អេសាយ ៥៨–៦៦ ៖ មេរៀនទី ១២៦
អេសាយ ៥៨:១–១២
អំណាចនៃការតមអាហារ និងការអធិស្ឋាន
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
មនុស្សគ្រប់គ្នាចង់ឲ្យគេមើលឃើញ និងទទួលស្គាល់កិច្ចខិតខំរបស់ពួកគេ ។ ពួកសាសន៍អ៊ីស្រាអែលបានជួបការលំបាក នៅពេលការខិតខំរបស់ពួកគេដើម្បីតមអាហារហាក់ដូចជាធ្វើឡើងដោយគ្មាននរណាដឹង ។ តាមរយៈអេសាយ ព្រះអម្ចាស់បានបង្រៀនប្រជាជននេះអំពីការតមអាហារ និងសារៈសំខាន់នៃចេតនារបស់យើងក្នុងការតមអាហារ ។ មេរៀននេះអាចជួយអ្នកឲ្យមានបំណងប្រាថ្នាចង់តមអាហារតាមរបៀបរបស់ព្រះអម្ចាស់ ។
សិក្សាព្រះគម្ពីរ
អាហារពេលព្រឹកនៅថ្ងៃអាទិត្យកើតឡើងដូចសព្វដង ដូចវាមានជាច្រើនដងពីមុនមក ។ ខណៈដែល ឆារី កំពុងឆ្ងាញ់នឹងមួយម៉ាត់ដំបូងនៃគ្រាប់ធញ្ញជាតិរបស់នាង ម្តាយនាងបានស្រែកពីបន្ទប់ផ្សេងមកថា « កុំភ្លេចថា នេះគឺជាថ្ងៃអាទិត្យតមអាហារ ! »
ឆារីដកដង្ហើមធំ នៅពេលនាងទម្លាក់ខ្លួននៅលើកៅអីរបស់នាង ។ ហ្គុនធឺ សម្លឹងមើលទៅប្អូនស្រីរបស់គាត់ ហើយសើច កាលគាត់ដាក់ចានរបស់គាត់ត្រឡប់ទៅក្នុងទូវិញ ។
គាត់បាននិយាយថា « បើវាធ្វើឲ្យឯងមានអារម្មណ៍ប្រសើរវិញ បងក៏ភ្លេចដែរ ។ ប៉ុន្តែបងបានចូលដេកលឿនយប់មិញ ដូច្នេះបងគិតថា បងតមបានពាក់កណ្តាលហើយ » ។
ឆារីបាននិយាយថា « ខ្ញុំសឹងមិនជឿថា គាត់ប្រាប់ខ្ញុំក្រោយពីខ្ញុំដាក់មួយម៉ាត់បាត់ទៅហើយ ។ តើបងគិតថា វានៅតែរាប់ថានៅតមទេ បើខ្ញុំឈប់ហូបឥឡូវនេះភ្លាម ឬខ្ញុំត្រូវចាប់ផ្ដើមតមឡើងវិញម្ដងទៀត ? »
តើអ្នកគិតថា ឆារី និង ហ្គុនធឺ យល់ច្រឡំអ្វីខ្លះអំពីការតមអាហារ ?
សូមចំណាយពេលបន្តិចដើម្បីជញ្ជឹងគិតថា តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការតមអាហារ នៅពេលអ្នកគិតពិចារណាអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានការព្រួយបារម្ភ ឬសំណួរអ្វីខ្លះអំពីការតមអាហារ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះអម្ចាស់ ដើម្បីជួយដោះស្រាយរាល់កង្វល់ទាំងឡាយដែលអ្នកមាន និងដើម្បីមានបំណងប្រាថ្នាចង់តមអាហារ ។
ព្រះអម្ចាស់បានណែនាំអេសាយឲ្យប្រកាសដោយក្លាហានអំពីអំពើបាបនៃវង្សអ៊ីស្រាអែល ។ ឧទាហរណ៍ ពួកគេបានអនុវត្តសាសនាតែសំបកក្រៅប៉ុណ្ណោះ រួមទាំងការតមអាហារដោយមានចេតនាខុសផងដែរ ។
សូមអាន អេសាយ ៥៣:៣–៥ ។ សូមគូសសម្គាល់ចម្លើយចំពោះសំណួរទាំងពីរនេះ ៖
-
តើអាកប្បកិរិយារបស់ពួកសាសន៍អ៊ីស្រាអែលដូចជា ឆារី និង ហ្គុនធឺ យ៉ាងដូចម្តេច ?
-
តើព្រះអម្ចាស់មានព្រះបន្ទូលអ្វីខ្លះដល់ប្រជាជននេះ ដែលថាពួកគេបានធ្វើមិនត្រឹមត្រូវទាក់ទងនឹងការតមអាហាររបស់ពួកគេ ?
ចំណាំ ៖ « ដើមបបុស » ( ខទី ៥ ) គឺជាស្មៅខ្ពស់ស្តើងដែលសំយុងចុះ ។ « សំពត់ធ្មៃ » ( ខទី ៥ ) គឺជាសម្ភារគុណភាពអន់ដែលមនុស្សពាក់ពីបុរាណ ដើម្បីជានិមិត្តរូបនៃការបន្ទាបខ្លួន ឬទុក្ខព្រួយរបស់ពួកគេ ។ ពួកគេក៏បានរោយផេះលើខ្លួនពួកគេដោយហេតុផលដូចគ្នាផងដែរ ។
អេសាយ ៥៨:៦–៧ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ « ពរជ័យនៃការតមអាហារត្រឹមត្រូវ » ។ សូមសរសេរសេចក្តីយោង និងឃ្លាគន្លឹះចំនួនប្រាំដងនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមថាសេចក្តីយោង និងឃ្លាគន្លឹះនេះឲ្យឮៗ កាលអ្នកសរសេរវា ។
នៅជាប់នឹង អេសាយ ៥៨:៦ សូមសរសេរកំណត់ចំណាំមួយដែលនិយាយថា « ប្រសិនបើខ្ញុំតមអាហារតាមរបៀបដែលព្រះអម្ចាស់មានព្រះទ័យចង់បាន នោះ … » បន្ទាប់មក សូមអាន អេសាយ ៥៨:៦–១២ ។ សូមប្រើខគម្ពីរទាំងនេះដើម្បីគូសសម្គាល់ពាក្យ ឬឃ្លាដែលបំពេញឲ្យប្រយោគនេះ ។ ឧទាហរណ៍ ដោយផ្អែកលើ អេសាយ ៥៨:៦ អ្នកអាចបំពេញឃ្លានេះដូច្នេះ ៖ « ប្រសិនបើខ្ញុំតមអាហារតាមរបៀបដែលព្រះអម្ចាស់មានព្រះទ័យចង់បាន នោះទ្រង់នឹងជួយដោះច្រវាក់នៃអំពើអាក្រក់ » ។
ព្រះអង្គសង្គ្រោះបានបង្រៀនអំពីការតមអាហារ ខណៈដែលកំពុងរស់នៅតាមគោលការណ៍នេះដោយព្រះអង្គផ្ទាល់ ។ ទ្រង់បានតមអាហារ មុនពេលការងារបម្រើនៅលើផែនដីរបស់ទ្រង់ ( សូមមើល Joseph Smith Translation, Matthew 4:1–2 [ នៅក្នុង Matthew 4:1, footnote a និង Matthew 4:2, footnote c ] ) ។ ទ្រង់ក៏បានបង្រៀនផងដែរថា ឥទ្ធិពលអាក្រក់មួយចំនួននឹងចាកចេញបាន « ដោយសារតែអធិស្ឋាន ហើយនិងតមអត់ » តែប៉ុណ្ណោះ ( ម៉ាថាយ ១៧:១៩, ២១ ) ។
ប្រសិនបើមាន អ្នកអាចមើលវីដេអូនេះ « Fast Offerings: A Simple Commandment with a Marvelous Promise » ( ៣:០១ ) ។ សូមរកមើលសេចក្ដីពិតដែលប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបង្រៀន កាលលោកតំណាលពីបទពិសោធន៍របស់ស្ត្រីម្នាក់ជាមួយនឹងការតមអាហារនៅប្រទេសសៀរ៉ា ឡេអូន ក្នុងអំឡុងពេលមានសង្រ្គាម ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំតមអាហារដោយរបៀបណា ?
ខណៈដែលព្រះអម្ចាស់បង្គាប់ឲ្យយើងតមអាហារ ទ្រង់ចង់ឲ្យយើងធ្វើវាខុសពីរបៀបដែលពួកសាសន៍អ៊ីស្រាអែលធ្វើនៅក្នុង អេសាយ ៥៨ ឬ ឆារី និង ហ្គុនធឺ មកពីដំណើររឿងបើកឆាកដំបូងនោះ ។ ទ្រង់មានព្រះរាជបំណងថា យើងតមអាហារដោយមានអាកប្បកិរិយារាបសា គោលបំណង និងចេតនាពិតប្រាកដ ។
សូមជ្រើសរើសវគ្គបទគម្ពីរចំនួនបី ឬច្រើន យកមកសិក្សា ហើយរកមើលអ្វីដែលអ្នកបានរៀនអំពីរបៀបតមអាហាររបស់ព្រះអម្ចាស់ ។ សូមដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « ការតមអាហារ » ។
-
ទំនុកដំកើង ៣៥:១៣
-
យ៉ូអែល ២:១២
-
យ៉ូណាស ៣:៤–១០
-
ម៉ាថាយ ៦:១៦–១៨
ជម្រើស ខ
តើការតមអាហារអាចផ្ដល់ពរជ័យដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) បានបង្រៀន ៖
តើនឹងមានអ្វីកើតឡើង ប្រសិនបើគោលការណ៍នៃថ្ងៃតមអាហារ និងដង្វាយតមអាហារត្រូវបានគោរពទូទាំងពិភពលោក [ ? ] ជនអត់ឃ្លាននឹងទទួលបានអាហារបរិភោគ ជនគ្មានសម្លៀកបំពាក់បិទបាំងរាងកាយនឹងមានសម្លៀកបំពាក់បិទបាំងរាងកាយ ជនដែលគ្មានផ្ទះសម្បែងជ្រកកោននឹងមានផ្ទះសម្បែងជ្រកកោន ។ … ទំហំថ្មីនៃក្តីបារម្ភ និងភាពមិនអាត្មានិយមនឹងកើនឡើងនៅក្នុងចិត្តរបស់មនុស្សគ្រប់ទីកន្លែង ។ ( « The State of the Church » Ensign ខែឧសភា ឆ្នាំ១៩៩១ ទំព័រ៥២–៥៣ )
ដើម្បីជួយអ្នកឲ្យយល់ពីពរជ័យនៃការតមអាហារបានកាន់តែច្បាស់ សូមជ្រើសរើសយកស្ថានភាពមួយ ឬពីរខាងក្រោមនេះ ៖
-
យុវជនម្នាក់កំពុងតានតឹងអំពីការងារសាលា និងអនាគតរបស់គាត់ ។
-
យុវនារីម្នាក់មានអារម្មណ៍ថា នាងមិនអាចស្អាតស្អំបានទៀតទេ ដោយសារអំពើបាបរបស់នាង ។
-
យុវជនម្នាក់កំពុងអធិស្ឋានដើម្បីដឹងថា តើសាសនាចក្រគឺពិតឬអត់ ប៉ុន្តែកំពុងតស៊ូដើម្បីទទួលបានចម្លើយ ។
-
យុវជនម្នាក់ប្រឈមមុខនឹងបញ្ហាដែលគាត់មិនដឹងថា តើគាត់អាចយកឈ្នះបានឬអត់ ។
សូមសរសេរចម្លើយមួយ ដោយប្រើឃ្លាមួយ ឬច្រើនមកពី អេសាយ ៥៨:៦–១២ ឬមកពីសម្រង់សម្ដីនានា ដែលអាចជំរុញចិត្តមនុស្សក្នុងស្ថានភាពនេះឲ្យតមអាហារ ហើយអធិស្ឋានទូលសូមជំនួយពីព្រះ ។ សូមកត់ត្រាចម្លើយរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានបំណងប្រាថ្នាចង់តមអាហារតាមរបៀបរបស់ព្រះអម្ចាស់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនមកពីការសិក្សារបស់អ្នកអំពីការតមអាហារតាមរបៀបរបស់ព្រះអម្ចាស់ ។
-
ស្ថានភាពដែលអ្នកបានជ្រើសរើស និងរបៀបដែលឃ្លាដែលអ្នកបានរកឃើញនៅក្នុងគម្ពីរអេសាយនេះ អាចជួយលើកទឹកចិត្តបុគ្គលនោះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?