ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១១ ៖ សាស្ដា—« ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំងអស់​មក​ដើម្បី​ជំនុំជម្រះ »


យុវនារី​ម្នាក់​អង្គុយ​គិត​វែងឆ្ងាយ​នៅ​តុ​ផ្ទះបាយ

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ មេរៀន​ទី ១១១

សាស្តា

« ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំងអស់​មក​ដើម្បី​ជំនុំជម្រះ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពេលខ្លះ វា​អាច​ជា​ការងាយស្រួល​ក្នុង​ការផ្ដោតលើ​អ្វី​ដែល​កើតឡើង​ក្នុង​ជីវិត​នេះ ខណៈ​ពេល​ដែល​ភ្លេច​មើល​ជីវិត​របស់​យើង​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ នៅក្នុង​គម្ពីរ​សាស្ដា យើង​ត្រូវបាន​រំឭក​ថា អ្វីៗ​ក្នុង​ពិភពលោក​នេះ​គឺ​បណ្តោះ​អាសន្ន​ទេ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ដែល​ការបន្ដ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​បាន​កាន់តែ​ប្រសើរ ។

សិក្សា​ព្រះគម្ពីរ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាងក្រោម​អំពី​ការជ្រើសរើស​របស់​យើង ។

ប្រធាន រ័សុល អិម ណិលសុន

រាល់​ការជ្រើសរើស​សុចរិត​ដែល​ក្មួយៗ​ធ្វើ​នៅ​ទីនេះ នឹង​ទទួល​បាន​រង្វាន់​ក្នុង​ជីវិត​នេះ ។ ប៉ុន្តែ​ការជ្រើសរើស​សុចរិត​ក្នុង​ជីវិត​រមែងស្លាប់ ក៏​នឹង​ទទួល​បាន​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​នឹកស្មាន​មិន​ដល់​ផងដែរ ។ …

ជា​ការពិត​ណាស់ មារសត្រូវ​មិន​ចង់​ឲ្យ​ក្មួយៗ​គិត​សូម្បីតែ​អំពី​ថ្ងៃស្អែក ចុះ​ទម្រាំ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទៀត​នោះ ។ ( « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

តើ​ការខកខាន​មិន​បាន​មើល​ការជ្រើសរើស​របស់​យើង​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ អាច​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូចម្ដេច ? សូម​គិតពី​ការសម្រេចចិត្ត​មួយ​ដែល​អ្នក​កំពុង​ប្រឈមមុខ ដែល​អាច « ទទួល​បាន​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​នឹកស្មាន​មិន​ដល់ » ។ ឧទាហរណ៍ ការសម្រេចចិត្ត​ថា​តើ​ត្រូវ​បន្ត​ចំណាយ​ពេល​ជាមួយ​ក្រុម​មិត្តភក្តិ​ជាក់លាក់​មួយ​ក្រុម ឬ​របៀប​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​ដែល​អ្នក​បន្ដ​គិត​ឥត​ដាច់ ។

សូម​ជញ្ជឹងគិត​ពី​មូលហេតុ​ដែល​ព្រះវរបិតា​សួគ៌​ប្រហែលជា​ចង់​ឲ្យ​អ្នក​គិត​អំពី​អនាគត ពេល​ដែល​អ្នក​ធ្វើការ​សម្រេចចិត្ត​នេះ ។ តើ​មាន​អ្វី​អាច​កើតឡើង ប្រសិនបើ​អ្នក​មិន​បាន​គិត​ពី​អនាគត​ទេ​នោះ ? នៅពេល​អ្នក​សិក្សា​គម្ពីរ​សាស្ដា​នៅ​ថ្ងៃនេះ សូម​ខំព្យាយាម​យល់ពី​សេចក្ដីពិត​ទាំងឡាយ ហើយ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​មកពី​ព្រះអម្ចាស់ ដែល​អាច​ជួយ​អ្នក​ក្នុង​ការសម្រេចចិត្ត​នេះ​បាន ។

យុវជន​ម្នាក់​កំពុង​សិក្សា​បទគម្ពីរ

នៅក្នុង​គម្ពីរ​សាស្ដា អ្នកនិពន្ធ​បាន​សំដៅ​លើ​ខ្លួន​គាត់​ថា​ជា « គ្រូប្រដៅ » ( សាស្ដា ១:១ ) ។ គ្រូប្រដៅ​បាន​ធ្វើឲ្យ​ឃើញ​ពី​ភាពផ្ទុយគ្នា​នៃ​ភាពទទេ​នៃ​ការផ្ដោតលើ​ជីវិត​របស់​យើង​លើ​រឿង​ខាង​សាច់ឈាម ជាមួយនឹង​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​ដើម្បី​ជួប​ព្រះ ។

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ហើយ​រកមើល​អ្វី​ដែល​គ្រូប្រដៅ​បាន​រកឃើញ បន្ទាប់ពី​បាន​ខំ​ដេញ​តាម​រឿង​មួយ​ចំនួន​ដែល​មនុស្ស​ខ្លះ​គិត​ថា​នឹង​ធ្វើ​ឲ្យ​ពួកគេ​សប្បាយចិត្ត និង​នាំ​មក​នូវ​ការពេញ​ចិត្ត ។ សូម​គូសសម្គាល់​អ្វី​ដែល​អ្នក​រកឃើញ ។

ការជំនួស​ពាក្យ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការជំនួស​ពាក្យ ឬ​ឃ្លា​ដែល​ពិបាក ដោយ​ពាក្យ ឬ​ឃ្លា​សាមញ្ញ​ជាង​នេះ ។ សូម​ជំនួស​ពាក្យ និង​ឃ្លា​ខាងក្រោម​នេះ ដោយ​និយមន័យ​របស់​ពួកគេ នៅពេល​អ្នក​អាន ៖

  • « ការឥត​ប្រយោជន៍ » មាន​ន័យ​ថា ទទេ ឬ​មួយ​ភ្លែត ។

  • « នៅក្រោម​មេឃ » ឬ « នៅក្រោម​ថ្ងៃ » មាន​ន័យ​ថា នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

  • « ជា​អសារ​ឥត​ការ » មាន​ន័យ​ថា ធ្វើ​មិន​បាន​សម្រេច ។

  • សាស្ដា ២:៤–១១ ( ការដេញ​តាម​ភាពសប្បាយ​រីករាយ​ខាង​សាច់ឈាម និង​ទ្រព្យសម្បត្តិ​សម្ភារ​និយម )

  • សាស្ដា ២:១៣–១៦ ( ការដេញ​តាម​ប្រាជ្ញា​នៃ​ពិភពលោក​នេះ )

តើ​ការដេញ​តាម​រឿង​ទាំងនេះ នៅ​ទីបំផុត​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ទទេ ឬ​តានតឹង​តាម​របៀប​ណាខ្លះ ? ការស្វែងរក​ចំណេះដឹង និង​ការដេញ​តាម​ទ្រព្យសម្បត្តិ​សម្ភារ​និយម​មិនមែន​អាក្រក់ ឬ​ខុស​ជានិច្ច​នោះ​ទេ ។ ប៉ុន្តែ​នៅពេល​ដែល​រឿង​ទាំងនេះ​ក្លាយជា​ការផ្តោត​អារម្មណ៍​របស់​យើង ជាពិសេស​ជាង​ការគាប់​ព្រះហឫទ័យ​ព្រះ​អម្ចាស់ នោះ​វា​ក្លាយជា​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ទៅវិញ ។

ទ្រព្យសម្បត្តិ​ដែល​បាន​ផ្តល់​ជូន​ឡាបាន់​ជាថ្នូរ​សម្រាប់​ផ្ទាំង​ចំណារ

បន្ទាប់ពី​ស្វែងរក​ចំណេះដឹង និង​ទ្រព្យសម្បត្តិ​ខាង​សាច់ឈាម គ្រូប្រដៅ​បញ្ចប់​គម្ពីរ​របស់គាត់​ជាមួយនឹង​មេរៀន​ដែល​គាត់​បានរៀន ។ សូម​អាន សាស្ដា ១២:៧, ១៣–១៤ ហើយ​រកមើល​អ្វី​ដែល​គាត់​បាន​បង្រៀន ដែល​អាច​ជួយ​យើង​ឲ្យ​បន្ដ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។

រូបតំណាង​កត់​ចំណាំនៅ​ជាប់​នឹង សាស្ដា ១២:១៣–១៤ សូម​សរសេរ​កំណត់​ចំណាំ​មួយ​អំពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការជ្រើសរើស​របស់​យើង​នៅក្នុង​ជីវិត​នេះ​នឹង​កំណត់​ថា តើ​យើង​ត្រៀមខ្លួន​បាន​ល្អ​ប៉ុណ្ណា ដើម្បី​ឈរ​នៅ​ចំពោះ​ព្រះ​នៅ​ឯ​សេចក្តីជំនុំ​ជម្រះ​ចុងក្រោយ ។

រូបតំណាង​តំណ​ភ្ជាប់ការបន្ដ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ​មាន​សារៈសំខាន់​ណាស់ រហូត​ដល់​ព្រះ​បាន​បំផុស​គំនិត​អ្នកបម្រើ​របស់​ទ្រង់​ជាច្រើន​នាក់​ឲ្យ​បង្រៀន​អំពី​សេចក្ដីពិត​នេះ ។ សូម​ដាក់​តំណ​ភ្ជាប់ សាស្ដា ១២:១៣–១៤ ទៅនឹង អាលម៉ា ៣៤:៣២ និង មរមន ៣:២០ ។ សូម​អាន​វគ្គបទគម្ពីរ​ទាំងនេះ ហើយ​រកមើល​ពី​របៀប​ដែល​អាមូលេក និង​មរមន​បាន​បង្រៀន​នូវ​សារលិខិត​ស្រដៀង​គ្នា ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ដើម្បី​ជួប​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូម​ស្រមៃ​ថា អ្នក​ឈរ​នៅ​ចំពោះ​ព្រះ​នៅ​ឯ​ការជំនុំជម្រះ​ចុងក្រោយ ហើយ​ស្តាប់​ទ្រង់​ប្រាប់​អ្នក​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ » ( ម៉ាថាយ ២៥:២៣ ) ។

សូម​អាន នីហ្វៃ​ទី​៣ ២៧:១៦, ១៩ ហើយ​រកមើល​របៀប​ដែល​យើង​អាច​រៀបចំ​ខ្លួន ដើម្បី​ជួប​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នៅឯ​ការជំនុំជម្រះ​ចុងក្រោយ ។

រូបតំណាង​កត់​ចំណាំសូម​បន្ថែម​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ ទៅក្នុង​កំណត់​ចំណាំ​របស់​អ្នក នៅ​ជាប់ សាស្ដា ១២:១៣–១៤

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​យល់​ថា យើង​មិន​អាច​រៀបចំ​ខ្លួន​សម្រាប់​ការជំនុំជម្រះ​ចុងក្រោយ​ដោយ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទេ ?

រូបតំណាង​សៀវភៅ​កត់ចំណាំឥឡូវ​នេះ សូម​ស្រមៃ​ថា ខណៈពេល​ដែល​ឈរ​នៅ​ចំពោះ​ព្រះ នោះ​អ្នក​មាន​ឱកាស​ផ្ញើសារ​ត្រឡប់​ទៅ​អតីតកាល​វិញ ទៅកាន់​ខ្លួន​អ្នក​បច្ចុប្បន្ន ។ សូម​សរសេរ​សារ​ដែល​ផ្តល់​ដំបូន្មាន​ដល់​ខ្លួន​អ្នក​បច្ចុប្បន្ន ដែល​នឹង​ជួយ​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ការជំនុំជម្រះ​ចុងក្រោយ ។ សូម​រួមបញ្ចូល​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ អំពី​ការសម្រេច​ចិត្ត​ដែល​អ្នក​ធ្វើ​ឥឡូវ​នេះ និង​របៀប​ដែល​វា​ប៉ះពាល់​ដល់​ការរៀបចំ​របស់​អ្នក​ដើម្បី​ទៅ​ជួប​នឹង​ព្រះ ។ អ្នក​ក៏​អាច​រួមបញ្ចូល​នូវ​ការកែតម្រូវ​នានា ដែល​អ្នក​នឹង​លើក​ទឹកចិត្ត​ខ្លួនឯង​ឲ្យ​ធ្វើ ទាក់ទង​នឹង​ការសម្រេចចិត្ត​ដែល​អ្នក​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​អភិវឌ្ឍ​ឲ្យ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

សូម​អាន កថាខណ្ឌ​ទី​៨ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ហើយ​រកមើល​សេចក្ដីពិត​ដែល​ជួយ​អ្នក​ឲ្យ​មើល​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

ប្រសិនបើ​មាន​វីដេអូ​នេះ សូម​មើល « Examining Questions with an Eternal Perspective » ( ២:៥៦ ) ដើម្បី​មើល​គំរូ ឡរិន ស្ដីពី​របៀប​ដែល​ការស្វែងរក​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច អាច​ជួយ​ប្រឆាំង​នឹង​ការសន្មត និង​ទស្សនៈ​របស់​ពិភពលោក​នេះ ។

2:56

សូម​ធ្វើតាម​ជំហាន​ខាងក្រោម​នេះ ដើម្បី​អនុវត្ត​តាម​លំនាំ​នៃ​ការពិនិត្យ​មើល​ការសម្រេច​ចិត្ត ដោយ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ។

  1. សូម​អាន សាស្ដា ២:១, ១០ ហើយ​រកមើល​ប្រាជ្ញា​ដែល​ពិភពលោក​នេះ​អាច​ផ្ដល់ឲ្យ ទាក់ទង​នឹង​ភាពសប្បាយ​រីករាយ​ខាង​សាច់ឈាម ។

  2. រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅ​ជាប់​នឹង សាស្ដា ២:១០ ជាមួយ​នឹង​ការសន្មត​ដូច​ខាងក្រោម​នេះ ដែល​មនុស្ស​មួយ​ចំនួន​ក្នុង​ពិភពលោក​នេះ​អាច​មាន ។ ការសន្មត​របស់​ពិភពលោក ៖ អ្នក​នឹង​សប្បាយ​ចិត្ត​ខ្លាំង​បំផុត ប្រសិនបើ​អ្នក​ធ្វើ​អ្វី​ក៏ដោយ​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​នៅពេល​នោះ ។

  3. សូម​សាកល្បង​ការសន្មត​នោះ ដោយ​ការសួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

    • តើ​ខ្ញុំ​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ ផែនការ​របស់​ទ្រង់ និង របៀប​ដែល​ទ្រង់​ប្រព្រឹត្ត​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ?

    • តើ​ការបង្រៀន​ដំណឹងល្អ​អ្វីខ្លះ ដែល​ទាក់ទង​នឹង ឬ​បញ្ជាក់​ពី​ការសន្មត​របស់​ពិភពលោក ដែល​ឆ្លុះបញ្ចាំង​នៅក្នុង សាស្ដា ២:១០ ?

  4. សូម​បន្ថែម​សេចក្ដីពិត​មួយ ឬ​ច្រើន ទៅក្នុង​កំណត់​ចំណាំ​របស់​អ្នក ដែល​អ្នក​ដឹង​អំពី​ព្រះអម្ចាស់ និង​ផែនការ​របស់​ទ្រង់ ដែល​អាច​ជួយ​អ្នក​ឲ្យ​សាកល្បង​ការសន្មត​របស់​ពិភពលោក​នេះ​បាន ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គិតពី​ការសម្រេចចិត្ត​របស់​អ្នក​មកពី​ដើម​មេរៀន​នេះ ដែល​អាច « ទទួល​បាន​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​នឹកស្មាន​មិន​ដល់ » ។ ដោយ​ប្រើ​លំនាំ​ដែល​អ្នក​ទើបតែ​បាន​អនុវត្ត សូម​គិត​ពី​ការសម្រេច​ចិត្ត​នេះ​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ជម្រើស​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ទាក់ទង​នឹង​ការសម្រេច​ចិត្ត​នេះ ដែល​អាច​ប៉ះពាល់​ដល់​ការរៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​ទៅ​ជួប​នឹង​ព្រះ ?

  • តើ​អ្នក​បាន​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ដំណឹងល្អ ឬ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​បាន ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ដែល​ការបន្ដ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​បាន​កាន់តែ​ប្រសើរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • កំណត់​ចំណាំ​របស់​អ្នក​ទៅកាន់​ខ្លួនឯង ។

  • ការបង្រៀន​ដំណឹងល្អ​ដែល​ទាក់ទង​នឹង ឬ​ដែល​បញ្ជាក់​ពី​ការសន្មត​របស់​ពិភពលោក​នេះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?