ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥០ ៖ និក្ខមនំ ២០:១២–១៧—ព្រះបញ្ញត្តិ​ដប់​ប្រការ​ជួយ​យើង​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង


« និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀន​ទី ៥០ ៖ និក្ខមនំ ២០:១២–១៧—ព្រះបញ្ញត្តិ​ដប់​ប្រការ​ជួយ​យើង​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

គម្រោង​បម្រើ

និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀន​ទី ៥០

និក្ខមនំ ២០:១២–១៧

ព្រះបញ្ញត្តិ​ដប់​ប្រការ​ជួយ​យើង​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅពេល​កូនចៅ​អ៊ីស្រាអែល​បោះ​ត្រសាល​នៅ​ភ្នំ​ស៊ីណាយ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ព្រះបញ្ញត្តិ​ដប់​ប្រការ ។ តាមរយៈ​ការកាន់តាម​ព្រះបញ្ញត្តិ​ដប់​ប្រការ នោះ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​ដទៃ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​កាន់តាម​ព្រះបញ្ញត្តិ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង ។

សិក្សា​ព្រះគម្ពីរ

ម៉ូសេ អ្នកផ្ដល់​ក្រឹត្យវិន័យ

សូម​គិតពី​ព្រះបញ្ញត្តិ​ដប់​ប្រការ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ម៉ូសេ ។ មនុស្ស​ជាច្រើន​នៅ​ជំនាន់​របស់​យើង​ពិបាក​កាន់តាម​ព្រះបញ្ញត្តិ​ទាំងនេះ​ណាស់ ។ សូម​ចំណាយ​ពេល​បន្តិច ហើយ​ចាត់​ចំណាត់​ថ្នាក់​ព្រះបញ្ញត្តិ​ទាំងនេះ​តាម​យោបល់​របស់​អ្នក ពី ១ ( គោរព​តាម​ខ្លាំង​បំផុត ) ដល់ ១០ ( បំពាន​ខ្លាំង​បំផុត ) ។

រូបតំណាង​គូសសម្គាល់ប្រសិនបើ​អ្នក​ត្រូវ​រំឭក​ព្រះបញ្ញត្តិ​ទាំងនេះ​ឡើងវិញ សូម​អាន និក្ខមនំ ២០:៣–១៧ ។ នៅក្នុង​មេរៀន​មុន អ្នក​ប្រហែលជា​បាន​គូសសម្គាល់​ព្រះបញ្ញត្តិ​ទាំងនេះ ។ ប្រសិនបើ​អ្នក​មិន​បាន​គូសសម្គាល់​ទេ សូម​គូសសម្គាល់​ព្រះបញ្ញត្តិ​នីមួយៗ​នៃ​ព្រះបញ្ញត្តិ​ទាំង​ដប់​នេះ​ឥឡូវ​នេះ ។

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​អំពី​ព្រះបញ្ញត្តិ​ទាំង​ប្រាំមួយ ដែល​មាន​នៅក្នុង និក្ខមនំ ២០:១២–១៧ ឲ្យ​កាន់តែ​ស៊ីជម្រៅ ។

ការយល់ដឹង​ពី​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​អ្នក​បាន​កាន់តែ​ពេញលេញ ។ សូម​ប្រើ​ធនធាន​ខាងក្រោម​នេះ​ដើម្បី សិក្សា​ព្រះបញ្ញត្តិ​ពីរ ឬ​ច្រើន ក្នុង​ចំណោម​ព្រះបញ្ញត្តិ​ទាំងនេះ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ ។

សម្រាប់​ព្រះបញ្ញត្តិ​នីមួយៗ​ដែល​អ្នក​សិក្សា សូម​ធ្វើ​ដូច​ខាងក្រោម ៖

  1. រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណភ្ជាប់​វគ្គបទគម្ពីរ​ដែល​អ្នក​សិក្សា ។

  2. រូបតំណាង​ស្លាកសូម​បន្ថែម​ស្លាក​ដែល​នឹង​ជួយ​អ្នក​ឲ្យ​រកឃើញ​វគ្គ​បទគម្ពីរ​ទាំងនេះ​នៅពេល​ក្រោយ ។

  3. រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

និក្ខមនំ ២០:១២ ។ « ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ »

  • តើ​មាន​សេចក្តី​សន្យា​អ្វី​ដែល​ទាក់ទង​ទៅនឹង​បទបញ្ញត្តិ​នេះ ?

សូម​អាន លូកា ២:៤២–៥១; ២២:៤១–៤២យ៉ូហាន ១៧:៤–៦; ១៩:២៥–២៧ ( សូម​មើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, យ៉ូហាន ២:៤ [ នៅក្នុង យ៉ូហាន ២:៤ ) ។ សូម​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ​នៃ​ការគោរព​ដល់​ឪពុក​ម្ដាយ​នៅលើ​ផែនដី និង​ព្រះវរបិតា​សួគ៌​របស់​ទ្រង់ ។

  • តើ​អ្នក​អាច​គោរព​ដល់​ឪពុក​ម្ដាយ​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ការធ្វើ​កិច្ចការ​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ឪពុក​ម្ដាយ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

និក្ខមនំ ២០:១៣ ។ « កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ »

នៅក្នុង និក្ខមនំ ២០:១៣ ពាក្យ « សម្លាប់ » បាន​បកប្រែ​ពី​ពាក្យ​ភាសា​ហេព្រើរ​ដែល​មាន​ន័យ​ថា ឃាតកម្ម ( សូមមើល footnote a) ។ ឃាតកម្ម មាន​ន័យ​ថា បញ្ចប់​ជីវិត​របស់​មនុស្ស​ម្នាក់​ទៀត​ដោយ​ចេតនា និង​ខុស​ច្បាប់ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:៦ ដើម្បី​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ពង្រីក​ការយល់ដឹង​របស់​យើង​អំពី​ព្រះបញ្ញត្តិ​នេះ ។

  • តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ការកម្សាន្ត​មួយ​ចំនួន​ផ្សព្វផ្សាយ​អំពើ​ហិង្សា ឬ​ការមិន​គោរព​ដល់​ជីវិត​មនុស្ស​តាម​របៀប​ណាខ្លះ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ចៀសវាង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ការកម្សាន្ត​ប្រភេទ​ទាំងនេះ ?

និក្ខមនំ ២០:១៤ ។ « កុំ​ឲ្យ​ផិតគ្នា​ឲ្យ​សោះ »

នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស​ ( ឆ្នាំ​២០២២ ) សូម​អាន​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​នេះ « អារម្មណ៍​ខាង​ផ្លូវ​ភេទ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ » ( ទំព័រ​២៣ ) និង​ការអញ្ជើញ​ឲ្យ « រក្សា​ផ្លូវភេទ និង​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​ពិសិដ្ឋ » ( ទំព័រ​២៥ ) ។

អ្នក​ក៏​អាច​អាន លោកុប្បត្តិ ៣៩:៩ ផងដែរ ហើយ​ស្វែងរក​របៀប​ដែល​យ៉ូសែប​បាន​ឆ្លើយតប នៅពេល​ដែល​លោក​ត្រូវបាន​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​បរិសុទ្ធ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អារម្មណ៍​ផ្លូវភេទ​គឺ​ពិសិដ្ឋ និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ ?

និក្ខមនំ ២០:១៥–១៦ ។ « កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ ។ កុំ​ឲ្យ​ធ្វើជា​ទីបន្ទាល់​ក្លែង ទាស់​នឹង​អ្នកជិតខាង​ខ្លួន​ឲ្យ​សោះ » ។

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ( ឆ្នាំ​២០២២ ) បង្រៀន​ថា ៖ « ស្រឡាញ់​សេចក្តីពិត​ឲ្យ​បាន​ច្រើន​ដែល​ធ្វើឲ្យ​អ្នក​មិន​ចង់​លួច កុហក បន្លំ ឬ​បោក​បញ្ឆោត​តាម​គ្រប់​មធ្យោបាយ—ទាំង​នៅ​សាលា កន្លែង​ធ្វើការ តាម​អនឡាញ និង​គ្រប់​ទីកន្លែង​ទាំងអស់ ។ សូម​ធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​ស្មោះត្រង់ ដូចគ្នា​ទាំង​នៅ​ទីសាធារណៈ និង​ទី​ឯកជន » ( ទំព័រ ៣២ ) ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Honesty: You Better Believe It! » ( ៤:៤៦ ) ។

4:47
  • តើ​យុវវ័យ​ត្រូវបាន​ល្បួង​ឲ្យ​កុហក បោកប្រាស់ ឬ​លួច​តាម​មធ្យោបាយ​ណាខ្លះ ?

  • តើ​យើង​អាច​ព្យាយាម​ស្មោះត្រង់​ចំពោះ​គ្រប់​កិច្ចការ​ទាំងអស់​ដែល​យើង​ធ្វើ​ដោយ​របៀបណា ?

និក្ខមនំ ២០:១៧ ។ « កុំ​ឲ្យ​លោភ​ចង់​បាន​ឲ្យ​សោះ »

ការលោភ​ចង់​បាន​មាន​ន័យ​ថា ការមាន​ភាពអាត្មា​និយម ចង់​បាន​ហួសហេតុ​នូវ​អ្វីមួយ​ដែល​ជា​របស់​អ្នកដទៃ ។ ការលោភ​ចង់​បាន​អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ច្រណែន​ឈ្នានីស អំនួត លោភលន់ និង​គ្មាន​ការដឹងគុណ ។ យើង​អាច​កោត​សរសើរ​អ្វី​ដែល​អ្នកដទៃ​មាន និង​ខិតខំ​កែលម្អ​ជីវិត និង​កាលៈទេសៈ​របស់​យើង ។ ប៉ុន្តែ​យើង​គួរតែ​ធ្វើ​ដូច្នេះ​ដោយ​មាន​សកម្មភាព​ស្មោះត្រង់ និង​សមស្រប ។

ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ប្រធាន ជែហ្វ្រី អ័រ ហូឡិន

ការចង់​បាន​របស់​អ្នកដទៃ ការមិន​និយាយ​រក​គេ​ពេល​តូច​ចិត្ត ឬ​ការធ្វើឲ្យ​គេ​មិន​សូវ​សប្បាយ​ចិត្ត មិន​បាន​ជួយ​អ្នក​ឲ្យ​ឈរ​ខ្ពស់​ជាង​មុន​ទេ ហើយ​ការធ្វើឲ្យ​អ្នកដទៃ​ខ្មាសគេ​ក៏​មិន​បាន​ជួយ​អ្នក​បាន​ល្អ​ដែរ ។ ដូច្នេះ​សូម​មាន​ចិត្ត​ល្អ និង​មាន​អំណរគុណ​ដែល​ព្រះ​មាន​ព្រះទ័យ​ល្អ ។ វា​ជា​របៀប​ក្នុង​ការរស់នៅ​ដ៏​សប្បាយ​មួយ ។ ( « The Laborers in the Vineyard » Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ​៣២ )

  • តើ​អ្នក​គិត​ថា ការមាន​អំណរគុណ​ចំពោះ​ពរជ័យ​របស់​ព្រះ អាច​ជួយ​អ្នក​មិន​ឲ្យ​លោភ​ចង់​បាន​របស់​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ចែកចាយ​ពរជ័យ​មកពី​ការកាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​អ្នកដទៃ​ដោយ​របៀប​ណា ?

មេក្រូ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ធ្វើ​សេចក្តី​ប្រកាស​អំពី​សេវា​សាធារណៈ អំពី​ព្រះបញ្ញត្តិ​មួយ​ដែល​អ្នក​បាន​សិក្សា ។ សូម​រៀបរាប់​ពី​របៀប​ដែល​វា​ជួយ​មនុស្ស​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​ពួកគេ ។ អ្នក​អាច​សរសេរ គូរ ឬ​កត់ត្រា​សេចក្តី​ប្រកាស​របស់​អ្នក​ក៏​បាន ។ សូម​បញ្ចូល​ដូចខាងក្រោម​នេះ ៖

  1. ព្រះបញ្ញត្តិ

  2. ពរជ័យ​មកពី​ការកាន់តាម​ព្រះបញ្ញត្តិ

  3. បញ្ហា​ដែល​ទាក់ទង​នឹង​ការមិន​កាន់តាម​ព្រះបញ្ញត្តិ

  4. ការអញ្ជើញ​ឲ្យ​អ្នកដទៃ​កាន់តាម​ព្រះបញ្ញត្តិ

ជម្រើស ខ

តើ​ព្រះបញ្ញត្តិ​របស់​ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការជ្រើសរើស​ល្អ​ដោយ​របៀប​ណា ?

ការដឹង និង​ការរស់នៅ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​អាច​ប្រទាន​ពរជ័យ​ដល់​អ្នក និង​អ្នកដទៃ​បាន ។ សូម​អាន​សាច់រឿង​ខាងក្រោម​នេះ ហើយ​គិត​ថា តើ​ព្រះបញ្ញត្តិ​មួយ​ណា​ដែល​បុគ្គល​នេះ​អាច​ព្យាយាម​គោរព​តាម​បាន ។ វា​ជួយ​បាន​ផងដែរ ដើម្បី​គិត​ពី​របៀប​ដែល​ព្រះបញ្ញត្តិ​នោះ​អាច​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​នោះ ។

  1. យុវជន​ម្នាក់​បាន​រវល់​លេង​កីឡា​សម្រាប់​ក្រុម​សាលា​របស់​គាត់ ។ គាត់​បាន​ខកខាន​មិន​បាន​ទៅ​រៀន​ខ្លះ ហើយ​ត្រូវ​ធ្វើ​កិច្ចការ​សាលា និង​ប្រឡង​មុន​ការប្រកួត​បន្ទាប់​របស់​គាត់ ។ គាត់​សម្រេច​ចិត្ត​ប្រើ​កិច្ចការ​សាលា និង​ក្រដាស​ប្រឡង​របស់​មិត្ត​គាត់​ដើម្បី​ទទួល​បាន​ចម្លើយ​យ៉ាង​ឆាប់​រហ័ស ។

  2. យុវនារី​ម្នាក់​តាមដាន​មនុស្ស​ផ្សេងៗ​គ្នា​ជាច្រើន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ នាង​មិន​សប្បាយចិត្ត​នឹង​រូបរាង និង​ការស្លៀកពាក់​របស់​នាង ។ នាង​ចំណាយ​ពេល​ជាច្រើន​ខិតខំ​ធ្វើឲ្យ​ដូច​នឹង​មនុស្ស ដែល​នាង​ឃើញ​នៅលើ​អនឡាញ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​ព្រះបញ្ញត្តិ​មួយ ក្នុង​ចំណោម​ព្រះបញ្ញត្តិ​ដែល​អ្នក​បាន​សិក្សា ។ សូម​សរសេរ​សាច់រឿង​មួយ​របស់​អ្នក​ផ្ទាល់​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ សូម​រៀបរាប់​ពី​ក្មេង​ជំទង់​ម្នាក់ ដែល​អាច​ទទួល​បាន​ពរជ័យ តាមរយៈ​ការរស់នៅ​តាម​ព្រះបញ្ញត្តិ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​រួមបញ្ចូល​ពរជ័យ​ដែល​បាន​សន្យា​នានា និង​ពាក្យ​លើក​ទឹកចិត្ត ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​កាន់តាម​ព្រះបញ្ញត្តិ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សេចក្តី​ប្រកាស​អំពី​សេវា​សាធារណៈ​ដែល​អ្នក​បាន​ធ្វើ ។

  • សាច់រឿង​ដែល​អ្នក​បាន​សរសេរ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?