Growing in Wisdom [ កាន់តែធំប្រកបដោយប្រាជ្ញា ] ដោយ ស៊ីម៉ូន ឌូវី
សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ មេរៀនទី ១០៩
បុព្វកថានៃគម្ពីរសុភាសិត
« ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកធ្លាប់សុំដំបូន្មានពីនរណាម្នាក់ដែលអ្នកទុកចិត្តដែរឬទេ ? ការសិក្សាគម្ពីរសុភាសិតអាចប្រៀបដូចជាការស្វែងរកការទូន្មានពីមិត្តភក្តិដែលទុកចិត្តម្នាក់ ។ ការស្តាប់តាមព្រះនឹងរក្សាអ្នកឲ្យនៅលើផ្លូវរបស់ទ្រង់ ។ តាមរយៈមេរៀននេះ អ្នកអាចស្គាល់សេចក្ដីពិត ដែលអាចជួយអ្នកឲ្យដើរតាមផ្លូវរបស់ព្រះអម្ចាស់បាន ។
សិក្សាព្រះគម្ពីរ
នៅទសវត្សរ៍ឆ្នាំ១៨០០ អ្នកដុតនំប៉័ងជនជាតិជប៉ុនបានបង្កើតនំឃុកឃីប្រភេទថ្មីដ៏ឆ្លាតវៃ ។ អ្វីដែលធ្វើឲ្យនំទាំងនេះប្លែកគឺមិនមែនជារសជាតិរបស់វាទេ ប៉ុន្តែជាសន្លឹកក្រដាសដែលដាក់នៅខាងក្នុងនំនោះ ដែលមានពាក្យសម្ដីនៃប្រាជ្ញា ឬដំបូន្មានខ្លីមួយ ។ នំឃុកឃីទាំងនេះគឺពេញនិយមខ្លាំងណាស់ ។ សព្វថ្ងៃនេះ នំឃុកឃីទាំងនេះជាងបីពាន់លានត្រូវបានផលិតជារៀងរាល់ឆ្នាំ ដែលនំនីមួយៗផ្តល់នូវដំបូន្មានខ្លីមួយ ( សូមមើល « The Surprising Origins of the Fortune Cookie » នៅលើគេហទំព័រ History.com ) ។
នំឃុកឃីទាំងនេះគឺជាប្រភពមួយក្នុងចំណោមប្រភពដំបូន្មានជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ ប៉ុន្តែមិនមែនដំបូន្មាន ឬប្រាជ្ញាទាំងអស់គឺស្មើគ្នានោះទេ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
នៅពេលបងប្អូនស្វែងរកការបំផុសគំនិតដើម្បីទទួលបានប្រាជ្ញាដែលបងប្អូនត្រូវការក្នុងជីវិតរបស់បងប្អូន ខ្ញុំសូមអញ្ជើញបងប្អូនឲ្យសម្លឹងឆ្ពោះទៅរកព្រះអង្គសង្គ្រោះ ។ ( « Receiving Revelation—Recent Messages from Prophets, Apostles, and Other Church Leaders » [ មានតែអត្ថបទឌីជីថលប៉ុណ្ណោះ ] Liahona ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបណ្ណាល័យដំណឹងល្អ )
គម្ពីរសុភាសិតគឺជាបណ្តុំនៃប្រាជ្ញាបែបកំណាព្យ ដែលសរសេរទៅកាន់ពួកសាសន៍អ៊ីស្រាអែល ។ វគ្គបទគម្ពីរមួយចំនួននៅក្នុងគម្ពីរសុភាសិតគឺត្រូវបានសន្មតថាជារបស់ស្តេចសាឡូម៉ូន ( សូមមើល សុភាសិត ១:១; ១០:១; ២៥:១; សូមមើលផងដែរ ពង្សាវតារក្សត្រ ទី១ ៤:៣២ ) ខណៈពេលដែលយើងមិនស្គាល់អ្នកនិពន្ធផ្សេងទៀត ។ នៅពេលអ្នកសិក្សាគម្ពីរសុភាសិត សូមយកចិត្តទុកដាក់ទៅលើរបៀបដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីសេចក្ដីពិត នៅពេលអ្នករកឃើញការណែនាំដែលព្រះអម្ចាស់ចង់ឲ្យអ្នកអនុវត្តក្នុងជីវិតរបស់អ្នក ។
តើសុភាសិតគឺជាអ្វី ? សុភាសិតគឺជាសេចក្តីថ្លែងការណ៍ខ្លីមួយ ប៉ុន្តែប្រកបដោយប្រាជ្ញាអំពីរបៀបរស់នៅជីវិតដ៏ល្អមួយ ។ គម្ពីរសុភាសិត ( ដូចជាគម្ពីរយ៉ូប និងសាស្ដាដែរ ) ប្រើបច្ចេកទេសនៃកំណាព្យជាភាសាហេព្រើរ ដែលអាចពិបាកសម្រាប់អ្នកអាន ។ ទោះបីជាសុភាសិតជាច្រើនមានលក្ខណៈខាងវិញ្ញាណយ៉ាងស៊ីជម្រៅក៏ដោយ ក៏ពាក្យខ្លះគ្រាន់តែជាដំបូន្មានខាងលោកិយប៉ុណ្ណោះ ។
សូមអាន សុភាសិត ១:១–៧ ហើយរកមើលគោលបំណងមួយចំនួនពីគម្ពីរសុភាសិត ។ ( ចំណាំ ៖ « សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា » [ ខទី ៧ ] សំដៅទៅលើអារម្មណ៍ និងការបង្ហាញគារវភាព និងការគោរពដល់ទ្រង់ ) ។ សូមគូសសម្គាល់អ្វីដែលអ្នករកឃើញ ។ បន្ទាប់មក សូមអាន សុភាសិត ២:៦–៩ ។ សូមយកចិត្តទុកដាក់លើអ្វីៗដែលអ្នករៀនអំពីព្រះអម្ចាស់ ។ ( ចំណាំ ៖ ខែលគឺជាគ្រឿងបាំងការពារមួយដែលយកតាមខ្លួនបាន ) ។
សូមសរសេរកំណត់ចំណាំមួយនៅក្បែរ ខទី ៦ ជាមួយសេចក្តីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់ប្រទានប្រាជ្ញាដល់យើង ដើម្បីជួយយើងឲ្យដើរតាមមាគ៌ារបស់ទ្រង់ ។ សូមរួមបញ្ចូលការឆ្លើយតបរបស់អ្នកចំពោះសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងកំណត់ចំណាំរបស់អ្នក ៖
-
តើការធ្វើតាមដំបូន្មានដ៏វាងវៃរបស់ព្រះអម្ចាស់បានជួយអ្នកយ៉ាងដូចម្តេច ?
-
តើអ្នកគិតថា ការធ្វើតាមព្រះប្រាជ្ញាញាណរបស់ព្រះឲ្យបានកាន់តែប្រសើរ ធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ?
ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ១៨៣៧–១៩៧០ ) បានពន្យល់ថា ៖
ការទទួលបានចំណេះដឹងគឺជារឿងមួយ ហើយការអនុវត្តវា [ គឺជា ] រឿងផ្សេង ។ ប្រាជ្ញាគឺជាការអនុវត្តចំណេះដឹងត្រឹមត្រូវ ។ ( នៅក្នុង Conference Report ខែមេសា ឆ្នាំ១៩៦៨ ទំព័រ ៩៣ )
ខាងក្រោមនេះគឺជាបញ្ជីមួយនៃវគ្គបទគម្ពីរមកពីគម្ពីរសុភាសិត ។ វគ្គបទគម្ពីរនីមួយៗបង្រៀនពីសេចក្ដីពិតពិសេសៗអំពីរបៀបក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ ដោយប្រើស្លាកដែលបានស្នើនៅជាប់នឹងវគ្គបទគម្ពីរនីមួយៗ សូមជ្រើសរើសវគ្គបទគម្ពីរបួន ឬច្រើន ដែលអ្នកគិតថានឹងមានប្រយោជន៍ដល់អ្នក ។ បន្ទាប់មក សូមសិក្សា និងដាក់ស្លាកវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ។
-
សុភាសិត ៤:១៤–១៥ ( មិត្តភក្តិ ឥទ្ធិពល )
-
សុភាសិត ៤:២៦ ( ការជញ្ជឹងគិត គោលដៅ )
-
សុភាសិត ៦:២៣ ( ពាក្យបណ្ដាំ ការផ្ចាញ់ផ្ចាល )
-
សុភាសិត ១១:១៧ ( សេចក្ដីមេត្តាករុណា សេចក្តីសប្បុរស )
-
សុភាសិត ១៥:១ ( កំហឹង ការស្រែក )
-
សុភាសិត ២៨:១៣ ( ការសារភាព ការប្រែចិត្ត )
-
សុភាសិត ២៩:១៨ ( សុភមង្គល ចក្ខុវិស័យ )
-
សុភាសិត ៣០:៥ ( បទគម្ពីរ ការទុកចិត្តលើព្រះ )
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើគម្ពីរសុភាសិតអាចជួយខ្ញុំឲ្យកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមស្រមៃថា អ្នកត្រូវបានស្នើឲ្យបង្កើតរូបភាពដែលប្រើវគ្គបទគម្ពីរសុភាសិតមួយ ដើម្បីជួយក្មេងជំទង់ឲ្យប្រែកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ សូមជ្រើសរើសសុភាសិតមួយ ហើយបង្កើតប័ណ្ណប្រកាសដូចអ្វីដែលអ្នកអាចរកឃើញនៅក្នុងទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ។ សូមប្រើវគ្គបទគម្ពីរសុភាសិតមកពីបញ្ជីខាងលើ ប្រសិនបើអ្នកមិនប្រាកដថាត្រូវចាប់ផ្តើមពីកន្លែងណា ។ រូបភាពរបស់អ្នកអាចរួមមានដូចខាងក្រោម ៖
-
ការបង្ហាញសាមញ្ញ—ជាអ្វីដែលមានភាពច្នៃប្រឌិត ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងជំទង់
-
សេចក្ដីយោងសុភាសិត និងសេចក្ដីពិតដែលវាបង្រៀន
-
ការពន្យល់អំពីរបៀបដែលខគម្ពីរមកពីគម្ពីរសុភាសិតនេះ អាចជួយក្មេងជំទង់ម្នាក់ឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ឬកាន់តែប្រែក្លាយដូចជាទ្រង់
សូមចែកចាយរូបភាពរបស់អ្នកជាមួយសមាជិកគ្រួសារ ជាមួយមិត្តភក្តិ ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ជម្រើស ខ
តើប្រាជ្ញាគឺជាអ្វី ?
សូមគូសផែនទីមួយក្នុងចិត្តនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ដែលស្រដៀងនឹងផែនទីដែលបានបង្ហាញនៅខាងលើនេះ ។ សូមសរសេរពាក្យ ប្រាជ្ញា នៅចំកណ្ដាលផែនទី ។ បន្ទាត់ និងប្រអប់ទាំងនេះជួយអ្នកឲ្យភ្ជាប់គំនិតស្រដៀងគ្នា ។ សូមប្រើឧបករណ៍សិក្សាព្រះគម្ពីររបស់អ្នកដើម្បីស្វែងរកបទគម្ពីរ ដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការបង្រៀនរបស់ព្រះអម្ចាស់អំពីប្រាជ្ញា ។ អ្នកអាចប្រើខគម្ពីរខាងក្រោមនេះដើម្បីចាប់ផ្តើម ឬស្វែងរកពាក្យ « ប្រាជ្ញា » នៅក្នុងបណ្ណាល័យដំណឹងល្អ ។
-
លូកា ២:៥២
-
យ៉ាកុប ១:៥
សូមបំពេញផែនទីគំនិតរបស់អ្នក ជាមួយនឹងអ្វីដែលអ្នកបានរៀនមកពីការសិក្សារបស់អ្នកអំពីប្រាជ្ញា ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមផ្អាក ហើយជញ្ជឹងគិតពីចំណាប់អារម្មណ៍ដែលអ្នកអាចមានពេញមួយមេរៀនថ្ងៃនេះ ។ រួចហើយ សូមឆ្លើយសំណួរពីរ ឬច្រើន នៅខាងក្រោមនេះក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើសេចក្ដីពិតដែលអ្នកបានសិក្សាថ្ងៃនេះ បានជះឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្គាល់សេចក្ដីពិត ដែលអាចជួយអ្នកឲ្យដើរតាមផ្លូវរបស់ព្រះអម្ចាស់បាន ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ផែនទីដែលមើលឃើញ ឬក្នុងចិត្តដែលអ្នកបានបង្កើត ។
-
របៀបដែលសេចក្ដីពិតទាំងឡាយដែលអ្នកបានសិក្សា មានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមព្រះអម្ចាស់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?