ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ២៩–៣០—« ទុក​ឲ្យ​ព្រះ​ឈ្នះ »


អេសាវ និង​យ៉ាកុប​ឱបគ្នា

អេសាវ និង​យ៉ាកុប​ឱបគ្នា ដោយ រ៉ូប៊ើត ធី បារែត

លោកុប្បត្តិ ២៤–៣៣; មេរៀន​ទី ៣២

លោកុប្បត្តិ ២៩–៣៣

« ទុក​ឲ្យ​ព្រះ​ឈ្នះ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​វា​មាន​សភាព​យ៉ាង​ដូចម្ដេច​ទៅ ក្នុង​ការរួមបញ្ចូល​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក ? ដូចជា​អ្នក​ដែរ ព្យាការី​យ៉ាកុប​បាន​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ដ៏លំបាក ។ លោក​គឺជា​គំរូ​មួយ​នៃ​ការអនុញ្ញាត​ឲ្យ​ឥទ្ធិពល​របស់​ព្រះ​ជ្រាប​ចូល​ក្នុង​ជីវិត​របស់​លោក ។ លោក​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​បាន​រៀបការ​នៅក្នុង​សេចក្ដីសញ្ញា ។ យ៉ាកុប​បាន​ស្វែងរក​ពរជ័យ​ដ៏ទេវភាព​នៅក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​លោក ។ លោក​បាន​ធ្វើតាម​ការណែនាំ​របស់​ព្រះ ដើម្បី​កែលម្អ​ទំនាក់ទំនង​គ្រួសារ ។ តាមរយៈ​ឧបសគ្គ​របស់​លោក នោះ​យ៉ាកុប​បាន​រៀន​អំពី​ការបន្ទាប​ខ្លួន ការតស៊ូ និង​អំណាច​នៃ​ការសន្យា​ដ៏​ទេវភាព ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ឆន្ទៈ​របស់​អ្នក ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

ដោយ​ប្រើ​មាត្រដ្ឋាន​ពី ១ ដល់ ៥ សូម​ពិចារណា​ពី​ទីតាំង​ដែល​អ្នក​នឹង​ដាក់​ខ្លួនអ្នក ។

  • ៥ ៖ ព្រះ​គឺជា​ឥទ្ធិពល​ដ៏ធំ​បំផុត​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

  • ៤ ៖ មាន​រឿង​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ ប៉ុន្ដែ​ព្រះ​គឺ​នៅ​ជិត​កំពូល​គេ ។

  • ៣ ៖ មាន​រឿង​ជាច្រើន​ដែល​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ ហើយ​ព្រះ​គឺជា​ឥទ្ធិពល​មួយ​ក្នុង​ចំណោម​នោះ ។

  • ២ ៖ ពេលខ្លះ​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​ដែរ ។

  • ១ ៖ បច្ចុប្បន្ន​នេះ ព្រះ​មិន​មាន​ឥទ្ធិពល​អ្វី​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ទេ ។

សូម​អាន​សំណួរ​ដ៏​បំផុស​គំនិត​ដូច​ខាងក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ហើយ​ជញ្ជឹង​គិត​ពី​ទីតាំង​របស់​អ្នក​នៅលើ​មាត្រដ្ឋាន​នេះ ។

18:52
ប្រធាន រ័សុល អិម ណិលសុន

តើ​បងប្អូន​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ​បងប្អូន​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូល​ទ្រង់ ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះសូរសៀង​របស់ទ្រង់​មាន​អាទិភាព​លើស​សំឡេង​អ្នកដទៃ​ដែរ​ឬ​ទេ ? តើ​បងប្អូន​ស្ម័គ្រចិត្ត​ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​ចង់​ឲ្យ​បងប្អូន​ធ្វើ មានអាទិភាព​ជាង​មហិច្ឆិតា​ផ្សេងទៀត​ទាំងអស់​ដែរ​ឬ​ទេ ? តើបងប្អូន​ស្ម័គ្រចិត្ត​ដើម្បី​ទុកឲ្យ​ព្រះទ័យ​ទ្រង់​គ្របដណ្តប់លើ​ចិត្ត​របស់​បងប្អូន​ដែរ​ឬ​ទេ ? ( « Let God Prevail » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ៩៤ )

ព្យាការី​ព្រះគម្ពីរ​សញ្ញា​ចាស់ យ៉ាកុប​បង្ហាញ​យើង​ពី​អ្វី​ដែល​វា​អាច​មាន​សភាព ដើម្បី​ទុកឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។ ក្នុង​អំឡុង​ពេល​ដ៏លំបាក​មួយ​ក្នុង​ជីវិត​របស់​លោក ឈ្មោះ​របស់​លោក​ត្រូវបាន​ប្តូរ​ទៅជា អ៊ីស្រាអែល ដែល​មាន​ន័យ​ថា « ទុក​ឲ្យ​ព្រះ​ឈ្នះ » ( សូម​មើល លោកុប្បត្តិ ៣២:២៨ ) ។

រូបតំណាង​កត់​ចំណាំ
នៅ​ជាប់​នឹង « អ៊ីស្រាអែល » នៅក្នុង លោកុប្បត្តិ ៣២:២៨ សូម​សរសេរ​កំណត់​ចំណាំ​មួយ​ថា អត្ថន័យ​មួយ​នៃ​ឈ្មោះ​អ៊ីស្រាអែល​គឺ « ទុក​ឲ្យ​ព្រះ​ឈ្នះ » ។

ឪពុក​របស់​យ៉ាកុប​ឈ្មោះ អ៊ីសាក បាន​បង្គាប់​លោក​ឲ្យ​ស្វែងរក​នរណា​ម្នាក់​ដែល​មាន​ឆន្ទៈ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ អ្វីៗ​មិន​បាន​កើតឡើង ដូច​ដែល​យ៉ាកុប​បាន​គ្រោងទុក​នោះ​ទេ ។

សូម​អាន លោកុប្បត្តិ ២៩:២១–២៨ ដើម្បី​មើល​នូវ​អ្វី​ដែល​បាន​កើតឡើង​បន្ទាប់​ទៀត ។ វា​ជា​ប្រយោជន៍​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​បាន​ទទួល​យក​នូវ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដែល​ទ្រង់​បាន​បញ្ជា ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:៣៤, ៣៧ ) ។

យ៉ាកុប និង​គ្រួសារ​របស់​លោក

យ៉ាកុប លេអា និង រ៉ាជែល បាន​ប្រឈម​មុខ​នឹង​ការលំបាក​ដ៏​ធ្ងន់ធ្ងរ ។ ទោះជា​យ៉ាងណា​ក្តី នៅពេល​ពួកគេ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះ នោះ​គ្រួសារ​របស់​ពួកគេ​បាន​រីកធំ និង​មាន​ភាពចម្រុង​ចម្រើន​ឡើង រួមទាំង​កូនប្រុស​ទាំង​ដប់ពីរ​នាក់ ដែល​មាន​កូនចៅ​ក្លាយជា​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ​ផងដែរ ។

ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង​នឹង​ជះ​ឥទ្ធិពល​លើ​មនុស្ស​ដែល​យើង​ជ្រើសរើស​ដើរលេង​ជា​គូ និង​រៀបការ ។

នៅពេល​អ្នក​បន្ដ​សិក្សា សូម​រកមើល​ឧទាហរណ៍​នៃ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ពិចារណា​ពី​អត្ថន័យ​នៃ​ការទុក​ឲ្យ​ព្រះ​ឈ្នះ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ នាំ​មកនូវ​ពរជ័យ​អ្វីខ្លះ ?

សូម​អាន ម៉ូសាយ ២:៤១ ដើម្បី​មើល​សេចក្ដី​សន្យា​មួយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​តាមរយៈ​ស្តេច​បេនយ៉ាមីន​នៅក្នុង​ព្រះគម្ពីរ​មរមន សម្រាប់​អ្នក​ដែល​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​ពួកគេ ។

យ៉ាកុប​គឺជា​គំរូ​មួយ​នៃ​ការសន្យា​នេះ ។ លោក​បាន​ធ្វើការ​ដើម្បី​ថែរក្សា​ហ្វូង​ចៀម​របស់​ឪពុក​ក្មេក​លោក​គឺ ឡាបាន់ ។ ព្រះអម្ចាស់​ទ្រង់​ប្រទានពរ​ដល់​ហ្វូងចៀម​ឲ្យ​រីក​ចម្រើន និង​កើន​ចំនួន​នៅក្រោម​ការថែទាំ​របស់​លោក ( សូម​មើល លោកុប្បត្តិ ៣០:៣០ ) ។ បន្ទាប់​ពី​បាន​បម្រើ​ឡាបាន់​អស់​ជាច្រើន​ឆ្នាំ យ៉ាកុប​ចង់​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​របស់​ពួកលោក​ដោយ​សន្តិវិធី ហើយ​បំបែក​គ្រួសារ​របស់​លោក​ចេញពី​ឪពុក​ក្មេក​លោក​ដោយ​សុខសាន្ត ។

សូម​អាន លោកុប្បត្តិ ៣០:២៧ ដើម្បី​មើល​អ្វី​ដែល​ឡាបាន់​បាន​និយាយ​អំពី​យ៉ាកុប ។

យ៉ាកុប​ដឹក​ស្រូវ​សាលី

ជា​ការបង់​ថ្លៃ​សម្រាប់​ការងារ​ជា​ច្រើន​ឆ្នាំ​របស់​លោក យ៉ាកុប​បាន​សុំ​គោ​ក្របី ចៀម និង​ពពែ​ដែល​មិន​សូវ​មាន​តម្លៃ ដោយ​ទុកចិត្ត​លើ​ព្រះអម្ចាស់​ថា ទ្រង់​នឹង​ជួយ​លោក​ចិញ្ចឹម​ពួកវា​ឲ្យ​បាន​ធំធាត់ និង​មាន​ចំនួន​ច្រើន​ឡើង ។ ឡាបាន់​ក៏បាន​យល់ព្រម ។ នៅក្រោម​ការថែទាំ​របស់​យ៉ាកុប សត្វ​ទាំងអស់​ដែល​ឡាបាន់​បាន​ប្រគល់​ឲ្យ​លោក​បាន​ធំធាត់​ឡើង ( សូម​មើល លោកុប្បត្តិ ៣០:៣៧–៤៣ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • នៅពេល​អ្នក​បាន​ខិតខំ​ធ្វើតាម និង​គោរព​តាម​ព្រះអម្ចាស់ តើ​ទ្រង់​បាន​ប្រទានពរ​ដល់​អ្នក​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​របៀប​អ្វីខ្លះ ដែល​យើង​អាច​ទុក​ឲ្យ​ព្រះអម្ចាស់​ឈ្នះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ( សាលារៀន ការងារ និង​ផ្សេងៗ​ទៀត ) ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ទំនាក់ទំនង​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

វិធី​មួយ​ទៀត​ដែល​យើង​អាច​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​យើង គឺ​នៅក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​របស់​យើង ។ សូម​គិត​ពី​អ្វី​ដែល​អាច​ធ្វើឲ្យ​ទំនាក់ទំនង​គ្រួសារ​របស់​អ្នក​ពិបាក​នៅពេល​ខ្លះ ។

នៅពេល​យ៉ាកុប​ចាកចេញ​ពី​ស្រុក​កំណើត​របស់​លោក បងប្រុស​របស់​លោក​គឺ​អេសាវ ចង់​សម្លាប់​លោក ( សូមមើល លោកុប្បត្តិ ២៧:៤១ ) ។ ២០​ឆ្នាំ​ក្រោយមក ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យ៉ាកុប និង​គ្រួសារ​ដ៏​ធំ​របស់​លោក​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ( សូមមើល លោកុប្បត្តិ ៣១:៣ ) ។

នៅពេល​ដឹង​ថា យ៉ាកុប​នឹង​មក អេសាវ​បាន​ទៅ​ជួប​លោក​ដោយ​មាន​បុរស​ចំនួន ៤០០ នាក់​មក​តាម ។ យ៉ាកុប​មាន​ចិត្ត​ព្រួយបារម្ភ ( សូម​មើល លោកុប្បត្តិ ៣២:៣–៧ ) ។

រូបតំណាង​គូសសម្គាល់
សូម​អាន លោកុប្បត្តិ ៣២:៩–១២,​២៤–៣០ ហើយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​ធ្វើ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ។ សូម​ពិចារណា​គូស​ចំណាំ​ឃ្លា « ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែ​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ​សិន » នៅក្នុង លោកុប្បត្តិ ៣២:២៦ ។

ទោះបីជា​យើង​មិន​ដឹង​ច្បាស់​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ទីនេះ​ក៏​ដោយ ក៏​យើង​ដឹង​ដែរ​ថា យ៉ាកុប​បាន​តស៊ូ​ពេញ​មួយ​យប់ ដើម្បី​ទទួល​បាន​ពរជ័យ ដែល​នៅ​ទីបំផុត​លោក​បាន​ទទួល​ពី​ព្រះអម្ចាស់ ។

នៅពេល​ឃើញ​យ៉ាកុប អេសាវ​រត់​ទៅ​ជួប​លោក ហើយ​បាន​ឱប​លោក ( សូម​មើល លោកុប្បត្តិ ៣៣:១–៤ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​យ៉ាកុប ឬ​អំពី​ព្រះអម្ចាស់​ដែល​អាច​ជួយ​អ្នក​បាន ?

  • តើ​បទពិសោធន៍​របស់​អេសាវ និង​យ៉ាកុប អាច​ជួយ​ដល់​អ្នក​ជាមួយ​ទំនាក់ទំនង​គ្រួសារ​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើន​ឆន្ទៈ​របស់​អ្នក ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​មកពី​យ៉ាកុប អំពី​ការទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​អ្នក ។

  • របៀប​ដែល​ដំណើររឿង​របស់​អេសាវ និង​យ៉ាកុប អាច​ជួយ​អ្នក​ឲ្យ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ទំនាក់ទំនង​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?