អេសាយ ៤០–៤៩ ៖ មេរៀនទី ១២១
អេសាយ ៤៩
« យើងបានចារិកឯងទុកនៅផ្ទៃបាតដៃរបស់យើងហើយ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់អ្នកដោយផ្ទាល់ និងដោយឥតខ្ចោះ ។ ប៉ុន្តែពេលខ្លះ យើងឃើញបញ្ហាប្រឈមនៃជីវិតរមែងស្លាប់ និងស្រែកថា « ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ » ( សូមមើល អេសាយ ៤៩:១៤ ) ។ ពាក្យសម្ដីរបស់អេសាយអាចជួយធានាដល់យើងបាន នៅអំឡុងគ្រាលំបាកៗ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ហើយនឹងមិនភ្លេចអ្នកឡើយ ។
សិក្សាព្រះគម្ពីរ
ផ្កាដ៏ស្រស់ស្អាតទាំងនេះមានឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ៖ កុំភ្លេចខ្ញុំ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះនៅក្នុងគណៈប្រធានទីមួយ បានថ្លែងអំពីផ្កាទាំងនេះ ៖ លោកមានប្រសាសន៍ថា ៖
កាលនៅក្មេង ពេលខ្ញុំមើលផ្កាកុំភ្លេចខ្ញុំ ពេលខ្លះខ្ញុំមានអារម្មណ៍ថាដូចជាផ្កានោះ—តូច ហើយមិនសំខាន់ ។ ខ្ញុំឆ្ងល់ថាតើគ្រួសារខ្ញុំ ឬព្រះវរបិតាសួគ៌របស់ខ្ញុំនឹងបំភ្លេចខ្ញុំឬអត់ ។ ( « Forget Me Not » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ១២២ )
តើមានហេតុផលអ្វីខ្លះដែលក្មេងវ័យជំទង់អាចនឹងទទួលអារម្មណ៍ថា អ្នកដទៃ ឬព្រះវរបិតាសួគ៌ភ្លេចពួកគេ ?
ជាច្រើនឆ្នាំក្រោយមក ខ្ញុំអាចមើលទៅក្មេងប្រុសរូបនោះវិញដោយភាពទន់ភ្លន់ និងក្តីមេត្តា ។ ហើយខ្ញុំដឹងឥឡូវនេះ—ថាខ្ញុំមិនត្រូវបានបំភ្លេចឡើយ ។ ហើយខ្ញុំដឹងអ្វីមួយផ្សេងទៀត ៖ ក្នុងនាមជាសាវករបស់លោកចៅហ្វាយ ដែលជាព្រះយេស៊ូវគ្រីស្ទរបស់យើង ខ្ញុំសូមប្រកាសដោយច្បាស់លាស់ និងដោយជឿជាក់អស់ពីដួងចិត្តរបស់ខ្ញុំ—ទ្រង់ក៏មិនភ្លេចអ្នកដែរ ! អ្នកពុំត្រូវបានបំភ្លេចចោលឡើយ ។ ( « Forget Me Not » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ១២២ )
សូមជញ្ជឹងគិតអំពីបទពិសោធន៍របស់អ្នកផ្ទាល់ជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកមានទំនុកចិត្តកម្រិតណាថាទ្រង់ទាំងទ្វេស្គាល់ និងចងចាំអ្នក ? តើបទពិសោធន៍អ្វីខ្លះដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់មាន ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពីរបៀបដែលទ្រង់ទាំងទ្វេស្គាល់ និងចងចាំអ្នកបានយ៉ាងល្អឥតខ្ចោះ ?
នៅពេលអ្នកសិក្សា អេសាយ ៤៩ នៅថ្ងៃនេះ សូមស្វែងរកចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងមិនភ្លេចអ្នកឡើយ ។
ព្រះអម្ចាស់នឹងមិនភ្លេចស៊ីយ៉ូនឡើយ
ការសរសេរជាស្រទាប់ ៖ ជាញឹកញាប់ អេសាយបានសរសេរជាស្រទាប់ ។ ពាក្យសម្ដីរបស់លោកអាចថ្លែង ទៅកាន់ ឬ អំពី មនុស្សជាច្រើនក្នុងពេលតែមួយ រួមទាំងព្រះអង្គសង្គ្រោះ អ៊ីស្រាអែលក្នុងសេចក្ដីសញ្ញាពីបុរាណ អ៊ីស្រាអែលក្នុងសេចក្ដីសញ្ញានៅសម័យទំនើប ឬសូម្បីតែអេសាយខ្លួនឯងផ្ទាល់ផងដែរ ។
សូមអាន អេសាយ ៤៩:៤–៥ ហើយគូសសម្គាល់ពាក្យ ឬឃ្លានានាដែលពិពណ៌នាអំពីអារម្មណ៍របស់អេសាយអំពីបេសកកម្មរបស់លោក ។
នៅជាប់នឹងគំនូសសម្គាល់មួយដែលអ្នកបានគូស សូមកត់ត្រានៅក្នុងកំណត់ចំណាំមួយ ពីរបៀបដែលរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះនៅសព្វថ្ងៃនេះអាចយល់ពីអារម្មណ៍របស់អេសាយបាន ។
សូមអាន អេសាយ ៤៩:១៣–១៦ ។ សូមគូសសម្គាល់ឃ្លាដែលជួយអ្នកឲ្យយល់ថា ព្រះអម្ចាស់ស្រឡាញ់យើង ហើយទ្រង់នឹងមិនភ្លេច ឬបោះបង់យើងចោលឡើយ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើស្នាមរបួសរបស់ព្រះអង្គសង្គ្រោះតំណាងឲ្យសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំយ៉ាងដូចម្តេច ?
សូមធ្វើសេចក្ដីយោងឆ្លង ឬភ្ជាប់ អេសាយ ៤៩:១៦ ជាមួយ យ៉ូហាន ១៩:១៥–១៩ និង នីហ្វៃទី៣ ១១:១០–១៥ ។ សូមអានវគ្គបទគម្ពីរទាំងនេះដោយយឺតៗ ដោយគូសចំណាំពាក្យ និងឃ្លាទាំងឡាយដែលជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ។ សូមរកមើលការបង្រៀននានា ដែលជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេចំពោះអ្នក ។
ប្រសិនបើមាន សូមមើលវីដេអូខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យស្រមៃឃើញអ្វីដែលអ្នកបានអាន ។
-
« Jesus Is Scourged and Crucified » ពីនាទី ២:៣១ ដល់នាទី ៣:១១
4:45 -
« Jesus Christ Appears at the Temple | 3 Nephi 11:1–17 » ពីនាទី ២:២៣ ដល់នាទី ៤:៥៧
5:38
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
នៅក្នុងពិភពលោកថ្មី ព្រះអង្គសង្គ្រោះដែលរស់ឡើងវិញរបស់យើង បានអញ្ជើញអ្នកទាំងឡាយដែលមានវត្តមានចូលមក ម្ដងម្នាក់ៗ ដើម្បីដាក់ដៃរបស់ពួកគេនៅចំហៀងទ្រង់ និងដើម្បីស្ទាបស្នាមដែកគោលនៅលើព្រះហស្ត និងព្រះបាទាទ្រង់ ។ … [ សូម ] ពិចារណាអំពីរបៀបដែលរូបកាយរស់ឡើងវិញ និងល្អឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះ នៅមានស្នាមនៅចំហៀង និងស្នាមដែកគោលនៅព្រះហស្ត និងព្រះបាទាទ្រង់ ។ ជួនកាលនៅក្នុងប្រវត្តិសាស្ត្រ មនុស្សរមែងស្លាប់ត្រូវបានសម្លាប់ដោយការឆ្កាង ។ ប៉ុន្តែមានតែព្រះអង្គសង្គ្រោះរបស់យើង ជាព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលឱបក្រសោបយើងខណៈពេលដែលត្រូវរក្សាស្នាមនៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ ។ មានតែទ្រង់ប៉ុណ្ណោះដែលបំពេញតាមការព្យាករនៃការត្រូវលើកឡើងទៅលើឈើឆ្កាង ដើម្បីទ្រង់អាចនាំយើងម្នាក់ៗខិតទៅជិតទ្រង់ដោយសារព្រះនាមទ្រង់ ។ ( « Always Remember Him » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១១០ )
សូមសរសេរកំណត់ចំណាំមួយនៅក្បែរ អេសាយ ៤៩:១៦ ហើយពន្យល់ពីអត្ថន័យនៃឃ្លាថា « យើងបានចារិកឯងទុកនៅផ្ទៃបាតដៃរបស់យើងហើយ » ចំពោះអ្នក ។
ជម្រើស ខ
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងបំភ្លេចខ្ញុំដែរឬទេ ?
សូមសិក្សាបទគម្ពីរ និងសេចក្តីថ្លែងការណ៍ចំនួនបី ឬច្រើន នៅខាងក្រោមនេះ ហើយស្វែងរកការយល់ដឹងដែលអាចជួយអ្នកឲ្យដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងមិនភ្លេចអ្នកឡើយ ។ អ្នកអាចដាក់តំណភ្ជាប់វគ្គបទគម្ពីរទាំងនេះបាន ។
-
អេសាយ ៥០:១–២, ១០
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖
វាមិនទំនងទេ ដែលម្ដាយពេញដោយក្តីស្រឡាញ់នឹងភ្លេចកូនតូចរបស់ខ្លួននោះ ព្រះយេហូវ៉ាបានប្រកាសថា ភក្ដីភាពរបស់ទ្រង់គឺកាន់តែមិនប្រែប្រួលទៅទៀត ។ … ដោយសារព្រះយេស៊ូវគ្រីស្ទបានស៊ូទ្រាំនឹងពលិកម្មដ៏ធួនដែលគ្មានទីបញ្ចប់ នោះទ្រង់ក៏ស្គាល់ទុក្ខលំបាករបស់យើងយ៉ាងច្បាស់ដែរ ។ ទ្រង់ស្គាល់យើង និងកាលៈទេសៈរបស់យើងជានិច្ច ។ ( « កំហឹងចំពោះភាពអយុត្តិធម៌ » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៤៣ )
ប្រធាន ជែហ្វ្រី អ័រ ហូឡិន បានថ្លែង ៖
មនុស្សគ្រប់គ្នា រួមទាំង ( ហើយប្រហែលជាពិសេស ) មនុស្សសុចរិតផងដែរ នឹងត្រូវបានហៅឲ្យប្រឈមមុខនឹងគ្រាដ៏លំបាក ។ នៅពេលការណ៍នោះកើតឡើង ពេលខ្លះយើងអាចភ័យខ្លាចថា ព្រះបានបោះបង់យើងចោល ហើយយើងអាចត្រូវបានទុកចោល យ៉ាងហោចណាស់មួយគ្រាដែរ ឲ្យឆ្ងល់ថាតើពេលណាទៅទើបបញ្ហារបស់យើងចប់ ។ …
… ពេលណាដែលគ្រាដ៏លំបាកបំផុតទាំងនេះរបស់យើងមកដល់ នោះយើងមិនត្រូវចុះចាញ់នឹងការភ័យខ្លាចថា ព្រះបានបោះបង់ចោលយើង ឬថាទ្រង់មិនស្តាប់ការអធិស្ឋានយើងឡើយ ។ ទ្រង់ ពិតជា ស្តាប់ឮយើងមែន ។ ទ្រង់ ពិតជា មើលឃើញយើងមែន ។ ទ្រង់ ពិតជា ស្រឡាញ់យើងមែន ។ … ទ្រង់គង់នៅទីនោះជាមួយយើង—នៅកន្លែងដែលទ្រង់គង់នៅជាយូរមកហើយ ! ( « Lessons from Liberty Jail » [ សុន្ទរកថាការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៨ ] ទំព័រ ៥ នៅលើគេហទំព័រ speeches.byu.edu )
សូមសរសេរកំណត់ចំណាំមួយនៅក្បែរ អេសាយ ៤៩:១៥ ហើយពន្យល់ពីអត្ថន័យដែលវាមានចំពោះអ្នក ដែលថា ព្រះគ្រីស្ទនឹង « មិនដែលភ្លេចឯងឡើយ » ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ហើយនឹងមិនភ្លេចអ្នកឡើយ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
កំណត់ចំណាំដែលអ្នកបានសរសេរមកពីជម្រើស ក ។
-
កំណត់ចំណាំដែលអ្នកបានសរសេរមកពីជម្រើស ខ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?