ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៩ ៖ និក្ខមនំ ២០:១–១១—ព្រះបញ្ញត្តិ​ដប់​ប្រការ ៖ ការស្រឡាញ់​ព្រះ និង​ការដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​យើង


« មេរៀន​ទី ៤៩ ៖ និក្ខមនំ ២០:១–១១—ព្រះបញ្ញត្តិ​ដប់​ប្រការ ៖ ការស្រឡាញ់​ព្រះ និង​ការដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ម៉ូសេ និង​ព្រះបញ្ញត្តិ​ដប់​ប្រការ

និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀន​ទី ៤៩

និក្ខមនំ ២០:១–១១

ព្រះបញ្ញត្តិ​ដប់​ប្រការ ៖ ការស្រឡាញ់​ព្រះ និង​ការដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​យើង

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង​គ្រប់គ្នា ហើយ​ចង់ឲ្យ​យើង​ជ្រើសរើស​ទ្រង់​ទាំងទ្វេ​ជា​អាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់​យើង ។ បន្ទាប់​ពី​បាន​រំដោះ​សាសន៏​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​ហើយ ព្រះអម្ចាស់​បាន​នាំ​ពួកគេ​ទៅ​ភ្នំ​ស៊ីណាយ ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ទ្រង់ ។ នៅ​ទីនោះ ទ្រង់​បាន​បើក​សម្តែង​ព្រះបញ្ញត្តិ​ដប់​ប្រការ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្រឡាញ់​ទ្រង់​លើសពី​អ្វីៗ​ទាំងអស់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ និង​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ ។

សិក្សា​ព្រះគម្ពីរ

សូម​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​សួរ​អ្នក​ថា « តើ​ព្រះបញ្ញត្តិ​មួយណា ដែល​សាសនាចក្រ​របស់​អ្នក​គិត​ថា​សំខាន់​បំផុត​នោះ ? » តើ​អ្នក​នឹង​និយាយ​អ្វី ?

ព្រះយេស៊ូវ​ធ្លាប់​ត្រូវបាន​គេ​សួរ​សំណួរ​ស្រដៀង​គ្នា​នេះ​ម្ដង ។

រូបតំណាង​ស្លាកសូម​អាន ម៉ាថាយ ២២:៣៦–៤០ ហើយ​រកមើល​របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប ។ សូម​ពិចារណា​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នេះ​ថា « ព្រះបញ្ញត្តិ » ។

របៀប​មួយ​ដើម្បី​មើលទៅ​ព្រះបញ្ញត្តិ​នេះ គឺ​ត្រូវ​ចាត់ទុក​ថា វា​ជា​ឱកាស​ដើម្បី​ស្រឡាញ់​ព្រះ ឬ​អ្នកជិតខាង​របស់​អ្នក ។

ព្រះបញ្ញត្តិ​ដប់​ប្រការ

រូបតំណាង​គូសសម្គាល់សូម​អាន និក្ខមនំ ២០:៣–១៧ ។ វគ្គ​បទគម្ពីរ​នេះ​មាន​នូវ​ព្រះបញ្ញត្តិ​ដប់​ប្រការ ។ កាល​អ្នក​អាន សូម​គូសសម្គាល់​ព្រះបញ្ញត្តិ​ចំនួន​បួន​ដំបូង អំពី​ការស្រឡាញ់​ព្រះ​តាម​រចនាប័ទ្ម​មួយ ។ សូម​គូសសម្គាល់​ព្រះបញ្ញត្តិ​ចំនួន​ប្រាំមួយ​ទៀត អំពី​ការស្រឡាញ់​អ្នកជិតខាង​របស់​អ្នក​តាម​រចនាប័ទ្ម​មួយ​ទៀត ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិនិក្ខមនំ ២០:៣–១៧ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។⁠ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ « ព្រះបញ្ញត្តិ​ដប់​ប្រការ » ។ ប្រសិនបើ​មាន អ្នក​ក៏​អាច​មើល​វីដេអូ « 10 Commandments Memorization Trick » ( ២:១២ ) ផងដែរ ដើម្បី​រៀន​ពី​របៀប​ទន្ទេញ​ចាំ​ព្រះបញ្ញត្តិ​នីមួយៗ ដែល​ម៉ូសេ​បាន​ទទួល ។

2:10

មេរៀន​នេះ​នឹង​ផ្តោតលើ​របៀប​ដែល​ព្រះបញ្ញត្តិ​ទាំង​បួន​ដំបូង​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​មាន « ព្រះ​ឯណា​ទៀត » ណាខ្លះ​ដែល​យើង​អាច​ដាក់​ពីមុន​ព្រះ ?

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:១៦ ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

16:44
ប្រធាន ដាល្លិន អេក អូក

ដូច្នេះ​យើង​ធ្វើឲ្យ​ព្រះ​ខក​ព្រះទ័យ ពេល​យើង « បម្រើ » ព្រះ​ផ្សេងទៀត—ពេល​យើង​ដាក់​អាទិភាព​ទីមួយ​លើ​អ្វី​ផ្សេងទៀត ។ តើ​អាទិភាព​ផ្សេងទៀត​អ្វីខ្លះ ដែល​មនុស្ស « បម្រើ » ពី​មុន​ព្រះ … ក្នុង​ជំនាន់​របស់​យើង ? សូម​ពិចារណា​ពី​ជម្រើស​ទូទៅ​ទាំងនេះ​ក្នុង​ពិភពលោក​យើង ៖

  • វប្បធម៌ និង​ប្រពៃណី​គ្រួសារ

  • ភាពត្រឹមត្រូវ​ខាង​នយោបាយ

  • គោលដៅ​អាជីព​ការងារ

  • ទ្រព្យសម្បត្តិ​ផ្នែក​សម្ភារ

  • ការស្វែងរក​ការកម្សាន្ដ

  • អំណាច កេរ្តិ៍ឈ្មោះ និង​កិត្យានុភាព

បើ​ឧទាហរណ៍​ទាំងនេះ​មិន​អនុវត្ត​ចំពោះ​ពួកយើង​ណាម្នាក់​ទេ នោះ​យើង​អាច​ប្រាប់​ពី​ឧទាហរណ៍​ផ្សេងទៀត ដែល​អាច​អនុវត្ត​បាន ។ គោលការណ៍​នេះ​គឺ​សំខាន់​ជាង​ឧទារណ៍​នីមួយៗ ។ គោលការណ៍​នេះ​ពុំ​សំដៅ​ថា តើ​យើង​មាន​អាទិភាព​ដទៃ​ដែរ​ឬ​អត់​នោះ​ទេ ។ សំណួរ​ក្នុង​ព្រះបញ្ញត្តិ​ទីពីរ​គឺថា « តើ​អ្វីទៅ​ជា​អាទិភាព​ធំ​បំផុត​របស់​យើង ? » តើ​យើង​កំពុង​បម្រើ​ដល់​អាទិភាព ឬ​ព្រះ​ដទៃ មុន​ព្រះ​ដែល​យើង​ថ្វាយបង្គំ​មែនទេ ? ( « No Other Gods » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ​៧២ )

ជម្រើស ខ

តើ​ការចេញ​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​អសារ​ឥតការ មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៣:៦០–៦៤ ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ ៖

13:10
អែលឌើរ ឌែល ជី រិនឡាន់

ភាសា​ហេព្រើរ​បាន​បកប្រែ ពាក្យ « ចេញ » ថា « លើក » ឬ « លើកឡើង » ដូចជា​ផ្ទាំង​បដា​ដែល​កំណត់​អត្តសញ្ញាណ​ពី​ខ្លួនឯង​ជា​ក្រុម​មួយ ឬ​ជា​បុគ្គល​ម្នាក់ ។ ពាក្យ​ដែល​បាន​ប្រែ​ថា « អសារ​ឥតការ » មាន​ន័យ​ថា « ឥត​ន័យ » ឬ « បោក​បញ្ឆោត » ។ បញ្ញាត្តិ​ដែល​ថា កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​អសារ​ឥត​ការ អាច​មាន​ន័យ​ដូច្នេះ​ថា « បងប្អូន​មិន​គួរ​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​ថា​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ទេ លុះ​ត្រាតែ​បងប្អូន​មាន​បំណង​ធ្វើ​ជា​តំណាង​ទ្រង់​ឲ្យ​បាន​ល្អ​សិន » ។ ( « ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ​៣៦ )

ជម្រើស គ

តើ​ខ្ញុំ​អាច​ខិតចូល​កាន់តែ​ជិត​ព្រះអម្ចាស់ តាមរយៈ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ទុកជា​បរិសុទ្ធ​ដោយ​របៀប​ណា ?

សូម​អាន និក្ខមនំ ៣១:១៣, ១៦–១៧ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ ៖

14:46
ប្រធាន រ័សុល អិម ណិលសុន

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​រៀន​ពី​បញ្ជី​មួយ​ដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​កិច្ចការ​ដែលមិន​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង ​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក បាន​បង្កើត​ជា​ទីសម្គាល់​រវាង​ខ្ញុំ និង​ព្រះវរបិតា​សួគ៌​ខ្ញុំ [ សូមមើល និក្ខមនំ ៣១:១៣, អេសេគាល ២០:១២, ២០ ] ។ ដោយ​មាន​ការយល់ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេច​ចិត្ត​ថា តើ​សកម្មភាព​ណា​ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួន​ឯង​ថា « តើ​ទីសម្គាល់​ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​ព្រះ ? » សំណួរ​នេះ​បាន​ធ្វើឲ្យ​ជម្រើស​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក​មាន​ភាពច្បាស់លាស់​ឡើង ។ …

… តើ​ទីសម្គាល់​អ្វី ដែល​បងប្អូន​នឹង​បង្ហាញ​ដល់​ព្រះអម្ចាស់ ដើម្បី​សម្ដែង​ក្ដីស្រឡាញ់​ទៅកាន់​ទ្រង់ ? ( « The Sabbath Is a Delight » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ​១៣០ )

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​សម្រេច​នូវអ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​អ្នក ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គិត​ពី​បទបញ្ញត្តិ​ធំ​ពីរ ៖ ការស្រឡាញ់​ព្រះ និង​ការស្រឡាញ់​អ្នកជិតខាង​របស់​អ្នក ។ នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ឬ​នៅលើ​ក្រដាស​មួយ​សន្លឹក សូម​គូរ​លេខ ១ ឲ្យ​ធំ ។ សូម​ធ្វើឲ្យ​វាធំ​ល្មម​ដើម្បី​អាច​សរសេរ​នៅ​ខាងក្នុង​វា​បាន ឬ​ទុក​កន្លែង​ដើម្បី​សរសេរ​នៅជាប់​វា ។

លេខ​មួយ

រូបតំណាង​សៀវភៅ​កត់ចំណាំនៅ​ខាងក្នុង ឬ​នៅ​ជាប់​នឹង​លេខ ១ សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ។ នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការធ្វើ​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ?

  • តើ​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​អ្នក​ដោយ​របៀប​ណា​ចំពោះ​ការធ្វើ​កិច្ចការ​នេះ ?

  • តើ​អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​អ្វីខ្លះ​នៅពេល​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យក​ឈ្នះ​លើ​ការ​ប្រឈម​ទាំងនេះ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ និង​ដាក់​ទ្រង់​ជា​អាទិភាព​ទីមួយ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​កត់ត្រា ខណៈ​សិក្សា​ជម្រើស​នានា​ដែល​អ្នក​បាន​ជ្រើសយក ។

  • អត្ថបទ​ក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក​ជាមួយ​លេខ ១ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?