« ថ្ងៃទី៧–១៣ ខែកញ្ញា ‹ ទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង › ៖ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី៧–១៣ ខែកញ្ញា ‹ ទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
Jesus with Children [ ព្រះយេស៊ូវជាមួយនឹងកូនក្មេង ] ឌីលីន ម៉ាស្ស
ថ្ងៃទី៧–១៣ ខែកញ្ញា ៖ « ទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង »
សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២
បងប្អូនប្រហែលជាគិតថាគម្ពីរសុភាសិតជាបណ្តុំនៃឱវាទដ៏ឈ្លាសវៃពីឪពុកម្តាយជាទីឲ្យស្រឡាញ់ ( សូមមើល សុភាសិត ១:៨ ) ។ សារលិខិតសំខាន់របស់វាគឺថា ប្រសិនបើបងប្អូនស្វែងរកប្រាជ្ញា— ជាពិសេសប្រាជ្ញារបស់ព្រះ—នោះជីវិតនឹងដំណើរការល្អ ។ ប៉ុន្តែ គម្ពីរសាស្តាតាក់តែងឡើងបន្ទាប់ពីគម្ពីរសុភាសិត ដែលចង់បង្ហាញថា គម្ពីរនេះ « មិនមែនគម្ពីរសាមញ្ញៗនោះទេ » ។ គ្រូប្រដៅដែលពាក្យសម្ដីលោកត្រូវបានដកស្រង់ដាក់នៅក្នុងគម្ពីរសាស្ដា បានសង្កេតឃើញថា លោក « បានផ្ចង់ចិត្ត[ របស់លោក ]ឲ្យបានស្គាល់ប្រាជ្ញា » ប៉ុន្តែនៅតែឃើញថា « ជាការអសារឥតការដែរ » និង « កើតទុក្ខច្រើន » ដដែល ( សាស្ដា ១:១៧–១៨ ) ។ គម្ពីរនេះបានសួរតាមរបៀបជាច្រើនថា « តើអាចមានអត្ថន័យពិតនៅក្នុងពិភពលោកដែរឬទេ ខណៈអ្វីៗហាក់ដូចជាអសារឥតការ បណ្តោះអាសន្ន និងមិនប្រាកដប្រជានោះ ? »
ប៉ុន្តែ ខណៈដែលគម្ពីរទាំងពីរនេះមើលទៅទិដ្ឋភាពជីវិតខុសៗគ្នាក្តី ក៏គម្ពីរទាំងពីរនេះបង្រៀនសេចក្តីពិតស្រដៀងគ្នាដែរ ។ គម្ពីរសាស្ដាប្រកាស ៖ « សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្តែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ » ( សាស្ដា ១២:១៣ ) ។ នេះគឺជាគោលការណ៍ដូចគ្នាដែលមាននៅក្នុងគម្ពីរសុភាសិតទាំងមូល ៖ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត » ( សុភាសិត ៣:៥; សូមមើលផងដែរ ខទី ៧ ) ។ ជីវិតគឺតែងតែល្អប្រសើរ—ប្រសិនបើមិនល្អឥតខ្ចោះជានិច្ច—នៅពេលយើងទុកចិត្ត ហើយដើរតាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់ទិដ្ឋភាពទូទៅអំពីគម្ពីរទាំងនេះ សូមមើល « សុភាសិត » និង « សាស្ដា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
សុភាសិត ១–៤; ១៥–១៦; សាស្ដា ១–៣; ១១–១២
« ប្រុងត្រចៀកស្តាប់តាមប្រាជ្ញា » ។
គម្ពីរសុភាសិត និងសាស្ដាសម្បូរទៅដោយការយល់ដឹងអំពីប្រាជ្ញា ។ សូមពិចារណាគូសចំណាំពាក្យ « ប្រាជ្ញា » និងពាក្យដែលទាក់ទងដូចជា « ការចេះដឹង » និង « យល់ » កាលដែលបងប្អូនជួបពាក្យទាំងនេះនៅក្នុង សុភាសិត ១–៤; ១៥–១៦; សាស្ដា ១–៣; ១១–១២ ។ តើជំពូកទាំងនេះជះឥទ្ធិពលមកលើរបៀបដែលបងប្អូនគិតអំពីប្រាជ្ញាដោយរបៀបណា ? ដោយផ្អែកលើអ្វីដែលបងប្អូនរកឃើញ តើបងប្អូននឹងពិពណ៌នាពីប្រាជ្ញាដែល « ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យ » យ៉ាងដូចម្តេច ? ( សុភាសិត ២:៦ ) ។ តើពរជ័យអ្វីខ្លះដែលបានមកពីព្រះប្រាជ្ញាញាណរបស់ព្រះ ?
សូមមើលផងដែរ ម៉ាថាយ ៧:២៤–២៧; ២៥:១–១៣ ។
សូមជួយអ្នករៀនឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន ។ « ផ្តល់ឱកាសដល់អ្នករៀនឲ្យចែកចាយជាមួយគ្នានូវអ្វីដែលពួកគេកំពុងរៀនអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ ការធ្វើបែបនេះនឹងជួយពួកគេក្នុងការបញ្ចូលសេចក្តីពិតដែលពួកគេបានបង្រៀន និងបញ្ចាក់ពីសេចក្តីពិតនោះ ។ វាក៏នឹងជួយពួកគេឲ្យទទួលបានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេដើម្បីចែកចាយសេចក្តីពិតនៅក្នុងបរិយាកាសផ្សេងទៀតផងដែរ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៦ ) ។ ឧទាហរណ៍ បងប្អូនអាចអញ្ជើញអ្នករៀនឲ្យកត់ត្រាសេចក្ដីយោងមួយចំនួននៅក្នុងសុភាសិត ឬសាស្ដាកន្លែងពួកគេបានរកឃើញនូវការយល់ដឹងអំពីប្រាជ្ញារបស់ព្រះ ។ បន្ទាប់មក សូមអញ្ជើញអ្នករៀនឲ្យនិយាយអំពីអ្វីដែលពួកគេបានរៀន ។
សុភាសិត ១:៧; ២:៥; ៣:៧; ១៥:៣៣; ១៦:៦; ៣១:៣០; សាស្ដា ១២:១៣
« កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ » ។
ប្រធានបទមួយទៀតដែលមាននៅក្នុងសុភាសិត និងសាស្ដាគឺ « សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា » ។ សូមរកមើលឃ្លានេះនៅពេលបងប្អូនអាន ។ តើបងប្អូនមានអារម្មណ៍ថាសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាមានន័យយ៉ាងណា ? សូមរកមើលការយល់ដឹងនៅក្នុងសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « Therefore They Hushed Their Fears » ( Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ៤៦–៤៩ ) ។ តើសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាខុសពីការកោតខ្លាចផ្សេងទៀតយ៉ាងដូចម្ដេច ?
សូមមើលផងដែរ សុភាសិត ៨:១៣ ។
សុភាសិត ៣:៥–៧; ៤
« ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត » ។
តើបងប្អូននឹងព្យាយាមបញ្ចុះបញ្ចូលនរណាម្នាក់ថាវាល្អជាងដើម្បី« ទីពឹងដល់ព្រះយេហូវ៉ា »កុំឲ្យ« ពឹងផ្អែក … យោបល់របស់[យើង]» ដោយរបៀបណា ? ( សុភាសិត ៣:៥ ) ។ តើបងប្អូននឹងប្រើការប្រៀបធៀប ឬ វត្ថុអ្វីក្នុងមេរៀន ? នៅពេលបងប្អូនជញ្ជឹងគិត សុភាសិត ៣:៥–៧ សូមគិតពីវិធីដែលបងប្អូនអាចបំពេញប្រយោគដូចនេះ ៖ ការទុកចិត្តលើយេហូវ៉ាគឺដូចជា … ការពឹងផ្អែកលើយោបល់របស់យើងគឺដូចជា …
ហេតុអ្វីវាមិនមែនជារឿងឆ្លាតវៃ ពេលយើងពឹងផ្អែកលើយោបល់របស់ខ្លួនយើង ? តើបងប្អូនបានរកឃើញដោយរបៀបណាថាព្រះអម្ចាស់គឺជាទីទុកចិត្ត ?
ទោះជាយ៉ាងនេះក្ដី យើងប្រហែលជាពិបាកក្នុងការទុកចិត្តលើព្រះយេហូវ៉ានៅពេលខ្លះដែរ ។ ហេតុអ្វីដូច្នោះ ? អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ណែនាំហេតុផលមួយចំនួន ព្រមទាំងការប្រឹក្សាដ៏មានប្រយោជន៍នៅក្នុង « ទុកចិត្តជាថ្មី » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៧–៩៩ ) ។ តើដំណើររឿង ឬការបង្រៀនអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុងសារលិខិតនេះ ដែលអាចជួយនរណាម្នាក់ស្ដារទំនុកចិត្តរបស់ពួកគេលើព្រះអម្ចាស់ ?
ទាំង សុភាសិត ៣:៦ និង សុភាសិត ៤ ប្រៀបធៀបជីវិតទៅនឹង« ច្រកផ្លូវ » ឬ« ផ្លូវ » ។ តើបងប្អូនគិតថា ការអនុញ្ញាតឲ្យព្រះអម្ចាស់តម្រង់អស់ទាំងផ្លូវច្រករបស់ [ បងប្អូន ] មានន័យដូចម្ដេច ? ( សុភាសិត ៣:៦ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង ជំពូក ៤ ដែលជួយបងប្អូន« ពិចារណាផ្លូវដែលជើង [ បងប្អូន ] ដើរ » ? ( ខទី ២៦ ) ។ ឧទាហរណ៍ តើ ខទី ១១–១២ និង ១៨–១៩ បង្រៀនពីពរជ័យនៃការដើរតាមផ្លូវត្រឹមត្រូវយ៉ាងដូចម្តេច ? តើ ខទី ២៦–២៧ មានន័យយ៉ាងណាចំពោះបងប្អូន ?
សូមមើលផងដែរ នីហ្វៃទី២ ៣១:១៨–២១; « ខ្ញុំនឹងដើរតាមព្រះអង្គ » ទំនុកតម្កើង ល.រ. ១៣៥ ។
សុភាសិត ១៥; ១៦:២៤–៣២
« ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ » ។
គំនិតមួយចំនួននៅក្នុង សុភាសិត ១៥–១៦ អាចបំផុសគំនិតបងប្អូនឲ្យអភិវឌ្ឍរបៀបដែលបងប្អូនប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ជាពិសេសមនុស្សជាទីស្រឡាញ់ ។ ឧទាហរណ៍ សូមគិតអំពីគ្រាជាក់លាក់ពេលដែល« ពាក្យតបឆ្លើយដោយស្រទន់ »បានជួយ« [រំងាប់]សេចក្តីក្រោធ » ( សុភាសិត ១៥:១ ) ។
បងប្អូនក៏អាចគិតពីគ្រាដែលព្រះអង្គសង្គ្រោះបានធ្វើគំរូពីការបង្រៀននៅក្នុង សុភាសិត ១៥:១–៤, ១៨ ( សូមមើល ម៉ាកុស ១២:១៣–១៧; យ៉ូហាន ៨:១–១១ ) ។ តើបងប្អូនអាចធ្វើតាមគំរូរបស់ទ្រង់ កាលបងប្អូនប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃដោយរបៀបណា ?
តើការប្រឹក្សានៅក្នុង សុភាសិត ១៥; ១៦:២៤–៣២ អាចអនុវត្តចំពោះការប្រាស្រ័យទាក់ទងបែបឌីជីថលនៅសព្វថ្ងៃនេះបានដោយរបៀបណា ? សូមមើលថាតើបងប្អូនអាចរកឃើញខគម្ពីរនៅក្នុងជំពូកទាំងនេះ ដែលបងប្អូនអាចនិយាយឡើងវិញជាដំបូន្មានអំពីការមានទំនាក់ទំនងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬតាមរយៈសារឬទេ ។
សូមមើលផងដែរ នែល អិល អាន់ឌើរសិន « ការធ្វើតាមព្រះយេស៊ូវ ៖ ជាអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ១៧–២០; រ៉ូណល អេ រ៉ាសបាន « ពាក្យសម្តីសំខាន់ខ្លាំងណាស់ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៧០–៧៧; ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ទំព័រ ១១–១២ ។
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ? II ដោយ លូអីស ផាកកឺ
សុភាសិត ៣១:១០–៣១
« ស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ » ។
សុភាសិត ៣១:១០–៣១ ពិពណ៌នាអំពី « ស្ត្រីគ្រប់លក្ខណ៍ » ឬស្រ្តីម្នាក់ដែលមានកម្លាំង សមត្ថភាព និងឥទ្ធិពលខាងវិញ្ញាណដ៏អស្ចារ្យ ។ បងប្អូនអាចព្យាយាមសង្ខេបជាពាក្យសម្តីរបស់បងប្អូនផ្ទាល់នូវអ្វីដែលខគម្ពីរនីមួយៗទាំងនេះនិយាយអំពីស្ត្រីដែលមានគុណធម៌ ។ តើបងប្អូនអាចត្រាប់តាមលក្ខណៈទាំងនេះមួយណា ?
សាស្តា ១–៣; ១២
ជីវិតរមែងស្លាប់គឺបណ្តោះអាសន្នប៉ុណ្ណោះ ។
ហេតុអ្វីវាមានតម្លៃសម្រាប់បងប្អូនដើម្បីចងចាំច្រើនយ៉ាងនេះនៅក្នុងពិភពលោកនេះ ដូចដែល សាស្តា ១–២ អះអាង គឺជារឿង « ឥតប្រយោជន៍ » ( ឬបណ្តោះអាសន្ន ហើយជាញឹកញាប់មិនសំខាន់ ) ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង សាស្ដា ១២ ដែលផ្តល់តម្លៃដ៏អស់កល្បដល់ជីវិត ?
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
សុភាសិត ១:៧; ២:៥; ១៥:៣៣; ១៦:៦; សាស្ដា ១២:១៣
« ចូរកោតខ្លាចដល់ព្រះ » មានន័យថា ស្រឡាញ់ និងគោរពតាមទ្រង់ ។
-
ដើម្បីជួយកូនៗបងប្អូនយល់ពីវគ្គបទគម្ពីរអំពីការកោតខ្លាចដល់ព្រះ បងប្អូនអាចជំនួសពាក្យ « កោតខ្លាច » ដោយពាក្យដូចជា ការគោរព សេចក្ដីស្រឡាញ់ ឬ ការគោរពប្រតិបត្តិ ( សូមមើលផងដែរ ហេព្រើរ ១២:២៨ ) ។ តើវាជះឥទ្ធិពលទៅលើរបៀបដែលយើងគិតអំពីខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ? តើយើងបង្ហាញថាយើងខ្លាចដល់ព្រះអម្ចាស់ដោយរបៀបណា ?
សុភាសិត ៣:៥–៧
ខ្ញុំអាចទុកចិត្តលើព្រះយេហូវ៉ាដោយអស់ពីដួងចិត្តរបស់ខ្ញុំ ។
-
បងប្អូន និងកូនៗបងប្អូនអាចបង្កើតសកម្មភាពដើម្បីធ្វើតាម សុភាសិត ៣:៥–៧ ដូចជាការធ្វើរូបបេះដូងដោយប្រើដៃរបស់បងប្អូន ការផ្អៀងទៅម្ខាង ការដើរនៅមួយកន្លែង និងការចង្អុលទៅភ្នែករបស់បងប្អូន ។ តើយើងអាចបង្ហាញថា យើងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទអស់ពីដួងចិត្តយើងយ៉ាងដូចម្តេច ?
-
ដើម្បីបង្ហាញពីអត្ថន័យនៃការ « កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ » ( សុភាសិត ៣:៥ ) សូមពិចារណាអញ្ជើញកូនៗបងប្អូនឲ្យផ្អែកទៅនឹងអ្វីដែលរឹងមាំ និងខ្ជាប់ខ្ជួន ដូចជាជញ្ជាំង ។ បន្ទាប់មក ពួកគាត់អាចព្យាយាមផ្អែកខ្លួនលើអ្វីមួយដែលមិនរឹង ដូចជាអំបោសជាដើម ។ ឬពួកគេអាចព្យាយាមផ្អៀងឈើ ឬខ្មៅដៃទល់នឹងវត្ថុដែលមានភាពរឹងមាំខុសៗគ្នា ដូចជាសៀវភៅ ឬក្រដាស ។ ហេតុអ្វីវាសំខាន់ដើម្បី « ទីពឹងដល់ព្រះយេហូវ៉ា » ( ខទី ៥ ) ហើយកុំពឹងផ្អែកលើ « យោបល់របស់ » យើងនោះ ?
Learning to Trust the Lord [ ការរៀនទុកចិត្តលើព្រះអម្ចាស់ ] ដោយ ខេតលីន ភីធើរសិន
សុភាសិត ១៥:១, ១៨
ខ្ញុំអាចប្រើពាក្យល្អៗ ។
-
ប្រហែលជាបងប្អូន និងកូនៗរបងប្អូនអាចគិតពីស្ថានភាពនៅពេលដែលបងប្អូន ឬពួកគេប្រហែលជាមានអារម្មណ៍ខឹង ។ សូមអាន សុភាសិត ១៥:១ រួមគ្នា ហើយជួយកូនៗបងប្អូនឲ្យអនុវត្តខគម្ពីរនេះទៅនឹងស្ថានភាពដែលពួកគេបានគិតដល់ ។ ប្រហែលជាពួកគេអាចអនុវត្ត « ពាក្យតបឆ្លើយដោយស្រទន់ » ។ ចម្រៀងមួយបទអំពីសេចក្ដីសប្បុរស ដូចជា « យើងនិយាយដោយស្នេហ៍ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០២ ) អាចពង្រឹងដល់គោលការណ៍នេះ ។
-
ដើម្បីរៀនអំពីអត្ថន័យនៃការ « យឺតនឹងខឹង » ( សុភាសិត ១៥:១៨ ) បងប្អូន និងកូនៗបងប្អូនអាចចែកចាយពីគ្រាដែលបងប្អូន( ឬនរណាម្នាក់ដែលបងប្អូនស្គាល់ )មានអារម្មណ៍ខឹង ប៉ុន្តែបានជ្រើសរើសមានសេចក្ដីសប្បុរស ។ សូមជួយកូនៗបងប្អូនឲ្យគិតអំពីរឿងដែលយើងអាច រហ័សធ្វើ ប្រសិនបើយើង « យឺតនឹងខឹង » ។ ឧទាហរណ៍ យើងអាចរហ័សក្នុងការគិតអំពីព្រះយេស៊ូវ សុំជំនួយពីព្រះវរបិតាសួគ៌ គិតអំពីបទចម្រៀងបឋមសិក្សា ឬប្រសិនបើអាច ដើរចេញ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។