ពួកចៅហ្វាយ ២–៤; ពួកចៅហ្វាយ ៦–៨ ៖ មេរៀនទី ៦៧
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៤
ជនគណនា–ពួកចៅហ្វាយ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការគិតពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់អ្នក អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យគិតពិចារណាអំពីគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាចាស់របស់អ្នកនាពេលថ្មីៗនេះ ។
រំឭកបទគម្ពីរឡើងវិញ
សូមគិតពីកីឡាមួយ ដូចជាការរត់ចម្ងាយឆ្ងាយ ដែលទិសដៅដែលអ្នកកំពុងឆ្ពោះទៅគឺសំខាន់ជាងល្បឿនរបស់អ្នក ។ តើមានកាលៈទេសៈដូចនេះនៅក្នុងជីវិតដែរឬទេ ? ចុះជីវិតខាងវិញ្ញាណរបស់អ្នកវិញ ?
អែលឌើរ លែរី អរ ឡរិន នៃពួកចិតសិបនាក់ បានបង្រៀនអំពីការរីកចម្រើនខាងវិញ្ញាណរបស់យើង ៖
ព្រះវរបិតាសួគ៌របស់យើងជ្រាបដឹងពីសក្តានុពលដ៏ទេវភាពរបស់យើង ។ ទ្រង់សព្វព្រះទ័យគ្រប់ពេលដែលយើងរីកចម្រើន ។ ចំពោះទ្រង់ ទិសដៅរបស់យើងគឺមានសារៈសំខាន់ជាងល្បឿនរបស់យើងទៅទៀត ។
បងប្អូនប្រុសស្រីអើយ សូមបន្តទៅមុខ ប៉ុន្តែសូមកុំបាក់ទឹកចិត្តឡើយ ។ ( « What Lack I Yet? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៣៥ )
នៅពេលខ្លះ វាពិបាកស្គាល់ការរីកចម្រើនខាងវិញ្ញាណរបស់យើងផ្ទាល់ ។ សូមគិតពិចារណាពីចំណុចដែលយើងកំពុងស្ថិតនៅ ប្រៀបធៀបនឹងការរីកចម្រើនរបស់យើងមានពីមុន—ទោះបីជាការរីកចម្រើនរបស់យើងតិចតួចក៏ដោយ—ក៏អាចជួយយើងឲ្យស្គាល់ការរីកចម្រើនខាងវិញ្ញាណផងដែរ ។
សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬកំណត់ចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក ។ សូមស្វែងរកអ្វីដែលអ្នកបានសរសេរអំពីព្រះអង្គសង្គ្រោះ ចំណាប់អារម្មណ៍ ឬការយល់ដឹងខាងវិញ្ញាណ ឬផែនការណាមួយដែលអ្នកចង់ធ្វើ ។
សូមឆ្លើយសំណួរមួយ ឬទាំងពីរ ខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកបានសង្កេតឃើញពីការរីកចម្រើន ឬការអភិវឌ្ឍក្នុងការខិតខំរបស់អ្នក ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទចាប់តាំងពីដើមឆ្នាំសិក្សាយ៉ាងដូចម្ដេច ?
-
តើអ្នកបានរៀន ឬអនុវត្តអ្វីខ្លះពីការសិក្សាព្រះគម្ពីរសញ្ញាចាស់របស់អ្នក ?
នៅពេលអ្នកវាយតម្លៃការរៀនសូត្ររបស់អ្នកនៅថ្ងៃនេះ សូមបើកចិត្តទទួលចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្គាល់ពីការរីកចម្រើនខាងវិញ្ញាណរបស់អ្នកក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ—ទោះបីជាការគ្រាន់តែបោះជំហានទៅមុខមួយជំហានក៏ដោយ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទមកពីនិមិត្តរូបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ?
ម៉ូសេ និងពស់លង្ហិន ដោយ ជូឌីធ មេហរ៍
តើអ្នកចងចាំអ្វីខ្លះអំពីម៉ូសេ និងពស់លង្ហិន ? សូមពិនិត្យមើល ជនគណនា ២១:៤–៩ ប្រសិនបើអ្នកត្រូវការជំនួយ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមបិទភ្ជាប់ ឬគូររូបភាពសត្វពស់នៅលើបង្គោលមួយ ។ នៅជិតនឹងរូបភាពរបស់អ្នក សូមសរសេរគំនិតរបស់អ្នកអំពីសំណួរទាំងនេះ ៖
-
តើនិមិត្តរូបនៃពស់លង្ហិននៅលើបង្គោលនោះបង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើព្រះយេស៊ូវគ្រីស្ទបំពេញតួនាទីដូចគ្នានេះនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
តើមាននិមិត្តរូបណាទៀតអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានរៀននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ? សូមពិនិត្យមើលជំពូកដែលអ្នកបានសិក្សា ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមធ្វើបញ្ជីនៃអ្វីដែលអ្នករកឃើញ ។ សូមជ្រើសរើសប្រភេទ ឬនិមិត្តរូបណាមួយនៃព្រះយេស៊ូវគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ ហើយពន្យល់ដូចតទៅនេះ ៖
-
អ្វីដែលប្រភេទ ឬនិមិត្តរូបនោះបានបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ
-
របៀបដែលព្រះយេស៊ូវគ្រីស្ទបំពេញតួនាទីដូចគ្នានេះនៅក្នុងជីវិតរបស់យើង
ជម្រើស ខ
តើខ្ញុំអាចបង្កើនចិត្តស្រឡាញ់ព្រះអម្ចាស់ឲ្យអស់ពីដួងចិត្តរបស់ខ្ញុំដោយរបៀបណា ?
សូមបិទភ្នែករបស់អ្នក និងស្រមៃពីនរណាម្នាក់ដែលអ្នកស្រឡាញ់ ។ សូមស្រមៃថា ខ្លួនរបស់អ្នកកំពុងធ្វើអ្វីមួយដែលបង្ហាញពួកគេថាតើអ្នកស្រឡាញ់ពួកគេប៉ុនណា ។
សូមអាន ចោទិយកថា ៦:៤–៦ ហើយរកមើលពីរបៀបដែលយើងគួរតែស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមគូសសម្គាល់អ្វីដែលអ្នករកឃើញ ។
នៅជិតនឹងអ្វីដែលអ្នកបានគូសសម្គាល់ សូមធ្វើកំណត់ចំណាំដែលបង្ហាញពីគំនិតរបស់អ្នក អំពីសេចក្តីស្រឡាញ់របស់អ្នកសម្រាប់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមមើលសំណួរខាងក្រោមនេះ ម្តងមួយៗ ។ បន្ទាប់ពីអ្នកអានសំណួរមួយហើយ សូមបិទភ្នែករបស់អ្នក ហើយគិតយ៉ាងយកចិត្តទុកដាក់អំពីចម្លើយរបស់អ្នក ។
-
ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ តើអ្នកមានអារម្មណ៍ថា សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកើនឡើង ថយចុះ ឬនៅដដែល ?
-
តើអ្វីទៅដែលបានជះឥទ្ធិពលដល់របៀបដែលអ្នកមានអារម្មណ៍ចំពោះទ្រង់ទាំងទ្វេក្នុងពេលបច្ចុប្បន្ន ?
-
តើអ្នកអាចខិតខំស្រឡាញ់ទ្រង់ទាំងទ្វេដោយអស់ពីដួងចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នកបានយ៉ាងដូចម្ដេច ?
ប្រសិនបើអ្នកមានអារម្មណ៍ថាមានការបំផុសគំនិតឲ្យធ្វើដូច្នេះ សូមលុតជង្គង់ចុះ ហើយចែកចាយជាមួយព្រះវរបិតាសួគ៌ពីអារម្មណ៍របស់អ្នក ។
ជម្រើស គ
ហេតុអ្វីខ្ញុំគួរតែគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ?
អ្នកប្រហែលជាបានគូរលេខ ១ ស្រដៀងនឹងលេខមួយខាងលើ នៅពេលអ្នកសិក្សា « មេរៀនទី ៤៩ ៖ និក្ខមនំ ២០:១–១១ » ។ អ្នកក៏ប្រហែលជាបានសរសេរផងដែរនូវផែនការមួយដើម្បីគោរពប្រតិបត្តិតាមបទបញ្ញត្តិមួយរបស់ព្រះ ។ បើដូច្នេះ សូមពិនិត្យមើលវាឥឡូវនេះ ។ បើមិនដូច្នេះទេ សូមពិនិត្យមើលក្រឹត្យវិន័យដប់ប្រការ ដែលបានរៀបរាប់នៅក្នុង និក្ខមនំ ២០:៣–១៧ ។ សូមជ្រើសរើសក្រឹត្យវិន័យមួយដែលអ្នកចង់ធ្វើការអនុវត្ត ។
សូមគិតពិចារណាពីការរីកចម្រើនរបស់អ្នក ដោយឆ្លើយតបទៅនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើការខិតខំរបស់អ្នកក្នុងការគោរពតាមបទបញ្ញត្តិនេះទៅជាយ៉ាងណាដែរ ? តើពរជ័យ ការរីកចម្រើន ឧបសគ្គ ឬការតស៊ូអ្វីខ្លះដែលអ្នកបានកត់សម្គាល់ឃើញ ?
-
តើអ្នកមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះយ៉ាងណា ពេលអ្នកបានព្យាយាមគោរពតាមបទបញ្ញត្តិនេះ ? ឬតើអ្នកអាចនឹងមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់កាន់តែខ្លាំងប៉ុនណាដែរ នៅពេលអ្នកព្យាយាមគោរពតាមបទបញ្ញត្តិនោះ ?
សូមចាំថា ទិសដៅខាងវិញ្ញាណរបស់អ្នកមានសារៈសំខាន់ជាងល្បឿនរបស់អ្នក ។ ព្រះអម្ចាស់នឹងប្រទានពរដល់អ្នក នៅពេលដែលអ្នកខិតខំប្រឹងប្រែងដើម្បីគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។
ចែកចាយការរៀនសូត្ររបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យគិតពិចារណាអំពីគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាចាស់របស់អ្នកនាពេលថ្មីៗនេះ ។
សូមចែកចាយចំណុចមួយ ដូចខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
និមិត្តរូបនៃព្រះយេស៊ូវគ្រីស្ទដែលអ្នកបានរកឃើញ និងអ្វីដែលវាបង្រៀនអ្នកអំពីទ្រង់ ។
-
របៀបដែលអ្នកដាក់ផែនការបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
បទបញ្ញត្តិដែលអ្នកកំពុងខិតខំរស់នៅតាម និងអ្វីដែលអ្នកកំពុងធ្វើដើម្បីគោរពតាមបទបញ្ញត្តិនោះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?