ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១២–១៨ ខែតុលា  « អ្នក​ដ៏​ជួយ​ប្រោសលោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន » ៖ អេសាយ ៥៨–៦៦


« ថ្ងៃទី១២–១៨ ខែតុលា ។ ‹ អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន › ៖ អេសាយ ៥៨–៦៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១២–១៨ ខែតុលា ។ ‹ អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

ព្រះ​យេស៊ូវ​អាន​រមូរ​ក្រដាស​នៅក្នុង​សាលាប្រជុំ​មួយ

ព្រះយេស៊ូវ​នៅក្នុង​សាលាប្រជុំ​នៅឯ​ណាសារ៉ែត ដោយ ហ្គ្រេក ខេ អូសិន

ថ្ងៃទី១២–១៨ ខែតុលា ៖ « អ្នក​ដ៏​ជួយ​ប្រោសលោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន »

អេសាយ ៥៨–៦៦

នៅពេល​ចាប់ផ្តើម​ការងារបម្រើ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​សាលាប្រជុំ​នៅក្នុង​ភូមិ​ណាសារ៉ែត ដែល​ជា​កន្លែង​ទ្រង់​បាន​ចម្រើន​ព្រះជន្ម​ឡើង ។ ទ្រង់​បាន​ឈរ​អាន​ព្រះគម្ពីរ​នៅទីនោះ បាន​បើក​ទៅ​គម្ពីរ​អេសាយ ហើយ​បាន​អាន​ពី​អ្វី​ដែល​យើង​ហៅ​ឥឡូវ​នេះ​ថា​ជា អេសាយ ៦១:១–២ ។ បន្ទាប់មក ទ្រង់​បាន​ប្រកាសថា « នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ » ។ វា​ជា​ការប្រកាស​ដ៏​ត្រង់បំផុត​មួយ​របស់​ព្រះអង្គ​សង្រ្គោះ​ថា ទ្រង់​ជា​អង្គ​ចាក់ប្រេងតាំង ដែល​នឹង « ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង » និង « ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ » ( សូមមើល លូកា ៤:១៦–២១ ) ។ ជាការពិត បទគម្ពីរ​នេះ​ត្រូវបាន​បំពេញ​នៅ​សម័យ​នោះ​មែន ។ ហើយ​ដូចជា​ការព្យាករ​ជាច្រើនទៀត​របស់​អេសាយ​ដែរ វា​បន្ត​បំពេញ​នៅក្នុង​សម័យ​របស់​យើង ។ ព្រះអង្គសង្គ្រោះ​បន្ត​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​ដែល​មក​ឯ​ទ្រង់ ។ ក៏​នៅតែ​មាន​អ្នក​ជាប់ឃុំឃាំង​ជាច្រើន​ដែល​ត្រូវការ​ការជួយ​សង្រ្គោះ​ដែរ ។ ហើយ​មាន​អនាគត​ដ៏​រុងរឿង​មួយ​ដែល​យើង​ត្រូវ​រៀបចំ​ខ្លួន​រង់ចាំ—ជា​គ្រា​ដែល​ព្រះអម្ចាស់​នឹង « បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​និង​ផែនដី​ថ្មី » ( អេសាយ ៦៥:១៧ ) និង « ធ្វើ​ឲ្យ​សេចក្តី​សុចរិត និង​សេចក្តី​សរសើរ​បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ » ( អេសាយ ៦១:១១ ) ។ ការអាន​គម្ពីរ​អេសាយ បើកភ្នែក​របស់​យើង​ឲ្យ​ឃើញ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​រួច​ទៅហើយ អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ និង​អ្វី​ដែល​ទ្រង់​មិនទាន់​បាន​ធ្វើ​សម្រាប់​រាស្រ្ត​របស់​ទ្រង់​នៅឡើយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

អេសាយ ៥៨:៣–១២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ការតម​អាហារ​ស្ថាបនា​អំណាច​ខាង​វិញ្ញាណ និង​ផ្ដល់​ពរជ័យ​ដល់​អ្នក​ខ្វះខាត ។

ហេតុអ្វី​បាន​ជា​មាន​មនុស្ស​សុខចិត្ត​អត់​អាហារ នៅពេល​ដែល​មាន​អាហារ​បរិភោគ ? នៅពេល​ដែល​បងប្អូន​សិក្សា អេសាយ ៥៨:៣–១២ បងប្អូន​ប្រហែលជា​គិត​អំពី​ហេតុផល​របស់​បងប្អូន​សម្រាប់​ការតមអាហារ—ព្រមទាំង​ហេតុផល​របស់​ព្រះអម្ចាស់​ក្នុងការ​ប្រទាន​នូវ​ក្រឹត្យវិន័យ​នេះ ។ នេះ​គឺជា​សំណួរ​មួយចំនួន​សម្រាប់​ជញ្ជឹងគិត ៖

  • ហេតុអ្វី​បាន​ជា​ពេលខ្លះ​ការតមអាហារ​អាច​ត្រូវ​បានយល់ឃើញ​ថា​ជា​បន្ទុក​ច្រើន​ជាង​ពរជ័យ​ទៅវិញ ? ( សូមមើល អេសាយ ៥៨:៣–៥ ) ។ តើ​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅក្នុង​ជំពូក​នេះ​ផ្លាស់ប្តូរ​ការយល់ឃើញ​នោះ​សម្រាប់​បងប្អូន​ដោយ​របៀប​ណា ?

  • តើ​វា​អាច​មាន​ន័យ​ដូចម្តេច​ដើម្បី « ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ » និង « បំបាក់​គ្រប់​ទាំង​នឹម » ? ( អេសាយ ៥៨:៦ ) ។ តើ​ការតម​អាហារ​អាច​ផ្តល់​ពរជ័យ​ដល់​អ្នក​ដទៃ​បាន​យ៉ាង​ដូចម្តេច ? ( សូមមើល ខទី ៧ ) ។

  • តើ​ការតមអាហារ​នាំមក​នូវពរជ័យ​ដែល​បាន​ពិពណ៌នា​នៅក្នុង អេសាយ ៥៨:៨–១២ ដល់​បងប្អូន​យ៉ាងដូចម្តេច ?

នៅក្នុង​សារលិខិត​របស់​លោក « Is Not This the Fast That I Have Chosen? » ( Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ២២–២៥ ) ប្រធាន ហែនរី ប៊ី អាវរិង បានចែកចាយ​គំរូ​ជាច្រើន អំពី​របៀប​ដែល​ប្រជាជន​បាន​ទទួល​ពរជ័យ​តាមរយៈ​ការតមអាហារ និង​ដង្វាយ​តម​អាហារ ។ តើ​បងប្អូន​បាន​ឃើញ​ពរជ័យ​ស្រដៀងគ្នា​នេះ​កើតឡើង​នៅក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្តេច ?

សូមមើល​ផងដែរ « Bless Our Fast, We Pray » Hymns ល.រ. ១៣៨; Topics and Questions « Fasting and Fast Offerings » បណ្ណាល័យ​ដំណឹងល្អ ។

រៀន​ស្គាល់​អស់​មនុស្ស​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន ។ « ការ​ធ្វើ​ជា​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ​រួម​មានការ​ស្គាល់​មនុស្ស​ដែល​អ្នក​បង្រៀន និង​ការ​ព្យាយាម​ស្វែងយល់​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ … អ្នក​អាច​ឈ្វេង​យល់​ពី​របៀប​ដែល​ពួកគេ​រៀន​បាន​ល្អ​បំផុត ។ អ្នក​អាច​សួរសំណួរ ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់ និង​អង្កេត ។ សំខាន់​ជាង​អ្វីៗ​ទាំងអស់​គឺ​អ្នក​អាច​អធិស្ឋាន​សូម​ការយល់​ដឹង​ដែល មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ការណ៍​នេះបាន ។ កាល​ណា​អ្នក​ស្គាល់​មនុស្ស​ម្នាក់​បាន​ច្បាស់ នោះ​អ្នក​អាចជួយ​ពួកគាត់​ឲ្យ​រក​ឃើញ​អត្ថន័យ និង​អំណាច​ផ្ទាល់​ខ្លួន​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​អ្នក​យល់​ពី​ការស្រេក​ឃ្លាន​របស់​មនុស្ស​ម្នាក់ នោះ​ព្រះវិញ្ញាណ​អាច​បង្រៀន​អ្នក​នូវ​របៀប​ជួយ​បំបាត់​ការស្រេក​ឃ្លាន​នោះ ជាមួយ​នឹង​ទឹក​រស់​របស់​ព្រះអង្គសង្គ្រោះ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៣ ) ។

អេសាយ ៥៨:១៣–១៤

ការគោរព​ព្រះអម្ចាស់​នៅ​ថ្ងៃ​ឈប់​សម្រាក​នាំ​មក​នូវ​អំណរ ។

តើ​ថ្ងៃឈប់សម្រាក​ពិត​ជា​ថ្ងៃ​មួយ « ដ៏​រីករាយ » សម្រាប់​បងប្អូន​ដែរ​ទេ ? នៅពេល​បងប្អូន​សិក្សា អេសាយ ៥៨:១៣–១៤ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​រកឃើញ​ភាពរីករាយ​បន្ថែម​ទៀត​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ តើ​វា​អាច​មាន​អត្ថន័យ​ដូចម្តេច​ដើម្បី​ងាក « បែរចេញ … មិន​ឲ្យ​ធ្វើតាម​អំពើចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ [ របស់ទ្រង់ ] » ? តើ​មាន​ភាពខុសគ្នា​អ្វីខ្លះ​រវាង « ឯង​នឹង [ ធ្វើ​ឲ្យ​ចិត្ត​រីករាយ ] ក្នុង​ព្រះយេហូវ៉ា » និង « ធ្វើតាម​អំពើ​ចិត្ត​របស់​ខ្លួន » ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ១២៩–១៣២ ។

អេសាយ ៥៩:៩–២១; ៦១:១–៣; ៦៣:៧–៩

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

អេសាយ ៥៨–៦៦ មាន​សេចក្តីយោង​ជាច្រើន​ស្តីពី​បេសកកម្ម​ដ៏​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ សូម​រកមើល​ការណ៍​នោះ​នៅពេល​ដែល​បងប្អូន​សិក្សា ។ ជាពិសេស សូម​កត់ចំណាំ​ចំណងជើង និង​ពាក្យពេចន៍​ដែល​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍ ៖

  • តើ​មាន​អ្វី​ដែល​លេចធ្លោ​ចំពោះ​បងប្អូន​អំពី​ការពិពណ៌នា​នៃ « ជួយ​អង្វរ​ជំនួស​គេ » នៅក្នុង អេសាយ ៥៩:១៦–២១ ? តើ​ព្រះអង្គសង្រ្គោះ​យក​ឈ្នះ​លើ​ស្ថានភាព​ដែល​បានពិពណ៌នា​នៅក្នុង ខទី ៩–១៥ ដោយ​របៀបណា ?

  • នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ដល់​ប្រជាជន​នៅ​ណាសារ៉ែត​ថា ទ្រង់​គឺជា​ព្រះមែស៊ី នោះ​ទ្រង់​បាន​ដកស្រង់​ចេញ​ពី អេសាយ ៦១:១–៣ ( សូមមើល លូកា ៤:១៦–២១; សូមមើល​ផងដែរ វីដេអូ « Jesus Declares He Is the Messiah » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​ព្រះ​យេស៊ូវគ្រីស្ទ​បាន​ប្រទានពរ​ដល់​បងប្អូន និង​អ្នក​ដទៃ​តាម​របៀប​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាងដូចម្តេច ? តើ​ទ្រង់​បាន​ប្រទាន​ឲ្យ​នូវ​ភួង​លម្អ​ជំនួស​ឲ្យ​ផេះ​យ៉ាង​ដូចម្តេច ?

    3:23

    ព្រះយេស៊ូវប្រកាសថា ទ្រង់គឺជាព្រះមែស៊ី

  • តើ « សេចក្តី​សប្បុរស​របស់​ព្រះ​យេហូវ៉ា » អ្វី​ខ្លះ​ដែល​បងប្អូន​អាច​« រៀបរាប់ »​បាន ? ( សូមមើល អេសាយ ៦៣:៧–៩ ) ។

  • តើ​សេចក្តី​យោង​ស្តីពី​ព្រះអង្គ​សង្រ្គោះ​អ្វីខ្លះ​ទៀត ដែល​បងប្អូន​រកឃើញ​នៅ​ក្នុង អេសាយ ៥៨–៦៦ ?

សូមមើល​ផងដែរ ម៉ូសាយ ៣:៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣:៤៦–៥៣ ។

ដៃ​របស់​បុរស​ម្នាក់​ឈោង​ទៅ​អុជ​ចង្កៀង​ដើម្បី​បំភ្លឺ​ចង្កៀង​របស់​ស្ត្រី​ម្នាក់

A Gift of Light [ អំណោយទាន​នៃ​ពន្លឺ ] ដោយ អ៊ីវ៉ា ធីម៉ូធី

អេសាយ ៦០; ៦២

« ព្រះយេហូវ៉ា ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ឯង​វិញ » ។

អេសាយ ៦០ និង ៦២ និយាយ​ពី​ពន្លឺ និង​សេចក្តី​ងងឹត ពី​ភ្នែក និង​ការមើល​ឃើញ ដើម្បី​បង្រៀន​អំពី​របៀប​ដែល​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ប្រទាន​ពរ​ដល់​ពិភពលោក​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​រកមើល​គោលគំនិត​ទាំងនេះ នៅក្នុង អេសាយ ៦០:១–៥, ១៩–២០; ៦២:១–២ ។ ពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ សូម​ជញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះ​ប្រមូលផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់​ចេញពី​សេចក្តីងងឹត​ទៅកាន់​ពន្លឺ​របស់​ទ្រង់ ។ តើ​បងប្អូន​មាន​តួនាទី​អ្វី​នៅក្នុង​កិច្ចការ​នេះ ?

សូមមើល​ផងដែរ នីហ្វៃទី១ ២២:៣–១២; នីហ្វៃទី៣ ១៨:២៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៤:៩; បូនី អេច ខ័រឌុន « That They May See » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៧៨–៨០ ។

អេសាយ ៦៤:១–៥; ៦៥:១៧–២៥៦៦

ព្រះគ្រីស្ទ​នឹង​គ្រងរាជ្យ​នៅលើ​ផែនដី​នៅអំឡុង​ពេល​សហស្សវត្សរ៍ ។

អេសាយ​បាន​និយាយ​ពី​ថ្ងៃ​មួយ​ដែល « សេចក្តី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ » ( អេសាយ ៦៥:១៦ ) ។ ខណៈ​ពេល​ដែល​ការព្យាករ​នេះ​បាន​សម្រេច​ជាច្រើន នៅក្នុង​ភាព​ពេញលេញ​នៃ​ថ្ងៃនោះ ថ្ងៃនោះ​មិនទាន់​មក​ដល់​នៅឡើយ​ទេ—នៅ​ពេល​ដែល​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​យាងមក​ផែនដី​ម្តងទៀត ។ អេសាយ​បាន​ពិពណ៌នា​ពី​ថ្ងៃ​អនាគត​នេះ នៅក្នុង អេសាយ ៦៤:១–៥; ៦៥:១៧–២៥៦៦ ។ សូម​កត់សម្គាល់​ថា តើ​លោកប្រើ​ពាក្យ​ដូចជា « រីករាយ » និង « ជាទីរីករាយ » ញឹកញាប់​ប៉ុនណា ។ ហេតុអ្វី​ការត្រឡប់​មកវិញ​របស់​ព្រះអង្គសង្រ្គោះ​គឺជា​ថ្ងៃ​ដ៏រីករាយ​មួយ​សម្រាប់​បងប្អូន ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​របស់​ទ្រង់ ?

សូមមើល​ផងដែរ មាត្រា​នៃ​សេចក្តីជំនឿ ១:១០; រ័សុល អិម ណិលសុន « The Future of the Church: Preparing the World for the Savior’s Second Coming » Ensign ខែមេសា ឆ្នាំ២០២០ ទំព័រ ១៣–១៧ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

អេសាយ ៥៨:៦–១១

ការតម​អាហារ​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ និង​អ្នក​ដទៃ​ទៀត​ដែល​ខ្វះខាត ។

  • ប្រហែល​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការលើក​ទឹកចិត្ត​កូនៗ​បងប្អូន​ឲ្យ​តមអាហារ—នៅពេល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់—គឺ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​គោលបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ក្រឹត្យវិន័យ​នេះ ។ សូម​ពិចារណា​អាន​ជាមួយ​គ្នា អេសាយ ៥៨:៦–១១ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ៖ ហេតុអ្វី​បាន​ជា​យើង​តមអាហារ ? តើ​យើង​តមអាហារ​តាម​របៀប​ណា ? អ្នក​ក៏​អាច​មើល​នៅក្នុង « តម, តំណម » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

  • ប្រសិនបើ​បងប្អូន​មាន​បទពិសោធន៍​ដ៏​មាន​ន័យ​ជាមួយនឹង​ការតមអាហារ សូម​ចែកចាយ​វា​ជាមួយ​កូនៗ​បងប្អូន ។ បងប្អូន​ក៏​អាច​សួរ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​អាច​ពន្យល់​ទៅកាន់​មិត្តភក្តិ​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ក្រឹត្យវិន័យ​នេះ​ផងដែរ ។

អេសាយ ៥៨:១៣–១៤

ថ្ងៃ​ឈប់​សម្រាក​អាចជា​ទី​រីករាយ​ចិត្ត​ចំពោះ​ខ្ញុំ ។

  • បន្ទាប់ពី​អាន អេសាយ ៥៨:១៣–១៤ បងប្អូន​អាច​ចង្អុលបង្ហាញ​នូវ​ថ្ងៃ​នានា​ក្នុង​សប្តាហ៍​នៅលើ​ប្រតិទិន ហើយ​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​អាន​ថ្ងៃ​ទាំងនោះ​ជាមួយ​បងប្អូន ។ នៅពេល​ដែល​បងប្អូន​អាន​ដល់​ថ្ងៃ​ឈប់សម្រាក សូម​សួរ​ពួកគេ​ឲ្យ​ហៅ​ថ្ងៃនោះ​ថា « ថ្ងៃ​ដ៏​រីករាយ » ។ សូម​ប្រាប់​ពួកគេ​ពី​មូលហេតុ​ដែល​ថ្ងៃ​ឈប់​សម្រាក​គឺជា​ថ្ងៃ​ដ៏រីករាយ​ចំពោះ​បងប្អូន ។

  • ចែកចាយ​ជាមួយ​គ្នា​នូវ​វិធី​ដែល​បងប្អូន​អាច « នឹង​បាន​ចិត្ត​រីករាយ ក្នុង​ព្រះយេហូវ៉ា » នៅថ្ងៃ​ឈប់សម្រាក ។ ប្រហែល​ជា​កូនៗ​បងប្អូន​អាច​គូរ​ពី​គំនិត​របស់​ពួកគេ ហើយ​ដាក់​វា​នៅក្នុង « ប្រអប់​រីករាយ​នៅថ្ងៃ​ឈប់សម្រាក » ។ បន្ទាប់មក នៅពេល​ពួកគេ​ត្រូវការ​គំនិត​អំពី​អ្វីៗ​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក នោះ​ពួកគេ​អាច​ទាញយក​គំនិត​ចេញពី​ប្រអប់​នោះ ។

រូបភាព​របស់​ព្រះយេស៊ូវ

Our Light [ ពន្លឺ​របស់​យើង ] ដោយ ដែន វិលសុន

អេសាយ ៦០:១–៣

ព្រះអង្គសង្រ្គោះ​គឺ​ដូចជា​ពន្លឺ​សម្រាប់​ខ្ញុំ ។

  • បងប្អូន​អាច​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​បិទភ្នែក​របស់​ពួកគេ នៅពេល​បងប្អូន​អាន អេសាយ ៦០:១–៣ ។ សូម​ឲ្យ​ពួកគេ​បើក​ភ្នែក​របស់​ពួកគេ​ពេល​ពួកគេ​ឮ​ពាក្យ « ពន្លឺ » ហើយ​បិទ​ភ្នែក​ម្តងទៀត ពេល​ពួកគេ​ឮ​ពាក្យ « សេចក្តី​ងងឹត » ។ សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​គឺ​ដូច​ជា​ពន្លឺ​ដែល​ជួយ​យើង​ឲ្យ​ឃើញ​ផ្លូវ​របស់​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​វិញ​ដែរ ។

អេសាយ ៦៥:១៧–២៥

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​យាងមក​ម្តងទៀត នោះ​ទ្រង់​នឹង​នាំមក​នូវ​សេចក្តីសុខសាន្ត និង​អំណរ ។

  • អេសាយ ៦៥:១៧–២៥ ពិពណ៌នា​អំពី​ស្ថានភាព​របស់​ផែនដីនេះ នៅពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ម្ដង​ទៀត ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ​ជាមួយ​កូនៗ​បងប្អូន សូម​ជួយ​ពួកគេ​រកមើល​ពី​របៀប​ដែល​ជីវិត​នឹង​មាន​ភាពខុសប្លែក​នៅក្នុង « ផែនដី​ថ្មី » ដែល​អេសាយ​បានពិពណ៌នា ។ តើ​ហេតុអ្វី​ពេល​នេះ​ជា​ពេល​មួយ​ដើម្បី « មាន​សេចក្តី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប » ? ( ខទី ១៨ ) ។

  • បងប្អូន​អាច​ច្រៀង​ជាមួយគ្នា​នូវ​បទ​ចម្រៀង ដូចជា​បទ « When the Savior Comes Again » ( បណ្ណាល័យ​ដំណឹង​ល្អ ) ។ ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​បងប្អូន​ទន្ទឹង​រង់ចាំ​អំពី​ការយាង​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បីត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវគ្រីស្ទ​នៅលើ​មេឃ បញ្ចេញពន្លឺ

« ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរីល្អ​នៃ​ព្រះយេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ » ( អេសាយ ៦០:១ ) ។ Light and Life [ ពន្លឺ និង​ជីវិត ] ដោយ ម៉ាក ម៉ាប្រី

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ថ្ងៃ​ឈប់​សម្រាក​ជា​ទី​រីករាយ​ចិត្ត​ដល់​ខ្ញុំ