន់​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ ? ពីព្រោះ​បាប៊ីឡូន​ជា​និមិត្តរូប​ឲ្យ​សេចក្តីឆ្មើងឆ្មៃ សេចក្តីលោភ អំពើបាប និង​អ្វីៗ​ដែល​នៅតែ​ជុំវិញ​យើង​សព្វ​ថ្ងៃនេះ ។ សូមគិត​ពី​និមិត្តរូប​នេះ នៅពេល​បងប្អូន​អាន អេសាយ ១៣:១–១១, ១៩–២២; ១៤:១–២០ ។ បងប្អូន​ក៏​អាច​ពិចារណា​ពី​សំណួរ​ដូច​ទាំងនេះ ៖

  • តើ​បងប្អូន​មើល​ឃើញ​ភាព​ស្រដៀង​គ្នា​អ្វីខ្លះ រវាង​ភាព​ឆ្មើង​ឆ្មៃ​របស់​ស្តេច​បាប៊ីឡូន និង​ភាព​ឆ្មើង​ឆ្មៃ​របស់​សាតាំង ? ( សូមមើល អេសាយ ១៤:៤–២០; ម៉ូសេ ៤:១–៤ ) ។ តើ​ការព្រមាន​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​សម្រាប់​ខ្លួន​បងប្អូន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ទី « សម្រាក​ពី​សេចក្តី​ទុក្ខ សេចក្តី​វេទនា » របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? ( អេសាយ ១៤:៣ ) ។

ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​លេចឡើង​ចំពោះ​ម៉ារា​នៅជិត​ព្រះផ្នូរ​របស់​ទ្រង់

« ទ្រង់​នឹង​បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប » ( អេសាយ ២៥:៨ ) ។

អេសាយ ២២:២២–២៣; ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។

ជារឿយៗ ការបង្រៀន​របស់​អេសាយ​យោង​ទៅ​លើ​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ រួម​ទាំង​ពលិកម្ម​ដ៏​ធួន ការមាន​ព្រះជន្ម​រស់​ឡើងវិញ និង​ការយាង​មក​ជា​លើកទីពីរ​របស់​ទ្រង់ ។ តើ​បងប្អូន​គិត​ឃើញ​អ្វីខ្លះ​អំពី​ទិដ្ឋភាព​នៃ​បេសកកម្ម​របស់​ទ្រង់ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ដូចតទៅ​នេះ ៖ អេសាយ ២២:២២–២៣; ២៤:២១–២៣; ២៥:៦–៨; ២៦:១៩; ២៨:១៦ ? តើ​វគ្គ​ផ្សេង​ទៀត​ណា​ខ្លះ​ដែល​បងប្អូន​រក​ឃើញ ហើយ​វា​រំឭក​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ ?

ផ្តល់​ឱកាស​ដល់​អ្នករៀន​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ « ដើម្បី​ធ្វើ​ជា​គ្រូបង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ថា ជួយ​អ្នក​ដទៃ​ឲ្យ​យល់ និង​ពឹង​ផ្អែកលើ​ការបង្រៀន ព្រះចេស្តា​ប្រោសលោះ និង​សេចក្តីស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។ របៀប​ដ៏​សាមញ្ញ​មួយ​ដើម្បី​ធ្វើ​ការណ៍​នោះ​រាល់​ពេល​បងប្អូន​បង្រៀន​គឺ​ត្រូវ​សួរ​សំណួរ​ដូចជា « តើ​បងប្អូន​បាន​រកឃើញ​អ្វីខ្លះ​នៅក្នុង​បទគម្ពីរ​ក្នុង​សប្តាហ៍​នេះ ដែល​បានបង្រៀន​បងប្អូន​នូវ​អ្វី​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ ? » បន្ទាប់មក​អនុញ្ញាត​ឲ្យ​អ្នករៀន​ចែកចាយ​បទបិសោធន៍​របស់​ពួកគេ និង​ពង្រឹង​ជំនឿ​របស់​គ្នា​ទៅវិញ​ទៅមក ។

អេសាយ ២៤:១–១២; ២៨:១–៨; ២៩:៧–១៣; ៣០:៨–១៤

ការងាក​ចេញពី​ព្រះអម្ចាស់​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ខាងវិញ្ញាណ ។

ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ព្រះអម្ចាស់​បានបញ្ជូន​អេសាយ​ឲ្យ​ព្រមាន​រាស្រ្ត​នៃ​សេចក្តីសញ្ញា ថា​ពួកគេ​កំពុង​វង្វេងចេញ​ពី​ទ្រង់​ហើយ ។ សូមមើល​ប្រសិនបើ​បងប្អូន​អាច​ស្វែងរក​ទីសម្គាល់​ការព្រមាន​ខាងវិញ្ញាណ​នៃ​ការណ៍​នេះ​នៅក្នុង អេសាយ ២៤:៥; ២៩:១៣; ៣០:៨–១២ ។ ហេតុអ្វី​បាន​ជា​ឥរិយាបថ និង​សកម្មភាព​ទាំងនេះ​មាន​គ្រោះថ្នាក់​ខាងវិញ្ញាណ ?

ដើម្បី​ព្រមាន​អំពី​លទ្ធផល​នៃ​ការវង្វេងចេញ​ពី​ព្រះអម្ចាស់ អេសាយ​បានប្រើ​ការប្រៀបធៀប​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ ។ នៅពេល​ដែល​បងប្អូន​រៀន​ពី​វា សូម​សួរ​ខ្លួន​ឯង​ថា​តើ​ការងាកចេញ​ពី​ព្រះអម្ចាស់​មាន​លក្ខណៈ​ដូចម្តេច ៖

  • ទុក្ខសោក ផែនដី​នៅ​ទទេ ( អេសាយ ២៤:១–១២ ) ។

  • ការស្រវឹងស្រា ( អេសាយ ២៨:៧–៨ ) ។

  • ស្រេកឃ្លាន និង​ស្រេកទឹក ( អេសាយ ២៩:៧–១០ ) ។

  • កំពែង​ដែល​បាក់បែង ឬ​ឆ្នាំង​បំបែក​ខ្ទេចខ្ទី ( អេសាយ ៣០:១៣–១៤ ) ។

ហេតុអ្វី​វា​សំខាន់​ចំពោះ​បងប្អូន​ដើម្បី​បន្ត​នៅ​ជិត​នឹង​ព្រះអម្ចាស់ ?

អេសាយ ២៩; ៣០:១៨–២៦៣៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​អាច​ស្ដារ​នូវ​អ្វី​ដែល​បាត់បង់ ឬ​បែកបាក់​មកវិញ​បាន ។

តើ​បងប្អូន​ធ្លាប់​បាត់​អ្វី​ដែល​បងប្អូន​គិត​ថា​បងប្អូន​នឹង​មិន​រកឃើញ​ម្តង​ទៀត​ដែរ​ឬ​ទេ ? ឬ​ប្រហែលជា​អ្វីមួយ​ដែល​បាក់បែក ហើយ​បងប្អូន​បានព្រួយបារម្ភ​ថា​វា​នឹង​មិន​អាច​ជួសជុល​ឡើងវិញ​បាន​ដែរ​ឬ​ទេ ។ នៅពេល​ដែល​យើង​ងាកចេញ​ពី​ព្រះអម្ចាស់ សាតាំង​ចង់​ឲ្យ​យើង​គិត​ថា​យើង​មិន​អាច​ត្រឡប់​មក​វិញ ឬ​ត្រូវ​បានព្យាបាល​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី ក៏​អេសាយ​បាន​រៀបរាប់​អំពី​រឿង​ដ៏​អស្ចារ្យ​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ ដើម្បី​ជួយ​យើង​ត្រឡប់​ទៅរក​ទ្រង់​វិញ​ដែរ ។ តើ​បងប្អូន​រៀនអ្វីខ្លះ​មក​ពី អេសាយ ២៩:១៣–២៤; ៣០:១៨–២៦៣៥ អំពី​ព្រះអម្ចាស់ សេចក្ដីស្រឡាញ់​របស់​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់ ? ប្រហែលជា​បងប្អូន​អាច​រកឃើញ​ឃ្លា​មួយ​នៅក្នុង​ប្រសាសន៍​ទាំងនេះ​ដែល​ផ្តល់​ឲ្យ​បងប្អូន​នូវ​ក្តី​សង្ឃឹម​នៅពេល​ដែល​បងប្អូន​ត្រូវការ​ការព្យាបាល ។ បងប្អូន​ក៏​អាច​រកមើល​នៅក្នុង​សារលិខិត​របស់​ស៊ីស្ទើរ អេមមី អេ រ៉ាយ « ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា » ( លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៨១–៨៤ ) ។

របៀប​មួយ​ដែល​ព្រះអម្ចាស់​បានបើក​សម្ដែង​ឲ្យ​ឃើញ​ព្រះចេស្ដា និង​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ គឺ​តាមរយៈ​ការស្ដារឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ អេសាយ ២៩ មាន​នូវ​វគ្គបទ​គម្ពីរ​មួយ​ចំនួន​ដែល​មាន​ព្រឹត្តិការណ៍​ស្រដៀងគ្នា​ខ្លាំង​ជាមួយ​ព្រឹត្តិការណ៍​ស្ដារ​ឡើង​វិញ​ដែរ ។ ឧទាហរណ៍ ៖

នៅក្នុង​ទស្សន​របស់​បងប្អូន ហេតុអ្វី​ពាក្យ « អស្ចារ្យ » និង « ចម្លែក » ( អេសាយ ២៩:១៤ ) គឺជា​ពាក្យ​ដ៏​ល្អ​ដើម្បី​ពិពណ៌នា​ពី​ព្រះអម្ចាស់​ស្តារ​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ ? តើ​បងប្អូន​អាច​ជួយ​បំពេញ​ការព្យាករ​អំពី​ការស្តារ​ឡើងវិញ​ដោយ​របៀបណា ? ដើម្បី​ទទួល​បានគំនិត សូម​រកមើល​នៅក្នុង​សារលិខិត​របស់​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង « All Nations, Kindreds, and Tongues » ( Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៣៨–៤១ ) ។

សូម​មើល​ផង​ដែរ « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយឆ្នាំ » ( នៅលើ​បណ្ណាល័យ​ដំណឹងល្អ ); « ថ្ងៃ​រះ​ឡើង​ហើយ » ទំនុកតម្កើង ល.រ. ១ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

អេសាយ ១៤:៣; ២៥:៨–៩; ២៨:១៦

ព្រះយេស៊ូវ​គ្រីស្ទ​អាច​សង្គ្រោះ​ខ្ញុំ​ពី​អំពើ​បាប និង​សេចក្តីស្លាប់ ។

  • តើ​បងប្អូន​នឹង​ជួយ​កូនៗ​បងប្អូន​មើលឃើញ​ព្រះអង្គសង្រ្គោះ​នៅក្នុង​សំណេរ​របស់​អេសាយ​ដោយ​របៀប​ណា ? បងប្អូន​អាច​ជួយ​ពួកគេ​ស្វែងរក​ឃ្លា​ដែល​រំឭក​ពួកគេ​អំពី​ទ្រង់ អេសាយ ១៤:៣; ២៥:៨ ឬ ២៨:១៦ ។ ពួកគេ​ក៏​អាច​ផ្គូផ្គង​ខគម្ពីរ​ទាំងនេះ​ពី​អេសាយ​ជាមួយ​នឹង​ខគម្ពីរ​ផ្សេងទៀត​ដែល​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ដូចជា ម៉ាថាយ ១១:២៨–៣០; កូរិនថូស ទី១ ១៥:៥៣–៥៧; ហេលេមិន ៥:១២ ។ តើ​កិច្ចការ​ដ៏អស្ចារ្យ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បានធ្វើ​សម្រាប់​យើង ?

  • បន្ទាប់ពី​ការអាន អេសាយ ២៥:៨–៩ ជាមួយ​គ្នា នោះ​បងប្អូន​អាច​មើល​រូបភាព​របស់​ព្រះអម្ចាស់​នៅក្នុង​សួនច្បារ​គែតសេម៉ានី នៅលើ​ឈើឆ្កាង និង​បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ ។ សូម​ឲ្យ​កូនៗ​បងប្អូន​និយាយ​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព​នេះ និង​ហេតុអ្វី​ពួកគេ​ស្រឡាញ់​ព្រះយេស៊ូវ និង « ត្រេកអរ ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ » ( ខទី ៩ ) ។

  • បងប្អូន​អាច​ជ្រើសរើស​ប្រាប់​កូនៗ​បងប្អូន​អំពី​ភាពសោកសៅ​ដែល​បងប្អូន​មាន នៅពេល​នរណា​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់​បាន​ស្លាប់​ទៅ ។ ថ្លែង​ទីបន្ទាល់​នៃ​ការលួងលោម​ដែល​បងប្អូន​បានទទួល ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ប្រហែល​ជា​កូនៗ​បងប្អូន​អាច​គូរ​រូប​មុខ​យំ ហើយ​បន្ទាប់មក​លុប​ទឹកភ្នែក​នៅពេល​ដែល​បងប្អូន​អាន​អេសាយ ២៥:៨ ជាមួយគ្នា ។

ព្រះយេស៊ូវ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

Thy Will Be Done [ សូម​ព្រះទ័យ​ទ្រង់​បានសម្រេច ] ដោយ ឃីន ស្ពែនសឺ

អេសាយ ២៥:៤–៦

ព្រះយេស៊ូវ​ប្រទាន​ឲ្យ​ខ្ញុំ « ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា » ។

  • តើ​បងប្អូន និង​កូនៗ​បងប្អូន​ធ្លាប់​បានដកពិសោធន៍​នូវ​ពរជ័យ​នៃ​ការមាន​ទីជម្រក​ដ៏​មាន​សុវត្ថិភាព​អំឡុង​ព្យុះភ្លៀង ឬ​នៃ​ការមាន​ម្លប់​ជ្រក​នៅ​ថ្ងៃ​មួយ​ដ៏​ក្ដៅ​ដែរ​ឬទេ ? ឬ​បងប្អូន​បាន​ហូប​ម្ហូប​យ៉ាងឆ្ងាញ់ នៅពេល​បងប្អូន​ស្រេកឃ្លាន​ដែរ​ឬ​ទេ ? សូម​និយាយ​អំពី​បទពិសោធន៍​ទាំងនេះ​នៅពេល​បងប្អូន អាន អេសាយ ២៥:៤–៦ ។ តើ​ព្រះយេស៊ូវ​ដូចជា​វត្ថុ​ទាំងនេះ​ដោយ​របៀបណា ?

អេសាយ ២៩:១១–១៨, ២៤

ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​គឺ​ជា « ការណ៍​អស្ចារ្យ » មួយ ។

  • នៅពេល​បងប្អូន និង​កូនៗ​បងប្អូន​អាន អេសាយ ២៩:១៤ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ​ពាក្យ​ផ្សេងៗ​ទៀត ដែល​មានន័យ​ដូចគ្នា​នឹង​ពាក្យ « អស្ចារ្យ » និង « ចម្លែក » ។ សូម​ឲ្យ​ពួកគេ​ជួយ​បងប្អូន​ស្វែងរក​វត្ថុ ឬ​រូបភាព​ដែល​តំណាង​ឲ្យ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ក្នុង​អំឡុង​ពេល​ថ្ងៃ​ចុងក្រោយ ។ ទាំងនេះ​អាច​រួមបញ្ចូល​ទាំង​ព្រះគម្ពីរ​មរមន រូបភាព​ព្រះវិហារ​បរិសុទ្ធ ឬ រូបភាព​នៃ​ការនិមិត្ត​ដំបូង ( មាន​មួយ​នៅ​ដើមទី​នៃ​គម្រោង​មេរៀន​នេះ ) ។ បន្ទាប់មក កូនៗ​បងប្អូន​អាច​ជ្រើសរើស​របស់​មួយ ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​របស់​នោះ​អស្ចារ្យ​ចំពោះ​ពួកគេ ។

  • បទចម្រៀង​អំពី​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​អាច​ជា​ដៃគូ​យ៉ាងល្អ​ជាមួយ អេសាយ ២៩ ដូចជា​បទ « និទារឃរដូវ​មាស » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៧ ) ។ ប្រហែល​ជា​បទពិសោធន៍​របស់​បុគ្គល​ម្នាក់​អាច​ជួយ​កុមារ​យល់​ពី​អត្ថន័យ​នៃ ការស្ដារ​ឡើង​វិញ ។ ឧទាហរណ៍ បងប្អូន និង​កូនៗ​បងប្អូន​អាច​និយាយ​អំពី​អ្វី​ដែល​បាត់បង់ និង​របៀប​ដែល​បងប្អូន​បានរកឃើញ​វា ។ សូម​ជួយ​កូនៗ​បងប្អូន​ប្រៀបធៀប​រឿង​នេះ​ទៅ​នឹង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ យោង​ទៅតាម អេសាយ ២៩:១៣–១៥ ហេតុអ្វី​យើង​ត្រូវការ​ការស្ដារ​ឡើងវិញ ? តើ​ព្រះអម្ចាស់​កំពុង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​អ្វីខ្លះ​ដើម្បី​ស្តារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ ? ( សូម​មើល​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​នេះ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង

The Crucifixion [ ការឆ្កាង ] ដោយ ខាល ហេនរីក ប្លក់ នៅ​ឯ​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជាតិ​របស់​ហ្វ្រីឌឺរីកប៊ឺហ្គ

ទំព័រ​សកម្មភាព​សម្រាប់​អង្គការ​បឋមសិក្សា ៖ ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​គឺ​ជា « ការណ៍​អស្ចារ្យ » មួយ