អេសាយ ៤០–៤៩ ៖ មេរៀនទី ១១៩
អេសាយ ៤០–៤៣
ព្រះលួងលោមប្រជារាស្រ្តរបស់ទ្រង់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
វាអាចពិបាក ពេលជួបនឹងរឿងដែលមិនសប្បាយចិត្ត ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍ឯកោ ។ ការដឹងថា ព្រះគង់នៅទីនោះចាំជួយអ្នក ធ្វើឲ្យមានភាពផ្លាស់ប្តូរខ្លាំង ។ នោះជាមូលហេតុដែលព្រះមានបន្ទូលប្រាប់អ៊ីស្រាអែលពីបុរាណថា « កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយនឹងឯង » ( អេសាយ ៤១:១០ ) ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍លួងលោមពីព្រះ ។
សិក្សាព្រះគម្ពីរ
សូមគិតពីរឿងចំនួនប្រាំដែលអ្នកខ្លាចខ្លាំងបំផុត និងរឿងចំនួនប្រាំដែលនាំឲ្យអ្នកទទួលអារម្មណ៍លួងលោម ។ ឥឡូវនេះ សូមស្រមៃពីជញ្ជីងមួយដែលមានការភ័យខ្លាចនៅម្ខាង ហើយមានការលួងលោមនៅម្ខាងទៀត ។ ជាទូទៅ នៅលើជញ្ជីងនេះ តើអ្នកនឹងដាក់អារម្មណ៍របស់អ្នកអំពីជីវិតរបស់អ្នកនៅពេលនេះនៅត្រង់ណា ? តើអ្នកនឹងដាក់អារម្មណ៍របស់អ្នកអំពីអនាគតនៅត្រង់ណា ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយ ៖
ភាពភ័យខ្លាចពុំមែនជារឿងថ្មីនោះទេ ។ ពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ កាលនៅលើសមុទ្រកាលីឡេ បានមានការភ័យខ្លាចចំពោះ « ខ្យល់ព្យុះជាខ្លាំង ហើយរលក » នៅយប់នោះ ( ម៉ាកុស ៤:៣៧ ) ។ សព្វថ្ងៃនេះ ក្នុងនាមជាពួកសាវករបស់ទ្រង់ យើងក៏មានការភ័យខ្លាចដែរ ។ …
ពួកយុវមជ្ឈិមវ័យរបស់យើងភ័យខ្លាចដើម្បីធ្វើការតាំងចិត្តផ្សេងៗដូចជា ការរៀបការជាដើម ។ អ្នកដែលបានរៀបការថ្មីថ្មោង … អាចមានការភ័យខ្លាចក្នុងការមានកូននៅក្នុងពិភពលោកដែលសម្បូរទៅដោយអំពើទុច្ចរិត ។ ពួកអ្នកផ្សព្វផ្សាយសាសនាភ័យខ្លាចចំពោះរឿងច្រើនយ៉ាង ជាពិសេសការនិយាយនឹងមនុស្សដែលពុំស្គាល់ ។ ពួកស្ត្រីមេម៉ាយភ័យខ្លាចចំពោះការរស់នៅតែម្នាក់ឯង ។ ពួកយុវវ័យជំទង់ៗភ័យខ្លាចថា មិត្តភក្តិរបស់ខ្លួនពុំរាប់រក កុមារតូចៗខ្លាចថ្ងៃបើកបវេសនកាលនៅសាលា និស្សិតនៅសាកលវិទ្យាល័យភ័យខ្លាចចំពោះលទ្ធផលនៃការប្រឡង ។ យើងភ័យខ្លាចចំពោះភាពបរាជ័យ ការបដិសេធ ការខកចិត្ត និងអ្វីៗដែលពុំបានដឹង ។ យើងភ័យខ្លាចចំពោះព្យុះសង្ឃរា ការរញ្ជួយដី និងអគ្គីភ័យដែលបំផ្លិចបំផ្លាញដែនដី និងជីវិតរបស់យើង ។ យើងភ័យខ្លាចចំពោះការពុំត្រូវការបានគេជ្រើសរើស ហើយក្នុងស្ថានភាពផ្សេងទៀត យើងភ័យខ្លាចចំពោះការត្រូវបានគេជ្រើសរើស ។ យើងភ័យខ្លាចចំពោះការពុំល្អគ្រប់គ្រាន់ យើងភ័យខ្លាចថា ព្រះអម្ចាស់គ្មានពរជ័យឲ្យយើងទេ ។ យើងភ័យខ្លាចចំពោះការផ្លាស់ប្ដូរ ហើយការភ័យខ្លាចរបស់យើងអាចនាំឲ្យមានសភាពកាន់តែវឹកវរខ្លាំងឡើង ។ តើខ្ញុំបានរៀបរាប់ពីការភ័យខ្លាចអស់ហើយឬនៅ ? ( « Be Not Troubled » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១៨ )
គឺដូចជាយើងមានការភ័យខ្លាចរបស់យើងផ្ទាល់ដែរ ពួកសាសន៍អ៊ីស្រាអែលក៏បានប្រឈមមុខនឹងកាលៈទេសៈ ដែលបានបណ្តាលឲ្យពួកគេភ័យខ្លាចផងដែរ ។ អេសាយបានព្យាករអំពីការបំផ្លិចបំផ្លាញ និងការចាប់ជាឈ្លើយដែលនឹងធ្លាក់លើអ៊ីស្រាអែល និងយូដា ។ ចាប់ពី អេសាយ ៤០ ទៅ ព្រះបានបំផុសគំនិតអេសាយឲ្យសរសេរទៅកាន់ពួកសាសន៍យូដានៅពេលអនាគតដ៏យូរអង្វែង ដែលនឹងត្រូវរស់នៅក្នុងការជាប់ឃុំឃាំង ។ តើមនុស្សម្នាក់ដែលជាប់ឃុំឃាំងអាចនឹងមានការភ័យខ្លាច ឬកង្វល់អ្វីខ្លះ ?
សូមអាន អេសាយ ៤០:១–២ ។ សូមរកមើលសារលិខិតដែលព្រះបានណែនាំអេសាយឲ្យចែកចាយដល់រាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ ។ បន្ទាប់មក សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹងខគម្ពីរទាំងនេះអំពីបុគ្គលិកលក្ខណៈ ឬគុណលក្ខណៈរបស់ព្រះ ដែលអ្នកបានរៀន ។
នៅពេលអ្នកសិក្សា សូមរកមើលអ្វីដែលព្រះបង្រៀន ដែលអាចជួយអ្នកឲ្យទទួលបានការលួងលោមរបស់ទ្រង់បន្ថែមទៀត ។ ប្រសិនបើអ្នកអាន ឬស្ដាប់ឮអ្វីមួយដែលអ្នកគិតថាអាចនឹងនាំមកនូវការលួងលោម គំនិតទាំងនោះអាចជាព្រះវិញ្ញាណបរិសុទ្ធកំពុងប្រាស្រ័យទាក់ទងមកអ្នក ។ សូមពិចារណាកត់ត្រាការយល់ដឹងទាំងនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះលួងលោមប្រជារាស្រ្តរបស់ទ្រង់ដោយរបៀបណា ?
ដើម្បីជួយលួងលោមរាស្រ្តនៃសេចក្ដីសញ្ញារបស់ទ្រង់ ព្រះបានបំផុសគំនិតអេសាយឲ្យបង្រៀនរឿងជាច្រើនអំពីទ្រង់នៅក្នុង អេសាយ ៤០–៤៣ ។
សូមសិក្សាសំណុំខគម្ពីរពីរ ឬច្រើន នៅខាងក្រោមនេះ ។ បន្ទាប់មកដោយប្រើជំហានទាំងបីខាងក្រោមនេះ សូមសរសេរសារខ្លីមួយ ដែលអាចលួងលោមនរណាម្នាក់ដែលភ័យខ្លាច ។ សូមពិចារណាចែកចាយសាររបស់អ្នកជាមួយនរណាម្នាក់ដែលអាចត្រូវការវា ។
-
អេសាយ ៤០:៩–១១
-
អេសាយ ៤០:២៨–៣១
-
អេសាយ ៤១:១៧–២០
-
អេសាយ ៤២:៥–៧
-
អេសាយ ៤៣:១–២
-
អេសាយ ៤៣:២៥–២៦
-
សូមជ្រើសរើសពាក្យ ឬឃ្លាចេញពីវគ្គបទគម្ពីរនេះ ដែលអាចជួយនរណាម្នាក់ឲ្យទទួលអារម្មណ៍លួងលោមពីព្រះ ។ សូមសង្ខេបអ្វីៗទាំងនេះទៅជាសេចក្តីថ្លែងការណ៍ដ៏សាមញ្ញមួយនៃសេចក្តីពិត ។
-
សូមស្វែងរកបទគម្ពីរ ទំនុកតម្កើង ឬសេចក្តីថ្លែងការណ៍មួយមកពីអ្នកដឹកនាំសាសនាចក្រ ដើម្បីគាំទ្រការបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ។
-
សូមប្រើបទពិសោធន៍ផ្ទាល់ខ្លួន ឬគំរូសម័យទំនើបមួយ ដែលបង្ហាញពីរបៀបដែលការដឹងពីសេចក្ដីពិតនេះអំពីព្រះអាចនាំមកនូវការលួងលោមបាន ។
ជម្រើស ខ
តើព្រះអាចពង្រឹងអ្នកបានដោយរបៀបណា ?
សូមអាន អេសាយ ៤១:១០–១៤ ដោយស្វែងរកព្រះបន្ទូលនៃការលួងលោមរបស់ព្រះចំពោះរាស្ដ្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ សូមកត់ចំណាំថាពាក្យ ដង្កូវ នៅក្នុង ខទី ១៤ អាចមានន័យថា ស្លូតបូត និងរាបទាប ។ តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកគិតថាអាចលួងលោមបាន ? ហេតុអ្វី ?
សូមសរសេរកំណត់ចំណាំនៅក្បែរ អេសាយ ៤១:១០–១៤ នូវសេចក្ដីពិតដូចតទៅនេះ ៖ យើងមិនចាំបាច់ភ័យខ្លាចទៀតទេ ព្រោះព្រះនឹងគង់នៅជាមួយ ហើយពង្រឹងរាស្ដ្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។
ដើម្បីជួយអ្នកឲ្យយល់ពីសេចក្ដីពិតនេះ សូមអាន ឬស្តាប់បទ « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើង ល.រ. ៣៧ ) ។ សូមរកមើលពាក្យ ឬឃ្លាដែលអ្នកឃើញថាផ្ដល់ការលួងលោម ។ អ្នកក៏អាចដាក់តំណភ្ជាប់ អេសាយ ៤១:១០ ទៅនឹងវគ្គទី៣នៃទំនុកតម្កើងនេះផងដែរ ។ តើការដឹងថាព្រះនឹងគង់នៅជាមួយ និងពង្រឹងយើង អាចជួយយើងមិនឲ្យភ័យខ្លាចដោយរបៀបណា ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយពីរបៀបដែលទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់អាចជួយយើងមិនឲ្យភ័យខ្លាច ៖
ទោះជាមានឥទ្ធិពលលោកិយកើនឡើងនៅជុំវិញខ្លួនយើងក្តី ក៏យើងពុំចាំបាច់ភ័យខ្លាចឡើយ ។ ព្រះអម្ចាស់នឹងមិនដែលបោះបង់រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ចោលឡើយ ។ មានអំណាចតបស្នងមកវិញនៃអំណោយទានខាងវិញ្ញាណ និងការដឹកនាំដ៏ទេវភាពសម្រាប់ពួកសុចរិត ។ ប៉ុន្ដែពរជ័យបន្ថែមនៃអំណាចខាងវិញ្ញាណនេះ មិននៅមាំមួនជាមួយយើង ដោយព្រោះតែយើងគឺជាផ្នែកមួយនៃជំនាន់នេះឡើយ ។ វានឹងនៅមាំមួន នៅពេលយើងពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ កាលយើងរៀនស្គាល់ និងស្រឡាញ់ទ្រង់ ។ ( នែល អិល អាន់ឌើរសិន « ចូលមកកាន់តែជិតព្រះអង្គសង្គ្រោះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៧៣–៧៤ )
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះបានគង់នៅជាមួយអ្នក ឬបានពង្រឹងអ្នក ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទទួលបានការលួងលោមរបស់ព្រះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
វគ្គបទគម្ពីរដែលអ្នកបានសិក្សា និងសារលិខិតខ្លីរបស់អ្នក ។
-
ការឆ្លើយតបរបស់អ្នកទៅនឹងពេលវេលាដែលអ្នកមានអារម្មណ៍ថា ព្រះគង់នៅជាមួយអ្នក ឬពង្រឹងដល់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?