« ថ្ងៃទី២៨ ខែកញ្ញា–ថ្ងៃទី៤ ខែតុលា ‹ ចូរកម្សាន្ដទុក្ខរាស្ត្រយើងចុះ › ៖ អេសាយ ៤០–៤៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២៨ ខែកញ្ញា–ថ្ងៃទី៤ ខែតុលា ‹ ចូរកម្សាន្ដទុក្ខរាស្ត្រយើងចុះ › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
Healing the Blind Man [ ការព្យាបាលបរុសខ្វាក់ ] ដោយ ខាល ហេនរីក ប្លក់ នៅឯសារមន្ទីរប្រវត្តិសាស្រ្តជាតិហ្វ្រីឌឺរីកប៊ឺហ្គ
ថ្ងៃទី២៨ ខែកញ្ញា–ថ្ងៃទី៤ ខែតុលា ៖ « ចូរកម្សាន្ដទុក្ខរាស្ត្រយើងចុះ »
អេសាយ ៤០–៤៩
« ចូរកម្សាន្តទុក្ខ » គឺជាពាក្យដំបូងនៅក្នុង អេសាយ ជំពូក ៤០ ។ វាគូសចំណាំពីការចាប់ផ្ដើមនៃសូរសព្ទខុសគ្នាមួយ ជាការគូសបញ្ជាក់ខុសគ្នាមួយនៅក្នុងសារលិខិតរបស់ព្យាការីរូបនេះ ។ ការសរសេរពីមុនរបស់អេសាយបានព្រមានអ៊ីស្រាអែល និងយូដាអំពីការបំផ្លិចបំផ្លាញ និងការជាប់ឃុំឃាំងដែលនឹងកើតឡើងដោយសារតែអំពើបាបរបស់ពួកគេ ។ ប៉ុន្តែការព្យាករក្រោយមកទាំងនេះមានន័យដើម្បីកម្សាន្តទុក្ខប្រជាជនយូដាជាង ១៥០ ឆ្នាំនាពេលអនាគត—បន្ទាប់ពីទីក្រុងយេរូសាឡិម និងព្រះវិហារបរិសុទ្ធត្រូវបានបំផ្លាញ ហើយប្រជាជនត្រូវបានចាប់ឃុំឃាំងដោយបាប៊ីឡូន ។ ទោះជាយ៉ាងណា ការព្យាករទាំងនេះ ព្យាករអនាគតដ៏វែងឆ្ងាយ លើសពីពួកសាសន៍អ៊ីស្រាអែលដែលបរាជ័យ និងបាក់ទឹកចិត្ត ។ ការព្យាករទាំងនេះនិយាយមកកាន់យើង ដែលពេលខ្លះមានអារម្មណ៍ចុះចាញ់ បាក់ទឹកចិត្ត និងអស់សង្ឃឹមផងដែរ ។
សារលិខិតរបស់អេសាយចំពោះប្រជាជនរបស់លោក និងចំពោះយើងគឺសាមញ្ញ ៖ « កុំឲ្យខ្លាចឡើយ » ( អេសាយ ៤៣:១ ) ។ អ្វីគ្រប់យ៉ាងពុំវិនាសបង់ឡើយ ។ ព្រះអម្ចាស់ពុំបានបំភ្លេចបងប្អូនឡើយ ហើយទ្រង់មានព្រះចេស្ដាគ្រប់គ្រងស្ថានភាពដែលបងប្អូនប្រហែលជាមិនអាចគ្រប់គ្រងបាន ។ មិនមែនព្រះអម្ចាស់ដែល « ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ » ( អេសាយ ៤២:៥ ) មានអំណាចជាងបាប៊ីឡូន ជាងអំពើបាប ជាងអ្វីៗដែលកំពុងចាប់ចងបងប្អូនទេឬអី ? ទ្រង់មានបន្ទូលអង្វរថា « ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះឯងហើយ » ( អេសាយ ៤៤:២២ ) ។ ទ្រង់អាចព្យាបាល ស្ដារ ពង្រឹង អភ័យទោស និងលួងលោមចិត្ត—នៅក្នុងករណីរបស់បងប្អូន មិនថាអ្វីក៏ដោយដែលចាំបាច់ដើម្បីឲ្យបងប្អូនទទួលបានការប្រោសលោះ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
អេសាយ ៤០–៤៩
ព្រះយេស៊ូវគ្រីស្ទអាចលួងលោមចិត្តខ្ញុំ និងប្រទានក្ដីសង្ឃឹមដល់ខ្ញុំ ។
នៅពេលដែលពួកសាសន៍អ៊ីស្រាអែលត្រូវបានចាប់ជាឈ្លើយនៅបាប៊ីឡូន មនុស្សជាច្រើនងឿងឆ្ងល់ថា តើពួកគេបានបាត់បង់នូវតំណែងរបស់ពួកគេក្នុងនាមជារាស្ត្រនៃសេចក្ដីសញ្ញាដ៏ជម្រើសរបស់ព្រះដែរឬទេ ។ នៅពេលបងប្អូនអាន អេសាយ ៤០–៤៩ សូមរកមើលវគ្គបទគម្ពីរដែលអាចផ្ដល់ការលួងលោមចិត្ត និងសេចក្ដីសង្ឃឹម ។ ចំពោះវគ្គបទគម្ពីរនីមួយៗដែលបងប្អូនរកឃើញ សូមពិចារណា និងកត់ត្រានូវអ្វីដែលព្រះអម្ចាស់អាចនឹងមានបន្ទូលទៅកាន់ បងប្អូន នៅក្នុងខគម្ពីរទាំងនេះ ។ នេះគឺជាខគម្ពីរមួយចំនួនដែលបងប្អូនអាចចាប់ផ្ដើមបាន ៖
-
៤០:១១, ២៩–៣១ ៖
-
៤១:១០–១៣, ១៧–១៨ ៖
-
៤២:៦–៧ ៖
-
៤៣:១–៧, ២៥ ៖
-
៤៤:១–៤, ២១–២៤ ៖
-
៤៦:៣–៤ ៖
-
៤៩:៧–១៦ ៖
តើបងប្អូនមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យបងប្អូនដឹងអ្វីខ្លះអំពីទ្រង់ ?
បងប្អូនអាចកត់សម្គាល់ថា ទំនុកតម្កើង « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ផ្អែកលើពាក្យពេចន៍របស់អេសាយនៅក្នុង អេសាយ ៤១:១០; ៤៣:២–៥; ៤៦:៤ ។ ពិចារណាច្រៀង ឬស្តាប់ទំនុកតម្កើងនេះ ដោយរកមើលភាពស្របគ្នារវាងទំនុកច្រៀង និងខគម្ពីរទាំងនេះពីអេសាយ ។ តើព្រះអង្គសង្រ្គោះបានបំពេញការសន្យាទាំងនេះនៅក្នុងខគម្ពីរទាំងនេះនៅក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
សូមមើលផងដែរ ផាទ្រីក ខៀរ៉ុន « ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ ដោយអំណាចប្រោសឲ្យជានៅក្នុងស្លាបទ្រង់ ៖ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជម្នះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៣៧–៤០ ។
ប្រើបទគម្ពីរបន្ថែម ។ ពេលខ្លះយើងអាចយល់ពីព្រះគម្ពីរសញ្ញាចាស់កាន់តែច្បាស់ ប្រសិនបើយើងបន្ថែមការសិក្សារបស់យើងជាមួយនឹងខគម្ពីរពីព្រះគម្ពីរមរមន ។ ឧទាហរណ៍ ព្យាការីក្នុងព្រះគម្ពីរមរមន នីហ្វៃ និងយ៉ាកុប មានសិទ្ធិទទួលបានការសរសេររបស់អេសាយនៅលើផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី១ ១៩:២២–២៣ ) ហើយពួកលោកបានប្រើការព្យាករទាំងនេះដើម្បីបង្រៀនអំពីព្រះអង្គសង្រ្គោះ ។ ដើម្បីរៀនពីរបៀបដែលនីហ្វៃ និងយ៉ាកុបបានប្រដូច អេសាយ ៤៨–៤៩ ទៅនឹងប្រជាជនរបស់ពួកលោក សូមមើល នីហ្វៃទី១ ២២ ។ ការណ៍នោះអាចជួយបងប្អូនប្រដូចជំពូកទាំងនេះទៅនឹងជីវិតរបស់បងប្អូនផ្ទាល់ ។
តាមរយៈការគោរពប្រតិបត្តិដល់ព្រះ យើងអាចមាន « សេចក្តីសុខ … ដូចជាទន្លេ » ( អេសាយ ៤៨:១៨ ) ។
អេសាយ ៤០–៤៩
« ឯង…ជាអ្នកបម្រើយើងអើយ » ។
ចាប់ពី អេសាយ ៤០–៤៩ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ « អ្នកបម្រើ » និង « ស្មរបន្ទាល់ » របស់ទ្រង់ ។ ពាក្យទាំងនេះអាចសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេសាយ ៤២:១–៧ ) លើវង្សអ៊ីស្រាអែល ( សូមមើល អេសាយ ៤៥:៤ ) និងបទគម្ពីរដទៃទៀតចង់និយាយពីស្តេចស៊ីរូស ដែលទ្រង់បានព្រះរាជានុញ្ញាតឲ្យពួកសាសន៍យូដា ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ ( សូមមើល អេសាយ ៤៤:២៦–២៨; ៤៥:១–៤ ) ។ បងប្អូនក៏អាចពិចារណាពីរបៀបដែលវគ្គបទគម្ពីរទាំងនេះអនុវត្តចំពោះបងប្អូនដែលជាអ្នកបម្រើ និងជាស្មរបន្ទាល់នៃព្រះអម្ចាស់ផងដែរ ។ ឧទាហរណ៍ សូមពិចារណាសំណួរបែបនេះ ៖
អេសាយ ៤០:១–៣, ៩–១១; ៤៣:៩–១២ ។ តើបងប្អូនជាស្មរបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទក្នុងន័យបែបណា ? តើ« ដំណឹងល្អ » អ្វីខ្លះដែលបងប្អូនអាចចែកចាយក្នុងនាមជាស្មរបន្ទាល់របស់ទ្រង់ ? បងប្អូនអាចស្រមៃថា បងប្អូនត្រូវបានគេហៅទៅកាន់សាក្សីនៅក្នុងការជំនុំជម្រះរបស់តុលាការ ។ នៅក្នុងការជំនុំជម្រះក្តីនេះ ព្រះយេស៊ូវគ្រីស្ទត្រូវបានជាប់ចោទពីបទថាបានអះអាងសេចក្ដីដូចបានកត់ត្រានៅក្នុង អេសាយ ៤៣:១១ ។ តើទីបន្ទាល់អ្វីខ្លះដែលបងប្អូនអាចផ្តល់ជាជំនួយដល់ការអះអាងរបស់ព្រះយេស៊ូវ ? តើបងប្អូននឹងបង្ហាញភស្ដុតាងអ្វីខ្លះចេញពីជីវិតរបស់បងប្អូន ?
អេសាយ ៤១:៨–១៣; ៤២:៦; ៤៤:២១ ។ តើព្រះអម្ចាស់បានហៅបងប្អូនឲ្យធ្វើអ្វី ? សូមពិចារណាពីការហៅក្នុងសាសនាចក្រ ក៏ដូចជាឱកាសផ្សេងទៀតដើម្បីបម្រើទ្រង់ផងដែរ ។ តើទ្រង់បាន« បង្កើត » ឬរៀបចំបងប្អូនឲ្យក្លាយជាអ្នកបម្រើរបស់ទ្រង់ដោយរបៀបណា ? តើទ្រង់គាំទ្របងប្អូនយ៉ាងណា ពេលបងប្អូនបម្រើ ?
អេសាយ ៤៩:១–៩ ។ តើបងប្អូនរកឃើញសារលិខិតអ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះដែលអាចជួយ នៅពេលដែលការខិតខំ និងការបម្រើរបស់បងប្អូនហាក់ដូចជា « ទទេៗជាអសារឥតការ » ? ( ខទី ៤ ) ។
អេសាយ ៤០:៣–៨, ១៥–២៣; ៤២:១៥–១៦; ៤៧:៧–១១
ព្រះចេស្តារបស់ព្រះគឺមហិមាជាងអំណាចខាងលោកិយ ។
អេសាយបានរំឭកប្រជាជនរបស់លោកម្ដងហើយម្ដងទៀតអំពីព្រះចេស្ដាដ៏មហិមារបស់ព្រះ ថែមទាំងបានប្រៀបធៀបទៅនឹងអំណាចខាងលោកិយដែលហ៊ុមព័ទ្ធពួកគេផងដែរ ។ សូមរកមើលសារលិខិតនេះ នៅពេលបងប្អូនអាន អេសាយ ៤០:៣–៨, ១៥–២៣; ៤២:១៥–១៦ និង ៤៧:៧–១១ ( សូមកត់ចំណាំថា ជំពូក ៤៧ ត្រូវបានលើកឡើងទៅកាន់អ្នកចាប់បង្ខាំងសាសន៍អ៊ីស្រាអែល គឺក្រុងបាប៊ីឡូន ) ។ តើវគ្គទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីរឿងខាងលោកិយ ? តើវគ្គទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះ ? សូមពិចារណាពីហេតុផលដែលសារលិខិតនេះអាចមានតម្លៃចំពោះប្រជាជនយូដាដែលជាប់ក្នុងសេវកភាព ។ តើហេតុអ្វីបានជាវាមានតម្លៃចំពោះបងប្អូន ?
អេសាយ ៤៨:១០; ៤៩:១៣–១៦
ព្រះអម្ចាស់អាចបន្សុទ្ធខ្ញុំបានតាមរយៈទុក្ខវេទនារបស់ខ្ញុំ ។
នៅពេលបងប្អូនអាន អេសាយ ៤៨:១០ សូមពិចារណាពី« ឡនៃសេចក្តីវេទនា »របស់បងប្អូនផ្ទាល់ ។ តើព្រះអម្ចាស់« បន្សុទ្ធ »បងប្អូនដោយរបៀបណា ? តើ អេសាយ ៤៩:១៣–១៦ ជួយបងប្អូនដោយរបៀបណា នៅពេលបងប្អូនរងទុក្ខវេទនានោះ ?
សូមមើលផងដែរ « The Refiner’s Fire »( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
The Refiner's Fire
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
អេសាយ ៤០:៣–៥
ខ្ញុំអាចជួយរៀបចំ « ផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា » ។
-
សូមគិតអំពីវិធីមួយចំនួនដើម្បីបង្ហាញពីអត្ថន័យនៃការ « រៀបចំផ្លូវ … ទទួលព្រះយេហូវ៉ា » ដូចបានពិពណ៌នានៅក្នុង អេសាយ ៤០:៣–៥ ។ ឧទាហរណ៍ បងប្អូន និងកូនៗបងប្អូនអាចតម្រង់វត្ថុមួយដែលកោង សម្អាតកម្រាលឥដ្ឋ ឬសម្អាតផ្លូវដែលមានគ្រោះថ្មឲ្យស្អាត ។ បងប្អូនក៏អាចបង្ហាញរូបភាព យ៉ូហាន បាទីស្ទ និង យ៉ូសែប ស្ម៊ីធ ផងដែរ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ.៣៥ ទំព័រ ៨៧ ) ។ តើពួកលោកបានរៀបចំផ្លូវសម្រាប់ការយាងមករបស់ព្រះអម្ចាស់យ៉ាងដូចម្តេច ? ( សូមមើល លូកា ៣:២–១៨; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។ តើយើងអាចជួយដោយរបៀបណា ? ការណ៍នេះអាចជាឱកាសមួយដើម្បីនិយាយអំពីរបៀបដែលអ្នកកាន់បព្វជិតភាពអើរ៉ុនជួយរៀបចំផ្លូវទទួលព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២៦–២៨ ) ។
អេសាយ ៤៣:១០
ខ្ញុំអាចធ្វើជាស្មរបន្ទាល់ម្នាក់របស់ព្រះអម្ចាស់ ។
-
បន្ទាប់ពីបានអាន អេសាយ ៤៣:១០ ជាមួយគ្នា បងប្អូនអាចនិយាយអំពីអត្ថន័យនៃការធ្វើជាសាក្សី ។ សូមចែកចាយជាមួយគ្នានូវអ្វីបងប្អូនធ្លាប់ជួបដែលបងប្អូនអាចធ្វើជា « ស្មរបន្ទាល់ »—ឧទាហរណ៍ អាហារដែលបងប្អូនបានភ្លក់ កន្លែងដែលបងប្អូនបានទៅលេង ឬជាមនុស្សដែលបងប្អូនស្គាល់ ។ តើវាមានអត្ថន័យយ៉ាងដូចម្តេចដើម្បីធ្វើជាស្មរបន្ទាល់របស់ព្រះអម្ចាស់ ? តើយើងអាចប្រាប់អ្វីខ្លះដល់មនុស្សដទៃអំពីទ្រង់ ?
អេសាយ ៤៤:៣–៤; ៤៥:៨
ព្រះអម្ចាស់នឹង« ចាក់ »ព្រះពររបស់ទ្រង់មកលើខ្ញុំ ។
-
បន្ទាប់ពីអានខគម្ពីរទាំងនេះរួច កូនៗបងប្អូនអាចស្រោចទឹករុក្ខជាតិ ហើយនិយាយអំពីពរជ័យដែលព្រះអម្ចាស់បានចាក់មកលើពួកគេ ។ តើមានអ្វីកើតឡើងចំពោះរុក្ខជាតិនៅពេលយើងស្រោចទឹកវា ? តើព្រះពររបស់ព្រះអម្ចាស់បានជួយយើងឲ្យរីកចម្រើនដោយរបៀបណា ?
« សេចក្តីសុចរិតរបស់[ យើងអាច ]បានដូចជារលកនៃសមុទ្រ » ( អេសាយ ៤៨:១៨ ) ។
អេសាយ ៤៨:១៧–១៨
ការកាន់តាមបទបញ្ញត្តិរបស់ព្រះនាំមកនូវសេចក្ដីសុខសាន្ត ។
-
រូបភាព ឬវីដេអូនៃទន្លេ និងរលកសមុទ្រអាចជួយកូនៗបងប្អូនមើលឃើញ អេសាយ ៤៨:១៨ ( ដូចជារូបភាពក្នុងគ្រោងមេរៀននេះ ) ។ កូនៗបងប្អូនអាចរីករាយនឹងការរំកិលប្រអប់ដៃ និងដៃរបស់ពួកគេដូចជាទន្លេ និងរលកសមុទ្រ ។ តើយើងអាចស្ងប់ដូចជាទឹកទន្លេយ៉ាងដូចម្តេច ? តើសេចក្តីសុចរិតអាចដូចជារលកយ៉ាងដូចម្តេច ? សូមនិយាយអំពីរបៀបដែលការកាន់តាមបទបញ្ញត្តិរបស់ព្រះបានជួយបងប្អូនឲ្យទទួលអារម្មណ៍សុខសាន្តដូចជាទន្លេ ឬរឹងមាំដូចជារលក ។
-
សូមច្រៀងចម្រៀងមួយបទអំពីបទបញ្ញត្តិ ដូចជាបទ « រក្សាបទបញ្ញត្តិ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៨–៦៩ ) ។ តើចម្រៀងនេះបង្រៀនអ្វីខ្លះអំពីមូលហេតុដែលយើងគួរតែកាន់តាមបទបញ្ញត្តិរបស់ព្រះ ?
អេសាយ ៤៩:១៤–១៦
ព្រះអម្ចាស់នឹងមិនដែលភ្លេចខ្ញុំឡើយ ។
-
អេសាយ ៤៩:១៤–១៦ អាចជាការលួងលោមដ៏អស្ចារ្យដល់កូនៗបងប្អូននៅពេលខាងមុខ ។ នៅពេលបងប្អូនអាន ខទី ១៤ បងប្អូនអាចនិយាយអំពីអ្វីដែលអាចធ្វើឲ្យមនុស្សមានអារម្មណ៍ថាត្រូវបានគេបំភ្លេចចោល ឬត្រូវគេបោះបង់ចោល ។ តើយើងដឹងថា ព្រះអម្ចាស់មិនបានភ្លេចយើងយ៉ាងដូចម្ដេច ?
-
ដើម្បីណែនាំ ខទី ១៥–១៦ បងប្អូនអាចសួរកូនៗបងប្អូនអំពីនរណាម្នាក់ដែលពួកគេនឹងមិនអាចបំភ្លេចបាន ដូចជាសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ។ យោងតាម អេសាយ ៤៩:១៥–១៦ ហេតុអ្វីព្រះអម្ចាស់នឹងមិនដែលភ្លេចយើង ? បន្ទាប់មក បងប្អូនអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវអារម្មណ៍របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។