ជំនាញសិក្សាព្រះគម្ពីរ ៖ មេរៀនទី ១៦៨
ការកត់ចំណាំបទគម្ពីរ
ការកែលម្អការសិក្សារបស់យើងតាមរយៈការគូសសម្គាល់ ការបន្ថែមកំណត់ចំណាំ និងការដាក់តំណភ្ជាប់បទគម្ពីររបស់យើង
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) បានបង្រៀន ៖
នៅពេលយើងចង់ទូលទៅព្រះ យើងអធិស្ឋាន ។ ហើយនៅពេលយើងចង់ឲ្យទ្រង់មានបន្ទូលមកកាន់យើង នោះយើងស្រាវជ្រាវព្រះគម្ពីរទាំងឡាយ ។ ( « Holy Scriptures: The Power of God unto Our Salvation » Liahona ខែវិច្ឆិកា ឆ្នាំ២០០៦ ទំព័រ ២៦–២៧ )
ព្រះគម្ពីរពោរពេញទៅដោយសារលិខិតរបស់ព្រះសម្រាប់អ្នក ។ ទោះបីជាពេលខ្លះវាពិបាកក៏ដោយ ប៉ុន្តែការខិតខំប្រឹងប្រែងស្វែងយល់ពីវាគឺមានប្រយោជន៍ ។
គោលបំណងមេរៀន ៖ ដើម្បីរៀនពីរបៀបកត់ចំណាំបទគម្ពីររបស់អ្នកតាមរបៀបដែលអាចជួយអ្នកឲ្យមានអារម្មណ៍កាន់តែខិតជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
រៀនអំពីរបៀបធ្វើ
ជំនាញ ៖ ការគូសសម្គាល់បទគម្ពីរ
ការគូសសម្គាល់បទគម្ពីរគឺជាវិធីមួយដើម្បីបញ្ជាក់ពាក្យ ឃ្លា ឬខគម្ពីរដែលអ្នកមានអារម្មណ៍ថាមានសារៈសំខាន់ ឬមានន័យ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីសារៈសំខាន់នៃការស្វែងរក « a marking system that works for you » [ ប្រព័ន្ធការគូសសម្គាល់ដែលដំណើរការសម្រាប់អ្នក ] ( ១:៥៦ ) ៖
សូមអាន ទំនុកដំកើត ១១៦:១–៨ ហើយគូសសម្គាល់ពាក្យ ឬឃ្លាដែលលេចធ្លោចំពោះអ្នក ។ សូមកុំបារម្ភអំពីការធ្វើខុសឡើយ ។ សូមផ្តោតលើការស្វែងរកពាក្យ និងឃ្លាដែលជួយអ្នកឲ្យមានអារម្មណ៍កាន់តែខិតជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
អ្នកអានជាច្រើនយល់ឃើញថា ការប្រើពណ៌ផ្សេងៗជួយបញ្ជាក់ការគូសសម្គាល់របស់ពួកគេ ។ នៅក្នុងបណ្ណាល័យដំណឹងល្អ អ្នកអាចផ្លាស់ប្តូរពណ៌របស់វគ្គបទគម្ពីរដែលបានគូសសម្គាល់ និងជ្រើសរើសរូបតំណាង ម៉ូដ ។
ការសិក្សាស៊ីជម្រៅ ៖ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ ពន្យល់ពីប្រព័ន្ធរបស់លោកសម្រាប់ការគូសសម្គាល់បទគម្ពីរនៅក្នុងវីដេអូនេះ « Marking Scriptures [ ការគូសសម្គាល់បទគម្ពីរ ] » ( ១:៤៥ ) ។
ជំនាញ ៖ ការកត់ត្រា
ប្រភេទមួយទៀតនៃការកត់ចំណាំគឺជាការកត់ត្រា ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមអំពីរបៀប និងមូលហេតុដែលយើងកត់ត្រា ៖
ការសរសេរនូវអ្វីដែលយើងរៀន គិត និងមានអារម្មណ៍ពេលដែលយើងសិក្សាបទគម្ពីរ គឺជាទម្រង់មួយទៀតនៃការជញ្ជឹងគិត ហើយជាការអញ្ជើញដ៏មានឥទ្ធិពលមួយឲ្យព្រះវិញ្ញាណបរិសុទ្ធបន្ដប្រទានការណែនាំ ។ ( « Because We Have Them before Our Eyes » New Era ខែមេសា ឆ្នាំ២០០៦ ទំព័រ ៦–៧ )
ដូចគ្នានឹងការកត់ចំណាំដែរ មានរបៀបជាច្រើនក្នុងការធ្វើការកំណត់ចំណាំ ។ សំណួរខាងក្រោមនេះអាចជួយអ្នកឲ្យបែងចែកឱកាសសម្រាប់ប្រភេទផ្សេងៗនៃការកត់ចំណាំ ។
-
តើខ្ញុំមានសំណួរអ្វីខ្លះអំពីខគម្ពីរនេះ ?
-
តើខគម្ពីរនេះបង្រៀនខ្ញុំអំពីគោលការណ៍ ឬសេចក្ដីពិតអ្វីខ្លះ ?
-
តើខគម្ពីរនេះអនុវត្តចំពោះខ្ញុំយ៉ាងដូចម្ដេចដែរ ?
ការសរសេរកំណត់ចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកដោយផ្ទាល់ អាចជួយអ្នកឲ្យចងចាំអ្វីដែលអ្នកបានរៀន រាល់ពេលដែលអ្នកអានវគ្គបទគម្ពីរមួយ ។ ទោះយ៉ាងណាក៏ដោយ ដោយសារព្រះគម្ពីរដែលបានបោះពុម្ពមានដែនកំណត់ទំហំ អ្នកខ្លះចូលចិត្តសរសេរកំណត់ចំណាំក្នុងសៀវភៅកត់ចំណាំ ឬសៀវភៅកំណត់ហេតុ ។ តាមវិធីណាមួយក៏ដោយ អ្នកអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងការសិក្សារបស់អ្នក ដោយជ្រើសរើសកត់ត្រាចំណាប់អារម្មណ៍ដែលអ្នកទទួលបាន ។
សូមត្រឡប់ទៅកាន់ ទំនុកដំកើង ១១៦:១–៨ វិញ ។ សូមប្រើគំនិតខាងលើ ឬគំនិតមួយរបស់អ្នកផ្ទាល់ដើម្បីធ្វើកំណត់ចំណាំនៅជាប់នឹងខគម្ពីរមួយ ។
ជំនាញ ៖ ការដាក់តំណភ្ជាប់ខគម្ពីរ
ដោយសារបទគម្ពីរអាចបន្ថែមការយល់ដឹង ឬការគាំទ្រដល់បទគម្ពីរផ្សេងទៀត នោះវាអាចមានប្រយោជន៍ក្នុងការធ្វើសេចក្ដីយោងបទគម្ពីរ ឬភ្ជាប់បទគម្ពីរទាំងនោះជាមួយគ្នា ។ វិធីមួយដែលការណ៍នេះអាចធ្វើទៅបាន គឺដោយការសរសេរបទគម្ពីរមួយនៅរឹមទំព័រនៃបទគម្ពីរមួយទៀត ។ អ្នកក៏អាចប្រើមុខងារ តំណភ្ជាប់ នៅក្នុងបណ្ណាល័យដំណឹងល្អផងដែរ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:២១ ហើយរកមើលរបៀបដែលខគម្ពីរនេះទាក់ទងទៅនឹង ម៉ូសេ ៧:១៨ ។ ហេតុអ្វីបានជាវាអាចមានប្រយោជន៍ដើម្បីភ្ជាប់ខគម្ពីរទាំងពីរនេះទៅគ្នាទៅវិញទៅមក ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥ និងស្វែងរកអ្វីដែលវាបង្រៀន ។ សូមត្រឡប់ទៅកាន់ ទំនុកដំកើង ១១៦:១–៩ ហើយជ្រើសរើសខគម្ពីរដែលអ្នកមានអារម្មណ៍ថា ត្រូវបានគាំទ្រដោយអ្វីដែលអ្នកអាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥ ។ សូមបង្កើតតំណភ្ជាប់ដោយសរសេរ « គ.&ស. ១០:៥ » នៅជិតនឹងខគម្ពីរដែលអ្នកបានជ្រើសរើស ដោយប្រើមុខងារ តំណភ្ជាប់ នៅក្នុងបណ្ណាល័យដំណឹងល្អ ។
ជំនាញ ៖ ការដាក់ស្លាក
ការដាក់ស្លាកគឺជារបៀបដ៏ល្អមួយក្នុងការស្វែងរក និងរៀបចំសេចក្តីពិត ខណៈពេលកំពុងសិក្សាព្រះគម្ពីរ ។
អ្នកដាក់ស្លាកវគ្គបទគម្ពីរមួយ ដោយការបង្កើតស្លាកមួយ ដែលប្រើពាក្យ ឬឃ្លាខ្លីដែលសង្ខេបពីអ្វីដែលវគ្គបទគម្ពីរនោះបង្រៀន ។ មុខងារ ការដាក់ស្លាក នៅក្នុងបណ្ណាល័យដំណឹងល្អអនុញ្ញាតឲ្យអ្នកមើលកន្លែងដូចគ្នានៅក្នុងវគ្គបទគម្ពីរទាំងអស់ ដែលអ្នកដាក់ស្លាកជាមួយពាក្យ ឬឃ្លានោះ ។
នៅក្នុងព្រះគម្ពីរបោះពុម្ព អ្នកអាចសរសេរស្លាករបស់អ្នកនៅរឹមទំព័រជាប់នឹងខគម្ពីរ ឬនៅលើទំព័រទទេនៅខាងក្រោយខគម្ពីររបស់អ្នក ។
គន្លឹះក្នុងការសិក្សា ។ ក្នុងករណីខ្លះ ស្លាកនឹងមកពីពាក្យដែលអ្នកនិពន្ធប្រើក្នុងខគម្ពីរនោះ ។ ក្នុងករណីផ្សេងទៀត អ្នកប្រហែលជាចង់សង្ខេបខគម្ពីរដោយពាក្យផ្ទាល់ខ្លួនរបស់អ្នក ។ ស្លាកដ៏ល្អបំផុតគឺជាស្លាកដែលធ្វើឲ្យវាងាយស្រួលសម្រាប់អ្នកក្នុងការស្វែងរកខគម្ពីរនោះនាពេលអនាគត ។ សូមពិចារណាសួរថា « ប្រសិនបើខ្ញុំកំពុងរៀបចំសុន្ទរកថាសម្រាប់ឡើងនិយាយនៅក្នុងព្រះវិហារ តើប្រធានបទអ្វីដែលធ្វើឲ្យខ្ញុំចង់ស្វែងរកខគម្ពីរនេះ ? »
សូមត្រឡប់ទៅកាន់ ទំនុកដំកើង ១១៦:១–៩ វិញ ហើយដាក់ស្លាកយ៉ាងហោចណាស់វគ្គបទគម្ពីរមួយ ។ អ្នកអាចពិចារណាប្រើស្លាក « ការអធិស្ឋាន » ឬអ្នកអាចប្រើស្លាកផ្ទាល់ខ្លួនរបស់អ្នក ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ដូចដែលអ្នកបានឃើញនៅក្នុងមេរៀននេះ មានរបៀបជាច្រើនក្នុងការកត់ចំណាំព្រះគម្ពីររបស់អ្នកយ៉ាងមានប្រសិទ្ធភាព ។ ឥឡូវនេះ អ្នកបានសាកល្បងពីរបីរបៀបហើយ សូមសួរនរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីបង្ហាញអ្នកពីរបៀបដែលពួកគេកត់ចំណាំព្រះគម្ពីររបស់ពួកគេ ។ សូមរកមើលវិធីសាស្រ្តដែលពួកគេប្រើ ដែលអ្នកប្រហែលជាចង់យកទៅប្រើក្នុងវិធីសាស្រ្តរបស់អ្នកដែរ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីរៀនពីរបៀបកត់ចំណាំបទគម្ពីររបស់អ្នកតាមរបៀបដែលអាចជួយអ្នកឲ្យមានអារម្មណ៍កាន់តែខិតជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
ការកត់ចំណាំដែលអ្នកចូលចិត្តបំផុត ដែលអ្នកបានធ្វើក្នុងអំឡុងពេលរៀនមេរៀននេះ និងមូលហេតុដែលអ្នកចូលចិត្តវា ។