« មេរៀនទី ៤៥ ៖ និក្ខមនំ ១៤—‹ កុំខ្លាចអី › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
ម៉ូសេញែកទឹកសមុទ្រក្រហម ដោយ រ៉ូប៊ើត ធី បារេត
និក្ខមនំ ១៤–១៨ ៖ មេរៀនទី ៤៥
និក្ខមនំ ១៤
« កុំខ្លាចអី »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ជួនកាលយើងអាចមានអារម្មណ៍អស់សង្ឃឹម ស្រដៀងនឹងអារម្មណ៍ដែលពួកសាសន៏អ៊ីស្រាអែលអាចមាននៅក្នុងពេលជាប់នៅចន្លោះសមុទ្រក្រហម និងកងទ័ពរបស់ផារ៉ោនដែរ ។ ទោះជាយ៉ាងណា ពាក្យទូន្មានរបស់ម៉ូសេចំពោះពួកគេនៅតែអាចអនុវត្តបាននៅសព្វថ្ងៃនេះ ៖ « កុំខ្លាចអី ឈប់សិន ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា » ( និក្ខមនំ ១៤:១៣ ) ។ មេរៀននេះអាចជួយអ្នកឲ្យដាក់ការទុកចិត្តរបស់អ្នកលើព្រះអម្ចាស់ដើម្បីទទួលបានកម្លាំង និងការរំដោះ ។
សិក្សាព្រះគម្ពីរ
ខណៈដែលដើរកាត់ហ្វូងមនុស្ស អ្នកឮនរណាម្នាក់ស្រែកឈ្មោះរបស់អ្នក ។ នៅពេលអ្នកងាកមើល ពួកគេឈរនៅពីមុខអ្នក ។ ពួកគេនិយាយថា « សូមមកជាមួយខ្ញុំ » ហើយអូសដៃអ្នកទៅ ។ « យើងគ្មានពេលពន្យល់ទេ ។ ជឿយើងសិនទៅ » ។
-
តើអ្នកនឹងសម្រេចចិត្តយ៉ាងដូចម្តេច ថាតើត្រូវទុកចិត្តលើបុគ្គលនោះឬអត់ ?
-
តើវាមានភាពខុសគ្នាអ្វីខ្លះ ប្រសិនបើបុគ្គលនោះគឺជាមិត្តភក្តិ សមាជិកគ្រួសារ ឬមនុស្សមិនស្គាល់គ្នានោះ ?
ទំនុកចិត្តដែលយើងជឿជាក់លើនរណាម្នាក់ គឺជាកត្តាគន្លឹះថា តើយើងនឹងព្រមទៅតាមពួកគេឬអត់ ។
កាលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ ព្រះអម្ចាស់បានបញ្ជាម៉ូសេឲ្យនាំពួកគេទៅពីហាហីរ៉ុថ ( និក្ខមនំ ១៤:២ ) ។ មិនយូរប៉ុន្មាន ក្រោយពីបានអនុញ្ញាតឲ្យពួកសាសន៏អ៊ីស្រាអែលចេញទៅ នោះផារ៉ោនបានដឹងថា « ទីរហោស្ថាន [ បាន ] បិទគេជិតជុំវិញ » ( និក្ខមនំ ១៤:៣ ) ដូច្នេះទ្រង់ក៏មានចិត្តរឹងទទឹងឡើង ហើយដេញតាមពួកគេ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីស្ថានភាពរបស់ពួកសាសន៏អ៊ីស្រាអែលដូចតទៅនេះ ៖
កូនចៅអ៊ីស្រាអែល [ បានស្ថិតនៅក្នុង ] ស្ថានភាពលំបាកដ៏គួរឲ្យរន្ធត់មួយ ។ … មានរទេះសេះជាច្រើនដេញតាមពីក្រោយពួកគេ មានផ្នូកខ្សាច់ជាច្រើននៅសង្ខាងពួកគេ ហើយមានទឹកដ៏ធំនៅខាងមុខ ។ … ក្នុងករណីនេះ វាគឺជារឿងស្លាប់រស់ ។ ( « Cast Not Away Therefore Your Confidence » Ensign ខែមីនា ឆ្នាំ២០០០ ទំព័រ៩ )
សូមអាន និក្ខមនំ ១៤:១០–១៤ ។ សូមគូសសម្គាល់អ្វីដែលពួកសាសន៍អ៊ីស្រាអែលបាននិយាយតាមរចនាប័ទ្មមួយ និងអ្វីដែលម៉ូសេបាននិយាយតាមរចនាប័ទ្មមួយទៀត ។
សូមធ្វើការកត់ចំណាំមួយនៅជាប់នឹង ខទី ១៤ ដែលឆ្លើយនឹងសំណួរខាងក្រោមនេះ ៖
-
តើពួកសាសន៏អ៊ីស្រាអែលផ្ដោតលើអ្វីក្នុងកាលៈទេសៈទាំងនេះ ? តើម៉ូសេផ្ដោតលើអ្វី ?
-
តើអ្នកបានរៀនអ្វីខ្លះចេញពីដំណើររឿងនេះ ដែលអាចជួយអ្នកជាមួយនឹងឧបសគ្គរបស់អ្នក ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
ហេតុអ្វីខ្ញុំគួរតែពឹងផ្អែកលើព្រះអម្ចាស់នៅក្នុងគ្រាលំបាក ?
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយរកមើលមូលហេតុដើម្បីទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យរំដោះអ្នក ។ អ្នកអាចដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « គុណលក្ខណៈនៃព្រះគ្រីស្ទ » ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៤១ ។ យ៉ូសែប ស្ម៊ីធ ទទួលបានវិវរណៈដែលលើកឡើងអំពីព្រះបញ្ញាញាណរបស់ព្រះ ។
-
ម៉ូសាយ ៤:៩ ។ ស្តេចបេនយ៉ាមីនរៀបរាប់ពីព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ ។
-
នីហ្វៃទី២ ២៦:២៤ ។ នីហ្វៃពន្យល់ពីការជំរុញចិត្តរបស់ព្រះយេស៊ូវសម្រាប់សកម្មភាពរបស់ទ្រង់ ។
សូមមើលវីដេអូ « Finding Christ During Difficult Times » ( ៤:៣៥ ) ឬគិតពីបញ្ហាប្រឈមមួយ ដែលក្មេងជំទង់ម្នាក់អាចប្រឈមមុខ ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាការផ្ដោតលើព្រះយេស៊ូវគ្រីស្ទអាចជួយដល់យើងបាន នៅពេលយើងមានអារម្មណ៍ថាត្រូវបានហ៊ុមព័ទ្ធ ឬបង្ខាំងដោយឧបសគ្គ ឬការសាកល្បងទាំងឡាយរបស់យើង ?
-
តើការយល់ដឹងពីគុណលក្ខណៈដែលបានរៀបរាប់នៅក្នុងវគ្គបទគម្ពីរទាំងនេះ ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការទុកចិត្តលើព្រះយេស៊ូវយ៉ាងដូចម្តេច ?
ជម្រើស ខ
តើខ្ញុំដឹងដោយរបៀបណា នៅពេលព្រះអម្ចាស់ដឹកនាំខ្ញុំនោះ ?
នៅពេលយើងមិនដឹងប្រាកដថា តើវាពិតជាព្រះអម្ចាស់កំពុងមានបន្ទូលមកកាន់យើងឬយ៉ាងណានោះ យើងអាចសង្ស័យលើការណែនាំរបស់ទ្រង់ ។
សូមអាន និក្ខមនំ ១៤:១៥–១៦ ។ សូមគូសសម្គាល់ការណែនាំដែលព្រះអម្ចាស់បានប្រទានដល់ម៉ូសេ ។
មនុស្សមួយចំនួនអាចស្រមៃថា ព្រះអម្ចាស់បានបង្ហាញព្រះកាយដល់ម៉ូសេ ឬថាទ្រង់មានបន្ទូលទៅកាន់លោកនៅក្នុងការនិមិត្ត ឬការសុបិនមួយ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២–៣ ហើយរកមើលរបៀបដែលម៉ូសេបានទទួលការណែនាំឲ្យញែកសមុទ្រក្រហម ។ សូមភ្ជាប់វគ្គបទគម្ពីរនេះទៅនឹង និក្ខមនំ ១៤:១៥–១៦ ។
-
តើអ្នករៀនអ្វីខ្លះអំពីវិវរណៈ ?
-
តើព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់គំនិត ឬដួងចិត្តរបស់អ្នកនៅពេលណា ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមអំពីរបៀបដ៏ស្រទន់ដែលព្រះអម្ចាស់មានបន្ទូលមកកាន់យើង ៖
ខ្ញុំបាននិយាយជាមួយនឹងមនុស្សជាច្រើនដែលសង្ស័យនឹងកម្លាំងនៃទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយបានមើលស្រាលសមត្ថភាពខាងវិញ្ញាណរបស់ពួកគេ ដោយសារពួកគេពុំទទួលបានចំណាប់អារម្មណ៍ញឹកញាប់ ប្រកបដោយអព្ភូតហេតុ ឬដ៏ខ្លាំងក្លា ។ ប្រហែលជានៅពេលយើងពិចារណាអំពីបទពិសោធន៍របស់យ៉ូសែបនៅក្នុងព្រៃពិសិដ្ឋ បទពិសោធន៍របស់សូលនៅតាមផ្លូវទៅស្រុកដាម៉ាស និងអំពីអាលម៉ាជាកូន នោះយើងបែរជាជឿថា អ្វីមួយខុស ឬខ្វះខាតនៅក្នុងខ្លួនយើង បើយើងខកខានមិនបានធ្វើតាមគំរូដ៏គួរឲ្យចាប់អារម្មណ៍ខាងវិញ្ញាណ និងដ៏ល្បីល្បាញទាំងនេះក្នុងជីវិតរបស់យើងនោះ ។ បើអ្នកមានគំនិត ឬការសង្ស័យស្រដៀងគ្នានេះ សូមដឹងថា វាជារឿងធម្មតាទេ ។ សូមបន្ដដើរឆ្ពោះទៅមុខដោយការគោរពប្រតិបត្តិ និងដោយសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ ។ នៅពេលអ្នកធ្វើដូច្នោះ អ្នក « មិនអាចធ្វើខុសឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨០:៣ ) ។ ( « The Spirit of Revelation » Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ៨៩ )
សូមគូរគំនូរ ឬមីមមួយ ដែលបង្ហាញម៉ូសេទទួលបានវិវរណៈមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីញែកសមុទ្រក្រហម ។ នៅលើរូបនោះ សូមឆ្លើយសំណួរនេះ ៖
-
ហេតុអ្វីបានជាវាអាចជារឿងសំខាន់ដែលត្រូវដឹងថា ព្រះអម្ចាស់ដឹកនាំយើងដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈដួងចិត្ត និងគំនិតរបស់យើង ?
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
តើអ្នកត្រៀមខ្លួនដើម្បីមើលថា តើដំណើររឿងនេះបញ្ចប់ដោយរបៀបណាហើយឬនៅ ? សូមអាន និក្ខមនំ ១៤:១៥–៣១ ឬសូមមើលវីដេអូ « The Passover » ( នាទី ១:២៨ ដល់នាទីទី ២:៣២ ) ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើដំណើររឿងនេះអាចបំផុសគំនិតអ្នកឲ្យទុកចិត្តលើព្រះអម្ចាស់ដោយរបៀបណា ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យដាក់ការទុកចិត្តរបស់អ្នកលើព្រះអម្ចាស់ដើម្បីទទួលបានកម្លាំង និងការរំដោះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
គុណលក្ខណៈមួយដែលអ្នកបានសិក្សា ដែលធ្វើឲ្យអ្នកចង់ទុកចិត្តលើព្រះអម្ចាស់ ។
-
រូបដែលអ្នកបានគូរអំពីម៉ូសេទទួលបានវិវរណៈ ដើម្បីញែកសមុទ្រក្រហម ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?