អេសាវលក់អំណាចមរតករបស់បងច្បងទៅឲ្យយ៉ាកុប ដោយ គ្លីន អេស ហបគីនសុន
លោកុប្បត្តិ ២៤–៣៣; មេរៀនទី ៣០
លោកុប្បត្តិ ២៥–២៧
យ៉ាកុប និងអេសាវ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកឲ្យតម្លៃទៅលើអ្វីខ្លាំងបំផុត ? តើអ្នកនឹងបោះបង់ចោលអ្វីខ្លះដើម្បីទទួលបានវា ? បន្ទាប់ពីការរង់ចាំដ៏យូរ និងការអធិស្ឋានជាច្រើនមក ព្រះអម្ចាស់បានប្រទានពរអ៊ីសាក និងរេបិកាឲ្យមានកូន ។ ពួកលោកបានកូនភ្លោះប្រុសពីរនាក់ គឺអេសាវ និងយ៉ាកុប ។ អេសាវ ដែលជាកូនភ្លោះច្បង មានសិទ្ធិទទួលបានអំណាចមរតករបស់បងច្បង ដែលផ្តល់ដល់កូនប្រុសដែលបានកើតដំបូង ។ ប៉ុន្តែគាត់មានចំណាប់អារម្មណ៍ផ្សេងទៀត និងការយល់ដឹងមិនវែងឆ្ងាយ ។ មេរៀននេះអាចជួយអ្នកឲ្យផ្ដល់តម្លៃលើពរជ័យដ៏នៅអស់កល្បជានិច្ចរបស់ព្រះអម្ចាស់ ជាជាងលើបំណងប្រាថ្នាខាងលោកិយ ។
សិក្សាព្រះគម្ពីរ
យើងត្រូវតែធ្វើការជ្រើសរើសជារៀងរាល់ថ្ងៃ ។ ជម្រើសមួយចំនួនតម្រូវឲ្យយើងកំណត់ពីអ្វីដែលយើងពិតជាឲ្យតម្លៃមែន ។ នៅពេលអ្នកសិក្សា សូមគិតពីរបៀបដែលអ្វីដែលអ្នកឲ្យតម្លៃ មានឥទ្ធិពលលើជម្រើសដែលអ្នកជ្រើសយក ។
នៅសម័យព្រះគម្ពីរសញ្ញាចាស់ ជាទូទៅកូនប្រុសច្បងបានទទួលអំណាចមរតកនៃកូនច្បង ។ កេរដំណែលនៃអំណាចមរតកនៃបងច្បងរួមមានការទទួលបានចំណែកដី និងទ្រព្យសម្បត្តិទ្វេដង ។ អំណាចមរតកនៃបងច្បងនេះក៏រួមមាននូវការទទួលខុសត្រូវកាន់តែធំក្នុងការមើលថែម្តាយ និងគ្រួសារផ្សេងទៀត ក្រោយពីឪពុកទទួលមរណភាព ។ បន្ថែមពីលើមរតកខាងសាច់ឈាម ឪពុកនឹងផ្តល់ពរជ័យពីអំណាចមរតកនៃបងច្បង ដើម្បីប្រគល់សិទ្ធិអំណាចបព្វជិតភាពដល់កូនប្រុសច្បង ។ ពរជ័យនេះបានបង្កើតជំហររបស់កូនប្រុសក្នុងគ្រួសារក្នុងនាមជាគ្រូបង្រៀន និងជាអ្នកដឹកនាំ ។
ដោយសារតែអេសាវបានកើតមុនគេ នោះគាត់ក្លាយជាកូនប្រុសដែលមានអំណាចមរតកនៃបងច្បង ។ ទោះជាយ៉ាងណា ព្រះអម្ចាស់បានបង្ហាញដល់រេបិកាថា យ៉ាកុបគឺជាកូនប្រុសដែលទទួលអំណាចមរតកនៃបងច្បង ( លោកុប្បត្ដិ ២៥:២២–២៣ ) ។
ប្រសិនបើមាន អ្នកអាចមើលវីដេអូនេះបាន « Jacob and Esau » ( ២:០៦ ) ។
-
លោកុប្បត្តិ ២៥:២៧–៣៤ ។ ពាក្យថា « ស្លសំឡ » មានន័យថាកំពុងចម្អិនស៊ុប ឬស្ងោរ ។
-
លោកុប្បត្តិ ២៦:៣៤–៣៥ ។ ពួកសាសន៍ហេតគឺជាពួកកាណាន ដែលថ្វាយបង្គំព្រះក្លែងក្លាយ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីអាទិភាពរបស់អេសាវ ចេញពីជម្រើសដែលគាត់បានជ្រើសរើស ?
-
ហេតុអ្វីពេលខ្លះវាអាចពិបាកក្នុងការដាក់អាទិភាពទៅលើអ្វីដែលមានតម្លៃដ៏នៅអស់កល្បជានិច្ច ?
ទោះបីជាអេសាវបានជ្រើសរើសធ្វើខុសក្ដី ក៏នៅក្នុងវ័យចំណាស់របស់លោក អ៊ីសាកនៅតែហៅអេសាវមក ហើយបានផ្តល់ពរជ័យនៃអំណាចមរតកនៃបងច្បងដល់គាត់ ។ ពីមុនអេសាវមកដល់ រេបិកាបានឲ្យយ៉ាកុបក្លែងខ្លួនធ្វើជាបងប្រុសរបស់គាត់ ។ ដោយគិតថាយ៉ាកុបជាអេសាវ អ៊ីសាកបានផ្ដល់ពរអំណាចមរតកនៃបងច្បងដល់យ៉ាកុប ( សូមមើល លោកុប្បត្តិ ២៧:១–២៩ ) ។ « បន្ទាប់ពីអ៊ីសាកបានដឹងថា គាត់បានប្រសិទ្ធពរជ័យឲ្យយ៉ាកុបជំនួសឲ្យអេសាវ នោះគាត់បានបញ្ជាក់ថា យ៉ាកុប ‹ នឹងបានពរមែន › ( លោកុប្បត្តិ ២៧:៣៣ )—ដោយប្រាប់ថា ព្រះទ័យរបស់ព្រះនឹងបានសម្រេច » ( ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២២ ទំព័រ ៣៩ ) ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចដាក់អាទិភាពកិច្ចការដ៏នៅអស់កល្បជានិច្ច លើសពីកិច្ចការខាងសាច់ឈាមដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលវាពិបាកពេលខ្លះ ដើម្បីដាក់អាទិភាពលើកិច្ចការដែលមានតម្លៃដ៏នៅអស់កល្បជានិច្ច ៖
ដោយសារតែភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ និងភាពជ្រួលច្របល់នៃពិភពលោកបច្ចុប្បន្នដែលយើងរស់នៅនេះ យើងអាចត្រូវបានបង្វែរចេញពីអ្វីដែលអស់កល្បជានិច្ច ដែលសំខាន់បំផុត ព្រោះតែការផ្គាប់ចិត្តខ្លួនឯង ភាពចម្រុងចម្រើន មានប្រជាប្រិយភាព ហើយលេចធ្លោលើអាទិភាពចម្បងរបស់យើង ។ ការបណ្ដោយឲ្យខ្លួនយើងជាប់រវល់ជាមួយ « អ្វីៗទាំងឡាយនៃលោកិយនេះ » និង « កិត្តិយសនៃមនុស្សលោក » អាចនាំយើងឲ្យលក់អំណាចមរតកនៃបងច្បងខាងវិញ្ញាណរបស់យើង ដូរយកសម្លធម្មតាមួយចានដែលមិនសូវមានតម្លៃទៅវិញ ។ …
យើងម្នាក់ៗគួរតែវាយតម្លៃអាទិភាពខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើងដោយស្មោះសរ និងដោយការអធិស្ឋាន ដើម្បីស្គាល់អ្វីៗដែលអាចរារាំងពរជ័យដ៏ច្រើនក្នុងជីវិតយើង ដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះមានព្រះឆន្ទៈប្រទានដល់យើង ។ ( « ឱ ! ក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ៩៤ )
សូមចំណាយពេលពីរបីនាទីដើម្បីវាយតម្លៃអាទិភាពរបស់អ្នក ។ ដើម្បីធ្វើដូចនេះ សូមធ្វើបញ្ជីមួយ ។ បន្ទាប់មក សូមរៀបចំអាទិភាពរបស់អ្នក ស្របទៅតាមរបៀបដែលវាមានចំណាត់ថ្នាក់ក្នុងសារៈសំខាន់ដ៏នៅអស់កល្បជានិច្ច ។ ជាចុងក្រោយ សូមគិតពីអ្វីដែលអ្នកកំពុងធ្វើ ដើម្បីខំស្វះស្វែងរកជំនួយរបស់ព្រះអម្ចាស់ដើម្បីសម្រេចបានអាទិភាពដ៏នៅអស់កល្បជានិច្ចរបស់អ្នក ។
សូមមើលវីដេអូ « No Regrets » ( ៥:៣៨ ) ដើម្បីមើលគំរូមួយពីយុវជនម្នាក់ ដែលបានដាក់កិច្ចការដ៏នៅអស់កល្បជានិច្ចជាអាទិភាពទីមួយ ។ ប្រសិនបើអ្នកមិនអាចមើលវីដេអូនេះទេ សូមសួរនរណាម្នាក់ដែលអ្នកស្គាល់ អំពីអ្វីដែលពួកគេធ្វើដើម្បីបន្ដផ្តោតលើអាទិភាពដ៏នៅអស់កល្បជានិច្ច ។
សូមស្រមៃថា អ្នកមានឱកាសធ្វើវីដេអូមួយអំពីការផ្តោតលើអាទិភាពដ៏នៅអស់កល្បជានិច្ច ។ សូមធ្វើគម្រោងមួយអំពីអ្វីដែលអ្នកនឹងនិយាយ ។ ឬប្រសិនបើធ្វើបាន សូមធ្វើវីដេអូមួយ ។
ជម្រើស ខ
ហេតុអ្វីបានជាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំមានពរជ័យដ៏នៅអស់កល្បជានិច្ច ?
ការដឹងពីមូលហេតុសម្រាប់អ្វីមួយ អាចជួយឲ្យយើងមានកម្លាំងចិត្តកាន់តែខ្លាំងដើម្បីព្យាយាមសម្រេចវាឲ្យបាន ។ អេសាវបានប្ដូរពរជ័យខាងវិញ្ញាណសម្រាប់រឿងផ្សេងទៀត ។ វាអាចទៅរួចដែលថា គាត់មិនបានដឹងយ៉ាងពេញលេញពីតម្លៃដ៏អស្ចារ្យនៃពរជ័យទាំងនោះ ។
នៅពេលរឿងខាងលោកិយនេះធ្វើឲ្យរំជួលចិត្ត នោះការចងចាំអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានឲ្យអ្នក អាចជួយអ្នកឲ្យជ្រើសរើសរឿងដ៏នៅអស់កល្បជានិច្ចបាន ។
សូមអានធនធានខាងក្រោមនេះយ៉ាងហោចណាស់ពីរ ដើម្បីមើលអ្វីដែលព្រះមានព្រះទ័យចង់ប្រទានដល់អ្នក នៅពេលអ្នកជ្រើសរើសរឿងដ៏នៅអស់កល្បជានិច្ច ជាជាងជ្រើសរើសរឿងខាងលោកិយ ។ អ្នកអាចដាក់ស្លាកវគ្គបទគម្ពីរទាំងនេះថា « ពរជ័យនៃភាពអស់កល្បជានិច្ច » ។
-
កូរិនថូស ទី១ ២:៩
អែលឌើរ ម៉ាធ្យូ អិល ខាភិនធើរ នៃពួកចិតសិបនាក់ បានពន្យល់ពីពរជ័យនៃភាពអស់កល្បជានិច្ចមួយចំនួន ៖
តើពរជ័យនៃភាពតម្កើងឡើងមានអ្វីខ្លះ ? ពរជ័យទាំងនោះរួមមានការរស់នៅក្នុងវត្តមានរបស់ព្រះសម្រាប់ភាពអស់កល្បជានិច្ចជាមួយគ្នាជាស្វាមី និងភរិយា ទទួលមរតក « ហើយនឹងបានគ្រងបល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និងអំណាចទាំងឡាយ … នឹងបានពូជដ៏បរិបូរ និងបន្តបន្ទាប់ជារៀងដរាបតទៅ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១៩ ] ទទួលបានគ្រប់អ្វីទាំងអស់ ដែលព្រះវរបិតាយើងមាន ។ ( « ផលដែលនៅជាប់ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ៦២ )
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យផ្ដល់តម្លៃលើពរជ័យដ៏នៅអស់កល្បជានិច្ចរបស់ព្រះអម្ចាស់ ជាងសេចក្តីប្រាថ្នាចង់បានខាងលោកិយ ។
-
គ្រោងវីដេអូ ឬវីដេអូដែលអ្នកបានធ្វើ ។
-
កំណាព្យដែលអ្នកបានតាក់តែង ឬរបៀបដែលអ្នកបានបំពេញការបំផុសគំនិតនៅក្នុងជម្រើស ខ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?