សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ មេរៀនទី ១១០
សុភាសិត ៣
« ចូរទីពឹងដល់ព្រះយេហូវ៉ា »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ពេលខ្លះ វាអាចពិបាកក្នុងការទុកចិត្តលើព្រះអម្ចាស់ ។ នៅពេលយើងរៀនស្គាល់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះកាន់តែច្បាស់ នោះយើងដឹងថា អ្វីៗគ្រប់យ៉ាងដែលទ្រង់ទាំងទ្វេធ្វើ គឺដើម្បីជាផលប្រយោជន៍ដល់បុត្រាបុត្រីរបស់ទ្រង់ ។ និយាយម្យ៉ាងទៀតគឺ សកម្មភាពរបស់ទ្រង់ទាំងទ្វេគឺតែងតែឈ្លាសវៃ និងមានគោលបំណង ។ ជំនួសឲ្យការពឹងផ្អែកលើការយល់ដឹងដ៏មានកំណត់របស់យើងផ្ទាល់ នោះយើងអាចជ្រើសរើសដើម្បីទុកចិត្តលើទ្រង់ទាំងទ្វេបាន ។ មេរៀននេះអាចជួយអ្នកឲ្យដាក់ទីទុកចិត្តរបស់អ្នកលើទ្រង់ទាំងទ្វេ ។
សិក្សាព្រះគម្ពីរ
សូមគិតអំពីមនុស្សដែលអ្នកនឹងស្ម័គ្រចិត្តទុកចិត្តខ្លាំងបំផុត ៖
-
ឲ្យជូនអ្នកទៅផ្ទះនៅយប់ជ្រៅ ។
-
ទុកដាក់ប្រាក់កាសរបស់អ្នក ។
-
ផ្តល់ដំបូន្មានដល់អ្នកអំពីមនុស្សដែលអ្នកគួរតែណាត់ជួប ឬរៀបការ ។
-
បង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបធ្វើតាមទ្រង់ ។
តើនរណាម្នាក់ត្រូវមានគុណសម្បត្តិអ្វីខ្លះ ដើម្បីឲ្យអ្នកទុកចិត្តលើពួកគេ ?
សូមអាន សុភាសិត ៣:៥ ហើយជញ្ជឹងគិតពីអត្ថន័យរបស់វាចំពោះអ្នក ។ តើអ្នកស្ថិតនៅក្នុងស្ថានភាពជីវិតយ៉ាងដូចម្ដេចដែរនៅពេលឥឡូវនេះ ដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវទុកចិត្តលើព្រះអម្ចាស់ច្រើនជាងទុកចិត្តលើខ្លួនឯង ?
នៅពេលអ្នកសិក្សាព្រះគម្ពីរថ្ងៃនេះ សូមរកមើលអ្វីដែលអ្នករៀនពីព្រះវិញ្ញាណបរិសុទ្ធ ដែលជួយអ្នកឲ្យដាក់ការទុកចិត្តរបស់អ្នកលើព្រះអម្ចាស់ ។
សូមអាន សុភាសិត ៣:៥–៦ ។ នៅក្នុងកំណត់ចំណាំមួយនៅជាប់នឹងខគម្ពីរទាំងនេះ សូមបំពេញសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖
-
« ប្រសិនបើខ្ញុំ … នោះព្រះអម្ចាស់នឹង … »
នៅក្នុងកំណត់ចំណាំដដែលនេះ សូមឆ្លើយសំណួរមួយ ក្នុងចំណោមសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានអត្ថន័យដូចម្តេច ដើម្បីទុកចិត្តលើព្រះអម្ចាស់ « អស់អំពីចិត្ត [ របស់យើង ] » ( ខទី ៥ ) ?
-
តើអ្នកគិតថា ការទុកចិត្តលើព្រះអម្ចាស់ជំនួសឲ្យ « យោបល់របស់ខ្លួន » របស់យើងមានអត្ថន័យដូចម្តេច ( ខទី ៥ ) ?
សុភាសិត ៣:៥–៦ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត … នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។ សូមប្រើអក្សរដំបូងនៃពាក្យនីមួយៗ ដើម្បីជួយអ្នកឲ្យទន្ទេញឃ្លាបទគម្ពីរគន្លឹះនេះចាំ ៖ « ចទដពឲអអច … នទនតអទផចរឯ » ។ សូមសូត្រឃ្លានេះឲ្យឮខ្លាំងៗ រហូតដល់អ្នកទន្ទេញចាំវា ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើការទុកចិត្តលើព្រះមានសភាពដូចម្ដេចទៅ ?
ស៊ីស្ទើរ បូនី អេច ខ័រឌុន អតីតប្រធានយុវនារីទូទៅ បានបង្រៀន ៖
ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើលោកិយនេះ ។ ហើយដោយសារទ្រង់ ដង្វាយធួនដ៏គ្មានទីបញ្ចប់របស់ទ្រង់ យើងគ្រប់គ្នាមានបុព្វហេតុដ៏ធំដើម្បីទុកចិត្ត ដោយដឹងថា នៅទីបំផុតអ្វីៗនឹងបានប្រសើរឡើង ។
… យើង[ ម្នាក់ៗ ]អាចទុកចិត្តលើព្រះអម្ចាស់ ហើយ កុំឲ្យ ពឹងផ្អែកលើយោបល់ខ្លួនឡើយ ។ យើងអាចធ្វើឲ្យជីវិតយើងផ្ដោតលើព្រះអង្គសង្គ្រោះបាន តាមរយៈការមកស្គាល់ទ្រង់ ហើយទ្រង់នឹងដឹកនាំផ្លូវយើង ។ ( « Trust in the Lord and Lean Not » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៩ )
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយរកមើលមូលហេតុដែលអ្នកចង់ទុកចិត្តលើព្រះអម្ចាស់ ជាជាងលើយោបល់ផ្ទាល់ខ្លួនរបស់អ្នក ។ សូមដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « ទុកចិត្តលើព្រះ » ឬប្រើស្លាកមួយទៀតដែលជាជម្រើសរបស់អ្នក ។
-
អេសាយ ៥៥:៨–៩ ( អេសាយថ្លែងអំពីព្រះបន្ទូលរបស់ព្រះ )
-
នីហ្វៃទី២ ៤:៣៤–៣៥ ( នីហ្វៃសម្តែងការជឿទុកចិត្តលើព្រះអម្ចាស់ )
-
នីហ្វៃទី២ ២៦:២៤ ( នីហ្វៃបង្រៀនអំពីព្រះ )
-
យ៉ាកុប ៤:១០ ( យ៉ាកុបដាស់តឿនប្រជាជនរបស់លោក )
-
ម៉ូសាយ ៤:៩ ( ស្តេចបេនយ៉ាមីនថ្លែងសុន្ទរកថាលើកចុងក្រោយរបស់ទ្រង់ )
សូមជញ្ជឹងគិតថា តើគុណសម្បត្តិរបស់ព្រះអម្ចាស់មួយណាដែលជួយអ្នកឲ្យទុកចិត្តលើទ្រង់បាន—សូម្បីតែនៅពេលដែលដំបូន្មានរបស់ទ្រង់អាចប្រឆាំងនឹងយោបល់របស់អ្នកផ្ទាល់ក៏ដោយ ។
ប្រសិនបើមាន សូមមើលវីដេអូ « Trust in the Lord: Music Video » ( ៤:១១ ) ។ អ្នកក៏អាចរកមើល ទំនុកច្រៀង នៃវីដេអូចម្រៀងនេះ ដើម្បីស្វែងរកឃ្លានានា ដែលជួយអ្នកឲ្យចង់ទុកចិត្តលើព្រះអម្ចាស់ផងដែរ ។
សូមពិភាក្សាពីសំណួរខាងក្រោមជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ៖
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ បានទុកចិត្តលើព្រះអម្ចាស់ ជាជាងយោបល់ផ្ទាល់ខ្លួនរបស់អ្នក ? តើទ្រង់បានជួយអ្នក ឬដឹកនាំអ្នកដោយរបៀបណា ?
ជម្រើស ខ
តើការកែតម្រូវរបស់ព្រះអម្ចាស់អាចជួយបង្កើនទំនុកចិត្តរបស់ខ្ញុំលើទ្រង់ដោយរបៀបណា ?
សូមអាន សុភាសិត ៣:១១–១៣ ហើយស្វែងរកហេតុផលមួយ ដែលអ្នកគួរតែដាក់ទីទុកចិត្តរបស់អ្នកលើព្រះ ។ សូមគូសសម្គាល់អ្វីដែលអ្នករកឃើញ ។ ហេតុអ្វីបានជាការណ៍នេះនឹងបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីទុកចិត្តលើទ្រង់ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ បានបង្រៀន ៖
« ប៉ុលបាននិយាយអំពីការកែតម្រូវ ឬការវាយផ្ចាលរបស់ព្រះថា « ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ » ( ហេព្រើរ ១២:៦ ) ។ ទោះបីជារឿយៗវាពិបាកស៊ូទ្រាំ តែជាការពិតយើងគួរតែរីករាយដែលព្រះចាត់ទុកថា យើងមានតម្លៃសមនឹងពេលវេលា និងបញ្ហាដែលត្រូវកែតម្រូវ ។
យ៉ាងហោចណាស់ ការវាយផ្ចាលដ៏ទេវភាពមានគោលបំណងបីយ៉ាង ៖ (១) ដើម្បីបញ្ចុះបញ្ចូលយើងឲ្យប្រែចិត្ត (២) ដើម្បីបន្សុទ្ធ ហើយញែកយើងចេញឲ្យបរិសុទ្ធ និង (៣) នៅពេលខ្លះតម្រង់ផ្លូវយើងជាថ្មីនៅក្នុងជីវិតឲ្យត្រូវទៅតាមអ្វីដែលព្រះជ្រាបថាជាផ្លូវដ៏ប្រសើរមួយ » ។ ( « As Many as I Love, I Rebuke and Chasten » Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ៩៨ )
សូមអាន និងដាក់តំណភ្ជាប់ ហេព្រើរ ១២:៦ ទៅកាន់ឃ្លា « ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង » នៅក្នុង សុភាសិត ៣:១២ ។
ប្រសិនបើមាន សូមមើលវីដេអូ « Trust in the Lord » ( ៣:៣០ ) ។ សូមរកមើលហេតុផលដែលមនុស្សជ្រើសរើសដើម្បីទុកចិត្តលើព្រះអម្ចាស់ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមបង្កើតបញ្ជីមួយអំពីមូលហេតុយ៉ាងហោចណាស់បី ដែលអ្នកទុកចិត្តលើព្រះ ឬមូលហេតុដែលអ្នកចង់ដាក់ទីទុកចិត្តរបស់អ្នកលើទ្រង់ ។ សូមរួមបញ្ចូលអ្វីដែលអ្នកបានរៀននៅក្នុង សុភាសិត ៣ ព្រមទាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យដាក់ការទុកចិត្តរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ការពិភាក្សាដែលអ្នកមានជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិអំពីការទុកចិត្តលើព្រះអម្ចាស់ ។
-
បញ្ជីនៃហេតុផលដើម្បីទុកចិត្តលើព្រះ និងការយល់ដឹងមកពី សុភាសិត ៣ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?