ការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ដោយ ហ្គ្រេក អូលសិន
អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ ៖ មេរៀនទី ១១៨
អេសាយ ២៩
« ការណ៍អស្ចារ្យ ហើយចម្លែក »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អេសាយបានពិពណ៌នាអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ រួមទាំងការចេញមកនៃព្រះគម្ពីរមរមន ដូចជា « ការណ៍អស្ចារ្យ ហើយចម្លែក » ( អេសាយ ២៩:១៤ ) ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណចំពោះការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរមរមន ។
សិក្សាព្រះគម្ពីរ
តើព្រឹត្តិការណ៍អ្វីដែលត្រូវបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ?
-
« សេចក្ដីងងឹតនឹងគ្របលើផែនដី » ( អេសាយ ៦០:២ )
-
« អំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ » ( អេម៉ុស ៨:១១ )
-
« ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងពួកអ្នករាល់គ្នា » ( កិច្ចការ ២០:២៩ )
-
« សេចក្តីក្បត់សាសនា » ( ថែស្សាឡូនីច ទី២ ២:៣ )
ប្រសិនបើអ្នកទាយថាការក្បត់សាសនាដ៏ធំ នោះអ្នកត្រូវហើយ ! ការក្បត់សាសនាដ៏ធំសំដៅទៅលើ « ការរីករាលដាលនៃការធ្លាក់ចុះចេញពីដំណឹងល្អ និងសាសនាចក្ររបស់ព្រះអម្ចាស់ » ដែលបានកើតឡើងបន្ទាប់ពីការសុគតរបស់ព្រះអង្គសង្រ្គោះ និងការស្លាប់របស់ពួកសិស្សទ្រង់ ( ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ទំព័រ ៣៧ ) ។
ការព្យាកររបស់អេសាយ ។ ការព្យាករជាច្រើនរបស់អេសាយសំដៅទៅលើរយៈពេលផ្សេងៗគ្នា និងមានការបំពេញជាច្រើន ។ ឧទាហរណ៍ អេសាយ ២៩ គឺជាការព្យាករមួយសម្រាប់ប្រជាជនរបស់អេសាយផ្ទាល់ថា ក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោលក្នុងពេលឆាប់ៗនេះ ។ ទោះជាយ៉ាងណា ការព្យាកររបស់លោកនៅក្នុង អេសាយ ២៩ ក៏អាចសំដៅទៅលើការក្បត់សាសនាដ៏ធំផងដែរ ( សូមមើល នីហ្វៃទី២ ២៧ ) ។
សូមអាន អេសាយ ២៩:៨–១០ ហើយរកមើលការពិពណ៌នាអំពីការក្បត់សាសនាដ៏ធំ ។ សូមគូសសម្គាល់អ្វីដែលអ្នករកឃើញ ។ យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សជាច្រើននៅតែស្រេកឃ្លាន ភ្ញាក់ផ្អើល ឬដេកលក់ខាងវិញ្ញាណ ។ យើងក៏អាចធ្វើការជ្រើសរើសដែលធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ផងដែរ ។ សូមចំណាយពេលបន្តិចដើម្បីជញ្ជឹងគិតពីរបៀបដែលអ្នក ឬមនុស្សដែលអ្នកស្រឡាញ់អាចមានអារម្មណ៍បែបនេះ ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងគុណចំពោះអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង ដើម្បីយកឈ្នះលើឧបសគ្គទាំងនេះ ហើយងាកមករកទ្រង់ទាំងទ្វេ ។
នៅក្នុង អេសាយ ២៩:៤ អេសាយបានព្យាករពីព្រះគម្ពីរមរមន ។ ព្រះគម្ពីរនេះត្រូវបានបកប្រែចេញពីផ្ទាំងចំណារ ដែលបានលាក់ទុកនៅក្នុងដី ដែលអេសាយបានពិពណ៌នាថាជាសំឡេង « មកពីធូលីដី » ។ សូមដាក់តំណភ្ជាប់ទៅនឹងវគ្គបទគម្ពីរខាងក្រោមនេះ ដែលបញ្ជាក់ព្រះគម្ពីរមរមនថាជាការបំពេញតាមការព្យាករនេះ ទៅនឹង អេសាយ ២៩:៤ ៖
-
កថាខណ្ឌចុងក្រោយនៃ « ទីបន្ទាល់នៃព្យាការីយ៉ូសែប ស៊្មីធ » ដែលមាននៅក្នុងទំព័របុព្វកថានៃព្រះគម្ពីរមរមន ។
សូមអាន អេសាយ ២៩:១៣–១៤ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងធ្វើ បន្ថែមទៅលើការបើកសម្ដែងព្រះគម្ពីរមរមន ដើម្បីយកឈ្នះលើឥទ្ធិពលនៃការក្បត់សាសនាដ៏ធំ ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ពីអ្វីជាការណ៍អស្ចារ្យ ហើយចម្លែក ៖
ការណ៍អស្ចារ្យ [ ហើយចម្លែក ] នោះនឹងរួមបញ្ចូលការចេញមកនៃព្រះគម្ពីរមរមន និងការស្ដារឡើងវិញនៃដំណឹងល្អ ។ ( « Scriptural Witnesses » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៤៦ )
សូមសរសេរកំណត់ចំណាំមួយនៅក្បែរឃ្លា « ការណ៍អស្ចារ្យ ហើយចម្លែក » នៅក្នុង អេសាយ ២៩:១៤ ជាមួយសេចក្ដីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់បានស្តារដំណឹងល្អរបស់ទ្រង់ឡើងវិញ ហើយបាននាំមកនូវព្រះគម្ពីរមរមន ដើម្បីយកឈ្នះលើឥទ្ធិពលនៃការក្បត់សាសនាដ៏ធំ ។
អេសាយ ២៩:១៣–១៤ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះថា « ការស្តារឡើងវិញនៃដំណឹងល្អគឺជា ‹ ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក › » ។ សូមប្រើតន្ត្រីដើម្បីទន្ទេញឃ្លាបទគម្ពីរគន្លឹះ ។ សូមប្រើភ្លេង ឬវគ្គបន្ទរនៃបទចម្រៀងមួយដែលធ្លាប់ស្គាល់ ហើយជំនួសពាក្យទាំងនេះដោយឃ្លាបទគម្ពីរគន្លឹះ ។
ការស្ដារឡើងវិញនៃដំណឹងល្អគឺជា « ការតាំងឡើងវិញរបស់ព្រះនូវសេចក្ដីពិត និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អនៅក្នុងចំណោមមនុស្សលោកនៅលើផែនដី » ( « ការសាងឡើងវិញនៃដំណឹងល្អ » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរមរមន អាចជួយយើងឲ្យយកឈ្នះលើការលំបាកខាងវិញ្ញាណ ដែលបណ្តាលមកពីការក្បត់សាសនាដ៏ធំដោយរបៀបណា ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះគម្ពីរមរមនបាននាំឲ្យខ្ញុំខិតកាន់តែជិតព្រះដោយរបៀបណា ?
សូមអាន អេសាយ ២៩:១៨–១៩ ។ សូមគូសសម្គាល់ពរជ័យទាំងឡាយ ដែលកើតឡើងដោយសារតែព្រះគម្ពីរមរមន ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
មានរឿងអស្ចារ្យមួយកើតឡើង ពេលកូនម្នាក់របស់ព្រះស្វែងយល់ចង់ដឹងបន្ថែមទៀតអំពីទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ ។ គ្មានកន្លែងណាផ្សេងទៀតដែលសេចក្ដីពិតទាំងនោះបានបង្រៀនយ៉ាងច្បាស់ ហើយពេញដោយអានុភាពជាងនៅក្នុងព្រះគម្ពីរមរមនឡើយ ។ ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៦១ )
សូមកំណត់ខគម្ពីរមួយ ឬដំណើររឿងមួយចេញពីព្រះគម្ពីរមរមន ដែលនាំអ្នកឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើមានប្រយោជន៍ អ្នកអាចមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនបាន ។
សូមចែកចាយខគម្ពីរមួយមកពីព្រះគម្ពីរមរមន ដែលអ្នកមានអំណរគុណ ជាមួយនឹងសមាជិកគ្រួសារ ឬមិត្តភក្តិ ។ អ្នកអាចសុំឲ្យពួកគេចែកចាយខគម្ពីរអ្វីដែលពួកគេមានអំណរគុណដល់ ។
ជម្រើស ខ
តើខ្ញុំអាចធ្វើសកម្មភាពដោយសេចក្តីជំនឿបានយ៉ាងដូចម្តេច ដើម្បីទទួលបានសាក្សីផ្ទាល់ខ្លួនអំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
នៅខែមេសា ឆ្នាំ២០២០ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញសេចក្តីប្រកាសមួយ ដើម្បីរំឭកខួបលើកទី២០០នៃការនិមិត្តដំបូងដែល យ៉ូសែប ស្ម៊ីធ បានទទួល ។ សេចក្ដីប្រកាសនេះមានចំណងជើងថា « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » ។
សូមអាន ឬមើលប្រធាន ណិលសុន ចែកចាយ « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » ។
សូមសិក្សាប្រកបដោយការអធិស្ឋាននូវសារលិខិតនៃការស្តារឡើងវិញនេះ ហើយជ្រើសរើសរបៀបមួយ ឬពីរដែលអ្នកនឹង « ធ្វើសកម្មភាពដោយជំនឿ » ដើម្បីទទួលបានសាក្សីផ្ទាល់ខ្លួនអំពីទេវភាពនៃការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការរង់ចាំព្រះអម្ចាស់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ខគម្ពីរមកពីព្រះគម្ពីរមរមន ដែលអ្នកបានជ្រើសរើសសម្រាប់ជម្រើស ក ។
-
ទិដ្ឋភាពនៃការស្តារឡើងវិញ ដែលអ្នកបានរកឃើញ និងរបៀបដែលវាជួយអ្នកឲ្យខិតកាន់តែជិតព្រះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?