ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៥–១១ ខែតុលា  « ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង » ៖ អេសាយ ៥០–៥៧


« ថ្ងៃទី៥–១១ ខែតុលា ‹ ទ្រង់​បាន​ទ្រាំទ្ររង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខព្រួយ​របស់​យើង › ៖ អេសាយ ៥០–៥៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៥–១១ ខែតុលា ‹ ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ ៖ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

ព្រះ​យេស៊ូវ​ពាក់​មកុដ​បន្លា

The Mocking of Christ [ ការចំអក​ដាក់​ព្រះគ្រីស្ទ ] ដោយ ខាល ហេនរី ប្លក់

ថ្ងៃទី៥–១១ ខែតុលា ៖ « ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង »

អេសាយ ៥០–៥៧

នៅក្នុង​ការងារបម្រើ​របស់​លោក​ទាំងមូល អេសាយ​បាន​និយាយ​អំពី​អង្គ​រំដោះ​ដ៏​អស្ចារ្យ ។ ការព្យាករ​ទាំងនេះ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​សាសន៍​អ៊ីស្រាអែល​រាប់​សតវត្សរ៍​ក្រោយមក ពេល​ពួកគេ​ជាប់​នៅក្នុង​សេវកភាព​នៅ​បាប៊ីឡូន ។ នរណា​ម្នាក់​ដែល​អាច​វៃបំបែក​កំពែង​ក្រុង​បាប៊ីឡូន​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ដ៏​អស្ចារ្យ ។ ប៉ុន្តែ​នោះ​ពុំ​មែន​ជា​បែបផែន​នៃ​ព្រះមែស៊ី ដែល​អេសាយ​បាន​ពិពណ៌នា​នៅក្នុង ជំពូក ៥២–៥៣ នោះ​ទេ ៖ « ទ្រង់​ត្រូវ​គេ​មើលងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់ ៖ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់អាន​ទ្រង់​សោះ ។ … យើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា » ( អេសាយ ៥៣:៣–៤ ) ។

តាមរយៈ​ការបញ្ជូន​អង្គ​រំដោះ​ដែល​មិន​បាន​រំពឹង​ទុក​ឲ្យ​យាង​មក ព្រះ​បាន​បង្រៀន​យើង​អំពី​ការរំដោះ​ពិត​ប្រាកដ ។ ដើម្បី​សង្រ្គោះ​យើង​ពី​ការសង្កត់សង្កិន និង​ទុក្ខវេទនា ព្រះ​បាន​ចាត់​អង្គ​ទ្រង់​ផ្ទាល់ « ទ្រង់​ត្រូវ​គេ​សង្កត់សង្កិន ហើយ​ធ្វើ​ទុក្ខ » ។ កាល​ដែល​មនុស្ស​មួយ​ចំនួន​រំពឹង​ថា​បាន​សត្វសិង្ហ ទ្រង់​បាន​បញ្ជូន​កូនចៀម​មក ( សូមមើល អេសាយ ៥៣:៧ ) ។ ពិតប្រាកដណាស់ របៀប​របស់​ព្រះ​គឺ​ពុំ​ដូចជា​របៀប​របស់​យើង​នោះទេ ( សូមមើល អេសាយ ៥៥:៨–៩ ) ។ ព្រះយេស៊ូវគ្រីស្ទ​ពុំមែន​រំដោះ​យើង​ដោយ​គ្រាន់​តែ​បើកទ្វារ​គុក​ប៉ុណ្ណោះទេ ប៉ុន្តែ ដោយ​ការ​ជំនួស​កន្លែង​យើង​នៅ​ទីនោះ​ផង​ដែរ ។ ទ្រង់​ធ្វើ​ឲ្យ​យើង​ធូរ​ស្បើយ​ពី​ច្រវាក់​នៃ​សេចក្ដី​ឈឺចាប់ និង​ភាព​សោកសៅ​របស់យើង​ដោយ​ទទួល​បន្ទុក​នោះ​ដោយ​ព្រះអង្គ​ផ្ទាល់ ( សូមមើល អេសាយ ៥៣:៤–៥, ១២ ) ។ ទ្រង់​មិន​បាន​សង្គ្រោះ​យើង​ពី​ចម្ងាយ​ឡើយ ។ ទ្រង់​បាន​រង​ទុក្ខ​ជាមួយ​នឹង​យើង នៅ​ក្នុង​ទង្វើ​នៃ « សេចក្ដី​សប្បុរស​ដ៏​នៅ​អស់កល្ប​ជានិច្ច » ដែល « នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ » ( អេសាយ ៥៤:៨, ១០ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

អេសាយ ៥០–៥២

អនាគត​មាន​ភាព​ភ្លឺស្វាង​សម្រាប់​រាស្ត្រ​របស់​ព្រះអម្ចាស់ ។

ទោះជា​ពួកសាសន៍​អ៊ីស្រាអែល​បាន​ចំណាយពេលជា​ច្រើន​ឆ្នាំ​ជាប់​ក្នុង​សេវកភាព​ក្ដី—ហើយ​ទោះ​ជា​សេវកភាព​នោះ​គឺជា​លទ្ធផល​នៃ​ការជ្រើសរើស​មិន​ល្អ​របស់​ពួកគេ​ផ្ទាល់​ក្ដី—ក៏​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​មើល​ទៅ​អនាគត​ដោយ​សេចក្ដី​សង្ឃឹម​ដែរ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​សារលិខិត​របស់​អេសាយ​ដែល​ផ្ដល់​ក្តីសង្ឃឹម​ឲ្យ​បងប្អូន ? តារាង​ដូច​ខាងក្រោម​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​សិក្សា ៖

អ្វី​ដែល​ខ្ញុំ​រៀន​អំពី​ព្រះ ( សូមមើល​ឧទាហរណ៍ អេសាយ ៥០:២, ៥–៩; ៥១:៣–៨, ១៥–១៦; ៥២:៣, ៩–១០ )

សារលិខិត​នៃ​ក្តីសង្ឃឹម ( សូមមើល​ឧទាហរណ៍ អេសាយ ៥០:៩; ៥១:៣–៥, ១១–១២, ២២–២៣; ៥២:៩–១០ )

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​សេចក្តីសង្ឃឹម​ក្លាយ​ជា​ការពិត ( សូមមើល​ឧទាហរណ៍ អេសាយ ៥០:១០; ៥១:១–២, ៦–៩; ៥២:១–៣, ៩–១១ )

សូមមើល​ផងដែរ ម៉ូសាយ ១២:២០–២៤; ១៥:១៣–១៨; នីហ្វៃទី៣ ២០:២៩–៤៦; គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៣:៧–១០; រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៧៣–៧៦ ។

ព្រះយេស៊ូវ​លី​ឈើឆ្កាង

Because of Love [ ដោយសារតែ​សេចក្ដី​ស្រឡាញ់ ] ដោយ អេនជិលឡា ចនសុន

ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ ។ « គ្មាន​អ្វី​មួយ​ដែល​អ្នក​ធ្វើ​ក្នុង​នាម​ជា​គ្រូបង្រៀន​ដែល​នឹង​ផ្តល់​ពរ​ដល់​សិស្ស ច្រើន​ជាង​ការជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ទាំង​ទ្វេ​នោះ​ឡើយ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។ នៅពេល​បងប្អូន​រៀបចំ​ដើម្បី​បង្រៀន អេសាយ ៥០–៥៧ ទៅ​អ្នក​ដទៃ សូម​ពិចារណា​របៀប​ដែល​បងប្អូន​អាច​ជួយ​ពួកគេ​មើលឃើញ​ទំនាក់ទំនង​រវាង​បញ្ហាប្រឈម​របស់​អ៊ីស្រាអែល ការព្យាករ​របស់​អេសាយ​ពី​ព្រះគ្រីស្ទ និង​ការទទួល​ជំនួយ​ដ៏​ទេវភាព​នៅ​គ្រា​ជួប​ការសាកល្បង​របស់​ពួកគេ​ផ្ទាល់ ។

អេសាយ ៥៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវគ្រីស្ទ​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប និង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ។

មាន​ជំពូក​មួយ​ចំនួន​នៅ​ក្នុង​បទគម្ពីរ​ពិពណ៌នា​អំពី​បេសកកម្ម​ប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ក្បោះក្បាយ​ជាង អេសាយ ៥៣ ។ សូម​ពិចារណា​សកម្មភាព​ដូច​ទាំងនេះ​ដើម្បី​យល់​កាន់តែ​ច្បាស់ និង​អនុវត្ត​ការបង្រៀន​ដ៏​មាន​ឥទ្ធិពល​ទាំងនេះ ៖

  • ជញ្ជឹងគិត ឬ​ពិភាក្សា​អំពី​របៀប​ដែល​ដំណើររឿង និង​ខ្សែ​ភាពយន្ត​ជា​ញឹកញាប់​ពិពណ៌នា​អំពី​វីរបុរស​ដែល​ជួយ​សង្គ្រោះ​មនុស្ស ។ ប្រៀបធៀប​រូបភាព​ទាំងនោះ​ជាមួយនឹង​ការពិពណ៌នា​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង អេសាយ ៥៣ ។

  • បន្ទាប់ពី​អំណាន​ខគម្ពីរ​នីមួយៗ សូម​ផ្អាក​ដើម្បី​ជញ្ជឹង​គិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​រងទុក្ខ—« ការ​ឈឺចាប់ » « ភាព​សោកសៅ » និង « អំពើរំលង » ដែល​ទ្រង់​បាន​ទ្រាំទ្រ—សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ជាពិសេស​សម្រាប់​បងប្អូន ។ បងប្អូន​អាច​ជំនួស​ពាក្យ​ដូចជា « យើង » និង « របស់​យើង » ជាមួយ​នឹង​ពាក្យ « ខ្ញុំ » និង « របស់​ខ្ញុំ » នៅពេល​បងប្អូន​អាន ។ តើ​ខគម្ពីរ​ទាំង​នេះ​បំផុស​គំនិត​បងប្អូន​ឲ្យ​មាន​អារម្មណ៍ ឬ​គំនិត​អ្វីខ្លះ ?

  • សូម​ពិចារណា​មើល​វីដេអូ « នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ » ( បណ្ណាល័យ​ដំណឹង​ល្អ ) និង​ជញ្ជឹងគិត​ពី​របៀប​ដែល​ការព្យាករ​នៅក្នុង អេសាយ ៥៣ ត្រូវ​បានបំពេញ ។ តើ​ទុក្ខព្រួយ និង​ការសោកសៅ​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​ទទួល​ជំនួស​បងប្អូន​មាន​អ្វីខ្លះ ?

    5:22

    នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ

  • សូម​ស្វែងរក​រូបភាព​នៃ​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​ជុំវិញ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៦–៦០ ) ។ បន្ទាប់មក​បងប្អូន​អាច​ស្វែងរក​ឃ្លា​នៅក្នុង អេសាយ ៥៣ ដែល​ពិពណ៌នា​ព្រឹត្តិការណ៍​នៅក្នុង​រូបភាព​ទាំងនោះ ។ តើ​ការបង្រៀន​ទាំងនេះ​បំផុស​គំនិត​បងប្អូន​ឲ្យ​ធ្វើអ្វី​ខ្លះ ?

សូមមើល​ផងដែរ « មើល​ព្រះប្រោសលោះ​យើង​សុគត​ហើយ » ទំនុកតម្កើង ល.រ. ១១៣ ។

អេសាយ ៥៤; ៥៧:១៥–១៩

ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

យើង​ទាំងអស់​គ្នា​ធ្លាប់​ដកពិសោធន៍​នូវ​អារម្មណ៍​នៃ​ការឃ្លាតឆ្ងាយ​ពី​ព្រះអម្ចាស់ ដោយសារ​តែ​អំពើបាប ឬ​ភាពទន់ខ្សោយ​របស់​យើង ។ មនុស្ស​មួយ​ចំនួន​ថែមទាំង​បោះបង់​ចោល​សេចក្ដី​សង្ឃឹម​ថា ទ្រង់​នឹង​អភ័យទោស​ដល់​ពួកគេ​ជានិច្ច​ទៀតផង ។ អេសាយ ៥៤ និង ៥៧ គឺជា​ជំពូក​ដ៏​អស្ចារ្យ​ដើម្បី​អាន​រកមើល​ការបញ្ជាក់ និង​ការលើក​ទឹកចិត្ត​នៅ​គ្រា​បែប​នេះ ។ ជាពិសេស​នៅ​ក្នុង អេសាយ ៥៤:៤–១០; ៥៧:១៥–១៩ តើ​ពាក្យពេចន៍​អ្វីខ្លះ​ដែល​បង្រៀន​បងប្អូន​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​មាន​ព្រះទ័យ​អំពី​បងប្អូន ? តើ​វា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដើម្បី​ដឹង​រឿង​ទាំង​នេះ​អំពី​ទ្រង់ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន ៖

« វា​មិន​សំខាន់​ថា​តើ​ជីវិត​យើង​ហិនហោច​ដល់​កម្រិត​ណា​នោះទេ ។ វា​មិន​សំខាន់​ថា​តើ​អំពើបាប​យើង​មាន​ពណ៌​ក្រហម​ឆ្អៅ ភាពជូរចត់ ភាពឯកោ ឬ​ដួងចិត្ត​យើង​ខ្ទេចខ្ទាំ​ដល់​កម្រិត​ណា​នោះ​ឡើយ ។ សូម្បីតែ​ជន​ទាំងឡាយ​ដែល​អស់​សង្ឃឹម ដែល​រស់នៅ​ក្នុង​ភាពអស់​សង្ឃឹម ដែល​បាន​បាត់​អស់​នូវ​ទំនុកចិត្ត បោះបង់​សច្ចៈធម៌ ឬ​ងាក​ចេញពី​ព្រះ​ក៏​អាច​សាង​ខ្លួន​ជាថ្មី​បាន​ដែរ ។ …

« ដំណឹង​ដ៏​រីករាយ​នៃ​ដំណឹងល្អ​គឺ​ថា ដោយសារ​តែ​ផែនការ​នៃ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ និង​តាមរយៈ​ពលិកម្ម​ដ៏​គ្មាន​ទីបញ្ចប់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មិន​ត្រឹមតែ​អាច​បាន​ប្រោស​ឲ្យ​រួច​ពី​ស្ថានភាព​ធ្លាក់​របស់​យើង ហើយ​ស្ដារ​ទៅរក​ភាពបរិសុទ្ធ​ប៉ុណ្ណោះទេ យើង​ក៏​អាច​ថែមទាំង​រីកចម្រើន​លើសពី​អ្វី​ដែលមនុស្ស​ខាង​សាច់ឈាម​អាច​ស្រមៃ​បាន​ទៀតផង ហើយ​ក្លាយជា​អ្នកគ្រង​មរតក​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ជា​អ្នកទទួល​សិរីល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ » ( « He Will Place You on His Shoulders and Carry You Home » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១០២ ) ។

សូមមើល​ផងដែរ ផាទ្រីក ខៀរ៉ុន « ព្រះរាជបំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៨៧–៨៩ ។

អេសាយ ៥៥–៥៦

ព្រះអម្ចាស់​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​ទ្រង់ » ។

អស់​ជាច្រើន​ជំនាន់​មកហើយ សាសន៍​អ៊ីស្រាអែល​ត្រូវបាន​ស្គាល់​ថា​ជា​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ព្រះ ។ ទោះជាយ៉ាងណា ផែនការ​របស់ព្រះ​តែងតែ​រួមបញ្ចូល​ច្រើនជាង​ជាតិសាសន៍​តែ​មួយ ដោយសារ « អស់​អ្នក​ដែល​ស្រេក » ត្រូវបាន​អញ្ជើញ​ឲ្យ « ចូរមក … ទីទឹក​ចុះ » ( អេសាយ ៥៥:១ ) ។ សូម​ចាំ​រឿង​នេះ​ក្នុង​ចិត្ត កាល​បងប្អូន​អាន អេសាយ ៥៥ និង ៥៦ ហើយ​ជញ្ជឹងគិត​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា​រាស្រ្ត​របស់​ព្រះ ។ តើ​ព្រះ​មាន​សារលិខិត​អ្វីខ្លះ ចំពោះ​អស់អ្នក​ដែល​មាន​អារម្មណ៍​ថា « ញែក … ចេញ » ពី​ទ្រង់ ? ( អេសាយ ៥៦:៣ ) ។ សូម​ពិចារណា​គូសចំណាំ​ខគម្ពីរ​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​បុគ្គលិកលក្ខណៈ និង​សកម្មភាព​នៃ​អស់​អ្នក​ដែល « កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​ទ្រង់ » ( សូមមើល អេសាយ ៥៦:៤–៧ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

អេសាយ ៥១–៥២

ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ « ពាក់​កម្លាំង [ របស់​ខ្ញុំ ] » ។

  • វា​អាច​ជា​ការសប្បាយរីករាយ​សម្រាប់​កូនៗ​បងប្អូន​ដើម្បី​ស្វែងរក​ឃ្លា​ដូចជា « ភ្ញាក់​ឡើង » « ឈរ​ឡើង » និង « ចូរ​ពាក់​កម្លាំង​របស់​ឯង » នៅក្នុង អេសាយ ៥១:៩, ១៧; ៥២:១–២, ៩ ហើយ​បន្ទាប់មក​សម្តែង​តាម​ឃ្លា​ទាំងនោះ ។ បន្ទាប់ពី​ធ្វើ​ដូច្នោះ បងប្អូន​អាច​និយាយ​អំពី​អត្ថន័យ​ក្នុង​ការក្រោកឡើង ឈរឡើង និង​ពាក់​កម្លាំង​ខាងវិញ្ញាណ ។ តើ​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​អ្វី​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • កូនៗ​បងប្អូន​ក៏​អាច​អាន អេសាយ ៥១:១, ៤, ៧ ហើយ​រកមើល​ថា​នរណា​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដល់ និង​អ្វី​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ធ្វើ ។ តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី « ស្តាប់​តាម » ព្រះអម្ចាស់​នោះ ? តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា យើង « ស្ដាប់​តាម » ទ្រង់​ដោយ​របៀប​ណា ?

អេសាយ ៥៣:៣–៩

ព្រះយេស៊ូវគ្រីស្ទ​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប និង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ។

  • បងប្អូន និង​កូនៗ​បងប្អូន​អាច​មើល​រូបភាព​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ការរងទុក្ខ និង​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៦, ៥៧៥៨ ) ។ បន្ទាប់មក បងប្អូន​អាច​អាន អេសាយ ៥៣:៣–៦, ៩ និង​រកមើល​ពាក្យសម្តី​ដែល​ពិពណ៌នា​នូវ​អ្វី​ដែល​កើតឡើង​នៅក្នុង​រូបភាព​ទាំងនោះ ។ សូម​ជួយ​កូនៗ​បងប្អូន​យល់​ថា អេសាយ​បាន​ចែកចាយ​សេចក្ដីពិត​ទាំងនេះ​រាប់រយ​ឆ្នាំ​មុន​ពេល​សេចក្ដី​ពិត​ទាំងនោះ​កើត​ឡើង ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ឲ្យ​មនុស្ស​ដឹង​ពី​រឿង​ទាំងនេះ​ជាច្រើន​ឆ្នាំ​ទុក​មុន ? ( សូមមើល អាលម៉ា ៣៩:១៥–១៩ ) ។

  • បន្ទាប់ពី​ការអាន​ចេញពី អេសាយ ៥៣:៤ « ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង » កូនៗ​បងប្អូន​អាច​ព្យាយាម​ដើម្បី​លើក​វត្ថុ​ធ្ងន់ៗ​ឡើង ( ឬ​សម្តែង​ជា​លើក​របស់​ធ្ងន់​មួយ​ឡើង ) ។ និយាយ​អំពី​របៀប​ដែល « សេចក្ដី​ឈឺចាប់ » និង « សេចក្ដី​ទុក្ខ​ព្រួយ » ឬ​ភាពសោកសៅ អាច​មាន​អារម្មណ៍​ថា​ធ្ងន់ និង​ពិបាក​រែកសែង ។ ហេតុអ្វី​បាន​ជា​ទ្រង់​បានរងទុក្ខ​នូវ « សេចក្តី​ឈឺចាប់ » « សេចក្ដី​ទុក្ខព្រួយ » និង « អំពើ​ទុច្ចរិត » ឬ​អំពើបាប​របស់​យើង ? ( សូមមើល​ផងដែរ អាលម៉ា ៧:១១–១២ ) ។

ព្រះយេស៊ូវគ្រីស្ទ​គង់​ជាមួយ​នឹង​កុមារ​តូចៗ

អេសាយ ៥៥:៦

ខ្ញុំ​អាច​ស្វែងរក​ព្រះយេហូវ៉ា ហើយ​អំពាវនាវ​ដល់​ទ្រង់ ។

  • ដើម្បី​បង្រៀន​កូនៗ​បងប្អូន​អំពី អេសាយ ៥៥:៦ បងប្អូន​អាច​លាក់​រូបភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​កន្លែង​ណា​មួយ​ក្នុង​បន្ទប់ ។ បងប្អូន​អាច​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​ស្វែងរក​រូបភាព និង​ឈ្មោះ​តាម​របៀប​មួយ​ដែល​ពួកគេ​អាច « ស្វែងរក … ខណៈ​ដែល​អាច​រក​ទ្រង់​ឃើញ » ។ បទចម្រៀង​ដូចជា « ស្វែងរក​ព្រះអម្ចាស់​ពី​ក្មេង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៧ ) អាច​ផ្ដល់​គំនិត​មួយ​ចំនួន​ដល់​ពួកគេ ។ បន្ទាប់មក បងប្អូន​អាច​អនុញ្ញាត​ឲ្យ​កុមារ​ម្នាក់​លាក់​រូបភាព និង​ធ្វើ​សកម្មភាព​ម្តងទៀត ។

អេសាយ ៥៥:៨–៩

ផ្លូវ​របស់​ព្រះអម្ចាស់​ខ្ពស់​ជាង​ផ្លូវ​របស់​ខ្ញុំ ។

  • បន្ទាប់ពី​ការអាន អេសាយ ៥៥:៩ វា​អាច​ជា​រឿង​សប្បាយរីករាយ​សម្រាប់​កូនៗ​បងប្អូន​ក្នុង​ការឈរ​នៅលើ​កៅអី ហើយ​និយាយ​អំពី​របៀប​ដែល​អ្វីៗ​មើល​ទៅ​ខុស​ប្លែក​នៅពេល​ដែល​បងប្អូន​នៅ « ខ្ពស់ជាង » ។ ឬ​ពួកគេ​អាច​គូរ​រូបភាព​នៃ​អ្វី​ដែល អេសាយ ៥៥:៩ មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ បន្ទាប់មក បងប្អូន​អាច​ពិភាក្សា​ពី​ផ្លូវ​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ដែល​ខ្ពស់​ជាង​ផ្លូវ​របស់​យើង ។ ឧទាហរណ៍ តើ​ទ្រង់​ប្រព្រឹត្ត​ចំពោះ​អ្នក​មាន​បាប​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ាកុស ២:១៥–១៧ ) ។ តើ​ទ្រង់​ដឹកនាំ​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ាថាយ ២០:២៥–២៨ ) ។ សូម​ចែកចាយ​ជាមួយ​កូនៗ​បងប្អូន​ពី​របៀប​ដែល​បងប្អូន​បាន​រៀន​ដើម្បី​ទុក​ចិត្ត​លើ​ផ្លូវ និង​ព្រះតំរិះ​ដែល​ខ្ពង់ខ្ពស់​ជាង​របស់​ព្រះអម្ចាស់ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

His Light [ ពន្លឺ​របស់​ទ្រង់ ] ដោយ ម៉ៃឃល ម៉ម

ទំព័រ​សកម្មភាព​សម្រាប់​អង្គការ​បឋម​សិក្សា ៖ ខ្ញុំ​អាច​ស្វែងរក​ព្រះយេហូវ៉ា ហើយ​អំពាវនាវ​ដល់​ទ្រង់