« មេរៀនទី ៥៣ ៖ លេវីវិន័យ ផ្នែកទី ១—‹ ការណ៍នេះគឺជានិមិត្តរូប › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀនទី ៥៣
លេវីវិន័យ ផ្នែកទី ១
« ការណ៍នេះគឺជានិមិត្តរូប »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អ៊ីស្រាអែលពីបុរាណបានដុតយញ្ញបូជាសត្វ ។ ការណ៍នេះបានជួយពួកគេឲ្យយល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានសន្យាថានឹងធ្វើសម្រាប់ពួកគេ ។ ការសិក្សាអំពីយញ្ញបូជាទាំងនេះអាចជួយយើងឲ្យមានអំណរគុណចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណដល់ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ។
សិក្សាព្រះគម្ពីរ
តើអ្នកធ្លាប់និយាយជាមួយនរណាម្នាក់ ដែលនិយាយភាសារបស់អ្នក ប៉ុន្តែប្រើពាក្យដែលអ្នកមិនយល់ដែរឬទេ ? តើវាប៉ះពាល់ដល់សមត្ថភាពរបស់អ្នក ក្នុងការយល់ពីអ្វីដែលពួកគេកំពុងនិយាយយ៉ាងដូចម្តេច ?
ព្រះគម្ពីរសញ្ញាចាស់ត្រូវបានបកប្រែជាភាសារបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ ក៏ទំនៀមទម្លាប់ និងប្រពៃណីដែលយើងមិនស្គាល់ ពេលខ្លះអាចធ្វើឲ្យវាពិបាកយល់ ។ គម្ពីរលេវីវិន័យពិភាក្សាអំពីទំនៀមទម្លាប់មួយក្នុងចំណោមទំនៀមទម្លាប់ទាំងនោះ ៖ យញ្ញបូជាសត្វ ។
អ័ដាមគឺជាមនុស្សដំបូងគេបង្អស់ ដែលទទួលបានបទបញ្ញត្តិឲ្យធ្វើយញ្ញបូជាសត្វ ។ ដំបូង លោកមិនយល់ថា ហេតុអ្វីបានជាលោកបានធ្វើវានោះទេ ។
សូមអាន ម៉ូសេ ៥:៥–៧ ហើយរកមើលអ្វីដែលអ័ដាមបានរៀនអំពីអត្ថន័យនៃយញ្ញបូជាសត្វ ។ សូមដាក់ស្លាកវគ្គបទគម្ពីរនេះថា « យញ្ញបូជាសត្វ » ។ សូមជញ្ជឹងគិតពីរបៀបដែលការដឹងពីអត្ថន័យនេះ អាចផ្លាស់ប្តូរអារម្មណ៍របស់អ័ដាមអំពីការធ្វើយញ្ញបូជា ។
គន្លឹះក្នុងការសិក្សា ។ ពាក្យ « និមិត្តរូប » នៅក្នុង ម៉ូសេ ៥:៧ មានន័យថា « ភាពដូចគ្នា » ឬ « ការប្រៀបប្រដូច » ។
ការត្រាស់បង្គាប់ឲ្យថ្វាយយញ្ញបូជាសត្វ បានបញ្ចប់ដោយការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាប្រកបដោយការអធិស្ឋានអំពីអត្ថន័យនៃយញ្ញបូជាទាំងនេះ អាចជួយយើងឲ្យមានអារម្មណ៍ដឹងគុណចំពោះពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើការថ្វាយដង្វាយដុតគឺជានិមិត្តរូបនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
នៅក្នុង លេវីវិន័យ ១ ព្រះអម្ចាស់បានបង្គាប់ពួកសាសន៏អ៊ីស្រាអែលឲ្យធ្វើដង្វាយដុត ។ យញ្ញបូជានេះគឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះព្រះ ។
សូមអាន លេវីវិន័យ ១:១–៩ និង អេសេគាល ៤៦:១៣ ។ សូមរកមើលធាតុនៃយញ្ញបូជានេះ ដែលរំឭកអ្នកអំពីពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាដាក់ស្លាកអ្វីដែលអ្នករកឃើញថា « យញ្ញបូជាសត្វ » ។ ឃ្លាខាងក្រោមនេះគឺជាឧទាហរណ៍នៃធាតុនានា ដែលអ្នកអាចជញ្ជឹងគិតបាន ៖
-
« ឈ្មោល១ដ៏ឥតខ្ចោះ » ( លេវីវិន័យ ១:៣ )
-
« នាំយកដង្វាយនោះទៅថ្វាយ » ( លេវីវិន័យ ១:៣ )
-
« នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ » ( លេវីវិន័យ ១:៤ ) ។ នេះអាចជានិមិត្តរូបនៃការផ្ទេរអំពើបាបរបស់បុគ្គល ដែលធ្វើការពលិកម្ម ទៅដល់សត្វដែលជាគ្រឿងបូជា ។
សូមសិក្សាសេចក្តីយោងចំនួនពីរ ខាងក្រោមនេះ ។ សូមរកមើលទំនាក់ទំនងរវាងខគម្ពីរទាំងនេះ និងធាតុនៃពលិកម្មដែលអ្នកបានរកឃើញ ។
-
កូរិនថូស ទី២ ៥:២១
-
ពេត្រុស ទី១ ១:១៨–១៩
-
ម៉ាថាយ ២៧:២៦–៣១, ៣៥
-
លូកា ២២:៤១–៤៤
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកបានរៀនអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មរបស់ទ្រង់សម្រាប់អ្នក ?
-
តើមាននិមិត្តរូប ឬការបង្រៀនអ្វីខ្លះ ដែលបានជួយអ្នកឲ្យមានអារម្មណ៍ថាកាន់តែស្រឡាញ់ និងកោតសរសើរព្រះអង្គសង្គ្រោះខ្លាំងជាងមុន ? ហេតុអ្វី ?
ជម្រើស ខ
តើថ្ងៃឲ្យបានធួននឹងបាប បង្រៀនយើងអ្វីខ្លះអំពីពលិកម្មរបស់ព្រះយេស៊ូវ ?
នៅថ្ងៃដ៏ពិសិដ្ឋមួយជារៀងរាល់ឆ្នាំដែលហៅថា ថ្ងៃឲ្យបានធួននឹងបាប ពួកសាសន៍អ៊ីស្រាអែលបានគិតអំពីពលិកម្មរបស់ព្រះអង្គសង្គ្រោះ ហើយបានស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់ពួកគេ ។ សង្ឃជាន់ខ្ពស់បានផ្ដល់យញ្ញបូជាដល់ប្រជាជនគ្រប់រូប ។ ពិធីនេះទាក់ទងនឹងសត្វពពែពីរក្បាល ៖ គឺដង្វាយលោះបាប និងបំបរបង់ទៅ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមគូររូបភាពសាមញ្ញមួយអំពីពពែពីរក្បាល ដូចជារូបភាពខាងក្រោមនេះ ។ សូមដាក់ឈ្មោះលើពពែមួយថា « ដង្វាយលោះបាប » និង ពពែទីពីរ « បំបរបង់ទៅ » ។
-
សូមអាន លេវីវិន័យ ១៦:១៥–១៦ ( ដង្វាយលោះបាប ) និង ១៦:២១–២២ ( បំបរបង់ទៅ ) ហើយស្វែងរកអ្វីដែលរំព្ញកអ្នកអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ។ នៅក្រោមរូបភាពរបស់អ្នក សូមរៀបរាប់ពីអ្វីដែលអ្នករកឃើញ ។
-
សូមសិក្សាសេចក្តីយោងខាងក្រោមនេះពីរ ហើយរកមើលទំនាក់ទនងរវាងខគម្ពីរទាំងនេះ និងថ្ងៃឲ្យបានធួននឹងបាប ៖ នីហ្វៃទី១ ១១:៣២–៣៣; អាលម៉ា ៧:១១–១៣; អាលម៉ា ៣៩:១៥ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកបានរៀនអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មរបស់ទ្រង់សម្រាប់អ្នក ?
-
តើមាននិមិត្តរូប ឬការបង្រៀនអ្វីខ្លះ ដែលបានជួយអ្នកឲ្យមានអារម្មណ៍ថាកាន់តែស្រឡាញ់ និងកោតសរសើរព្រះអង្គសង្គ្រោះខ្លាំងជាងមុន ? ហេតុអ្វី ?
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
យើងលែងត្រូវបានបង្គាប់ឲ្យថ្វាយយញ្ញបូជាសត្វទៀតហើយ ។ សព្វថ្ងៃនេះ ពិធីសាក្រាម៉ង់គឺជាការរំឭកអំពីពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ។ ដូចជាយញ្ញបូជាសត្វដែរ ការយល់ដឹងអំពីសាក្រាម៉ង់អាចជួយយើងឲ្យមានអារម្មណ៍ដឹងគុណចំពោះពលិកម្មរបស់ព្រះយេស៊ូវ ។
សូមមើល ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
នំប៉័ង និងទឹកតំណាងឲ្យព្រះកាយ និងលោហិតរបស់ទ្រង់ ដែលជានំប៉័ងជីវិត និងជាទឹករស់ ដែលរំឭកយើងយ៉ាងទន់ភ្លន់អំពីតម្លៃដែលទ្រង់បានបង់ថ្លៃក្នុងការប្រោសលោះយើង ។ នៅពេលកាច់នំប៉័ង នោះយើងចងចាំអំពីការទម្លុះសាច់របស់ព្រះអង្គសង្គ្រោះ ។ អែលឌើរ ដាល្លិន អេក អូក បានអង្កេតថា « ដោយសារតែវាបានកាច់ហែក នោះចំណិតនំប៉័ងនីមួយៗគឺពិសេសណាស់ ដូចជាបុគ្គលម្នាក់ៗដែលទទួលទានវាក៏ពិសេសណាស់ដែរ ។ …
ប៉ុន្តែពាក្យប្រៀបធៀបអំពីការទទួលទានព្រះកាយរបស់ទ្រង់ ហើយផឹកលោហិតរបស់ទ្រង់មានអត្ថន័យបន្ថែម ហើយថាត្រូវដាក់គុណសម្បត្តិ និងចរិតលក្ខណៈរបស់ព្រះគ្រីស្ទក្នុងខ្លួនយើង ហើយការសម្រាតចោលភាពជាមនុស្សខាងសាច់ឈាមចេញ ហើយប្រែក្លាយជាពួកបរិសុទ្ធ « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ » ។ ( « The Living Bread Which Came Down from Heaven » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៣៧ )
ប្រសិនបើមាន វាក៏អាចមានប្រយោជន៍ផងដែរដើម្បីមើលវីដេអូ « Sacrifice and Sacrament » ( ១២:៤១ ) ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើពិធីសាក្រាម៉ង់ដូចជាការថ្វាយយញ្ញបូជាសត្វ ដែលបានធ្វើឡើងនៅក្នុងគម្ពីរលេវីវិន័យយ៉ាងដូចម្តេច ?
-
តើការយល់ដឹងអំពីនិមិត្តរូបនៃយញ្ញបូជាសត្វ ជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណចំពោះពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណដល់ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
អ្វីដែលអ្នកបានរៀនអំពីដង្វាយដុត និងរបៀបដែលការណ៍នោះជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណដល់ព្រះយេស៊ូវគ្រីស្ទ ។
-
អ្វីដែលអ្នកបានរៀនអំពីថ្ងៃឲ្យបានធួននឹងបាប និងរបៀបដែលវាចង្អុលបង្ហាញយើងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?