ព្រះយេហូវ៉ាហៅសាំយូអែល [ Jehovah Calls Samuel ] ដោយ សាម ឡលើរ
នាងរស់ ១–៤; សាំយូអែល ទី១ ១–៣ ៖ មេរៀនទី ៧០
សាំយូអែល ទី១ ៣
« សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ប្រុងស្តាប់ហើយ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកមានអារម្មណ៍ថា អ្នកអាចស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នកបានល្អប៉ុនណាដែរ ? នៅយប់មួយ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ក្មេងប្រុសដែលមានឈ្មោះថា សាំយូអែល ។ ដោយមានជំនួយពីអេលី នៅទីបំផុត សាំយូអែលបានស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់ ។ គាត់បានឆ្លើយតបថា « សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ប្រុងស្តាប់ហើយ » ( សាំយូអែល ទី១ ៣:៩ ) ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកកាន់យើងដែរ ហើយដូចសាំយូអែលដែរ យើងត្រូវរៀនស្គាល់ព្រះសូរសៀងរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យស្វែងរក និងស្គាល់វិវរណៈផ្ទាល់ខ្លួន ។
សិក្សាព្រះគម្ពីរ
ប្រធាន រ័សុល អិម ណិលសុន បានថ្លែង ៖
រឿងមួយដែលព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំម្ដងហើយម្ដងទៀត … គឺថាព្រះអម្ចាស់ស្ម័គ្រព្រះទ័យដើម្បីបើកសម្ដែងព្រះទ័យ និងព្រះឆន្ទៈរបស់ទ្រង់ ។ ឯកសិទ្ធិនៃការទទួលបានវិវរណៈគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏ធំបំផុត ដែលព្រះប្រទានឲ្យបុត្រាបុត្រីរបស់ទ្រង់ ។ …
តើព្រះពិតជា ចង់ មានបន្ទូលមកកាន់បងប្អូនមែនទេ ? មែនហើយ ! ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៤–៩៥ )
បទពិសោធន៍របស់សាំយូអែលក្នុងការរៀនស្គាល់ការប្រាស្រ័យទាក់ទងមកពីព្រះអម្ចាស់ អាចជួយអ្នកឲ្យស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។
ហាណាបានប្រសូតសាំយូអែលជាចម្លើយចំពោះការអធិស្ឋានរបស់នាង ។ ពេលសាំយូអែលនៅក្មេង ហាណាបាននាំគាត់ទៅរោងឧបោសថ ជាកន្លែងដែលអេលីអាចមើលថែគាត់ ។ នៅយប់មួយ ក្មេងប្រុសសាំយូអែលទទួលបានបទពិសោធន៍មួយ ដែលគាត់បានឮព្រះសូរសៀងនៃព្រះអម្ចាស់ ។
គន្លឹះក្នុងការសិក្សា ។ សេចក្ដីពិតមួយចំនួននៅក្នុងព្រះគម្ពីរត្រូវបានបញ្ជាក់យ៉ាងច្បាស់ ខណៈដែលខ្លះទៀតត្រូវបានបង្កប់ន័យ ដែលមានន័យថា វាមិនត្រូវបានបញ្ជាក់ដោយចំៗនៅក្នុងខគម្ពីរនោះទេ ។ ឧទាហរណ៍ ចេញពីដំណើររឿងរបស់សាំយូអែល អ្នកអាចរៀនថា ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សទាំងអស់ ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យយល់ពីគោលការណ៍ដែលបានបង្កប់ន័យ នៅពេលយើងសួរខ្លួនយើងនូវសំណួរដូចជា « តើអ្នកនិពន្ធខគម្ពីរទាំងនេះចង់ឲ្យខ្ញុំរៀនអ្វីខ្លះ ? » ឬ « តើមេរៀនសំខាន់ៗអ្វីខ្លះដែលខគម្ពីរទាំងនេះបង្រៀន ? »
សូមសិក្សា សាំយូអែល ទី១ ៣:១–១៤, ១៩ ហើយគូសសម្គាល់ការយល់ដឹង និងសេចក្តីពិតអំពីការទទួលបានវិវរណៈមកពីព្រះ ។ ការដែល « ព្រះយេហូវ៉ាទ្រង់ … មិនឲ្យពាក្យទំនាយណាមួយ [ របស់សាំយូអែល ] ជ្រុះធ្លាក់បាត់ឡើយ » ( ខទី ១៩ ) ចង្អុលបង្ហាញថា វិវរណៈរបស់សាំយូអែលទាំងអស់ត្រូវបានបំពេញ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរសេចក្តីពិតមួយ ឬច្រើនដែលអ្នកបានរកឃើញ ។ សូមកត់ត្រាព័ត៌មានលម្អិតមួយចំនួន ដែលជួយអ្នកឲ្យរកឃើញសេចក្តីពិតនេះ ។
ព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់បានពន្យល់ពីរបៀបជាច្រើនដែលទ្រង់អាចមានបន្ទូលមកកាន់យើង ។ សូមសិក្សាវគ្គបទគម្ពីរពីរ ឬច្រើន នៃវគ្គបទគម្ពីរដូចខាងក្រោម ។ សូមរកមើលរបៀបដែលព្រះអម្ចាស់អាចប្រាស្រ័យទាក់ទងជាមួយអ្នក ។ អ្នកអាចដាក់ស្លាកខគម្ពីរទាំងនេះថា « វិវរណៈផ្ទាល់ខ្លួន » ។
-
យ៉ូហាន ១៤:២៦–២៧
-
កាឡាទី ៥:២២–២៣
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចទទួលស្គាល់វិវរណៈឲ្យកាន់តែប្រសើរជាងដោយរបៀបណា ?
ព្រះវរបិតាសួគ៌ពិតជាចង់មានបន្ទូលទៅកាន់សាំយូអែលខ្លាំងណាស់ ។ សាំយូអែលគ្រាន់តែចំណាយពេល និងត្រូវរៀនសូត្រដើម្បីស្គាល់ព្រះសូរសៀងរបស់ទ្រង់ ។ តើការណ៍នេះអាចមានន័យយ៉ាងណាសម្រាប់អ្នក ?
សូមជ្រើសរើសធនធានពីរ ឬច្រើន ខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់បានកាន់តែប្រសើរឡើង ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២១–២៣ ៖ អូលីវើរ ខៅឌើរី ចង់បានការបញ្ជាក់អំពីដើមកំណើតដ៏ទេវភាពនៃកំណត់ត្រាព្រះគម្ពីរមរមន ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៩:៨–៩ ៖ អូលីវើរ ខៅឌើរី ចង់ដឹងពីមូលហេតុដែលលោកមិនអាចបកប្រែផ្នែកខ្លះនៃព្រះគម្ពីរមរមនបាន ។
-
សូមធ្វើការសម្ភាសឪពុក ឬម្តាយ ឬអ្នកណែនាំដែលគួរឲ្យទុកចិត្តម្នាក់ ( ដូចជា អេលី នៅក្នុង សាំយូអែល ទី១ ៣:៨–៩ ) ។ អ្នកអាចសួរអំពីបទពិសោធន៍របស់ពួកគាត់ក្នុងការស្វែងរក និងស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។
-
បើមាន សូមមើលវីដេអូ « Elder and Sister Bednar—Recognizing the Spirit » ( ៨:១២ )
8:12
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវអ្វីដែលអ្នកបានរៀនអំពីរបៀបដើម្បីស្គាល់វិវរណៈ ។
សូមចាំថា ព្រះវរបិតាសួគ៌អាចប្រាស្រ័យទាក់ទងជាមួយអ្នកតាមរបៀបជាច្រើន ។ នៅពេលអ្នកបន្តព្យាយាម នោះអ្នកនឹងកាន់តែដឹងច្បាស់ពេលទ្រង់កំពុងមានបន្ទូលមកកាន់អ្នក ។
ជម្រើស ខ
តើខ្ញុំអាចធ្វើអ្វីដើម្បីបង្ហាញព្រះអម្ចាស់ថា ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីស្តាប់ទ្រង់ ?
ដូចសាំយូអែលដែរ យើងអាចហាត់អនុវត្ត និងរៀបចំខ្លួនដើម្បីស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ សូមគិតអំពីអ្វីដែលសាំយូអែលបានធ្វើដើម្បីបង្ហាញថា លោកបានត្រៀមខ្លួនដើម្បីទទួលការប្រាស្រ័យទាក់ទងពីព្រះអម្ចាស់ ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយចំណុចសំខាន់ៗចំនួនបួនដែលអាចរៀបចំយើងឲ្យទទួលវិវរណៈបាន ។ សូមអានដូចខាងក្រោម ហើយកត់ត្រាតាមពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នកនូវចំណុចសំខាន់ៗទាំងបួនដែលលោកបានចែកចាយ ។
ព្រះគម្ពីរគឺធាតុទីមួយនៃលក្ខខណ្ឌសម្រាប់វិវរណៈផ្ទាល់ខ្លួននេះ ។ ការទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដែលមាននៅក្នុងព្រះគម្ពីរ បង្កើនវិវរណៈផ្ទាល់ខ្លួន ។ …
ធាតុទីពីរនៃលក្ខខណ្ឌនេះគឺថា យើងទទួលវិវរណៈផ្ទាល់ខ្លួនក្នុងដែនរបស់យើងតែប៉ុណ្ណោះ ពុំមែនក្នុងរង្វង់ឯកសិទ្ធិរបស់អ្នកដទៃឡើយ ។ …
ធាតុទីបីនៃលក្ខខណ្ឌនេះគឺថា វិវរណៈផ្ទាល់ខ្លួននឹងស្របជាមួយបទបញ្ញត្តិនៃព្រះ និងសេចក្ដីសញ្ញា ដែលយើងបានធ្វើជាមួយនឹងទ្រង់ ។ …
ធាតុទីបួននៃលក្ខខណ្ឌនេះគឺ ទទួលស្គាល់អ្វីដែលព្រះបានបើកសម្ដែងដល់បងប្អូនដោយផ្ទាល់រួចហើយ ខណៈដែលបងប្អូនបើកដួងចិត្តដើម្បីទទួលយកវិវរណៈបន្ថែមទៀតពីទ្រង់ ។ ( « លក្ខខណ្ឌសម្រាប់វិវរណៈផ្ទាល់ខ្លួន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ១៦–១៨ )
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្វែងរក និងស្គាល់វិវរណៈផ្ទាល់ខ្លួន ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីរបៀបដើម្បីស្គាល់វិវរណៈផ្ទាល់ខ្លួន ។
-
អ្វីដែលអ្នកបានរៀនអំពីការទទួលបានវិវរណៈផ្ទាល់ខ្លួនមកពីសុន្ទរកថារបស់អែលឌើរ រិនឡាន់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?