Ruth and Naomi [ នាងរស់ និងន៉ាអូមី ] ដោយ ជូឌីធ អេ មេហរ៍
នាងរស់; សាំយូអែល ទី១ ១–៧ ៖ មេរៀនទី ៦៨
នាងរស់ ១–៤
« នាងបានទទួលបំណាច់ដ៏ពោរពេញ ពីព្រះយេហូវ៉ា »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ដំណើររឿងរបស់នាងរស់ ន៉ាអូមី និងបូអូស គឺជាដំណើររឿងនៃសេចក្តីប្រោសលោះ ។ វាតំណាងឲ្យតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាអង្គប្រោសលោះផ្ទាល់ខ្លួនរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដានៃការប្រោសលោះរបស់ទ្រង់ ។
សិក្សាព្រះគម្ពីរ
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
ក្នុងចំណោមព្រះបរមងារដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវគ្រីស្ទ គឺព្រះប្រោសលោះ ។ … ពាក្យ ប្រោសលោះ មានន័យថាការបង់សងលើកាតព្វកិច្ច ឬបំណុលមួយ ។ ប្រោសលោះក៏អាចមានន័យផងដែរថា សង្គ្រោះ ឬធ្វើឲ្យមានសេរីភាព ។ ( « Redemption » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ១០៩ )
សេចក្តីប្រោសលោះ គឺជាប្រធានបទដ៏លេចធ្លោមួយនៅក្នុងដំណើររឿងរបស់នាងរស់ ។ នៅពេលអ្នកសិក្សាដំណើររឿងរបស់នាងរស់ សូមពិចារណាអំពីរបៀបដែលការប្រដូចដំណើររឿងនេះមកខ្លួនយើងអាចជួយយើងឲ្យស្វែងយល់ថា ប្រសិនបើយើងមករកព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងប្រោសលោះយើង ។ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបដែលយើងដូចជានាងរស់ ហើយត្រូវការការប្រោសលោះ និងរបៀបដែលបូអូសប្រៀបដូចជាព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ហើយប្រោសលោះយើង ។
ក្នុងគ្រាអំណត់ ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះន៉ាអូមី ស្វាមីរបស់នាង និងកូនប្រុសពីរនាក់របស់នាងបានផ្លាស់ពីបេថ្លេហិមទៅស្រុកម៉ូអាប់ ។ ម៉ូអាប់គឺជាប្រទេសជិតខាងដែលមានវប្បធម៌ និងជំនឿសាសនាខុសគ្នា ។ កាលនៅទីនោះ កូនប្រុសម្នាក់ៗរបស់ន៉ាអូមីបានរៀបការនឹងស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះនាងរស់ និងអ័រប៉ា ។
គួរឲ្យសោកស្តាយ ស្វាមីរបស់ន៉ាអូមី និងកូនប្រុសពីរនាក់បានស្លាប់ ដោយបន្សល់ទុកស្ត្រីមេម៉ាយបីនាក់ ។ ន៉ាអូមីបានជ្រើសរើសត្រឡប់ទៅភូមិបេថ្លេហិមវិញ ។ ដោយមិនអាចមើលថែកូនប្រសាស្រីរបស់នាង ន៉ាអូមីបានលើកទឹកចិត្តពួកគេឲ្យត្រឡប់ទៅគ្រួសាររបស់់ពួកគេនៅស្រុកម៉ូអាប់វិញ ។ មានតែអ័រប៉ាប៉ុណ្ណោះដែលបានត្រឡប់ទៅគ្រួសាររបស់នាងវិញ ។
សូមអាន នាងរស់ ១:៨–៩, ១៤–១៧ ហើយរកមើលការឆ្លើយតបរបស់នាងរស់ទៅកាន់ន៉ាអូមី ។
ខាងក្រោមនេះគឺជាការលំបាកមួយចំនួនដែលនាងរស់អាចប្រឈមមុខដោយការទៅបេថ្លេហិមជាមួយន៉ាអូមី ៖
-
នាងរស់នឹងទុកគ្រួសាររបស់នាងទាំងអស់នៅស្រុកម៉ូអាប់ ។
-
នាងរស់នឹងក្លាយជាជនប្លែកមុខនៅក្នុងដែនដីមួយដែលមិនស្គាល់ ដោយមានវប្បធម៌ខុសគ្នា ។
-
ដោយគ្មានស្វាមីរបស់ពួកគេ នាងរស់ និងន៉ាអូមីនឹងប្រឈមមុខនឹងភាពក្រីក្រខ្លាំង ។
ការជ្រើសរើសរបស់នាងរស់បានបង្ហាញពីឆន្ទៈរបស់នាងក្នុងការថ្វាយបង្គំ និងពឹងផ្អែកលើព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) មិនមែនព្រះក្លែងក្លាយរបស់សាសន៍ម៉ូអាប់ទេ ។ សូមគូសចំណាំ « ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ » នៅក្នុង ខទី ១៦ ។
ទំនាក់ទំនងគ្រួសារ ។ នៅក្នុង នាងរស់ ៤:១៣–២២ យើងរៀនថានរណានឹងកើតក្នុងគ្រួសាររបស់នាងរស់ និងបូអូស ។ ពូជអំបូររបស់ពួកគេនឹងរួមមានស្តេចដាវីឌ ហើយជាចុងក្រោយគឺព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ១:១–១៦; លូកា ៣:២៣–៣៨ ) ។
នៅពេលដែលអ្នកបន្តសិក្សាអំពីនាងរស់ និងន៉ាអូមី សូមបំពេញសកម្មភាពខាងក្រោមនៅក្នុងសៀវភៅកំណត់ចំណាំរបស់អ្នក ។ អ្នកក៏អាចជ្រើសរើសមើល « Ruth and Naomi » ( ២:០០ ) ផងដែរ ។ វីដេអូនេះអាចជួយអ្នកឲ្យមើលឃើញរឿងរបស់ពួកគេ និងកត់ត្រាសេចក្តីសង្ខេបសម្រាប់សកម្មភាពនេះ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើការទទួលការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទអាចជះឥទ្ធិពលដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ?
នាងរស់ជាស្រ្តីមេម៉ាយ ។ វាមិនទំនងថានាងនឹងមានឱកាសរៀបការម្តងទៀតទេ ជាពិសេសប្រសិនបើនាងដើរតាមន៉ាអូមីទៅបេថ្លេហិមនោះ ។ ប៉ុន្តែ នាងរស់បានជ្រើសរើសយកបន្ទុករបស់ន៉ាអូមីជាមួយនាង ។ នាងបានជ្រើសរើសអនុវត្តសេចក្ដីជំនឿលើព្រះនៃអ៊ីស្រាអែល ហើយបានស្វែងរកជំនួយ និងការការពារបូអូស ជាសាច់ញាតិរបស់ន៉ាអូមី ។ ដូចនាងរស់បានស្វែងរក និងសុំបូអូសសម្រាប់ការប្រោសលោះ យើងក៏អាចស្វែងរកជំនួយពីព្រះប្រោសលោះរបស់យើងផងដែរ ។
កំណត់ចំណាំ ៖ ដោយធ្វើតាមការប្រឹក្សារបស់ន៉ាអូមី នាងរស់បានធ្វើសុំបូអូសរៀបការ ( សូមមើល នាងរស់ ៣:៨–១៣ ) ។ នាងរស់ និងបូអូសត្រូវ « បណ្តោយផួយ [ ឬសម្លៀកបំពាក់ ] លោកមកដណ្តប់ឲ្យបាវស្រីផង » ( នាងរស់ ៣:៩ ) ។ ម្យ៉ាងទៀត នាងរស់បានសុំបូអូសឲ្យយកនាងទៅក្រោមការការពាររបស់គាត់ ហើយផ្គត់ផ្គង់នាង ។ តាមរបៀបនេះ បូអូសប្រៀបដូចជាអ្នកប្រោសលោះដល់នាងរស់ ។
សូមអាន អាលម៉ា ១១:៤០ និង នីហ្វៃទី២ ៣០:២ ។ សូមគូសចំណាំការយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដានៃការប្រោសលោះរបស់ទ្រង់ ។
អែលឌើរ គីម ប៊ី ក្លាក នៃពួកចិតសិបនាក់បានបង្រៀនអំពីរបៀបដែលយើងអាចទទួលបានអំណាចនៃការប្រោសលោះរបស់ព្រះគ្រីស្ទតាមរយៈសេចក្ដីសញ្ញារបស់យើង ៖
នៅពេលយើងរស់នៅតាមសេចក្ដីសញ្ញារបស់យើង វាជះឥទ្ធិពលដល់អ្វីៗគ្រប់យ៉ាងដែលយើងនិយាយ និងធ្វើ ។ យើងរស់នៅក្នុងជីវិតនៃសេចក្ដីសញ្ញាមួយ ពោរពេញដោយសកម្មភាពនៃសេចក្ដីជំនឿដ៏សាមញ្ញជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យយើងផ្តោតលើព្រះយេស៊ូវគ្រីស្ទ ៖ ការអធិស្ឋានចេញពីចិត្តនៅក្នុងព្រះនាម របស់ទ្រង់ ការទទួលទានបន្ទូល របស់ទ្រង់ ការងាកទៅរក ទ្រង់ ដើម្បីប្រែចិត្តពីអំពើបាបរបស់យើង ការរក្សាបទបញ្ញត្តិ របស់ទ្រង់ ការទទួលទានសាក្រាម៉ង់ និងការរក្សាថ្ងៃឈប់សម្រាក របស់ទ្រង់ ឲ្យបរិសុទ្ធ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ របស់ទ្រង់ ឲ្យបានញឹកញាប់តាមដែលយើងអាចធ្វើបាន និងការអនុវត្តបព្វជិតភាពដ៏បរិសុទ្ធ របស់ទ្រង់ ដើម្បីបម្រើបុត្រាបុត្រីរបស់ព្រះ ។ ( « Look unto Jesus Christ » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៥៥ )
សូមឆ្លើយសំណួរពីរ ឬច្រើន ខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើយើងអាចរៀនអ្វីខ្លះពីដំណើររឿងរបស់នាងរស់ និងពាក្យសម្ដីរបស់អែលឌើរ ក្លាក អំពីការរក្សាសេចក្ដីសញ្ញា និងព្រះចេស្ដានៃការប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ?
-
តើពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលអារម្មណ៍ពីព្រះចេស្ដានៃការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកគិតថា មនុស្សម្នាក់អាចធ្វើអ្វីខ្លះ ដើម្បីបង្កើនបំណងប្រាថ្នារបស់ពួកគេក្នុងការទុកចិត្តលើព្រះចេស្ដានៃការប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ?
ជម្រើស ខ
តើខ្ញុំអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីបូអូស ?
សូមពិនិត្យមើល នាងរស់ ២:១២, ១៥–១៦ ហើយរកមើលការយល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់បូអូស និងរបៀបដែលគាត់បានប្រព្រឹត្តចំពោះនាងរស់ ។ បូអូសបានរៀបការតាមសេចក្ដីសញ្ញាជាមួយនាងរស់ ថាត្រូវស្រឡាញ់ និងមើលថែនាងជានិច្ច ។ ដូចបូអូសបានធ្វើសម្រាប់នាងរស់ ព្រះអង្គសង្គ្រោះអាចលោះយើងតាមគ្រប់មធ្យោបាយដែលយើងត្រូវការ ។
សូមអាន នាងរស់ ២:១២ ។ សូមប្រើមុខងារផ្ដល់និយមន័យដើម្បីរៀនអត្ថន័យនៃពាក្យ រង្វាន់ ។ ស្លាបអាចតំណាងឲ្យការការពារ និងជម្រកដ៏ទេវភាព ។ ដើម្បីជួយអ្នកប្រដូច រង្វាន់ និងស្លាបទៅនឹងពាក្យ ប្រោសលោះ និងព្រះយេស៊ូវគ្រីស្ទ សូមអាន នីហ្វៃទី២ ២៥:១៣; ម៉ូសាយ ១៥:៧–៩; ហេលេមិន ៥:៩–១១ ហើយស្វែងរករបៀបដែលព្រះអង្គសង្រ្គោះប្រោសលោះយើង ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយ ៖
ព្រះអង្គសង្គ្រោះពេញចិត្តនឹងស្ដារអ្វីដែលបងប្អូនមិនអាចស្ដារឡើងវិញបាន ទ្រង់ពេញចិត្តនឹងព្យាបាលរបួសដែលបងប្អូនមិនអាចព្យាបាលបាន ទ្រង់ពេញចិត្តនឹងជួសជុលអ្វីដែលបានបែកបាក់ ហើយមិនអាចជួសជុលបាន ទ្រង់បង់សងភាពអយុត្តិធម៌នានាដែលធ្វើឲ្យបងប្អូនរងទុក្ខ ហើយទ្រង់ពេញចិត្តនឹងព្យាបាលដួងចិត្តដែលប្រេះស្រាំអចិន្រ្ដៃយ៍ ។ ( « Consider the Goodness and Greatness of God » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៤៤ )
សូមបន្ថែមកំណត់ចំណាំដែលសង្ខេបពីអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងការប្រោសលោះរបស់ទ្រង់ នៅជិតនឹង នាងរស់ ២:១២ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យកាន់តែមានទំនុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្តានៃសេចក្តីប្រោសលោះរបស់ទ្រង់ខ្លាំងឡើង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីព្រះចេស្ដាប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទពីទំនាក់ទំនងរវាងនាងរស់ និងបូអូស ។
-
សំណួរមួយក្នុងចំណោមសំណួរដែលអ្នកបានឆ្លើយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកសម្រាប់ការសិក្សារបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?