ចូរ​មក​តាម​ខ្ញុំ
គំនិត​ដែល​ត្រូវ​ចងចាំ ៖ ព្យាការី និង​ការព្យាករ


« គំនិត​ដែល​ត្រូវ​ចងចាំ ៖ ព្យាការី និង​ការព្យាករ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ព្យាការី និង​ការព្យាករ » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

រូបតំណាង​គំនិត

គំនិត​ដែល​ត្រូវ​ចងចាំ

ព្យាការី និង​ការព្យាករ

នៅក្នុង​ទំនៀម​ទម្លាប់​របស់​ក្រុម​គ្រីស្ទាន​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ផ្នែក​ចុងក្រោយ​គេ ( ចាប់​ពី​គម្ពីរ​អេសាយ រហូតដល់​ម៉ាឡាគី ) ត្រូវបាន​គេ​ហៅ​ថា ព្យាការី ។ ប្រហែល​ជាមួយ​ភាគបួន​នៃ​ផ្នែកនេះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ មាន​នូវ​ពាក្យ​សម្តី​របស់​ពួក​អ្នកបម្រើ​ដែល​មានសិទ្ធិអំណាច​របស់​ព្រះ ដែល​ជា​អ្នក​បាន​ទូល​នឹង​ព្រះអម្ចាស់ ហើយ​បន្ទាប់មក​បាន​ថ្លែង ជំនួស ទ្រង់ តាមរយៈ​ការចែកចាយ​សារលិខិត​របស់​ទ្រង់​ជាមួយ​ប្រជាជន នៅ​ប្រមាណជា​រវាង​ឆ្នាំ ៩០០ និង​ឆ្នាំ ៥០០ មុន.គ.ស. ។

ព្យាការី​ប្រាស្រ័យ​ទាក់ទង​ពីព្រះ​ឆន្ទៈ​របស់​ព្រះ

ព្យាការី និង​ការព្យាករ​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាំងមូល ។ អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប បាន​ឃើញ​នៅក្នុង​ការនិមិត្ត ហើយ​បាន​ទូល​ជាមួយ​សារទូត​សួគ៌ា ។ ម៉ូសេ​បាន​ទូល​ជាមួយ​ព្រះ​ប្រទល់​មុខ ហើយ​ចែកចាយ​ព្រះ​ឆន្ទៈ​របស់​ទ្រង់​ទៅដល់​ពួក​កូនចៅ​នៃ​អ៊ីស្រាអែល ។ គម្ពីរ​ពង្សាវតារក្សត្រ​ទីមួយ និង​ទីពីរ​បាន​រៀបរាប់​ឡើងវិញ​នូវ​កិច្ចការ​ដ៏​អស្ចារ្យ និង​សារលិខិត​របស់​ព្យាការី អេលីយ៉ា និង អេលីសេ ។ ព្រះគម្ពីរ​សញ្ញាចាស់​ក៏​ថ្លែង​អំពី​ពួក​ហោរា ដូចជា ម៉ារាម និង​ដេបូរ៉ា ព្រម​ទាំង​ស្រ្តី​ផ្សេងទៀត​ដែល​ប្រទានពរ​ឲ្យ​មាន​វិញ្ញាណ​នៃ​ការព្យាករ ដូចជា រេបិកា និង​ហាណា​ផងដែរ ។ ហើយ​ទោះបី​ជា​ទំនុកដំកើង​ពុំបាន​សរសេរ​ដោយ​ព្យាការី​ត្រឹមត្រូវ​ក្តី ក៏​គម្ពីរ​ទាំងនេះ​សម្បូរ​ទៅដោយ​វិញ្ញាណ​នៃ​ការព្យាករ​ផងដែរ ជាពិសេស កាល​ដែល​គម្ពីរ​ទាំងនេះ​ចង្អុល​ទៅ​រក​ការ​យាងមក​របស់​ព្រះ​មែស៊ី ។

គ្មាន​អ្វី​មួយ​កើតឡើង​ជា​ការភ្ញាក់ផ្អើល​ដល់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឡើយ ។ តាមពិតទៅ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ បង្រៀន​យើង​ថា ព្យាការី​ពុំមែន​គ្រាន់តែ​ជា​ផ្នែក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខាង​ប្រវត្តិសាស្រ្ត​នោះទេ ថែមទាំង​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ផែនការ​របស់ព្រះ​ទៀត​ផង ។ ទោះបីជា​មនុស្ស​មួយ​ចំនួន​អាច​មើលឃើញ​ថា ព្យាការី​មាន​លក្ខណៈ​ពិសេស​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញាចាស់ក្ដី ក៏​យើង​មើលឃើញថា ពួកលោក​មាន​លក្ខណៈ​ពិសេស ដូចគ្នា នឹង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ ។

ប៉ុន្តែ​ការអាន​ជំពូក​មួយ​នៅក្នុង​គម្ពីរ​អេសាយ ឬ​អេសេគាល អាច​មាន​អារម្មណ៍​ថា​ខុសគ្នា​ពី​ការអាន​សារលិខិត​នៅក្នុង​សន្និសីទ​ទូទៅ​មកពី​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន​ដែរ ។ ពេលខ្លះ វា​អាច​មាន​ការលំបាក​ដើម្បី​មើល​ឃើញ​ថា ព្យាការី​ពី​បុរាណ​មាន​អ្វី​ដែល​ត្រូវ​និយាយ​មក​កាន់​យើង ។ យ៉ាងណាមិញ ពិភពលោក​ដែល​យើង​រស់នៅ​សព្វថ្ងៃ​នេះ គឺ​ខុសគ្នា​ឆ្ងាយ​ពី​កន្លែង​ដែល​ពួកលោក​បាន​បង្រៀន និង​ព្យាករ ។ ហើយ​ខណៈដែល​យើង មាន ព្យាការី​ដែល​នៅរស់​នោះ អាច​ចោទ​ឲ្យ​សំណួរ​មួយ​ឡើង ៖ ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ខិតខំ—ហើយ​វា​ពិតជា​តម្រូវឲ្យ​មាន​ការខិតខំ​មែន​ឬ—ដើម្បី​អាន​ពាក្យសម្តី​របស់​ព្យាការី​ពីបុរាណ ?

ព្យាការី​ពី​បុរាណ​មួយរូប​កំពុង​សរសេរ

Fulness of Times [ កាល​ដ៏​ពេញ​កំណត់ ] ដោយ ហ្រ្គេក អូលសិន

ព្យាការី​ពីបុរាណ​មាន​អ្វីមួយ​និយាយ​មកកាន់​យើង

ភាគច្រើន មនុស្ស​សព្វថ្ងៃនេះ​មិនមែន​ជា​អ្នកអាន​ចម្បង​ដែល​ព្យាការី​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​សំដៅ​ទៅលើ​នោះ​ឡើយ ។ ព្យាការី​ទាំងនោះ​បាន​មាន​កង្វល់​បន្ទាន់ ដែល​ពួកលោក​បាន​ថ្លែង​នៅ​សម័យ និង​ទីកន្លែង​របស់​ពួកលោក—ដូច​ជា​ព្យាការី​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​យើង​ថ្លែង​ពី​កង្វល់​បន្ទាន់ៗ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ។

ទន្ទឹមពេល​គ្នា​នេះ ព្យាការី​ក៏អាច​ឃើញ​ហួសពី​កង្វល់​បន្ទាន់​ទាំងឡាយ​ផងដែរ ។ ពួកលោក​បង្រៀន​សេចក្ដីពិត​ដ៏អស់កល្ប​ជានិច្ច ពាក់ព័ន្ធ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។ ដោយ​មាន​ពរជ័យ​នៃ​ការមាន​វិវរណៈ នោះ​ពួកលោក​យល់​ពី​ទស្សនៈ​ដ៏​ទូលំទូលាយ​អំពី​កិច្ចការ​របស់​ព្រះ ។ ឧទាហរណ៍ អេសាយ​បានព្រមាន​ប្រជាជន​ក្នុង​ជំនាន់​របស់លោក​អំពី​អំពើបាប​របស់​ពួកគេ ។ លោកក៏បាន​សរសេរ​អំពី​ការ​រំដោះ​ពួកសាសន៍​អ៊ីស្រាអែល​ដែល​រស់នៅ ២០០ ឆ្នាំ​ក្នុង​ពេលអនាគត​ដែរ ។ ក្នុង​ពេលជាមួយ​គ្នានោះ លោក​បានបង្រៀន​អំពី​ការរំដោះ​ដែល​រាស្ដ្រ​គ្រប់រូប​របស់ព្រះ​ស្វែងរក ។ ហើយ​លោកបាន​សរសេរ​ការព្យាករ​ដែល​សូម្បី​តែ​នៅ​សព្វថ្ងៃ​នេះ​ក្តី ក៏​នៅតែ​រង់ចាំ​ការសម្រេច​បាន​ពេញលេញ​ផងដែរ—ដូចជា​ការសន្យា​នៃ « ផែនដី​ថ្មី » ( អេសាយ ៦៥:១៧ ) ដែល « គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះយេហូវ៉ា » ( អេសាយ ១១:៩ )​ជា​កន្លែង​ដែល​ពួក​ពូជ​អំបូរ​ដែល​បាត់​នៃ​អ៊ីស្រាអែល​នឹង​ត្រូវបាន​ប្រមូល​ផ្តុំ​គ្នា​វិញ និង​ជាកន្លែង​ដែល « នគរ »​ទាំងអស់ ពុំ « ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត »​ឡើយ ( អេសាយ ២:៤ ) ។ ផ្នែក​មួយ​នៃ​អំណរ និង​ការបំផុស​គំនិត​ដែល​មក​តាមរយៈ​ការអាន​ពាក្យសម្តី​របស់​ព្យាការី​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ដូចជា​អេសាយ គឺ​ការដឹងថា យើង ដើរ​តួសំខាន់​នៅក្នុង​ថ្ងៃ​ដ៏រុងរឿង​ដែល​ពួកលោក​បាន​ស្រមៃ​ឃើញ ។

ដូច្នេះ​នៅពេល​បងប្អូន​អាន​ការព្យាករ​ពី​បុរាណ វា​អាចជួយ​យើង​រៀន​អំពី​បរិបទ​ដែល​ពាក្យ​ព្យាករ​នេះ​ត្រូវបាន​សរសេរ​ឡើង—ប៉ុន្តែ​បងប្អូន​ក៏​គួរតែ​មើលឃើញ​ខ្លួនឯង​នៅក្នុង​ការព្យាករ​ទាំងនោះ ឬ​« ប្រៀបធៀប​ពាក្យ​ទាំង​នោះ​ទៅ​នឹង​ខ្លួន​[ ឯង ] »​ផង​ដែរ​( នីហ្វៃទី១ ១៩:២៤; សូមមើល​ផង​ដែរ ខទី ២៣ ) ។ ពេលខ្លះ វា​មានន័យ​ថា ការស្គាល់​ក្រុង​បាប៊ីឡូន​ថា​ជា​និមិត្តរូប​មួយ​នៃ​អំពើបាប និង​ភាព​ឆ្មើងឆ្មៃ មិន​មែន​គ្រាន់​តែ​ជា​ទីក្រុង​បុរាណ​មួយ​នោះ​ទេ ។ វា​អាច​មាន​ន័យ​ថា ការយល់​ពី​អ៊ីស្រាអែល​ថា​ជា​រាស្ដ្រ​របស់​ព្រះ​នៅ​គ្រប់​ពេល​វេលា​និង​គ្រប់​ទីកន្លែង ។ ឬ​វា​ប្រហែល​ជា​មាន​ន័យ​ថា​ការមើល​ឃើញ​ទីក្រុង​ស៊ីយ៉ូន​ជា​បុព្វហេតុ​ថ្ងៃ​ចុង​ក្រោយ​ដែល​រាស្ដ្រ​របស់​ព្រះ​ឱប​ក្រសោប ជំនួស​ឲ្យ​ការមើល​ឃើញ​វា​គ្រាន់​តែ​ជា​ពាក្យ​ផ្សេង​សម្រាប់​ទីក្រុង​យេរូសាឡិម ។

យើង​អាច​ប្រៀបធៀប​បទគម្ពីរ​ទៅនឹង​ជីវិត​របស់​យើង​បាន ដោយសារ​យើង​យល់ថា ការព្យាករ​មួយ​អាច​ត្រូវ​បាន​បំពេញ​តាម​របៀប​ជាច្រើន ។ គំរូ​ដ៏​ល្អ​មួយ​គឺជា​ការព្យាករ​នៅ​ក្នុង អេសាយ ៤០:៣ ៖ « មាន​ឮ​សំឡេង​១​កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះយេហូវ៉ា » ។ ចំពោះ​ពួក​សាសន៍​យូដា​ដែល​ជាប់​ក្នុង​សេវកភាព​នៅ​ក្រុង​បាប៊ីឡូន សេចក្ដី​ថ្លែងការណ៍​នេះ​អាច​សំដៅ​លើ​ព្រះអម្ចាស់ ដែល​កំពុង​ប្រទាន​ផ្លូវ​ដើម្បី​ឲ្យ​រួចផុត​ពី​សេវកភាព ហើយ​ត្រឡប់​ចូល​ក្រុង​យេរូសាឡិម​វិញ ។ ចំពោះ​ម៉ាថាយ ម៉ាកុស និង​លូកា ការព្យាករ​នេះ​ត្រូវ​បាន​បំពេញ​ដោយ​យ៉ូហាន-បាទីស្ទ ជា​អ្នក​ដែល​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ថា ការព្យាករ​នេះ​នៅតែ​កំពុង​ត្រូវ​បាន​បំពេញ​នៅ​ថ្ងៃ​ចុងក្រោយ​ដដែល ក្នុង​ការរៀបចំ​សម្រាប់​ការងារ​បម្រើ​នៅ​សហសវត្សរ៍​របស់​ព្រះគ្រីស្ទ ។ តាម​របៀប​ជាច្រើន យើង​នៅ​តែ​យល់ដឹង​ថា ពួក​ព្យាការី​បុរាណ​ជាច្រើន បាន និយាយ​មក​កាន់​យើង ។ ហើយ​ពួកលោក​បាន​បង្រៀន​នូវ​សេចក្ដី​ពិត​ដែល​មាន​តម្លៃ​ដ៏​អស់កល្ប​ជានិច្ច​ជាច្រើន​ដែល​ទាក់ទង​នឹង​យើង ដូចជា​វា​ទាក់ទង​នឹង​អ៊ីស្រាអែល​ពី​បុរាណ​ដែរ ។

ពួកព្យាការី​ពី​បុរាណ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ប្រហែល​ជា​រឿង​ដែល​សំខាន់​ជាង​ការមើល​ឃើញ​ខ្លួន​បងប្អូន​នៅ​ក្នុង​ការព្យាករ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺជា​ការមើល​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ការព្យាករ​ទាំង​នោះវិញ ។ ប្រសិន​បើ​បងប្អូន​រកមើល​ទ្រង់ នោះ​បងប្អូន​នឹង​រកឃើញ​ទ្រង់ ទោះ​ជា​ព្រះនាម​របស់​ទ្រង់​មិន​ត្រូវ​បាន​លើក​ឡើង​ក្ដី ។ វា​អាច​ជា​ជំនួយដើម្បី​ចងចាំថា ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះអម្ចាស់ ព្រះយេហូវ៉ា គឺជា ព្រះយេស៊ូវ​គ្រីស្ទ ។ នៅគ្រប់ពេល​ដែល​ពួកព្យាការី​អត្ថាធិប្បាយ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​ធ្វើ ឬ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ នោះ​ពួកលោក​កំពុង​ថ្លែង​អំពី​ព្រះអង្គ​សង្គ្រោះ ។

ព្រះយេស៊ូវ​ដែល​មានព្រះជន្ម​រស់ឡើងវិញ​កំពុង​ឈោង​ទៅរក​បុរស​ម្នាក់

The Lord Appearing unto Abraham [ ព្រះអម្ចាស់​កំពុង​យាងមក​ជួប​អ័ប្រាហាំ ] ដោយ ខៃ ឡាសិន

បងប្អូន​ក៏​នឹង​រកឃើញ​សេចក្តីយោង​ជាច្រើន​ទៅនឹង​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេងតាំង ព្រះ​ប្រោសលោះ និង​ជា​ស្តេច​នៅពេល​អនាគត​ចេញពី​រាជវង្ស​របស់​ស្តេច​ដាវីឌ ។ អ្វីៗ​ទាំងអស់​នេះ​គឺជា​ការព្យាករ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។ ជាទូទៅ បងប្អូន​នឹង​អាន​អំពី​ការរំដោះ ការអត់ទោស ការប្រោសលោះ និង​ការស្តារ​ឡើងវិញ ។ ដោយ​មាន​ព្រះ​អង្គ​សង្រ្គោះ​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​បងប្អូន នោះ​ជាធម្មតា ការព្យាករ​ទាំងនេះ​នឹង​ចង្អុល​បង្ហាញ​បងប្អូន​ទៅ​រក​ព្រះរាជបុត្រា​នៃ​ព្រះ ។ នៅ​ទីបញ្ចប់ វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​យល់​ពី​ការព្យាករ​គឺ​ត្រូវមាន « វិញ្ញាណ​នៃ​សេចក្តី​ទំនាយ » ដែល​យ៉ូហាន​ប្រាប់​យើង​នោះ ពោល​គឺ « សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវ » ( វិវរណៈ ១៩:១០ ) ។

កំណត់​ចំណាំ

  1. អេសាយ យេរេមា អេសេគាល និង​ដានីយ៉ែល​ត្រូវ​បាន​លើក​ឡើង​ជា​រឿយៗ​ថា​ជា​ព្យាការី​ធំ ដោយសារ​តែ​គម្ពីរ​របស់​ពួក​លោក​វែង ។ ពួក​ព្យាការី​ផ្សេង​ទៀត ( ហូសេ យ៉ូអែល អេម៉ុស អូបាឌា យ៉ូណាស មីកា ណាហ៊ុម ហាបាគុក សេផានា ហាកាយ សាការី និង​ម៉ាឡាគី ) ត្រូវ​បាន​ហៅ​ថា​ជា​ព្យាការី​តូច ដោយសារ​គម្ពីរ​របស់​ពួក​លោក​ខ្លី ។ គម្ពីរ​បរិទេវ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ការនិពន្ធ​ទាំងឡាយ ប៉ុន្ដែ​មិន​មែន​ជា​ព្យាការី​ទេ ។

  2. យើង​មិន​ដឹង​ពី​របៀប​ដែល​គម្ពីរ​របស់​ព្យាការី​ត្រូវ​បាន​រៀបរៀង​ឡើង​នោះ​ឡើយ ។ នៅ​ក្នុងករណី​មួយ​ចំនួន ព្យាការី​មួយ​រូប​ប្រហែលជា​បាន​មើល​ខុស​ត្រូវ​លើ​បណ្ដុំ​នៃ​ការនិពន្ធ និង​ការព្យាករ​របស់​លោក ។ ក្នុង​ករណី​ផ្សេង​ទៀត ការបង្រៀន​របស់លោក​ប្រហែល​ជា​ត្រូវ​បាន​កត់ត្រា ហើយ​រៀបរៀង​ឡើង បន្ទាប់​ពី​លោក​បាន​ទទួល​មរណភាព ។

  3. សូមមើល និក្ខមនំ ១៥:២០; ពួកចៅហ្វាយ ៤ ។

  4. សូមមើល លោកុប្បត្តិ ២៥:២១–២៣; សាំយ៉ូអែល ទី១ ១:២០–២៨; ២:១–១០ ។

  5. « សូម​គិតអំពី​ការរំភើបចិត្ត និង​ភាព​បន្ទាន់​ថា ៖ គ្រប់ព្យាការី​ទាំងអស់​ចាប់​តាំង​ពី​លោក​អ័ដាម​មក បាន​មើលឃើញ​ជំនាន់​របស់​យើង ។ ហើយ​ព្យាការី​គ្រប់​រូប​បាន​និយាយ​អំពី​ជំនាន់ របស់​យើង នៅពេល​ដែល​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល ហើយ​ពិភព​លោក​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ។ ចូរគិត​ពី​ចំណុច​នេះ ! ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​នេះ ពួក​យើង គឺ​ជា​មនុស្ស​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រមូល​ផ្ដុំ​ដ៏​អស្ចារ្យ​ចុង​ក្រោយនេះ ។ ឱ នោះ​ជា​រឿង​រំភើប​ណាស់ ! » ( រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ សូមមើល​ផងដែរ រ៉ូណល អេ រ៉ាសបាន « Fulfillment of Prophecy » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៧៥–៧៨ ។

  6. ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​លើក​ឡើង​ពី​អេសាយ​ថា « គ្រប់​ទាំង​ការណ៍​ដែល​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​ឡើង ហើយ នឹង​កើត​ឡើង គឺ​ស្រប​តាម​ពាក្យ​ពេចន៍​ដែល​លោក​បាន​ប្រាប់ » ( នីហ្វៃទី៣ ២៣:៣; ត្រូវ​បាន​គូសបញ្ជាក់​បន្ថែម ) ។

  7. សូមមើល ម៉ាថាយ ៣:១–៣; ម៉ាកុស ១:២–៤; លូកា ៣:២–៦ ។

  8. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៣:១០; ៦៥:៣; ៨៨:៦៦ ។

  9. សូមមើល អេសាយ ៩:៦–៧; ៦១:១; ហូសេ ១៣:១៤; សាការី ៩:៩ ។