Christ’s Triumphal Entry into Jerusalem [ ការយាងចូលដោយជោគជ័យរបស់ព្រះគ្រីស្ទទៅក្នុងក្រុងយេរូសាឡិម ] ដោយ ហារី អាន់ឌើរសិន
សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ មេរៀនទី ៧១
សាំយូអែល ទី១ ៨
« អ៊ីស្រាអែលចង់បានស្តេចមួយអង្គ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អស់ជាច្រើនឆ្នាំនៅក្នុងដែនដីសន្យា ព្រះអម្ចាស់បានរៀបចំអ្នកគ្រប់គ្រងដូចជាសាំយូអែល ដើម្បីដឹកនាំអ៊ីស្រាអែល ។ ជាជាងឲ្យព្រះអម្ចាស់គ្រប់គ្រងលើពួកគេ ពួកសាសន៍អ៊ីស្រាអែលចង់បានអ្នកដឹកនាំប្រភេទផ្សេង ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការតតាំងនឹងឥទ្ធិពលខាងលោកិយដោយការជ្រើសរើសដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សិក្សាព្រះគម្ពីរ
សូមពិចារណាអ្វីៗដែលក្មេងវ័យជំទង់ចង់ធ្វើ ពីព្រោះ « មនុស្សផ្សេងទៀតកំពុងធ្វើការណ៍នោះ » ។ តើបញ្ហាប្រឈមអ្វីខ្លះដែលក្មេងវ័យជំទង់អាចនឹងជួបប្រទះ ប្រសិនបើនោះជាហេតុផលរបស់ពួកគេក្នុងការធ្វើការណ៍នោះ ?
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស បង្រៀន ៖
[ ព្រះវរបិតាសួគ៌ ] ជ្រាបដឹងថា អ្នកអាចធ្វើឲ្យមានភាពខុសប្លែកនៅក្នុងពិភពលោក ហើយនៅករណីជាច្រើនក៏តម្រូវឲ្យអ្នកធ្វើដែលខុសពីពិភពលោកនេះផងដែរ ។ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌របស់អ្នក នៅពេលអ្នកធ្វើការជ្រើសរើស ។ ទ្រង់នឹងប្រទានពរឲ្យមានការបំផុសគំនិតដល់អ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ២០២២ ] ទំព័រ ៤ )
នៅពេលអ្នកសិក្សា សាំយូអែល ទី១ ៨ ស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយជញ្ជឹងគិតពីការសម្រេចចិត្តរបស់អ្នកផ្ទាល់ ។
អស់ជាច្រើនឆ្នាំនៅក្នុងដែនដីសន្យា ព្រះអម្ចាស់បានដឹកនាំពួកសាសន៏អ៊ីស្រាអែលតាមរយៈពួកចៅហ្វាយដូចជាសាំយូអែលជាដើម ។ កាលសាំយូអែលមានវ័យកាន់តែចាស់ ពួកចាស់ទុំនៃអ៊ីស្រាអែលបានមករកលោកដោយមានសំណើមួយ ។
សូមអាន សាំយូអែល ទី១ ៨:៤–៧ ។ សូមគូសចំណាំថាតើអ្នកដឹកនាំប្រភេទណាដែលកូនចៅអ៊ីស្រាអែលចង់បាន និងមូលហេតុដែលពួកគេចង់ផ្លាស់ប្តូរ ។
វាហាក់ដូចជាគួរឲ្យភ្ញាក់ផ្អើលដែលព្រះអម្ចាស់នឹងមានព្រះបន្ទូលប្រាប់សាំយូអែលឲ្យស្តាប់ជម្រើសមិនល្អរបស់ប្រជាជនរបស់លោក ( សូមមើល ខទី ៧ ) ។ ព្រះវរបិតាសួគ៌គោរពសិទ្ធិជ្រើសរើស ហើយនឹងមិនបង្ខំយើងឲ្យជ្រើសរើសសិទ្ធិនោះទេ ។
រាប់រយឆ្នាំក្រោយមក នៅក្នុងព្រះគម្ពីរមរមន ព្យាការីម៉ូសាយបានបង្រៀនពីរបៀបដែលឥទ្ធិពលរបស់ស្តេចអាក្រក់ សូម្បីតែស្តេចអាក្រក់មួយអង្គក៏អាចបំផ្លាញជាតិសាសន៍មួយបានដែរ ។ អ្នកអាចចង់ភ្ជាប់ សាំយូអែល ទី១ ៨:៥ ទៅនឹង ម៉ូសាយ ២៩:១៧–២៣ ។
នៅក្នុង សាំយូអែល ទី១ ៨:២០ យើងរៀនថា ពួកសាសន៍អ៊ីស្រាអែលចង់បានស្ដេចមួយអង្គដើម្បីគ្រប់គ្រង ដឹកនាំ និងច្បាំងដើម្បីពួកគេ ។ សូមជ្រើសរើសវគ្គបទគម្ពីរមួយ ចេញពីមាតិការឿងដូចខាងក្រោម ។ សូមរកមើលពីរបៀបដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើងនូវអ្វីដែលពួកសាសន៍អ៊ីស្រាអែលសង្ឃឹមថាស្តេចថ្មីរបស់ពួកគេនឹងធ្វើសម្រាប់ពួកគេ ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាចៅក្រមរបស់យើង ។ អេសាយ ៣៣:២២; កូរិនថូស ទី២ ៥:១០
-
ព្រះយេស៊ូវគ្រីស្ទដឹកនាំយើង ។ និក្ខមនំ ១៣:១៨; អេសាយ ៤៨:១៧; អាលម៉ា ៣៦:២៨
-
ព្រះយេស៊ូវគ្រីស្ទច្បាំងដើម្បីយើង ។ យ៉ូស្វេ ២៣:១០; គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥:១៤
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើអ្វីជាលទ្ធផលនៃការមិនដើរតាមព្រះអម្ចាស់ ?
ពួកសាសន៍អ៊ីស្រាអែលបានរៀនថា ការជ្រើសរើសដើរតាមលោកិយជំនួសឲ្យព្រះឱវាទពេញដោយក្តីស្រឡាញ់របស់ព្រះអម្ចាស់នាំទៅរកការរងទុក្ខ និងការសោកស្ដាយ ។
សូមអាន សាំយូអែល ទី១ ៨:១០–១៨ ។ សូមចំណាំពាក្យ ឬឃ្លាដែលជួយបង្រៀនសេចក្ដីពិតនេះ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះបានប្រទានអំណោយទានដ៏មានតម្លៃដល់យើងក្នុងការមានសេរីភាពជ្រើសរើសរបៀបដែលយើងគិត និងរបៀបដែលយើងប្រព្រឹត្ត ។ យើងអាចបដិសេធព្រះបន្ទូលរបស់ព្រះ ឬពួកព្យាការីរបស់ទ្រង់ ។ យើងប្រហែលជាគិតថារបៀបរបស់យើងប្រសើរជាង ។ យើងប្រហែលជាសប្បាយចិត្តចំពោះរបៀបរបស់យើង—យ៉ាងហោចណាស់នៅពេលចាប់ផ្ដើម ។ វាប្រហែលជាមានអារម្មណ៍ល្អសម្រាប់មួយគ្រា ។ ប៉ុន្តែយើងមិនអាចគេចផុតពីផលវិបាកនៃការសម្រេចចិត្តរបស់យើងបានទេ ។ ( « Avoiding Lighthouses and Searching for Light » For the Strength of Youth ខែមិថុនា ឆ្នាំ២០២២ ទំព័រ ៥ )
នៅពេលអ្នកគិតអំពីការជ្រើសរើសដែលអ្នកបានធ្វើ សូមជ្រើសរើសធនធានមួយ ដូចខាងក្រោមដើម្បីពិនិត្យមើល ។
-
« Leave the Party » ( ៦:២៦ )—នៅក្នុងវីដេអូនេះ ក្រុមក្មេងៗដកពិសោធនូវលទ្ធផលផ្អែកលើអ្នកដែលពួកគេជ្រើសរើសដើរតាម ។
6:26 -
« Life’s Lessons Learned » ( ៦:១៥ ដល់ ៨:០០ )—អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយអំពីជម្រើសដែលលោកបានធ្វើ និងលទ្ធផលដែលលោកបានចៀសវាងដោយសារតែការជ្រើសរើសនេះ ។
13:1 -
« Choose Eternal Life » ( ០:០០ ដល់ ២:០៨ )—អែលឌើរ បិនណ្ណិត ក្នុងពួកចិតសិបនាក់ចែកចាយពីលទ្ធផលដែលលោកបានរងទុក្ខ ដោយសារលោកមិនអើពើយកចិត្តទុកដាក់នឹងការព្រមាន ។
10:9
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមឆ្លើយនឹងសារខាងក្រោម ៖
-
ឧទាហរណ៍ អ្នកបានមើលឃើញពីរបៀបដែលការជ្រើសរើសធ្វើតាមលោកិយនាំទៅរកការរងទុក្ខ ឬការសោកស្ដាយ
-
ឧទាហរណ៍ អ្នកបានមើលឃើញការជ្រើសរើសដើរតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនាំទៅរកអំណរ និងទំនាក់ទំនងកាន់តែរឹងមាំជាមួយទ្រង់ទាំងទ្វេ
ពិភាក្សាជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារនូវលទ្ធផលនៃការដើរតាមព្រះអម្ចាស់ធៀបនឹងការជ្រើសរើសឥទ្ធិពលខាងលោកិយ ។
ជម្រើស ខ
តើខ្ញុំអាចយកឈ្នះលើសម្ពាធ និងសំឡេងខាងលោកិយដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
ឥទ្ធិពល និងសម្ពាធពីខាងពិភពលោកនេះមានភាពទាក់ទាញ និងមានចំនួនយ៉ាងច្រើន ។ ប៉ុន្តែឥទ្ធិពលជាច្រើន គឺជាទម្រង់បោកបញ្ឆោត ប្រលោមចិត្ត និងអាចនាំយើងឲ្យដើរខុសផ្លូវនៃសេចក្តីសញ្ញា ។ ដើម្បីចៀសវាងពីការខូចចិត្តដែលនឹងកើតឡើងយ៉ាងពិតប្រាកដនេះ ខ្ញុំសូមអង្វរបងប្អូននៅថ្ងៃនេះ ឲ្យប្រឆាំងនឹងការល្បួងខាងពិភពលោកនេះ តាមរយៈការមានពេលវេលាសម្រាប់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូន—ជារៀងរាល់ថ្ងៃ ។ ( « មានពេលវេលាសម្រាប់ព្រះអម្ចាស់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១២០ )
សកម្មភាពខាងក្រោមអាចជួយអ្នករកឃើញព្រះឱវាទដែលព្រះអម្ចាស់បានប្រទានឲ្យដើម្បីការពារអ្នកពីឥទ្ធិពលខាងលោកិយ ។
សូមជ្រើសរើសអ្វីដែលយុវវ័យសម័យនេះអាចនឹងមានសម្ពាធក្នុងការធ្វើ ឬជឿ ។
-
សូមប្រើព្រះគម្ពីរ ជំនួយការសិក្សាព្រះគម្ពីរ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ឬកម្មវិធីបណ្ណាល័យដំណឹងល្អដើម្បីឆ្លើយសំណួរខាងក្រោមអំពីសម្ពាធដែលអ្នកបានជ្រើសរើស ៖
-
តើព្រះអម្ចាស់បានប្រទានព្រះឱវាទអ្វីដល់យើងអំពីការណ៍នេះ ?
-
តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាដល់មនុស្សដែលជ្រើសរើសទ្រង់លើឥទ្ធិពលខាងលោកិយ ?
-
-
សូមគិតអំពីអ្វីដែលអ្នកជឿអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរប្រយោគពីរបីអំពីរបៀបដែលចំណេះដឹងនេះអាចជួយអ្នកដើរតាមទ្រង់ទាំងទ្វេ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
Saul Leading Israel Against Their Enemies [ សូលដឹកនាំអ៊ីស្រាអែលតទល់នឹងខ្មាំងសត្រូវ ] ដោយ រ៉ូប៊ើត ធី បារេត
ព្រះអម្ចាស់បានគោរពដល់សិទ្ធិជ្រើសរើសរបស់ពួកសាសន៍អ៊ីស្រាអែល ហើយបានណែនាំសាំយូអែលឲ្យហៅសូលជាស្តេចនៃអ៊ីស្រាអែល ( សូមមើល សាំយូអែល ទី១ ៩–១០ ) ។
តើអ្នកចង់ប្រាប់ពួកសាសន៍អ៊ីស្រាអែលអំពីអ្វីខ្លះ មុនពេលពួកគេសម្រេចចិត្តចុងក្រោយ ? នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរសំបុត្រមួយទៅកាន់ពួកសាសន៍អ៊ីស្រាអែលពីបុរាណ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃការជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ជំនួសឲ្យឥទ្ធិពលខាងលោកិយ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សំបុត្ររបស់អ្នកទៅកាន់ពួកសាសន៍អ៊ីស្រាអែលពីបុរាណ ។
-
អ្វីដែលអ្នកបានរកឃើញនៅក្នុងការសិក្សារបស់អ្នកអំពីការជ្រើសរើសព្រះអម្ចាស់ជំនួសឲ្យឥទ្ធិពលរបស់លោកិយ និងរបៀបដែលការជ្រើសរើសនោះជួយអ្នកដើរតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?