« ថ្ងៃទី១៩–២៥ ខែតុលា ‹ មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ › ៖ យេរេមា ១–៣; ៧; ១៦–១៨; ២០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី១៩–២៥ ខែតុលា ‹ មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
Jeremiah [ យេរេមា ] ដោយ វ៉លធើរ រ៉េន
ថ្ងៃទី១៩–២៥ ខែតុលា ៖ « មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ »
យេរេមា ១–៣; ៧; ១៦–១៨; ២០
ដំបូងឡើយ យេរេមាពុំគិតថាលោកនឹងធ្វើជាព្យាការីដ៏ល្អម្នាក់នោះទេ ។ « មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ » ( យេរេមា ១:៦ ) ។ ប៉ុន្តែព្រះអម្ចាស់បានបញ្ជាក់ដល់លោកថា « យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់ឯងហើយ » ( ខទី ៩ ) ។ យេរេមាមានអារម្មណ៍ថា លោកជា « មនុស្សក្មេង » គ្មានបទពិសោធន៍ ( ខទី ៦ ) ប៉ុន្តែព្រះអម្ចាស់បានពន្យល់ថា តាមពិតនោះ លោកត្រូវបានត្រៀមខ្លួនច្រើនជាងអ្វីដែលលោកបានដឹងទៅទៀត—គឺលោកត្រូវបានតែងតាំងឡើងចំពោះការហៅនេះ តាំងពីមុនពេលលោកបានកើតមកម្ល៉េះ ( សូមមើល ខទី ៥ ) ។ ដូច្នេះ យេរេមាបានទុកចោលសេចក្តីភ័យខ្លាចរបស់លោកមួយអន្លើ ហើយបានទទួលយកការហៅនេះ ។ លោកបានព្រមានដល់ស្តេច និងពួកសង្ឃរបស់ក្រុងយេរូសាឡិមថា ការធ្វើពុតជាបរិសុទ្ធរបស់ពួកគេនឹងមិនសង្រ្គោះពួកគេឡើយ ។ « មនុស្សក្មេង » ដែលបានគិតថាខ្លួនមិនអាចនិយាយបាន ស្គាល់ព្រះបន្ទូលរបស់ព្រះ « នៅក្នុងចិត្ត[ របស់គាត់ ]កើតមានដូចជាភ្លើងឆេះ » ហើយមិនអាចនៅស្ងៀមបានឡើយ ( យេរេមា ២០:៩ ) ។
ដំណើររឿងរបស់យេរេមាក៏ជាដំណើររឿងរបស់បងប្អូនផងដែរ ។ ព្រះក៏ស្គាល់បងប្អូនពីមុនបងប្អូនបានកើត និងរៀបចំបងប្អូនសម្រាប់បេសកកម្មនៅក្នុងជីវិតរបស់បងប្អូនផងដែរ ។ នៅក្នុងចំណោមកិច្ចការផ្សេងៗទៀត បេសកកម្មនោះរួមបញ្ចូលអ្វីមួយដែលយេរេមាបានមើលឃើញជាមុន ៖ ការប្រមូលផ្តុំរាស្រ្តរបស់ព្រះម្តងមួយៗដើម្បី « នាំ[ ពួកគេ ]ត្រឡប់ទៅឯក្រុងស៊ីយ៉ូនវិញ » ( យេរេមា ៣:១៤ ) ។ ហើយទោះបីជាបងប្អូនមិនដឹងពិតប្រាកដពីអ្វីដែលត្រូវធ្វើ ឬនិយាយក្ដី ក៏បងប្អូនអាច « កុំឲ្យខ្លាចចំពោះគេឡើយ … ដ្បិតយើងនៅជាមួយ » ( យេរេមា ១:៨, ១៩ ) ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរយេរេមា សូមមើល « យេរេមា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
យេរេមា ១:៤–១៩; ៧:១–៧; ២០:៨–១០
ពួកព្យាការីត្រូវបានហៅដើម្បីថ្លែងពីព្រះបន្ទូលរបស់ព្រះ ។
សូមស្រមៃថា បងប្អូនកំពុងនិយាយជាមួយមិត្តភក្តិម្នាក់ដែលមិនធ្លាប់ឮអំពីពួកព្យាការី ហើយបងប្អូនសម្រេចចិត្តពន្យល់ពីគោលគំនិតដោយប្រើការហៅរបស់យេរេមាឲ្យធ្វើជាព្យាការីម្នាក់នៅក្នុង យេរេមា ១:៤–១៩ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលបង្រៀនអ្វីមួយអំពីពួកព្យាការីនៃព្រះ ? បងប្អូនក៏អាចមើលនៅក្នុង យេរេមា ៧:១–៧; ២០:៨–៩ និងទំនុកតម្កើងដូចជា « We Listen to a Prophet’s Voice » ( Hymns ល.រ. ២២ ) ។
បងប្អូនក៏អាចបង្រៀនមិត្តភក្តិរបស់បងប្អូនអំពីព្យាការីដែលនៅរស់សព្វថ្ងៃនេះផងដែរ ។ តើមានអ្វីនៅក្នុងខគម្ពីរទាំងនេះដែលអាចជួយបានទេ ? ឧទាហរណ៍ តើព្យាការីនៅជំនាន់របស់យើង « ដករំលើង » ឬ « រុះទម្លាក់ » អ្វីខ្លះ ? តើពួកលោក « សង់ » និង « ដាំ » អ្វីខ្លះ ? ( យេរេមា ១:១០ ) ។ តើបងប្អូនបានដឹងដោយរបៀបណាថា ព្យាការីដែលរស់នៅរបស់យើងត្រូវបានហៅពីព្រះ ?
សូមមើលផងដែរ មាត្រានៃសេចក្តីជំនឿ ១:៦, ៩; « Why Do We Have Prophets? » ( វីដេអូ ) ChurchofJesusChrist.org ។
Why Do We Have Prophets?
យេរេមា ១:៥
ព្រះទ្រង់ស្គាល់ខ្ញុំតាំងពីមុនកំណើតខ្ញុំម្ល៉េះ ។
តើយេរេមាបានរៀនអ្វីខ្លះអំពីខ្លួនលោក យេរេមា ១:៥ ? ក្នុងនាមជាព្យាការីទើបបានហៅ ហេតុអ្វីព័ត៌មាននោះសំខាន់សម្រាប់លោកត្រូវដឹង ?
អ្វីភាគច្រើនដែលយេរេមាបានរៀនអំពីខ្លួនលោកផ្ទាល់នៅក្នុង យេរេមា ១:៥ ក៏ពិតចំពោះបងប្អូនដែរ ។ ព្រះក៏បានស្គាល់បងប្អូនមុនពេលបងប្អូនកើតមក ហើយបានរៀបចំបងប្អូនសម្រាប់ការទទួលខុសត្រូវជាក់លាក់ដែរ ។ ដើម្បីរៀនថែមទៀតអំពីជីវិតរបស់បងប្អូនពីមុនបងប្អូនបានកើត សូមអាន អាលម៉ា ១៣:១–៤; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៥៣–៥៦ និង អ័ប្រាហាំ ៣:២២–២៣ ។ បងប្អូនអាចបង្កើតបញ្ជីនៃសេចក្តីពិតដែលបងប្អូនរកឃើញ ។ ហេតុអ្វីបានជាព័ត៌មាននេះសំខាន់ដើម្បីបងប្អូនត្រូវដឹង ?
ដើម្បីរៀនអំពីរបៀបដែលសេចក្តីពិតទាំងនេះជះឥទ្ធិពលលើជីវិតរបស់អែលឌើរ អាម៉ាត អេស ខរបីត សូមសិក្សាសារលិខិតរបស់លោក « បងប្អូនអាចប្រមូលពួកសាសន៍អ៊ីស្រាអែល ! » ( លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៦៣ ) ។ តើការដឹងអំពីជីវិតមុនជីវិតលើផែនដីរបស់បងប្អូន អាចជះឥទ្ធិពលលើរបៀបដែលបងប្អូនរស់នៅក្នុងជីវិតរមែងស្លាប់នេះយ៉ាងដូចម្តេច ?
នេះជាអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីជីវិតមុនជីវិតលើផែនដីរបស់បងប្អូន ៖
« ព្រះបិតាសួគ៌របស់បងប្អូនស្គាល់បងប្អូនជាយូរមកហើយ ។ បងប្អូនជាបុត្រា ឬបុត្រីទ្រង់ ដែលត្រូវបានរើសតាំងដោយទ្រង់ឲ្យមកផែនដី នៅក្នុងជំនាន់អស្ចារ្យនេះ ដើម្បីធ្វើជាអ្នកដឹកនាំក្នុងកិច្ចការមហិមារបស់ទ្រង់លើផែនដី ។ បងប្អូនត្រូវបានរើសតាំង ពុំមែន សម្រាប់អត្តចរិតខាងរូបកាយទេ ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិ ខាងវិញ្ញាណ ដូចជា ភាពក្លាហាន ភាពអង់អាច សុចរិតភាពក្នុងដួងចិត្ត ស្រេកឃ្លានសេចក្ដីពិត ស្រេកឃ្លានប្រាជ្ញា និងមានបំណងបម្រើមនុស្សដទៃ ។
« បងប្អូនបានអភិវឌ្ឍលក្ខណសម្បត្តិទាំងនេះមួយចំនួនកាលពីមុនឆាកជីវិតនេះ ។ លក្ខណៈផ្សេងទៀត បងប្អូនអាចអភិវឌ្ឍវានៅលើផែនដី នៅពេលបងប្អូនស្វែងរកដោយខ្ជាប់ខ្ជួន » ( « Decisions for Eternity » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ១០៧ ) ។
សូមគិតអំពីស្ថានភាពមួយចំនួនដែលបងប្អូនអាចឆ្លងកាត់ ដែលវាជារឿងសំខាន់ដើម្បីចងចាំសេចក្តីពិតទាំងនេះអំពីជីវិតមុនជីវិតលើផែនដីរបស់បងប្អូន ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីរំឭកខ្លួនបងប្អូនអំពីសេចក្ដីពិតទាំងនេះ ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « Decisions for Eternity » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ១០៦–១០៩; Topics and Questions « Foreordination » « ជីវិតមុនជីវិតលើផែនដី » បណ្ណាល័យដំណឹងល្អ ។
នៅក្នុង យេរេមា ២:១៣ ព្រះអម្ចាស់បានប្រៀបធៀបស្ថានភាពខាងវិញ្ញាណរបស់មនុស្សទៅនឹង « អាងប្រេះបែក » និងប្រៀបធៀបខ្លួនទ្រង់ទៅនឹង « ក្បាលទឹករស់ » ។
យេរេមា ២; ៧
« ពួកគេបានទាំងបោះបង់ចោលយើង ដែលជាក្បាលទឹករស់ » ។
នៅតំបន់ស្ងួតហែង ដែលជាកន្លែងពួកសាសន៍អ៊ីស្រាអែលបានរស់នៅ ប្រជាជនបានស្ដុកទឹកដ៏មានតម្លៃនៅក្នុងអាងក្រោមដីមួយដែលបានហៅថា អាងទឹក ។ តើបងប្អូនគិតថា « អាងប្រេះបែក » ដែលបានរៀបរាប់នៅក្នុង យេរេមា ២:១៣ ជានិមិត្តរូបអំពីអ្វី ? ហេតុអ្វីការទទួលទឹកចេញពីក្បាលទឹក ប្រសើរជាងការពឹងផ្អែកទៅលើអាងទឹក ? តើការបោះបង់ « ក្បាលទឹករស់ » នោះមានអត្ថន័យយ៉ាងណា ? នៅពេលបងប្អូនអាន យេរេមា ២ និង ៧ សូមកត់សម្គាល់ពីរបៀបដែលមនុស្សបានបោះបង់ទឹករស់របស់ព្រះអម្ចាស់ ( សូមមើលឧទាហរណ៍ យេរេមា ២:២៦–២៨; ៧:២–១១ ) ។ ហេតុអ្វីបានជា « ទឹករស់ » គឺជានិមិត្តសញ្ញាដ៏ល្អមួយ សម្រាប់អ្វីដែលព្រះអង្គសង្គ្រោះប្រទានដល់បងប្អូន ? សូមគិតអំពីរបៀបដែលបងប្អូនកំពុងទទួលទឹករស់ ។
យេរេមា ៧ គឺថ្លែងទៅកាន់ប្រជាជនដែលចូលទៅ « ព្រះវិហារព្រះយេហូវ៉ា … ទៅថ្វាយបង្គំព្រះយេហូវ៉ា » ប៉ុន្តែទង្វើរបស់ពួកគេមិនត្រូវគ្នានឹងការលះបង់របស់ពួកគេទេ ( សូមមើល ខទី ២–១១ ) ។ តើបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់ប្រហែលជាមានសារលិខិតអ្វីខ្លះសម្រាប់បងប្អូននៅក្នុង ខទី ២១–២៣ ?
សូមបង្រៀនមេរៀនដោយប្រើវត្ថុ ។ ព្យាការីរបស់ព្រះអម្ចាស់តែងតែប្រៀបធៀបសេចក្តីពិតខាងវិញ្ញាណទៅនឹងវត្ថុដែលធ្លាប់ស្គាល់ ។ សូមពិចារណាធ្វើដូចគ្នានៅពេលបងប្អូនរៀន និងបង្រៀនដំណឹងល្អ ។ ឧទាហរណ៍ ដើម្បីស្រមៃមើល យេរេមា ២:១៣ បងប្អូនអាចដាក់ទឹកក្នុងធុងប្រេះ ឬបែក ឬផឹកទឹកពីប្រភពផឹក ។ តើព្រះយេស៊ូវដូចជា « ក្បាលទឹករស់ » ដោយរបៀបណា ? ( យេរេមា ២:១៣ ) ។ តើយើងផឹកទឹកពីទឹករស់របស់ទ្រង់ដោយរបៀបណា ?
យេរេមា ៣:១៤–១៨; ១៦:១៤–២១
ព្រះអម្ចាស់នឹងប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ ។
នៅក្នុង យេរេមា ១៦:១៤–១៥ យេរេមាបានប្រៀបធៀបការប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយនេះជាមួយនឹងនិក្ខមនំរបស់អ៊ីស្រាអែលពីស្រុកអេស៊ីព្ទ ។ តាមគំនិតរបស់បងប្អូន ហេតុអ្វីបានជាការប្រមូលនេះនឹងមានសារៈសំខាន់ចំពោះរាស្ដ្ររបស់ព្រះជាងនិក្ខមនំ ?
តើ យេរេមា ៣:១៤–១៨; ១៦:១៤–២១ ណែនាំអ្វីខ្លះពីរបៀបដែលការប្រមូលផ្ដុំកើតឡើង ?
នៅក្នុងសារលិខិតរបស់លោក « សង្ឃឹមអ៊ីស្រាអែល » ប្រធាន រ័សុល អិម ណិលសុន ក៏ដូចជាយេរេមាដែរ បានបង្រៀនថា ការប្រមូលសាសន៍អ៊ីស្រាអែល « គឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ » ( ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ បណ្ណាល័យដំណឹងល្អ ) ។ សូមអាន ឬស្តាប់សារលិខិតរបស់លោក ហើយមើលថាតើបងប្អូនអាចរកឃើញ (ក) របៀបដែលប្រធាន ណិលសុន ឲ្យនិយមន័យការប្រមូលសាសន៍អ៊ីស្រាអែល (ខ) របៀបដែលលោកពិពណ៌នាអំពីសារៈសំខាន់របស់វា និង (គ) របៀបដែលបងប្អូនអាចជាផ្នែកមួយនៃការប្រមូលផ្ដុំនេះឬទេ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
យេរេមា ១:៥
ព្រះវរបិតាសួគ៌បានស្គាល់ខ្ញុំតាំងពីមុនខ្ញុំបានកើតមកម្ល៉េះ ។
-
ដើម្បីណែនាំពីសេចក្ដីពិតដ៏សំខាន់ដែលបានបង្រៀននៅក្នុង យេរេមា ១:៥ បងប្អូនអាចបង្ហាញកូនៗបងប្អូននូវរូបភាពរបស់ទារក ( ឬប្រសិនបើអាច បងប្អូនអាចមើលរូបភាពកូនៗបងប្អូននៅពេលពួកគេនៅជាទារក ) ។ សួរកូនៗបងប្អូនថាតើពួកគេដឹងពីកន្លែងដែលពួកគេរស់នៅមុនពេលពួកគេកើតមកទេ ។ បងប្អូនក៏អាចច្រៀងរួមគ្នានូវបទចម្រៀងដែលបង្រៀនអំពីជីវិតមុនជីវិតលើផែនដីរបស់យើងដូចជា « ខ្ញុំរស់នៅស្ថានសួគ៌ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៤០ ) ។
-
ប្រសិនបើកូនៗបងប្អូនចង់ស្វែងយល់បន្ថែម បងប្អូនអាចជួយពួកគេស្វែងរក « ជីវិតមុនផែនដី » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។ ពួកគេអាចរកមើលចម្លើយចំពោះសំណួរ « នរណា » « ពេលណា » និង « អ្វី » អំពីជីវិតមុនផែនដី ។
យេរេមា ១:៤–១៩
ពួកព្យាការីត្រូវបានហៅឲ្យថ្លែងពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
-
សូមពិចារណាពីការបង្ហាញរូបភាពព្យាការីដែលរស់នៅ ឬព្យាការីមកពីព្រះគម្ពីរ ( បងប្អូនអាចស្វែងរកមួយចំនួននៅក្នុង ទស្សនាវដ្តីសាសនាចក្រ សៀវភៅរូបភាពដំណឹងល្អ និង ចូរមកតាមខ្ញុំ ) ។ សូមសួរកូនៗបងប្អូននូវអ្វីដែលពួកគេដឹងអំពីពួកព្យាការីទាំងនេះ ។
-
ដើម្បីបង្រៀនអំពីអ្វីដែលព្យាការីធ្វើ នោះបងប្អូនអាចជ្រើសរើសខគម្ពីរដែលមានប្រយោជន៍មួយចំនួនពី យេរេមា ១ ដូចជា ខទី ៥, ៧, ១០ និង ១៩ ។ កូនៗបងប្អូនម្នាក់ៗអាចជ្រើសរើសខគម្ពីរមួយ អានវា ហើយចែកចាយអ្វីមួយដែលពួកគេរៀនអំពីពួកព្យាការី ។
យេរេមា ១៦:១៤–១៦
ខ្ញុំអាចជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យត្រឡប់មករកទ្រង់វិញ ។
-
ខណៈដែលបងប្អូនអាន យេរេមា ១៦:១៦ កូនៗបងប្អូនអាចសម្តែងធ្វើជា « បង់សំណាញ់ប្រមូល » ឬ « ដេញចាប់ » វត្ថុដែលនៅជុំវិញបន្ទប់ ។ ប្រធាន រ័សុល អិម ណិលសុន បានប្រៀបធៀបពួកអ្នកនេសាទ និងពួកព្រាននៅក្នុងខគម្ពីរនេះទៅនឹងពួកអ្នកផ្សព្វផ្សាយសាសនា ( សូមមើល « The Gathering of Scattered Israel » Liahona ខែវិច្ឆិកា ឆ្នាំ២០០៦ ទំព័រ ៨១ ) ។ តើពួកអ្នកផ្សព្វផ្សាយសាសនាធ្វើអ្វីខ្លះ ? តើយើងអាចជួយ « បង់សំណាញ់ប្រមូល » និង « ដេញចាប់ » សម្រាប់ពួកអ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយដោយរបៀបណា ?( សូមមើល « សារលិខិតមួយសម្រាប់កុមារមកពីប្រធាន រ័សុល អិម ណិលសុន » [ វីដេអូ ] នៅលើ ChurchofJesusChrist.org ) ។
3:30Video: A Message for Children from President Russell M. Nelson
យេរេមា ១៨:១–៦
ខ្ញុំអាចឲ្យព្រះអម្ចាស់ដឹកនាំជីវិតខ្ញុំ ដូចជាងស្មូនធ្វើដីឥដ្ឋ ។
-
ដើម្បីស្វែងយល់ពីខគម្ពីរទាំងនេះ បងប្អូនអាចពិភាក្សា ឬបង្ហាញរបៀបដែលគេធ្វើគ្រឿងស្មូន ( សូមមើលរូបភាពនៅចុងបញ្ចប់នៃគម្រោងនេះ) ។ តើសារលិខិតអ្វីខ្លះដែលព្រះអម្ចាស់មានសម្រាប់យើងនៅក្នុង យេរេមា ១៨:១–៦ ? តើវាមានន័យយ៉ាងដូចម្តេច ដើម្បីធ្វើជាដីឥដ្ឋក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ? ( សូមមើលផងដែរ អេសាយ ៦៤:៨ ) ។ សម្រាប់ដំណើររឿងផ្សេងទៀតដែលប្រៀបធៀបយើងទៅនឹងដីឥដ្ឋរបស់ជាងស្មូន សូមមើលសារលិខិតរបស់ រីឆាត អេច វីនឃែល « The Joy of Living a Christ-Centered Life » ( Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ២៧–៣០ ) ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។