អេសាយ ៥៨–៦៦ ៖ មេរៀនទី ១២៧
អេសាយ ៥៨:១៣–១៤
« រាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះអង្គសង្គ្រោះបានបង្រៀនថា ថ្ងៃឈប់សម្រាកត្រូវបានប្រទានឲ្យដើម្បីប្រទានពរដល់រាស្ដ្ររបស់ទ្រង់ ( សូមមើល ម៉ាកុស ២:២៧ ) ។ តើអ្នកបានមើលឃើញពរជ័យអ្វីខ្លះ ដែលអ្នកបានមកពីការគោរពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ? នៅក្នុងគម្ពីរអេសាយ យើងរៀនថា ប្រសិនបើយើងគោរពដល់ព្រះវរបិតា និងព្រះរាជបុត្រានៅថ្ងៃឈប់សម្រាកដ៏បរិសុទ្ធរបស់ទ្រង់ នោះថ្ងៃនោះនឹងជាពរជ័យដល់យើង ។ មេរៀននេះអាចជួយអ្នកឲ្យគោរពព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក ។
សិក្សាព្រះគម្ពីរ
នៅក្នុងពិភពលោកសព្វថ្ងៃនេះ ទូរសព្ទចល័ត ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀតដែលអស់ថ្មគឺជាបញ្ហាទូទៅមួយ ។ ប៉ុន្តែដំណោះស្រាយគឺសាមញ្ញទេ គឺជាមួយនឹងខ្សែសាកថ្ម និងប្រភពថាមពល ។ ដូចជាថ្មដែលជិតអស់ដែរ យើងត្រូវភ្ជាប់ទៅនឹងប្រភពថាមពលខាងវិញ្ញាណឲ្យបានជាប់លាប់ ដើម្បីសាកថ្មខ្លួនយើងខាងវិញ្ញាណ ។
អេសាយ ៥៨:១៣–១៤ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះឲ្យចាំ « បែរចេញ … មិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត » ។ សូមស្វែងរក ឬបង្កើតរូបភាពចំនួនបី ដើម្បីជួយអ្នកឲ្យចងចាំឃ្លាបទគម្ពីរនេះ ។ សូមដាក់រូបភាពទាំងនេះនៅកន្លែងណាមួយ ដែលអ្នកនឹងមើលឃើញវាជាញឹកញាប់ ហើយសូត្រឃ្លាបទគម្ពីរនេះរាល់ពេលដែលអ្នកឃើញវាម្ដងហើយម្ដងទៀត ។
នៅថ្ងៃទីប្រាំពីរនៃការបង្កបង្កើត នោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានសម្រាកពីកិច្ចការទាំងអស់របស់ទ្រង់ទាំងទ្វេ ។ ទ្រង់ទាំងទ្វេបានប្រទានពរដល់ថ្ងៃនេះ ហើយបានបង្កើតវាជាថ្ងៃសម្រាកដ៏ពិសិដ្ឋពី « កិច្ចការ » ខាងផែនដី ( សូមមើល ម៉ូសេ ៣:៣ ) ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានអញ្ជើញយើងទាំងអស់គ្នាឲ្យធ្វើតាមគំរូនេះ ( សូមមើល និក្ខមនំ ២០:៨–១០ និង ចោទិយកថា ៥:១២–១៤ ) ។ តាមរយៈព្យាការីរបស់ទ្រង់អេសាយ ព្រះអម្ចាស់បានបញ្ជារាស្ដ្ររបស់ទ្រង់ម្ដងទៀតឲ្យឧទ្ទិសថ្ងៃឈប់សម្រាកដល់ទ្រង់ ។
សូមអាន អេសាយ ៥៨:១៣ ។ សូមគូសសម្គាល់ឃ្លាមួយដែលអ្នកមានអារម្មណ៍ថា អ្នកអាចរស់នៅតាមបានកាន់តែពេញលេញនាពេលឥឡូវនេះ ។
សូមគិតឲ្យបានហ្មត់ចត់ថា តើវាអាចមានលក្ខណៈបែបណា ដើម្បីអនុវត្តឃ្លានេះនៅក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកជញ្ជឹងគិត សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលអ្នកអាចធ្វើបាន ។
សូមសរសេរកំណត់ចំណាំមួយនៅក្បែរ ខទី ១៣ ដែលមាននូវអ្វីដែលអាចឲ្យអ្នកអនុវត្តតាមឃ្លានេះបាននៅក្នុងជីវិតរបស់អ្នក ។
សូមអាន អេសាយ ៥៨:១៤ ។ ដោយប្រើពណ៌ខុសពីពណ៌ដែលអ្នកបានប្រើសម្រាប់ខទី១៣ សូមគូសចំណាំពាក្យ និងឃ្លាដែលជួយយើងឲ្យយល់ពីពរជ័យមួយចំនួន ដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកទាំងឡាយណាដែលគោរពទ្រង់នៅថ្ងៃឈប់សម្រាក ។ ( ចំណាំ ៖ « ទីខ្ពស់ » នៅក្នុង ខទី ១៤ អាចសំដៅទៅលើភ្នំ កូនភ្នំ បន្ទាយ ឬទីកន្លែងបរិសុទ្ធ ) ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដូចតទៅនេះ អំពីអ្វីដែលបានជួយលោកឲ្យយកឈ្នះលើឧបសគ្គមួយដែលលោកបានជួប នៅពេលធ្វើការសម្រេចចិត្តអំពីរបៀបគោរពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃអាទិត្យ ។
ព្រះអង្គសង្រ្គោះកំណត់អត្តសញ្ញាណរបស់ទ្រង់ផ្ទាល់ថាជាព្រះអម្ចាស់នៃថ្ងៃឈប់សម្រាក ។ ថ្ងៃឈប់សម្រាកគឺជាថ្ងៃរបស់ទ្រង់ ! ទ្រង់បញ្ជាដដែលៗឲ្យយើងគោរពថ្ងៃឈប់សម្រាក ឬចាត់ទុកថ្ងៃឈប់សម្រាកជាថ្ងៃដ៏វិសុទ្ធ ។ យើងចុះសេចក្ដីសញ្ញាដើម្បីធ្វើដូចនោះ ។
តើយើងចាត់ទុកថ្ងៃឈប់សម្រាកជាថ្ងៃដ៏បរិសុទ្ធយ៉ាងដូចម្ដេច ?
… ខ្ញុំបានរៀនពីព្រះគម្ពីរថា ការប្រព្រឹត្ត និងអាកប្បកិរិយារបស់ខ្ញុំនៅថ្ងៃឈប់សម្រាកគឺជាទីសម្គាល់រវាងខ្ញុំ និងព្រះវរបិតាសួគ៌ខ្ញុំ ។ ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃកិច្ចការដែលត្រូវធ្វើ និងមិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំសួរខ្លួនឯងថា « តើទីសម្គាល់ណាដែលខ្ញុំចង់បង្ហាញដល់ព្រះ » ? សំណួរនេះបានធ្វើឲ្យជម្រើសខ្ញុំនៅថ្ងៃឈប់សម្រាកមានភាពច្បាស់លាស់ឡើង ។ ( « The Sabbath Is a Delight » Liahona ខែមេសា ឆ្នាំ២០១៥ ទំព័រ ១៣០ ) ។
តើ អេសាយ ៥៨:១៣–១៤ និងសារលិខិតរបស់ប្រធាន ណិលសុន អាចជួយនរណាម្នាក់ដែលកំពុងតស៊ូនឹងឧបសគ្គដែលអ្នកបានរកឃើញដោយរបៀបណា ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើព្រះយេស៊ូវគ្រីស្ទបានគោរពដល់ព្រះវរបិតាសួគ៌នៅថ្ងៃឈប់សម្រាកដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទបានគោរពដល់ព្រះវរបិតាសួគ៌នៅថ្ងៃឈប់សម្រាកតាមរយៈសកម្មភាពរបស់ទ្រង់ ។ សូមជ្រើសរើសវគ្គបទគម្ពីរខាងក្រោមនេះមួយ ឬច្រើន យកមកសិក្សា ។ សូមរកមើលសកម្មភាពដែលព្រះអង្គសង្គ្រោះបានធ្វើនៅថ្ងៃឈប់សម្រាក ។ សូមដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « ថ្ងៃឈប់សម្រាក » ។
-
ម៉ាថាយ ១២:៨–១៣
-
ម៉ាកុស ២:២៣–២៨ ( សូមមើលផងដែរ Joseph Smith Translation, Mark ២:២៦–២៧ )
-
លូកា ១៣:១១–១៧
-
យ៉ូហាន ៥:២–១៦
សូមចែកចាយអ្វីដែលអ្នកកំពុងរៀនអំពីថ្ងៃឈប់សម្រាកជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ដោយការពិភាក្សាអំពីសំណួរខាងក្រោមនេះ ៖
-
តើមនុស្សនៅក្នុងដំណើររឿងទាំងនេះបានទទួលពរជ័យតាមរយៈការបម្រើរបស់ព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ?
-
តើយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ក្នុងការផ្ដល់ការងារបម្រើដល់អ្នកដទៃនៅថ្ងៃឈប់សម្រាកតាមរបៀបណាខ្លះ ?
-
តើអ្វីទៅដែលបានពង្រឹងសមត្ថភាពរបស់អ្នកក្នុងការគោរពព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក ? តើអ្នកបានឃើញពរជ័យអ្វីខ្លះមកពីការខិតខំរបស់អ្នក ?
ជម្រើស ខ
តើការគោរពថ្ងៃឈប់សម្រាកអាចប្រទានពរដល់ជីវិតរបស់ខ្ញុំតាមរបៀបណា ?
ប្រសិនបើមាន សូមមើលវីដេអូ « Upon My Holy Day—Honoring the Sabbath » ( ១:៣០ ) ។ សូមរកមើលអ្វីដែលប្រធាន ជែហ្វ្រី អ័រ ហូឡិន បង្រៀនអំពីការគោរពថ្ងៃឈប់សម្រាក ។
សូមជ្រើសរើសធនធានមួយ ឬច្រើន នៅខាងក្រោមនេះយកមកសិក្សា ។ សូមរកមើលពរជ័យនានា ដែលព្រះអម្ចាស់បានសន្យាដល់អស់អ្នកដែលគោរពថ្ងៃឈប់សម្រាក ។
-
រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ១២៩–១៣២
-
សូមរំឭកឡើងវិញក្នុងផ្នែក « រក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ទំព័រ ៨៧–៨៨ ។
-
ប្រធានបទ និងសំណួរ « ថ្ងៃឈប់សម្រាក » នៅក្នុងបណ្ណាល័យដំណឹងល្អ ។
សូមដាក់តំណភ្ជាប់ធនធានដែលអ្នកបានសិក្សាទៅនឹង អេសាយ ៥៨:១៣–១៤ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមចំណាយពេលមួយភ្លែតដើម្បីជញ្ជឹងគិតពីអ្វីដែលអ្នកបានរៀន ហើយទទួលអារម្មណ៍នៅថ្ងៃនេះអំពីការអញ្ជើញនៅក្នុង អេសាយ ៥៨:១៣–១៤ ដើម្បីទុកមួយអន្លើនូវបំណងប្រាថ្នាផ្ទាល់ខ្លួន ហើយគោរពព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយដល់អ្នក នៅពេលអ្នកឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
ដើម្បីគោរពព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ខ្ញុំនឹង …
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យគោរពព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
រឿងមួយដែលអ្នកបានចែកចាយនៅក្នុងការពិភាក្សារបស់អ្នកជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។
-
ពរជ័យមួយមកពីការគោរពថ្ងៃឈប់សម្រាក ដែលអ្នកបានរកឃើញនៅក្នុងធនធានដែលអ្នកបានសិក្សា ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?