ថ្នាក់​សិក្ខាសាលា
មេរៀនទី ៦៦ ៖ ពួកចៅហ្វាយ ៦–៨—« យើង​នឹង​នៅ​ជាមួយ​នឹង​ឯង »


ក្រុម​របស់​គេឌាន​មាន​មនុស្ស​៣០០​នាក់ បន្លំ​ធ្វើជា​វាយ​ប្រហារ​លើ​សត្រូវ​របស់​ពួកគេ

ពួកចៅហ្វាយ ២–៤; ពួកចៅហ្វាយ ៦–៨ ៖ មេរៀនទី ៦៦

ពួកចៅហ្វាយ ៦–៨

« យើង​នឹង​នៅ​ជាមួយ​នឹង​ឯង »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បន្ទាប់ពី​ពួកសាសន៍​អ៊ីស្រាអែល​បាន​អធិស្ឋាន​ទូលសូម​ការជួយ​សង្រ្គោះ​មក ព្រះអម្ចាស់​បាន​ហៅ​គេឌាន​ឲ្យ​ជួយ​សង្រ្គោះ​ពួកគេ​ពី​ពួកខ្មាំង​សត្រូវ​របស់​ពួកគេ ។ ព្រះអម្ចាស់​បាន​បង្ហាញ​ពី​កម្លាំង​របស់​ទ្រង់​ដោយ​ការជួយ​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​យក​ឈ្នះ​លើ​កងទ័ព ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទទួល​បាន​កម្លាំង ។

សិក្សា​ព្រះគម្ពីរ

តើ​នរណា​ខ្លះ​ដែល​អ្នក​នឹង​ចាត់​ទុក​ថា « ខ្លាំង » ? សូម​គិត​ពី​របៀប​ផ្សេងៗ​ដែល​មនុស្ស​ម្នាក់​អាច​ខ្លាំងក្លា ?

នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​គូរ​រូប​មនុស្ស​ចង្កឹះ​កាន់​ដុំ​ដែក​នៅក្នុង​ដៃ​ម្ខាងៗ ដូច​រូប​ខាងក្រោម​នេះ ។ អ្នក​នឹង​បន្ត​បន្ថែម​នៅ​លើ​រូប​គំនូរ​នេះ​ពេញ​មួយ​មេរៀន ។

រូប​មនុស្ស​ចង្កឹះ​កាន់​ដុំ​ដែក

កម្លាំង​មួយ​ប្រភេទ​ដែល​អ្នក​ប្រហែល​ជា​មិន​គិត​ដល់ គឺ​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ។ នៅពេល​អ្នក​សិក្សា​អំពី​គេឌាន​នៅ​ថ្ងៃនេះ សូម​អធិស្ឋាន​ទូល​សូម​ព្រះវរបិតាសួគ៌ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​យល់​ពី​សារៈសំខាន់​នៃ​ការពឹង​ផ្អែកលើ​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង​ក្នុង​ជីវិត​របស់​អ្នក ។

ពួកចៅហ្វាយ ៦ រៀបរាប់​អំពី​ករណី​មួយ​ទៀត នៅពេល​ដែល​ពួកសាសន៍​អ៊ីស្រាអែល​ភ្លេច​ព្រះអម្ចាស់ ហើយ​បាន​បាត់បង់​ពរជ័យ​របស់​ទ្រង់ ។ អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ពួកសាសន៍​ម៉ាឌាន​បាន​ប្លន់​យក​គ្រាប់​ធញ្ញជាតិ និង​សត្វ​របស់​ពួកសាសន៍​អ៊ីស្រាអែល​នៅ​អំឡុង​រដូវ​ច្រូត​កាត់ ។ ជា​លទ្ធផល ពួកសាសន៍​អ៊ីស្រាអែល​បាន​រងទុក្ខ​ដោយសារ​ភាពក្រីក្រ ។ ដោយ​ក្តី​អស់​សង្ឃឹម ពួកគេ​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ជំនួយ ។ បន្ទាប់ពី​ពួកសាសន៍​អ៊ីស្រាអែល​បន្ទាបខ្លួន ហើយ​អំពាវនាវ​រក​ជំនួយ នោះ​ព្រះ​ទ្រង់​បាន​តែងតាំង​មនុស្ស​សុចរិត​ម្នាក់​ឈ្មោះ​គេឌាន ដើម្បី​ជួយ​សង្រ្គោះ​ពួកគេ ។

រូបតំណាង​គូសសម្គាល់សូម​អាន ពួកចៅហ្វាយ ៦:១៤–១៦, ២៣–២៧ ។ សូម​គូសសម្គាល់​សេចក្ដី​សន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ពង្រឹង​ដល់​គេឌាន ។

រូបតំណាង​កត់​ចំណាំ បន្ទាប់ពី​អាន ខទី ២៥ ហើយ អ្នក​អាច​សរសេរ​កំណត់ចំណាំ​មួយ ហើយ​ចម្លង​ព័ត៌មាន​ខាងក្រោម ។ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​កិច្ចការ​ទាំងនេះ​ជួយ​អ្នករៀន​អំពី​ព្រះអង្គ​សង្គ្រោះ ៖

  • អាសនា​គឺជា​និមិត្តរូប​នៃ​ការបូជា ។

  • ព្រះបាល​គឺ​ជា​រូប​ព្រះ​ក្លែង​ក្លាយ​ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ថ្វាយបង្គំ ។

  • អ្នកតា​គឺជា​កន្លែង​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ។

គេឌាន បាន​ក្លាយ​ជា​មេដឹកនាំ​នៃ​កងទ័ព​សាសន៍​អ៊ីស្រាអែល​ចំនួន​៣២,០០០​នាក់ ( សូម​មើល ពួកចៅហ្វាយ ៧:៣ ) ។ ពួកសាសន៍​ម៉ាឌាន​មាន​កងទ័ព​ចំនួន​១៣៥,០០០​នាក់ ( សូមមើល ពួកចៅហ្វាយ ៨:១០ ) ។ ទោះជា​ពួកសាសន៍​ម៉ាឌាន​មាន​ចំនួន​លើស​ពួក​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ ក៏​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​គេឌាន​កាត់​បន្ថយ​ទំហំ​ទ័ព​របស់​គាត់​ដែរ ។

សូម​អាន ពួកចៅហ្វាយ ៧:២–៧ ។ សូម​រកមើល​ការណែនាំ​របស់​ព្រះអម្ចាស់ និង​មូលហេតុ​ដែល​ទ្រង់​ចង់​កាត់បន្ថយ​កងទ័ព​របស់​គេឌាន ។ កំណត់ចំណាំ ៖ ពាក្យ​ថា អួត​ខ្លួន មានន័យ​ថា​អួត​ហួស​ហេតុ ។

រូបតំណាង​សៀវភៅ​កត់ចំណាំ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​សេចក្ដី​ណែនាំ​ទាំង​នេះ​អាច​បង្រៀន​អ្នក​អំពី​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ព្រះអម្ចាស់​បាន​សន្យា​ដល់​គេឌាន​ថា កងទ័ព​៣០០​នាក់​នឹង​យក​ឈ្នះ​លើ​កងទ័ព​សាសន៍​ម៉ាឌាន ( សូមមើល ពួកចៅហ្វាយ ៧:៧ ) ។

សូម​អាន ពួកចៅហ្វាយ ៧:១៦–២១ ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បំពេញ​ការសន្យា​នេះ ។

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​សរសេរ​ឈ្មោះ​របស់​គេឌាន​នៅ​ពី​ក្រោម​គំនូរ​របស់​អ្នក​នៅ​ខាង​ដើម​មេរៀន​នេះ ។ នៅ​ជិត​នឹង​រូប​គំនូរ​របស់​អ្នក សូម​សរសេរ​ចរិក​លក្ខណៈ និង​គុណលក្ខណៈ ពីរ ឬ​ច្រើន ដែល​អ្នក​មាន​អារម្មណ៍​ថា​គេឌាន​បាន​បង្ហាញ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច ?

ឧបសគ្គ​មួយចំនួន​ដែល​យើង​ឆ្លងកាត់ អាច​ជួយ​យើង​ឲ្យ​លូតលាស់ និង​សាកល្បង​សមត្ថភាព​របស់​យើង​ក្នុង​ការពឹងផ្អែក​លើ​ព្រះអម្ចាស់ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រកាស ៖

អែលឌើរ ដេវីឌ អេ បែដណា

នៅក្នុង​ភាព​មិនប្រាកដ​ប្រជា និង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​យើង​ជួបប្រទះ​នៅក្នុង​ជីវិត​របស់​យើង និង​នៅក្នុង​កិច្ចការ​ក្នុង​ថ្ងៃចុងក្រោយ​ដ៏​អស្ចារ្យ​នេះ ព្រះ​តម្រូវ​ឲ្យ​យើង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ទុកចិត្ត​លើទ្រង់ ចូលរួម​ដោយ​អន្ទះសា និង​ធ្វើ​សកម្មភាព ហើយ​មិន​គ្រាន់​តែ​រង់ចាំ​ដើម្បី​ទទួល​សកម្មភាព​នោះ​ទេ ។ យើង​ប្រហែល​ជា​មិន​បាន​មើល​ឃើញ​ពួក​ទេវតា ពុំ​ឮ​សំឡេង​ពី​ស្ថានសួគ៌ ឬ​ទទួល​អារម្មណ៍​ខាងវិញ្ញាណ​ដ៏​ខ្លាំងក្លា​នោះ​ទេ ។ ជាញឹកញប់ យើង​អាច​នឹង​បន្ត​ក្តី​សង្ឃឹម និង​អធិស្ឋាន—ប៉ុន្តែ​ដោយ​គ្មាន​ការធានា​ពេញលេញ—ថា​យើង​កំពុង​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ។ ប៉ុន្តែ​នៅពេល​យើង​គោរព​សេចក្ដីសញ្ញា​របស់​យើង ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​អាច​ដើរ​ដោយមាន​ទំនុកចិត្ត​ថា ព្រះ​នឹង​ដឹកនាំ​ជំហាន​របស់​យើង ។ ( « Elder Bednar Teaches 5 Lessons on the Spirit of Revelation, How It Operates in the Work of the Lord » Church News ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨ នៅលើ​គេហទំព័រ thechurchnews.com )

សូម​ស្រមៃ​ថា មិត្តភក្តិ​ម្នាក់​បានផ្ញើសារ​មក​អ្នក​អំពី​រឿង​សោកសៅ​ថ្មីៗ​នេះ​នៅក្នុង​គ្រួសារ​របស់​នាង ។ នាង​បាន​ចែកចាយ​ថា នាង​បានព្យាយាម​ស៊ូទ្រាំ​នឹង​ទុក្ខ​ព្រួយ​ដែរ ប៉ុន្តែ​នៅតែ​មាន​អារម្មណ៍​លើសលប់ ។ សារ​ចុងក្រោយ​ដែល​នាង​បាន​សរសេរ​មក​កាន់​អ្នក​និយាយ​ថា « ខ្ញុំ​គិត​ថា ខ្ញុំ​មិន​រឹងមាំ​ល្មម​ដើម្បី​ស៊ូទ្រាំ​នឹង​រឿង​នេះ​ទេ » ។

រូបតំណាង​សៀវភៅ​កត់ចំណាំ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់អ្នក សូម​រៀបចំ​ការឆ្លើយតប​ដែល​អ្នក​អាច​ផ្ញើ​ទៅ​នាង​បាន ។ សូម​បញ្ចូល​គំនិត​ខាងក្រោម​នេះ​ឲ្យ​បាន​យ៉ាងហោចណាស់​ពីរ នៅក្នុង​ការឆ្លើយតប​របស់​អ្នក ៖

  1. របៀប​ដែល​គំរូ​របស់​គេឌាន​អាច​ជួយ​បាន

  2. អ្វីមួយ​មកពី​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ បែដណា ដែល​អាច​ជួយ​បាន

  3. អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអម្ចាស់​ដែល​ជួយ​អ្នក​ឲ្យ​ពឹង​ផ្អែក​លើ​ទ្រង់

  4. បទពិសោធន៍​ដែល​អ្នក​មាន នៅពេល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​ពង្រឹង​អ្នក​ឲ្យ​លើសពី​សមត្ថភាព​របស់​អ្នក​ផ្ទាល់

ជម្រើស ខ

តើ​មាន​អ្វីខ្លះ​កើតឡើង នៅពេល​ដែល​យើង​ជ្រើសរើស​ពឹងផ្អែក​លើ​កម្លាំង​ផ្ទាល់ខ្លួន​របស់​យើង ?

សាំសុន រុញ​សសរ​ចុះ

មិនយូរ​ប៉ុន្មាន ក្រោយ​ពី​ជោគជ័យ​របស់​គេឌាន ជាថ្មី​ម្តងទៀត ពួកសាសន៏​អ៊ីស្រាអែល​បាន​ធ្លាក់​ទៅក្នុង​អំពើ​បាប និង​អំពើ​ទុច្ចរិត ( សូម​មើល ពួកចៅហ្វាយ ៨ ) ។ នៅទីបំផុត ព្រះអម្ចាស់​បាន​ជ្រើសរើស​បុរស​ម្នាក់​ទៀត​ដើម្បី​ជួយសង្រ្គោះ​អ៊ីស្រាអែល ។ គេ​ស្គាល់​សាំសុន​ច្រើន ដោយសារ​កម្លាំង​របស់​គាត់​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ។ ទោះ​យ៉ាង​ណា​ក៏ដោយ ខណៈ​ដែល​គាត់​បាន​ប្រើ​អំណោយទាន​នៃ​កម្លាំង​របស់​គាត់​បាន​ត្រឹមត្រូវ​នៅពេល​ខ្លះ​ក៏ដោយ ក៏​នៅ​ទី​បំផុត ជីវិត​របស់​គាត់​បាន​បញ្ចប់​ដោយ​សោកនាដកម្ម ដោយសារ​គាត់​ពឹងផ្អែក​លើ​កម្លាំង និង​អំណាច​របស់​គាត់ ជាជាង​លើ​កម្លាំង និង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។

សូម​អាន​វគ្គ​បទគម្ពីរ ពីរ ឬ​ច្រើន នៃ​វគ្គបទគម្ពីរ​ដូច​ខាងក្រោម ហើយ​រកមើល​ចរិក​លក្ខណៈ និង​អាទិភាព​របស់​សាំសុន ។ សូម​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​ចរិក​លក្ខណៈ និង​អាទិភាព​ដែល​អាច​បណ្ដាល​ឲ្យ​គាត់​ពឹង​ផ្អែក​លើ​កម្លាំង​របស់​គាត់​ផ្ទាល់ ជាជាង​លើ​កម្លាំង​របស់​ព្រះអម្ចាស់ ៖

  • ពួកចៅហ្វាយ ១៥:៤–៧ ( តើ​សាំសុន​បានឆ្លើយតប​យ៉ាង​ណា ពេល​ឪពុក​ក្មេក​របស់​គាត់​បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត )

  • ពួកចៅហ្វាយ ១៦:១ ( អ្វី​ដែល​សាំសុន​បានធ្វើ​បន្ទាប់ពី​បាន​ទទួល​សេចក្ដីមេត្តា​ករុណា​ពី​ព្រះអម្ចាស់ )

  • ពួកចៅហ្វាយ ១៦:២៨ ( អ្វី​ដែល​សាំសុន​ចង់​បាន​បន្ទាប់ពី​ត្រូវ​បានដាក់​ទណ្ឌកម្ម​ដោយ​ពួកសាសន៍​ភីលីស្ទីន )

រូបតំណាង​សៀវភៅ​កត់ចំណាំ នៅ​ជិត​នឹង​រូប​គំនូរ​គេឌាន​របស់​អ្នក សូម​គូរ​រូប​មួយ​ទៀត​ដើម្បី​តំណាង​ឲ្យ​សាំសុន ។ អ្នក​អាច​គូរ​សក់​វែង​របស់​សាំសុន​ថែម​ទៅក្នុង​គំនូរ ( សូមមើល ពួកចៅហ្វាយ ១៥:៥ ) ។ នៅជិត​សាំសុន សូម​សរសេរ​ចរិកលក្ខណៈ ពីរ ឬ​ច្រើន ដែល​អ្នក​បាន​រកឃើញ ដែល​អាច​នាំ​គាត់​ឲ្យ​ពឹងផ្អែក​លើ​កម្លាំង​របស់​គាត់ ជាជាង​លើ​កម្លាំង​របស់​ព្រះអម្ចាស់ ។ នៅ​ខាងក្រោម​រូប​គំនូរ​របស់​អ្នក សូម ឆ្លើយ​សំណួរ​មួយ នៃ​សំណួរ​ខាងក្រោម ៖

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី​បទពិសោធន៍​របស់​សាំសុន បើ​ប្រៀបធៀប​នឹង​គេឌាន ?

  • តើ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ ដែល​អ្នក​កោតសរសើរ​បំផុត​ចំពោះ​គេឌាន ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការ​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ ខណៈ​ដែល​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន​ឲ្យ​អស់ពី​សមត្ថភាព​ផងដែរ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទទួល​បាន​កម្លាំង ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការឆ្លើយតប​របស់​អ្នក​ចំពោះ​មិត្តភក្តិ​របស់​អ្នក ។

  • គំនូរ​របស់​អ្នក​អំពី​សាំសុន និង​គេឌាន រួមទាំង​អ្វី​ដែល​គំរូ​របស់​ពួកគេ​បានបង្រៀន​អ្នក​អំពី​ការពឹងផ្អែក​លើ​ព្រះអម្ចាស់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?