« មេរៀនទី ៥១ ៖ និក្ខមនំ ២៤; ៣២–៣៤—សេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
Fulness of Times [ កាលដ៏ពេញកំណត់ ] ដោយ ហ្រ្គេក ខេ អូលសិន
និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀនទី ៥១
និក្ខមនំ ២៤; ៣២–៣៤
សេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គសង្គ្រោះបានធ្វើការរួមគ្នា ដើម្បីប្រទានពរដល់ជីវិតរបស់អ្នកដោយរបៀបណា ? នៅពេលម៉ូសេត្រឡប់ពីវត្តមានរបស់ព្រះអម្ចាស់វិញ លោកបានឃើញថា ពួកសាសន៏អ៊ីស្រាអែលបានបំពានសេចក្ដីសញ្ញាដែលពួកគេបានធ្វើ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ថា ព្រះអម្ចាស់មានសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្ដីអត់ធ្មត់ ។
សិក្សាព្រះគម្ពីរ
តើមានអ្វីខ្លះនៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលមនុស្សត្រូវបានល្បួងឲ្យដាក់អាទិភាពមុនសេចក្ដីសញ្ញា ឬទំនាក់ទំនងរបស់ពួកគេជាមួយព្រះ ? នៅក្នុង និក្ខមនំ ២៤:៣–៨ ពួកសាសន៍អ៊ីស្រាអែលបានសន្យាថានឹងធ្វើជារាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។
សូមអាន និក្ខមនំ ៣២:១–៨ ហើយរកមើលរបៀបដែលពួកសាសន៍អ៊ីស្រាអែលបានបំពានសេចក្ដីសញ្ញារបស់ពួកគេ ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការគោរពរូបសំណាក ( ការថ្វាយបង្គំរូបសំណាក ឬការដិតអារម្មណ៍ជក់ជ្រុលទៅនឹងអ្វីមួយ) រារាំងមនុស្សជាច្រើនមិនឲ្យនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះ ។ ទោះបីជាពួកសាសន៍អ៊ីស្រាអែលបានបំពានសេចក្ដីសញ្ញារបស់ពួកគេក្ដី ក៏ផែនការរបស់ព្រះបានអនុញ្ញាតឲ្យពួកគេទទួលបានសេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់ដែរ ( សូមមើល និក្ខមនំ ៣៤:៦–៧ ) ។ នៅពេលអ្នកបន្ដសិក្សា សូមស្ដាប់ព្រះវិញ្ញាណ ហើយរកមើលភស្ដុតាងនៃសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់ ដែលព្រះអម្ចាស់ប្រទានមក ។
ក្រឹត្យវិន័យនៃសេចក្ដីយុត្តិធម៌របស់ព្រះអម្ចាស់
សូមអាន និក្ខមនំ ៣២:១៥–២០ ហើយរកមើលផលវិបាកដែលសាសន៏អ៊ីស្រាអែលបានរងទុក្ខដោយសារតែអំពើបាបរបស់ពួកគេ ។
ខណៈដែលយើងអាចប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីធ្វើអំពើបាប នោះព្រះអម្ចាស់តែងមានយុត្តិធម៌ជានិច្ច ។ ដូច្នេះហើយ យើងមិនអាចគេចផុតពីលទ្ធផលនៃអំពើបាបរបស់យើងបានឡើយ ។ ដោយសារតែអំពើបាបរបស់ពួកសាសន៍អ៊ីស្រាអែល នោះម៉ូសេបានបំផ្លាញផ្ទាំងបន្ទះថ្ម ដែលមាននូវការណែនាំសម្រាប់ពិធីបរិសុទ្ធនៃបព្វជិតភាពម៉ិលគីស្សាដែក ( សូមមើល និក្ខមនំ ៣២:១៥–១៩; ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, និក្ខមនំ ៣៤:១–២ [ នៅក្នុងជំនួយការសិក្សា ]; គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១៩–២៦ ) ។ លោកក៏បានលើករោងឧបោសថទៅក្រៅត្រសាលផងដែរ ( សូមមើល និក្ខមនំ ៣៣:៧ ) ដែលជានិមិត្តរូបដែលអ៊ីស្រាអែលបាត់បង់វត្តមានរបស់ព្រះអម្ចាស់ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
ហេតុអ្វីអ្នកគិតថា ការសង់ និងការថ្វាយបង្គំរូបគោមាសគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ?
-
តើផលវិបាកនៃអំពើបាបអាចជួយនរណាម្នាក់ឲ្យត្រឡប់មករកព្រះអម្ចាស់វិញតាមរបៀបណា ?
ក្រឹត្យវិន័យនៃសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់
សូមអាន និក្ខមនំ ៣៤:៦–៧ ។ សូមដាក់ស្លាកវគ្គបទគម្ពីរនេះថា « គុណលក្ខណៈដូចជាព្រះគ្រីស្ទ » ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីរបៀបដែលសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្រ្គោះបំពេញតាមក្រឹត្យវិន័យនៃសេចក្ដីយុត្តិធម៌ ៖
ប្រសិនបើគ្មានដង្វាយធួនរបស់ព្រះអង្គសង្រ្គោះទេ នោះគោលការណ៍ដ៏អស់កល្បជានិច្ចនៃសេចក្តីយុត្តិធម៌ នឹងតម្រូវឲ្យមានការដាក់ទណ្ឌកម្ម ។ ដោយសារតែដង្វាយធួនព្រះអង្គសង្គ្រោះ នោះសេចក្ដីមេត្តាករុណាអាចឈ្នះ ដល់អស់អ្នកដែលបានប្រែចិត្ត ហើយអាចអនុញ្ញាតឲ្យពួកគេត្រឡប់ទៅទីវត្តមានរបស់ព្រះវិញ ។ វាជាការណ៍ល្អដល់យើង ដើម្បីពិចារណាពីគោលលទ្ធិដ៏អស្ចារ្យនេះ ។ ( « ចូរស្មោះត្រង់ចំពោះព្រះ និងកិច្ចការរបស់ទ្រង់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ១១៩ )
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើព្រះអម្ចាស់ឆ្លើយតបនឹងភាពទន់ខ្សោយរបស់យើងដោយរបៀបណា ?
មិត្តភក្តិរបស់អ្នកឈ្មោះ ខាយលី បានរៀនអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនាពេលថ្មីៗនេះ ។ នាងចង់ធ្វើតាមផែនការរបស់ព្រះ និងសេចក្ដីសញ្ញាជាមួយទ្រង់ ដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ខាយលី បានធ្វើការផ្លាស់ប្តូរនៅក្នុងជីវិតរបស់នាង ហើយបានទទួលបុណ្យជ្រមុជទឹកចូលទៅក្នុងសាសនាចក្ររបស់ទ្រង់ ។
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់នាង ខាយលី បានចាប់ផ្ដើមចំណាយពេលច្រើនជាមួយនឹងមិត្តភក្តិចាស់ៗរបស់នាង ហើយវាបានដឹកនាំទៅរកទម្លាប់ចាស់ៗវិញ ។ មិនយូរប៉ុន្មាន នាងបានត្រឡប់ទៅរកផ្លូវចាស់វិញ ។ នាងបានបំពានសេចក្ដីសញ្ញាដែលនាងបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ។
អែលឌើរ រីឆាត ជី ស្កត ( ឆ្នាំ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ដំណឹងដ៏អំណរសម្រាប់មនុស្សគ្រប់រូប ដែលមានបំណងចង់ជម្រះពីផលវិបាកនៃការជ្រើសរើសមិនល្អនៅអតីតកាល គឺថាព្រះអម្ចាស់ទតលើភាពទន់ខ្សោយខុសផ្សេងពីការបះបោរ ។ ដូច្នេះ ព្រះព្រមានថា ការបះបោរដែលមិនប្រែចិត្តនឹងនាំមកនូវការដាក់ទោស ពេលព្រះមានបន្ទូលអំពីភាពទន់ខ្សោយ នោះតែងតែមានក្ដីមេត្តាករុណា ។ ( « Personal Strength through the Atonement of Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៨៣ )
សូមស្រមៃថា ខាយលី បានអានប្រសាសន៍របស់អែលឌើរស្កត ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមប្រើសេចក្តីថ្លែងការណ៍ខាងក្រោមនេះដើម្បីបញ្ចប់ដំណើររឿងរបស់ ខាយលី ៖
ដោយសារតែបទពិសោធន៍របស់នាង ខាយលី បានរៀនថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ដោយសារតែអ្វីដែលនាងបានដឹងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ខាយលី បានសម្រេចចិត្តថានឹង ។
ជម្រើស ខ
តើយើងអាចទទួលបានសេចក្ដីមេត្តាករុណារបស់ព្រះគ្រីស្ទដោយរបៀបណា ?
ហ័ន បានទទួលបុណ្យជ្រមុជទឹក នៅពេលគាត់មានអាយុប្រាំបីឆ្នាំ ។ គាត់បានធំឡើងនៅក្នុងគ្រួសារដ៏ស្មោះត្រង់មួយ ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់គាត់ គាត់ចង់សាកធ្វើអ្វីៗដែលផ្ទុយនឹងព្រះបញ្ញត្តិរបស់ព្រះ ។ មិនយូរប៉ុន្មាន គាត់បានបំពានសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់គាត់ជាប្រចាំ ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖
ក្នុងនាមជាក្មេងអាយុប្រាំបីឆ្នាំ ខ្ញុំបានសន្មតខុសថា ទឹកនៃពិធីបុណ្យជ្រមុជទឹកបានលាងសម្អាតអំពើបាប ។ វាពុំដូច្នោះទេ ។ ជាច្រើនឆ្នាំក្រោយមកបន្ទាប់ពីបុណ្យជ្រមុជទឹក ខ្ញុំបានរៀនថា អំពើបាបត្រូវបានសម្អាតដោយព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ នៅពេលយើងធ្វើ និងរក្សាសេចក្ដីសញ្ញានៃបុណ្យជ្រមុជទឹក ។ បន្ទាប់មក តាមរយៈអំណោយនៃការប្រែចិត្ត នោះយើងអាចរក្សាស្អាតស្អំបាន ។ ខ្ញុំក៏បានរៀនផងដែរថា សាក្រាម៉ង់នាំមកនូវវដ្ដនៃគុណធម៌ដ៏មានឥទ្ធិពលមកក្នុងជីវិតយើង ដែលធ្វើឲ្យយើងអាចរក្សានូវការផ្តាច់បាបរបស់យើងបាន ។ ( « ព្រះយេស៊ូវគ្រីស្ទគឺជាកំណប់ទ្រព្យ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៩៧ )
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើ ហ័ន អាចប្រឈមមុខនឹងផលវិបាកអ្វីខ្លះ ដោយសារការបំពានសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់គាត់ ?
-
តើអ្នកនឹងចែកចាយអ្វីខ្លះជាមួយ ហ័ន ដើម្បីជួយគាត់ឲ្យមើលឃើញសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់ ?
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមពិនិត្យមើល និក្ខមនំ ៣៤:៦–៧ ឡើងវិញ ហើយគិតអំពីមូលហេតុដែលវាអាចជារឿងសំខាន់ចំពោះព្រះអម្ចាស់ក្នុងការរំឭកដល់កូនចៅអ៊ីស្រាអែលថា ទ្រង់មានសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរសំបុត្រមួយច្បាប់ទៅកាន់ ខាយលី ឬ ហ័ន ដែលអាចជួយពួកគេឲ្យត្រឡប់មកកាន់ផ្លូវនៃសេចក្ដីសញ្ញាវិញបាន ។ សូមយោងទៅបទពិសោធន៍របស់កូនចៅអ៊ីស្រាអែលជាមួយព្រះ ។ សូមរួមបញ្ចូលអ្វីខាងក្រោមនេះផងដែរ ៖
-
របៀបដែលព្រះអម្ចាស់បានបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ទ្រង់ចំពោះពួកសាសន៍អ៊ីស្រាអែល
-
របៀបដែល ខាយលី ឬ ហ័ន អាចមើលឃើញសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ
-
ទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ថា ព្រះអម្ចាស់មានសេចក្ដីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្ដីអត់ធ្មត់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សំបុត្រដែលអ្នកបានសរសេរទៅកាន់ ខាយលី ឬ ហ័ន ។
-
របៀបដែលអ្នកអាចឃើញសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?