« មេរៀនទី ៤៨ ៖ និក្ខមនំ ១៩—‹ បានដាច់ជារបស់ផងយើង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀនទី ៤៨
និក្ខមនំ ១៩
« បានដាច់ជារបស់ផងយើង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយសព្វព្រះទ័យចង់មានទំនាក់ទំនងសេចក្ដីសញ្ញាជាមួយនឹងយើងម្នាក់ៗ ។ ការដឹងពីព្រះទ័យរបស់ព្រះយេស៊ូវគ្រីស្ទចំពោះពួកសាសន៏អ៊ីស្រាអែល អាចជួយយើងឲ្យយល់ពីព្រះទ័យរបស់ទ្រង់ចំពោះយើង ។ បន្ទាប់ពីបាននាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទហើយ ព្រះអម្ចាស់បាននាំពួកគេទៅភ្នំស៊ីណាយ ដើម្បីធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យដឹងពីបំណងប្រាថ្នារបស់ព្រះក្នុងការមានទំនាក់ទំនងសេចក្ដីសញ្ញាជាមួយអ្នក ។
សិក្សាព្រះគម្ពីរ
សូមគិតអំពីនរណាម្នាក់ដែលមានអត្ថន័យខ្លាំងនៅក្នុងជីវិតរបស់អ្នក ។ បុគ្គលនោះអាចជាសមាជិកគ្រួសារ គ្រូណែនាំ ឬមិត្តភក្តិម្នាក់ ។ សូមជញ្ជឹងគិតពីអ្វីដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយនឹងបុគ្គលនេះមានអត្ថន័យខ្លាំង ។ សូមប្រៀបធៀបទំនាក់ទំនងនោះទៅនឹងទំនាក់ទំនង ដែលអ្នកមានជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកបានខិតខំប្រឹងប្រែងធ្វើអ្វីខ្លះហើយ ដើម្បីមានទំនាក់ទំនងដ៏មានអត្ថន័យជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើកិច្ចខិតខំទាំងនោះបានជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ទាំងទ្វេយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា ជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរតាមរបៀបណាខ្លះ នៅពេលអ្នកបន្តពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
នៅអំឡុងមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណដើម្បីយល់ពីរបៀបដែលអ្នកអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបាន ។
បន្ទាប់ពីកូនចៅអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទ ព្រះអម្ចាស់បាននាំពួកគេទៅភ្នំស៊ីណាយ ( ជួនកាលបទគម្ពីរហៅភ្នំ ស៊ីណាយថាជា ភ្នំហូរែប; សូមមើល និក្ខមនំ ៣:១ ) ដូចដែលទ្រង់បានសន្យា ( សូមមើល និក្ខមនំ ៣:៧–១២; ១៩:១–៤ ) ។ ចំពោះម៉ូសេ និងកូនចៅអ៊ីស្រាអែល ភ្នំស៊ីណាយប្រៀបដូចជាព្រះវិហារបរិសុទ្ធ ៖ ជាកន្លែងដែលពួកគេធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ។
សូមអាន និក្ខមនំ ១៩:៣–៦ ។ សូមគូសសម្គាល់ពាក្យ និងឃ្លាដែលបង្រៀនអំពីប្រភេទនៃទំនាក់ទំនងដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់មានជាមួយអ្នក ។
វគ្គបទគម្ពីរនេះមានប្រយោគ « បើ‑នោះ » ។ សូមគូសសម្គាល់ប្រយោគ « បើ‑នោះ » នៅក្នុង ខទី ៥–៦ ។ បន្ទាប់មក សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹងខគម្ពីរទាំងនេះ ជាមួយនឹងគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើខ្ញុំគោរពប្រតិបត្តិតាមព្រះអម្ចាស់ និងរក្សាសេចក្តីសញ្ញារបស់ខ្ញុំជាមួយទ្រង់ នោះខ្ញុំក្លាយជាផ្នែកមួយនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ពីអត្ថន័យនៃការ « បានដាច់ជារបស់ផង » ( ខទី ៥ ) ៖
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពាក្យថា បានដាច់ជារបស់ផង ត្រូវបានបកប្រែពីភាសាហេព្រើរពីពាក្យ segullah ដែលមានន័យថា « ទ្រព្យសម្បត្តិដ៏មានតម្លៃ » ឬ « រតនសម្បត្តិ » ។ …
ដូច្នេះ យើងឃើញថាពាក្យ បានដាច់ជារបស់ផង ពីបទគម្ពីរនេះមានន័យថា « ទ្រព្យសម្បត្តិដ៏មានតម្លៃ » « បានបង្កើតឡើង » ឬ « បានជ្រើសរើសដោយព្រះ » ។ ការដែលអ្នកបម្រើរបស់ព្រះអម្ចាស់ស្គាល់យើងថាជារាស្ត្រដែលបានដាច់ជារបស់ផងទ្រង់ នោះវាគឺជាការសរសើរនៃលំដាប់ដ៏ខ្ពស់បំផុត ។ ( « Children of the Covenant » Ensign ខែឧសភា ឆ្នាំ១៩៩៥ ទំព័រ ៣៤ )
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
ហេតុអ្វីបានជាព្រះចង់មានទំនាក់ទំនងសេចក្ដីសញ្ញាជាមួយនឹងខ្ញុំ ?
សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ នៅពេលអ្នកអាន សូមរកមើលពាក្យ ឬឃ្លាដែលបង្ហាញថា ព្រះចង់មានទំនាក់ទំនងសេចក្ដីសញ្ញាជាមួយអ្នក ហើយដាក់ស្លាកវាថា « សេចក្ដីសញ្ញា » ។ អ្នកអាចដាក់តំណភ្ជាប់ខគម្ពីរទាំងនេះទៅនឹង និក្ខមនំ ១៩:៥–៦ ។
-
លោកុប្បត្តិ ១៧:៧
-
យេរេមា ៣១:៣៣
-
ទំនុកដំកើង ២៥:១៤
-
អេសេគាល ៣៧:២៦–២៧
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីទំនាក់ទំនងសេចក្ដីសញ្ញា ដែលយើងអាចមានជាមួយនឹងព្រះ ៖
កាលបងប្អូន និងខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងរបស់យើងជាមួយទ្រង់ប្រែកាន់តែជិតស្និទ្ធជាងពីមុនសេចក្ដីសញ្ញារបស់យើងទៅទៀត ។ ឥឡូវយើងបានចងភ្ជាប់ជាមួយគ្នា ។ ដោយសារតែសេចក្តីសញ្ញារបស់យើងជាមួយព្រះ ទ្រង់ពុំដែលនឿយហត់ក្នុងកិច្ចខិតខំរបស់ទ្រង់ដើម្បីជួយយើងឡើយ ហើយយើងនឹងមិនដែលប្រើអស់ការអត់ធ្មត់ដ៏មេត្តារបស់ទ្រង់ជាមួយយើងដែរ ។ យើងម្នាក់ៗមានកន្លែងពិសេសនៅក្នុងព្រះទ័យរបស់ព្រះ ។ ទ្រង់មានក្តីសង្ឃឹមដ៏ធំសម្រាប់យើង ។ ( « សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៦ )
សូមកត់ត្រាគំនិតរបស់អ្នកអំពីសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើការដឹងថា ព្រះសព្វព្រះទ័យចង់មានទំនាក់ទំនងសេចក្ដីសញ្ញាជិតស្និទ្ធជាមួយនឹងអ្នក មានឥទ្ធិពលយ៉ាងដូចម្ដេចទៅលើបំណងប្រាថ្នារបស់អ្នកដើម្បីចូលទៅជិតទ្រង់ ?
-
តើពាក្យ ឬឃ្លាអ្វីខ្លះមកពីខគម្ពីរនេះ ដែលបានជួយអ្នកឲ្យឃើញថា ព្រះចង់មានទំនាក់ទំនងជាមួយអ្នក ?
សូមផ្ញើសារ ឬនិយាយជាមួយមនុស្សដែលអ្នកគិតដល់នៅដើមមេរៀននេះ ។ សូមចែកចាយខគម្ពីរមួយដែលអ្នកបានរកឃើញនេះជាមួយពួកគេ ហើយពន្យល់ពីអត្ថន័យនៃខគម្ពីរនេះសម្រាប់អ្នក ។
ជម្រើស ខ
តើការធ្វើ និងការរក្សាសេចក្ដីសញ្ញាមានឥទ្ធិពលលើរបៀបដែលខ្ញុំរស់នៅយ៉ាងដូចម្ដេច ?
ការធ្វើដំណើររបស់ពួកសាសន៏អ៊ីស្រាអែលពីស្រុកអេស៊ីព្ទទៅកាន់ភ្នំស៊ីណាយ អាចជានិមិត្តរូបនៃការបោះបង់រឿងខាងសាច់ឈាមចោល ដើម្បីធ្វើសេចក្តីសញ្ញាជាមួយនឹងព្រះ ។ ការ « បានដាច់ជារបស់ផង » ( និក្ខមនំ ១៩:៥ ) និងជា « សាសន៍ដ៏បរិសុទ្ធ » ( និក្ខមនំ ១៩:៦ ) បានធ្វើឲ្យកូនចៅអ៊ីស្រាអែលខុសប្លែកពីសាសន៍នៅជុំវិញនោះ ។ កាលអ្នកចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ អ្នកក្លាយជាមនុស្សដែលខុសពីមនុស្សដទៃទៀត ។
ស៊ីស្ទើរ បែកឃី ក្រាវីន អតីតប្រធានយុវនារីទូទៅ បានបង្រៀនអំពីការរំពឹងទុករបស់ព្រះអម្ចាស់សម្រាប់យើង ដែល « បានដាច់ជារបស់ផង » ទ្រង់ ៖
ក្នុងនាមជារាស្ត្រនៃសេចក្ដីសញ្ញា យើងមិនត្រូវលាយឡំនឹងមនុស្សដទៃឡើយ ។ យើងត្រូវបានហៅថា « រាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ » [ ពេត្រុស ទី១ ២:៩ ]—នេះគឺជាការសរសើរដ៏ធំមួយ ! កាលដែលឥទ្ធិពលនៃពិភពលោកកាន់តែឱបក្រសោបអំពើអាក្រក់ នោះយើងត្រូវតែខិតខំដោយឧស្សាហ៍ ដើម្បីរឹងមាំនៅលើផ្លូវដែលនាំយើងទៅកាន់ព្រះអង្គសង្គ្រោះរបស់យើងដោយសុវត្ថិភាព ដោយពង្រីកគម្លាតរវាងការរស់នៅជាមួយសេចក្ដីសញ្ញា និងឥទ្ធិពលនៃលោកិយ ។ ( « Careful versus Casual » Liahona ខែឧសភា ឆ្នាំ ២០១៩ ទំព័រ១០ )
សូមពិភាក្សាពីអត្ថន័យផ្សេងទៀតនៃការ « បានដាច់ជារបស់ផង » ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។ សូមប្រើសំណួរខាងក្រោមនេះដើម្បីដឹកនាំការពិភាក្សារបស់អ្នក ។ ប្រសិនបើការពិភាក្សាមិនអាចធ្វើបានទេ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើការរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ ជួយយើងឲ្យខុសប្លែកពីមនុស្សដទៃទៀតយ៉ាងដូចម្ដេច ?
-
តើយើងអាចខុសប្លែកពីមនុស្សដទៃទៀតដោយរបៀបណា ដោយមិនចាំបាច់ផ្ដាច់ខ្លួនយើងចេញពីពួកគេ ?
-
តើយុវវ័យម្នាក់ដែលរក្សាសេចក្ដីសញ្ញារបស់ខ្លួន អាចមានឥទ្ធិពលអ្វីខ្លះទៅលើមនុស្សជុំវិញខ្លួនពួកគេ ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យដឹងពីបំណងប្រាថ្នារបស់ព្រះក្នុងការមានទំនាក់ទំនងសេចក្ដីសញ្ញាជាមួយអ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍មកពី និក្ខមនំ ១៩ ដែលជួយអ្នកឲ្យចង់ធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះ ។
-
របៀបដែលគំនិតនៃការ « បានដាច់ជារបស់ផង » មានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នក ដើម្បីចុះសេចក្ដីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?