ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩០ ៖ ការយក​ឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ត​ការអប់រំ—ការប្រើប្រាស់​ធនធាន​ទាំងអស់​ដែល​មាន


យុវជន​ម្នាក់​កំពុង​ប្រើប្រាស់​ថេប្លេត

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ មេរៀន​ទី ១៩០

ការយកឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ត​ការអប់រំ

ការប្រើប្រាស់​ធនធាន​ទាំងអស់​ដែល​មាន

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

យុវជន​កំពុង​ញញឹម

ខាឡូស ប្រាប់​ម៉ាក់​របស់​គាត់​ថា « កូន​មិន​ដឹង​ថា កូន​ចង់​បន្ដ​ការអប់រំ​ឬ​អត់​ទេ ។ ការរៀន​នៅ​សាលា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ទៅ​ហើយ ហើយ​កូន​ប្រាកដ​ថា វា​នឹង​កាន់តែ​ពិបាក​ជាងមុន​ទៅ​ទៀត » ។ គាត់​សួរ​ថា « ចុះ​បើ​កូន​មិន​អាច​ទ្រាំទ្រ​បាន​វិញ​នោះ ? ម៉ាក់​នៅ​ចាំ​ពី ម៉ាថេអូ ទេ ? » ម៉ាក់​របស់​គាត់​បាន​ងក់​ក្បាល ។ « ម៉ាថេអូ បាន​ឈប់​រៀន​ដោយសារ​តែ​វា​ពិបាក​ពេក ។ ហើយ​តើ​កូន​នឹង​បង់ថ្លៃ​សាលា​ដោយ​របៀបណា​ទៅ ? កូន​ដឹង​ថា ព្យាការី​មាន​ប្រសាសន៍​ឲ្យ​ទទួល​បាន​ការអប់រំ​ឲ្យ​បាន​ច្រើន​តាមដែល​កូន​អាច​ធ្វើ​ទៅបាន ប៉ុន្ដែ​វា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​នោះ​ទេ » ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងនេះ ៖

  • តើ​អ្នក​គិត​ថា ក្មេង​វ័យ​ជំទង់​អាច​ជួប​ឧបសគ្គ​អ្វីខ្លះ នៅពេល​ព្យាយាម​បន្ដ​ការអប់រំ​របស់​ពួកគេ ?

  • តើ​អ្នក​មាន​ទំនុកចិត្ត​កម្រិត​ណា​ថា អ្នក​អាច​ជម្នះ​ឧបសគ្គ​ទាំងនេះ​បាន ?

ក្នុង​អំឡុង​មេរៀន​នៅ​ថ្ងៃនេះ សូម​ស្វែងរក​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដើម្បី​ជួយ​អ្នក​ឲ្យ​កំណត់​របៀប​ជាក់លាក់ ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​របស់​អ្នក​ក្នុង​ការទទួល​បាន​ការអប់រំ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​ធនធាន​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ក្នុង​ការបន្ត​ការអប់រំ​របស់​អ្នក ។

រៀន​អំពី​របៀប​ធ្វើ

ការឆ្លង​ទន្លេ​យ័រដាន់

រចនា​រូបភាព​យ៉ូស្វេ និង​កូនចៅ​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ័រដាន់

នៅពេល​យ៉ូស្វេ និង​កូន​ចៅ​អ៊ីស្រាអែល​បាន​មក​ដល់​ស្រុក​កាណាន ព្រះអម្ចាស់​បាន​សន្យា​នឹង​ពួកគេ​នូវ​ដែនដី​ទាំងអស់​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់ ( សូម​មើល យ៉ូស្វេ ១:១–៧ ) ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួកគេ​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ការឆ្លង​ទន្លេ​ដែល​ហូរ​ខ្លាំង ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់​ពួកគេ ( សូម​មើល យ៉ូស្វេ ៣:១៥ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូស្វេ ៣:៦–៨, ១៣–១៧ ។ សូម​គូស​សម្គាល់​ឃ្លា​ខាងក្រោម ៖

  • សកម្មភាព​ដ៏​ស្មោះត្រង់​ដែល​ពួកសង្ឃ​បាន​ធ្វើ​ដើម្បី​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ័រដាន់

  • ជំនួយ​របស់​ព្រះ​ក្នុង​ការអនុញ្ញាត​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ័រដាន់

រូបតំណាង​កត់​ចំណាំសូម​បំពេញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ដំណើររឿង​របស់​យ៉ូស្វេ និង​ពួកសង្ឃ​នៃ​អ៊ីស្រាអែល ដែល​អាច​អនុវត្ដ​បាន​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ដ​ការអប់រំ​របស់​អ្នក ។ សូម​បន្ថែម​សេចក្ដី​ថ្លែងការណ៍​ដែល​អ្នក​បាន​បំពេញ​នៅក្នុង​កំណត់​ចំណាំ នៅក្បែរ​កថាខណ្ឌ​ដែល​អ្នក​បាន​គូស​សម្គាល់ ។

  • នៅពេល​ខ្ញុំ​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង …

ការឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​រួមមាន​កិច្ចខិតខំ​ប្រឹងប្រែង ណា​ក៏​ដោយ ដែល​អ្នក​អាច​ធ្វើ​បាន ដែល​ស្រប​ទៅនឹង​ព្រះឆន្ទៈ​របស់​ព្រះ ។ ឧទាហរណ៍ ព្រះអម្ចាស់​បំផុស​គំនិត​អ្នក​ឲ្យ​និយាយ​ជាមួយ​ទីប្រឹក្សា រក​ប្រាក់ ឬ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ ។ ទាំងនេះ​គឺ​ជា​របៀប​មួយ​ចំនួន​ដើម្បី​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យកឈ្នះ​ឧបសគ្គ​ទៅកាន់​ការអប់រំ ។

តើ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បន្ដ​ការអប់រំ​ជួយ​យើង​ឲ្យ​កា្លយ​កាន់តែ​ដូច​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​បាន​ជា​ការស្វែងរក ជំនួយ​របស់​ព្រះ ដោយ​ស្មោះត្រង់​អាច​ចាំបាច់​ដើម្បី​ជម្នះ​ឧបសគ្គ​ក្នុង​ការទទួល​បាន​ការអប់រំ ?

រៀន​យកឈ្នះ​លើ​ឧបសគ្គ

យុវវ័យ​បួន​នាក់​ដើរ​តាម​ផ្លូវ

សូម​បង្កើត​សាច់រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ឧបសគ្គ​ដែល​ទាក់ទង​នឹង​យុវវ័យ​នៅក្នុង​តំបន់​របស់​អ្នក ដោយ​ការបំពេញ​ចន្លោះ​ខាងក្រោម​នេះ ។

( ឈ្មោះ​ក្មេងជំទង់ ) ដឹង​ថា ការអប់រំ​បន្ទាប់ពី​វិទ្យាល័យ​មាន​សារៈសំខាន់ ។ ប៉ុន្តែ​ឧបសគ្គ​មួយ​ក្នុង​ការបន្ត​ការអប់រំ​របស់​ពួកគេ​គឺ ( រៀបរាប់​ពី​ឧបសគ្គ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​មាន​ធនធាន​អ្វីខ្លះ ដែល​អាច​ជួយ​បុគ្គល​នេះ​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ដែល​អ្នក​បាន​រៀបរាប់ ? តើ​ពួកគេ​អាច​និយាយ​ជាមួយ​នរណា​បាន​អំពី​ឧបសគ្គ​នេះ ?

  • តើ​បុគ្គល​នេះ​អាច​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ដើម្បី​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​របស់​ពួកគេ ?

  • តើ​ព្រះ​អាច​ជួយ​បុគ្គល​នេះ​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​របស់​ពួកគេ​ដោយ​របៀប​ណា ?

ឥឡូវ​នេះ សូម​ពិចារណា​ពី​ស្ថានភាព​របស់​អ្នក​ផ្ទាល់ ។ តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​ត្រូវតែ​យកឈ្នះ​ដើម្បី​បន្ដ​ការអប់រំ​របស់​អ្នក ? នេះ​គឺជា​បញ្ជី​គំនិត​យោបល់​ដែល​អាច​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ។

ធនធាន​ផ្នែក​ហិរញ្ញវត្ថុ​ទាំងឡាយ

  • អាហា​រូបករណ៍ ជំនួយ ប្រាក់កម្ចី​និស្សិត

  • កម្មវិធី​សិក្សា​ផង​ធ្វើ​ការងារ​ផង

  • ការងារ​ក្រៅម៉ោង

  • មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ត​បន្ទាប់ ឬ​ធនធាន​ហិរញ្ញវត្ថុ​ផ្សេងទៀត​តាមរយៈ​សាសនាចក្រ

ធនធាន​សិក្សាធិការ​ទាំងឡាយ

  • គ្រូបង្រៀន​មួយ​ទល់​មួយ ឬ​អ្នក​ណែនាំ

  • កម្មវិធី​បង្រៀន​តាម​អនឡាញ​ដោយ​ឥតគិតថ្លៃ

  • វគ្គ​សិក្សា​សម្រាប់​ការរៀបចំ​ធ្វើ​តេស្ដ​ស្ដង់ដា

ធនធាន​គាំទ្រ​ទាំងឡាយ

  • គ្រូបង្រៀន គ្រួសារ ឬ​មិត្តភក្តិ

  • អ្នកជំនាញ​ការប្រឹក្សា

  • សមាជិក​វួដ ឬ​សាខា និង​ថ្នាក់ដឹកនាំ

  • សេវាកម្ម​ផ្នែក​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន រួមទាំង​វគ្គសិក្សា​ភាព​ខ្លួន​ទី​ពឹងខ្លួន

  • សេវាកម្ម​គ្រួសារ

ធនធាន​ខាងវិញ្ញាណ​ទាំងឡាយ

  • ការសិក្សា​ព្រះគម្ពីរ

  • ការអធិស្ឋាន​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី ៖

    • ស្គាល់​ចំណុច​ខ្លាំង និង​សមត្ថភាព​របស់អ្នក

    • សម្រេចចិត្ត

    • ដឹង​ពីអ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ

  • ការសិក្សា​ពី​អត្តសញ្ញាណ​របស់អ្នក​ក្នុង​នាមជា ៖

    • បុត្រ​របស់​ព្រះ

    • បុត្រ​នៃ​សេចក្ដីសញ្ញា

    • សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ

  • ការតមអាហារ និង​ដង្វាយ​តមអាហារ

  • ពរជ័យ​បព្វជិតភាព

សូម​ជ្រើសរើស​យក​គំនិត​មួយ ឬ​ច្រើន មកពី​បញ្ជី​នេះ ។ សូម​ស្រាវជ្រាវ​រក​ធនធាន​ទាំងឡាយ​តាម​អនឡាញ ឬ​សួរ​នរណាម្នាក់​ឲ្យ​បង្ហាញ​ពី​ធនធាន​ទាំងនេះ​ដើម្បី​ចែកចាយ​ជាមួយ​នឹង​ថ្នាក់​របស់​អ្នក ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន ៖

  1. ស្វែងរក​បញ្ជី​អាហារូបករណ៍​ក្នុង​ស្រុក ។

  2. ចែកចាយ​បទគម្ពីរ​ដែល​បង្កើន​ទំនុកចិត្ដ​របស់​អ្នក ។

  3. និយាយ​ជាមួយ​ទីប្រឹក្សា​នៅ​សាលា​អំពី​ធនធាន​ដែល​មាន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​នៅលើ​ក្ដារខៀន​ពិភាក្សា​នូវ​ធនធាន​ដែល​អ្នក​បាន​រកឃើញ ។

ការសិក្សា​ស៊ីជម្រៅ ៖ សម្រាប់​ធនធាន​បន្ថែម​អំពី​ការបន្ដ​ការអប់រំ​របស់​អ្នក សូម​ចូល​ទៅកាន់ « Emotional, Educational, and Employment Resources » ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​ធនធាន​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ក្នុង​ការបន្ត​ការអប់រំ​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ធនធាន​ដែល​អ្នក​បាន​រកឃើញ ។ សូម​រួមបញ្ចូល​នូវ​តំណភ្ជាប់ បញ្ជី ឬ​ព័ត៌មាន​អំពី​របៀប​ប្រើប្រាស់​ធនធាន​នោះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?