ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៧ ៖ និក្ខមនំ ១៦—នំបុ័ង​ប្រចាំ​ថ្ងៃ


« មេរៀន​ទី ៤៧ ៖ និក្ខមនំ ១៦—នំបុ័ង​ប្រចាំ​ថ្ងៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ពួកសាសន៍​អ៊ីស្រាអែល​ប្រមូល​នំ​ម៉ាន៉ា

និក្ខមនំ ១៤–១៨ ៖ មេរៀន​ទី ៤៧

និក្ខមនំ ១៦

នំបុ័ង​ប្រចាំ​ថ្ងៃ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បន្ទាប់ពី​ព្រះអម្ចាស់​បាន​រំដោះ​រាស្ដ្រ​របស់​ទ្រង់​ពី​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួកគេ​បាន​ជួប​នឹង​ឧបសគ្គ និង​ឱកាស​ថ្មីៗ​សម្រាប់​ការរីកចម្រើន ។ ពួកសាសន៏​អ៊ីស្រាអែល​មិន​អាច​ពឹងផ្អែក​លើ​ពួកសាសន៍​អេស៊ីព្ទ ដើម្បី​ផ្តល់​របស់របរ​ចាំបាច់​ដូចជា​អាហារ និង​ទឹក​ទៀត​ទេ ។ ពួកគេ​ត្រូវ​រៀន​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​បំពេញ​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ ។

សិក្សា​ព្រះគម្ពីរ

បាយ

តើ​មាន​អាហារ​អ្វីខ្លះ ដែល​មិន​អាច​រក្សាទុក​បាន​យូរ ?

ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា « សេចក្តី​ជំនឿ​មាន​អាយុកាល​ខ្លី » ( « Spiritual Preparedness: Start Early and Be Steady » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ ៣៩ ) ។

កូនចៅ​អ៊ីស្រាអែល​បាន​ចុះ​សេចក្ដីសញ្ញា ដែល​ចង​ភ្ជាប់​ពួកគេ​ទៅនឹង​ព្រះ ។ ប៉ុន្តែ​ពួកគេ​បាន​បង្ហាញ​ថា តើ​សេចក្ដី​ជំនឿ​អាច​ងាយ​នឹង​ចុះខ្សោយ ឬ​ក៏​បាត់បង់​ខ្លាំង​ប៉ុនណា បើ​គ្មាន​ការចិញ្ចឹម​បីបាច់​ជារៀងរាល់​ថ្ងៃ​ទេ​នោះ ។ បន្ទាប់ពី​បាន​ឆ្លងកាត់​សមុទ្រ​ក្រហម ពួកសាសន៏​អ៊ីស្រាអែល « ក៏​ជឿ​ដល់​ព្រះយេហូវ៉ា ព្រមទាំង​ដល់​ម៉ូសេ ជា​អ្នកបម្រើ​ទ្រង់​ផង » ( និក្ខមនំ ១៤:៣១ ) ។ ពួកគេ​បាន​ច្រៀង និង​រាំ​ដើម្បី​សរសើរ​តម្កើង​ព្រះអម្ចាស់ ដែល​បាន​រំដោះ​ពួកគេ ( សូម​មើល និក្ខំមនំ ១៥:១–២១ ) ។ ទោះជា​យ៉ាងណា ការសរសើរ​តម្កើង​របស់​សាសន៏​អ៊ីស្រាអែល​ចំពោះ​ព្រះអម្ចាស់​មិន​បាន​ស្ថិតស្ថេរ​យូរ​នោះ​ទេ ។

នៅពេល​អ្នក​សិក្សា​ពី​ការចាកចេញ​របស់​ពួកសាសន៍​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ សូម​ស្វែងរក​ការបំផុស​គំនិត​ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ចាប់ផ្តើម​ធ្វើ ឬ​បន្ត​ធ្វើ ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជារៀងរាល់​ថ្ងៃ ។

រូបតំណាង​គូសសម្គាល់សូម​អាន និក្ខមនំ ១៦:២–៤, ១១–១៥ ។ សូម​គូសសម្គាល់​ឃ្លា​នានា ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​ពួកសាសន៍​អ៊ីស្រាអែល ។ ដោយ​ប្រើ​រចនាប័ទ្ម​ផ្សេងគ្នា សូម​គូសសម្គាល់​ឃ្លា​នានា ដែល​បង្ហាញ​ពី​អាកប្បកិរិយា​របស់​ពួកសាសន៍​អ៊ីស្រាអែល ។ សូម​ពិចារណា​ពី​របៀប​ដែល​អាកប្បកិរិយា​នេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ពួកគេ ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដោយ​ភាពរាបសា ។

អ្នក​ក៏​អាច​មើល​វីដេអូ « The Israelites in the Wilderness » ( ១:០៨ ) ផងដែរ

1:8

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ និក្ខមនំ ១៦:១២ ជាមួយ​នឹង​សេចក្តីពិត​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​នូវ​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវការ ។

រូបតំណាង​តំណ​ភ្ជាប់សូម​អាន យ៉ូហាន ៦:៣១–៣៥, ៤៧–៥១ ហើយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​នំ​ម៉ាន៉ា ។ សូម​ដាក់​តំណភ្ជាប់​ពាក្យ « នំ​ម៉ាន៉ា » នៅក្នុង និក្ខមនំ ១៦:១៥ ទៅនឹង យ៉ូហាន ៦:៤៧–៥១ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​អាន​សម្រង់​សម្ដី​ខាងក្រោម​នេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន បន្ទាប់មក​សូម​ឆ្លើយ​សំណួរ​ដែល​មាន​បន្ទាប់ពី​នោះ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

ប្រធាន រ័សុល អិម ណិលសុន

ដោយ​ល្បឿន​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ បើ​មិន​បីបាច់​ទីបន្ទាល់ « ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ » [ មរ៉ូណៃ ៦:៤ ] ជារៀង​រាល់​ថ្ងៃទេ វា​អាច​វិនាស​បាន ។ ដូច្នេះ ថ្នាំ​បន្សាប​គម្រោង​ក្បត់​របស់​សាតាំង​គឺ ៖ យើង​ត្រូវការ​បទពិសោធន៍​នៃ​ការថ្វាយ​បង្គំ​ព្រះអម្ចាស់ និង​ការសិក្សា​ដំណឹងល្អ​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ។ ( « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ ៩៩ )

  • តើ​នំ​ម៉ាន៉ា​ស្រដៀង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

  • តើ​អ្វី​ដែល​ព្រះយេស៊ូវ​ប្រទាន​ឲ្យ​យើង ល្អ​ខ្លាំង​ជាង​នំ​ម៉ាន៉ា​តាម​របៀប​ណាខ្លះ ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​ទាំងពីរ​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​នំ​ម៉ាន៉ា​ជា​និមិត្តរូប​តំណាងឲ្យ​តម្រូវការ​របស់​យើង​ក្នុង​ការពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជារៀងរាល់​ថ្ងៃ​យ៉ាង​ដូចម្តេច ?

អ៊ីស្រាអែល​បាន​ពឹងផ្អែក​លើ​នំ​ម៉ាន៉ា​មកពី​ព្រះ​ជារៀងរាល់​ថ្ងៃ ដើម្បី​រស់រាន​មាន​ជីវិត​ខាង​រូបកាយ ។ ខណៈ​ដែល​សេចក្ដីសញ្ញា​អាច​ចងភ្ជាប់​យើង​ទៅនឹង​ព្រះ នោះ​យើង​ក៏​ត្រូវ​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជារៀងរាល់​ថ្ងៃ ដើម្បី​រស់រាន​ខាង​វិញ្ញាណ​ផងដែរ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​អំពី​នំម៉ាន៉ា ។ សូម​បើក​ទៅ និក្ខមនំ ១៦:១៤–៣១, ៣៥ ហើយ​កំណត់​ថា តើ​សេចក្តី​ថ្លែងការណ៍​ទាំងនេះ​ត្រូវ ឬ​ខុស ។ សូម​ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក​នៅក្នុង​ខគម្ពីរ​ទាំងនេះ នៅ​ជាប់​នឹង​សេចក្តី​ថ្លែងការណ៍​នីមួយៗ ។ សូម​ជញ្ជឹង​គិត​ពី​អ្វី​ដែល​សេចក្ដី​លម្អិត​ទាំងនេះ​បង្រៀន​អ្នក​អំពី​ការពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. មាន​នំម៉ាន៉ា​គ្រប់គ្រាន់​ឲ្យ​មនុស្ស​គ្រប់គ្នា​បរិភោគ ( សូម​មើល ខទី ១៦–១៨ ) ។

  2. ពួកសាសន៍​អ៊ីស្រាអែល​អាច​ទុក​នំម៉ាន៉ា​ទាំងអស់​ដែល​ពួកគេ​ចង់​បាន​នោះ ( សូម​មើល ខទី ១៩–២០ ) ។

  3. បើ​ពួកគេ​ប្រមូល​នំម៉ាន៉ា​មិន​ទាន់​ពី​ព្រឹក​ព្រលឹម​ទេ នោះ​ព្រះអាទិត្យ​នឹង​ធ្វើឲ្យ​នំ​នេះ​រលាយ​អស់ ( សូម​មើល ខទី ២១ ) ។

  4. នំ​ម៉ាន៉ា​បាន​ធ្លាក់​មក​ជារៀងរាល់​ថ្ងៃ​ពេញ​មួយ​សប្ដាហ៍ ( សូមមើល ខទី ២៥–២៧ ) ។

  5. នំ​ម៉ាន៉ា​មាន​រសជាតិ​ដូច​នំ​ដែល​ធ្វើ​ពី​ទឹកឃ្មុំ ( សូមមើល ខទី ៣១ ) ។

  6. ព្រះអម្ចាស់​បាន​ប្រទាន​នំ​ម៉ាន៉ា​ដល់​ពួកសាសន៍​អ៊ីស្រាអែល​អស់​រយៈពេល​៤០​ឆ្នាំ ( សូម​មើល ខទី ៣៥ ) ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Daily Bread: Change » ( ៣:០០ ) ។

3:0

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ពីរ ឬ​ច្រើន នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ព័ត៌មាន​លម្អិត​ទាំងនេះ​អំពី​នំ​ម៉ាន៉ា អាច​អនុវត្ត​ចំពោះ​តម្រូវការ​របស់​យើង​ដើម្បី​ទទួល​បាន​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

  • តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​ព័ត៌មាន​លម្អិត​ទាំងនេះ​អំពី​នំ​ម៉ាន៉ា បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ការដឹង​ពី​សេចក្តីពិត​ទាំងនេះ​អាច​មាន​ឥទ្ធិពល​យ៉ាងណា​ដែរ​ទៅលើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជារៀងរាល់​ថ្ងៃ​ដោយ​របៀប​ណា ?

នំបុ័ង

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ឬ​នៅលើ​ក្រដាស​មួយ​សន្លឹក សូម​គូរ​រូប​នំប៉័ង​មួយ​ដុំ ។ សូម​ដាក់​ចំណងជើង​វា​ថា « នំបុ័ង​ប្រចាំ​ថ្ងៃ ៖ ព្រះយេស៊ូវ​គ្រីស្ទ » ។ សូម​សិក្សា​ធនធាន​ខាងក្រោម​នេះ ពីរ ឬ​ច្រើន ហើយ​ស្វែងរក​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ជារៀងរាល់​ថ្ងៃ ដើម្បី​ទទួល​បាន​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​មកពី​ព្រះអម្ចាស់ ។ សូម​សរសេរ ឬ​គូរ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ជុំវិញ​រូបគំនូរ​នំបុ័ង​របស់​អ្នក ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Daily Bread: Pattern » ( ២:៥១ ) ។

2:52

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ពី​តម្រូវការ​របស់​យើង​ដើម្បី​ទទួល​បាន​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ជា​រៀងរាល់​ថ្ងៃ​មកពី​ព្រះអម្ចាស់ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

យើង​មិន​គួរ​គិត​ថា យើង​អាច​រស់នៅ​ជាច្រើន​សប្តាហ៍ និង​ជាច្រើន​ខែ​ដោយ​គ្មាន​ចំណី​អាហារ​ខាង​វិញ្ញាណ ហើយ​មិន​រងទុក្ខ និង​មិន​មាន​ឥទិ្ធពល​អវិជ្ជមាន​ដល់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ឡើយ ។ ការស្គាល់​ភាពពិត​នៃ​តម្រូវការ​របស់យើង​សម្រាប់​ការគ្រប់គ្រង​ខាង​វិញ្ញាណ​ប្រចាំថ្ងៃ ឬ​នំ​ម៉ាន៉ា ជួយ​យើង​ឲ្យ​បង្កើន​ភាពក្លាហាន​របស់​យើង​ដើម្បី​ធ្វើ​រឿង​ត្រឹមត្រូវ និង​បម្រើ​អ្នកដទៃ​ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ប្រសិនបើ​យើង​មិន​ព្រងើយ​កន្ដើយ​នឹង​ព្រះ​ទេ​នោះ ។ ( « Daily Bread: Pattern » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ពិចារណា​អំពី​រឿង​មួយ ឬ​ពីរ ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ចាប់ផ្តើម​ធ្វើ ឬ​ធ្វើ​ខុសពី​មុន ដើម្បី​ពឹងផ្អែក​លើ​ទ្រង់​កាន់តែ​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​យកឈ្នះ ដើម្បី​ធ្វើឲ្យ​ទម្លាប់​នេះ​ក្លាយជា​ផ្នែក​មួយ​នៃ​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក ? តើ​អ្នក​នឹង​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា ការធ្វើ​រឿង​នេះ​ជា​រៀងរាល់​ថ្ងៃ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ដូចម្ដេច ទៅលើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បន្តិច​ម្តងៗ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ជារៀងរាល់​ថ្ងៃ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • របៀប​មួយ​ដែល​ព្រះយេស៊ូវ​គឺ​ដូចជា​នំ​ម៉ាន៉ា និង​របៀប​ដែល​ការដឹង​ពី​សេចក្ដីពិត​នោះ ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ។

  • គំនិត និង​ផែនការ​របស់​អ្នក​ដើម្បី​ពឹងផ្អែក​កាន់តែ​ពេញលេញ​ជាង​នេះ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?