ជំនាញសិក្សាព្រះគម្ពីរ ៖ មេរៀនទី ១៦៧
ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ
ការរៀនស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកមើលឃើញអ្វីខ្លះ ពេលអ្នកមើលទៅរូបភាពខាងលើ ? ចម្លើយជាក់ស្តែងគឺការចម្អិនអាហារជាលក្ខណៈគ្រួសារនៅក្នុងផ្ទះបាយរបស់ពួកគាត់ ប៉ុន្តែដោយមានការប្រឹងប្រែងបន្តិច នោះអ្នកនឹងមើលឃើញរបស់របរនីមួយៗដែលបង្ហាញនៅខាងៗនៃរូបភាពនោះ ។
ការសិក្សាព្រះគម្ពីរអាចផ្តល់នូវបទពិសោធន៍ស្រដៀងគ្នា ។ សេចក្តីពិតមួយចំនួនគឺជាក់ស្តែង ហើយច្បាស់ ។ របស់របរផ្សេងទៀតត្រូវបានបង្កប់ក្នុងរបៀបមួយដែលត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរកឃើញ ។ ជាញឹកញាប់ គន្លឹះគឺការដឹងពីអ្វីដែលអ្នកកំពុងស្វែងរក ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកក្នុងការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ ដែលជួយពួកគេឲ្យខិតកាន់តែជិតព្រះអម្ចាស់ ។
រៀនអំពីរបៀបធ្វើ
ការស្វែងរកសេចក្តីពិតដែលបានបញ្ជាក់
សេចក្តីពិតប្រភេទមួយដែលអ្នកអាចរកឃើញនៅក្នុងការសិក្សារបស់អ្នកគឺសេចក្តីពិតដែលបានបញ្ជាក់ ។ សេចក្តីពិតបែបនេះគឺបានបញ្ជាក់នៅក្នុងប្រយោគ ឬឃ្លាដ៏សាមញ្ញមួយនៅក្នុងព្រះគម្ពីរ ។
ឧទាហរណ៍មួយនៃសេចក្តីពិតដែលបានបញ្ជាក់គឺមាននៅក្នុង សុភាសិត ៣:៥–៦ ។ សូមអានវគ្គបទគម្ពីរ និងគូសចំណាំឃ្លា « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត … នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។
របៀបដើម្បីរៀបចំសេចក្តីពិតដែលអ្នករកឃើញ គឺត្រូវដាក់ស្លាកសេចក្តីពិតទាំងនោះដោយពាក្យ ឬឃ្លាខ្លីៗ ដែលនឹងជួយអ្នកស្វែងរកវាយ៉ាងងាយស្រួលនាពេលអនាគត ។ ឧទាហរណ៍ដែលអ្នកអាចដាក់ស្លាក សុភាសិត ៣:៥–៦ ជា « ទុកចិត្ត » ឬ « ការយល់ដឹង » ។
សូមពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាចាស់នៅក្នុង « វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះតាមវគ្គសិក្សា » ។ សូមស្វែងរកយ៉ាងហោចណាស់វគ្គបទគម្ពីរចំនួនពីរ ដែលមាននូវសេចក្តីពិតដែលបានបញ្ជាក់ ។ សូមប្រើវិធីសាស្រ្តសង្ខេបពាក្យមួយដើម្បីដាក់ស្លាកវគ្គបទគម្ពីរជាមួយនឹងអ្វីដែលអ្នករកឃើញ ។
ការស្វែងរកសេចក្តីពិតដែលបង្កប់ន័យ
សេចក្តីពិតប្រភេទផ្សេងទៀត ដែលអ្នកអាចរកឃើញនៅក្នុងការសិក្សារបស់អ្នកគឺជាសេចក្តីពិតដែលបង្កប់ន័យ ។ ដូចជាវត្ថុដែលបានលាក់នៅក្នុងរូបភាពនេះនៅពេលចាប់ផ្តើមមេរៀនដែរ នោះសេចក្តីពិតទាំងនេះជាធម្មតា មិនត្រូវបានរកឃើញទេ ប្រសិនបើគ្មានការប្រឹងប្រែងបន្ថែមនោះ ។ សំណាងល្អ នៅពេលដែលអ្នកដឹងពីអ្វីដែលត្រូវរកមើល ដោយស្វែងរកសេចក្តីពិតដែលបង្កប់ន័យអាចជាការពេញចិត្តយ៉ាងខ្លាំង ។
អ្នកអាចរកឃើញសេចក្ដីពិតទាំងនេះបាន តាមរយៈការសួរសំណួរដូចខាងក្រោម ៖
-
តើវគ្គបទគម្ពីរនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ?
-
តើមនុស្សនៅក្នុងព្រះគម្ពីរបានធ្វើអ្វីខ្លះ ហើយតើមានអ្វីកើតឡើងចំពោះពួកគេបន្ទាប់ពីពួកគេបានធ្វើវា ?
-
តើអ្នកគិតថា ហេតុអ្វីបានជាអ្នកនិពន្ធបានទទួលការបំផុសគំនិតពីព្រះដើម្បីបញ្ចូលព្រឹត្តិការណ៍ ឬប្រសាសន៍ទាំងនេះ ?
សូមសិក្សា ជនគណនា ២១:៥–៩ ។ នៅពេលអ្នកស្វែងរកចម្លើយចំពោះសំណួរខាងលើ សូមធ្វើការកត់ត្រានូវអ្វីដែលអ្នករកឃើញ ។
សេចក្តីពិតបង្កប់ន័យដែលអាចមាន អាចរួមបញ្ចូលដូចខាងក្រោម ៖
-
ការនិយាយទាស់នឹងព្រះ និងពួកព្យាការីរបស់ទ្រង់ដឹកនាំទៅរកសេចក្តីទុក្ខព្រួយនៅទីបំផុត ។
-
ព្យាការីចង្អុលបង្ហាញយើងទៅរកព្រះយេស៊ូវគ្រីស្ទ ។
-
ព្រះមានសេចក្តីមេត្តាករុណា និងធ្វើឲ្យយើងអាចបានប្រោសឲ្យជា ។
អនុវត្ត
ប្រធាន ម៉ាក អិល ភែក ប្រធានសាលាថ្ងៃអាទិត្យទូទៅ បានមានប្រសាសន៍ ៖
ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព នោះបទពិសោធន៍ជាមួយព្រះគម្ពីររបស់បងប្អូន ត្រូវតែជាបទពិសោធន៍ផ្ទាល់ខ្លួន ។ ការអាន ឬការស្តាប់បទពិសោធន៍ និងការយល់ដឹងរបស់អ្នកដទៃ អាចជាជំនួយ ប៉ុន្តែវានឹងពុំមាននូវអំណាចនៃការប្រែចិត្តជឿដូចគ្នានឹងគេនោះទេ ។ គ្មានអ្វីអាចមកជំនួសពេលវេលាដែល បងប្អូន អានព្រះគម្ពីរ ស្តាប់ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់ បងប្អូន ដោយផ្ទាល់នោះទេ ។ ( « ការប្រែចិត្តជឿគឺជាគោលដៅរបស់យើង » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ១១១ )
ព្រះគម្ពីរ ការប្រែចិត្តជឿ វិវរណៈ
ឥឡូវនេះ អ្នកបានរៀនពីរបៀបដើម្បីស្វែងរកសេចក្តីពិតដែលបានបញ្ជាក់ និងដែលបានបង្កប់ន័យ អនុវត្តការស្វែងរក និងគូសសម្គាល់សេចក្តីពិតនៅក្នុងវគ្គបទគម្ពីរមួយ ឬច្រើនដូចខាងក្រោម ។
សូមធ្វើកំណត់ចំណាំនៅជាប់នឹងសេចក្តីពិតដែលបង្កប់ន័យ ពន្យល់ពីអ្វីដែលអ្នកបានរៀន ។
-
សាំយូអែល ទី១ ១៧:៤៤–៤៩ ( ដាវីឌប្រឈមមុខនឹងបុរសមាឌធំដែលមានឈ្មោះថា កូលីយ៉ាត )
-
ពង្សាវតាក្សត្រ ទី២ ៦:១៤–១៨ ( កងទ័ពនៃស្រុកស៊ីរីហ៊ុមព័ទ្ធទីក្រុងដើម្បីចាប់អេលីសេ )
-
ពួកចៅហ្វាយ ៦:១១–១៦ ( ការហៅរបស់គេឌានឲ្យសង្រ្គោះដល់រាស្រ្តរបស់គាត់ពីកងទ័ពចូលឈ្លានពាន )
សូមរៀបចំផែនការពីរបៀបដែលអ្នកអាចរកមើលសេចក្តីពិត—ដែលបានបញ្ជាក់ និងដែលបានបង្កប់ន័យ—នៅពេលអ្នកសិក្សាបទគម្ពីរទាំងនេះ ។ សូមគិតអំពីរបៀបដែលអ្នកអាចធ្វើវាបានក្នុងអំឡុងពេលសិក្សាផ្ទាល់ខ្លួន និងការសិក្សាជាគ្រួសារ នៅព្រះវិហារ ឬនៅកន្លែងផ្សេងទៀត ។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកក្នុងការស្វែងរកសេចក្តីពិតនៃដំណឹងល្អ ដែលអាចនាំអ្នកឲ្យខិតទៅជិតព្រះអម្ចាស់ ។
សូមចែកចាយ អ្វីដូចខាងក្រោមនេះជាមួយនឹងគ្រូបង្រៀន ឬថ្នាក់របស់អ្នក ៖
-
សេចក្តីពិតដែលអ្នកបានរកឃើញ ទាំងដែលបានបញ្ជាក់ ឬដែលបានបង្កប់ន័យ ។ សូមពន្យល់ពីកន្លែងដែលអ្នកបានរកឃើញវា និងមូលហេតុដែលអ្នកមានអារម្មណ៍ថា វាគឺជាសេចក្តីពិតដ៏សំខាន់មួយដើម្បីដឹង ។