ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥២ ៖ និក្ខមនំ ២៥; ៣៥–៤០—« សិរីល្អ​នៃ​ព្រះយេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ »


« និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀន​ទី ៥២ ៖ និក្ខមនំ ២៥; ៣៥–៤០—‹ សិរីល្អ​នៃ​ព្រះយេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

រោង​ឧបោសថ​របស់​ម៉ូសេ​នៅ​ទី​រហោស្ថាន

និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀន​ទី ៥២

និក្ខមនំ ២៥; ៣៥–៤០

« សិរីល្អ​នៃ​ព្រះយេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះអម្ចាស់​បាន​បង្គាប់​ពួកសាសន៏​អ៊ីស្រាអែល​ឲ្យ​សង់​រោង​ឧបោសថ​នៅ​ទីរហោស្ថាន ។ រោង​ឧបោសថ​នេះ​គឺជា​ទីសក្ការៈ​ចល័ត ។ ព្រះអម្ចាស់​អាច​គង់នៅ​ទីនោះ​ក្នុង​ចំណោម​រាស្ដ្រ​របស់​ទ្រង់​បាន ខណៈ​ដែល​ពួកគេ​ធ្វើ​ដំណើរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ដែល​និមិត្តរូប​នៃ​រោងឧបោសថ និង​នៃ​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប អាច​បង្រៀន​អ្នក​អំពី​ព្រះ ។

សិក្សា​ព្រះគម្ពីរ

ព្រះវិហារ​បរិសុទ្ធ យីហ្គូ ហ្គាំ

សូម​ស្រមៃ​ថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវបាន​ឧទ្ទិស​ឆ្លង​ក្នុង​ពេល​ឆាប់ៗ​នៅក្នុង​តំបន់​របស់​អ្នក ។ អ្នក​អញ្ជើញ​មិត្តភក្តិ​ម្នាក់​ឲ្យ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​អ្នក ។ ពួកគេ​យល់ព្រម​មក ប៉ុន្តែ​បាន​និយាយ​ថា ពួកគេ​ពិតជា​មិន​ដឹង​អ្វី​ទាំងអស់​អំពី​ព្រះវិហារ​បរិសុទ្ធ ។ តើ​អ្នក​អាច​នឹង​និយាយ​អ្វីខ្លះ ដើម្បី​ជួយ​មិត្ត​របស់​អ្នក​ឲ្យ​យល់ពី​គោលបំណង និង​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ ?

ពេល​កំពុង​មាន​បន្ទូល​ជាមួយ​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ពួកសាសន៏​អ៊ីស្រាអែល​ថ្វាយ​មាស ប្រាក់ និង​សម្ភារ​ដ៏​មាន​តម្លៃ​ផ្សេងទៀត​របស់​ពួកគេ ដើម្បី​សាងសង់​ទីសក្ការៈ ឬ​រោងឧបោសថ​ថ្វាយ​ទ្រង់ ។ នៅ​សម័យ​របស់​យើង យើង​ក៏ត្រូវ​បាន​ស្នើសុំ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើជា​ទីសក្ការៈ ឬ​ជា​ទីកន្លែង​នៃ​បរិសុទ្ធភាព ។

រូបតំណាង​គូសសម្គាល់សូម​អាន និក្ខមនំ ២៥:៨ ។ សូម​គូស​សម្គាល់​មូលហេតុ ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកសាសន៏​អ៊ីស្រាអែល​សង់​រោង​ឧបោសថ​មួយ ។

សូម​យកចិត្ត​ទុកដាក់​លើ​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​អ្នក អំពី​របៀប​ដែល​ទីសក្ការៈ​របស់​ព្រះ​ភ្ជាប់​យើង​ទៅនឹង​ទ្រង់ ។

វត្ថុ និង​ពិធីបរិសុទ្ធ​នៅក្នុង​រោង​ឧបោសថ​គឺជា​និមិត្តរូប ។ វា​មាន​គោលបំណង​បង្រៀន​អ៊ីស្រាអែល​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ធ្វើ​ដំណើរ​ឆ្លងកាត់​ជីវិត​ត្រឡប់​ទៅកាន់​ទ្រង់​ទាំងទ្វេ​វិញ ។

រូបភាព​នៃ​ប្លង់​រោង​ឧបោសថ​ពី​បុរាណ

រោង​ឧបោសថ​មាន​បី​ផ្នែក ៖ ទីធ្លា​ខាងក្រៅ ទីបរិសុទ្ធ និង​ទីបរិសុទ្ធ​បំផុត ។ ទីបរិសុទ្ធ​បំផុត ( ក៏បាន​ហៅថា បរិសុទ្ធ​លើ​អស់​ទាំង​បរិសុទ្ធ​ផងដែរ ) គឺជា​ទីកន្លែង​ដែល​បាន​រក្សាទុក​ហិប​នៃ​សេចក្តីសញ្ញា ។ ទីបរិសុទ្ធ​បំផុត តំណាង​ឲ្យ​ទី​វត្តមាន​របស់​ព្រះ ។

រូបតំណាង​តំណ​ភ្ជាប់ដើម្បី​ស្វែងយល់​ពី​វត្ថុ​ទាំងឡាយ​នៅក្នុង​រោង​ឧបោសថ សូម​ប្រើ​តារាង​ខាងក្រោម​នេះ ។ សូម​ភ្ជាប់​វត្ថុ​នៅក្នុង​ខគម្ពីរ ទៅនឹង​វគ្គ​បទគម្ពីរ​ដែល​ពន្យល់​ពី​និមិត្តរូប​ដែល​អាច​មាន​អំពី​វត្ថុ​នោះ ។ កាល​ដែល​អ្នក​ភ្ជាប់ សូម​កុំ​ភ្លេច​អាន​ខគម្ពីរ​អំពី​និមិត្តរូប​ផងដែរ ។

វត្ថុ​ក្នុង​រោង​ឧបោសថ

និមិត្តរូប

វត្ថុ​ក្នុង​រោង​ឧបោសថ

និក្ខមនំ ៣៨:១ ។ អាសនា​ដង្វាយ​ដុត

និមិត្តរូប

ម៉ូសេ ៥:៥–៧

វត្ថុ​ក្នុង​រោង​ឧបោសថ

និក្ខមនំ ៣០:១៨ ។ អាង​ទឹក ( ចាន​ក្លាំ​ទឹក )

និមិត្តរូប

វិវរណៈ ១:៥

វត្ថុ​ក្នុង​រោង​ឧបោសថ

លេវីវិន័យ ២៤:២ ។ ជើង​ចង្កៀង ( ជើង​ទៀន )

និមិត្តរូប

យ៉ូហាន ៨:១២

វត្ថុ​ក្នុង​រោង​ឧបោសថ

លេវីវិន័យ ២៤:៥–៦ ។ តុ​ដាក់​នំ

និមិត្តរូប

យ៉ូហាន ៦:៣៥

វត្ថុ​ក្នុង​រោង​ឧបោសថ

និក្ខមនំ ៣០:១ ។ អាសនា​សម្រាប់​ដុត​គ្រឿង​ក្រអូប

និមិត្តរូប

ទំនុក​ដំកើង ១៤១:២

វត្ថុ​ក្នុង​រោង​ឧបោសថ

និក្ខមនំ ២៦:៣៣ ។ វាំងនន

និមិត្តរូប

ហេព្រើរ ១០:១៩–២០

វត្ថុ​ក្នុង​រោង​ឧបោសថ

និក្ខមនំ ២៥:២១ ។ ហិប​នៃ​សេចក្ដីសញ្ញា និងទី​សន្តោស​ប្រោស

និមិត្តរូប

ហេព្រើរ ៩:៣–៥

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​សំណួរ​ខាងក្រោម​នេះ​ពីរ ឬ​ច្រើន យក​មក​ឆ្លើយ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អាសនា​ដង្វាយ​ដុត​ចង្អុល​បង្ហាញ​អ្នក​ឆ្ពោះ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

  • តើ​អាង​ទឹក​អាច​តំណាង​ឲ្យ​ការបាន​ស្អាត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

  • តើ​ពន្លឺ​មកពី​ចង្កៀង​គឺជា​និមិត្តរូប​ដ៏ល្អ​សម្រាប់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ? សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

  • តើ​តុ​ដាក់​នំ និង​តុ​សាក្រាម៉ង់​អាច​ចង្អុល​បង្ហាញ​ក្នុង​ន័យ​ស្រដៀង​គ្នា​ឲ្យ​អ្នក​មើល​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

  • តើ​ផ្សែង​នៃ​គ្រឿង​ក្រអូប​គឺ​ដូចជា​ការអធិស្ឋាន​របស់​យើង​យ៉ាង​ដូចម្តេច ?

  • ការឆ្លងកាត់​វាំងនន​មាន​ន័យ​ថា ការចូល​ទៅក្នុង​វត្តមាន​របស់​ព្រះ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​អ្នក​ឲ្យ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​យ៉ាង​ដូចម្តេច ?

ព្រះបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកសាសន៏​អ៊ីស្រាអែល ឲ្យ​សង់​រោង​ឧបោសថ បង្រៀន​យើង​ពី​សេចក្ដីពិត​ដូចជា ៖

  • ព្រះអម្ចាស់​ត្រាស់​បង្គាប់​យើង​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទ្រង់​អាច​គង់​ជាមួយ​យើង ។

  • ពិធីបរិសុទ្ធ និង​និមិត្តរូប​នៃ​ព្រះវិហារ​បរិសុទ្ធ​បង្រៀន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។

ទោះបីជា​រោង​ឧបោសថ ដែល​ម៉ូសេ​ត្រូវបាន​បង្គាប់​ឲ្យ​សង់​នោះ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​ក៏​ដោយ ( ដូចជា​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​បាន​ធ្វើឡើង​នៅក្នុង​កន្លែង​ទាំងពីរ​នេះ ) ក៏​រោង​ឧបោសថ​បាន​ដំណើរការ​នៅក្រោម​ក្រឹត្យវិន័យ​ម៉ូសេ​ដែរ ហេតុ​ដូច្នេះ​ហើយ​វា​ខុសគ្នា​ខ្លាំង​ដែរ​ពី​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប ។ យើង​មិន​អនុវត្ត​ពិធី​ដុត​យញ្ញបូជា​សត្វ ឬ​ប្រើ​គ្រឿង​ក្រអូប​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សព្វថ្ងៃ​នេះ​ទេ ។

ដូចជា​រោង​ឧបោសថ​ពី​បុរាណ​ដែរ ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប​មាន​និមិត្តរូប​ដែល​បង្រៀន​យើង​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ និមិត្តរូប​ទាំងនោះ​មួយ​ចំនួន​រួមមាន ៖

ឃ្លា​ថា « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » និង « ព្រះដំណាក់​នៃ​ព្រះអម្ចាស់ » មាន​នៅ​ជិត​ច្រកចូល​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ហើយ​វា​រំឭក​យើង​ថា ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​គឺជា​កន្លែង​ដ៏​ពិសិដ្ឋ​មួយ ។

សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ៖សមាជិក​សាសនាចក្រ​ដែល​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើរ​ទៅ​បន្ទប់​ប្ដូរ​សម្លៀក​បំពាក់ ដើម្បី​ផ្លាស់ប្តូរ​ពី​សម្លៀក​បំពាក់​ប្រចាំថ្ងៃ​របស់​ពួកគេ ទៅជា​សម្លៀក​បំពាក់​ពណ៌​ស មុនពេល​ចូលរួម​ក្នុង​ការបម្រើ​ព្រះវិហារ​បរិសុទ្ធ ។ ការផ្លាស់ប្តូរ​សម្លៀក​បំពាក់​នេះ​គឺជា​ការរំឭក​ថា អ្នកចូលរួម​កំពុង​ចាកចេញ​ពី​ពិភពលោក​នេះ​ជា​បណ្តោះ​អាសន្ន និង​ចូល​ទៅក្នុង​ទី​ដ៏​បរិសុទ្ធ ។ សម្លៀក​បំពាក់​ពណ៌​ស​តំណាងឲ្យ​ភាពបរិសុទ្ធ ខណៈ​ដែល​ការស្លៀកពាក់​ដូចគ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បង្កើត​ឲ្យ​មាន​ស្មារតី​នៃ​សាមគ្គីភាព និង​សមភាព ។

បន្ទប់​សេឡេស្ទាល ៖ពុំ​មាន​ពិធី​អ្វី​ធ្វើឡើង​នៅក្នុង​បន្ទប់​នេះ​ទេ ។ ផ្ទុយទៅវិញ វា​គឺជា​ទី​នៃ​សេចក្ដី​សុខសាន្ដ​ដ៏​ស្ងប់ស្ងាត់ ការអធិស្ឋាន និង​ការគិត​ពិចារណា ដែល​មាន​បំណង​ធ្វើជា​និមិត្តរូប​នៃ​ស្ថានសួគ៌ ជា​ទី​ដែល​យើង​អាច​រស់នៅ​ជារៀង​រហូត​ជាមួយ​គ្រួសារ​របស់​យើង​នៅក្នុង​វត្តមាន​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រសិនបើ​មាន អ្នក​អាច​មើល​វីដេអូ​នេះ « Welcome to the Washington D.C. Temple » ( ១១:៤៦ ) ។

11:45

ទាំង​រោង​ឧបោសថ​ពី​បុរាណ និង​ព្រះវិហារ​បរិសុទ្ធ​នៅ​សម័យ​ទំនើប ទាំងពីរ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ជា​ទី​ដែល​រាស្ដ្រ​របស់​ព្រះអម្ចាស់​អាច​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ការដឹង​ថា ព្រះវិហារ​បរិសុទ្ធ​បង្រៀន​យើង​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ថ្វាយបង្គំ​នៅ​ទីនោះ​ដោយ​របៀប​ណា ?

  • តើ​ព្រះវិហារ​បរិសុទ្ធ ឬ​កិច្ចការ​ពង្សប្រវត្តិ​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • សូម​នឹកចាំ​ដល់​សាច់រឿង​ពី​ដើម​មេរៀន​នេះ ។ តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ ជាមួយ​មិត្តភក្តិ​របស់​អ្នក​អំពី​សារៈសំខាន់ និង​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ដែល​និមិត្តរូប​នៃ​រោង​ឧបោសថ និង​នៃ​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប អាច​បង្រៀន​អ្នក​អំពី​ព្រះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • និមិត្តរូប​រោង​ឧបោសថ​ជាក់លាក់​អ្វីខ្លះ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក និង​អ្វី​ដែល​វា​បង្រៀន​អ្នក​អំពី​ព្រះ ។

  • ចម្លើយ​របស់​អ្នក​ទៅកាន់​មិត្តភក្តិ​របស់​អ្នក​អំពី​សារៈសំខាន់ និង​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?